សន្និសីទទូទៅ
« តើ​ស្រឡាញ់​ខ្ញុំ​ឬអី ? »
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៥


11:42

« តើ​ស្រឡាញ់​ខ្ញុំ​ឬអី ? »

បើយើង​ចង់​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ យើង​គួរតែ​យល់ពី​របៀប​ដែល​ទ្រង់​ជ្រាបដឹង​ពី​សេចក្តី​ស្រឡាញ់​របស់​យើង ។

នៅក្នុង​រឿង​ប្រៀបប្រដូច​របស់​កូនប្រុស​ខ្ជះខ្ជាយ ដំបូងឡើយ បងប្រុស​បាន​មាន​បញ្ហា​ក្នុង​ការសាទរ​នៅពេល​ដែល​ប្អូនប្រុស​របស់​គាត់​ត្រលប់​មក​ផ្ទះ​វិញ បន្ទាប់ពី​ធ្វើ​ជម្រើស​មិនល្អ​មួយរយៈ ហើយ « ក៏​[ ប ]​ង្ហិន​ទ្រព្យ​ទៅ ដោយ​ល្បែង​ដ៏​ហួស​ខ្នាត » ។ ភាពឆ្មើងឆ្មៃ និង​ការគិតថា​ខ្លួនឯង​សុចរិត​របស់​បងប្រុស បាន​ធ្វើឲ្យ​គាត់​មិន​អាច​ទទួល​យក​អំណរ​នៃ​ការវិល​ត្រឡប់​មកវិញ​របស់​ប្អូនប្រុស​ដែល​ប្រែចិត្ត​របស់​គាត់ ។ យើង​ក៏ប្រហែលជា​ទុក​ឲ្យ​ឱកាស​នោះ​រំលង​យើង​ផុតទៅ​ដោយ​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​របស់យើង​ដឹង តាមរយៈ​ពាក្យសម្តី និង​សកម្មភាព​របស់យើង​អំពី​សេចក្តី​ស្រឡាញ់​ដោយ​ស្មោះ​របស់យើង​ចំពោះ​ពួកគេ ។

មាន​ឧទាហរណ៍​ដ៏មាន​ឥទ្ធិពល​ជាច្រើន​នៅក្នុង​បទគម្ពីរ​អំពី​សេចក្តី​ស្រឡាញ់​ដោយ​ស្មោះ ដែល​បាន​ចែកចាយ និង​ទទួល ៖ ន៉ាអូមី និង​នាង​រស់ អាំម៉ូន​ និងស្តេច​ឡាម៉ូណៃ កូនប្រុស​ដែល​ខ្ជះខ្ជាយ និង​ឪពុក​របស់​គាត់ ព្រះអង្គ​សង្គ្រោះ និង​ពួក​សិស្ស​របស់​ទ្រង់ ។

នៅពេល​សេចក្តី​ស្រឡាញ់​ត្រូវបាន​ផ្ដល់ឲ្យ​ដោយ​សេរី និង​ទទួល​បាន​ដោយ​ស្មោះ នោះ​វដ្ត​នៃ​គុណធម៌​កើតឡើង​ជាមួយ​នឹង​ការកើន​ឡើង​នៃ​សេចក្តី​ស្រឡាញ់​រវាង​អ្នក​ផ្តល់ឲ្យ និង​អ្នក​ទទួល ។

សេចក្តី​ស្រឡាញ់​របស់​ព្រះ​គឺ​ល្អ​ឥតខ្ចោះ គ្មាន​ទីបញ្ចប់ យូរអង្វែង និង « ផ្អែម​បំផុត » ។ នោះ​ព្រលឹង​ក៏​ពោរពេញ​ទៅ​ដោយ « សេចក្ដី​អំណរ​ជា​អតិបរមា » ។ ពេលខ្លះ​យើង​អាច​ប្រទះឃើញ​ថា វា​ពិបាក​ក្នុង​ការស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង ។ ទោះជា​យ៉ាងណា ព្រះវរបិតាសួគ៌​របស់​យើង​ដែល​មាន​សេចក្តី​ស្រឡាញ់​ដ៏​ឥតខ្ចោះ មាន​បំណង​ចង់ឲ្យ​យើង​ដក​ពិសោធ​នូវ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដែល​ទ្រង់ « មាន​ព្រះបន្ទូល​ទៅកាន់ [ យើង ] ស្របតាម … យោបល់ [ របស់​យើង ] » ។ ទ្រង់​នឹង បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​តាម​របៀប​ដែល​យើង ម្នាក់ៗ​អាច ស្គាល់​បាន ។ យើង​ប្រហែលជា​ទទួល​បទពិសោធន៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​សម្រាប់​យើង នៅពេល​យើង​សង្កេត​មើល​ភាពស្រស់ស្អាត​នៃ​ធម្មជាតិ ឬ​ទទួល​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន ឬ​ក៏​មាន​គំនិត​ចូលមក​ក្នុង​ដួងចិត្ត​របស់​យើង​នៅក្នុង​គ្រា​ដែល​ត្រូវការ​ចាំបាច់​បំផុត ឬ​ទទួល​បទពិសោធន៍​ដ៏​ផ្អែមល្ហែម​នៃ​អំណរ ។ ការបង្ហាញ​ដ៏អស្ចារ្យ​បំផុត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​យើង​ដែល​ដក់​ជាប់​ទាំង​នៅក្នុង​គំនិត និង​ដួងចិត្ត គឺ​នៅពេល​ដែល​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ព្រះរាជបុត្រា​ស្ងួន​ភ្ញា​របស់​ទ្រង់​ថ្វាយ​អង្គ​ទ្រង់​ជា​ដង្វាយធួន ។

ដូច​បងប្រុស​របស់​កូនប្រុស​ដែល​ខ្ជះខ្ជាយ​ដែរ ការផ្តោត​អារម្មណ៍​របស់​យើង​ជានិច្ចជា​កាល​គឺ​ទៅលើ​ខ្លួនឯង ។ យើង​ស្លុង​ទៅលើ​ការស្វែងរក​ភស្តុតាង​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​សម្រាប់យើង ហើយ​មាន​ការខកចិត្ត​នៅពេល​យើង​មើល​មិន​ឃើញ​ភស្តុតាង​នោះ ។ ប៉ុន្តែ​ភាពខុសគ្នា​ដ៏​ស្រស់​ស្អាត​នោះ​គឺ​ថា កាលណា​យើង​ផ្ដោត​លើការបង្ហាញ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​កាន់​តែ​ច្រើន នោះ​យើង​កាន់តែ​ងាយស្រួល​ក្នុង​ការ​ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ចំពោះ​យើង ។ ប្រហែល​នេះ​ជា​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ បាន​ឆ្លើយតប​ទៅនឹង​សំណួរ​ថា « តើ​បញ្ញត្តិ​ណា​ដែល​យ៉ាង​សំខាន់​បំផុត » ជាមួយនឹង​ការអញ្ជើញ​ដ៏​សាមញ្ញ និង​សំខាន់​នេះ​គឺ ៖ « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង » ។

ពេលខ្លះ​វិធី​ដែល​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់យើង​ចំពោះ​អ្នក​ដែល​យើង​ស្រឡាញ់​បំផុត មិន​មែន​ជាវិធី​ដែល​ពួកគេ​ស្គាល់​សេចក្តី​ស្រឡាញ់​ទេ ។ នេះ​អាចជា​ការខកចិត្ត​សម្រាប់​ទាំង​អ្នក​ផ្តល់ឲ្យ និង​អ្នក​ទទួល​ផងដែរ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការសួរ​អ្នក​ទាំងនោះ​ដែល​យើង​ស្រឡាញ់ ពីរបៀប​ដែល​ពួកគេ​ស្គាល់​សេចក្តី​ស្រឡាញ់​ដែល​បាន​បង្ហាញ ។ ដូចគ្នានេះ​ផងដែរ បើយើង​ចង់​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ យើង​គួរតែ​យល់ពី​របៀប​ដែល​ទ្រង់​ជ្រាបដឹង​ពី​សេចក្តី​ស្រឡាញ់​របស់​យើង ។ សំណាងល្អ ទ្រង់​បាន​គូសបញ្ជាក់​យ៉ាងច្បាស់​នូវ​របៀប​ជាច្រើន​នៅក្នុង​បទគម្ពីរ ដែល​យើង​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។

តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ?

នៅក្នុង​ការណែនាំ​ផ្តោះប្តូរ​រវាង​ពេត្រុស និង​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្មរស់​ឡើងវិញ​នៅឯ​សមុទ្រ​ទីបេរាស យើង​រៀន​អំពី​វិធី​ដែល​យើង​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់ ។​

« ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថា ស៊ីម៉ូន​កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី ? គាត់​ទូល​ឆ្លើយ​ថា ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ » ។

សំណួរ​គន្លឹះ​នៅក្នុង​ការសាកសួរ​នេះ​ដោយ​ព្រះ​អម្ចាស់​គឺ « តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាជាងរបស់ទាំងនេះ​ឬ​អី ? » យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់ នៅពេល​យើង​ដាក់​ទ្រង់​លើស « របស់​ទាំងនេះ » ហើយ « របស់​ទាំងនេះ » អាច​ជា​នរណា​ម្នាក់ សកម្មភាព​ណាមួយ ​ឬ​អ្វី​ដែល​មិន​ដាក់​ទ្រង់​ជា​ឥទ្ធិពល​ដ៏​សំខាន់​បំផុត​នៅក្នុង​ជីវិត​របស់​យើង ។

វា​នឹង​មិន​ដែល​មាន​ពេល​គ្រប់គ្រាន់​នៅក្នុង​មួយ​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ មួយ​ខែ ឬ​មួយ​ឆ្នាំ​ដើម្បី​ធ្វើ​អ្វី​ដែល​យើង​ត្រូវការ ឬ​ចង់​សម្រេច​បាន​នោះ​ឡើយ ។ ផ្នែក​មួយ​នៃ​ការសាកល្បង​នៃ​ជីវិត​រមែងស្លាប់​គឺ​ប្រើ​ធនធាន​ដ៏មាន​តម្លៃ​នៃ​ពេលវេលា​សម្រាប់​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ភាពល្អ​អស់កល្ប​ជានិច្ច​របស់​យើង និង​ដើម្បី​បោះចោល​នូវអ្វី​ដែល​មិន​សូវ​សំខាន់ ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ថា ៖ « សំណួរ​សម្រាប់​យើង​ម្នាក់ៗ … គឺ​ដូចគ្នា ។ … តើ​បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ? តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះបន្ទូល​របស់​ទ្រង់ ព្រះបញ្ញត្តិ​របស់​ទ្រង់ និង​សេចក្តីសញ្ញា​របស់​ទ្រង់ មាន​ឥទ្ធិពល​លើ​អ្វី​ដែល​បងប្អូន​ធ្វើ​រាល់​ថ្ងៃ​ដែរ​ឬទេ ? តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​សំឡេង​របស់​ទ្រង់ មាន​អាទិភាព​លើស​សំឡេង​ដទៃ​ទៀតដែរ​ឬ​ទេ ? តើ​បងប្អូន​ស្ម័គ្រចិត្ត ទុកឲ្យ​អ្វី​ក៏​ដោយ​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​បងប្អូន​ធ្វើ មាន​អាទិភាព​ជាង​មហិច្ឆិតា​ផ្សេងទៀត​ដែរ​ឬ​ទេ ? តើ​បងប្អូន​ស្ម័គ្រចិត្ត ដើម្បី​ដាក់​ឆន្ទៈខ្លួន​ទៅ​ក្នុង​ព្រះទ័យ​ទ្រង់​ដែរ​ឬ​ទេ ? » យើង​បង្ហាញ​ពីភាព​ជាសិស្ស និង​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ នៅពេល​ដែល​យើង​ធ្វើ​ឲ្យ​ទ្រង់​ជាអាទិភាព​ដ៏ខ្ពស់​បំផុត​របស់​យើង ។

ចូរ​ឲ្យ​ចំណី​ដល់​ហ្វូងចៀម​ខ្ញុំ​ស៊ី​ផង

នៅក្នុង​ខគម្ពីរ​បន្ទាប់​នៃ​ការពិភាក្សា​ដដែល​នេះ​រវាង​ពេត្រុស និង​ព្រះអង្គ​សង្គ្រោះ យើង​រៀនពី​របៀប​ផ្សេងទៀត​ដែល​ព្រះអម្ចាស់​ជ្រាបដឹង​ពី​ការបង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង « [ ព្រះអម្ចាស់ ] មាន​ព្រះបន្ទូល​ទៅ​គាត់​ម្តង​ទៀត​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ស្រឡាញ់​ខ្ញុំ​ឬ​អី ? គាត់​ទូល​ឆ្លើយ​ថា ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ។ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ចុះ » ។

យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះវរបិតាសួគ៌ នៅពេល​ដែល​យើង​បម្រើ ស្តាប់ ស្រឡាញ់ លើកស្ទួយ ឬ​បម្រើ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។ ការបម្រើ​នោះ​អាច​មាន​លក្ខណៈ​សាមញ្ញ​ដូចជា​ការមើល ទៅ​អ្នកដទៃ​ដោយ​គ្មាន​ការវិនិច្ឆ័យ ។ នៅក្នុង​កណ្ឌ​ទី ៧៦ នៃ​គោលលទ្ធិ និង​សេចក្ដីសញ្ញា យើង​ទទួល​បាន​ការមើល​ឃើញ​មួយ​ជ្រុងតូច​ពី​ចរិត​របស់​អស់អ្នក​ដែល​នឹង​ទទួល​បាន​សិរីរុងរឿង​សេឡេស្ទាល ៖ « ហើយ​ពួក​គេ​មើល​ឃើញ​ដូច​ជា​ពួក​គេ​ត្រូវ​បាន​មើល​ឃើញ ហើយ​ស្គាល់​ដូច​ជា​ពួក​គេ​ត្រូវ​ស្គាល់ » ។ ពួកគេ​មើល​ឃើញ​អ្នកដទៃ​ទៀត​ដូច​ជា​ព្រះ​ទត​ឃើញ​ពួកគេ ហើយ​ទ្រង់​ទត​ឃើញ​ពួកគេ​ដូច​ដែល​ពួកគេ​អាច​ប្រែក្លាយ ជាមួយ​នឹង​សក្តានុពល​ទេវភាព​ដ៏រុងរឿង ។

បន្ទាប់ពី​ការត្រឡប់​មក​ផ្ទះ​ពី​បេសកកម្ម​របស់ខ្ញុំ​វិញ ខ្ញុំ​បាន​ចាប់​យក​អាជីវកម្ម​ថែទាំ​ទីធ្លា ដែល​ប្អូនៗ​ខ្ញុំ និង​ខ្ញុំ​បាន​ចាប់​ផ្ដើម​នៅ​វ័យ​ជំទង់ ។ ខ្ញុំ​ក៏​មមាញឹក​ជាមួយ​នឹង​ការសិក្សា នៅ​សាកល​វិទ្យាល័យ​របស់ខ្ញុំ​ផងដែរ ។ នៅ​សប្តាហ៍​មួយ​នា​និទាឃ​រដូវ ភ្លៀងធ្លាក់​ខ្លាំង ហើយ​ការប្រឡង​ចុងក្រោយ​ក៏​ចូលមកដល់ បាន​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សន្ធប់ និង​ធ្វើ​ការងារ​នៅ​ទីធ្លា​មិន​ទាន់​ពេល ។

ពាក់​កណ្តាល​សប្តាហ៍ មេឃ​បាន​ស្រលះ ហើយ​ខ្ញុំ​បាន​ដាក់​គម្រោង​ចាប់​ធ្វើ​ការងារ​នៅ​ទីធ្លា​ក្រោយពី​មកពី​រៀន​វិញ ។ ប៉ុន្តែ​នៅពេល​ខ្ញុំ​ទៅដល់​ផ្ទះ ឡាន​ដឹកទំនិញ និង​ឧបករណ៍​របស់​ខ្ញុំ​បាន​បាត់អស់ ។ ដោយ​ចង់​ដឹង ខ្ញុំ​បាន​ទៅ​មើល​ទីធ្លា​ដែល​បាន​កំណត់​កាលវិភាគ​ហើយ ទីធ្លា​នីមួយៗ​ត្រូវបាន​កាត់​យ៉ាង​ស្រស់ស្អាត​រួចទៅហើយ ។ នៅ​ទីធ្លា​ចុងក្រោយ​នៅលើ​កាលវិភាគ ខ្ញុំ​បាន​ឃើញ​ប្អូន​ប្រុស​របស់ខ្ញុំ​ដើរ​នៅពី​ក្រោយ​ម៉ាស៊ីន​កាត់ស្មៅ ។ គាត់​បាន​ឃើញ​ខ្ញុំ ញញឹម ហើយ​គ្រវីដៃ​ដាក់ ។ ខ្ញុំ​បាន​ឱប និង​អរគុណ​គាត់​ពេញ​ដោយ​ការដឹងគុណ ។ ទង្វើ​ដ៏មាន​អត្ថន័យ​នៃ​ការបម្រើ​របស់គាត់​បាន​ពង្រឹង​សេចក្តី​ស្រឡាញ់ និង​ភាពស្មោះត្រង់​របស់​ខ្ញុំ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គាត់ ។ ការបម្រើគ្នា​ទៅវិញ​ទៅមក​គឺជា​វិធី​ដែល​មិន​អាច​ភាន់ច្រលំ​បាន ដែល​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​ព្រះរាជបុត្រា​ជាទី​ស្រឡាញ់​របស់​ទ្រង់ ។

ទទួល​ស្គាល់​ព្រះ​ហស្ត​របស់​ទ្រង់​ក្នុង​គ្រប់​ទាំង​អស់

យើង​ក៏បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់យើង​ចំពោះ​ព្រះ​តាមរយៈ​ការមាន​ចិត្ត​ដឹងគុណ​ផងដែរ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ហើយ​មនុស្ស​មិន​ដែល​ជំទាស់​ព្រះ​ក្នុង​ការណ៍​ណាមួយ​ឡើយ … លើក​លែង​តែ​អស់​អ្នក​ណា​ដែល​មិន​ទទួល​ស្គាល់​ព្រះ​ហស្ត​របស់​ទ្រង់​ក្នុង​គ្រប់​ទាំង​អស់ » ។ យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់យើង​ចំពោះ​ព្រះ តាមរយៈ​ការស្គាល់​ទ្រង់​ថាជា​ប្រភព​នៃ​គ្រប់​រឿងល្អ​នៅក្នុង​ជីវិត​របស់យើង ។

នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់​ផ្តើម​ក្រុមហ៊ុន ដៃគូ​អាជីវកម្ម​របស់​ខ្ញុំ និង​ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​អស់ពី​ចិត្ត​មុន​ការ​ប្រជុំ​សំខាន់ៗ ដោយ​ទូលសុំ​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ។ ម្តង​ហើយ​ម្តងទៀត ព្រះ​បាន​ឆ្លើយ​ការអធិស្ឋាន​របស់យើង ហើយ​ការ​ប្រជុំ​របស់​យើង​ធ្វើ​ទៅ​ដោយ​រលូន ។ បន្ទាប់ពី​ការប្រជុំ​មួយ ដៃគូ​អាជីវកម្ម​របស់ខ្ញុំ​បាន​ចង្អុល​បង្ហាញថា យើង​លឿន​ណាស់​ក្នុង​ការទូលសុំ​ជំនួយ ប៉ុន្តែ​យឺតយ៉ាវ​ក្នុង​ការថ្លែង​អំណរគុណ ។ ចាប់ពី​ពេលនោះ​មក យើង​បាន​បង្កើត​ទម្លាប់​មួយ​ដើម្បី​ថ្វាយ​ការអធិស្ឋាន​ដោយ​ស្មោះ​អំពី​ការដឹងគុណ ដោយ​ទទួល​ស្គាល់​ព្រះហស្ត​របស់​ព្រះអម្ចាស់​ក្នុង​ភាពជោគជ័យ​របស់​យើង ។ យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ជាមួយ​នឹង « អាកប្បកិរិយា​នៃ​ការដឹង​គុណ » ។

បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ

វិធី​មួយ​ទៀត​ដែល​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់យើង​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ គឺ​ជ្រើសរើស​គោរព​ប្រតិបត្តិ​តាម​ទ្រង់ ។ ដូច​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ។ ការគោរព​ប្រតិបត្តិ​តាម​បែប​នេះ​គឺ​មិនមែន​ជា​ការខ្វាក់ ឬ​ការបង្ខំ​នោះទេ ប៉ុន្តែ​ជា​ការបង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ដោយ​ស្មោះ និង​ស្ម័គ្រ​តាម​វិញ ។ ព្រះវរបិតាដែល​គង់​នៅ​ស្ថានសួគ៌​សព្វព្រះទ័យ​ចង់​ឲ្យ​ យើង​គោរព​ប្រតិបត្តិ​តាម ។ ស៊ីស្ទើរ ថាម៉ារ៉ា ដបុលយូ រូនៀ បាន​ហៅ​ការណ៍​នេះថា « គោរព​ប្រតិបត្តិ​ដោយ​ក្តីស្រឡាញ់ » ។ គាត់​បាន​មាន​ប្រសាសន៍​ថា « ទោះបី​ជា​យើង​មិន​បាន​គោរព​ប្រតិបត្តិ​ឥតខ្ចោះ​នៅឡើយ​ក្តី ក៏​យើង​ព្យាយាម​គោរពប្រតិបត្តិ​ដោយ​ក្តីស្រឡាញ់​ឥឡូវនេះ​ដែរ ដោយ​ការជ្រើសរើស​បន្ត​នៅ​ម្តងហើយ​ម្តងទៀត ដោយសារ​យើង​ស្រឡាញ់​ទ្រង់ » ។

ព្រះវរបិតាសួគ៌​បាន​ប្រទាន​ឲ្យ​យើង​នូវ​សិទ្ធិ​ជ្រើសរើស ដើម្បី​បំផុស​គំនិត​យើងឲ្យ​ចង់ ជ្រើសរើស​យក​ទ្រង់ ។ កិច្ចការ និង​សិរីរុងរឿង​របស់ទ្រង់ គឺ​មិន​ត្រឹមតែ​ដើម្បី​នាំមក​នូវ​ជីវិត​ដ៏អស់កល្ប​ជានិច្ច​របស់យើង​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​រួមបញ្ចូល​នូវ​សេចក្តី​សង្ឃឹម​ដែល​បំណងប្រាថ្នា​ដ៏ធំ​បំផុត​របស់យើង គឺ​ដើម្បី​ត្រឡប់​ទៅរក​ទ្រង់​វិញ ។ ទោះជា​យ៉ាងណា​ក៏ដោយ ទ្រង់​នឹង​មិន​បង្ខិតបង្ខំ​យើង​ឲ្យ​គោរព​ប្រតិបត្តិ​ឡើយ ។ នៅក្នុង​ទំនុក​តម្កើង « ចូរ​ដឹងថា​គ្រប់គ្នា​មាន​សេរី » ​យើង​ច្រៀង ៖

ទ្រង់​អំពាវ ប្រាប់ ណែនាំ​ឲ្យ​ត្រូវ

និង​ប្រទាន​ប្រាជ្ញា ស្នេហ៍ និង​ពន្លឺ

ឲ្យ​ធ្វើ​ល្អ​ដឹង​ខុសត្រូវ​ឲ្យ​ច្រើន

តែ​ពុំ​បាន​បង្ខំ​មនុស្ស​ឡើយ ។

ក្នុងនាម​ជា​ថ្នាក់​ដឹកនាំ​បេសកកម្ម ភរិយា​របស់​ខ្ញុំ គ្រីស្ទីណា និង​ខ្ញុំ​ត្រូវបាន​បំផុស​គំនិត​ដោយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជាច្រើន ដែល​បាន​ជ្រើសរើស​ដើម្បី​គោរព​ប្រតិបត្តិ មិន​ត្រឹមតែ​ពីព្រោះ​វាជា​បទដ្ឋាន​របស់​បេសកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​ពួកគេ​ចង់​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះអម្ចាស់ ដោយ​ជ្រើសរើស​ធ្វើជា​អ្នក​តំណាងឲ្យ​ទ្រង់​ដោយ​ភាពទន់ភ្លន់ ។

អែលឌើរ ឌែល ជី រិនឡាន់ បាន​មាន​ប្រសាសន៍​ថា ៖ « គោលបំណង​របស់​ព្រះវរបិតាសួគ៌​យើង​ក្នុងការ​ធ្វើ​ជា​ឪពុកម្តាយ គឺ​ពុំ​គ្រាន់តែ​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ធ្វើ អ្វី​ដែល​ត្រូវ​ប៉ុណ្ណោះ​ទេ គោលបំណង​របស់​ទ្រង់​គឺ​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ជ្រើសរើស ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ហើយ​នៅ​ទីបំផុត​ក្លាយ​ដូចជា​ទ្រង់ ។ ប្រសិនបើ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​គោរព​ប្រតិបត្តិ នោះ​ទ្រង់​នឹង​ប្រើ​ការប្រទាន​រង្វាន់ និង​ការដាក់​ទណ្ឌកម្ម​ភ្លាមៗ ដើម្បី​មាន​ឥទ្ធិពល​លើ​ឥរិយាបថ​របស់​យើង ។ » ។ យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់យើង​ចំពោះ​ព្រះ នៅពេល​ដែល​យើង​ជ្រើសរើស​ដើម្បី​គោរព​ប្រតិបត្តិ និង​ធ្វើតាម​ទ្រង់ ។

ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​របស់យើង​ស្គាល់​ការបង្ហាញ​នៃ​សេចក្តី​ស្រឡាញ់​របស់យើង​ចំពោះ​ទ្រង់ នៅពេល​យើង​ដាក់​ទ្រង់​ទាំងទ្វេ​ជា​ចម្បង​នៅក្នុង​ជីវិត​របស់យើង បម្រើ​គ្នា​ទៅវិញ​ទៅមក ទទួល​ស្គាល់​ដោយ​ដឹងគុណ​ចំពោះ​រាល់​ពរជ័យ​ពី​ទ្រង់ ហើយ​ជ្រើសរើស​គោរព និង​ធ្វើតាម​ទ្រង់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​ម្នាក់ៗ​ជា​បុត្រ​របស់​ព្រះ​ពិត​ប្រាកដ ហើយ​ទ្រង់​ស្រឡាញ់​យើង​យ៉ាងឥតខ្ចោះ ។ ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ថា ទ្រង់​សព្វព្រះទ័យ​ចង់ឲ្យ​យើង​ដក​ពិសោធ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ តាម​របៀប​ដែល​យើង​ស្គាល់ និង​យល់ ។ ហើយ​ភាពខុសគ្នា​ដ៏​ស្រស់​ស្អាត​នោះ​គឺ​ថា យើង​នឹង​ទទួល​បទពិសោធន៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​សម្រាប់​យើង​កាន់តែ​ជ្រាលជ្រៅ​ថែម​ទៀត នៅពេល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. លូកា ១៥:១៣ ។

  2. សូមមើល រ៉ូម ៨:៣៥–៣៩; ឌែល ជី រិនឡាន់ « Experience God’s Love » ( ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ) នៅលើ​គេហទំព័រ speeches.byu.edu; រ័សុល អិម ណិលសុន « Divine Love » Liahona ខែកុម្ភៈ ឆ្នាំ២០០៣ ទំព័រ ១២–១៧ ។

  3. នីហ្វៃទី១ ៨:១១ ។

  4. នីហ្វៃទី១ ៨:១២ ។

  5. នីហ្វៃទី២ ៣១:៣ ។

  6. សូមមើល យ៉ូហាន ៣:១៦ ។

  7. សូមមើល យ៉ូហានទី ១ ៤:១៩

  8. ម៉ាថាយ ២២:៣៦–៣៧

  9. ខណៈពេល​ដែល​យើង​មិន​ទទួល​បាន​សេចក្តី​ស្រឡាញ់​ពី​ព្រះ​តាមរយៈ​ការប្រព្រឹត្ត​របស់​យើង ទ្រង់​មាន​ព្រះទ័យ​ចង់​ទទួល​ស្គាល់​ការបង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ តាមរយៈ​ការស្តាប់​ការអធិស្ឋាន​របស់​យើង ប្រទាន​ពរ​ដល់​យើង និង​ជួយ​យើង​ឲ្យ​ទទួល​បទពិសោធន៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​សម្រាប់​យើង ។

  10. យ៉ូហាន ២១:១៥ ។

  11. « យើង​ត្រូវ​ដាក់​ព្រះ​ពីមុខ​អ្វីៗ​ទាំងអស់​នៅ​ក្នុង​ជីវិត​របស់​យើង ។ ទ្រង់​ត្រូវតែ​មក​មុន​គេ » ។…

    « នៅពេល​យើង​ដាក់​ព្រះ​ជាមុន នោះ​រឿង​ទាំងអស់​ផ្សេងទៀត​នឹង​កើតឡើង​តាម​របៀប​របស់​វា ឬ​បាត់បង់​ចេញ​ពី​ជីវិត​របស់​យើង ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់ នឹង​ត្រូវបាន​បង្ហាញ​ដោយ​មនោសញ្ជេតនា​របស់​យើង ដោយ​របៀប​ដែល​យើង​ចំណាយ​ពេលវេលា​របស់​យើង ចំណាប់​អារម្មណ៍​ដែល​យើង​ខំប្រឹង​ស្វែងរក និង​លំដាប់​លំដោយ​នៃ​អាទិភាព​របស់​យើង » ( Teachings of Presidents of the Church: Ezra Taft Benson [ ២០១៤ ] ទំព័រ ៤០ ) ។ សូមមើល​ផងដែរ ដាល្លិន អេក អូក « Good, Better, Best » Liahona ខែវិច្ឆិកា ឆ្នាំ២០០៧ ទំព័រ ១០៤–១០៨ ។

  12. រ័សុល អិម ណិលសុន « ទុក​ឲ្យ​ព្រះ​ឈ្នះ » Liahona ខែ​វិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៩៤ ។

  13. យ៉ូហាន ២១:១៦ ។

  14. សូមមើល ម៉ូសាយ ២:១៧ ។

  15. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:៩៤ ។

  16. គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:២១ ។

  17. សូមមើល ភីលេម៉ូន ១:៤–៧ ។

  18. ថូម៉ាស អេស ម៉នសុន « An Attitude of Gratitude » Ensign ខែឧសភា ឆ្នាំ១៩៩២ ទំព័រ ៥៤ ។

  19. យ៉ូហាន ១៤:១៥ ។

  20. ថាម៉ារ៉ា ដបុលយូ រូនៀ « ការប្រែចិត្ត​របស់​បងប្អូន​មិនមែន​ជា​បន្ទុក​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ទេ វា​ធ្វើ​ឲ្យ​ទ្រង់​រីករាយ លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ទំព័រ ៩២ ។

  21. សូមមើល នីហ្វៃទី២ ១០:២៣–២៤; ហេលេមិន ១៤:៣០–៣១ ។

  22. សូមមើល ម៉ូសេ ១:៣៩ ។

  23. « ចូរ​ដឹង​ថា​គ្រប់គ្នា​មាន​សេរី » ទំនុកតម្កើង លេខ ១៤៩ ។

  24. សូមមើល ម៉ូសាយ ៥:២–៥ ។

  25. ឌែល ជី រិនឡាន់ « Choose You This Day » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ១០៤ ។

  26. ផាទ្រីក ខៀរ៉ុន « ទទួល​យក​អំណោយ​របស់​ទ្រង់ » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ទំព័រ ១២១–១២៤ ។

  27. បទបញ្ញត្តិ ដ៏​ធំ​បំផុត​ដំបូងគេ​នៃ​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច គឺ​ត្រូវ​​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង របស់​យើង នោះ​ជា​បទបញ្ញត្តិ​ដ៏​ធំ​បំផុត​ដំបូង​គេ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​ថា « សេចក្តីពិត ដ៏មហិមា​បំផុត​នៃ​គ្រប់​ទាំង​ភាពអស់កល្បជានិច្ច​គឺ​ថា ព្រះ​ស្រឡាញ់ យើង ដោយ​អស់​ពីដួងហឫទ័យ គំនិត ​ពលំ ហើយ​អស់​ពី​កម្លាំងរបស់​ទ្រង់ ( ជែហ្វ្រី អ័រ ហូឡិន « Tomorrow the Lord Will Do Wonders among You » Liahona ខែឧសភា ឆ្នាំ២០១៦ ទំព័រ ១២៧ ) ។

  28. Hesed ( ហេសិដ ) គឺជា​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តាករុណា​ដ៏ពិសេស​មួយ​ដែល​ព្រះ​មាន​ព្រះទ័យ និង​សព្វ​ព្រះទ័យ​ប្រទាន​ដល់​អស់អ្នក​ដែល​បាន​ចុះ​សេចក្ដី​សញ្ញា​ជាមួយនឹង​ទ្រង់ ។ ហើយ​យើងក៏​ឆ្លើយតប​ដោយ hesed ( ហេសិដ ) ទៅវិញ​ចំពោះ​ទ្រង់ ។

    « ដោយសារ​ព្រះ​មាន hesed ( ហេសិដ ) ចំពោះ​អ្នក​ដែល​បាន​ចុះ​សេចក្តីសញ្ញា​ជាមួយនឹង​ទ្រង់ នោះ​ទ្រង់​នឹង​ស្រឡាញ់​ពួកគេ ។ ទ្រង់​នឹង​បន្ត​ធ្វើការ​ជាមួយ​ពួកគេ ហើយ​ប្រទាន​ឱកាស​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ ។ ទ្រង់​នឹង​អភ័យទោស​ដល់​ពួកគេ នៅពេល​ពួកគេ​ប្រែចិត្ត ។ ហើយ​នៅពេល​ពួកគេ​វង្វេងផ្លូវ ទ្រង់​នឹង​ជួយ​ពួកគេ​រកផ្លូវ​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ។

    « នៅពេល​ដែល​បងប្អូន និង​ខ្ញុំ​បាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយនឹង​ព្រះ ទំនាក់ទំនង​របស់​យើង​ជាមួយនឹង​ទ្រង់​​កាន់តែ​ជិតស្និទ្ធ​ជាង​មុន​ពេល​ធ្វើ​សេចក្តីសញ្ញា​របស់​យើង » ( រ័សុល អិម ណិលសុន « សេចក្តី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » លីអាហូណា ខែតុលា ឆ្នាំ២០២២ ទំព័រ ៦ ) ។