អំណោយទានដ៏អស់កល្បជានិច្ចនៃទីបន្ទាល់
បុត្រាបុត្រីរបស់ព្រះគ្រប់រូបអាចទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅ រឹងមាំ និងច្បាស់លាស់សម្រាប់ខ្លួនពួកគេផ្ទាល់បាន ។
បងប្អូនជាទីស្រឡាញ់របស់ខ្ញុំ ថ្មីៗនេះខ្ញុំបានពិចារណាអំពីសេចក្តីពិតដ៏មានឥទ្ធិពលចំនួនបីចេញពីការស្តារឡើងវិញ ។ សេចក្តីពិតទាំងនេះបានផ្តល់ពរយ៉ាងជ្រាលជ្រៅដល់ជីវិតរបស់ខ្ញុំ ។ ថ្ងៃនេះ ខ្ញុំចង់ចែកចាយជាមួយបងប្អូននូវរបៀបដែលសេចក្តីពិតទាំងនេះបានដឹកនាំខ្ញុំនៅក្នុងការធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍទីបន្ទាល់ដ៏ជាក់ច្បាស់មួយ នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
១. ព្រះគឺជាព្រះវរបិតាសួគ៌ដែលពេញដោយក្ដីស្រឡាញ់របស់យើង
ទ្រង់ជ្រាបអស់ទាំងការណ៍ និងមានគ្រប់ព្រះចេស្ដា ។ តាមរយៈពន្លឺនៃព្រះគ្រីស្ទ និងការងារបម្រើនៃព្រះវិញ្ញាណបរិសុទ្ធ នោះឥទ្ធិពលរបស់ទ្រង់មាននៅគ្រប់ទីកន្លែង ។ វាគឺជាចរិតលក្ខណៈរបស់ទ្រង់ដែលទ្រង់ចង់ប្រទានពរដល់យើង ។
ទ្រង់ទតឃើញអតីតកាល បច្ចុប្បន្នកាល និងជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង ។ គ្មានអ្វីអាចលាក់កំបាំងពីទ្រង់បានទេ ។
ការអញ្ជើញរបស់ប្រធាន រ័សុល អិម ណិលសុន ឲ្យ« គិតដល់សេឡេស្ទាល »លើកទឹកចិត្ដយើងឲ្យធ្វើតាមចក្ខុវិស័យ និងទេវភាពរបស់ព្រះវរបិតាសួគ៌របស់យើង ។
ដោយសារតែគុណលក្ខណៈដ៏ទេវភាពរបស់ទ្រង់ ព្រះវរបិតាសួគ៌របស់យើងប្រទានដល់យើងនូវរាល់អំណោយទានដែលល្អ ដោយអំណោយទាននីមួយៗមាននូវទស្សនៈ និងចក្ខុវិស័យដ៏អស់កល្បរបស់ទ្រង់ប្រកបដោយការយកព្រះទ័យទុកដាក់ ។
២. សិទ្ធិជ្រើសរើសគឺជាអំណោយទានដើម្បីជ្រើសយក និងធ្វើសកម្មភាពសម្រាប់ខ្លួនឯង
ការជ្រើសរើសត្រឹមត្រូវក៏ជាការទទួលខុសត្រូវមួយផងដែរ ។
ព្រះយេស៊ូវគ្រីស្ទបានបង់ថ្លៃដ៏ធំសម្រាប់អភ័យឯកសិទ្ធិនោះជាមួយនឹងព្រះលោហិតដ៏មានតម្លៃរបស់ទ្រង់ ។
ពេលខ្លះយើងអាចជឿថា សិទ្ធិជ្រើសរើសមានន័យថាការធ្វើអ្វីដែលយើងចង់ ។ ប៉ុន្តែការពិតថា តម្លៃនោះត្រូវបានបង់រួចហើយ មានន័យថាសិទ្ធិជ្រើសរើស គឺជាអំណោយមួយដ៏ពិសិដ្ឋ ។
យើងជាភ្នាក់ងារ ហើយភ្នាក់ងារមានការទទួលខុសត្រូវចំពោះអ្វីមួយ ។ នៅក្នុងករណីនេះ យើងទទួលខុសត្រូវចំពោះជម្រើសដែលយើងធ្វើ ដោយផ្អែកលើចំណេះដឹងដែលយើងមាន និងអំណោយទានដែលយើងបានទទួល ។ យើងមិនអាចធ្វើការជ្រើសរើសដោយមិនទទួលខុសត្រូវចំពោះលទ្ធផលបានទេ ។
ហេតុអ្វីយើងមានសិទ្ធិជ្រើសរើស ?
គឺដើម្បីជ្រើសរើសល្អ ។
ដើម្បីជ្រើសរើសព្រះគ្រីស្ទ ។
៣. ទីបន្ទាល់របស់យើងបានទទួលតាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ
សាក្សីមកពីព្រះវិញ្ញាណបរិសុទ្ធ គឺធំជាងការមើលឃើញទៅទៀត ។ ទ្រង់គឺជាសាក្សីដ៏ឧត្ដុង្គឧត្តមរបស់ព្រះវរបិតា និងព្រះរាជបុត្រា ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « នៅពេលខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេស្ដាណែនាំ ដឹកនាំ និងលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធនោះ » ។
បងប្អូនប្រុសស្រី នេះគឺជាមូលហេតុដែលយើងម្នាក់ៗត្រូវការព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធសព្វថ្ងៃនេះ ។
ទីបន្ទាល់តាមរយៈព្រះវិញ្ញាណបរិសុទ្ធអាចមកតាមរបៀបជាច្រើន ។ ប្រៀបដូចជាអំពូលភ្លើងនៅក្នុងបន្ទប់ងងឹតអ៊ីចឹង វាអាចកើតឡើងយ៉ាងខ្លាំង និងភ្លាមៗ ។ វាអាចមកដូចជាថ្ងៃរះបន្តិចម្តងៗ និងទៅតាមពេលវេលា ។ វាអាចមកដូចជាពន្លឺកាំរស្មី ដែលភ្លឹបភ្លែតៗឆ្ពោះទៅរកនូវប្រាជ្ញាដ៏បរិសុទ្ធ ។ មិនថាតាមរបៀបណាក៏ដោយ គឺវាមកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
ការស្វែងរកទីបន្ទាល់នៅប្រទេសហ្សាម៉ាអ៊ីក
ខ្ញុំធំឡើងនៅក្នុងប្រទេសហ្សាម៉ាអ៊ីកដ៏ស្រស់ស្អាត វាជាកន្លែងសប្បាយរីករាយ និងអស្ចារ្យ ។ ផ្ទុយទៅវិញ នៅពេលខ្ញុំចាប់ផ្តើមរៀននៅវិទ្យាល័យ មិត្តរួមថ្នាក់ និងមិត្តភក្តិមួយចំនួនមិនអាចយល់ពីការសម្រេចចិត្តរបស់ខ្ញុំ ដើម្បីក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនោះទេ ។ ពួកគេសួរថា « ម្ដេចបានជាឯងចូលរួមក្នុងសាសនាចក្រនោះ ? » ។ « តើឯងអាចជឿលើរឿងនោះបានយ៉ាងម៉េច ? »—សំដៅទៅលើការនិមិត្តដំបូង ។ « ម៉េចបានជាឯងអានព្រះគម្ពីរនោះ ? »—សំដៅទៅលើព្រះគម្ពីរមរមន ។ « តើឯងពិតជាជឿលើការណ៍ទាំងអស់នោះមែនឬ ? » និង « ហេតុអ្វីបានជាឯងខ្ជះខ្ជាយជីវិតរបស់ឯង ? »
វាឈឺចាប់ណាស់ ជាពិសេសនៅពេលដែលសំណួរទាំងនោះមកពីមនុស្សដែលខ្ញុំខ្វល់ខ្វាយ ។
ប៉ុន្តែអ្វីដែលពួកគេមិនដឹងនោះគឺ ខ្ញុំមានបទពិសោធន៍ជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ ។ កាលទីបន្ទាល់បំពេញចិត្តខ្ញុំ ការឈឺចាប់ក៏រសាយអស់មួយរំពេចនោះ រូបភាពស្ថានសួគ៌ហាក់[ ផុសឡើង ]ចំពោះមុខខ្ញុំ » ។
បងប្អូនប្រហែលជាត្រូវបានគេសួរសំណួរខ្លះៗទាំងនេះ ។ សូម្បីតែឥឡូវនេះ បងប្អូនប្រហែលជាកំពុងត្រូវបានគេសួរសំណួរពិបាកៗដូចខ្ញុំដែរ ។
អំណោយទាន និងសាក្សីនៃព្រះវិញ្ញាណបរិសុទ្ធមានសម្រាប់មនុស្សគ្រប់គ្នា ។
ប្រទេសហ្សាម៉ាអ៊ីកសម្រាប់ខ្ញុំប្រៀបដូចជាភូមិប៉ាលម៉ៃរ៉ា ចំពោះ យ៉ូសែប ស្ម៊ីធ ដែរ ។ វាគឺជាព្រៃពិសិដ្ឋរបស់ខ្ញុំ ។ ខ្ញុំមិនស្គាល់កន្លែងជាក់លាក់ដែលយ៉ូសែបបានលុតជង្គង់អធិស្ឋាននៅក្នុងព្រៃពិសិដ្ឋនោះទេ ប៉ុន្តែខ្ញុំដឹងយ៉ាងច្បាស់ថាខ្ញុំបាននៅកន្លែងណា នៅពេលដែលព្រៃពិសិដ្ឋរបស់ខ្ញុំបានក្លាយជាការពិត ។ វាបានកើតឡើងនៅផ្លូវហ្វ័រក្រូ មែនឌើវាល ប្រទេសហ្សាម៉ាអ៊ីក នៅក្នុងបន្ទប់ទឹករបស់ខ្ញុំ នៅម៉ោង៦:០០ព្រឹក នៅថ្ងៃពុធ បីឆ្នាំបន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ។ បទពិសោធន៍ដ៏ពិសិដ្ឋនេះបានកើតឡើង ដោយសារតែពីរសប្តាហ៍មុន មានអ្នកផ្សព្វផ្សាយសាសនាស្រីដ៏បំផុសគំនិតម្នាក់បានអញ្ជើញខ្ញុំឲ្យអានព្រះគម្ពីរមរមន ។ បងស្រី Audrey Krauss កំពុងចូលរួមសន្និសីទនេះនៅថ្ងៃនេះជាមួយគ្រួសាររបស់គាត់ ហើយខ្ញុំស្រឡាញ់គាត់ជារៀងរហូត។
បទពិសោធន៍នោះបានផ្លាស់ប្ដូរខ្ញុំ ។
បងប្អូនប្រុសស្រី ទីបន្ទាល់មួយមិនត្រូវបានផ្តល់ឲ្យសម្រាប់ការប្រើប្រាស់បណ្តោះអាសន្ននោះទេ ។ អំណោយទានដែលបានមកពីព្រះវរបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់នេះ គឺមានសម្រាប់ភាពអស់កល្បជានិច្ច ព្រោះអ្នកដែលប្រទាននោះគឺអស់កល្បជានិច្ច ។ ទីបន្ទាល់មិនគួរមានកាលបរិច្ឆេទផុតកំណត់ទេ ។ វាមិនគួរចុះខ្សោយ ឬថយចុះដោយសារតែអ្វីមួយនៅក្នុងជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរ ឬអ្វីមួយនៅក្នុងពិភពលោកបានផ្លាស់ប្តូរនោះទេ ។ វាគួរតែមានខ្លាំងទៅៗ ពីព្រោះដូចជាទេពកោសល្យរបស់អ្នកបម្រើនៅក្នុងរឿងប្រៀបប្រដូចអំពីប្រាក់ដែរ ទីបន្ទាល់ផ្ទាល់ខ្លួនរបស់ខ្ញុំគឺជាអំណោយទានមួយដែលត្រូវធ្វើឲ្យកើនឡើង មិនមែនយកទៅកប់ចោលនោះទេ ។
ការក្រឡេកមើលទៅថ្ងៃនៃការសាកល្បង និងការបៀតបៀនដ៏លំបាកទាំងនោះដែលខ្ញុំបានហែលឆ្លងកាលពីនៅក្មេង បានជួយខ្ញុំទៅដល់កន្លែងដែលខ្ញុំ ឥឡូវបានដឹងសម្រាប់ខ្លួនខ្ញុំផ្ទាល់ ។ ខ្ញុំមិនត្រឹមតែជឿ សង្ឃឹម ឬទុកចិត្តប៉ុណ្ណោះទេ ទោះបីជាទាំងនេះគឺជាផ្នែកតូចល្អិតនៃសេចក្តីជំនឿនៅលើផ្លូវទៅកាន់ទីបន្ទាល់ដ៏ប្រាកដច្បាស់ មួយក៏ដោយ ។ ខ្ញុំសូមសរសើរបងប្អូនចំពោះការខ្នះខ្នែងអភិវឌ្ឍទីបន្ទាល់របស់បងប្អូន ដោយការសួរសំណួរ ការសិក្សា ការអធិស្ឋាន ការតមអាហារ និងការជញ្ជឹងគិត ។ សូមកុំឈប់ឡើយ ។ វាមានតម្លៃណាស់ក្នុងការខិតខំប្រឹងប្រែងដើម្បីបន្តនៅលើផ្លូវនេះដើម្បីមានទីបន្ទាល់ ។ តើបងប្អូននឹងអនុញ្ញាតឲ្យអ្នកណា ឬអ្វីមួយយកទីបន្ទាល់ចេញឬ ? « តើបងប្អូនអាចមានទីបន្ទាល់ឯណាដែលអស្ចារ្យជាងទីបន្ទាល់ដែលមកពីព្រះនោះ ? »
បុត្រាបុត្រីរបស់ព្រះគ្រប់រូបអាចទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅ រឹងមាំ និងច្បាស់លាស់សម្រាប់ខ្លួនពួកគេផ្ទាល់បាន ។ ដូច យ៉ូសែប ស្ម៊ីធ ដែលបានបញ្ជាក់ពីទីបន្ទាល់លោកទោះបីជាមានការប្រឆាំងក៏ដោយ យើងអាចនិយាយយ៉ាងក្លាហានបានថា « ខ្ញុំដឹងថា ខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំដឹងថា ព្រះទ្រង់ក៏ដឹងថាខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំពុំអាចបដិសេធរឿងនេះ ឬក៏ហ៊ានធ្វើយ៉ាងដូច្នោះបានឡើយ » ។
បងប្អូនជាទីស្រឡាញ់របស់ខ្ញុំ សូមទុកឲ្យគ្រាប់ពូជដ៏តូចនៃទីបន្ទាល់របស់បងប្អូនដុះនៅក្នុងបងប្អូន រហូតទាល់តែវាលូតឡើងទៅជាចំណេះដឹងដ៏រុងរឿង ដ៏អស់កល្បជានិច្ច ។
ប្រសិនបើបងប្អូនបានទទួលពិធីបុណ្យជ្រមុជទឹក និងបានបញ្ជាក់ជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប៉ុន្តែនៅតែតស៊ូជាមួយនឹងពាក្យថា « ខ្ញុំមិនប្រាកដថា ខ្ញុំដឹងនោះទេ » សូមចងចាំការសន្យានៅក្នុងការអធិស្ឋានពិធីសាក្រាម៉ង់នេះ ៖ « ប្រយោជន៍ឲ្យពួកគេអាចបានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយនឹងពួកគេជាដរាប » ។ ដោយសារការសន្យានេះ យើងម្នាក់ៗអាចបន្តដំណើរទៅរកទីបន្ទាល់និងចំណេះដឹងដ៏ប្រាកដមួយ ។
ទទួលខុសត្រូវលើទីបន្ទាល់របស់បងប្អូន
ឥឡូវនេះគឺជាសេចក្តីពិតដ៏ធំអស្ចារ្យមួយ ៖ តាមរបៀបណាក៏ដោយ ដែលទីបន្ទាល់ត្រូវបានប្រទានឲ្យ—មិនថាវាមកបន្ដិចម្ដងៗដូចថ្ងៃរះ ឬមកក្នុងចក្ខុវិស័យដ៏រុងរឿងនោះទេ—វានៅតែទាមទារឲ្យមានការរជ្រើសរើស មួយដើម្បីទទួលបានអំណោយទានដ៏មានតម្លៃនេះ ។
ការនិយាយថា « ខ្ញុំជ្រើសរើសដើម្បីជឿ » ធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការទទួលបានសាក្សីមកពីព្រះ ។ ប្រសិនបើយើងឃើញថាទីបន្ទាល់របស់យើងចុះខ្សោយ សូមចងចាំថាវាគឺជាជម្រើសដែលយើងធ្វើដែលកាត់បន្ថយព្រះចេស្តានៃទីបន្ទាល់នេះ ។ ប៉ុន្តែទីបន្ទាល់មិនបានទៅណានោះទេ ។ យើងគ្រាន់តែត្រូវជ្រើសរើសភ្ជាប់ជាមួយវាឡើងវិញប៉ុណ្ណោះ ។
ការជ្រើសរើសជឿគឺជារបៀបដ៏ឆ្លាតវៃ និងមានឥទ្ធិពលមួយក្នុងការប្រើប្រាស់សិទ្ធជ្រើសរើសរបស់បងប្អូនឲ្យបានត្រឹមត្រូវ ។
ខ្ញុំមិនអាចមើលឃើញវិធីណាល្អជាងនេះ ក្នុងការប្រើសិទ្ធិជ្រើសរើសរបស់ខ្ញុំ ជាងការការពារទីបន្ទាល់របស់ខ្ញុំនោះទេ ។
ប្រធាន ណិលសុន បានបង្រៀន ៖ « ខ្ញុំសូមអង្វរបងប្អូនឲ្យទទួលខុសត្រូវលើទីបន្ទាល់របស់បងប្អូន ។ សូមខិតខំដើម្បីមានទីបន្ទាល់នោះ ។ សូមមានវាផ្ទាល់ខ្លួន ។ សូមខ្វល់ខ្វាយពីវា ។ សូមចិញ្ចឹមបីបាច់វា ដើម្បីឲ្យវាលូតលាស់ ។ សូមពង្រឹងវាដោយសេចក្ដីពិត » ។
ចំពោះខ្ញុំ ពាក្យទទួលខុសត្រូវ ខិតខំ ខ្វល់ខ្វាយ មានផ្ទាល់ខ្លួន ចិញ្ចឹមបីបាច់ និងពង្រឹង ស្ដាប់ទៅដូចជាភ្នាក់ងារ ម្នាក់ដែលត្រូវបានផ្តល់ឲ្យនូវការគ្រប់គ្រងទៅលើអ្វីដែលមានតម្លៃ និងសំខាន់ ។
នៅក្នុងសាសនាចក្រសម័យដើម ប៉ាលី ភី ប្រាត្ត មានអារម្មណ៍មិនពេញចិត្តនឹងព្យាការី យ៉ូសែប ស្ម៊ីធ ហើយបានជ្រើសរើស រិះគន់លោក និងសាសនាចក្រ ។ នៅពេល យ៉ូហាន ថេលើរ ជាអ្នកដែលប៉ាលីបានបង្រៀនដំណឹងល្អបានមកដល់ទីក្រុង ប៉ាលីបាននាំលោកទៅម្ខាង ហើយបានព្រមានលោកមិនឲ្យធ្វើតាមយ៉ូសែប ។ លោក យ៉ូហាន ថេលើរ បាននិយាយទៅកាន់ ប៉ាលី ៖
« មុនពេលលោកចាកចេញពីប្រទេសកាណាដា លោកបានបង្ហាញទីបន្ទាល់ដ៏រឹងមាំមួយថា យ៉ូសែប ស្ម៊ីធ ជាព្យាការីរបស់ព្រះ … ហើយលោកបានមានប្រសាសន៍ថា លោកបានដឹងរឿងទាំងនេះដោយវិវរណៈ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
« … ឥឡូវនេះ ខ្ញុំមានទីបន្ទាល់ដូចគ្នាដែលលោកបានអររីករាយនៅកាលនោះ ។ ប្រសិនបើកាលពីប្រាំមួយខែមុន កិច្ចការនេះពិត វាក៏ពិតនៅថ្ងៃនេះដែរ ។ ប្រសិនបើ យ៉ូសែប ស្ម៊ីធ ពេលនោះជាព្យាការី ឥឡូវនេះលោកក៏ជាព្យាការីដែរ » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា យ៉ូសែប ស្ម៊ីធ គឺជាព្យាការីរបស់ព្រះ ហើយថាអំណាចនិងការទទួលខុសត្រូវដែលលោកបានទទួលកំពុងបន្តនៅសព្វថ្ងៃនេះផងដែរ ។ ព្រះយេស៊ូវគ្រីស្ទដឹកនាំកិច្ចការនេះ ។
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យគិតអំពីផ្លូវរបស់បងប្អូនទៅកាន់សាក្សីដ៏ប្រាកដច្បាស់ នៃព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ ទទួលខុសត្រូវចំពោះទីបន្ទាល់របស់បងប្អូន សូមប្រើសិទ្ធិជ្រើសរើសរបស់បងប្អូនដោយឆ្លាតវៃ និងទទួលស្គាល់អង្គដែលប្រទាន និងគុណលក្ខណៈដ៏រុងរឿងទាំងអស់របស់ទ្រង់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា អំណាចគឺនៅក្នុងបងប្អូន ។ គ្មាននរណាម្នាក់អាចជ្រើសរើសឲ្យបងប្អូនបានទេ ។ គ្មាននរណាម្នាក់អាចយកអំណោយនេះចេញបានទេ ។ បងប្អូនអាចជ្រើសរើសដើម្បីជឿ ។
ខ្ញុំសូមសន្យាថា នៅពេលបងប្អូនធ្វើដូចនេះ ទីបន្ទាល់របស់បងប្អូននឹងក្លាយជា « អណ្តូងនៃទឹករស់ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច » ។ វានឹងក្លាយជាយុថ្កា មួយ និងជាអ្នកលើកទឹកចិត្ត ហើយវានឹងទ្រទ្រង់ បងប្អូនឲ្យឆ្លងកាត់ពេលវេលាដ៏លំបាកទាំងឡាយបាន ។ វានឹងអនុញ្ញាតឲ្យ បងប្អូនអភិវឌ្ឍអំណោយទានខាងវិញ្ញាណ ។ វានឹងជួយ បងប្អូននៅក្នុងការផ្ដល់ការងាបម្រើ និងការបម្រើផ្ទាល់ខ្លួនរបស់បងប្អូន ។ វានឹងក្លាយជាអាវុធ មួយប្រឆាំងនឹងសាតាំង និងពួកមារសត្រូវរបស់បងប្អូន ។ ទីបន្ទាល់របស់បងប្អូននឹងក្លាយជាសេចក្តីអំណរ កាលដែលបងប្អូនមើលឃើញវាកើតមានឡើងម្ដងទៀតនៅក្នុងកូន ចៅ ចៅទួតរបស់បងប្អូន និងនៅក្នុងមនុស្សដែលបងប្អូនស្រឡាញ់ និងបម្រើ ។ វានឹងមានអានុភាព នៅពេលដែលបងប្អូនចែកចាយវា និងប្រើវាដើម្បីធ្វើទីបន្ទាល់ ។
បងប្អូនដឹងថា បងប្អូនដឹង ។ ខ្ញុំដឹងថា ខ្ញុំដឹង ។ យើងត្រូវការសាក្សីដ៏ប្រាកដច្បាស់ បន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ សូមបង្កើតទីបន្ទាល់ដ៏រឹងមាំមួយ ! សូមស្វែងរកវា ! វាគឺចាំបាច់ខ្លាំងណាស់ ! នេះគឺជាគ្រាកាន់កាប់ត្រួតត្រាចុងក្រោយ—គ្រាកាន់កាប់ត្រួតត្រាក្នុងកាលដែលពេញកំណត់ ។
ព្រះយេស៊ូវគ្រីស្ទបានប្រកាសសេចក្តីពិតនេះថា ៖ « ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ តែពាក្យខ្ញុំមិនដែលបាត់ឡើយ » ។
បងប្អូនប្រុសស្រី ទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទមិនមែនជាអំណោយទានបណ្ដោះអាសន្ននោះឡើយ ។ មិនមានអ្វីបណ្ដោះអាសន្នអំពីការណ៍នោះទេ—សូម្បីអង្គដែលប្រទានឲ្យ សូម្បីអំណោយទាន និងសូម្បីអ្នកទទួលអំណោយទានក៏មិនមែន គឺគ្មានបណ្ដោះអាសន្ននោះឡើយ ។ សូមឲ្យទីបន្ទាល់របស់បងប្អូនបានពិពណ៌នាតាមរបៀបដូចគ្នានេះដែរ ។ ទោះបីជា « ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ » ទីបន្ទាល់ និងសាក្សីរបស់បងប្អូនអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ នឹងមិន ដែលបាត់ឡើយ ។ ឥឡូវនេះជាពេលដែលត្រូវទទួលយកនូវអំណោយទានដ៏វិសេសវិសាលនេះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕