តែឥឡូវនេះខ្ញុំមើលឃើញ
ឥទ្ធិពលនៃព្រះគម្ពីរមរមនពេញដោយអព្ភូតហេតុនៅក្នុងជីវិតរបស់ខ្ញុំ គឺដូចជាការយកភក់មកលាបភ្នែករបស់បុរសខ្វាក់នោះដែរ ។
ដោយក្តីស្រឡាញ់ដ៏ស្មោះត្រង់ យើងទាំងអស់គ្នាចូលរួមជាមួយនឹងប្រធាន អូក នៅក្នុងការកាន់ទុក្ខចំពោះមរណភាពរបស់ប្រធាន រ័សុល អិម ណិលសុន ។ ហើយដោយក្តីស្រឡាញ់ដូចគ្នា និងក្តីទួញសោកដ៏ជ្រាលជ្រៅ យើងទាំងអស់គ្នាចូលរួមរំលែកទុក្ខនូវសោនាដកម្មនៅក្នុងទីក្រុងមីឈីហ្គែននាពេលថ្មីៗនេះ និងស្ទើរតែរាល់ថ្ងៃជុំវិញពិភពលោក ។ យើងចូលរួមក្នុងការណ៍នេះដោយក្តីស្រឡាញ់ និងទុកចិត្តទៅលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។
ជំពូកទីប្រាំបួននៃគម្ពីរយ៉ូហាន កត់ត្រាបទពិសោធន៍របស់ព្រះយេស៊ូវ និងសិស្សរបស់ទ្រង់ដែលបានដើរកាត់អ្នកសុំទានម្នាក់ ពិការភ្នែកពីកំណើត ។ ការណ៍នេះធ្វើឲ្យពួកសិស្សទូលសួរព្រះយេស៊ូវនូវសំណួរសាសនាដ៏ស្មុគស្មាញជាច្រើន ទាក់ទងនឹងដើមចម និងដែនកំណត់របស់បុរសនេះ ។ លោកគ្រូបានឆ្លើយតប ដោយសាមញ្ញ និងគួរឲ្យភ្ញាក់ផ្អើលបំផុត ។ ទ្រង់បានស្តោះដាក់លើដី ហើយយកទឹកព្រះឱស្ឋទ្រង់ធ្វើជាភក់ ។ បន្ទាប់មក ទ្រង់បានយកទៅលាបភ្នែកបុរសខ្វាក់នោះ រួចមានបន្ទូលឲ្យគាត់ទៅលាងក្នុងស្រះស៊ីឡោម ។ បុរសខ្វាក់ភ្នែកនេះបានគោរពប្រតិបត្តិតាមការណ៍ទាំងនេះ ដែលគម្ពីរចែងថា « [ គាត់ ]ត្រឡប់មកវិញ ទាំងមើលឃើញ » ។ មែនហើយភស្តុតាងពិតជាសំខាន់ចំពោះការប្រឆាំង និងការប្រកែកចំពោះការពិត ។
ដោយខ្លាចរឿងដ៏អព្ភូតហេតុនេះកើតឡើងម្តងទៀត នោះសត្រូវរបស់ព្រះយេស៊ូវបន្ថែមការគំរាមកំហែងក្នុងការប្រើសិទ្ធអំណាចដោយការសន្មតរបស់ពួកគេ បានទៅជួបបុរសដែលមើលឃើញឡើងវិញនោះនិងគំហកដោយកំហឹងថា « យើងដឹងថា [ ព្រះយេស៊ូវ ] ជាអ្នកមានបាបទេ » ។ បុរសនោះបានស្ដាប់មួយសន្ទុះ រួចឆ្លើយតបថា « បើលោកជាមនុស្សមានបាប [ ឬអត់នោះ ] … នោះខ្ញុំមិនដឹងទេ [ ប៉ុន្ដែ ] ខ្ញុំដឹងតែប៉ុណ្ណេះថា … ពីដើមខ្ញុំខ្វាក់[ ភ្នែកមែន ] តែឥឡូវនេះខ្ញុំមើលឃើញ » ។
ព្រះយេស៊ូវបានផ្តល់នូវអត្ថន័យទីមួយនៃស្ថានភាពនេះ ដោយការប្រាប់ដល់ពួកសិស្សរបស់ទ្រង់ថា គ្រប់ការណ៍នេះកើតឡើង « គឺដើម្បីឲ្យការណ៍របស់ព្រះបានសម្ដែងមកក្នុងខ្លួនគាត់វិញ » ។ សូមចាំថា មានពីរដងក្នុងដំណើររឿងនេះ ដែលសកម្មភាពរបស់ព្រះអង្គសង្គ្រោះត្រូវបានពណ៌នាថា « ធ្វើជាភក់មកលាប » ភ្នែករបស់បុរសខ្វាក់នោះ ជាសកម្មភាពដែលត្រូវបញ្ចប់ដោយការលាង ។ ការពិពណ៌នាថា « ការណ៍របស់ព្រះ [ ត្រូវ ] បានសម្ដែងមកក្នុងខ្លួនគាត់វិញ » អាចលាតត្រដាងប្រាប់ពីពិធីបរិសុទ្ធ ។
សេចក្ដីពិតមួយទៀតដែលជាក់ស្តែងនៅទីនេះ គឺឧបករណ៍ដែលអង្គបង្កបង្កើតស្ថានសួគ៌និងផែនដី និងអ្វីទាំងអស់ក្នុងផែនដី ត្រូវបានប្រើដើម្បីផ្តល់នូវអព្ភូតហេតុនេះ ៖ ទឹកមាត់ដែលស្តោះ លើដីមួយក្ដាប់ ! គ្រឿងផ្សំដែលមិនទំនងទាំងនេះប្រកាសថា ព្រះអាចប្រទានពរដល់យើង តាមវិធីសាស្រ្តណាក៏ដោយដែលទ្រង់ជ្រើសរើសប្រើ ។ ដូចជាណាម៉ាន់ដែលមិនព្រមទៅទន្លេយ័រដាន់ ឬកូនចៅអ៊ីស្រាអែលដែលមិនព្រមមើលទៅពស់លង្ហិននៅលើបង្គោលដែរ តើយើងងាយនឹងបោះបង់ចោលប្រភពនៃការប្រោសលោះរបស់យើងយ៉ាងណាទៅ ពីព្រោះឧបករណ៍ដែលព្យាបាលនោះមើលទៅដូចសាមញ្ញពេកគួរឲ្យខ្មាសគេវិញ ។
ប៉ុន្ដែយើងចងចាំពីព្រះគម្ពីរមរមនថា រឿងមួយចំនួនដែលសាមញ្ញ និងមានតម្លៃ ពីមុនការប្រសូតរបស់ព្រះយេស៊ូវ វាត្រូវបានព្យាករថា « ទ្រង់[ នឹង ]ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើង[ នឹង ]មើលទ្រង់ នោះក៏គ្មានភាពលម្អណា ដែលឲ្យយើងរីករាយចិត្តដែរ » ។ តើព្រះបានបញ្ជូនសារលិខិតដ៏អស្ចារ្យរបស់ទ្រង់ញឹកញាប់ប៉ុនណា តាមរយៈប្រធានសមាគមសង្គ្រោះដែលទើបហៅថ្មី ឬក្មេងប្រុសដែលមិនបានរៀនសូត្រនៅកសិដ្ឋានរដ្ឋញូវយ៉ក ឬអ្នកផ្សព្វផ្សាយសាសនាថ្មី ឬទារកដែលផ្ទុំនៅក្នុងស្នូក ។
ចុះបើចម្លើយចំពោះការអធិស្ឋានរបស់យើងមកតាមរបៀបសាមញ្ញ ឬមិនចំវិញនោះ ? តើយើងមានឆន្ទៈតស៊ូព្យាយាមរស់នៅតាមដំណឹងល្អរបស់ព្រះគ្រីស្ទដែរទេ ទោះវាត្រូវការទឹកមាត់ និងភក់ច្រើនប៉ុនណាក៏ដោយ ? យើងអាចដឹងមិនច្បាស់ជានិច្ចទេថា តើមានអ្វីកើតឡើង ឬហេតុអ្វីបានវាកើតឡើង ហើយម្ដងម្កាល យើងទាំងអស់គ្នាមានអារម្មណ៍ដូចបងស្រីរៀមច្បងនេះ ដែលបាននិយាយថា « ព្រះអម្ចាស់អើយ សូមកុំប្រទានពរជ័យដែលបន្លំខ្លួនបានទេ ? »
សូមពិចារណាពីភស្តុតាងនៃសេចក្ដីពិតមួយទៀត លើកនេះទាក់ទងនឹងបព្វជិតភាពដ៏បរិសុទ្ធ ។ ពេលចងក្រងឯកសារអំពីការរៀបចំសាសនាចក្រដែលព្រះគ្រីស្ទបានស្ថាបនាឡើង នោះជួរទីមួយនៅក្នុងលូកាចែងថា « លុះទ្រង់បានហៅពួកសិស្សទាំង១២នាក់មក នោះក៏ប្រទានឲ្យគេមានព្រះចេស្តា និងអំណាច » ជាអំណោយទានដែលបានផ្តល់ឲ្យ ដោយមិនផ្អែកលើមុខតំណែងធំសម្បើម ឬកំណត់ដោយប្រពៃណី ឬសិទ្ធិពីកំណើតនោះទេ ។ វាមិនត្រូវបានប្រគល់ឲ្យដោយសាលាសាសនា ឬសិក្ខាសាលាទ្រឹស្ដីនោះទេ ។ អំណាច និងសិទ្ធិអំណាចទាំងនោះត្រូវបានប្រគល់ឲ្យ តែតាមរយៈការដាក់ដៃលើ ដោយមនុស្សម្នាក់ដែលមានសិទ្ធិអំណាចក្នុងដៃ ដែលដាក់ដៃលើគាត់តាមលំដាប់មួយដែលមិនដាច់ ត្រឡប់ទៅប្រភពនៃសិទ្ធិអំណាចដ៏ទេវភាពទាំងអស់វិញ គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។
ហើយក្នុងសាសនាចក្រមួយដែលយល់ពីអំណោយទាននៃសេចក្ដីមេត្តាករុណា តើវាមិនមែនជាភស្ដុតាងដ៏អស្ចារ្យមួយទៀតនៃភាពពិតរបស់សាសនាចក្រនេះទេឬអី ដើម្បីមើលឃើញពរជ័យ និងសេចក្ដីសញ្ញាទាំងនេះមានដល់បងប្អូនមរណជនរបស់យើង ជាសមាជិកក្រុមគ្រួសារយើងដែលបានទៅមុនយើង ? តើពួកគេគួរតែទទួលទោស ដោយសារពួកគេមិនបានទទួលដំណឹងល្អ ឬដោយសារពួកគេបានកើតនៅពេលមួយ ឬនៅកន្លែងមួយដែលគ្មានពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាដ៏ទេវភាពសម្រាប់ពួកគេឬ ? សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមានដំណាក់នៃព្រះអម្ចាស់ដ៏ពិសិដ្ឋ ដែលបានឧទ្ទិសឆ្លង ហើយកិច្ចការនៃសេចក្ដីសង្គ្រោះត្រូវបានធ្វើជំនួសមរណជនទាំងនេះនៅក្នុងដំណាក់នោះជារៀងរាល់ថ្ងៃ និងរាល់យប់ ព្រមទាំងផ្តល់ឱកាសថ្វាយបង្គំ និងពិធីបរិសុទ្ធសម្រាប់អ្នកនៅរស់ផងដែរ ។ តាមចំណេះដឹងខ្ញុំ ភស្តុតាងនៃសេចក្តីពិត និងសេចក្ដីមេត្តាករុណាជាសកលរបស់ព្រះសម្រាប់អ្នកនៅរស់ និងមរណជន មិនមានអ្នកណាស្គាល់ទេនៅក្នុងពិភពលោកនេះ—លើកលែងតែក្នុងសាសនាចក្រមួយ ដែលបង្ហាញសេចក្ដីពិតនៅក្នុងរឿងនេះប៉ុណ្ណោះ ៖ គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ការជួបភស្ដុតាងជាក់ស្ដែងនៃសេចក្ដីពិតដែលបានបំភ្លឺភ្នែក និងប្រទានជីវិតដល់ខ្ញុំជាលើកដំបូង មិនបានកើតឡើងដោយភក់លាបភ្នែក ឬនៅក្នុងស្រះស៊ីឡោមនោះទេ ។ អត់ទេ ឧបករណ៍នៃសេចក្ដីពិតដែលនាំឲ្យមានការព្យាបាលពីព្រះអម្ចាស់ដល់រូបខ្ញុំ បានកើតមានដោយសារទំព័រនៅក្នុងព្រះគម្ពីរគឺព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ! ការអះអាងអំពីព្រះគម្ពីរនេះត្រូវបានវាយប្រហារ និងបដិសេធពីសំណាក់អ្នកមិនជឿមួយចំនួន ជាកំហឹងដែលពេលខ្លះវាត្រូវនឹងការបរិយាយដ៏កំណាចរបស់មនុស្សដែលបានប្រាប់បុរសដែលជាសះស្បើយពីខ្វាក់នោះថា គាត់មិនអាច ដកពិសោធអ្វីដែលគាត់បានដឹងថា គាត់បាន ដកពិសោធនោះទេ ។
គេបោះសម្ដីដាក់ខ្ញុំថា មធ្យោបាយដែលព្រះគម្ពីរនេះបានលេចចេញមក គឺមិនសមហេតុផល មិនគួរឲ្យជឿ គួរឲ្យអាម៉ាស និងមិនបរិសុទ្ធឡើយ ។ ឥឡូវនេះ នោះគឺជាភាសាដ៏គ្រោតគ្រាតពីមនុស្ស ដែលសន្មតថាដឹងពីមធ្យោបាយដែលព្រះគម្ពីរនេះបានលេចចេញមក ព្រោះមានតែការពិពណ៌នាមួយដែលប្រាប់ពីមធ្យោបាយទាំងនោះថា វាត្រូវបានបកប្រែដោយ « អំណោយទាន និងព្រះចេស្ដានៃព្រះ » ។ តែប៉ុណ្ណឹង ។ វាពិតណាស់ ។ ទោះយ៉ាងណា ឥទ្ធិពលនៃព្រះគម្ពីរមរមនពេញដោយអព្ភូតហេតុនៅក្នុងជីវិតរបស់ខ្ញុំ គឺដូចជាការយកភក់មកលាបភ្នែករបស់បុរសខ្វាក់នោះដែរ ។ សម្រាប់ខ្ញុំ វាជាដំបងដែកសុវត្ថិភាពសម្រាប់ព្រលឹងខ្ញុំ ជាពន្លឺនៃវិវរណៈដ៏វិសេសវិសាល និងជ្រៀតចូល ដូចជាបំភ្លឺផ្លូវដែលខ្ញុំត្រូវដើរ នៅពេលមានអ័ព្ទនៃភាពងងឹតមកដល់ ។ ហើយពិតណាស់ភាពងងឹតនោះគឺពិតជាមានមែន ។
ហើយដោយមើលឃើញថា ខ្ញុំបានទទួលសេចក្ដីស្រឡាញ់ជាសកល និងព្រះគុណដ៏ប្រោសលោះរបស់ព្រះអង្គសង្គ្រោះរបស់ខ្ញុំ ខ្ញុំសូមចែកចាយជាមួយបងប្អូននូវសាក្សីរបស់ខ្ញុំដែលបានរាប់ជាសុចរិតនៅទីនេះ ដូចជាឪពុកម្តាយរបស់បុរសទើបតែបានទទួលពរថ្មីថ្មោងថា គេស្តាប់កូនប្រុសរបស់ពួកលោកដោយសារ« អាយុរបស់គាត់ » ។ ហើយខ្ញុំក៏ដូចនេះដែរ ។ គាត់មានអាយុច្រើនល្មមឲ្យគេស្ដាប់គាត់បាន ។ ហើយខ្ញុំក៏ដូចនេះដែរ ។ ពីរខែទៀតទេ ខ្ញុំអាយុ៨៥ឆ្នាំ ។ ខ្ញុំមានវ័យកាន់តែកៀកនឹងសេចក្តីស្លាប់ ហើយត្រលប់ទៅវិញហើយ ។ ខ្ញុំបានដើរជាមួយស្តេច និងព្យាការី ជាមួយប្រធានាធិបតី និងសាវក ។ ល្អបំផុត ខ្ញុំត្រូវបានព្រះវិញ្ញាណបរិសុទ្ធគ្របសណ្ឋិតលើនៅគ្រាជាច្រើន ។ ខ្ញុំទុកចិត្តថា សាក្សីរបស់ខ្ញុំត្រូវបានគិតពិចារណានៅទីនេះ ។
ឥឡូវនេះ បងប្អូនប្រុសស្រី ខ្ញុំជឿស៊ប់ពេញក្នុងព្រលឹងខ្ញុំទាំងស្រុងថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាការស្ដារឡើងវិញដ៏ពិតនៃសាសនាចក្រនៃព្រះគម្ពីរសញ្ញាថ្មី —អ្វីជាច្រើនទៀត—ព្រោះខ្ញុំមិនអាចបដិសេធភស្ដុតាងនៃការស្ដារឡើងវិញនោះបានទេ ។ តាំងពីបទពិសោធន៍ដំបូងទាំងនោះមក ខ្ញុំគិតថា ខ្ញុំមានភស្តុតាងផ្សេងទៀត មួយពាន់—មួយម៉ឺន ?—ដែលថា អ្វីដែលខ្ញុំបាននិយាយនៅថ្ងៃនេះគឺជាការពិត ។ ដូច្នេះ ឥឡូវខ្ញុំរីករាយដើម្បីចូលរួមនឹងមិត្តរបស់ខ្ញុំនៅតាមផ្លូវក្នុងក្រុងយេរូសាឡិម កាលខ្ញុំច្រៀងដោយសំឡេងមិនច្បាស់របស់ខ្ញុំ ៖
នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕