សន្និសីទទូទៅ
ការលើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៥


11:53

ការលើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក

មានតែ​ព្រះអម្ចាស់​ទេ​ដែល​ដឹង​ច្បាស់​អំពី​ដែនកំណត់ និង​សមត្ថភាព​របស់​យើង ហើយ​ដោយ​សារតែ​ដូច្នោះ ទ្រង់​ជា​អង្គ​តែ​មួយ​គត់​ដែល​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការវិនិច្ឆ័យ​កិច្ចការ​របស់​យើង ។

ថ្មីៗ​នេះ ខ្ញុំ​បាន​អាន​អំពី​បទពិសោធន៍​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ។ វា​បាន​កើត​ឡើង​នៅ​កម្មវិធី​ម្ចាស់​ជើងឯក​រត់ប្រណាំង​ថ្នាក់​ជាតិ​សហរដ្ឋ​អាមេរិក—ដែល​ជា​ការប្រកួត​សម្រាប់​មនុស្ស​ចាស់ ។

អ្នកចូលរួម​ម្នាក់​ក្នុង​ព្រឹត្តិការណ៍ ១៥០០ម៉ែត្រ គឺ អូវីល រ៉ជ័រ អាយុ​១០០ឆ្នាំ ។ អ្នកនិពន្ធ​សរសេរ​ថា ៖

« ពេល​ដែល​កាំភ្លើង​ចាប់ផ្ដើម​កម្មវិធី​បាន​បាញ់​ឡើង អ្នករត់​បាន​ចាប់ផ្ដើម​រត់ អូវីល​បាន​ធ្លាក់​ទៅ​លេខ​ចុងគេ​ភ្លាមៗ គាត់​បាន​បន្ដ​រត់​តែ​ម្នាក់ឯង​ពេញ​មួយ​ការប្រកួត ដោយ​រត់​អូស​ជើង​យ៉ាង​យឺតៗ ។ [ ពេល ] អ្នករត់​ចុងក្រោយ​គេ​បាន​ទៅ​ដល់​ទី អូវីល​នៅ​មិន​ទាន់​បាន​ទៅ​ដល់​ទី​ទេ គាត់​ត្រូវ​រត់​ពីរ​ជុំ​កន្លះ​ទៀត​ទើប​ទៅ​ដល់​ទីដៅ ។ អ្នកទស្សនា​ជិត​៣០០០នាក់​អង្គុយ​ស្ងៀម​មើល​គាត់​រត់​យ៉ាង​យឺតៗ​ជុំវិញ​ផ្លូវ​រត់​ប្រណាំង​នោះ—តែ​ម្នាក់​ឯង​ដោយ​ស្ងាត់ស្ងៀម វា​មិន​ស្រួល​នោះ​ទេ​ ។

« [ ប៉ុន្តែ ] នៅពេល​ដែល​គាត់​ចាប់ផ្តើម​រត់​ជុំ​ចុងក្រោយ ហ្វូង​មនុស្ស​បាន​ក្រោក​ឈរ​ឡើង​ស្រែក​ផង​ទះដៃ​ផង ដើម្បី​លើក​ទឹកចិត្ត​ដល់​គាត់ ។ ពេល​ដែល​គាត់​បាន​មកដល់​គំនូស​ទី​ផ្ដាច់​ព្រ័ត្រ ហ្វូង​មនុស្ស​បាន​ស្រែក​ហ៊ោ​កញ្រ្ជៀវ​ឡើង ។ ជាមួយ​នឹង​ការលើក​ទឹកចិត្ត​ពី​អ្នកទស្សនា​រាប់​ពាន់​នាក់ អូវីល​បាន​ប្រឹង​រត់​ដោយ​អស់​ពី​កម្លាំង​ចុង​ក្រោយ​បង្អស់​ដែល​គាត់​មាន ។ ហ្វូង​មនុស្ស​ស្រែក​ហ៊ោ​ដោយ​ភាពរីករាយ​នៅពេល​ឃើញ​គាត់​ឆ្លងកាត់​គំនូស​ផ្ដាច់ព្រ័ត្រ​បាន​សម្រេច ហើយ​ដៃគូ​ប្រកួត​ប្រជែង​របស់​គាត់​បាន​រត់​ឱប​គាត់ ។ អូវីល​បាន​គ្រវី​ដៃ​ដោយ​រាបសា និង​ដឹងគុណ​ទៅកាន់​ហ្វូង​មនុស្ស ហើយ​ដើរ​ចេញ​ពី​ផ្លូវ​រត់​ប្រណាំង​ជាមួយ​មិត្ត​ថ្មី​របស់​គាត់ » ។

នេះ​គឺជា​ការប្រកួត​លើក ទីប្រាំ របស់អូវីល ហើយ​នៅក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត គាត់ ក៏ ស្ថិតនៅ​ចំណាត់​ថ្នាក់​ចុងក្រោយ​គេ​បង្អស់​ដែរ ។ អ្នកខ្លះ​ប្រហែល​ជា​ត្រូវបាន​ល្បួង​ឲ្យ​វិនិច្ឆ័យ​អូវីល ដោយ​គិត​ថា​គាត់​មិន​គួរ​ទៅ​ប្រកួត​ទេ​នៅ​អាយុ​នេះ—ថា​គាត់​មិន​សម​មក​រត់​ប្រណាំង ហើយ​ធ្វើឲ្យ​កម្មវិធី​គេ​យឺតយ៉ាវ​ដោយសារតែ គាត់ ឡើយ ។

ទោះបី​គាត់​តែងតែ​ជា​អ្នក​ដែល​រត់​ដល់​ទី​ចុងក្រោយ​គេ​ក៏​ដោយ អូវីល​បាន​បំបែក​កំណត់ត្រា​ពិភពលោក​ចំនួន​ប្រាំ​នៅ​ថ្ងៃ​នោះ ។ គ្មាន​នរណា​ម្នាក់​ដែល​មក​មើល​គាត់​រត់​ប្រណាំង​ជឿ​ថា​វា​អាច​ទៅ​រួច​នោះ​ទេ ប៉ុន្តែ​ទាំង​អ្នកទស្សនា ឬ​ដៃគូ​ប្រកួត​របស់​គាត់​មិន​មែន​ជា​គណៈកម្មការ​កាត់​សេចក្ដី​ទេ ។ អូវីល​មិន​បាន​បំពាន​ច្បាប់​ណា​មួយ​ទេ ហើយ​អ្នក​រៀបចំ​ការប្រកួត​ក៏​មិន​បាន​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​ណាមួយ​នៃ​ការប្រកួត​ដែរ ។ គាត់​បាន​រត់​ប្រណាំង​ដូច​អ្នកដទៃ​ទៀត ហើយ​បាន​បំពេញ​តាម​លក្ខខណ្ឌ​ដូចគ្នា​ទៅនឹង​ដៃគូ​ប្រកួត​ផ្សេង​ទៀត​ទាំងអស់ ។ ប៉ុន្តែ​ក្នុង​ករណី​នេះ—កម្រិត​នៃ​ការលំបាក​របស់​គាត់ គឺ​អាយុ និង​សមត្ថភាព​រាងកាយ​ដែល​មាន​កំណត់—វា​ជា​កត្ដា​ដែល​ធ្វើ​ឲ្យ​គេ​ដាក់​គាត់​នៅក្នុង​ក្រុម​ដែល​មាន​អាយុ​ចាប់​ពី​១០០ឆ្នាំ​ឡើង​ទៅ ។ ហើយ​នៅ​ក្នុង​ក្រុម នោះ គាត់​បាន​បំបែក​កំណត់ត្រា​ពិភពលោក​ចំនួន​ប្រាំ ។

ដូច​ដែល​អូវីល​ត្រូវការ​ភាពក្លាហាន​យ៉ាងខ្លាំង ដើម្បី​ឈាន​ជើង​ចេញ​ទៅលើ​ផ្លូវ​រត់​ប្រណាំង​នោះ​រាល់​ដង បងប្អូន​ប្រុសស្រី​របស់​យើង​មួយ​ចំនួន​ក៏​ត្រូវការ​ភាពក្លាហាន​យ៉ាង​ខ្លាំង​ដើម្បី​ឈាន​ជើង​ចូល​ទៅ​ក្នុង​ឆាក​ជីវិត​ដែល​មាន​ការប្រកួត​ប្រជែង​ជា​រៀង​រាល់​ថ្ងៃ​ដែរ ដោយ​ដឹង​ថា​ពួកគេ​អាច​ត្រូវ​បាន​គេ​វិនិច្ឆ័យ​ដោយ​អយុត្តិធម៌ ទោះជា​ពួកគេ​កំពុង​ធ្វើ​ល្អបំផុត​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ និង​គោរព​តាម​សេចក្តីសញ្ញា​របស់​ពួកគេ​ជាមួយ​ទ្រង់ ទោះបី​មាន​ឧបសគ្គ​ក៏​ដោយ ។

មិន​ថា​យើង​រស់នៅ​ទីណា​ក្នុង​ពិភពលោក​នេះ មិន​ថា​យើង​មាន​អាយុ​ប៉ុន្មាន​ទេ វា​ជា​តម្រូវការ​មូលដ្ឋាន​របស់​មនុស្ស ដែល​យើង ទាំងអស់គ្នា ត្រូវការ​អារម្មណ៍​ដែល​ថា​យើង​គឺជា​ចំណែក​មួយ អារម្មណ៍​ថា​មាន​គេ​ចង់បាន និង​ត្រូវការ​យើង ហើយ​ថា​ជីវិត​របស់​យើង​មាន​គោលបំណង និង​អត្ថន័យ មិនថា​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ណា ឬ​មាន​ដែនកំណត់​ត្រឹម​ណា​ទេ ។

នៅ​ជុំ​ចុងក្រោយ​នៃ​ការប្រណាំង ហ្វូង​មនុស្ស​បាន​លើក​ទឹកចិត្ត​អូវីល​យ៉ាងខ្លាំង ផ្តល់​កម្លាំងចិត្ត​ដល់​គាត់​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ។ វា​មិន​ជា​បញ្ហា​ទេ​ដែល​គាត់​បាន​ទៅ​ដល់​ទី​ចុងក្រោយ​គេ​នោះ ។ សម្រាប់​អ្នកចូលរួម និង​ហ្វូង​មនុស្ស នេះ​គឺ​លើស​ពី​ការប្រកួត​មួយ ។ តាម​របៀប​ជា​ច្រើន នេះ​ជា​គំរូ​ដ៏​ស្រស់ស្អាត​មួយ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ស្ដែង​ចេញ​តាមរយៈ​សកម្មភាព ។ នៅពេល​អូវីល​ទៅដល់​ទី ពួកគេ​ទាំងអស់គ្នា​អររីករាយ​ជាមួយ​គ្នា ។

ដូចគ្នា​នឹង​ការប្រកួត​ម្ចាស់​ជើងឯក​នេះ​ដែរ ក្រុមជំនុំ និង​ក្រុមគ្រួសារ​របស់​យើង​អាច​ជា​កន្លែង​ប្រមូល​ផ្តុំ​ដែល​យើង​លើក​ទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក—ជា​សហគមន៍​នៃ​សេចក្ដីសញ្ញា​ដែល​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក—ជួយ​គ្នា​ទៅវិញ​ទៅមក​យកឈ្នះ​ឧបសគ្គ​ណា​ក៏​ដោយ​ដែល​យើង​ប្រឈម​មុខ ផ្តល់​កម្លាំង និង​ការលើក​ទឹកចិត្ត​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មិន​វិនិច្ឆ័យ​គ្នា ។ យើង ត្រូវការ គ្នា​ទៅវិញ​ទៅមក ។ កម្លាំង​ដ៏​ទេវភាព​បានមក​ពី​ភាពសាមគ្គី​គ្នា​ ហើយ​វា​ជា​មូលហេតុ​ដែល​សាតាំង​មាន​បំណង​បំបែក​យើង ។

ជាអកុសល សម្រាប់​ពួកយើង​មួយ​ចំនួន ការមក​ព្រះវិហារ​គឺ​ជា​ការលំបាក​នៅ​ពេល​ខ្លះ​សម្រាប់​ហេតុផល​ផ្សេងៗ​គ្នា​ជាច្រើន ។ វា​អាច​ជា​នរណា​ម្នាក់​ដែល​ជួប​ការលំបាក​ជាមួយ​នឹង​ការសង្ស័យ​អំពី​ជំនឿ ឬ​នរណា​ម្នាក់​ដែល​មាន​ការថប់​បារម្ភ​ខាង​សង្គម ឬ​ជំងឺ​ធ្លាក់​ទឹកចិត្ត ។ វា​អាច​ជា​នរណា​ម្នាក់​មកពី​ប្រទេស ឬ​ពូជសាសន៍​ផ្សេងគ្នា ឬ​នរណា​ម្នាក់​ដែល​មាន​បទពិសោធន៍​ជីវិត​ផ្សេង ឬ​របៀប​ដែល​គេ​មើល​អ្វីៗ​ខុស​ពី​យើង គេ​អាច​មាន​អារម្មណ៍​ថា​ពួកគេ​មិន​មែន​ជា​ចំណែក​មួយ​នៅ​ក្នុង​ចំណោម​យើង​នោះ​ទេ ។ វា​ក៏អាច​ជា​ឪពុក​ម្តាយ​ដែល​គេង​មិន​គ្រប់ និង​ពិបាក​ក្នុង​ការថែទាំ​ទារក និង​កូន​តូចៗ ឬ​នរណា​ម្នាក់​ដែល​នៅ​លីវ​ដែល​ស្ថិត​នៅក្នុង​ក្រុមជំនុំ​ដែល​មាន​ពេញ​ទៅដោយ​គូស្វាមី​ភរិយា និង​ក្រុមគ្រួសារ ។ វា​អាច​ជា​នរណា​ម្នាក់​ដែល​កំពុង​ប្រឹង​ប្រមូល​ភាពក្លាហាន​ដើម្បី​ត្រឡប់​មក​ព្រះវិហារ​វិញ​បន្ទាប់ពី​មិន​បាន​មក​ជាច្រើន​ឆ្នាំ ឬ​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​បារម្ភ​ថា​ពួកគេ​មិន​ស័ក្ដិសម និង​មិន​ដែល​ចូល​ក្នុង​ចំណោម​នេះ​ចុះ​ឡើយ ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖ « បើ​ស្វាមី​ភរិយា​មួយ​គូ​ក្នុង​វួដ​របស់​បងប្អូន​លែងលះ​គ្នា ឬ​អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ម្នាក់​ត្រឡប់​មក​ផ្ទះ​មុន​កំណត់ ឬ​ក្មេង​ជំទង់​ម្នាក់​សង្ស័យ​ពី​ទីបន្ទាល់​ខ្លួន នោះ​ពួកគេ​មិន​ត្រូវការ​ការវិនិច្ឆ័យ​របស់​បងប្អូន​ឡើយ ។ ពួកគេ​ត្រូវការ​ដក​ពិសោធន៍​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ឆ្លុះ​បញ្ចាំង​តាម​ពាក្យ​សម្ដី និង​សកម្មភាព​របស់​បងប្អូន » ។

បទពិសោធន៍​នៅ​ព្រះវិហារ​របស់​យើង គឺ​ក្នុង​គោលបំណង​ដើម្បី​បង្កើត​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ព្រះអម្ចាស់ និង​ជាមួយ​គ្នា​ទៅវិញ​ទៅមក ដែល​ចាំបាច់​ដល់​សុខុមាលភាព​ខាង​រាងកាយ ខាង​សតិអារម្មណ៍ និង​ខាងវិញ្ញាណ​របស់​យើង​យ៉ាង​ខ្លាំង ។ នៅ​ជាប់​ជាមួយ​នឹង​សេចក្ដីសញ្ញា​ដែល​យើង​បាន​ចុះ​ជាមួយ​នឹង​ព្រះ ដោយ​ចាប់ផ្តើម​ជាមួយ​នឹង​ពិធីបុណ្យ​ជ្រមុជទឹក គឺ​ជា​ទំនួល​ខុសត្រូវ​របស់​យើង​ដើម្បី​ស្រឡាញ់ និង​ថែទាំ​គ្នា​ទៅវិញ​ទៅមក ជា​សមាជិក​នៃ​គ្រួសារ​របស់​ព្រះ សមាជិក​នៃ​រូបកាយ​របស់​ព្រះគ្រីស្ទ ហើយ​មិន​មែន​គ្រាន់តែ​ដើម្បី​គូស​ធីក​បញ្ជី​កិច្ចការ​ត្រូវ​ធ្វើ​នោះ​ទេ ។

សេចក្តី​ស្រឡាញ់ និង​ការថែទាំ​ដូច​ព្រះគ្រីស្ទ​គឺ​ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង ។ សេចក្តី​ស្រឡាញ់​ដ៏​បរិសុទ្ធ​នៃ​ព្រះគ្រីស្ទ​គឺ​ជា​សេចក្ដីសប្បុរស ។ ដូច​ដែល​ប្រធាន ណិលសុន បាន​បង្រៀន​ថា « សេចក្ដី​សប្បុរស​ជំរុញ​ឲ្យ​យើង ‹ យល់ព្រម​ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅមក › [ ម៉ូសាយ ១៨:៨ ] ជាជាង ដាក់ បន្ទុក លើ គ្នា​កាន់​តែ​ធ្ងន់ » ។

ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា « គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ សេចក្ដី​នេះ ឯង គឺ​ដោយ​អ្នករាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅ​មក » ។ ហើយ​ប្រធាន ណិលសុន បាន​បន្ថែម​ថា ៖ « សេចក្ដី​សប្បុរស​គឺជា​ចរិត​លក្ខណៈ​ដ៏​សំខាន់​របស់​អ្នក​ដើរតាម​ដ៏ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ » ។ « សារលិខិត​របស់​ព្រះអង្គ​សង្រ្គោះ​គឺ​ច្បាស់​ណាស់ ៖ សិស្ស ដ៏​ពិត របស់​ទ្រង់​ស្ថាបនា លើកស្ទួយ លើក​ទឹកចិត្ត បញ្ចុះ​បញ្ចូល និង​បំផុស​គំនិត ។ … របៀប​ដែល​យើង​និយាយ​ទៅកាន់ និង​ពី​អ្នកដទៃ … សំខាន់​ខ្លាំង​ណាស់ » ។

ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​រឿង​នេះ​គឺ​សាមញ្ញ​ណាស់ ។ វា​ត្រូវបាន​សង្ខេប​នៅក្នុង​ច្បាប់​មាស ៖ ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដូច​ដែល​អ្នក​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​អ្នក។ ចាត់ទុក​ខ្លួន​បងប្អូន​ថា​ជា​មនុស្ស​នោះ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួកគេ​តាម​របៀប​ដែល បងប្អូន ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​បងប្អូន​វិញ ប្រសិន​បើ​បងប្អូន​ស្ថិត​នៅក្នុង​ស្ថានភាព របស់​ពួកគេ

ការប្រព្រឹត្ត​ដូច​ព្រះគ្រីស្ទ​ចំពោះ​អ្នកដទៃ​គប្បី​ធ្វើ​ឡើង លើស ពី​គ្រាន់​តែ​នៅក្នុង​គ្រួសារ និង​ក្រុមជំនុំ​របស់​យើង​ទៅទៀត ។ វា​រួមបញ្ចូល​ទាំង​បងប្អូន​ប្រុស​ស្រី​របស់​យើង​ដែល​មាន​ជំនឿ​ខុស​ពី​យើង ឬ​គ្មាន​ជំនឿ​ទាល់តែ​សោះ ។ វា​រួមបញ្ចូល​ទាំង​បងប្អូន​ប្រុស​ស្រី​របស់​យើង​មក​ពី​ប្រទេស និង​វប្បធម៌​ផ្សេងទៀត ក៏ដូច​ជា​បងប្អូន​ដែល​មាន​ទស្សនៈ​ផ្នែកនយោបាយ​ផ្សេងគ្នា​ផងដែរ ។ យើង ទាំងអស់ គ្នា​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​ព្រះ ហើយ​ទ្រង់​ស្រឡាញ់​បុត្រា​បុត្រី​ទ្រង់ ទាំងអស់ ។ ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​ស្រឡាញ់ ទ្រង់ ហើយ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ផងដែរ ។

ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​គឺជា​គំរូ​មួយ​នៃ​ការស្រឡាញ់ ការប្រមូលផ្តុំ និង​ការលើកស្ទួយ​គ្នា សូម្បី​តែ​ពួកអ្នក​ដែល​សង្គម​បាន​វិនិច្ឆ័យ​ថា​ជា​មនុស្ស​ដែល​ខ្ចាត់ព្រាត់ និង​មិន​ស្អាតស្អំ​ក្ដី ។ ព្រះជន្ម​របស់​ទ្រង់​គឺជា​គំរូ​មួយ​ដែល​យើង​ត្រូវបាន​បញ្ជា​ឲ្យ​ធ្វើ​តាម ។ យើង​មក​ផែនដី​នេះ​ដើម្បី​អភិវឌ្ឍ​គុណលក្ខណៈ​ដូច​ព្រះគ្រីស្ទ ហើយ​នៅ​ទីបំផុត​ក្លាយ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ដំណឹងល្អ​របស់​ទ្រង់​មិន​មែន​ជា​ដំណឹងល្អ​ដែល​គ្រាន់​តែ​ជា​បញ្ជី​ត្រួត​ពិនិត្យ​ធីក​ចោល​នោះទេ វា​គឺជា​ដំណឹងល្អ​នៃ​ការប្រែក្លាយ​ជា—ប្រែក្លាយ​ដូច​ជា ទ្រង់ ហើយ​ស្រឡាញ់​ដូច​ជា ទ្រង់ ស្រឡាញ់ ។ ទ្រង់​ចង់​ឲ្យ​យើង​ក្លាយជា​រាស្ត្រ​នៃ​ស៊ីយ៉ូន ។

ពេល​ខ្ញុំ​អាយុ​ម្ភៃ​ក្រាស់ មាន​គ្រា​មួយ​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​ការធ្លាក់​ទឹកចិត្ត​យ៉ាង​ខ្លាំង ហើយ​ក្នុង​អំឡុង​ពេល​នោះ វា​ហាក់​បី​ដូច​ជា​ការពិត​ដែល​ថា​មាន​ព្រះ ស្រាប់តែ​រសាយ​ទៅ​បាត់ ។ ខ្ញុំ​មិន​អាច​ពន្យល់​ឲ្យ​បាន​ពេញលេញ​ពី​អារម្មណ៍​នោះ​ទេ ក្រៅពី​និយាយ​ថា​ខ្ញុំ​មាន​អារម្មណ៍​ថា​វង្វេង​បាត់​ទាំងស្រុង ។ ​ចាប់​តាំង​ពី​ពេល​ដែល​ខ្ញុំ​នៅ​ជា​ក្មេង​តូច​ម្នាក់ ខ្ញុំ​តែងតែ​ដឹង​ថា ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​គង់​នៅ​ទី​នោះ ហើយ​ថា​ខ្ញុំ​អាច​និយាយ​ទៅកាន់​ទ្រង់ ។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​មិន​ដឹង​ថា​តើ មាន ព្រះ​ទៀត​ឬ​អត់​នោះ​ទេ ។ ខ្ញុំ​មិន​ធ្លាប់​មាន​បទពិសោធន៍​អ្វី​បែបនេះ​ពី​មុន​មក​ទេ​ក្នុង​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្រឹះ​របស់​ខ្ញុំ​ទាំងមូល​កំពុង​ដួល​រលំ ។

ជា​លទ្ធផល វា​លំបាក​សម្រាប់​ខ្ញុំ​ក្នុង​ការចូលរួម​ព្រះវិហារ ។ ខ្ញុំ​បាន​ទៅ ប៉ុន្តែ​ចិត្ត​ខ្ញុំ​មិន​នៅ​ទីនោះ​ទាំងស្រុង​ទេ ដោយសារ​តែ​ខ្ញុំ​ខ្លាច​គេ​ដាក់​ស្លាក​ឲ្យ​ថា « អសកម្ម » ឬ « មិន​សូវ​ស្មោះត្រង់ » ហើយ ខ្ញុំ​ខ្លាច​ខ្លួន​ឯង​ក្លាយ​ជា​គម្រោង​ដែល​គេ​បាន​ចាត់តាំង​ឲ្យ​នរណា​ម្នាក់​ដើម្បី​មក​សួរ​សុខទុក្ខ ។ អ្វី​ដែល​ខ្ញុំ​ពិតជា ត្រូវការ អំឡុង​ពេល​នោះ​គឺ ការមាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ ការយល់ចិត្ត និង​ការគាំទ្រ​ដ៏​ស្មោះ​ពី​មនុស្ស​ជុំវិញ​ខ្ញុំ មិនមែន​ការវិនិច្ឆ័យ​ទេ ។

ខ្ញុំ​ព្រួយ​បារម្ភ​ពី​ការសន្មត​មួយ​ចំនួន​អំពី ខ្ញុំ ដូច​ដែល​ខ្ញុំ ផ្ទាល់ បាន​ធ្វើ​ការសន្មត​ទាំងនោះ​អំពី​អ្នកដទៃ​ដែរ នៅពេល​ដែល ពួកគេ មិន​បាន​មក​ចូលរួម​ព្រះវិហារ​ទៀងទាត់ ។ បទពិសោធន៍​ផ្ទាល់ខ្លួន​ដ៏​ឈឺចាប់​នោះ​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​ដ៏​មាន​តម្លៃ​មួយ​ចំនួន​អំពី មូលហេតុ ដែល​យើង​ត្រូវបាន​បញ្ជា មិន ឲ្យ​វិនិច្ឆ័យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មិន​សុចរិត ។

តើ​មាន​នរណា​ខ្លះ​ក្នុង​ចំណោម​ពួកយើង​ដែល​រងទុក្ខ​ក្នុង​ភាពស្ងៀមស្ងាត់ ខ្លាច​អ្នក​ដទៃ​ដឹង​ពី​ការលំបាក​ដែល​លាក់កំបាំង​របស់​ពួកគេ ព្រោះ​ពួកគេ​មិន​ដឹង​ថា​មនុស្ស​នឹង​មាន​ប្រតិកម្ម​បែប​ណា​មក​លើ​ខ្លួន​នោះ ?

មានតែ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ដែល​ទ្រង់​ជ្រាបដឹង​ច្បាស់​ពី​កម្រិត​ពិត​ប្រាកដ​នៃ​ការលំបាក​ដែល​យើង​ម្នាក់ៗ​កំពុង​រត់​ប្រណាំង​ក្នុង​ជីវិត—បន្ទុក ការប្រឈម និង​ឧបសគ្គ​ទាំងឡាយ​ដែល​យើង​ជួប ជា​ញឹកញាប់​អ្នក​ដទៃ​ទៀត​មិន​អាច​មើលឃើញ​នោះ​ទេ ។ មានតែ ទ្រង់ ប៉ុណ្ណោះ​ដែល​យល់​ច្បាស់​អំពី​របួស​ដែល​ផ្លាស់ប្តូរ​ជីវិត និង​ការប៉ះ​ទង្គិច​ដែល​យើង​មួយ​ចំនួន​អាច​មាន​ក្នុង​ពេល​អតីតកាល ហើយ​នៅតែ​ប៉ះពាល់​ដល់​យើង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។

ជា​ញឹកញាប់ យើង​ថែមទាំង​វិនិច្ឆ័យ ខ្លួនឯង ខ្លាំង​ទៀតផង ដោយ​គិត​ថា​យើង​គួរតែ​រត់បាន​ឆ្ងាយ​ទៅមុខ​នៅលើ​ផ្លូវ​រត់ប្រណាំង​នោះ ។ មានតែ​ព្រះអម្ចាស់​ទេ​ដែល​ដឹង​ច្បាស់​អំពី​ដែនកំណត់ និង​សមត្ថភាព​របស់​យើង ហើយ​ដោយ​សារតែ​ដូច្នោះ ទ្រង់​ជា​អង្គ​តែ​មួយ​គត់​ដែល​មាន​គុណសម្បត្តិ គ្រប់គ្រាន់ ក្នុង​ការវិនិច្ឆ័យ​កិច្ចការ​របស់​យើង ។

បងប្អូន​ប្រុសស្រី សូម​ធ្វើ​ដូច​ជា​អ្នកទស្សនា​ក្នុង​រឿង​ដែល​ខ្ញុំ​បាន​ប្រាប់​នោះ ហើយ​លើក​ទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ដំណើរ​នៃ​ភាព​ជា​សិស្ស​របស់​យើង មិន​ថា​កាលៈទេសៈ​របស់​យើង​យ៉ាង​ណា​ឡើយ ! នោះ​មិន​តម្រូវ​ឲ្យ​យើង​បំពាន​ច្បាប់ ឬ​បន្ទាប​បទដ្ឋាន​យើង​នោះ​ទេ ។ វា​គឺជា​បទបញ្ញត្តិ​ដ៏​ធំ​ទីពីរ—ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង ។ ហើយ​ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​មាន​បន្ទូល​ថា « ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង … នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ » ទោះ​សេចក្ដី​ល្អ ឬ​សេចក្ដី​អាក្រក់​ក្ដី ។ ទ្រង់​ក៏​បាន​ប្រាប់​យើង​ផងដែរ​ថា « បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​រួម​គ្នា​តែ​មួយ​ទេ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​ពុំ​មែន​ជា​របស់​ផង​យើង​ឡើយ » ។

នឹង​មាន​ពេល​ខ្លះ​នៅក្នុង​ជីវិត​យើង​ម្នាក់ៗ នៅ​ពេល​ដែល​យើង​នឹង​ក្លាយ​ជា​អ្នក​ដែល​ត្រូវការ​ជំនួយ និង​ការលើក​ទឹកចិត្ត ។ ចូរ​យើង​ប្តេជ្ញា​ចិត្ត​ឥឡូវ​នេះ​ដើម្បី​ធ្វើ​ដូច្នោះ​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក ជានិច្ច ។ នៅពេល​យើង​ធ្វើ​ដូច្នោះ យើង​នឹង​បង្កើត​សាមគ្គីភាព​កាន់តែ​ខ្លាំង​ឡើង និង​ជួយ​សម្រួល​កន្លែង​មួយ​សម្រាប់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ធ្វើ​កិច្ចការ​ដ៏​ពិសិដ្ឋ​របស់​ទ្រង់​ក្នុង​ការព្យាបាល និង​ការផ្លាស់ប្តូរ​យើង​ម្នាក់ៗ ។

ចំពោះ​បងប្អូន​ម្នាក់ៗ​ដែល​អាច​មាន​អារម្មណ៍​ថា បងប្អូន​រត់​យ៉ាង​យឺត​នៅ​ក្រោយ​គេ​នៅក្នុង​ការរត់​ប្រណាំង​នៃ​ជីវិត​នេះ សូម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ក្នុង​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។ មាន​តែ​ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះ​ដែល​អាច​វិនិច្ឆ័យ​បាន​ពេញលេញ​ថា​បងប្អូន​គួរ​នៅ​ត្រង់​ចំណុច​ណា ហើយ​ទ្រង់​មាន​ព្រះទ័យ​មេត្តា និង​យុត្តិធម៌ ។ ទ្រង់ គឺជា​ចៅក្រម​ដ៏​អស្ចារ្យ​ក្នុង​ការវិនិច្ឆ័យ​ការរត់​ប្រណាំង​នៃ​ជីវិត​របស់​បងប្អូន ហើយ​មាន​តែ​ទ្រង់ ប៉ុណ្ណោះ ដែល​យល់ យ៉ាងជាក់ច្បាស់ ពី​កម្រិត​នៃ​ការលំបាក ដែល​បងប្អូន​កំពុង​រត់ ឬ​ដើរ ឬ​ដើរ​អូសជើង ។ ទ្រង់​នឹង​គិតគូរ​ពី​ដែនកំណត់​របស់​បងប្អូន សមត្ថភាព​របស់​បងប្អូន បទពិសោធន៍​ជីវិត​របស់​បងប្អូន និង​បន្ទុក​លាក់​កំបាំង​ដែល​បងប្អូន​មាន ព្រមទាំង​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​របស់​បងប្អូន ។ ជា​និមិត្តរូប​ បងប្អូន ពិតជា​អាច​បំបែក​កំណត់ត្រា​ពិភពលោក​បាន​ផងដែរ ។ សូម​កុំ​បាត់បង់​ក្តីសង្ឃឹម ។ សូម​បន្ត​ទៅ​មុខ​ទៀត ! សូម​បន្ត​នៅ ! បងប្អូន ពិតជា មាន​ចំណែក​មួយ​ជាមួយ​នឹង​យើង ! ព្រះអម្ចាស់​ត្រូវការ​បងប្អូន ហើយ យើង ត្រូវការ​បងប្អូន !

គ្រប់​ទីកន្លែង​ដែល​បងប្អូន​រស់នៅ​ក្នុង​ពិភពលោក​នេះ មិន​ថា​នៅ​ឆ្ងាយ​ប៉ុនណា​ក៏​ដោយ សូម​ចងចាំ​ជានិច្ច​ថា ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​របស់​បងប្អូន​ស្គាល់​បងប្អូន​យ៉ាង​ច្បាស់ ហើយ​ស្រឡាញ់​បងប្អូន​យ៉ាង​ឥតខ្ចោះ ។ ទ្រង់​ទាំង​ទ្វេ មិនដែល ភ្លេច​បងប្អូន​ទេ ។ ទ្រង់​ទាំង​ទ្វេ​ចង់​នាំ​បងប្អូន​ទៅ​ផ្ទះ​វិញ ។

ចូរ​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់ គឺជា​ដំបង​ដែក​របស់​បងប្អូន ។ សូម​កុំ​លែង​ដៃ​ចេញ​ពី​ទ្រង់​ឡើយ ។ ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ថា ទ្រង់​មាន​ព្រះជន្ម​រស់នៅ ហើយ​ថា​បងប្អូន អាច ទុកចិត្ត​លើ​ទ្រង់​បាន ។ ខ្ញុំ​ក៏​ធ្វើ​ទីបន្ទាល់​ផងដែរ​ថា ទ្រង់​កំពុង​លើក​ទឹកចិត្ត​សាទរ​ដល់​បងប្អូន ។

សូម​ឲ្យ​យើង​ទាំងអស់​គ្នា​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​លើក​ទឹកចិត្ត​គ្នា ទៅវិញ​ទៅមក នេះ​ជា​ការអធិស្ឋាន​របស់​ខ្ញុំ ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ជែហ្វ្រី ស៊ី ស្ដ្រង ការឆ្លើយឆ្លង​ផ្ទាល់ខ្លួន បាន​ប្រើ​ដោយ​មាន​ការអនុញ្ញាត ។

  2. អាទិភាព​មួយ​របស់​គណៈប្រធាន​របស់​យើង​គឺ​ដើម្បី​ជួយ​ឲ្យ​បងប្អូន​ស្ត្រី​របស់​យើង​មាន​អារម្មណ៍​ថា​គេ​ជា​ចំណែក​មួយ​នៅ​ព្រះវិហារ និង​ជា​ពិសេស​នៅក្នុង​សមាគម​សង្គ្រោះ ។ ខ្ញុំ​មាន​ឱកាស​ជាច្រើន​ដើម្បី​អាន​សំបុត្រ និង​ស្តាប់​បទពិសោធន៍​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សោកសៅ ។

  3. សូមមើល កូរិនថូស ទី១ ១២:២៦ ។

  4. សូមមើល ហែនរី ប៊ី អាវរិង « Our Hearts Knit as One » Liahona ខែវិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ៦៨–៧១ សូមមើល​ផងដែរ អូលីសេស សូរ៉េស « One in Christ » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៣៧–៣៩ « One in Christ » ( វីដេអូ ) នៅក្នុងបណ្ណាល័យ​ដំណឹងល្អ ។

  5. សូមមើល នីហ្វៃទី៣ ១១:២៩ ។

  6. រ័សុល អិម ណិលសុន « ត្រូវការ​អ្នក​ផ្សះផ្សា​គេ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ១០០ ។ នៅក្នុង​សុន្ទរកថា​ដដែល​នេះ លោក​បាន​មាន​ប្រសាស៍​ថា « ការទាស់ទែង​គ្នា​បណ្ដេញ​ព្រះវិញ្ញាណ​ចេញ—គ្រប់ពេល​ទាំងអស់ » ( ទំព័រ ១០០ ) ។ ខ្ញុំ​ចង់​បន្ថែម​ថា គំនិត​វិនិច្ឆ័យ​អំពី​អ្នកដទៃ​អាច​បណ្ដេញ​ព្រះវិញ្ញាណ​ចេញ​ផងដែរ ។ នៅពេល​ដែល​យើង​មើលងាយ​អ្នក​ដទៃ​ដោយ​គំនិត​រិះគន់ នោះ​គឺជា​ភស្តុតាង​នៃ​ភាពឆ្មើងឆ្មៃ ហើយ​ប្រធាន ហែនរី ប៊ី អាវរិង បាន​មាន​ប្រសាសន៍​ថា « ភាពឆ្មើងឆ្មៃ​គឺជា​សត្រូវ​ដ៏​ធំ​នៃ​សាមគ្គីភាព » ( « Our Hearts Knit as One » ទំព័រ ៧០ ) ។

  7. សូមមើល ចេ អាណែត ដិននីស នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ « Come and Take Your Place as Covenant Women » ( សុន្ទរកថា​ដែល​បាន​ផ្តល់​នៅ​សន្និសីទ​ស្ដ្រី​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ) នៅក្នុងបណ្ណាល័យ​ដំណឹងល្អ; សូមមើល​ផងដែរ ម៉ូសាយ ១៨:៨–១០ ។

  8. សូមមើល កូរិនថូស ទី១ ១២:១៤–២៦ ។

  9. សូមមើល មរ៉ូណៃ ៧:៤៧ ។

  10. រ័សុល អិម ណិលសុន « ត្រូវការ​អ្នក​ដែល​ផ្សះផ្សា​គេ » ទំព័រ ១០១ បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  11. យ៉ូហាន ១៣:៣៥ បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  12. រ័សុល អិម ណិលសុន « “ត្រូវការ​អ្នក​ដែល​ផ្សះផ្សា​គេ » ទំព័រ ១០០, ៩៩ ។

  13. សូមមើល ម៉ាថាយ ៧:១២ ។

  14. នៅពេល​ដែល​យើង​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ហើយ​មាន​បំណង​ប្រាថ្នា​ចង់​ក្លាយ​ដូច​ជា​ទ្រង់ នោះ​យើង​នឹង​ខិតខំ​មើល​ទៅ​មនុស្ស​គ្រប់​គ្នា​តាម​របៀប​ដែល ទ្រង់ ទត​ទៅ​ពួកគេ ហើយ​នៅពេល​ដែល​យើង​បន្ត​អធិស្ឋាន​សូម​អំណោយទាន​នៃ​សេចក្ដី​សប្បុរស នោះ​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះត្រង់ និង​ការយក​ចិត្ត​ទុក​ដាក់ នៅទីបំផុត​អាច​រីក​ធំធាត់​ឡើង​នៅក្នុង​ដួងចិត្ត​របស់​យើង ។ យើង​នឹង​អភិវឌ្ឍ បំណង​ប្រាថ្នា ដើម្បី « ​ស្ថាបនា លើកស្ទួយ លើក​ទឹកចិត្ត បញ្ចុះ​បញ្ចូល និង​បំផុស​គំនិត » អ្នកដទៃ មិនមែន​ចេញ​ពី​អារម្មណ៍​នៃ​កាតព្វកិច្ច​ទេ ប៉ុន្តែ​ដោយសារ​តែ​យើង​កំពុង​ក្លាយ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បណ្តើរៗ​ហើយ ( រ័សុល អិម ណិលសុន « ត្រូវការ​អ្នក​ដែល​ផ្សះផ្សា​គេ » ទំព័រ ១០០ ) ។ ការផ្ដល់​ការងារ​បម្រើ​ដូច​ជា​ព្រះគ្រីស្ទ នឹង​ផ្លាស់ប្ដូរ​យើង​ជា​បុគ្គល​ដែល​យើង​ប្រែ ក្លាយ មិនមែន​អ្វី​ដែល​យើង ធ្វើ ទេ ។

  15. សូម​មើល ម៉ូសាយ ២៣:១៥ ។

  16. ឧទាហរណ៍ សូមមើល ម៉ាថាយ ៩:១០–១៣; ម៉ាកុស ១:៤០–៤២; លូកា ៨:៤៣–៤៨; ១៤:១៣–១៤; យ៉ូហាន ៤:៧–២៦; ៥:២–៩; ៨:៣–១១ ។

  17. សូមមើល នីហ្វៃទី៣ ២៧:២៧ សូមមើល​ផងដែរ រ៉ូប៊ើត ស៊ី ហ្គេ « Taking upon Ourselves the Name of Jesus Christ » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៩៧–១០០ ។

  18. « ដំណោះស្រាយ​អចិន្ត្រៃយ៍​តែ​មួយ​គត់​ចំពោះ​ភាពខុសគ្នា​ដែល​បែងចែក​យើង គឺ​ឲ្យ​យើង​ទាំងអស់​គ្នា​ធ្វើតាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង ហើយ​ក្លាយ​ដូច​ជា​ទ្រង់​បន្តិច​ម្តងៗ » ( ដាល្លិន អេក អូក នៅក្នុង យ៉ូអែល រេដល « Following Christ Is ‹ a Continuous Commitment and Way of Life › President Oaks Teaches European Saints from Belgium » Church News ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅលើ​គេហទំព័រ​ thechurchnews.com ) ។

  19. សូមមើល ដាល្លិន អេក អូក « The Challenge to Become » Liahona ខែមករា ឆ្នាំ២០០១ ទំព័រ ៤០–៤៣ ។

  20. សូមមើល យ៉ូហាន ១៣:៣៤ ។

  21. « សំណើសុំ​ដ៏​ខ្លាំងក្លា​មួយ​ទៅកាន់​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺថា ត្រូវ​ខិតខំ​ធ្វើជា​រាស្ដ្រ​ស៊ីយ៉ូន​ដែល​មាន​ចិត្ត និង​គំនិត​តែមួយ ហើយ​រស់នៅ​ក្នុង​សេចក្ដី​សុចរិត » ( ឃ្វីនថិន អិល ឃុក « Hearts Knit Together in Righteousness and Unity » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ២១ ) ។

  22. សូមមើល ចេ អាណែត ដិននីស « Why I Choose to Stay » ( សុន្ទរកថា​ដែល​បាន​ផ្តល់​នៅ​សន្និសីទ​ស្ដ្រី​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ) នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

  23. សូមមើល ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៧:១–២ ( នៅក្នុង ម៉ាថាយ ៧:១ footnote a ) អាលម៉ា ៤១:១៤ ។

  24. សូមមើល ចេ អាណែត ដិននីស « នឹម​របស់​ទ្រង់​ងាយ ហើយ​បន្ទុក​របស់​ទ្រង់​ក៏​ស្រាល » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៨០–៨១ ។

  25. សូម​មើល អាលម៉ា ៧:១១–១២ ។

  26. សូមមើល ម៉ាថាយ ២២:៣៦–៤០ ។

  27. ម៉ាថាយ ២៥:៤០ ។

  28. គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:២៧ ។

  29. សូមមើល ទំនុកដំកើង ១៤៥:៨–៩; អេភេសូរ ២:៤–៥ ។

  30. សូមមើល ថាម៉ារ៉ា ដបុលយូ រូនៀ « ការប្រែចិត្ត​របស់​បងប្អូន​មិនមែន​ជា​បន្ទុក​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ទេ វា​ធ្វើ​ឲ្យ​ទ្រង់​រីករាយ » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ទំព័រ ៩១ ។

  31. សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៧:៩ ។

  32. សូមមើល រ៉ូម ៨:៣៨–៣៩ ។

  33. សូមមើល ផាទ្រីក ខៀរ៉ុន « ព្រះរាជបំណង​របស់​ព្រះ​គឺ​ដើម្បី​នាំ​បងប្អូន​ទៅផ្ទះវិញ » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ៨៧–៨៩ ។

  34. សូមមើល យ៉ូហាន ១ ក្បាល​ជំពូក និង ខទី ១; នីហ្វៃទី១ ១១:២៤–២៥ ។

  35. សូមមើល ជែហ្វ្រី អ័រ ហូឡិន « Tomorrow the Lord Will Do Wonders Among You » Liahona ខែឧសភា ឆ្នាំ២០១៦ ទំព័រ ១២៧ ។