សន្និសីទទូទៅ
ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ផ្ដោតលើ​ក្រុមគ្រួសារ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៥


17:23

ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ផ្ដោតលើ​ក្រុមគ្រួសារ

គោលលទ្ធិ និង​ជំនឿ​របស់​យើង​ចំពោះ​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ពង្រឹង និង​ចង​ភ្ជាប់​យើង​ជា​គ្រួសារ ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​សូម​អរគុណ​បងប្អូន​ចំពោះ​ការអធិស្ឋាន​របស់​បងប្អូន​សម្រាប់​ខ្ញុំ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​ការអធិស្ឋាន​ទាំងនោះ ។

I.

គោលលទ្ធិ​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ផ្ដោតលើ​ក្រុមគ្រួសារ ។ សំខាន់​ចំពោះ​គោលលទ្ធិ​របស់​យើង​អំពី​គ្រួសារ​គឺ​ព្រះវិហារ​បរិសុទ្ធ ។ ពិធី​បរិសុទ្ធ​ដែល​បាន​ទទួល​នៅ​ទីនោះ​អាច​ឲ្យ​យើង​ត្រឡប់​ជា​គ្រួសារ​ដ៏​អស់កល្ប​ទៅ​កាន់​វត្តមាន​នៃ​ព្រះវរបិតាសួគ៌​របស់​យើង ។

នៅអំឡុង​សន្និសីទ​ទូទៅ ខែមេសា ឆ្នាំ២០២៥ ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​អំពី​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ២០០ ។ លោក​ចូល​ចិត្ត​ប្រកាស​ព្រះវិហារ​បរិសុទ្ធ​ថ្មី​នៅ​ពេល​បញ្ចប់​សន្និសីទ​ទូទៅ​នីមួយៗ ហើយ​យើង​ទាំង​អស់​គ្នា​រីករាយ​ជាមួយ​លោក ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ដោយ​មាន​ចំនួន​ព្រះវិហារបរិសុទ្ធ​ដ៏​ច្រើន​ឥឡូវនេះ​ស្ថិតនៅ​ក្នុង​ដំណាក់​កាល​ដំបូងបំផុត​នៃ​ការរៀបចំ​ផែនការ និង​ការសាងសង់ វា​ជា​ការសមរម្យ​ដែល​យើង​បន្ថយ​ការប្រកាស​អំពីព្រះវិហារ​បរិសុទ្ធ​ថ្មី ។ ដូច្នេះ ដោយ​មាន​ការយល់ព្រម​ពី​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ យើង​នឹង​មិន​ប្រកាស​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ណាមួយ​នៅក្នុង​សន្និសីទ​នេះ​ឡើយ ។ ឥឡូវ​នេះ យើង​នឹង​ឈាន​ទៅ​មុខ​ក្នុង​ការ​ផ្តល់​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដល់​សមាជិក​សាសនាចក្រ​ទូទាំង​ពិភពលោក រួម​ទាំង​ពេល​ណា និង​កន្លែង​ណា​ដែល​ត្រូវ​ប្រកាស​អំពី​ការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ថ្មី ។

ផ្នែក​នៃ​សុន្ទរកថា​របស់​ខ្ញុំ ដែល​ខ្ញុំ​ទើបតែ​បាន​ថ្លៃង​មុន​នេះ គឺ​ត្រូវ​បាន​សរសេរ​បន្ទាប់​ពី​មរណភាព​របស់​ប្រធាន រ័សុល អិម ណិលសុន ជា​ទីស្រឡាញ់​របស់​យើង ។ អ្វី​ដែល​មាន​បន្ទាប់​មក​គឺ​ត្រូវ​បាន​សរសេរ និង​អនុម័ត​ប៉ុន្មាន​សប្តាហ៍​មុន ប៉ុន្តែ​វា​នៅ​តែ​តំណាង​ឲ្យ​ការ​បង្រៀន​របស់​ខ្ញុំ ដែល​បាន​បំផុស​គំនិត​ដោយ​ព្រះអម្ចាស់ ។

II.

ការប្រកាស​អំពី​ក្រុម​គ្រួសារ បាន​ប្រកាស​កាលពី​៣០​ឆ្នាំ​មុន ដែល​ប្រកាស​ថា « ក្រុមគ្រួសារ​ត្រូវ​បានតែងតាំង​ឡើង​ដោយព្រះ » និង « ជា​ផ្នែក​ដ៏​សំខាន់​មួយ នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ » ។ វា​ក៏​បាន​ប្រកាស​ដែរ​ថា « ព្រះបញ្ញត្តិ​របស់​ព្រះ​សម្រាប់​កូនចៅ​របស់​ទ្រង់ ដើម្បី​បង្កើត​កូនចៅ​ឲ្យ​ចម្រើន​ជាច្រើន​ឡើង ឲ្យ​មាន​ពាសពេញ​លើ​ផែនដី នោះ​នៅតែ​ឲ្យ​ប្រតិបត្តិ​នៅ​ឡើយ » ។ ហើយ « យើង​សូម​ប្រកាស​ថែម​ទៀត​ថា ព្រះ​បានបញ្ជា​ថា អំណាច​ពិសិដ្ឋ​នៃ​ការបង្កើត​កូន គឺ​ត្រូវ​បានប្រើ​រវាង​តែ​បុរស និង​ស្ត្រី ដែល​បាន​រៀបអាពាហ៍​ពិពាហ៍​យ៉ាង​ស្របច្បប់​ជា​ប្តី និង​ប្រពន្ឋ​ប៉ុណ្ណោះ » ។ ដូច​ដែល នៅ​ពេល​នោះ អែលឌើរ រ័សុល អិម ណិលសុន បានបង្រៀន​អ្នកស្ដាប់​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់. ថា ក្រុម​គ្រួសារ​គឺ « សំខាន់​ចំពោះ​ផែនការ​របស់​ព្រះ ។ … ជាក់ស្តែង គោលបំណង​នៃ​ផែនការ​នេះ​គឺ​ដើម្បី​លើកតម្កើង​ក្រុម​គ្រួសារ » ។

ពេល​ខ្លះ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ស្គាល់​ច្បាស់​ថា​ជា​សាសនាចក្រ​ដែល​ផ្ដោត​លើ​ក្រុម​គ្រួសារ ។ វា​ជា​ការពិត ! ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ និង​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង​គឺ​ត្រូវបាន​ពន្យល់​នៅក្នុង​ពាក្យ​ថា ក្រុមគ្រួសារ ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​ជា​អត្ថប្រយោជន៍​ដល់​កូនចៅ​ខាងវិញ្ញាណ​របស់​ទ្រង់ ។ យើង​ពិត​ជា​អាច​និយាយ​បាន​យ៉ាងប្រាកដ​ថា ផែនការ​នៃ​ដំណឹងល្អ ត្រូវ​បានបង្រៀន​ជា​លើក​ដំបូង​ដល់​យើង​នៅក្នុង​ក្រុមប្រឹក្សា​នៃ​ក្រុម​គ្រួសារ​ដ៏​នៅ​អស់កល្បជានិច្ច ។ វា​ត្រូវ​បាន​អនុវត្ត​តាមរយៈ​ក្រុម​គ្រួសារ​ដែល​រមែង​ស្លាប់​របស់​យើង ហើយ​គោលបំណង​នៃ​ជោគវាសនា​របស់​ក្រុមគ្រួសារ​គឺ​ដើម្បី​តម្កើង​ឡើង​កូនចៅ​របស់​ព្រះ​នៅក្នុង​ក្រុម​គ្រួសារ​ដ៏​នៅ​អស់កល្បជានិច្ច ។

III.

ទោះ​បី​ជា​យើង​មានគោលលទ្ធិ​ចែង​យ៉ាង​ច្បាស់​បែប​នេះ​ក៏​ដោយ ក៏​ភាព​ចម្រូង​ចម្រាស​នៅ​តែ​កើត​មាន​ឡើង​ដែរ ។ នៅ​សហរដ្ឋ​អាមេរិក បញ្ហា​អាពាហ៍ពិពាហ៍ និង​ការ​មាន​កូន​កំពុង​បន្ដ​ធ្លាក់​ចុះ ។ អស់​រយៈពេល​ជិត​មួយ​រយ​ឆ្នាំ​មក​ហើយ ទំហំ​នៃ​គ្រួសារ​ដែល​ដឹកនាំ​ដោយ​គូស្វាមី​ភរិយា​ត្រូវ​បាន​ធ្លាក់​ចុះ ហើយ​អត្រា​កំណើត​ក៏​ធ្លាក់​ចុះ​ផងដែរ ។ អាពាហ៍​ពិពាហ៍ និង​អត្រា​កំណើត​នៅក្នុង​សមាជិក​សាសនាចក្រ​របស់​យើង​មាន​ភាព​វិជ្ជមាន​ច្រើន ប៉ុន្តែ​វា​ក៏​បាន​ធ្លាក់​ចុះ​ខ្លាំង​ផង​ដែរ ។ វា​ជា​ការ​សំខាន់​ណាស់​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នឹង​មិន​បាត់បង់​ការយល់ដឹង​របស់​ខ្លួន​អំពី​គោលបំណង​នៃ​អាពាហ៍ពិពាហ៍ និង​តម្លៃ​នៃ​កូនចៅ ។ នោះ​គឺជា​អនាគត​ដែល​យើង​ខិតខំ​ព្យាយាម​រក្សា ។ ប្រធាន ណិលសុន បាន​បង្រៀន​យើង​ថា « ភាពតម្កើងឡើង​គឺ​ជា​កិច្ចការ​គ្រួសារ » ។ « មានតែ​តាម​រយៈ​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ទើប​ក្រុមគ្រួសារ​អាច​ត្រូវបាន​តម្កើង​ឡើង » ។

ការធ្លាក់​ចុះ​ជា​ថ្នាក់​ជាតិ​នៃ​អាពាហ៍ពិពាហ៍ និង​ការ​មាន​កូន​គឺ​អាច​យល់​បាន​សម្រាប់​ហេតុផល​ជា​ប្រវត្តិសាស្ត្រ ប៉ុន្តែ​តម្លៃ និង​ការអនុវត្ត​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គួរតែ​ប្រសើរ​ឡើង—មិន​ត្រូវ​ធ្វើ​តាម—ទំនោរ​ទាំងនោះ​ទេ ។

ក្នុង​កុមារ​ភាព​របស់​ខ្ញុំ​កាល​ពី​៨០​ឆ្នាំ​មុន ខ្ញុំ​បានរស់នៅ​ក្នុង​កសិដ្ឋាន​របស់​ជីដូន​ជីតា​ខ្ញុំ នៅក្នុង​បរិយាកាស​មួយ​ដែល​ស្ទើរតែ​អ្វីៗ​ទាំងអស់​ដែល​បានកើត​ឡើង​នៅពេល​ថ្ងៃ គឺ​ស្ថិត​នៅក្រោម​ការដឹកនាំ​របស់​គ្រួសារ​ទាំងអស់ ។ មិន​មាន​ទូរទស្សន៍ ឬ​គ្រឿង​អេឡិចត្រូនិក​ផ្សេង​ទៀត​មក​រំខាន​ដល់​សកម្មភាព​គ្រួសារ​ទេ ។ ផ្ទុយ​ទៅ​វិញ ក្នុង​សង្គម​ទីក្រុង​នា​ពេល​បច្ចុប្បន្ន​នេះ មាន​សមាជិក​តិច​តួច​ប៉ុណ្ណោះ​ដែល​មាន​សកម្មភាព​ផ្ដោត​លើ​ក្រុម​គ្រួសារ ។ ការរស់​នៅក្នុង​ទីក្រុង និង​មធ្យោបាយ​ធ្វើដំណើរ​ទំនើបៗ ការកម្សាន្ត​ដែល​បានរៀបចំ និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​ល្បឿន​ដ៏​លឿន បានធ្វើ​ឲ្យ​យុវវ័យ​ងាយ​ក្នុង​ការចាត់​ទុក​ផ្ទះ​របស់​ពួកគេ​ដូចជា​ផ្ទះ​សំណាក់ ដែល​ពួកគេ​គេង និង​ទទួល​ទាន​អាហារ​ម្តងម្កាល ប៉ុន្តែ​ជា​កន្លែង​ដែល​មិន​សូវ​មាន​ការណែនាំ​ពី​ឪពុកម្តាយ​ចំពោះ​សកម្មភាព​របស់​ពួកគេ​ឡើយ ។

ឥទ្ធិពល​របស់​ឪពុកម្តាយ​ក៏​ត្រូវ​បាន​សាប​រលាប​ទៅ​ម្ដង​បន្ដិចៗ ដោយសារ​តែ​សមាជិក​នៃ​សាសនាចក្រ​បច្ចុប្បន្ន​ភាគច្រើន​រវល់​នឹង​ការ​រក​ប្រាក់​ចិញ្ចឹម​ជីវិត ។ កាល​ពី​អតីតកាល ឥទ្ធិពល​ដ៏​អស្ចារ្យ​មួយ​ដែល​បង្រួបបង្រួម​ក្រុមគ្រួសារ​គឺ បទពិសោធន៍​នៃ​ការឆ្លងកាត់​ភាពលំបាក​ជាមួយ​គ្នា​ក្នុង​ការស្វែងរក​គោលដៅ​រួម—ដូចជា​ការបំប្លែង​ទីរហោស្ថាន​ទៅ​ជា​ដី​ស្រែ ឬ​ការរក​ប្រាក់​ចិញ្ចឹម​ជីវិត ។ គ្រួសារ​បាន​បង្កើត និង​ដឹកនាំ អង្គភាព​នៃ​ផលិតកម្ម​លើ​សេដ្ឋកិច្ច ។ នៅ​សព្វថ្ងៃ​នេះ ក្រុមគ្រួសារ​ភាគច្រើន​គឺជា អង្គភាព​នៃ​ការប្រើប្រាស់​ចំណាយ​លើ​សេដ្ឋកិច្ច ដែល​មិន​តម្រូវ​ឲ្យ​មាន​ការប្រមូលផ្ដុំ និង​ការសហការ​ច្រើន​ពី​គ្រួសារ​ឡើយ ។

IV.

នៅពេល​ឥទ្ធិពល​ពី​ឪពុកម្តាយ​បន្ដ​ធ្លាក់​ចុះ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅតែ​មាន​ទំនួលខុសត្រូវ​មកពី​ព្រះ ដើម្បី​បង្រៀន​កូនៗ​របស់​ខ្លួន​ឲ្យ​ប្រុងប្រៀប​ខ្លួន​ចំពោះ​ជោគវាសនា​គ្រួសារ​របស់​យើង​ក្នុង​ភាពអស់កល្ប​ជានិច្ច ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៨:២៥ ) ។ ពួក​យើង​ភាគច្រើន​ត្រូវ​តែ​ធ្វើ​បែប​នេះ នៅពេល​ដែល​ក្រុមគ្រួសារ​យើង​ជាច្រើន​មិន​ធ្វើ​តាម​ទម្លាប់​នេះ​សោះ ។ ការលែងលះ ការស្លាប់ និង​ការបែកបាក់​គ្នា​គឺជា​តថភាពពិត ។ ខ្ញុំ​បាន​ឆ្លងកាត់​រឿង​នេះ​រួចហើយ​នៅ​ក្នុង​គ្រួសារ​ដែល​ខ្ញុំ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ឡើង ។

គ្រួសារ អូក

ឪពុក​ខ្ញុំ​បាន​ទទួល​មរណភាព​នៅពេល​ខ្ញុំ​មាន​អាយុ​ប្រាំពីរ​ឆ្នាំ ដូច្នេះ​ម្ដាយ​មេម៉ាយ​របស់​ខ្ញុំ​បាន​ចិញ្ចឹមបីបាច់​ប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ និង​ខ្ញុំ ។ ក្នុង​ស្ថានភាព​ដ៏​លំបាក​បំផុត គាត់​នៅតែ​បន្ត​ទៅ​មុខ ។ គាត់​មាន​តែ​ម្នាក់​ឯង ហើយ​ខូច​ចិត្ត ប៉ុន្តែ​ដោយ​មាន​ជំនួយ​របស់​ព្រះអម្ចាស់ ការបង្រៀន​ដ៏​មាន​ឥទ្ធិពល​របស់គាត់​អំពី​គោលលទ្ធិ​នៃ​សាសនាចក្រ​ដែល​បានស្ដារ​ឡើងវិញ បានដឹកនាំ​យើង​ឲ្យ​បន្ដ​ទៅ​មុខ ។ របៀប​ដែល​គាត់​បានអធិស្ឋាន​ទូល​សុំ​ជំនួយ​ពី​ស្ថានសួគ៌​ក្នុង​ការចិញ្ចឹម​បីបាច់​កូនៗ​របស់​គាត់ ហើយ​គាត់​ក៏​បាន​ទទួល​ពរ​ពី​ការអធិស្ឋាន​នោះ​យ៉ាងប្រាកដ ! យើង​ត្រូវ​បាន​ចិញ្ចឹមបីបាច់​នៅក្នុង​គេហដ្ឋាន​ដ៏​មាន​សុភមង្គល​មួយ ដែល​ជាក់ស្ដែង​ឪពុក​របស់​យើង​បាន​ទទួល​មរណភាព​បាត់​ទៅ​ហើយ ។ ម្ដាយ​យើង​បាន​បង្រៀន​យើង​ថា យើង​មាន​ឪពុក​ម្នាក់ ហើយ​គាត់​មាន​ស្វាមី​ម្នាក់ ហើយ​យើង​នឹង​នៅ​ជាមួយ​ជា​គ្រួសារ​ជានិច្ច ដោយសារ​ពួកគាត់​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ព្រះវិហារ​បរិសុទ្ធ ។ ឪពុក​របស់​យើង​បាន​ទៅ​ឆ្ងាយ​មួយ​រយៈ​ដោយសារ​ព្រះអម្ចាស់​បាន​ហៅ​គាត់​ទៅ​ធ្វើ​ការ​ផ្សេង​ទៀត ។

ខ្ញុំ​ដឹង​ថា​គ្រួសារ​ជាច្រើន​ផ្សេង​ទៀត​មិន​សូវ​មាន​សុភមង្គល​ប៉ុន្មាន​ទេ ប៉ុន្តែ​ម្តាយ​ជា​ស្រ្ដី​មេម៉ាយ​គ្រប់​រូប​អាច​បង្រៀន​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ពរជ័យ​ដែល​បាន​មក​ពី​ការរៀប​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដល់​កូនៗ​របស់​ខ្លួន​បាន ។ បងប្អូន​ក៏​អាច​ធ្វើ​បែប​នេះ​បាន​ដែរ ! ផែនការ​របស់​ព្រះវរបិតាសួគ៌​ធានា​បាន​នូវ​លទ្ធភាព​នេះ​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ យើង​ទាំងអស់​គ្នា​មាន​អំណរគុណ​ចំពោះ​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារបរិសុទ្ធ និង​សម្រាប់​ពរជ័យ​នា​ពេល​អនាគត​ដែល​បាន​មកពី​ការផ្សារភ្ជាប់​ជា​គ្រួសារ​ដ៏​នៅ​អស់កល្បជានិច្ច ។ ដូចជា​ម្តាយ​របស់​ខ្ញុំ​ដែរ យើង​ចូលចិត្ត​ដកស្រង់​ការសន្យា​របស់​លីហៃ​ទៅកាន់​កូនប្រុស​របស់​លោក យ៉ាកុប ថា ព្រះ « នឹង​ធ្វើឲ្យ​សេចក្ដី​វេទនា​ទាំងឡាយ​របស់​កូន ក្លាយ​ទៅជា​ផលប្រយោជន៍​ដល់​កូន​វិញ » ( នីហ្វៃទី២ ២:២ ) ។ ដែល​ការសន្យា​នេះ​មាន​ដល់​គ្រប់​ក្រុមគ្រួសារ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ទាំង​គ្រួសារ​ដែល​រស់នៅ​ជុំ​គ្នា ឬ​បច្ចុប្បន្ន​មិន​ជុំ​គ្នា​ក៏​ដោយ ។ យើង​ជា​សាសនាចក្រ​ដែល​ផ្តោតលើ​គ្រួសារ ។

គោលលទ្ធិ និង​ជំនឿ​របស់​យើង​ចំពោះ​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ពង្រឹង និង​ចង​ភ្ជាប់​យើង​ជា​គ្រួសារ ។ ខ្ញុំ​នឹង​មិន​ភ្លេច​ការសន្យា​មកពី​ជីតា​ខាងម្តាយ​របស់​ខ្ញុំ ហារីស នោះទេ នៅពេល​ដែល​យើង​ជា​ចៅៗ​រស់នៅ​ក្នុង​កសិដ្ឋាន​របស់​គាត់​នៅ​ជិត ផាសុន រដ្ឋ​យូថាហ៍ ។ លោក​បាន​ប្រាប់​ខ្ញុំ​នូវ​ដំណឹង​ដ៏​សោកនាដកម្ម​មួយ​ថា ឪពុក​ខ្ញុំ​បាន​ទទួល​មរណភាព​នៅ​ទីឆ្ងាយ គឺ​នៅ ដែនវើរ រដ្ឋ​ខូឡូរ៉ាដូ ។ ខ្ញុំ​បានរត់​ចូល​ទៅ​ក្នុង​បន្ទប់​គេង ហើយ​បានលុត​ជង្គង់​ចុះ​ក្បែរ​គ្រែ ដោយ​យំ​ជា​ខ្លាំង ។ លោកតា​ដើរ​តាម​ខ្ញុំ ហើយ​លុត​ជង្គង់​ចុះ​ក្បែរ​ខ្ញុំ ហើយ​បាន​មាន​ប្រសាសន៍​ថា « តា​នឹង​ធ្វើ​ជា​ឪពុក​ចៅ » ។ ការសន្យា​ដ៏​ទន់ភ្លន់​នោះ គឺជា​ឧទាហរណ៍​ដ៏​មាន​អានុភាព​នៃ​អ្វី​ដែល​ជីដូន​ជីតា​អាច​ធ្វើ​បាន ដើម្បី​បំពេញ​ចន្លោះ​ប្រហោង នៅពេល​ដែល​គ្រួសារ​បាត់បង់ ឬ​បាត់​សមាជិក​ណា​ម្នាក់ ។

ឪពុកម្តាយ មិន​ថា​ម៉េមាយ ឬ​បានរៀបការ​ហើយ—និង​អ្នកដទៃ​ទៀត​ដូចជា​ជីដូនជីតា​ដែល​បំពេញ​តួនាទី​នោះ​សម្រាប់​កូនចៅ—គឺជា​គ្រូបង្រៀន​ដ៏​ចំណាន ។ ការបង្រៀន​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​របស់​ពួកគាត់​គឺ​តាម​រយៈ​គំរូ ។ រង្វង់​គ្រួសារ​គឺជា​កន្លែង​ដ៏​ល្អ​ដើម្បី​បង្ហាញ និង​រៀន​ពី​គុណតម្លៃ​ដ៏​នៅ​អស់កល្បជានិច្ច ដូចជា​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​កូនចៅ គោលបំណង​នៃ​ជីវិត និង​ប្រភព​ពិត​នៃ​អំណរ ។ វា​ក៏​ជា​កន្លែង​ដ៏​ល្អ​បំផុត​ដើម្បី​រៀន​មេរៀន​សំខាន់ៗ​ផ្សេង​ទៀត​នៃ​ជីវិត​ផងដែរ ដូចជា​សេចក្តី​សប្បុរស ការអភ័យទោស ការគ្រប់គ្រង​ខ្លួន​ឯង និង​តម្លៃ​នៃ​ការអប់រំ និង​ការមាន​ភាព​ស្មោះត្រង់​នៅក្នុង​ការងារ ។

ជា​ការ​ពិត​ណាស់ សមាជិក​សាសនាចក្រ​ជាច្រើន​មាន​សមាជិក​គ្រួសារ​ដែល​ខ្លួន​ស្រឡាញ់ ដែល​មិន​បាន​ទទួល​យក​តម្លៃ និង​ការរំពឹងទុក​នៃ​ដំណឹងល្អ​ឡើយ ។ សមាជិក​បែប​នេះ​ត្រូវការ​សេចក្ដីស្រឡាញ់ និង​ការអត់ធ្មត់​ពី​យើង ។ ក្នុង​ការប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក យើង​គួរ​ចងចាំ​ថា ភាព​ល្អ​ឥតខ្ចោះ​ដែល​យើង​ស្វែងរក​មិន​បាន​កំណត់​ត្រឹម​ស្ថានភាព​តានតឹង​នៃ​ជីវិត​រមែង​ស្លាប់​នោះ​ទេ ។ ការបង្រៀន​ដ៏​មហិមា​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៨:៥៧–៥៩ ធានា​ដល់​យើង​ថា ការប្រែចិត្ត និង​ការរីកចម្រើន​ខាងវិញ្ញាណ​អាច​បន្ត​ទៀត​បាន​នៅក្នុង​ពិភព​វិញ្ញាណ បន្ទាប់ពី​ជីវិត​រមែង​ស្លាប់ ។ សំខាន់​ជាង​នេះ​ទៅ​ទៀត នៅពេល​ក្រុម​គ្រួសារ​រួបរួម​គ្នា​ដើម្បី​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក យើង​ទាំង​អស់​គ្នា​គួរតែ​ចងចាំ​ថា អំពើបាប និង ភាពខ្វះខាត​ដែល​ចៀស​មិន​រួច ដែល​យើង​ទាំងអស់​គ្នា​ដកពិសោធ​នៅក្នុង​ជីវិត​រមែងស្លាប់​អាច​ត្រូវ​បាន​អត់​ទោស​ឲ្យ​តាមរយៈ​ការប្រែចិត្ត ដែល​បាន​មកពី​ដង្វាយ​ធួន​ដ៏​រុងរឿង និង​ដ៏​សង្គ្រោះ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

V.

ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ គឺជា​វីរៈគំរូ​ដ៏​ខ្ពង់ខ្ពស់​របស់​យើង ។ យើង​នឹង​ទទួល​បាន​ពរ បើ​យើង​យក​គំរូ​តាម​ការបង្រៀន និង​ការលះបង់​ខ្លួន​របស់​ទ្រង់ ។ ការធ្វើ​តាម​ព្រះគ្រីស្ទ និង​ការលះបង់​ខ្លួន​នៅក្នុង​ការបម្រើ​គ្នា​ទៅ​វិញ​ទៅ​មក គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​ភាពអាត្មានិយម និង​ការគិត​តែ​ពី​ខ្លួនឯង ដែល​ឥឡូវ​នេះ​ហាក់​ដូចជា​រឿង​ធម្មតា ។

ឪពុកម្ដាយ​ក៏​មាន​កាតព្វកិច្ច​បង្រៀន​កូន​របស់​ខ្លួន​នូវ​ចំណេះដឹង​ដែល​កើត​ឡើង​ជាក់ស្តែង ក្រៅ​តែ​ពី​គោលការណ៍​នៃ​ដំណឹងល្អ​ផងដែរ ។ ក្រុមគ្រួសារ​រួបរួម​គ្នា​នៅពេល​ពួកគេ​ធ្វើ​រឿង​ដ៏​មាន​អត្ថន័យ​ជាមួយ​គ្នា ។ ការថែទាំសួន​ជា​គ្រួសារ​ស្ថាបនា​ទំនាក់ទំនង​ល្អ​ក្នុង​គ្រួសារ ។ គ្រួសារ​ដែល​មាន​សុភមង្គល​ទទួល​បាន​បទពិសោធន៍​នូវ​ការពង្រឹង​ទំនាក់ទំនង​ក្នុង​គ្រួសារ​ជាមួយ​គ្នា ។ ការបោះជំរំ សកម្មភាព​កីឡា និង​ការកម្សាន្ត​ផ្សេង​ទៀត​មាន​គុណតម្លៃ​ជាពិសេស​សម្រាប់​ចងភ្ជាប់​ក្រុមគ្រួសារ ។ ក្រុមគ្រួសារ​គួរ​រៀបចំ​សកម្មភាព​នៃ​ការជួបជុំ​គ្រួសារ​ដើម្បី​រំឭក​ដល់​បុព្វការីជន ដែល​អាច​នាំ​ទៅ​កាន់​ការធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។

ឪពុកម្តាយ​គួរ​អប់រំ​កូនៗ​អំពី​ជំនាញ​ជា​មូលដ្ឋាន​នៃ​ការរស់នៅ រួមទាំង​ការ​ជួយ​ការងារ​ផ្ទះ មិន​ថា​ក្នុង និង​ក្រៅ​ផ្ទះ​នោះ​ទេ ។ ការរៀន​ភាសា​នានា គឺជា​ការរៀប​ចំ​ដ៏​មាន​ប្រយោជន៍​មួយ​សម្រាប់​ជីវិត​សម័យ​ទំនើប និង​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ គ្រូបង្រៀន​មុខវិជ្ជា​ទាំងនេះ​អាច​ជា​ឪពុកម្តាយ ឬ​ជីដូនជីតា ឬ​សាច់ញាតិ​បងប្អូន​ផ្សេងទៀត ។ ក្រុមគ្រួសារ​មាន​ការរីកចម្រើន​នៅពេល​ដែល​ពួកគេ​រៀន​ជា​ក្រុម ហើយ​ប្រឹក្សា​ជា​មួយ​គ្នា​លើ​គ្រប់​បញ្ហា​ដែល​ទាក់ទង​នឹង​គ្រួសារ និង​សមាជិក​នៅក្នុង​គ្រួសារ ។

អ្នក​ខ្លះ​អាច​និយាយ​ថា « ប៉ុន្តែ​យើង​គ្មាន​ពេល​សម្រាប់​ធ្វើ​អ្វីៗ​ទាំងនោះ​ទេ » ។ ដើម្បី​ស្វែងរក​ពេល​វេលា​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ ឪពុកម្តាយ​ជាច្រើន​នឹង​យល់ឃើញ​ថា ពួកគាត់​អាច​ធ្វើ​ឲ្យ​គ្រួសារ​របស់​គាត់​កាន់តែ​មាន ភាពស្និទ្ធស្នាល បើ​ពួកគាត់ ចុច បិទ គ្រឿង​អេឡិចត្រូនិច​ទាំងអស់​របស់​គាត់​ចោល ។ ហើយ ឪពុកម្តាយ​គួរចងចាំ​ថា អ្វី​ដែល​កូនៗ​ទាំងនោះ​ចង់​បាន​ពិតប្រាកដ​សម្រាប់​អាហារ​ពេលល្ងាច គឺជា​ការ​មាន​ពេលវេលា​នៅ​ជាមួយ​ឪពុកម្ដាយ​ពួកគេ ដែល​ជា​បងប្អូន​នេះ​ហើយ ។

ពរជ័យ​ដ៏​អស្ចារ្យ​កើត​មាន​ដល់​ក្រុមគ្រួសារ ប្រសិនបើ​ពួកគេ​អធិស្ឋាន​ជាមួយ​គ្នា លុត​ជង្គង់​ចុះ​ទាំង​យប់​ទាំង​ព្រឹក ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​ពរជ័យ និង​អធិស្ឋាន​ពី​កង្វល់​ទូទៅ ។ ក្រុមគ្រួសារ​ក៏​ត្រូវ​បាន​ផ្ដល់​ពរ​ផង​ដែរ នៅពេល​ពួកគេ​ថ្វាយបង្គំ​រួម​គ្នា​នៅក្នុង​ការប្រជុំ​ក្នុង​សាសនាចក្រ និង​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ផ្សេងៗ​ទៀត ។ ចំណង​គ្រួសារ​ក៏​ត្រូវ​បានពង្រឹង​ផងដែរ​តាមរយៈ​ដំណើររឿង​គ្រួសារ ការបង្កើត​ទម្លាប់​ក្នុង​គ្រួសារ និង​ការចែកចាយ​បទពិសោធន៍​ដ៏​ពិសិដ្ឋ​នានា ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល រំឭក​យើង​ថា « ដំណើររឿង​នៃ​ការបំផុសគំនិត​ចេញពី​ជីវិត​របស់​យើង​ផ្ទាល់ និង​ចេញពី​ពួក​អយ្យកោ​របស់​យើង … គឺជា​ឧបករណ៍​បង្រៀន​ដ៏​មាន​អានុភាព » ។ ជា​រឿយៗ​វា​គឺជា​ប្រភព​នៃ​ការបំផុស​គំនិត​ដ៏​ល្អ​បំផុត​សម្រាប់​យើង និង​កូនចៅ​របស់​យើង ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​ព្រះរាជបុត្រា​តែមួយ​គត់​របស់​ព្រះវរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ដើរ​តាម​មាគ៌ា​នៃ​សេចក្ដីសញ្ញា ដែល​នាំ​ទៅ​រក​ការជួបជុំ​គ្រួសារ​នៅ​ស្ថានសួគ៌ ។ អំណាច​បព្វជិតភាព​នៃ​ការផ្សារភ្ជាប់​ដោយ​កូនសោ​ទាំងឡាយ​ដែល​បានស្ដារ​ឡើងវិញ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ នាំ​ឲ្យ​ក្រុមគ្រួសារ​ជួបជុំ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១០:១៣–១៦ ) ។ បច្ចុប្បន្ន​នេះ កូនសោ​ទាំងនោះ​កំពុង​ត្រូវ​បាន​អនុវត្ត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ។ ដំណឹងល្អ​នេះ​គឺ​ពិត ។ សូម​ឲ្យ​យើង​ធ្វើ​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​នេះ ខ្ញុំ​សូម​អធិស្ឋាន​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន៕

កំណត់​ចំណាំ

  1. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើបណ្ណាល័យ​ដំណឹងល្អ ។

  2. រ័សុល អិម ណិលសុន « Faith and Families » ( ការប្រជុំ​ធម្មនិដ្ឋាន សាកលវិទ្យាល័យ ព្រិកហាំ យ៉ង នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០០៥ ) ទំព័រ ៣ នៅលើ​គេហទំព័រ speeches.byu.edu ។

  3. រ័សុល អិម ណិលសុន « Open the Heavens through Temple and Family History Work » Liahona ខែតុលា ឆ្នាំ២០១៧ ទំព័រ ១៨ ។

  4. ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « Therefore I Was Taught, » Ensign ខែមករា ឆ្នាំ១៩៨២ ទំព័រ ៤ ។