សេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ
ការអនុវត្តតាមគោលលទ្ធិរបស់ព្រះគ្រីស្ទតាមរបៀបសាមញ្ញ និងដោយការផ្ដោតយកចិត្តទុកដាក់នឹងជួយយើងឲ្យស្វែងរកអំណរនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។
១. សេចក្ដីផ្ដើម
សាមសិបបីឆ្នាំមុន ខ្ញុំបានទទួលការហៅឲ្យបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅបេសកកម្មអូហ្គឌិន យូថាហ៍ ។ ប្រាកដណាស់ ដោយសារខ្ញុំមកពីប៉ែកអឺរ៉ុប នោះប្រពៃណីក្នុងមូលដ្ឋានរដ្ឋយូថាហ៍ដូចជា « បង្អែមចាហួយពណ៌បៃតងដាក់ជាមួយការ៉ុត » និង « ដំឡូងកិនសម្រាប់ពិធីបុណ្យសព » រៀងប្លែកបន្តិចចំពោះខ្ញុំ !
ទោះជាយ៉ាងណា ខ្ញុំចាប់អារម្មណ៍ជាខ្លាំងចំពោះសេចក្តីរាប់អាន និងភាពជាសិស្សរបស់ពួកបរិសុទ្ធជាច្រើន ចំនួនសមាជិកយ៉ាងច្រើនដែលចូលរួមការប្រជុំរបស់សាសនាចក្រ និងទំហំនៃកម្មវិធីសាសនាចក្រដែលដំណើរការពេញលេញនៅទីនោះ ។ នៅពេលចប់បេសកកម្ម ខ្ញុំចង់ធ្វើឲ្យប្រាកដថា អំណរដែលខ្ញុំទទួលបាន និងកម្លាំងខាងវិញ្ញាណ និងភាពចាស់ទុំដែលខ្ញុំបានសង្កេតឃើញក៏នឹងមានសម្រាប់គ្រួសាររបស់ខ្ញុំនាពេលអនាគតផងដែរ ។ ខ្ញុំបានប្តេជ្ញាចិត្តត្រឡប់ទៅវិញរស់នៅក្នុងជីវិតរបស់ខ្ញុំក្នុង « ស្រមោលនៃភ្នំដ៏នៅអស់កល្បជានិច្ច » ។
ទោះជាយ៉ាងណា ព្រះអម្ចាស់មានផែនការផ្សេងទៀត ។ នៅថ្ងៃអាទិត្យទីមួយនៅផ្ទះរបស់ខ្ញុំ ប៊ីស្សពដ៏ឈ្លាសវៃរបស់ខ្ញុំបានហៅខ្ញុំឲ្យបម្រើជាប្រធានក្រុមយុវជននៅក្នុងវួដរបស់យើង ។ ការបម្រើនៅក្នុងក្រុមយុវជនដ៏អស្ចារ្យនេះ ខ្ញុំបានរៀនយ៉ាងលឿនថា អំណរដែលបានមកពីការធ្វើជាសិស្សរបស់ព្រះគ្រីស្ទបានមកពីការធ្វើកិច្ចការតិចតួចប៉ុណ្ណោះ បើធៀបនឹងទំហំដ៏ធំនៃការប្រជុំរបស់សាសនាចក្រ និងកម្មវិធីទាំងឡាយ ។
ដូច្នេះ ពេលខ្ញុំបានរៀបការជាមួយភរិយាដ៏ស្រស់ស្អាតរបស់ខ្ញុំ ម៉ាហ្គី្រត យើងបានសម្រេចចិត្តរស់នៅទ្វីបអឺរ៉ុប ហើយចិញ្ចឹមបីបាច់គ្រួសាររបស់យើងនៅក្នុងប្រទេសអាល្លឺម៉ង់ដោយអំណរ ។ យើងបានធ្វើជាសាក្សីជាមួយគ្នានូវអ្វីដែលប្រធាន រ័សុល អិម ណិលសុន បានបង្រៀនជាច្រើនឆ្នាំមកហើយថា « អំណរដែលយើងមាន នោះវាមានឥទ្ធិពលតិចតួចចំពោះកាលៈទេសៈនៃជីវិតយើង ប៉ុន្តែវាមានឥទ្ធិពលខ្លាំងលើអ្វីដែលជីវិតយើងផ្តោតទៅលើ » ។ នៅពេលការផ្ដោតជីវិតរបស់យើងនៅលើព្រះគ្រីស្ទ និងសារលិខិតនៃដំណឹងល្អរបស់ទ្រង់ នោះយើងអាចដកពិសោធពរជ័យពេញលេញនៃភាពជាសិស្សនៅគ្រប់ទីកន្លែងដែលយើងរស់នៅ ។
២. សេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ
ទោះជាយ៉ាងណា នៅក្នុងពិភពលោកដែលមានភាពអវិជ្ជា ភាពស្មុគស្មាញ និងភាពច្របូកច្របល់កាន់តែច្រើនជាមួយនឹងសារ និងការទាមទារខុសៗគ្នា តើយើងអាចចៀសវាងកុំឲ្យភ្នែករបស់យើងងងឹត ហើយឲ្យចិត្តយើងកាន់តែរឹង ហើយនៅតែផ្តោតលើ « សេចក្ដីដ៏ច្បាស់ និងពិសេសៗ » នៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? នៅអំឡុងពេលនៃការច្របូកច្របល់ សាវកប៉ុល បានផ្ដល់ដំបូន្មានដ៏អស្ចារ្យទៅកាន់ពួកបរិសុទ្ធនៅកូរិនថូស ដោយការរំឭកពួកគេឲ្យផ្ដោតលើ « សេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ » ។
គោលលទ្ធិនៃព្រះគ្រីស្ទ និងក្រឹត្យវិន័យនៃដំណឹងល្អគឺសាមញ្ញខ្លាំងណាស់ ដែលសូម្បីតែកូនក្មេងក៏អាចយល់បានដែរ ។ យើងអាចទទួលបានព្រះចេស្ដាប្រោសលោះនៃព្រះគ្រីស្ទ ហើយទទួលពរជ័យខាងវិញ្ញាណទាំងអស់ដែលព្រះវរបិតាសួគ៌របស់យើងបានរៀបចំសម្រាប់យើងដោយការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ការទទួលបុណ្យជ្រមុជទឹក ការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។ ប្រធាន ណិលសុន បានពិពណ៌នាដំណើរដ៏ស្រស់ស្អាតនេះថាជា « ផ្លូវនៃសេចក្តីសញ្ញា » និងដំណើរការនៃការធ្វើជា « សិស្សដ៏ស្មោះរបស់ព្រះយេស៊ូវគ្រីស្ទ » ។
ប្រសិនបើសារលិខិតនេះសាមញ្ញយ៉ាងនេះ ហេតុអ្វីជាញឹកញាប់វាមានអារម្មណ៍ថាពិបាកក្នុងការរស់នៅតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ និងធ្វើតាមគំរូរបស់ទ្រង់ ? វាប្រហែលជាថា យើងបកស្រាយសេចក្តីទៀងត្រង់ខុសថាជាអ្វីមួយដែលងាយនឹងសម្រេចបានដោយមិនចាំបាច់ប្រឹងប្រែង ឬឧស្សាហ៍ព្យាយាមឡើយ ។ ការធ្វើតាមព្រះគ្រីស្ទតម្រូវឲ្យមានការខិតខំជាប់លាប់ និងបន្តផ្លាស់ប្តូរ ។ យើងត្រូវ « [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ … [ ក្លាយដូចជា ] កូនក្មេង » ។ ការណ៍នេះរួមទាំងការដាក់ « ទីពឹងដល់ព្រះយេហូវ៉ា » របស់យើង ហើយទុកឲ្យភាពស្មុគស្មាញចេញបាត់ទៅ គឺដូចជាកូនក្មេងតូចៗធ្វើដែរ ។ ការអនុវត្តតាមគោលលទ្ធិរបស់ព្រះគ្រីស្ទតាមរបៀបសាមញ្ញ និងផ្តោតអារម្មណ៍នឹងជួយយើងឲ្យស្វែងរកអំណរនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ផ្តល់ការណែនាំក្នុងការហៅរបស់យើង ឆ្លើយសំណួរដ៏ស្មុគស្មាញបំផុតមួយចំនួនក្នុងជីវិត និងផ្តល់កម្លាំងដើម្បីប្រឈមមុខនឹងបញ្ហាដ៏ធំបំផុតរបស់យើង ។
តើយើងអាចចាប់ផ្តើមការអនុវត្តជាក់ស្តែងដ៏សាមញ្ញនេះក្នុងនាមជាសិស្សពេញមួយជីវិតរបស់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? ប្រធាន ណិលសុន បានរំឭកយើងឲ្យផ្តោតលើ« សេចក្តីពិតដ៏បរិសុទ្ធ គោលលទ្ធិដ៏បរិសុទ្ធ និងវិវរណៈដ៏បរិសុទ្ធ » កាលយើងស្វះស្វែងធ្វើតាមព្រះអង្គសង្រ្គោះ ។ ការសួរសំណួរជាទៀតទាត់ថា “តើព្រះអម្ចាស់យេស៊ូវគ្រីស្ទចង់ឲ្យខ្ញុំធ្វើអី្វ ? » នឹងបង្ហាញពីការណែនាំយ៉ាងជ្រាលជ្រៅ ។ ការធ្វើតាមគំរូរបស់ទ្រង់ផ្តល់នូវមាគ៌ាដ៏សុវត្តិភាពមួយដើម្បីឆ្លងកាត់ភាពមិនប្រាកដប្រជា និងផ្តល់នូវព្រះហស្ថប្រកបដោយក្តីស្រឡាញ់ដើម្បីកាន់ និងដឹកនាំពីមួយថ្ងៃទៅមួយថ្ងៃ ។ ទ្រង់គឺជាម្ចាស់នៃមេត្រីភាព និងជាអ្នកគង្វាលល្អ ។ ទ្រង់គឺជាព្រះដ៏ជាជំនួយ និងជាអង្គជួយសង្រ្គោះ ។ ទ្រង់គឺជាថ្មដា និងជាទីជ្រកកោន ។ ទ្រង់គឺជាមិត្ត—ជាមិត្តរបស់បងប្អូន និងខ្ញុំផងដែរ ! ទ្រង់អញ្ជើញយើងទាំងអស់គ្នាឲ្យស្រឡាញ់ព្រះ រក្សាបទបញ្ញាត្តិរបស់ទ្រង់ និងស្រឡាញ់អ្នកជិតខាងរបស់យើង ។
នៅពេលយើងជ្រើសរើសធ្វើតាមគំរូរបស់ទ្រង់ និងឈានទៅមុខដោយសេចក្តីជំនឿលើព្រះគ្រីស្ទ ឱបក្រសោបព្រះចេស្ដានៃដង្វាយធួនរបស់ទ្រង់ ហើយចងចាំសេចក្តីសញ្ញារបស់យើង នោះសេចក្តីស្រឡាញ់នឹងបំពេញដួងចិត្តរបស់យើង ក្តីសង្ឃឹម និងការប្រោសឲ្យជាលើកស្ទួយវិញ្ញាណរបស់យើងឡើង ហើយភាពល្វីងជូរចត់ និងភាពសោកសៅគឺត្រូវបានជំនួសដោយអំណរគុណ និងក្តីអំណត់ឲ្យរង់ចាំពរជ័យដែលបានសន្យាទាំងឡាយ ។ នៅពេលខ្លះ យើងអាចត្រូវការគម្លាតសម្រាប់ខ្លួនយើងចេញពីស្ថានភាពអវិជ្ជមាន ឬស្វែងរកជំនួយពីអ្នកមានវិជ្ជាជីវៈអាជីព ។ ប៉ុន្តែនៅគ្រប់ករណី ការអនុវត្តតាមគោលការណ៍ដ៏សាមញ្ញនៃដំណឹងល្អនឹងជួយយើងដោះស្រាយឆ្លងកាត់ការប្រឈមមុខនៃជីវិតតាមរបៀបរបស់ព្រះអម្ចាស់ ។
ជួនកាល យើងវាយតម្លៃខុសលើកម្លាំងដែលយើងទទួលបានពីទង្វើសាមញ្ញៗ ដូចជាការអធិស្ឋាន ការតមអាហារ ការសិក្សាព្រះគម្ពីរ ការប្រែចិត្តប្រចាំថ្ងៃ ការទទួលទានសាក្រាម៉ង់ប្រចាំសប្តាហ៍ និងការថ្វាយបង្គំនៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់ជាទៀងទាត់ ។ ប៉ុន្តែនៅពេលយើងដឹងថា យើងមិនត្រូវការ « ធ្វើការអ្វីយ៉ាងធំ » ហើយយើងផ្ដោតខ្លួនយើងក្នុងការអនុវត្តលើគោលលទ្ធិដ៏បរិសុទ្ធ និងសាមញ្ញ យើងចាប់ផ្ដើមមើលឃើញពីរបៀបដែលដំណឹងល្អ « ផ្ដល់ផលប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ ! » សម្រាប់យើង ទោះបីជាក្នុងកាលៈទេសៈដ៏ពិបាកបំផុតក៏ដោយ ។ យើងទទួលបានកម្លាំង និង « មានទំនុកចិត្តនៅចំពោះព្រះ » ទោះបីជាយើងឆ្លងកាត់ការឈឺចាប់ក៏ដោយ ។ អែលឌើរ អិម. រ័សុល បាឡឺដ បានរំឭកយើងជាច្រើនដងថា « នៅក្នុងភាពសាមញ្ញនោះហើយ ដែល [ យើង ] នឹងរកឃើញ … ភាពសុខសាន្ត អំណរ និងសុភមង្គល » ។
ការអនុវត្តសេចក្តីទៀងត្រង់ដែលមាននៅក្នុងព្រះគ្រីស្ទ ធ្វើឲ្យយើងផ្តល់អាទិភាពដល់មនុស្សជាងទៅលើដំណើរការ និងទំនាក់ទំនងដ៏នៅអស់កល្បជានិច្ច ជាងទៅលើឥរិយាបថរយៈពេលខ្លី ។ យើងផ្ដោតលើ « អ្វីដែលសំខាន់បំផុត » នៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ជំនួសឲ្យការជាប់នៅក្នុងការគ្រប់គ្រងនៃការផ្ដល់ការងារបម្រើរបស់យើង ។ យើងធ្វើឲ្យខ្លួនយើងមានសេរីភាពដើម្បីដាក់អាទិភាពនូវអ្វីៗដែលយើង អាច ធ្វើជាជាងដាក់ទម្ងន់ជាមួយនឹងអ្វីដែលយើង មិនអាច ធ្វើ ។ ព្រះអម្ចាស់បានរំឭកយើងថា ៖ « ហេតុដូច្នោះហើយ ចូរកុំណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតអ្នករាល់គ្នាកំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ ។ ហើយចេញពីការណ៍ដ៏តូចតាច នោះបណ្ដាលឲ្យមានការណ៍ដ៏ធំធេងឡើង » ។ ឱ នោះគឺជាការលើកទឹកចិត្តដ៏មានអានុភាពដើម្បីធ្វើសកម្មភាពសាមញ្ញ និងបន្ទាបខ្លួនទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។
៣. អូម៉ា ហ្សាស្លា
ជីដូនរបស់ខ្ញុំឈ្មោះ ម៉ាថា ហ្សាស្លា គឺជាគំរូដ៏ល្អនៃការធ្វើ « កិច្ចការតូចតាច និងងាយ » ដើម្បីនាំមកនូវកិច្ចការដ៏ធំៗបាន ។ យើងហៅគាត់ដោយក្តីស្រឡាញ់ថា អូម៉ា ហ្សាស្លា ។ អូម៉ា ឱបក្រសោបតាមដំណឹងល្អនៅក្នុងភូមិតូចមួយនៅសេលបុងហ្គេន ព្រុស្ស៊ីខាងកើត ជាមួយជីដូនទួតរបស់ខ្ញុំនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩២៦។
ម៉ាតា ហ្សាស្លា ( នៅខាងស្ដាំ ) នៅថ្ងៃជ្រមុជទឹករបស់កូន ។
គាត់ស្រឡាញ់ព្រះអម្ចាស់ និងដំណឹងល្អរបស់ទ្រង់ ហើយបានប្តេជ្ញាចិត្តដើម្បីរក្សាសេចក្តីសញ្ញាដែលគាត់បានធ្វើ ។ នៅឆ្នាំ១៩៣០ គាត់បានរៀបការជាមួយជីតារបស់ខ្ញុំ ដែលមិនមែនជាសមាជិកនៃសាសនាចក្រ ។ ត្រង់ចំណុចនេះ វាពិបាកសម្រាប់លោកយាយ អូម៉ា ដើម្បីទៅចូលរួមការប្រជុំនៅក្នុងសាសនាចក្រ ដោយសារកសិដ្ឋានរបស់ជីតាខ្ញុំនៅឆ្ងាយពីក្រុមជំនុំដែលនៅជិតបំផុត ។ ប៉ុន្តែគាត់បានផ្ដោតលើអ្វីដែលគាត់អាចធ្វើ ។ លោកយាយ អូម៉ា បានបន្តអធិស្ឋាន អានព្រះគម្ពីរ និងច្រៀងបទចម្រៀងរបស់ស៊ីយ៉ូន ។
មនុស្សខ្លះប្រហែលជាគិតថា គាត់មិនសកម្មក្នុងសេចក្តីជំនឿរបស់គាត់ទៀតទេ ប៉ុន្តែនោះវាខុសពីការពិតឆ្ងាយណាស់ ។ នៅពេលដែលអ៊ុំ និងឪពុករបស់ខ្ញុំបានកើតមក ដោយគ្មានបព្វជិតភាពនៅក្នុងផ្ទះ ហើយគ្មានការប្រជុំនៅក្នុងសាសនាចក្រ ឬទទួលពិធីការដែលនៅជិត គាត់បានធ្វើអ្វីដែលគាត់អាចធ្វើបាន ហើយបានផ្ដោតលើការបង្រៀនកូនៗរបស់គាត់ « ឲ្យអធិស្ឋាន និងឲ្យដើរដោយទៀងត្រង់នៅចំពោះព្រះអម្ចាស់ » ។ គាត់អានព្រះគម្ពីរឲ្យពួកគាត់ស្ដាប់ បានច្រៀងចម្រៀងស៊ីយ៉ូនជាមួយពួកគាត់ ហើយប្រាកដណាស់បានអធិស្ឋានជាមួយពួកគាត់—ជារៀងរាល់ថ្ងៃ ។ ជាបទពិសោធន៍ដែលផ្តោតទៅលើគេហដ្ឋានគាំទ្រដោយសាសនាចក្រ ១០០ភាគរយ ។
នៅឆ្នាំ១៩៤៥ ជីតារបស់ខ្ញុំចូលបម្រើទាហាននៅឆ្ងាយពីផ្ទះ ។ នៅពេលពួកសត្រូវឈ្លានពានកសិដ្ឋានរបស់ពួកគាត់ អូម៉ាបានយកកូនតូចទាំងពីរនាក់ ហើយបានចាកចេញចោលកសិដ្ឋានរបស់ពួកគាត់ដើម្បីស្វែងរកទីជម្រកដែលមានសុវត្ថិភាពជាងនោះ ។ បន្ទាប់ពីដំណើរដ៏លំបាក និងការគំរាមកំហែងដល់អាយុជីវិត នៅទីបំផុតពួកគាត់បានស្វែងរកទីជម្រកនៅខែឧសភា នៃឆ្នាំ១៩៤៥ នៅភាគខាងជើងនៃប្រទេសអាល្លឺម៉ង់ ។ ពួកគាត់គ្មានអ្វីនៅសេសសល់នោះទេ ក្រៅពីសម្លៀកបំពាក់នៅលើខ្លួនរបស់ពួកគាត់ ។ ប៉ុន្តែអូម៉ា បានបន្តជាមួយអ្វីដែលគាត់អាចធ្វើបាន ៖ គាត់បន្តអធិស្ឋានជាមួយកូនៗរបស់គាត់—ជារៀងរាល់ថ្ងៃ ។ គាត់បានច្រៀងចម្រៀងស៊ីយ៉ូនដែលគាត់បានទន្ទេញចាំក្នុងចិត្តជាមួយកូនៗ—ជារៀងរាល់ថ្ងៃ ។
ជីវិតជួបការលំបាកជាខ្លាំង ហើយអស់រយៈពេលជាច្រើនឆ្នាំគឺត្រូវធ្វើយ៉ាងណាឲ្យតែមានអាហារនៅលើតុដើម្បីបរិភោគប៉ុណ្ណោះ ។ នៅឆ្នាំ១៩៥៥ ប៉ារបស់ខ្ញុំដែលនៅពេលនោះអាយុទើបតែ១៧ឆ្នាំ បានទៅរៀននៅសាលាពាណិជ្ជកម្មនៅក្នុងទីក្រុងរ៉ែនស្បឺហ្គ ។ គាត់បានដើរកាត់អគារមួយ ហើយបានឃើញស្លាកសញ្ញានៅខាងក្រៅអគារ ដែលសរសេរថា « ឃឺឈើ យេស៊ូ គ្រីស្ទី ឌែ ហាយលីហ្គឹន ឌែ លេតស្ទឹន ថាហ្គឺ »—« សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។ គាត់បានគិតថា « ឱ គួរឲ្យចាប់អារម្មណ៍ណាស់ នេះគឺជាព្រះវិហាររបស់អ្នកម្ដាយទេតើ » ។ ដូច្នេះនៅពេលគាត់មកផ្ទះវិញ គាត់បានប្រាប់លោកយាយអូម៉ា ថាគាត់បានឃើញព្រះវិហាររបស់លោកយាយ ។
បងប្អូនអាចស្រមៃឃើញថា តើគាត់មានអារម្មណ៍យ៉ាងណាក្រោយពីបាត់ទំនាក់ទំនងជាមួយសាសនាចក្រអស់រយៈពេល២៥ឆ្នាំមកហើយ ។ គាត់បានប្តេជ្ញាចិត្តដើម្បីចូលរួមនៅថ្ងៃអាទិត្យក្រោយ ហើយបានបញ្ចុះបញ្ចូលឪពុករបស់ខ្ញុំឲ្យទៅជាមួយគាត់ ។ រ៉ែនស្បឺហ្គ មានចម្ងាយ២០ម៉ាយល៍ ( ៣២គីឡូម៉ែត្រ) ពីភូមិតូចមួយដែលពួកគាត់រស់នៅ ។ ប៉ុន្តែបញ្ហានេះមិនបានបង្អាក់លោកយាយអូម៉ា ពីការទៅចូលរួមនៅព្រះវិហារឡើយ ។ នៅថ្ងៃអាទិត្យបន្ទាប់ គាត់បានជិះកង់ជាមួយឪពុករបស់ខ្ញុំ ហើយបានជិះសំដៅទៅព្រះវិហារ ។
នៅពេលពិធីសាក្រាម៉ង់បានចាប់ផ្ដើម ប៉ារបស់ខ្ញុំបានអង្គុយចុះនៅជួរចុងក្រោយ ដោយសង្ឃឹមថា កម្មវិធីនឹងចប់ឆាប់ៗ ។ នេះគឺជាព្រះវិហាររបស់លោកយាយអូម៉ា មិនមែនជាព្រះវិហាររបស់គាត់ទេ ។ អ្វីដែលគាត់បានឃើញគឺមិនសូវមានការលើកទឹកចិត្តទេ ៖ មានតែស្ត្រីវ័យចំណាស់ពីរបីនាក់ប៉ុណ្ណោះដែលបានចូលរួម និងពួកអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងពីរនាក់ដែលបានធ្វើគ្រប់កិច្ចការយ៉ាងមានប្រសិទ្ធភាពនៅក្នុងការប្រជុំនោះ ។ បន្ទាប់មក ពួកគាត់បានចាប់ផ្ដើមច្រៀង ហើយពួកគាត់បានច្រៀងចម្រៀងស៊ីយ៉ូនដែលប៉ារបស់ខ្ញុំបានឮចាប់តាំងពីគាត់នៅក្មេង ៖ « មក មក ពួកបរិសុទ្ធ » « ឱ ! ព្រះបិតា » « សរសើរដល់លោក » ។ ការឮក្រុមតូចមួយនេះច្រៀងចម្រៀងស៊ីយ៉ូនដែលគាត់ធ្លាប់បានឮតាំងពីកុមារភាពបានចាក់ទម្លុះដួងចិត្តរបស់គាត់ ហើយគាត់ដឹងភ្លាម ដោយគ្មានមន្ទិលសង្ស័យថា សាសនាចក្រនេះគឺជាសាសនាចក្រពិត ។
ការប្រជុំសាក្រាម៉ង់លើកដំបូងដែលជីដូនរបស់ខ្ញុំបានចូលរួមបន្ទាប់ពីរយៈពេល២៥ឆ្នាំ គឺជាការប្រជុំដែលឪពុករបស់ខ្ញុំបានទទួលការបញ្ជាក់ផ្ទាល់ខ្លួនអំពីសេចក្តីពិតនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ។ គាត់បានទទួលបុណ្យជ្រមុជទឹកនៅបីសប្តាហ៍ក្រោយមក នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៥៥ ជាមួយនឹងជីតា និងអ៊ុំរបស់ខ្ញុំ ។
វាមានរយៈពេលជាង៧០ឆ្នាំមកហើយ ចាប់តាំងពីការប្រជុំសាក្រាម៉ង់តូចមួយនោះ នៅក្នុងទីក្រុងរ៉ែនស្បឺហ្គ ។ ខ្ញុំបានគិតអំពីលោកយាយអូម៉ា ជាញឹកញាប់ គិតថាតើគាត់មានអារម្មណ៍យ៉ាងណានៅរាត្រីដ៏ឯកោនោះ ដោយការធ្វើកិច្ចការតូចតាច និងងាយដែលគាត់អាចធ្វើបាន ដូចជាការអធិស្ឋាន ការអាន និងការច្រៀងចម្រៀង ជាដើម ។ កាលខ្ញុំឈរនៅទីនេះនៅថ្ងៃនេះក្នុងសន្និសីទទូទៅនេះ ហើយនិយាយអំពីលោកយាយអូម៉ារបស់ខ្ញុំ ការប្តេជ្ញាចិត្តរបស់គាត់ក្នុងរក្សាសេចក្តីសញ្ញា និងការទុកចិត្តលើព្រះអម្ចាស់ ថ្វីបើមានការលំបាកជ្រាបចូលក្នុងដួងចិត្តរបស់ខ្ញុំដោយភាពរាបទាប និងដោយការដឹងគុណ—មិនត្រឹមតែសម្រាប់គាត់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពួកបរិសុទ្ធដ៏អស្ចារ្យជាច្រើនរបស់យើងនៅទូទាំងពិភពលោក ដែលផ្តោតលើសេចក្តីទៀងត្រង់នៅក្នុងព្រះគ្រីស្ទក្នុងស្ថានភាពលំបាករបស់ពួកគេ ប្រហែលជាឃើញមានការផ្លាស់ប្តូរបន្តិចបន្តួចនាពេលឥឡូវនេះ ប៉ុន្តែការទុកចិត្តថាការណ៍ដ៏អស្ចារ្យនឹងកើតឡើងនាពេលអនាគត ។
៤. កិច្ចការតូចតាច និងងាយ
ខ្ញុំបានរៀនតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំថា កិច្ចការតូចតាច និងងាយនៃដំណឹងល្អ និងការផ្ដោតយ៉ាងស្មោះត្រង់លើព្រះគ្រីស្ទ នាំយើងទៅរកអំណរពិត នាំមកនូវអព្ភូតហេតុដ៏អស្ចារ្យ និងផ្ដល់ទំនុកចិត្តដល់យើងថា ពរជ័យដែលបានសន្យានឹងកើតឡើង ។ នេះគឺជាការពិតសម្រាប់បងប្អូន ហើយក៏សម្រាប់ខ្ញុំផងដែរ ។ នៅក្នុងប្រសាសន៍របស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ដែលថា « ពរជ័យខ្លះកើតឡើងលឿន ខ្លះមកយឺត ហើយខ្លះមិនកើតមានឡើយរហូតដល់នៅឯស្ថានសួគ៌ ប៉ុន្ដែសម្រាប់អស់អ្នកដែលឱបក្រសោបដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ វានឹងកើតឡើង ខ្ញុំសូមថ្លែងទីបន្ទាល់អំពីការណ៍នេះ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕