សន្និសីទទូទៅ
សូម​កុំ​លះបង់​ចោល​សេចក្តី​អាណិតអាសូរ​របស់​ខ្លួន​ចេញ​ឡើយ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៥


10:43

សូម​កុំ​លះបង់​ចោល​សេចក្តី​អាណិតអាសូរ​របស់​ខ្លួន​ចេញ​ឡើយ

បងប្អូន​មាន​សិទ្ធិ​ទទួល​បាន​ជំនួយ និង​ការព្យាបាល​ដ៏ទេវភាព​ភ្លាមៗ ទោះបីជា​មាន​គុណវិបត្តិ​មនុស្ស​លោក​របស់​បងប្អូន​ក៏ដោយ ។

មាន​ពេល​មួយ​អ្នកគ្រូ​បង្រៀន​ម្នាក់​បាន​បង្រៀន​ថា ត្រីបាឡែន—ទោះបី​ជា​ធំ​ប៉ុនណា​ក៏ដោយ—ក៏​មិន​អាច​លេប​មនុស្ស​បាន​ដែរ ពីព្រោះ​ត្រីបាឡែន​មាន​បំពង់​ក​តូច ។ ក្មេងស្រី​ម្នាក់​បាន​ជំទាស់​ថា « ប៉ុន្តែ​ត្រីបាឡែន​បាន​លេប​យ៉ូណាស » ។ អ្នកគ្រូ​បាន​ឆ្លើយតប « វា​មិន​អាច​ទៅ​រួចទេ » ។ ដោយ​នៅតែ​មិនជឿ ក្មេងស្រី​នោះ​បាន​និយាយ​ថា « អ៊ីចឹង នៅពេល​ដែល​ខ្ញុំ​ទៅ​ដល់​ស្ថានសួគ៌ ចាំ​ខ្ញុំ​សួរ​គាត់ » ។ អ្នកគ្រូ​បាន​ញញឹម​តិចៗ ហើយ​សួរ​ថា « ចុះបើ​យ៉ូណាស​ជា​ជន​មាន​បាប ហើយ​មិន​បាន​ទៅ​ស្ថានសួគ៌​វិញ​នោះ ? » ក្មេងស្រី​រូប​នោះ​បាន​ឆ្លើយ​ថា « បើ​អ៊ីចឹង​អ្នកគ្រូ​អាច​សួរ​គាត់​បាន » ។

យើង​សើច ប៉ុន្តែ​យើង​មិន​គួរ​រំលង​ពី​ឥទ្ធិពល​ដែល​ដំណើររឿង​របស់​យ៉ូណាស​ផ្តល់​ដល់​អស់ « អ្នក​ដែល​ស្វែងរក​សុភមង្គល​ដ៏​សុភាព​រាបសា » នោះ​ទេ ជា​ពិសេស​អ្នក​ដែល​មាន​ការតស៊ូ​ដោយសារ​តែ​ការសាកល្បង ឬ​កាលៈទេសៈ​លំបាក ។

ព្រះ​បាន​បញ្ជា​យ៉ូណាស​ឲ្យ « ទៅកាន់​ក្រុង​នីនីវេ » ដើម្បី​ប្រកាស​ប្រាប់​ពី​ការប្រែចិត្ត ។ ប៉ុន្តែ​ក្រុង​នីនីវេ​គឺជា​សត្រូវ​ដ៏ឃោរឃៅ​របស់​អ៊ីស្រាអែល​ពីបុរាណ—ដូច្នេះ​ហើយ​យ៉ូណាស​បាន​ដើរ​ឆ្ពោះទៅ​ទិសដៅ​ខុស​ឆ្ងាយ​តាម​ទូក​ទៅកាន់​ក្រុង​តើស៊ីស ។ នៅពេល​ដែល​គាត់​ជិះ​ទូក​គេច​ចេញពី​ការហៅ​របស់​គាត់ មាន​ព្យុះ​ដ៏ធំ​មួយ​បាន​កើតឡើង​ដែល​បោកបក់​ស្ទើតែ​លិច​ទូក​ទៅ​ហើយ ។ ប្រាកដណាស់​ការមិន​គោរពប្រត្តិបតិ​របស់​គាត់​គឺជា​ដើមហេតុ នោះ​យ៉ូណាស​ស្ម័គ្រចិត្ត​ឲ្យ​គេ​បោះ​គាត់​ចូល​ទៅក្នុង​ទឹក ។ ការណ៍​នេះ​ធ្វើ​ឲ្យ​សមុទ្រ​ដែល​បោកបក់​ខ្លាំង​ស្ងប់​ទៅវិញ ដែល​ជួយ​សង្គ្រោះ​អ្នក​ជិះ​ទូក​ជាមួយ​គាត់ ។

ជា​អព្ភូតហេតុ យ៉ូណាស​គេចផុត​ពី​សេចក្តី​ស្លាប់​នៅពេល​ដែល « ត្រីមួយ​យ៉ាង​ធំ » ដែល​ព្រះអម្ចាស់ « បាន​រៀបចំ » ឲ្យ​លេប​គាត់ ។ ប៉ុន្តែ​គាត់​ដេក​នៅក្នុង​ពោះត្រី ជា​កន្លែង​ដែល​ងងឹត និង​កខ្វក់​អស់រយៈ​ពេល​បីថ្ងៃ រហូតដល់​ទីបំផុត​ត្រី​បាន​ក្អែគាត់​ចេញ​នៅលើ​ដីគោក ។ បន្ទាប់​មក គាត់​ទទួល​យក​ការហៅ​របស់​គាត់​ទៅកាន់​ក្រុង​នីនីវេ ។ ប៉ុន្តែ នៅពេល​ដែល​ទីក្រុង​នេះ​ប្រែចិត្ត និង​បានរួច​ផុត​ពី​ការបំផ្លិចបំផ្លាញ យ៉ូណាស​អាក់អន់ចិត្ត​នឹង​សេចក្តី​មេត្តា​ករុណា​ដែល​បាន​បង្ហាញ​ទៅដល់​សត្រូវ​របស់​គាត់ ។ ព្រះ​បាន​បង្រៀន​យ៉ូណាស​ដោយ​អត់ធ្មត់​ថា ទ្រង់​ស្រឡាញ់ និង​ខិតខំ​ជួយ​សង្គ្រោះ​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ។

ដោយ​បាន​ធ្វើ​ខុស​ជាច្រើន​ដង​នៅក្នុង​កាតព្វកិច្ច​របស់​គាត់ យ៉ូណាស​ផ្តល់​នូវ​ទីបន្ទាល់​ដ៏រស់រវើក​ថា នៅក្នុង​ជីវិត​រមែងស្លាប់ « មនុស្ស​ទាំង​អស់​បាន​ធ្លាក់ » ។ យើង​មិន​សូវ​និយាយ​ញឹកញាប់​អំពី​ទីបន្ទាល់​នៃ​ការធ្លាក់​ទេ ។ ប៉ុន្តែ​ការមាន​ការយល់ដឹង​អំពី​គោលការណ៍ និង​ទីបន្ទាល់​ខាងវិញ្ញាណ​អំពី​មូលហេតុ​ដែល​យើង​គ្រប់គ្នា​តស៊ូ​ជាមួយ​បញ្ហា​ប្រឈម​ខាង​សីលធម៌ ខាង​រាងកាយ និង​ខាង​ស្ថានភាព​លំបាក​នានា គឺជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ ។ នៅលើ​ផែនដី​នេះ ស្មៅ​អាក្រក់​លូតលាស់ សូម្បីតែ​ឆ្អឹង​ដ៏​រឹងមាំ​ក៏​អាច​បាក់​បាន​ដែរ ហើយ អ្វីៗ​ទាំងអស់ « ខ្វះ​មិន​ដល់​សិរីល្អ​នៃ​ព្រះ » ទេ ។ ប៉ុន្តែ​ស្ថានភាព​នៃជីវិត​រមែង​ស្លាប់​នេះ—គឺជា​លទ្ធផល​ពី​ការជ្រើសរើស​ដែល​លោក​អ័ដាម និង​នាង​អេវ៉ា​ធ្វើ—គឺ​ចាំបាច់​ណាស់​ចំពោះ​ហេតុផល​ដែល​យើង​មាន​ជីវិត​នេះ ៖ « ដើម្បី​ឲ្យ​[ យើង ]​អាច​មាន​សេចក្តី​អំណរ » ! ដូច​ជា​ឪពុកម្តាយ​ដើម​របស់​យើង​បានរៀន​មក​ហើយ​ថា មាន​តែ​តាមរយៈ​ការភ្លក់​នូវ​រសជាតិ​ជូរចត់ និង​អារម្មណ៍​ឈឺចាប់​នៃ​ការធ្លាក់​នៃ​លោកិយ​ប៉ុណ្ណោះ ទើប​យើង​អាច​ចាប់​កំណើត​បាន ហើយ​ថែមទាំង​មាន​អំណរ និង​សុភមង្គល​ដ៏​ពិត​ផងដែរ ។

ទីបន្ទាល់​អំពី​ការធ្លាក់ ​មិន​មែន ជា​ការដោះសា​ពី​អំពើ​បាប ឬ​ការខ្វះ​យុទ្ធសាស្រ្ត​ធ្វើ​កាតព្វកិច្ច​របស់​ជីវិត ដែល តែងតែ តម្រូវ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង គុណធម៌ និង​ការទទួល​ខុសត្រូវ​ជានិច្ច​នោះទេ ។ ប៉ុន្តែ​ទីបន្ទាល់​នៃ​ការធ្លាក់​គួរតែ​សម្រាល​នូវ​ការខកចិត្ត​របស់​យើង នៅពេល​ដែល​មាន​អ្វី​ខុស​ប្រក្រតី ឬ​យើង​មើល​ឃើញ​សីលធម៌​ធ្លាក់​ចុះ​នៅក្នុង​សមាជិក​គ្រួសារ មិត្តភក្តិ ឬ​អ្នក​ដឹកនាំ ។ ជាញឹកញាប់​អ្វីៗ​បែបនេះ​បណ្ដាល​ឲ្យ​យើង​លិចលង់​ទៅក្នុង​ការនិយាយ​ស្ដី​រិះគន់​ចម្រូង​ចម្រាស ឬ​ការអាក់អន់ចិត្ដ ដែល​ឆក់​យក​សេចក្ដី​ជំនឿ​របស់​យើង ។ ប៉ុន្ដែ​ទីបន្ទាល់​នៃ​ការធ្លាក់​គួរតែ​ជួយ​យើង​ឲ្យ​កាន់តែ​ដូចជា​ព្រះ ដូចដែល​បាន​រៀបរាប់​ដោយ​យ៉ូណាស​ថា ទ្រង់ « មាន​ព្រះហឫទ័យ​អាណិតអាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ » ដល់​មនុស្ស​ទាំងអស់—រួមទាំង​ខ្លួនយើង​ផងដែរ—នៅក្នុង​ស្ថានភាពមិនល្អ​ឥតខ្ចោះ​ដែល​ចៀសវាង​មិនរួច​របស់យើង ។

លើសពី​ការបង្ហាញ​ពី​ផលប៉ះពាល់​នៃ​ការធ្លាក់ នោះ​ដំណើររឿង​របស់​យ៉ូណាស​ដឹកនាំ​យើង​យ៉ាង​មាន​ឥទ្ធិពល​ទៅរក​ទ្រង់ ដែល​អាច​ជួយ​សង្គ្រោះ​យើង​ពី​ផលប៉ះពាល់​ទាំងនោះ ។ ការលះបង់​ខ្លួនឯង​របស់​យ៉ូណាស​ដើម្បី​ជួយ​សង្គ្រោះ​មិត្ត​រួម​នាវា​របស់គាត់​គឺ​ពិត​ដូចជា​ព្រះគ្រីស្ទ​ណាស់ ។ ហើយ​នៅពេល​ដែល​ព្រះយេស៊ូវ​ត្រូវបាន​គេ​សាកសួរ​ពី​ទីសម្គាល់​អស្ចារ្យ​នៃភាព​ជាព្រះ​របស់ទ្រង់​ចំនួន​បី​លើក នោះ​ទ្រង់​មាន​បន្ទូលថា មានតែ « ទីសម្គាល់​របស់​យ៉ូណាស » ប៉ុណ្ណោះ នឹង​ត្រូវបាន​ប្រទាន​ឲ្យ ដោយ​ប្រកាស​ថា​កាល ដែល​យ៉ូណាស​នៅក្នុង « ពោះ​ត្រី​ធំ​អស់​៣​ថ្ងៃ​៣​យប់​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​នៅ​ក្នុង​ផ្ទៃ​ផែនដី​៣​ថ្ងៃ​៣​យប់​យ៉ាង​នោះ​ដែរ » ។ ក្នុង​នាមជា​និមិត្តរូប​នៃ​ការសុគត និង​ការមាន​ព្រះជន្មរស់​ឡើងវិញ​ដ៏រុងរឿង​របស់​ព្រះអង្គ​សង្គ្រោះ យ៉ូណាស​អាច​នឹង​មាន​ភាព​មិនល្អឥតខ្ចោះ ។ ប៉ុន្តែ​នេះ​ក៏ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ទីបន្ទាល់​ផ្ទាល់ខ្លួន និង​ការតាំងចិត្ត​របស់​គាត់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​ធ្វើឡើង​នៅក្នុង​ពោះ​របស់​ត្រីបាឡែន គួរ​ឲ្យ​រំជួល​ចិត្ត និង​បំផុស​គំនិត​ជាខ្លាំង​ដែរ ។

ការស្រែក​យំ​របស់​យ៉ូណាស​គឺជា​ការស្រែកយំ​របស់​បុរស​ល្អ​ម្នាក់​ដែល​ស្ថិតក្នុង​វិបត្តិ ។ មួយ​ផ្នែក​ធំ​កើតចេញពី​កំហុស​របស់គាត់​ផ្ទាល់ ។ ចំពោះ​ពួកបរិសុទ្ធ​ម្នាក់ នៅពេលមាន​គ្រោះ​មហន្តរាយ​កើតឡើង​ដោយ​ទម្លាប់​ដ៏​គួរ​ឲ្យ​សោកស្ដាយ មតិយោបល់ ឬ​ការសម្រេចចិត្ត​មួយ ទោះបី​ជា​មាន​ចេតនា​ល្អ​ជាច្រើន​ផ្សេងទៀត​និង​ការខិតខំ​ប្រឹងប្រែង​ដោយ​សេចក្តី​សុចរិត​ក្តី ក៏វា​អាច​ជា​ការបំផ្លិចបំផ្លាញ ហើយ​បន្សល់ទុក​នូវ​អារម្មណ៍​ត្រូវ​គេ​បោះបង់​ចោល​ដែរ ។ ប៉ុន្តែ​ទោះបី​ជា​មូលហេតុ ឬ​គ្រោះ​មហន្តរាយដែល​យើង​ប្រឈមមុខ​មាន​កម្រិត​ណាក៏ដោយ យើង​តែងតែ ទទួល​អាម្មណ៍​នូវ​សេចក្តី​សង្ឃឹម ការព្យាបាល និង​សុភមង្គល​ជានិច្ច ។ ចូរ​ស្ដាប់​យ៉ូណាស ៖

« ទូលបង្គំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​ព្រោះ​ទុក្ខ​លំបាក​របស់​ទូលបង្គំ … ទូលបង្គំ​បាន​អំពាវនាវនៅ​ក្នុង​ពោះ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ។ …

« ដ្បិត​ទ្រង់​បាន​បោះ​ទូលបង្គំ​ទៅ​ក្នុង​ទី​ជំរៅ គឺ​ចុះ​ទៅ​ក្នុង​ផ្ទៃ​នៃ​សមុទ្រ ។ …

« [ ហើយ ]ទូលបង្គំ​បានពោលថា ទូលបង្គំ​ត្រូវ​បោះចោលចេញ​ពី​ចំពោះ​ព្រះនេត្រ​ទ្រង់ ហើយ ប៉ុន្តែ ទូលបង្គំនឹង​មើល​ទៅឯ​ព្រះវិហារបរិសុទ្ធ​នៃ​ទ្រង់​ទៀត ។

« ទឹក​បាន​ឡោមព័ទ្ធ​ទូលបង្គំ សឹង​តែ នឹង​ផុត​ជីវិត​ផង ទី​ជំរៅ​បាន​ហ៊ុម​ទូលបង្គំ​ជិត ហើយ​សារ៉ាយ​បាន​រុំ​ព័ទ្ធ​ក្បាល​ទូលបង្គំ ។

« ទូលបង្គំ​បាន​ចុះ​ទៅ​ដល់​ឫស​នៃ​ភ្នំ​ទាំង​ប៉ុន្មាន … ប៉ុន្តែ ទ្រង់​បាន​នាំ​ទូលបង្គំ​ឡើង​ចេញ​ពី​រណ្តៅ​មក​ទាំង​រស់ ។ …

« កាល​ព្រលឹង … ទូលបង្គំ​បាន​សន្លប់​ទៅ នោះ​ទូលបង្គំ​បាន​នឹក​ដល់​ព្រះយេហូវ៉ា ហើយ​សេចក្តី​អធិស្ឋាន … ទូលបង្គំ​បាន​ចូលទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ចំពោះ​ទ្រង់ ។

« ពួក​អ្នក​ដែល​មើល​ទៅ​ឯ​របស់​ឥត​ប្រយោជន៍ ដែល​មិន​ទៀងទាត់ គេ រមែង​លះបង់​ចោល​សេចក្តី​អាណិតអាសូរ​របស់​ខ្លួន​ចេញ ។

« តែ​ទូលបង្គំ​នឹង​ថ្វាយ​យញ្ញបូជា​ដល់​ទ្រង់ ដោយ​សំឡេង​នៃ​ពាក្យ​អរ​ដល់​ព្រះគុណ ហើយ​ទូលបង្គំ​នឹង លា​បំណន់​របស់​ទូលបង្គំ​ផង ។ ឯ​សេចក្តី​សង្គ្រោះ នោះ​កើត​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ » ។

ទោះបីជា​វា​បាន​កើតឡើង​យូរ​ឆ្នាំ​មកហើយក្តី ខ្ញុំ​អាច​ប្រាប់​បងប្អូន​បាន​យ៉ាង​ច្បាស់​ពី​កន្លែង​ដែល​ខ្ញុំ​កំពុង​អង្គុយ និង​អារម្មណ៍​ដែល​ខ្ញុំ​មាន នៅ​ក្នុង​ជំរៅ​ដ៏​ជ្រៅ​នៃ​ឋាននរក​ផ្ទាល់ខ្លួន នៅពេល​ខ្ញុំ​បាន​រកឃើញ​បទគម្ពីរ​នេះ ។ សម្រាប់​នរណា​ម្នាក់​នៅ​ថ្ងៃនេះ ដែល​មាន​អារម្មណ៍​ដូចដែល​ខ្ញុំ​ធ្លាប់​មាន—ថា​អ្នក​ត្រូវបាន​គេ​បោះចោល លិចចុះ​ទៅក្នុង​ទឹក​យ៉ាងជ្រៅ​បំផុត ហើយ​សារ៉ាយ​សមុទ្រ​រុំព័ទ្ធ​ក្បាល​របស់​បងប្អូន ហើយ​មាន​អារម្មណ៍​អស់សង្ឃឹម—នោះ​ការអង្វរ​របស់ខ្ញុំ​ដែល​បាន​បំផុស​គំនិត​ដោយ​យ៉ូណាស​គឺ ៖ សូម​កុំ​លះបង់​ចោល​សេចក្តី​អាណិតអាសូរ​របស់​ខ្លួន​ចេញ​ឡើយ ។ បងប្អូន​មាន​សិទ្ធិ​ទទួល​បាន​ជំនួយ និង​ការព្យាបាល​ដ៏ទេវភាព​ភ្លាមៗ ទោះបីជា​មាន​គុណវិបត្តិ​មនុស្ស​លោក​របស់​បងប្អូន​ក៏ដោយ ។ សេចក្តី​មេត្តា​ករុណា​ដ៏គួរ​ឲ្យ​ស្ញប់ស្ញែង​នេះ​ចូលមក និង​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។ ដោយសារ​ទ្រង់​ស្គាល់ និង​ស្រឡាញ់​បងប្អូន​យ៉ាងល្អឥតខ្ចោះ នោះទ្រង់​ប្រទាន​សេចក្ដី​មេត្តា​ករុណា​នោះ​ឲ្យ​ទៅ​បងប្អូន​ជារបស់​បងប្អូន « ផ្ទាល់ » មាន​ន័យថា វា​គឺ​សម​យ៉ាង​ល្អឥតខ្ចោះ​សម្រាប់​បងប្អូន ត្រូវបាន​បង្កើតឡើង​ដើម្បី​បំបាត់​ការឈឺចាប់​ផ្ទាល់ខ្លួន របស់បងប្អូន ម្នាក់ៗ និង​ដើម្បី​ព្យាបាល​ការឈឺចាប់​ជាក់លាក់ របស់​បងប្អូន ។ ដូច្នេះ ចំពោះ​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ និង​ចំពោះ​សេចក្ដី​សុខសាន្ត​របស់​បងប្អូន សូម​កុំ​ព្រងើយកន្តើយ​ចំពោះ​សេចក្ដី​មេត្តា​ករុណា​នោះ​ឡើយ ។ ទទួល​យក​វា ។ សូម​ចាប់ផ្តើម​ដោយ​បដិសេធ​មិន​ស្តាប់ « របស់​ឥត​ប្រយោជន៍ ដែល​មិន​ទៀងទាត់ » របស់​មារសត្រូវ ដែល​នឹង​ល្បួង​បងប្អូន​ឲ្យ​គិតថា ភាពធូរស្រាល​រកឃើញ​តែ​នៅក្នុង​ការចាកចេញ​ឆ្ងាយ​ពី​ការទទួល​ខុសត្រូវ​ខាង​វិញ្ញាណ​របស់​បងប្អូន​ប៉ុណ្ណោះ ។ ផ្ទុយទៅវិញ សូម​ធ្វើ​តាម​ការដឹកនាំ​របស់​យ៉ូណាស​ដែល​ប្រែចិត្ត ។ ចូរ​អធិស្ឋាន​ទៅរក​ព្រះ ។ ចូរ​ងាក​ទៅរក​ព្រះវិហារ​បរិសុទ្ធ ។ ចូរ​ប្រកាន់​ខ្ជាប់​ទៅនឹង​សេចក្តីសញ្ញា​របស់​បងប្អូន ។ ចូរបម្រើ​ព្រះអម្ចាស់ សាសនាចក្រ​របស់​ទ្រង់ និង​អ្នកដទៃ​ទៀត​ដោយ​ការលះបង់ និង​ការដឹងគុណ ។

ការធ្វើ​នូវ​រឿង​ទាំងនេះ​នាំមក​នូវ​ចក្ខុវិស័យ​នៃ​សេចក្តី​ស្រឡាញ់​ដ៏ពិសេស​របស់​ព្រះ​សម្រាប់​បងប្អូន—ជាអ្វី​ដែល​ព្រះគម្ពីរ​ហេព្រើរ​ហៅថា « hesed ( ហេសិដ ) » ។ បងប្អូន​នឹង​មើលឃើញ ហើយ​ទទួល​អារម្មណ៍​ពី​ព្រះចេស្តា​នៃ​ព្រះ​ដ៏​ស្មោះត្រង់ មិនចេះ​នឿយហត់ មិនចេះចប់​មិនចេះ​ហើយ និង « សេចក្តី​មេត្តា​ករុណា​ដ៏ទន់ភ្លន់​ទាំងឡាយ » ដែល​អាច​ធ្វើ​ឲ្យ​បងប្អូន « ខ្លាំងពូកែ… ដល់ … សេចក្តី​ដោះលែង » ចេញពី​អំពើបាប​ណាមួយ ឬ​ការបរាជ័យ​ណាមួយ ។ ការឈឺចាប់​ដំបូង និង​ខ្លាំង​អាច​ធ្វើ​ការយល់ដឹង​អំពី​សេចក្តី​មេត្តា​ករុណា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ពិបាក​នឹង​ស្រមៃដល់ ។ ប៉ុន្តែ​នៅពេល​បងប្អូន​បន្ត​អធិស្ថាន​ដើម្បី « លា​បំណន់​របស់​[ បងប្អូន ] » នោះ​ចក្ខុវិស័យ​បែប​នេះ​នឹង​កាន់តែ​ភ្លឺឡើងៗ​នៅក្នុង​ព្រលឹង​របស់​បងប្អូន ។ ហើយ​ជាមួយ​នឹង​ចក្ខុវិស័យ​នោះ បងប្អូន​នឹង​មិន​ត្រឹមតែ​រកឃើញ​សេចក្តីសង្ឃឹម និង​ការព្យាបាល​ប៉ុណ្ណោះទេ ប៉ុន្តែ បងប្អូន​នឹង​រកឃើញអំណរ​ដ៏​គួរឲ្យ​ភ្ញាក់​ផ្អើល​បំផុត សូម្បីតែ​នៅ​ក្នុង​ចំណោម​ការសាកល្បង​ដ៏លំបាក​របស់​បងប្អូន​ក្ដី ។ ប្រធាន ណិលសុន បាន​បង្រៀន​យើង​បាន​យ៉ាងល្អ​ថា ៖ « ពេល​ជីវិត​របស់​យើង​ផ្តោត​លើ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ … និង​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដំណឹង​ល្អ​របស់​ទ្រង់ នោះ​យើង​អាច​មាន​អំណរ មិនថា​មាន​អ្វី​កំពុង​កើត​ឡើង—ឬ​មិន​កើត​ឡើង—នៅក្នុង​ជីវិត​យើង​នោះ​ទេ ។ អំណរ​កើត​មាន​ឡើង ហើយ​ដោយសារ​តែ​ទ្រង់ » ។

មិនថា​យើង​កំពុង​ប្រឈមមុខ​នឹង​មហន្តរាយ​ដ៏ជ្រៅ​ដូច​យ៉ូណាស ឬ​បញ្ហា​ប្រឈម​ប្រចាំថ្ងៃ​នៃ​លោកិយ​ដែល​មិន​ល្អ​ឥតខ្ចោះ​របស់​យើង ការអញ្ជើញ​គឺ​ដូចគ្នា ៖ សូម​កុំ​លះបង់​ចោល​សេចក្តី​អាណិតអាសូរ​របស់​ខ្លួន​ចេញ​ឡើយ ។ ចូរ​មើល​ទៅ​ទីសម្គាល់​របស់​យ៉ូណាស ព្រះគ្រីស្ទ​ដ៏​ព្រះជន្មរស់ ទ្រង់​ដែល​បាន​ក្រោកឡើង​ពីផ្នូរ​បីថ្ងៃ​របស់ទ្រង់ បាន​យក​ឈ្នះ​គ្រប់​ទាំងអស់សម្រាប់​បងប្អូន ។ ចូរ​បែរ​ទៅរក​ទ្រង់ ។ ចូរ​ជឿ​លើ​ទ្រង់ ។ ចូរ​បម្រើ​ទ្រង់ ។ ចូរ​ញញឹម ។ ព្រោះ​នៅក្នុង​ទ្រង់ និង​មានតែ​ទ្រង់​មួយអង្គ​គត់ ដែល​មាន​នូវ​ការព្យាបាល​ដ៏​ពេញលេញ និង​សប្បាយ​រីករាយ​ចេញមក​ពី​ការធ្លាក់ ដែល​យើង​ទាំងអស់គ្នា​ត្រូវការ​ជា​ចាំបាច់ ហើយ​ស្វែងរក​ដោយ​សុភាព​រាបសា ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នេះ​គឺជា​ការពិត ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. អាលម៉ា ២៧:១៨ ។ សរុប​មក​មាន​ត្រឹមតែ​៤៨​ខ​នៅក្នុង​គម្ពីរ​យ៉ូណាស គឺ​ញាត់​យ៉ាងណែន ដោយ​កំណាព្យ​នៃ​សេចក្តីពិត​នៃ​គោលការណ៍ និង​មេរៀន​ខាងវិញ្ញាណ​ជាច្រើន ។ សូមមើល អ៊ីលីស ធី. រ៉ាស្មុសិន, A Latter-Day Saint Commentary on the Old Testament ( ឆ្នាំ១៩៩៣ ) ទំព័រ ៦៥៣–៦៥៧; ឌី. ខេលី អូហ្គឌិន និង អាន់ឌ្រួ ស៊ី. ស្គីនណឺរ៍, Verse by Verse: The Old Testament, vol. 2, 1 Kings Through Malachi ( ឆ្នាំ២០១៣ ) ទំព័រ ១៣៣–១៣៨ ។ឆ្នាំ២០១៣ ) ​ទំព័រ ១៣៣–១៣៨ ។ អូហ្គឌិន និង​ស្គីនណឺរ៍ កត់សម្គាល់​ថា ដោយសារ​អំណាច​នៃ​ការបង្រៀន​នៃ​ការប្រែចិត្ត​នៅក្នុង​គម្ពីរ​យ៉ូណាស វា​ត្រូវបាន​ « អាន​នៅក្នុង​សាលា​ជំនុំ​នៅ​ថ្ងៃ​ដ៏​វិសុទ្ធ​បំផុត​នៃ​ឆ្នាំ​សម្រាប់​ប្រជាជន​យូដា—គឺ​ថ្ងៃ​នៃ​ដង្វាយ​ធួន ឬ យ៉មគីមពួរ—ដែល​ផ្តោត​លើ​ការប្រែចិត្ត និង​ការអភ័យទោស​ផងដែរ » ។

  2. សូមមើល អូហ្គឌិន និង​ស្គីនណឺរ៍ Verse by Verse: The Old Testament ទំព័រ ១៣៤ ។

  3. សូមមើល យ៉ូណាស ១–៤ ។

  4. អាលម៉ា ៣៤:៩ ។

  5. រ៉ូម ៣:២៣ ។

  6. សូមមើល នីហ្វៃទី២ ២:១៧–២៥ ។

  7. យ៉ូណាស ៤:២ ។

  8. សូមមើល លូកា ១១:២៩–៣០ សូម​មើល​ផង​ដែរ ម៉ាថាយ ១២:៣៩–៤១១៦:១–៤

  9. យ៉ូណាស ២ គឺជា​ទីបន្ទាល់​ក្រោយៗ​មក​និង​ទំនុក​ដំកើង​នៃ​អំណរគុណ ដែល​ភាគ​ច្រើន​ពិពណ៌នា​អំពី​ការអធិស្ឋាន​របស់​យ៉ូណាស​ពី​ពោះ​ត្រី​បាឡែន ។

  10. តាម​របៀប​នេះ យ៉ូណាស​ផ្ទុយគ្នា​នឹង​នរណា​ម្នាក់​ដូចជា​យ៉ូប ដែល​ហាក់​ដូចជា​គ្មាន​កំហុស​សោះ​ចំពោះ​ការឈឺចាប់​ដែល​កើត​មាន​ចំពោះ​លោក ។ ដំណើររឿង​ទាំងពីរ​គឺជា​ដំណើររឿង​នៃ​សេចក្តី​ជំនឿ និង​ភាពធន់​នៅក្នុង​ការប្រឈមមុខ​នឹង​មហន្តរាយ ប៉ុន្តែ​ដំណើររឿង​របស់​យ៉ូណាស ប្រហែលជា​អាច​ទាក់ទង​បាន​កាន់តែ​ច្រើន​សម្រាប់​អស់អ្នក​ដែល​មាន​អារម្មណ៍ថា ទង្វើ​របស់​ពួកគេ​គឺជា​ប្រភព​នៃ​ការឈឺចាប់​ដែល​អាច​វិនិច្ឆ័យ​បាន ។

  11. វា​ពិត​ណាស់​សម្រាប់ យ៉ូសែប ស្ម៊ីធ នៅពេល​ដែល​ការយល់ចិត្ត និង​ការដឹងគុណ​របស់​លោក​ចំពោះ​អ្នកឧបត្ថម្ភ​របស់​លោកគឺ​ ម៉ាទិន ហារិស បាន​បណ្ដាល​ឲ្យ​លោក​ចែកចាយ​ទៅដល់ ហារិស នូវ​ការបកប្រែ​១១៦​ទំព័រ​ដំបូង​ដ៏មាន​តម្លៃ​នៃ​ព្រះគម្ពីរ​មរមន ដែល​បន្ទាប់មក​ត្រូវបាន​បាត់បង់ ហើយ​បណ្តាល​ឲ្យ​យ៉ូសែប​ស្រែកយំថា « ​បាត់​អស់​ហើយ » ។ ( សូមមើល ពួកបរិសុទ្ធ ៖ ដំណើរឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយភាគ ១ បទដ្ឋាន​នៃ​សេចក្ដីពិត ឆ្នាំ១៨១៥–១៩៤៦ [ ឆ្នាំ២០១៨ ] ទំព័រ ៤៣–៤៣ ) ។

  12. យ៉ូណាស ២:២–៩ បាន​គូស​បញ្ជាក់​បន្ថែម ។

  13. នីហ្វៃ​ទី១ ១:២០ សូមមើល​ផងដែរ រ័សុល អិម ណិលសុន « The Everlasting Covenant » Liahona ខែតុលា ឆ្នាំ២០២២ ទំព័រ ៦, ១០ ។ ពាក្យ​ភាសា​ហេព្រើរ​ដើម​សម្រាប់ « មេត្តា​ករុណា នៅក្នុង យ៉ូណាស ២គឺ « hesed ( ហេសិដ ) » ដែល​ប្រធាន ណិលសុន ពន្យល់​ថា គឺជា « សេចក្តី​ស្រឡាញ់ និង​មេត្តា​ករុណា​ដ៏ពិសេស » សម្រាប់​អស់អ្នក​ដែលបាន​ធ្វើ​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ​ជាមួយ​ព្រះ—សេចក្តី​មេត្តា​ករុណា​ដែល​លោក​ពន្យល់​នោះ​គឺ ស្មោះត្រង់ មិន​ចេះ​នឿយហត់ មិន​ចេះចប់​មិនចេះ​ហើយ ។

  14. រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ៨២ ។