ស្នាមញញឹម និងដួងចិត្តពេញដោយអំណរគុណ
ភាពអស្ចារ្យនៃពួកបរិសុទ្ធរបស់យើងនៅទ្វីបអាហ្រ្វិកកាន់តែបង្ហាញច្បាស់ នៅពេលដែលពួកគេប្រឈមមុខនឹងឧបសគ្គនៃជីវិត និងតម្រូវការនៃសាសនាចក្រដែលកំពុងរីកចម្រើន ។
ជាងមួយឆ្នាំមុន ខ្ញុំត្រូវបានដោះលែងពីការចាត់តាំងរបស់ខ្ញុំនៅក្នុងគណៈប្រធាននៃពួកចិតសិបនាក់ ដែលបានប្រកាសផ្លាស់ប្តូរនៅទីនេះក្នុងសន្និសីទទូទៅ ។ ដោយសារឈ្មោះរបស់ខ្ញុំត្រូវបានអានជាមួយនឹងពួកអ្នកមានសិទ្ធិអំណាចទូទៅដែលទទួលបានងារកិត្តិយស នោះមនុស្សជាច្រើនស្មានថា ខ្ញុំក៏បានបញ្ចប់ពេលវេលានៃការបម្រើរបស់ខ្ញុំផងដែរ ។ បន្ទាប់ពីសន្និសីទនោះ ខ្ញុំបានទទួលសារថ្លែងអំណរគុណជាច្រើន និងការជូនពរល្អៗសម្រាប់ដំណើរបន្ទាប់ទៀតក្នុងជីវិតខ្ញុំ ។ អ្នកខ្លះថែមទាំងបានសុំទិញផ្ទះខ្ញុំនៅសលត៍លេក ខាងជើងទៀតផង ។ វាល្អដែលឃើញថា ពួកគេនឹងនឹកខ្ញុំ ហើយដឹងថាយើងនឹងពុំមានបញ្ហាក្នុងការលក់ផ្ទះរបស់យើងទេ នៅពេលដែលខ្ញុំត្រូវបានដោះលែង ។ ប៉ុន្តែខ្ញុំមិនទាន់ត្រូវបានដោះលែងនោះទេ ។
ការចាត់តាំងថ្មីរបស់ខ្ញុំបាននាំម៉ូនីកា និងខ្ញុំទៅកាន់ទ្វីបអាហ្រ្វិកដ៏ស្រស់ស្អាត ជាកន្លែងដែលសាសនាចក្រកំពុងរីកចម្រើន ។ វាជាពរជ័យមួយក្នុងការបម្រើក្នុងចំណោមពួកបរិសុទ្ធដ៏ស្មោះត្រង់នៅក្នុងតំបន់អាហ្រ្វិកខាងត្បូង និងធ្វើជាសាក្សីអំពីសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះពួកគេ ។ វាជាការបំផុសគំនិតក្នុងការឃើញគ្រួសារជាច្រើនជំនាន់ដែលមានប្រវត្តិផ្សេងៗទាំងអស់ រួមទាំងសមាជិកសាសនាចក្រដែលជោគជ័យ និងមានការអប់រំល្អជាច្រើនបានឧទ្ទិសពេលវេលា និងទេពកោសល្យរបស់ពួកគេដើម្បីបម្រើដល់អ្នកដទៃ ។
ក្នុងពេលជាមួយគ្នានេះដែរ ប្រជាជនក្នុងតំបន់ ដែលភាគច្រើនជាគ្រួសារដែលមានជីវភាពមិនសូវធូរធារកំពុងចូលរួមសាសនាចក្រ និងកំពុងផ្លាស់ប្តូរជីវិតរបស់ពួកគេតាមរយៈពរជ័យនៃភាពស្មោះត្រង់ក្នុងការបង់ដង្វាយមួយភាគក្នុងដប់ និងឱកាសអប់រំដែលផ្តល់ដោយសាសនាចក្រ ។ កម្មវិធីដូចជា Succeed in School, EnglishConnect, BYU–Pathway Worldwide និងមូលនិធិអប់រំជាបន្តបន្ទាប់ ផ្ដល់ពរជ័យដល់ជីវិតមនុស្សជាច្រើន ជាពិសេសដល់មនុស្សជំនាន់កំពុងពេញវ័យទាំងនោះ ។
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ធ្លាប់បានថ្លែងថា « គេនិយាយថា សាសនាចក្រនេះមិនចាំបាច់ទាក់ទាញមនុស្សអស្ចារ្យនោះទេ ប៉ុន្តែច្រើនតែធ្វើឲ្យមនុស្សធម្មតាក្លាយជាអស្ចារ្យវិញ » ។
ភាពអស្ចារ្យនៃពួកបរិសុទ្ធរបស់យើងនៅទ្វីបអាហ្រ្វិកកាន់តែបង្ហាញច្បាស់ នៅពេលដែលពួកគេប្រឈមមុខនឹងឧបសគ្គនៃជីវិត និងតម្រូវការនៃសាសនាចក្រដែលកំពុងរីកចម្រើន ។ ពួកគេតែងតែមើលទៅឧបសគ្គទាំងនោះដោយអាកប្បកិរិយាវិជ្ជមាន ។ ពួកគេជាអ្នកតំណាងយ៉ាងប្រពៃឲ្យការបង្រៀនមួយ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ មកពីប្រធាន រ័សុល អិម ណិលសុន ។
« អំណរដែលយើងមាននោះ មិនសូវទាក់ទងនឹងកាលៈទេសៈនៃជីវិតយើងទេ ប៉ុន្តែវាទាក់ទងយ៉ាងខ្លាំងលើអ្វីដែលយើងផ្តោតទៅលើនៅក្នុងជីវិតយើង ។
« ពេលយើងផ្ដោតជីវិតរបស់យើងលើផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះ … និងលើព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដំណឹងល្អរបស់ទ្រង់ នោះយើងអាចមានអំណរ មិនថាមានអ្វីកំពុងកើតឡើង—ឬមិនកើតឡើង—នៅក្នុងជីវិតយើងនោះទេ » ។
ពួកគេរកឃើញសេចក្តីរីករាយទោះបីជាមានឧបសគ្គក៏ដោយ ។ ពួកគេបានរៀនថា ទំនាក់ទំនងរបស់យើងជាមួយព្រះអង្គសង្គ្រោះអនុញ្ញាតឲ្យយើងមើលទៅការលំបាកជាមួយនឹងស្នាមញញឹម និងដួងចិត្តពេញដោយអំណរគុណ ។
ខ្ញុំសូមចែកចាយបទពិសោធន៍មួយចំនួនរបស់ខ្ញុំជាមួយពួកបរិសុទ្ធដ៏ស្មោះត្រង់ទាំងនេះ ដែលបង្ហាញពីគោលការណ៍នេះ ដោយចាប់ផ្តើមពីប្រទេស ម៉ូសំប៊ិក ។
ម៉ូសំប៊ិក
ប៉ុន្មានខែមុន ខ្ញុំបានធ្វើជាអធិបតីនៅក្នុងសន្និសីទស្តេកមួយ ជាស្តេកមានអាយុកាលមួយឆ្នាំដែលមានអង្គភាពចំនួន ១០ រួចទៅហើយ ។ មានរោងថ្វាយបង្គំតូចមួយ និងតង់ចំនួនបីនៅខាងក្រៅដែលផ្ទុកមនុស្សជាង២០០០នាក់ ។ ប្រធានស្តេកមានអាយុ៣១ឆ្នាំ ភរិយារបស់គាត់មានអាយុ២៦ឆ្នាំ ហើយពួកគេមានកូនតូចៗពីរនាក់ ។ គាត់ដឹកនាំស្តេកដែលកំពុងរីកចម្រើន និងកំពុងជួបការលំបាកនេះ ដោយពុំត្អូញត្អែរ—មានតែស្នាមញញឹម និងដួងចិត្តពេញដោយអំណរគុណ ។
នៅក្នុងការសម្ភាសជាមួយលោកអយ្យកោ ខ្ញុំបានដឹងថា ភរិយារបស់គាត់មានជំងឺធ្ងន់ធ្ងរ ហើយគាត់មានការលំបាកក្នុងការថែទាំនាង ។ បន្ទាប់ពីពិភាក្សារកដំណោះស្រាយចំពោះបញ្ហាជាមួយប្រធានស្តេករួចហើយ យើងបានប្រសិទ្ធពរដល់នាង ។ ខ្ញុំបានសួរលោកអយ្យកោថា តើលោកផ្តល់ពរជ័យអយ្យកោប៉ុន្មាននាក់ជាមធ្យម ។
គាត់បាននិយាយថា « ប្រាំបីទៅដប់នាក់ » ។
ខ្ញុំបានសួរថា « ក្នុងមួយខែឬ ? »
គាត់បានតបថា « ក្នុងមួយសប្ដាហ៍ ! » ខ្ញុំបានណែនាំគាត់ថា ការធ្វើច្រើនបែបនោះក្នុងមួយចុងសប្តាហ៍គឺមិនសូវល្អទេ ។
គាត់បាននិយាយថា « អែលឌើរ ហ្គូដយ ពួកគេបន្តមកជារៀងរាល់សប្តាហ៍ រួមទាំងសមាជិកថ្មី និងយុវវ័យជាច្រើនផងដែរ » ។ ជាថ្មីម្តងទៀត គ្មានការត្អូញត្អែរ—មានតែស្នាមញញឹម និងដួងចិត្តពេញដោយអំណរគុណ ។
បន្ទាប់ពីសម័យប្រជុំល្ងាចថ្ងៃសៅរ៍នៃសន្និសីទស្តេក នៅតាមផ្លូវទៅសណ្ឋាគារវិញ ខ្ញុំបានកត់សម្គាល់ឃើញមនុស្សម្នាទិញអាហារនៅតាមផ្លូវនៅពេលយប់ ។ ខ្ញុំបានសួរអ្នកបើកបររបស់ខ្ញុំថា ហេតុអ្វីបានជាពួកគេមិនទិញនៅពេលថ្ងៃបែរជាមកទិញនៅពេលយប់ទៅវិញ ។ គាត់បានតបថា ពួកគេធ្វើការនៅពេលថ្ងៃរកលុយដើម្បីទិញអាហារសម្រាប់ពេលក្រោយ ។
ខ្ញុំឆ្លើយថា « អូ ពួកគេធ្វើការរកលុយនៅថ្ងៃនេះដើម្បីទិញអាហារទុកសម្រាប់ថ្ងៃស្អែក » ។
ប៉ុន្តែគាត់បានកែតម្រូវខ្ញុំថា « ទេ ពួកគេធ្វើការនៅពេលថ្ងៃដើម្បីទិញអាហារហូបនៅពេលយប់ » ។ ខ្ញុំសង្ឃឹមថា សមាជិកយើងអាចមានស្ថានភាពប្រសើរជាងមុន ប៉ុន្តែគាត់បានបញ្ជាក់ថា មនុស្សជាច្រើនមានបញ្ហាប្រហាក់ប្រហែលគ្នាក្នុងតំបន់នៃប្រទេសនេះ ។ ដោយបានដឹងច្បាស់ពីស្ថានភាពរបស់ពួកគេ នោះព្រឹកឡើង អំឡុងសម័យប្រជុំថ្ងៃអាទិត្យ ខ្ញុំកាន់តែរំជួលចិត្តជាមួយនឹងស្នាមញញឹម និងដួងចិត្តពេញដោយអំណរគុណរបស់ពួកគេ ។
សំប៊ី
នៅតាមផ្លូវទៅកាន់ការប្រជុំថ្ងៃអាទិត្យ ប្រធានស្តេក និងខ្ញុំបានឃើញស្វាមីភរិយាមួយគូដើរតាមផ្លូវជាមួយទារក និងកូនតូចពីរនាក់ ។ យើងបានឈប់ដើម្បីឲ្យពួកគេជិះជាមួយ ។ ពួកគេមានការភ្ញាក់ផ្អើល និងរីករាយណាស់ ។ ពេលដែលខ្ញុំសួរថា តើពួកគេត្រូវដើរឆ្ងាយប៉ុនណាដើម្បីទៅកាន់ព្រះវិហារ ឪពុកបានឆ្លើយថា ៤៥នាទីទៅមួយម៉ោង អាស្រ័យលើល្បឿនរបស់កូនៗ ។ ពួកគេបានប្រឈមនឹងការធ្វើដំណើរទៅវិញទៅមកបែបនេះជារៀងរាល់ថ្ងៃអាទិត្យ ដោយគ្មានការត្អូញត្អែរ—មានតែស្នាមញញឹម និងដួងចិត្តពេញដោយអំណរគុណ ។
ម៉ាឡាវី
ថ្ងៃអាទិត្យមួយមុនពេលសន្និសីទស្តេក ខ្ញុំបានទៅសាខាពីរ ដែលប្រើសាលាសាធារណៈជាសាលាប្រជុំ ។ ខ្ញុំមានការភ្ញាក់ផ្អើលដោយស្ថានភាពរាបទាប និងភាពខ្វះខាតនៃអគារនោះ ដែលសូម្បីតែគ្រឿងបរិក្ខារមូលដ្ឋានមួយចំនួនក៏មិនមានគ្រប់ដែរ ។ ពេលខ្ញុំជួបជាមួយសមាជិកមួយចំនួននៅទីនោះ ខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីសុំទោសចំពោះស្ថានភាពខ្វះខាតនៃសាលាប្រជុំរបស់ពួកគេ ប៉ុន្តែពួកគេសប្បាយរីករាយដែលមានកន្លែងមួយនៅជិតដើម្បីជួបជុំគ្នា ដោយមិនបាច់ដើរឆ្ងាយដូចធម្មតា ។ ជាថ្មីម្តងទៀត មិនមានការត្អូញត្អែរទេ—មានតែស្នាមញញឹម និងដួងចិត្តពេញដោយអំណរគុណ ។
ស៊ីមបាវ៉េ
បន្ទាប់ពីការបំពាក់បំប៉នភាពជាអ្នកដឹកនាំនៅថ្ងៃសៅរ៍ ប្រធានស្តេកបាននាំខ្ញុំទៅការប្រជុំថ្ងៃអាទិត្យដែលធ្វើឡើងនៅក្នុងផ្ទះជួលមួយ ។ មានមនុស្ស ២៤០នាក់ចូលរួម ។ បន្ទាប់មកប៊ីស្សពបានណែនាំសមាជិកថ្មី១០នាក់ ដែលបានទទួលបុណ្យជ្រមុជទឹកនៅសប្តាហ៍នោះ ។ ក្រុមជំនុំអង្គុយពេញបន្ទប់តូចពីរ ដោយមានសមាជិកមួយចំនួនក៏អង្គុយនៅខាងក្រៅអគារ មើលការប្រជុំតាមបង្អួច និងទ្វារផងដែរ ។ មិនមានការត្អូញត្អែរទេ—មានតែស្នាមញញឹម និងដួងចិត្តពេញដោយអំណរគុណ ។
ឡេសូតូ
ខ្ញុំបានទៅទស្សនកិច្ចប្រទេសតូចដ៏ស្រស់ស្អាតនេះ ដែលបានគេស្គាល់ថាជា « ព្រះរាជាណាចក្រភ្នំ » ដើម្បីមើលខុសត្រូវមណ្ឌលសាសនាចក្រមួយដែលកំពុងរៀបចំក្លាយជាស្តេក ។ បន្ទាប់ពីការប្រជុំនៅថ្ងៃសៅរ៍ ខ្ញុំបានចូលរួមព្រះវិហារនៅថ្ងៃអាទិត្យក្នុងសាខាមួយរបស់ពួកគេនៅក្នុងផ្ទះជួលមួយ ។ បន្ទប់សាក្រាម៉ង់ពេញដោយមនុស្ស ថែមទាំងមានអ្នកឈរនៅខាងក្រៅទ្វារដើម្បីចូលរួមទៀតផង ។ ខ្ញុំបានប្រាប់ប្រធានសាខាថា គាត់ត្រូវការផ្ទះធំជាងនេះ ។ ខ្ញុំភ្ញាក់ផ្អើល គាត់បានប្រាប់ខ្ញុំថា នេះគ្រាន់តែជាសមាជិករបស់គាត់ពាក់កណ្តាលប៉ុណ្ណោះ ។ ពាក់កណ្តាលទៀតនឹងចូលរួមការប្រជុំសាក្រាម៉ង់ទីពីរបន្ទាប់ពីម៉ោងទីពីរ ។ ជាថ្មីម្តងទៀត មិនមានការត្អូញត្អែរទេ—មានតែស្នាមញញឹម និងដួងចិត្តពេញដោយអំណរគុណ ។
ក្រោយមក ខ្ញុំបានត្រឡប់ទៅប្រទេសឡេសូតូវិញ ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្ដាលឲ្យមានការស្លាប់ដោយក្នុងនោះមានយុវវ័យរបស់យើងជាច្រើននាក់ ការណ៍នេះត្រូវបានលើកឡើងរួចមកហើយដោយអែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិន នៅមុននេះបន្ដិច ។ ពេលដែលខ្ញុំបានទៅសួរសុខទុក្ខគ្រួសារ និងថ្នាក់ដឹកនាំ ខ្ញុំរំពឹងថានឹងមានបរិយាកាសដ៏សោកសៅ ។ ផ្ទុយទៅវិញ ខ្ញុំបានជួបពួកបរិសុទ្ធដ៏រឹងមាំ និងអត់ធន់ ដែលកំពុងដោះស្រាយស្ថានភាពនេះក្នុងរបៀបដែលលើកស្ទួយ និងបំផុសគំនិត ។
ម៉ាហ្វូ អានីសា ណាឃូ អាយុ១៤ឆ្នាំ ក្នុងរូបភាពនេះ គឺជាជនរងគ្រោះដែលនៅរស់រានមានជីវិតក្នុងគ្រោះថ្នាក់នោះ បានបង្ហាញយ៉ាងល្អនៅក្នុងពាក្យរបស់នាងផ្ទាល់ថា « សូមទុកចិត្តលើព្រះយេស៊ូវ ហើយតែងតែមើលទៅឯទ្រង់ ព្រោះតាមរយៈទ្រង់ អ្នកនឹងទទួលបានភាពសុខសាន្ត ហើយទ្រង់នឹងជួយអ្នកក្នុងដំណើរការព្យាបាល » ។
ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួនដែលយើងឃើញពីអាកប្បកិរិយាវិជ្ជមានរបស់ពួកគេ ព្រោះពួកគេផ្តោតជីវិតរបស់ពួកគេទៅលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ពួកគេដឹងថាត្រូវស្វែងរកជំនួយ និងក្តីសង្ឃឹមនៅកន្លែងណា ។
អំណាចនៃការព្យាបាលរបស់ព្រះអង្គសង្គ្រោះ
ហេតុអ្វីបានជាព្រះអង្គសង្គ្រោះអាចជួយពួកគេ និងយើងក្នុងកាលៈទេសៈណាក៏ដោយនៃជីវិតរបស់យើង ? ចម្លើយនេះអាចរកឃើញនៅក្នុងព្រះគម្ពីរ ៖
« ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង ។ …
« … ហើយទ្រង់នឹងដាក់លើរូបអង្គទ្រង់នូវជំងឺឈឺចាប់របស់ពួកគេ ដើម្បីឲ្យព្រះហឫទ័យទ្រង់បានពោរពេញទៅដោយសេចក្ដីមេត្តាករុណា … ដើម្បីទ្រង់អាចដឹងថា … តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ។
ដូចដែលអែលឌើរ បែដណា បានបង្រៀនថា មិនមានការឈឺចាប់ខាងរាងកាយ ទុក្ខព្រួយ ឬភាពទន់ខ្សោយដែលយើងអាចជួបប្រទះ ដែលព្រះអង្គសង្គ្រោះមិនដឹងនោះទេ ។ « អ្នក និងខ្ញុំអាចស្រែកយំ នៅក្នុងពេលដែលទន់ខ្សោយថា ‹ គ្មាននរណាម្នាក់យល់ [ ពីអ្វីដែលខ្ញុំកំពុងហែលឆ្លង ] នោះទេ › ។ … ប្រហែលជាគ្មាន មនុស្សណាម្នាក់ដឹងទេ ។ ប៉ុន្តែព្រះរាជបុត្រារបស់ព្រះដឹង និងយល់យ៉ាងឥតខ្ចោះ » ។ ហើយតើហេតុអ្វី ? ព្រោះ « ទ្រង់មានព្រះទ័យ និងទទួលបន្ទុករបស់យើងមុនពេលដែលយើងទទួលបន្ទុកនោះម៉្លេះ » ។
ខ្ញុំសូមបញ្ចប់ជាមួយនឹងទីបន្ទាល់របស់ខ្ញុំអំពីព្រះបន្ទូលរបស់ព្រះគ្រីស្ទដែលមាននៅក្នុង ម៉ាថាយ ១១ ៖
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ។
« ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ។
« ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល » ។
ដូចជាពួកបរិសុទ្ធទាំងនោះនៅអាហ្រ្វិកដែរ ខ្ញុំដឹងថាការសន្យានេះគឺពិត ។ វាគឺជាការពិតនៅទីនោះ ហើយវាជាការពិតគ្រប់ទីកន្លែង ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីកិច្ចការនេះ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕