សន្និសីទទូទៅ
ឈ្មោះ​ដែល​អ្នក​ត្រូវបាន​ហៅ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៥


11:1

ឈ្មោះ​ដែល​អ្នក​ត្រូវបាន​ហៅ

តើ​ការ​ត្រូវបាន​ហៅ​ដោយ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ​មាន​អត្ថន័យ​ដូចម្តេច ?

ប្រធាន រ័សុល អិម ណិលសុន​បាន​បង្រៀន​ថា ប្រសិន​បើ​ព្រះអម្ចាស់​មាន​បន្ទូល​ជាមួយ​យើង​ដោយ​ផ្ទាល់ នោះ​រឿង​ដំបូង​ដែល​ទ្រង់​ត្រូវ​ឲ្យ​យើង​យល់​នោះ​គឺ អត្តសញ្ញាណ​ពិត​របស់​យើង ៖ យើង​គឺ​ជា​បុត្រាបុត្រី​របស់​ព្រះ ជា​បុត្រាបុត្រី​នៃ​សេចក្ដី​សញ្ញា និង​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ អត្តសញ្ញាណ​ដែល​កំណត់ផ្សេង​ទៀត នៅ​ទី​បំផុត​នឹង​ធ្វើ​ឲ្យ​យើង​ខក​បំណង ។

ខ្ញុំ​បាន​រៀន​រឿង​នេះ​ដោយ​ខ្លួនឯង នៅ​ពេល​ដែល​កូនប្រុស​ច្បង​របស់​ខ្ញុំ​មាន​ទូរសព្ទដៃ​ដំបូង​របស់​គាត់ ។ ដោយ​មាន​ការរំភើបចិត្ត​យ៉ាងខ្លាំង គាត់​បាន​ចាប់ផ្តើម​បញ្ចូល​ឈ្មោះ​គ្រួសារ និង​មិត្តភក្តិ​ដែល​គាត់​មាន​ចូល​ទៅ​ក្នុង​ទូរសព្ទ ។ ថ្ងៃមួយ ខ្ញុំ​កត់សម្គាល់​ថា​ម្តាយ​របស់​គាត់​បានហៅ​ទូរសព្ទ​មក​គាត់ ។ នៅ​លើ​អេក្រង់​ទូរសព្ទ​បាន​បង្ហាញ​ឈ្មោះ​ថា « ម៉ែ » ។ ឈ្មោះ​ដែល​គាត់​រក្សា​ទុក​ក្នុង​ទូរសព្ទ​នេះ​គឺ​ជា​ជម្រើស​ដ៏​សមរម្យ និង​ថ្លៃថ្នូរ—ហើយ ខ្ញុំ​ទទួល​ស្គាល់​ចំពោះ​សញ្ញា​នៃ​ការគោរព​ដល់​ម្តាយ​នៅ​ក្នុង​គេហដ្ឋាន​របស់​យើង ។ ជា​រឿងធម្មតា​ទេ ខ្ញុំ​ក៏បាន​ងឿងឆ្ងល់ ។ ថា​តើ​គាត់​បាន​ដាក់​ឈ្មោះ​អ្វី​ឲ្យ​ខ្ញុំ ?

ខ្ញុំ​ចាប់ផ្ដើម​អូស​រកមើល ឈ្មោះ​នៅ​ក្នុង​ទូរសព្ទ​គាត់ ដោយ​គិត​ថា ប្រសិនបើ វែនឌី ដាក់​ឈ្មោះ​ថា​ « ម៉ែ » ខ្ញុំ​ត្រូវ​តែ​ជា « ពុក » ។ អត់​មាន​ឈ្មោះ​ពុក​ទេ ។ ខ្ញុំ​ចាប់​ផ្ដើម​រក​មើល​ឈ្មោះ « ប៉ា » ។ នៅ​តែ​រក​មិន​ឃើញ ។ ការចង់​ដឹង​របស់ខ្ញុំ​បាន​ប្រែក្លាយ​ជា​ព្រួយបារម្ភ ។ « តើ​គាត់​ដាក់​ឈ្មោះខ្ញុំ​ថា ‹ ខូរី › ឬ ? » មិនមាន ។ នៅ​ក្នុង​ការរក​ចុងក្រោយ ខ្ញុំ​បាន​គិត​ថា « យើង​ជា​កីឡាករ​បាល់ទាត់ ប្រហែល​ជា​គាត់​ដាក់​ឈ្មោះ​ខ្ញុំ​ថា ‹ Pelé ( ពេឡេ ) › » ។ ដោយ​ក្តីសង្ឃឹម ។ នៅ​ទី​បំផុត ខ្ញុំ​តេ​ទៅ​លេខ​ទូរសព្ទ​របស់​គាត់​ដោយ​ខ្លួន​ឯង ហើយ​ពាក្យ​ពីរ​ម៉ាត់​បាន​លេច​ឡើង​នៅ​លើ​អេក្រង់​ទូរសព្ទ​គាត់ ៖ « មិនមែន​ម៉ែ » !

បងប្អូន​ប្រុសស្រី តើ​ឈ្មោះ​អ្វី​ដែល​បងប្អូន​ត្រូវ​បាន​ហៅ ?

ព្រះយេស៊ូវ​បាន​ហៅ​អ្នកដើរតាម​ទ្រង់​ដោយ​ឈ្មោះ​ជា​ច្រើន ៖​សិស្ស ។ បុត្រា និង បុត្រី ។ កូនចៅ​នៃ​ពួក​ព្យាការី ។ កូនចៀម ។ ពួកសំឡាញ់ ។ ពន្លឺ​នៃ​លោកីយ៍ ។ ពួកបរិសុទ្ធ ។ ឈ្មោះ​នីមួយៗ​មាន​សារៈសំខាន់​ដ៏អស់កល្ប និង​បញ្ជាក់​ពី​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយនឹង​ព្រះអង្គ​សង្គ្រោះ ។

ប៉ុន្តែ​ក្នុង​ចំណោម​ឈ្មោះ​ទាំងនេះ​មាន​ឈ្មោះ​មួយ​លេចធ្លោ​ជាងគេ —ជា​ឈ្មោះ​របស់​ព្រះគ្រីស្ទ ។ នៅ​ក្នុង​ព្រះគម្ពីរ​មរមន ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ដោយ​មាន​ឥទ្ធិពល​ថា ៖

« គ្មាន​នាម​ឯណា​ផ្សេង​ទៀត​ទេ ដែល​អាច​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ ហេតុ​ដូច្នេះ​ហើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ។ …

« ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​បាន​ធ្វើ​យ៉ាង​នេះ នោះ​នឹង​ឃើញ​ថា ខ្លួន​នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​នៃ​ព្រះ ដ្បិត​អ្នក​នោះ​នឹង​ស្គាល់​ឈ្មោះ​ខ្លួន​ដែល​ត្រូវ​បាន​ហៅ ដ្បិត​អ្នក​នោះ​នឹង​ត្រូវ​បាន​ហៅ​ដោយ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ » ។

អស់​អ្នក​ដែល​លើក​ដាក់​លើ​ខ្លួន​នូវ​ព្រះនាម​របស់​ព្រះគ្រីស្ទ ក្លាយ​ទៅ​ជា​សិស្ស និង​សាក្សី​របស់​ទ្រង់ ។ នៅ​ក្នុង​គម្ពីរ​កិច្ចការ យើង​អាន​ថា បន្ទាប់​ពី​ការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ សាក្សី​ដែល​បាន​ជ្រើសរើស​ដោយ​ព្រះ ត្រូវបាន​បញ្ជា​ឲ្យទៅ​ផ្សាយ និង​ធ្វើ​ទីបន្ទាល់ ថា​អ្នកណា​ដែល​ជឿ​លើ​ព្រះយេស៊ូវ ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​បាន​រួចពី​បាប ។ អស់អ្នក​ដែល​បាន​ទទួល​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​ទាំងនេះ បាន​ប្រមូលផ្តុំ​ជាមួយ​សាសនាចក្រ បាន​ក្លាយ​ជា​សិស្ស និង​ត្រូវបាន​ហៅ​ថា​គ្រិស្តបរិស័ទ ។ ព្រះគម្ពីរ​មរមន​ក៏​ពិពណ៌នា​អ្នកជឿ​លើ​ព្រះគ្រីស្ទថា​ថា​ជា​ពួក​គ្រិស្ដបរិស័ទ  ហើយ​មនុស្ស​ដែល​បាន​ធ្វើ​សេចក្តីសញ្ញា​ជាមួយ​នឹង​ព្រះ ថា​ជា« កូនចៅ​នៃ​ព្រះគ្រីស្ទ បុត្រា និង​បុត្រី​របស់​ទ្រង់ » ។

តើ​ការ​ត្រូវបាន​ហៅ​ដោយ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ​មាន​អត្ថន័យ​ដូចម្តេច ? វា​មាន​ន័យ​ថា យើង​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​នឹងទ្រង់ ចងចាំ​ទ្រង់​ជានិច្ច កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ ហើយ « មាន​ឆន្ទៈ … ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី » ។ វា​មាន​ន័យថា យើង​ឈរ​ជាមួយ​ព្យាការី និង​ពួកសាវក​ទាំងឡាយ​នៅពេល​ដែល​ពួកលោក​នាំ​យក​សារ​របស់​ព្រះគ្រីស្ទ—ជាមួយ​នឹង​គោលលទ្ធិ សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​នានា—ទៅ​ទូទាំង​ពិភពលោក ។ វា​ក៏​មាន​ន័យថា យើង​បម្រើ​ដល់​អ្នកដទៃ ដើម្បី​ជួយ​បន្ធូរបន្ថយ​ការរងទុក្ខ ធ្វើ​ជាពន្លឺ ហើយ​នាំ​យក​ក្តីសង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ​ឲ្យ​ដល់​មនុស្ស​ទាំងអស់ ។ ជាការ​ពិតណាស់​នេះ​គឺ​ជា​កិច្ចខិតខំ​ដែល​យើង​ត្រូវ​ធ្វើ​ពេញ​មួយ​ជីវិត ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « យើង​ចាត់ទុក​ថា នេះ​គឺ​ជា​កន្លែង​ដែល​គ្មាន​នរណា​ម្នាក់​បាន​មក​ដល់​ក្នុង​ពេល​ដ៏ខ្លី​នោះទេ » ។

ដោយសារ​ដំណើរ​នៃ​ភាព​ជា​សិស្ស​ត្រូវ​ចំណាយ​ពេល​វេលា និង​ការខិតខំ​បង្កើត​ឡើង « មួយ​បន្ទាត់​ម្តងៗ មួយ​សិក្ខាបទ​ម្តងៗ » វា​ងាយស្រួល​ក្នុង​ការទទួល​យក​ឋានៈ​ដែល​លោកិយ​ផ្តល់ឲ្យ​ណាស់ ។ ឋានៈ​ទាំងនេះ​មាន​តម្លៃ​មិន​ឋិតថេរ​ទេ ហើយ​មិន​ចេះ​គ្រប់គ្រាន់​ឡើយ ។ ការប្រោសលោះ និង​ការណ៍​ទាំងឡាយ​នៃ​ភាពអស់កល្ប​ជានិច្ច « កើតមក​ដោយ និង​តាមរយៈ​ព្រះមែស៊ី​ដ៏បរិសុទ្ធ » ។ ដូច្នេះ ការធ្វើ​តាម​ការណែនាំ​របស់​ព្យាការី​ក្នុង​ការចាត់ទុក​ការធ្វើ​ជា​សិស្ស​របស់​ព្រះ​ជា​រឿងចម្បង​គឺ​ជា​រឿង​ដែល​ចំណេញ​ពេល និង​ឆ្លាតវៃ ជាពិសេស​នៅក្នុង​យុគសម័យ​ដែល​មាន​សំឡេង និង​ឥទ្ធិពល​ជាច្រើន​កំពុង​ព្យាយាម​រំខាន​ដល់​សេចក្តីជំនឿ និង​ការជ្រើសរើស​របស់​យើង ។ នេះ​គឺជា​ចំណុច​ស្នូល​ចេញពី​ដំបូន្មាន​របស់​ស្តេច​បេនយ៉ាមីន នៅពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា « យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចងចាំ​ថា គួរតែ​រក្សា​ឈ្មោះ [ នៃ​ព្រះគ្រីស្ទ ] នេះ​ដោយ​ចារិក​នៅក្នុង​ដួងចិត្ត​របស់​អ្នក​ជានិច្ច … ឲ្យ​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​ស្គាល់​សំឡេង ដែល​នឹង​ហៅ​អ្នក​រាល់​គ្នា ព្រម​ទាំង​ឈ្មោះ​ដែល​ទ្រង់​នឹង​ហៅ​អ្នក​ដែរ » ។

ម៉ាទីន ហ្គាសនើរ

ខ្ញុំ​បាន​ឃើញ​រឿង​នេះ​នៅក្នុង​គ្រួសារ​របស់​ខ្ញុំ​ផ្ទាល់ ។ ជីតាទួត​របស់ខ្ញុំ ម៉ាទីន ហ្គាសនើរ បាន​ផ្លាស់ប្រែ​ទាំងស្រុង ដោយសារ​តែ​ប្រធាន​សាខា​ដ៏រាបសា​ម្នាក់ ដែល​បាន​ឆ្លើយតប​នឹង​ការហៅ​របស់​ព្រះអង្គ​សង្រ្គោះ ។ នៅ​ប្រទេស​អាល្លឺម៉ង់​ក្នុង ឆ្នាំ១៩០៩ ជា​ពេលវេលា​ដ៏លំបាក ហើយ​ក្រក្សត់​ខ្លាំងណាស់ ។ ម៉ាទីន បាន​ធ្វើការ​ជា​ជាង​ផ្សារដែក​នៅក្នុង​រោងចក្រ​ផលិត​បំពង់​ដែកមួយ ។ លោក​ទទួល​ស្គាល់​ខ្លួនឯង​ថា ប្រាក់​ដែល​លោករក​បាន​ត្រូវ​ចំណាយ​ស្ទើរតែ​រៀងរាល់ថ្ងៃ​ទៅលើ​ស្រា បារី និង​ទិញ​ស្រា​ឲ្យ​មិត្តភក្តិ​របស់​លោក​នៅឯ​ហាងស្រា​ក្នុង​មូលដ្ឋាន​មួយ​កន្លែង ។ ទីបំផុត​ប្រពន្ធ​របស់​លោក​បាន​ព្រមាន​លោក​ថា ប្រសិនបើ​លោក​មិន​កែប្រែ​ទេ គាត់​នឹង​ចាកចេញ ។

ថ្ងៃ​មួយ មិត្ត​រួម​ការងារ​របស់ ម៉ាទីន បាន​ជួប​លោក​នៅតាម​ផ្លូវ​ទៅកាន់​ហាងស្រា​ជាមួយ​កូន​សៀវភៅ​សាសនា​ដ៏ចាស់​មួយ​ក្បាល នៅក្នុង​ដៃ​របស់គាត់ ។ គាត់​បាន​រើស​សៀវភៅ​នោះ​នៅ​តាម​ផ្លូវ​ហើយ​បាន​ប្រាប់​ម៉ាទីន ថា​គាត់​មាន​អារម្មណ៍​ខុសប្លែក បន្ទាប់​ពី​អាន​កូន​សៀវភៅ​ដែល​មាន​ចំណងជើង​ថា « Was wissen Sie von den Mormonen? ( វ៉ាស វីសីន ស៊ី​វ៉ុន ដែន មរមូនិន ? )តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ពួក​មរមន ? ខ្ញុំ​ប្រាកដចិត្ដ​ថា​ចំណងជើង​នោះ​បាន​ផ្លាស់ប្ដូរ​ហើយ ។

មាន​អាសយដ្ឋាន​មួយ​បាន​បោះត្រា​នៅ​ខាងក្រោយ​សៀវភៅ​នេះ ដែលអាច​មើល​ដឹង​ពី​ទីតាំង​របស់​សាសនាចក្រ​ ។ ព្រះវិហារ​នៅ​រាង​ឆ្ងាយ​បន្តិច ប៉ុន្តែ​ក្រោយ​ពី​អាន​សៀវភៅ​នោះ​រួច​ធ្វើ​ឲ្យ​ពួកគេ​សម្រេច​ចិត្ត​ជិះ​រថភ្លើង​នៅ​ថ្ងៃអាទិត្យ​នោះ​ដើម្បី​ទៅ​ពិនិត្យ​មើល ។ នៅពេល​ដែល​ពួកគេ​ទៅ​ដល់​នោះ គឺ​មិន​ដូច​ជា​អ្វី​ដែល​ពួកគេ​បាន​រំពឹង​ទុក​ឡើយ អាសយដ្ឋាន​នោះ​មិនមែន​ជា​ទីតាំង​ព្រះវិហារ​ទេ ប៉ុន្តែ​ជា​ផ្ទះ​ទុក​ប្រារព្ធ​ធ្វើ​បុណ្យ​សពទៅ​វិញ ។ ម៉ាទីន រាង​ស្ទាក់ស្ទើរ​ចិត្ត​បន្ដិច—ព្រោះ​ចម្លែក​ណាស់ ដែល​ទីតាំង​ព្រះវិហារ​បែរ​ជា​នៅ​ក្នុង​ផ្ទះ​ទុក​ប្រារព្ធ​ធ្វើ​បុណ្យ​សព​ទៅ​វិញ ដែល​ដូច​ជាមិនត្រឹមត្រូវ​សោះ ។

ប៉ុន្តែ​នៅ​ជាន់​ខាងលើ នៅ​ក្នុង​សាល​ជួល​មួយ ពួកគេ​បាន​ឃើញ​ពួកបរិសុទ្ធ​មួយ​ក្រុមតូច​បាន​ប្រមូល​ផ្តុំ​គ្នា ។ បុរស​ម្នាក់​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​ការប្រជុំ​ថ្លែងទីបន្ទាល់ ។ ម៉ាទីន បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​បាន​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ទីបន្ទាល់​ដ៏សាមញ្ញ និង​ក្លៀវក្លា ដែល​ធ្វើឲ្យ​គាត់​បាន​ថ្លែងទីបន្ទាល់​របស់​គាត់​ដែរ ។ នៅ​កន្លែង​ដែល​មិន​ទំនង​បំផុត​នោះ​ហើយ ដែល​លោក​បាន​និយាយ​ថា លោក​បាន​ដឹង​រួចទៅ​ហើយ​ថា វា​ជា​ការពិត ។

ក្រោយ​មក បុរសនោះ​បាន​ណែនាំ​ខ្លួន​ឯង​ថា​ជា​ប្រធាន​សាខា ហើយ​សួរ​ថា​តើ​ពួក​គេ​នឹង​ត្រឡប់​មក​វិញ​ដែរ​ឬ​ទេ ។ ម៉ាទីន បាន​ប្រាប់​ថា លោក​រស់នៅ​ឆ្ងាយ​ពេក ហើយ​មិន​អាច​មក​ព្រះវិហារ​នេះ​រៀងរាល់​ថ្ងៃ​អាទិត្យ​បាន​ទេ ។ ប្រធាន​សាខា​បាន​និយាយ​យ៉ាង​សាមញ្ញ​ថា « សុំ​មក​តាម​ខ្ញុំ » ។

ពួកគេ​បាន​ដើរ​ពីរបី​ផ្លូវ​ទៅ​កាន់​រោងចក្រ​មួយ​នៅក្បែរ​នោះ ដែល​ជាកន្លែង​មិត្តភក្តិ​របស់​ប្រធាន​សាខា​ធ្វើ​ការ ។ បន្ទាប់ពី​ការសន្ទនា​ដ៏​ខ្លី​មួយ​មក ម៉ាទីន និង​មិត្តភក្តិ​របស់​លោក ទាំងពីរ​នាក់​ទទួល​បាន​ការងារ​ធ្វើ ។ បន្ទាប់​មក ប្រធាន​សាខា​បាន​នាំ​ពួកគេ​ទៅ​កាន់​អគារ​ផ្ទះល្វែង​មួយ និង​រៀបចំ​កន្លែង​ស្នាក់​នៅ​សម្រាប់​គ្រួសារ​របស់​ពួកគេ ។

ទាំងអស់​នេះ​បាន​កើត​ឡើង​ក្នុង​រយៈពេល​តែ​ពីរម៉ោង​ប៉ុណ្ណោះ ។ ម៉ាទីន និង​គ្រួសារ​របស់​លោក​បាន​រើ​ទៅ​កន្លែង​ថ្មី​នោះ​នៅ​សប្តាហ៍​បន្ទាប់ ។ ប្រាំ​មួយ​ខែ​ក្រោយមក ពួកគេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ធ្លាប់​ជាបុរស​ដែល​ប្រមឹក​គ្មាន​សង្ឃឹម​ប្រែជា​រឹងមាំ​នៅ​ក្នុង​សេចក្តី​ជំនឿ​ថ្មី​របស់​លោក ដែល​មនុស្ស​ក្នុង​ភូមិ​របស់​លោក​ហៅ​លោក ថា « សង្ឃ » ។

ចំពោះ​ឈ្មោះ​ប្រធាន​សាខា​វិញ ខ្ញុំមិន​ស្គាល់​ឈ្មោះ​គាត់​ឡើយ—អត្តសញ្ញាណ​របស់​គាត់​ត្រូវ​បាន​បាត់​ទៅ​តាម​ពេលវេលា ។ ប៉ុន្តែ​ខ្ញុំ​ហៅ​គាត់​ថា ជា​សិស្ស ជា​ទូត ជា​គ្រិស្តបរិស័ទ ជា​សាសន៍​សាម៉ារី​ចិត្តល្អ និង​ជា​មិត្តភក្តិ ។ ឥទ្ធិពល​របស់​គាត់​នៅ​តែ​បន្ដ​មាន​មក​ដល់​១១៦ឆ្នាំ​ក្រោយ ហើយ​ខ្ញុំ​ក៏​ជា​ផលផ្លែ​មួយ​ដែល​កើត​ចេញ​ពី​ភាព​ជា​សិស្ស​នៃ​ព្រះ​របស់​គាត់​ដែរ ។

ហ្គាសនើរ​នៅឯ​ព្រះវិហារបរិសុទ្ធ

« មាន​ពាក្យ​ស្លោក​មួយ​ដែល​និយាយ​ថា បងប្អូន​អាច​រាប់​គ្រាប់​ផ្លែ​ប៉ោម​មួយ​ផ្លែ​បាន ប៉ុន្តែ​បងប្អូន​ពុំ​អាច​រាប់​ផល​ផ្លែប៉ោម​ដែល​ចេញ​ពី​គ្រាប់​ផ្លែប៉ោម​មួយ​គ្រាប់​នោះ​ឡើយ » ។ គ្រាប់​ពូជ​ដែល​ដាំ​ដោយ​ប្រធាន​សាខា​នោះ​បាន​បង្កើត​ផលផ្លែ​រាប់​មិន​អស់ ។ គាត់​មិន​បាន​ដឹង​ទេ​ថា ៤៨ ឆ្នាំក្រោយ​មក គ្រួសារ​របស់ ម៉ាទីន ជាច្រើន​ជំនាន់ នៅ​សងខាង​វាំងនន បាន​ផ្សារភ្ជាប់​ជា​មួយ​គ្នា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៊ើន ប្រទេស​ស្វីស ។

ទេសនកថា​ដ៏អស្ចារ្យ​បំផុត​ប្រហែល​គឺ​ជា​អ្នក​ដែល​យើង​មិន​ដែល​ឮ​ពី​មុន​មក ប៉ុន្តែ​ជា​អ្នក​ដែល​យើង​ឃើញ​ធ្វើ​សកម្មភាព​ដោយ​ស្ងៀមស្ងាត់ និង​ក្នុង​ទង្វើ​ដែល​មិន​នឹកស្មានដល់ នៅក្នុង​ជីវិត​របស់​មនុស្ស​សាមញ្ញ​ធម្មតា ដែល​ព្យាយាម​ធ្វើ​ដូចជា​ព្រះយេស៊ូវ ជា​អ្នក​ដែល​ទៅ​ធ្វើ​ការល្អ​ជួយ​ដល់​មនុស្ស​ដទៃ ។ អ្វី​ដែល​ប្រធាន​សាខា​ដ៏ល្អ​មួយ​រូប​នេះ​បាន​ធ្វើ មិនមែន​ជា​ផ្នែក​នៃ​បញ្ជី​កិច្ចការ​របស់​គាត់ឡើយ ។ គាត់​គ្រាន់​តែ​រស់នៅ​ដោយ​សាមញ្ញ​តាម​ដំណឹងល្អ​ដូច​ដែល​បាន​ពិពណ៌នា​នៅក្នុង​គម្ពីរ​អាលម៉ា ៖ « ពួក​គេ​ពុំ​បាន​ដេញ​ជន​ណា​ចេញ … ដែល​អត់ឃ្លាន ឬ​ដែល​ស្រេកទឹក ឬ​ដែល​ឈឺ … ពួកគេ​មាន​ចិត្ត​ទូលំទូលាយ​ទៅលើ​មនុស្ស​គ្រប់រូប ទាំង​ចាស់​ទាំង​ក្មេង … ទាំង​ប្រុស និង​ទាំង​ស្រី » ។ ហើយ ចំណុច​មួយ​ដែល​យើង​មិន​គួរ​មើល​រំលង​នោះ​គឺ ពួកគេ​ពុំ​បាន​ដេញ​ជន​ណា​ចេញ​នោះ​ទេ « ទោះ​ជា​នៅ​ក្រៅ​សាសនាចក្រ ឬ​នៅ​ក្នុង​សាសនាចក្រ​នោះ​ក្ដី » ។

ដូច​ដែល​ព្យាការី យ៉ូសែប​ស្ម៊ីធ បាន​មាន​ប្រសាសន៍ អស់​អ្នក​ដែល​លើក​ដាក់​មកលើ​ខ្លួន​ពួកគេ​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា ៖ « មនុស្ស​ម្នាក់​ដែល​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ គឺ​មិន​ចង់​បាន​ពរជ័យ​សម្រាប់​តែ​គ្រួសារ​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចង់​ឲ្យ​ពរជ័យ​នោះ​មាន​ពេញ​ពិភពលោក​ទាំងមូល ហើយ​មាន​ចិត្ត​អន្ទះសា​ចង់​ផ្តល់​ពរ​ដល់​មនុស្ស​ជាតិ​ទាំងមូល » ។

នេះ​គឺ​ជា​របៀប​ដែល​ព្រះយេស៊ូវ​ទ្រង់​បាន​រស់នៅ ។ ជាការពិត ទ្រង់​បាន​ធ្វើ​រឿង​ជាច្រើន ដែល​សិស្ស​របស់​ទ្រង់​មិន​អាច​សរសេរ​អស់​ឡើយ ។ សាវក​យ៉ូហាន​បាន​កត់ត្រា​ថា ៖ « មាន​ការ​ជា​ច្រើន​ទៀត​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ដែល​ខ្ញុំ​ស្មាន​ថា បើ​នឹង​សរសេរ​ទុក ដោយ​លំដាប់​ត​មក នោះ​លោកីយ៍​ទាំង​មូល​ក៏ មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ​ដែល​ត្រូវ​សរសេរ​នោះ​ផង » ។

ចូរ​យើង​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​ព្រះគ្រីស្ទ ដោយ​ធ្វើ​អំពើ​ល្អ និង​ឲ្យ​ការធ្វើ​ជា​សិស្ស​របស់​ព្រះ​ជាអាទិភាព​ចម្បង​គេ​ពេញ​មួយ​ជីវិត​យើង ដើម្បី​រាល់ពេល​ដែល​យើង​ធ្វើ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ ពួកគេ​នឹង​អាច​មាន​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ និង​ព្រះចេស្តា​ដែល​បញ្ជាក់​ប្រាប់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បន្ទាប់មក​យើង​អាច​ចូលរួម​ជាមួយ​ជីតាទួត​របស់​ខ្ញុំ ព្រម​ទាំង​មនុស្ស​រាប់លាន​នាក់​ផ្សេងទៀត ដែល​បាន​ប្រកាស​ប្រាប់​ដល់​អ្នកដទៃ ដូចជា​សិស្ស​របស់​ព្រះ​គឺ អនទ្រេ បាន​ប្រាប់​ថា « យើង​បាន​ឃើញ​ព្រះមែស៊ី​ហើយ » ។

នៅទី​បំផុត អត្តសញ្ញាណ​របស់​យើង​មិន​បាន​កំណត់​ដោយ​ពិភពលោក​នេះទេ ។ ប៉ុន្តែ​ភាពជា​សិស្ស​របស់យើង​ត្រូវបាន​កំណត់​ដោយ​ពិធីបរិសុទ្ធ ដែល​យើង​ទទួល សេចក្តីសញ្ញា​ដែល​យើង​រក្សា និង​សេចក្តីស្រឡាញ់​ដែល​យើង​បង្ហាញ​ចំពោះ​ព្រះ និង​អ្នកជិតខាង​តាមរយៈ​ការធ្វើ​អំពើល្អ ។ ដូច​ដែល​ប្រធាន ណិលសុន បាន​បង្រៀន យើង​ពិត​ជា​បុត្រាបុត្រី​របស់​ព្រះ បុត្រា​បុត្រី​នៃ​សេចក្ដី​សញ្ញា សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្មរស់ ហើយ​ទ្រង់​បាន​ប្រោសលោះ​យើង ។ ទ្រង់​គឺជា​អង្គ​ដែល​បាន​មាន​បន្ទូលថា « យើង​បាន​ហៅ … ឈ្មោះ​ឯង ឯង​ជា​របស់​ផង​យើង » ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕