« ការកសាងទីក្រុងណៅវូ » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« ការកសាងទីក្រុងណៅវូ » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ឆ្នាំ១៨៤០–១៨៤២
ការកសាងទីក្រុងណៅវូ
ផែនការរបស់ព្រះអម្ចាស់សម្រាប់ទីក្រុងដ៏ស្រស់ស្អាតមួយ
ព្រះអម្ចាស់បានប្រាប់ពួកបរិសុទ្ធឲ្យប្រមូលផ្តុំនៅកន្លែងថ្មីមួយ ។ វានៅក្បែរទន្លេធំមួយដែលហៅថា មីស៊ីស៊ីពី ។ ដីនេះគឺសើម និងមានភក់ច្រើន ។ ចំពោះមនុស្សមួយចំនួន វាហាក់ដូចជាមិនមែនជាកន្លែងល្អក្នុងការកសាងទីក្រុងមួយនោះទេ ។ ប៉ុន្តែព្យាការី យ៉ូសែប ស្ម៊ីធ បានដឹងថា ដោយមានជំនួយពីព្រះអម្ចាស់ នោះពួកគេអាចធ្វើឲ្យវាស្រស់ស្អាតបាន ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:២៥, ពួកបរិសុទ្ធ, ១:៤១៧
ពួកបរិសុទ្ធបានចាប់ផ្តើមធ្វើការយ៉ាងលំបាក ដើម្បីធ្វើឲ្យវាក្លាយជាកន្លែងដ៏ល្អដើម្បីរស់នៅ ។ ព្យាការី យ៉ូសែប បានហៅទីក្រុងនេះថាណៅវូ ដែលមានន័យថា « កន្លែងដ៏ស្រស់ស្អាតមួយ » ។
ពួកបរិសុទ្ធ, ១:៤១៧
ព្រះអម្ចាស់បានមានបន្ទូលប្រាប់ពួកបរិសុទ្ធឲ្យសាងសង់ផ្ទះមួយនៅណៅវូ ដែលជាកន្លែងដែលអ្នកធ្វើដំណើរអាចមក និងអាចសម្រាកបាន ។ ទ្រង់សព្វព្រះទ័យចង់ឲ្យណៅវូ ក្លាយជាកន្លែងដែលមនុស្សគ្រប់គ្នាមានអារម្មណ៍ស្វាគមន៍ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:២២–២៤, ៦០, ពួកបរិសុទ្ធ, ១:៤២៦
ព្រះអម្ចាស់បានប្រាប់ព្យាការីយ៉ូសែបថា ទ្រង់មានផែនការដ៏អស្ចារ្យសម្រាប់ទីក្រុងណៅវូ ។ ទ្រង់សព្វព្រះទ័យចង់ឲ្យពួកបរិសុទ្ធរបស់ទ្រង់ប្រមូលផ្តុំនៅទីនេះ ដើម្បីពួកគេអាចសាងសង់ព្រះវិហារបរិសុទ្ធមួយ ។ ទ្រង់បានស្នើឲ្យពួកគេធ្វើការឲ្យខ្លាំងតាមដែលពួកគេអាចធ្វើបាន ដើម្បីសាងសង់ដំណាក់របស់ទ្រង់ ។ ពួកបរិសុទ្ធបានចាប់ផ្តើមធ្វើការយ៉ាងឆាប់រហ័ស ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:២៥–២៨, ៤៤, ៥៥, ពួកបរិសុទ្ធ, ១:៤២០–៤២១, ៤២៥–៤២៧
ព្រះអម្ចាស់ចង់ឲ្យពួកបរិសុទ្ធសាងសង់ព្រះវិហារបរិសុទ្ធ ពីព្រោះទ្រង់មានពរជ័យដ៏អស្ចារ្យជាច្រើនដើម្បីប្រទានដល់ពួកគេ ។ នៅក្នុងព្រះវិហារបរិសុទ្ធ ពួកគេនឹងធ្វើសេចក្តីសញ្ញា ឬការសន្យាពិសេសជាមួយនឹងព្រះអម្ចាស់ ។ ពួកគេក៏នឹងរៀនអំពីផែនការសុភមង្គលរបស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីទាំងអស់របស់ទ្រង់ ផងដែរ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:២៩–៤១, ពួកបរិសុទ្ធ, ១:៤៥៣–៤៥៥
ពួកបរិសុទ្ធបានធ្វើការយ៉ាងខ្លាំងដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ ដូចដែលព្រះអម្ចាស់បានបញ្ជា ។ វាបានចំណាយពេលយ៉ាងយូរ ប៉ុន្តែពួកគេបានមានសេចក្តីរីករាយអំពីថ្ងៃដែលពួកគេម្នាក់ៗអាចរៀនអំពីសេចក្តីសន្យាពិសេសដែលព្រះអម្ចាស់មានសម្រាប់ពួកគេនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។
ពួកបរិសុទ្ធ, ១:៤៥៣–៤៥៥