ដំណើររឿង​ក្នុង​ព្រះគម្ពីរ
បេសកកម្ម​របស់ ប៉ាលី ទៅកាន់​ប្រទេស​កាណាដា


« បេសកកម្ម​របស់ ប៉ាលី ទៅកាន់​ប្រទេស​កាណាដា » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ( ឆ្នាំ២០២៤ )

« បេសកកម្ម​របស់ ប៉ាលី ទៅកាន់​ប្រទេស​កាណាដា » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា

ខែមេសា–ខែមិថុនា ឆ្នាំ១៨៣៦

3:49

បេសកកម្ម​របស់ ប៉ាលី ទៅកាន់​ប្រទេស​កាណាដា

ការបង្ហាញ​សេចក្តី​ជំនឿ​លើ​ការសន្យា​របស់​ព្រះអម្ចាស់

ថ្នាក់ដឹកនាំ​សាសនាចក្រ​ដើរ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។

មិនយូរប៉ុន្មាន​បន្ទាប់ពី​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ត្រូវបាន​ឧទ្ទិសឆ្លង ថ្នាក់ដឹកនាំ​ជាច្រើន​នៃ​សាសនាចក្រ​បានទៅ​បម្រើ​បេសកកម្ម​ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៨១; ១០៩:២២–២៣; ១១២:២៨–២៩; Saints ១:២៤៩

ប៉ាលី ប្រាត្ត កំពុង​អង្គុយ​នៅក្បែរ​គ្រែ​របស់​ភរិយា​គាត់ ។

ប៉ាលី ប្រាត្ត ចូលចិត្ដ​ចែកចាយ​ដំណឹងល្អ ។ ប៉ុន្ដែ​គាត់​បានគិត​ថា គាត់​គួរតែ​នៅផ្ទះ​ដោយសារ​តែ សេងហ្វូល ភរិយា​របស់​គាត់​បានឈឺ ។ ពួកគាត់​ក៏​មិន​មាន​លុយកាក់​ច្រើន​ដែរ ។

Saints ១:២៤៩

ហ៊ីប៊ើរ ឃិមបឹល ប្រសិទ្ធពរ​ដល់​ប៉ាលី និង​សេងហ្វូល ។

ហ៊ីប៊ើរ ឃិមបឹល ជា​មិត្ដ​របស់​ប៉ាលី និង​ជា​ម្នាក់​ក្នុង​ចំណោម​ពួក​សាវក​បាន​មកសួរ​សុខទុក្ខ ។ គាត់​បាន​ប្រសិទ្ធពរ​ដល់​ប៉ាលី ហើយ​មាន​ប្រសាសន៍​ថា ប៉ាលី​គួរតែ​ទៅ​ផ្សាយ​ដំណឹងល្អ​នៅ​កាណាដា ។ នៅក្នុង​ការប្រសិទ្ធពរ ហ៊ីប៊ើរ​បានសន្យា​ថា សេងហ្វូល នឹង​បាន​ប្រសើរឡើង​ពី​ជំងឺ ។ គាត់​បានសន្យាថា នាង​នឹង​មាន​កូនប្រុស​ម្នាក់ ហើយ​ព្រះអម្ចាស់​នឹង​ជួយ ប៉ាលី ទទួលបាន​លុយ​ដែល​គាត់​ត្រូវការ ។

Saints ១:២៤៩–២៥០

ប៉ាលី​ពោលពាក្យ​លា​ទៅកាន់ សេងហ្វូល ។

សេងហ្វូល និង​ប៉ាលី បានរៀបការ​អស់​រយៈពេល ១០ ឆ្នាំ​ហើយ ។ ពួកគាត់​មិនមាន​កូន​សោះ ។ ប៉ុន្តែ​ពួកគាត់​មាន​ជំនឿ​លើ​ការសន្យា​របស់​ព្រះអម្ចាស់ ។ ទោះបីជា​វា​ពិបាក​ក្នុងការ​ទៅ​កាណាដា ហើយ​នៅឆ្ងាយ​ពី​សេងហ្វូល​ក៏​ដោយ ក៏​ប៉ាលី បានចាកចេញ​ទៅ​ចែកចាយ​ដំណឹងល្អ ។

Saints ១:២៥០

ប៉ាលី​ក្នុង​បេសកកម្ម​របស់​គាត់​នៅ​ប្រទេស​កាណាដា ។

នៅ​កាណាដា ប៉ាលី​បានរកមើល​កន្លែង​ដែល​គាត់​អាច​បង្រៀន​ដល់​មនុស្ស​បាន ។ គាត់​បានសួរ​ដល់​គ្រប់គ្នា​ថាតើ​គាត់​អាច​បង្រៀន​នៅក្នុង​ព្រះវិហារ និង​អគារ​ផ្សេងៗទៀត​បាន​ឬ​អត់ ។ មនុស្ស​គ្រប់គ្នា​បាន​និយាយ​ថា ទេ ។

Saints ១:២៥២–២៥៣

ប៉ាលី​ជួបនឹង​យ៉ូហាន និង​លីអូណូរ៉ា ថេលើរ ។

បន្ទាប់មក ប៉ាលី​បានជួប​នឹង​យ៉ូហាន និង​លីអូណូរ៉ា ថេលើរ ។ ពួកគាត់​ស្រឡាញ់​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះគម្ពីរ​ប៊ីប ។ យ៉ូហាន​បានសួរ​ប៉ាលី​ថា តើ​អ្វី​ដែល​គាត់​បង្រៀន​ខុសគ្នា​ពី​ព្រះគម្ពីរ​ប៊ីប​ឬ​យ៉ាងណា ។

Saints ១:២៥២–២៥៣

ប៉ាលី និង​យ៉ូហាន កំពុង​និយាយ​គ្នា ។

ប៉ាលី​បាននិយាយ​ថា គាត់​បង្រៀន​អំពី​ព្រះយេស៊ូវ ពួកព្យាការី ពិធីបុណ្យជ្រមុជទឹក និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អ្វីៗ​ទាំងអស់​នោះ​មាន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ។ យ៉ូហាន​បានសួរ « ចុះ​អំពី យ៉ូសែប ស៊្មីធ និង​ព្រះគម្ពីរ​មរមន​វិញ​នោះ » ? ប៉ាលី​បានប្រាប់​យ៉ូហាន​ថា គាត់​ដឹងថា​ព្រះគម្ពីរ​មរមន​គឺ​ពិត ដូចជា​ព្រះគម្ពីរ​ប៊ីប​ដែរ ហើយ​ថា យ៉ូសែប ស្ម៊ីធ គឺ​ជា​ព្យាការី​របស់​ព្រះ ។

Saints ១:២៥៣

ប៉ាលី​កំពុង​បង្រៀន​ពួកបរិសុទ្ធ​មួយ​ក្រុម ។

យ៉ូហាន​បានជឿ​លើអ្វី​ដែល​ប៉ាលី​បាននិយាយ ។ គាត់​បាន​អាន​ព្រះគម្ពីរ​មរមន ហើយ​បាន​ដឹង​ថា​វា​ជា​ការពិត ។ យ៉ូហាន និង​លីអូណូរ៉ា បានអញ្ជើញ​មិត្ដភក្ដិ​របស់​ពួកគេ យ៉ូសែប មើស៊ី និង ម៉ារី ហ្វីលឌីង និង​អ្នក​ផ្សេងទៀត​ឲ្យ​មកស្ដាប់​ប៉ាលី​បង្រៀន ។ មនុស្ស​ជាច្រើន​បានទទួល​បុណ្យជ្រមុជទឹក​ចូលរួម​ក្នុង​សាសនាចក្រ ។

Saints ១:២៥៤–២៥៥

ប៉ាលី​លា​មិត្ដភក្ដិ​របស់​គាត់​នៅ​កាណាដា ។

ប៉ាលី​មានចិត្តសប្បាយ​រីករាយ ប៉ុន្ដែ​គាត់​ចង់​ទៅ​ផ្ទះ​នៅ​ខឺតឡង់​ដើម្បី​ជួប សេងហ្វូល ។ គាត់​បាន​លា​មិត្ដ​ថ្មី​របស់​គាត់​នៅ​កាណាដា ។ នៅពេល​ដែល​គាត់​ចាប់ដៃ​ពួកគេ ពួកគេ​បាន​ឲ្យ​លុយ​ដល់​គាត់​ដើម្បី​ជួយ​គាត់​ទំនុក​បម្រុង​ដល់​គ្រួសារ​របស់​គាត់ ។

Saints ១:២៥៥–២៥៦

ប៉ាលី និង​សេងហ្វូល នៅ​កាណាដា​ជាមួយ​គ្នា ។

នៅពេល​ដែល​ប៉ាលី​បានទៅ​ដល់​ផ្ទះ គាត់​បានឃើញ​ថា សេងហ្វូល​បាន​មាន​ភាពប្រសើរឡើង ។ ប៉ាលី​បានយក​ព្រះគម្ពីរ​មរមន​បន្ថែម​ទៀត ហើយ​បាន​ត្រឡប់​ទៅ​កាណាដា​វិញ​ដើម្បី​បន្ដ​ការចែកចាយ​ដំណឹងល្អ ។ នៅលើកនេះ សេងហ្វូល​បានទៅ​ជាមួយ​គាត់​ដែរ ។

Saints ១:២៥៦

ប៉ាលី និង​សេងហ្វូល ឱប​គ្នា ។

មិនយូរប៉ុន្មាន សេងហ្វូល និង​ប៉ាលី​បានដឹង​ថា ពួកគាត់​មាន​កូន ។ ពួកគេ​បានចងចាំ​ការប្រសិទ្ធពរ​ដែល​ហ៊ីប៊ើរ​បាន​ផ្ដល់​ដល់​ប៉ាលី ។ ពួកគាត់​មានអារម្មណ៍​ថា អ្វី​គ្រប់យ៉ាង​ដែល​ព្រះអម្ចាស់​បានសន្យា​នៅក្នុង​ការប្រសិទ្ធពរ​នោះ​បានក្លាយជា​ការពិត ។

Saints ១:២៥៦