ព្រលឹងអ្នករាបសាលុតជង្គង់នៅទីអាសនា
នៅពេលយើងធ្វើ និងគោរពសេចក្តីសញ្ញារបស់យើង នោះយើងចងភ្ជាប់ខ្លួនរបស់យើងទៅនឹងព្រះអង្គសង្គ្រោះ មានសិទ្ធិទទួលបានកាន់តែច្រើននូវសេចក្តីមេត្តាករុណា ការការពាររបស់ទ្រង់ ការញែកចេញជាបរិសុទ្ធ ការព្យាបាល និងការសម្រាក ។
អរគុណបងប្អូនក្រុមចម្រៀងសម្រាប់ទីបន្ទាល់របស់បងប្អូនតាមរយៈទំនុកតម្កើងថ្មីនោះ ។
ទំនុកតម្កើងសាក្រាម៉ង់ថ្មី « នំបុ័ងជីវិត ទឹករស់ ( Bread of Life, Living Water ) » បំពេញព្រលឹងរបស់ខ្ញុំ ។ ឃ្លាមួយនៅក្នុងទំនុកតម្កើងនេះច្រៀងថា « ឥឡូវខ្ញុំនៅមុខអាសនា ថ្វាយចិត្តសង្រេងរបស់ខ្ញុំដល់ទ្រង់ ( Now I come before the altar, off’ring Him my broken heart ) » ។
ការយល់ដឹងរបស់ខ្ញុំអំពីពាក្យទាំងនោះកាន់តែកើនឡើងមិនយូរប៉ុន្មានបន្ទាប់ពីគ្រួសាររបស់យើងបានចាកចេញពីទីក្រុង នូប៊ែរី ផាក រដ្ឋកាលីហ្វ័រញ៉ា ទៅបម្រើនៅក្នុងបេសកកម្មអូហ្គឌិន រដ្ឋយូថាហ៍ នៅឆ្នាំ២០១៥ ។ ខ្ញុំបានទទួលការអញ្ជើញឲ្យទៅទស្សនកិច្ចមូលដ្ឋានកងទ័ពអាកាស ហៀល នៅជិតទីក្រុងឡេតិន រដ្ឋយូថាហ៍ ។ ខ្ញុំមិនដែលបានទៅមូលដ្ឋានកងទ័ពពីមុនទេ ហើយខ្ញុំក៏មិនធ្លាប់បានជួបបព្វជិតកងទ័ព ឬបុរស និងស្ត្រីដែលធ្វើការដើម្បីផ្តល់សុវត្ថិភាព និងការការពារសម្រាប់ប្រទេសរបស់ពួកគេដែរ ។
បព្វជិត ហាប ក៏ដូចជាបុគ្គលិកស្ម័គ្រចិត្ត និងបព្វជិតដែលមានវិជ្ជាជីវៈរាប់ពាន់នាក់ផ្សេងទៀត ដែលបម្រើនៅក្នុងពន្ធនាគារ មន្ទីរពេទ្យ និងមូលដ្ឋានកងទ័ពនៅជុំវិញពិភពលោក បានបំផុសគំនិត និងលើកទឹកចិត្តខ្ញុំ ។ ចំណតចុងក្រោយរបស់យើងនៅក្នុងមូលដ្ឋានកងទ័ពគឺនៅទីថ្វាយបង្គំ ។ ខ្ញុំបានសួរទៅបព្វជិត ថាតើលោកផ្ដល់ការរៀបចំសម្រាប់មនុស្សទាំងអស់ដែលមានបំណងចង់ធ្វើការជញ្ជឹងគិត អធិស្ឋាន សមាធិ និងថ្វាយបង្គំដែរឬទេ ។ លោកបានដើរសំដៅទៅជញ្ជាំងខាងមុខនៃរោងជំនុំ ហើយទាញយកឈើឆ្កាងមួយចេញពីខាងក្រោយវាំងនន ។ លោកបាននិយាយថា លោកបានប្រើឈើឆ្កាងនេះសម្រាប់ការថ្វាយបង្គំរបស់និកាយប្រូតេស្ដង់ និងកាតូលិក ។ ខ្ញុំបានសួរថា តើលោកបានប្រើអ្វីសម្រាប់បងប្អូនជនជាតិជ្វីហ្វរបស់យើង ហើយលោកបានទៅម្ខាងទៀតនៃជញ្ជាំងខាងមុខ ហើយទាញយកផ្កាយនៃហ្លួងដាវីដចេញមក ។
បន្ទាប់មកខ្ញុំបានសួរថា « តើលោកធ្វើម៉េចសម្រាប់ការប្រជុំរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ? » លោកបានរុញនិមិត្តសញ្ញាទាំងនោះចេញ ហើយចង្អុលទៅទីអាសនាធ្វើពីឈើធំមួយនៅចំកណ្តាលនៃទីថ្វាយបង្គំនោះ ។ លោកបាននិយាយថា សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រៀបចំ និងប្រសិទ្ធពរដល់នំបុ័ង និងទឹកនៅលើទីអាសនានេះ ។ ខ្ញុំបានសួរថា បើអាសនានេះធំ ហាក់ដូចជាពិបាកក្នុងការរុះរើអ៊ីចឹង តើវាត្រូវបានគេដកចេញមុនពេលការប្រជុំរបស់បងប្អូនជនជាតិជ្វីហ្វ មូស្លីម កាតូលិក ឬប្រូតេស្ដង់របស់យើងដែរទេ ។ លោកបាននិយាយថា អាសនានោះមិនរុះរើទៅណាទេ សម្រាប់ជំនឿទាំងនោះក៏ប្រើអាសនានេះទៅតាមវិធីមួយចំនួនផ្សេងទៀតផងដែរ ។
លោកអ័ប្រាហាំបានសង់អាសនាមួយ បានចងអ៊ីសាក និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបូជាកូនប្រុសតែមួយគត់របស់គាត់ ប៉ុន្តែដៃរបស់គាត់ត្រូវបានបញ្ឈប់ ហើយគាត់បានឆ្លើយ ដូចព្រះអម្ចាស់បានឆ្លើយដែរថា « ព្រះករុណាវិសេសព្រះអម្ចាស់ » !តើព្រះអង្គសង្គ្រោះ ឬព្យាការីម្នាក់ក្នុងចំណោមព្យាការីរបស់ទ្រង់បានស្ម័គ្រចិត្ដឆ្លើយថា « ព្រះករុណាវិសេសព្រះអម្ចាស់ » ប៉ុន្មានដង ?
អំឡុងពេលទេសនកថានៅលើភ្នំរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានអញ្ជើញយើងឲ្យផ្សះផ្សាជានឹងបងប្អូនរបស់យើង ពីមុនយើងចូលទៅទីអាសនា ។ ប៉ូលបានបង្រៀនថា យើងត្រូវបាន « ញែកជាបរិសុទ្ធ » នៅឯទីអាសនាតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ព្យាការីលីហៃ« បានចាកចេញផ្ទះសំបែងរបស់លោក … និងវត្ថុដ៏មានតម្លៃរបស់លោក ។ … [ បន្ទាប់មក ] លោកបានសង់ទីអាសនាមួយ … ហើយបានថ្វាយដង្វាយ … ហើយបានថ្លែងអំណរគុណដល់ព្រះអម្ចាស់ » ។
ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនបង្រៀនយើងឲ្យថ្វាយបង្គំដល់ព្រះរាជបុត្រានៃព្រះនៅឯទីអាសនា ។ ហេតុអ្វី ?
ឪពុកម្តាយដំបូងរបស់យើង លោកអ័ដាម និងនាងអេវ៉ា បានសាងសង់ និងថ្វាយបង្គំនៅទីអាសនា ។ បន្ទាប់ពីពួកលោកត្រូវបានបណ្តេញចេញពីសួនច្បារអេដែន និងបានថ្វាយបង្គំអស់រយៈពេល « ជាច្រើនថ្ងៃកន្លងមក » នោះមានទេវតាមួយអង្គបានយាងមកជួប ហើយបានសួរសំណួរដ៏ចាក់ដោតមួយដែលអាចសួរចំពោះយើងម្នាក់ៗផងដែរថា ៖ « ហេតុអ្វីបានជាអ្នកថ្វាយយញ្ញបូជាទាំងឡាយដល់ព្រះអម្ចាស់ ? »
លោកអ័ដាមបានទូលតបទៅវិញថា « ខ្ញុំមិនដឹងទេ » ។
ការឆ្លើយតបរបស់ទេវតាចំពោះការទទួលស្គាល់ដ៏រាបសារបស់លោកអ័ដាម គឺគួរឲ្យភ្ញាក់ផ្អើលណាស់ ៖ « ការណ៍ … នេះគឺជានិមិត្តរូបអំពីការបូជានៃព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា ។ … ហេតុដូច្នោះហើយ អ្នកនឹងត្រូវធ្វើអ្វីៗទាំងអស់ ដែលអ្នកធ្វើដោយនូវព្រះនាមនៃព្រះរាជបុត្រា ហើយអ្នកត្រូវប្រែចិត្ត ហើយអំពាវនាវដល់ព្រះដោយនូវព្រះនាមនៃព្រះរាជបុត្រាជារៀងដរាបរហូតតទៅ» ។
តុពិធីសាក្រាម៉ង់ និងទីអាសនាក្នុងព្រះវិហារបរិសុទ្ធ ជានិមិត្តរូបនៃការពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនដ៏និរន្តររបស់ទ្រង់ ។
នៅពេលយើងធ្វើ និងគោរពសេចក្តីសញ្ញារបស់យើង ដោយទទួលពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់នៅឯព្រះវិហារ និងអំណោយទានពិសិដ្ឋ និងពិធីផ្សារភ្ជាប់នៅឯព្រះវិហារបរិសុទ្ធ នោះយើងចងភ្ជាប់ខ្លួនរបស់យើងទៅនឹងព្រះអង្គសង្គ្រោះ មានសិទ្ធិទទួលបានកាន់តែច្រើននូវសេចក្តីមេត្តាករុណា ការការពាររបស់ទ្រង់ ការញែកចេញជាបរិសុទ្ធ ការព្យាបាល និងការសម្រាក ។
សេចក្តីមេត្តាករុណា និងការការពារតាមរយៈសេចក្តីសញ្ញា
កាលជាយុវជនអាយុ១៥ឆ្នាំម្នាក់ ខ្ញុំបានសួរឪពុករបស់ខ្ញុំថា តើខ្ញុំអាចមិនទៅការប្រជុំសាក្រាម៉ង់បានដែរទេ—គ្រាន់តែម្តងចំថ្ងៃអាទិត្យនាខែមករា សម្រាប់ការប្រកួតបាល់ទាត់អាមេរិកពិសេសមួយ ។ គាត់បានឆ្លើយថា ខ្ញុំមានអាយុគ្រប់គ្រាន់ដើម្បីធ្វើការជ្រើសរើសនោះសម្រាប់ខ្លួនឯង ហើយបានស្នើឲ្យខ្ញុំពិចារណានូវដំបូន្មានមួយ ។ គាត់បានមានប្រសាសន៍ថា « ប្រសិនបើកូនជ្រើសរើសមិនទៅពិធីសាក្រាម៉ងម្តង នោះវាកាន់តែងាយស្រួលដើម្បីជ្រើសរើសមិនទៅម្តងទៀត ។
ប្រសិនបើព្រះអង្គសង្គ្រោះគឺជាអង្គតភ្ជាប់ដ៏អស្ចារ្យ នោះមារសត្រូវគឺជាអ្នកបំបែកបំបាក់ ។ សាតាំងល្បួងយើងឲ្យបំបែកខ្លួនរបស់យើងចេញពីទីថ្វាយបង្គំដែលបានឧទ្ទិស ទាំងឡាយរបស់យើង និងពីការការពាររបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលយើងថ្វាយបង្គំព្រះអង្គសង្គ្រោះ នោះយើងទទួលបាន « អំណាចដើម្បីហូរបញ្ច្រាសនឹងលំហូរធម្មជាតិនៃលោកិយនេះ » ។ នៅពេលយើងចំណាយពេលនៅក្នុងពិធីសាក្រាម៉ង់ជាមួយនឹងទ្រង់ នោះយើងទទួលបានការសន្យាថានឹង « បានរំដោះពីសាតាំង » ។ « បន្ទាប់មក នៅពេលយើងរក្សាសេចក្តីសញ្ញារបស់យើង នោះទ្រង់នឹងប្រទានព្រះចេស្ដានៃការពង្រឹង របស់ទ្រង់ … មកដល់យើង » ។ ឱ! ខ្ញុំពិតជាស្រឡាញ់បទពិសោធន៍នៃពិធីសាក្រាម៉ង់ជាមួយនឹងព្រះអង្គសង្គ្រោះតាមរយៈសេចក្តីសញ្ញា ដែលបានធ្វើនៅឯទីអាសនាដ៏បរិសុទ្ធណាស់ ។
ការស្ថាបនានូវការយល់ដឹងអំពីដង្វាយធូនដ៏អស់កល្បជានិច្ចរបស់ព្រះអង្គសង្រ្គោះ មួយបន្ទាត់ម្តងៗ មួយសិក្ខាបទម្តងៗ ផ្តល់នូវការបំផុសគំនិតខាងវិញ្ញាណ ប្រឆាំងនឹងអំពើអាក្រក់របស់មារសត្រូវ ។ អែលឌើរ ចាហ្គី កាលនៅវ័យក្មេងនៅម៉ិកស៊ិក Zuster [ ហ្សូស្ទើ ] ចាហ្គី នៅបែលហ្សិក និងពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតនៅទូទាំងពិភពលោកទំនងជាចង់ឃើញអ្នករៀនរបស់ពួកគេទទួលពរជ័យនៃពិធីបុណ្យជ្រមុជទឹក និងទទួលបានអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ ប្រសិនបើអ្នករៀនរបស់ពួកគេចូលរួមការប្រជុំសាក្រាម៉ង់ក្នុងសប្តាហ៍ដំបូងនៃការទំនាក់ទំនង ។
យុវមជ្ឈិមវ័យនៅតុងហ្គា ឬសាម័រទំនងជាត្រូវបានផ្សារភ្ជាប់នៅក្នុងដំណាក់នៃព្រះអម្ចាស់ ប្រសិនបើពួកគេបានរៀបចំខ្លួន និងទទួលអំណោយទានពិសិដ្ឋរបស់ពួកគេភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សារបស់ពួកគេ ។ នៅក្នុងពិធីអំណោយទានពិសិដ្ឋ សមាជិកត្រូវបានអញ្ជើញឲ្យរស់នៅ គោរពប្រតិបតិ្ត និងរក្សាក្រិត្យវិន័យទាំងប្រាំ ដែលប្រទាននូវព្រះចេស្តា និងការការពារ ។ នៅពេលយើងធ្វើសេចក្តីសញ្ញាជាមួយនឹងព្រះអម្ចាស់ នោះទំនាក់ទំនងជាទ្វេភាគីមួយបានបង្កើតឡើង ។ យើងបង្ហាញពីភាពស្មោះត្រង់ និងសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ ។ កម្លាំង និងឥទ្ធិពលរបស់យើង រីកចម្រើនជាមួយនឹងសេចក្តីសញ្ញានីមួយៗដែលបានធ្វើ និងរក្សា ។
ការជញ្ជឹងគិត និងការញែកចេញជាបរិសុទ្ធ
នៅពេលយើងលុតជង្គង់ដោយបន្ទាបខ្លួន និងជានិមិត្តរូបនៅឯទីអាសនារបស់ព្រះអម្ចាស់ វាគឺជាឱកាសមួយសម្រាប់ការជញ្ជឹងគិតឲ្យ « បានឃើញថាបានឈ្នះលើការឆ្មើងឆ្មៃនៃចិត្ត [ របស់យើង ] … [ បន្ទាបខ្លួនរបស់យើង ] នៅចំពោះមុខព្រះ » ។ មុនពេលចេញទៅក្រៅជាមួយមិត្តភក្តិរបស់ខ្ញុំកាលជាយុវវ័យ ម្តាយរបស់ខ្ញុំតែងតែមានប្រសាសន៍ថា « សូមចាំថាកូនជានរណា ហើយសូមប្រាប់ម៉ាក់ឲ្យដឹងនៅពេលដែលកូនមកដល់ផ្ទះវិញ » ។ យប់ខ្លះ ខ្ញុំខកខានមិនបានប្រាប់ម៉ាក់របស់ខ្ញុំឲ្យដឹងទេ ដោយសារតែខ្ញុំបានមកដល់ផ្ទះយឺតពេក ។ ខ្ញុំសោកស្តាយដែលបានខកខានការជួបដ៏សំខាន់ៗទាំងនោះជាមួយអ្នកម្តាយ ។
ថ្ងៃនេះ ខ្ញុំទន្ទឹងរង់ចាំដើម្បីបង្កើនទំនាក់ទំនងជាមួយនឹងព្រះវរបិតាសួគ៌ ។ នៅក្នុងទម្លាប់នៃការថ្វាយបង្គំផ្ទាល់ខ្លួនប្រចាំថ្ងៃរបស់ខ្ញុំ ខ្ញុំលុតជង្គង់ក្នុងការអធិស្ឋាន នៅក្បែរគ្រែគេងរបស់ខ្ញុំ ឬជុំគ្នាជាមួយគ្រួសារ ហើយខ្ញុំស្រមៃគិតថាខ្លួនឯងកំពុងលុតជង្គង់នៅទីអាសនា កំពុងជញ្ជឹងគិត និងពិនិត្យមើលពីជីវិតរបស់ខ្ញុំ ។ ខ្ញុំគិតអំពីពិធីសាក្រាម៉ង់ គិតដល់ទាំងចំណិតនំប៉័ងទាំងមូលដែលកាច់ និងហែកសម្រាប់យើង ដែលនីមួយៗជានិមិត្តរូបនៃរូបកាយរបស់ព្រះអង្គសង្រោ្គះរបស់យើងដែលត្រូវបានកាច់ ។ ខ្ញុំបាននឹកដល់ការបង្រៀនរបស់ប្រធាន ដាល្លិន អេក អូក ដែលថា « ចំណិតនំបុ័ងនីមួយៗគឺពិសេសណាស់ ប្រៀបដូចជាបុគ្គលម្នាក់ៗដែលទទួលទាននំបុ័ងនោះក៏ពិសេសផងដែរ » ។ នៅពេលខ្ញុំលុតជង្គង់ក្នុងការអធិស្ឋាន ខ្ញុំគិតអំពីរបៀបដែលខ្ញុំអាចថ្វាយឆន្ទៈរបស់ខ្ញុំទៅព្រះ ។
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀន ៖ « ពិធីបរិសុទ្ធនៃសាក្រាម៉ង់ គឺជាការអញ្ជើញដ៏ពិសិដ្ឋ និងដដែលៗឲ្យប្រែចិត្តដោយស្មោះ និងរំឭកជាថ្មីខាងវិញ្ញាណ ។ ទង្វើនៃការទទួលទានសាក្រាម៉ង់ផ្ទាល់ ពុំបានផ្ដាច់បាបទេ ។ ប៉ុន្តែនៅពេលយើងរៀបចំខ្លួនដោយយកចិត្តទុកដាក់ និងចូលរួមនៅក្នុងពិធីបរិសុទ្ធដ៏ពិសិដ្ឋនេះដោយដួងចិត្តសង្រេង និងវិញ្ញាណទន់ទាប នោះការសន្យានឹងមានចំពោះយើងថា យើងអាចមានព្រះវិញ្ញាណនៃព្រះអម្ចាស់គង់នៅជាមួយយើង ជានិច្ច ។ ហើយតាមរយៈអំណាចញែកចេញជាបរិសុទ្ធរបស់ព្រះវិញ្ញាណបរិសុទ្ធជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់យើង នោះយើងអាចទទួលបានការផ្ដាច់បាបរបស់យើង ជានិច្ច » ។
នៅពេលដែលអេមី និងខ្ញុំមើលយ៉ាងដិតដល់ទៅលើបទពិសោធន៍ក្នុងជីវិតរបស់យើង យើងសាទរចំពោះអំណោយនៃសេចក្តីស្រឡាញ់ និងពលិកម្មដ៏ឥតខ្ចោះរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងក៏មើលឃើញពីរបៀបដែលកំហឹងរបស់សាតាំងបានមានពាសពេញផងដែរ ។ តើយើងអាចយកឈ្នះការសម្លឹងមើលដោយការវិនិច្ឆ័យ ការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ជំងឺមហារីក ជំងឺទឹកនោមផ្អែម ការគំរាមកំហែងតាមអ៊ីនធឺណិត អត្តសញ្ញាណត្រូវបានគេលួច ការបញ្ចប់គភ៌ និងការបាត់បង់កូន បងប្រុស និងឪពុកដោយរបៀបណា ? គឺដោយសារព្រះយេស៊ូវបានផឹកនូវពែងល្វីងនៃសេចក្តីទ្រេតទ្រោត ពែងនៃសេចក្តីក្រោធ—សម្រាប់ខ្ញុំ សម្រាប់គ្រួសាររបស់ខ្ញុំ សម្រាប់យើងទាំងអស់គ្នា !
Gethsemaneដោយ Adam Abram, courtesy of altusfineart.com © 2025 ។
« ពែងល្វីង » ដែល ទ្រង់បានសោយនៅក្នុងសួនច្បារគែតសេម៉ានី ហើយការរងទុក្ខរបស់ទ្រង់ដែលមាន « កាន់តែខ្លាំងឡើង » នៅលើឈើឆ្កាងនៅឯភ្នំកាល់វ៉ារី អនុញ្ញាតឲ្យយើងដាក់ការលំបាក ភាពព្រហើន អំពើហិង្សា កំហឹង និងភាពញាប់ញ័រនៅលើទីអាសនានៃព្រះអម្ចាស់ និងដើម្បី « បានញែកចេញជាបរិសុទ្ធតាមរយៈការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ » ជានិច្ច ។
ស៊ីស្ទើរ ផាទ្រីសៀ ហូឡិន បានមានប្រសាសន៍ថា « ការអធិស្ឋានដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំសម្រាប់បងប្អូន និងសម្រាប់ខ្លួនខ្ញុំផ្ទាល់នៅថ្ងៃនេះ គឺថាយើងនឹងបោះបង់ចោលទាំងស្រុង ដោយដាក់ខ្លួនយើងនៅឯទីអាសនានៃសេចក្តីសន្យា និងភាពសុខសាន្តរបស់ព្រះ មិនថាយើងនៅទីណា និងមិនថាយើងបានធ្វើអ្វីនោះទេ » ។
កន្លែងព្យាបាល និងទីសម្រាក
នៅពេលយើងមកដល់ទីអាសនា យើងមិនកំពុងទទួលរង្វាន់នោះទេ តែយើងកំពុងរៀនអំពីអង្គដែលប្រទានអំណោយវិញ ។ នៅក្នុងការរៀនសូត្រ និងការចងភ្ជាប់នៃសេចក្តីសញ្ញានោះមាននូវការព្យាបាល ។ នីហ្វៃបានមានប្រសាសន៍ថា « ទ្រង់បានបំពេញចិត្តខ្ញុំ ដោយសេចក្ដីស្រឡាញ់របស់ទ្រង់ គឺដល់ទៅឆេះឆាបទៅពេញសាច់ឈាមខ្ញុំ» ។ ព្រះអង្គសង្រ្គោះដ៏ជាទីស្រឡាញ់របស់យើងបានអញ្ជើញថា « តើអ្នករាល់គ្នាមិនចង់ត្រឡប់មករកយើង ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយប្រែចិត្តជឿ ដើម្បីយើងអាចប្រោសអ្នកឲ្យបានជាទេឬ ? »
នៅពេលម៉ាក់ឃិនស្ស៊ី និងអិមម៉ាកូនស្រីច្បងទាំងពីររបស់យើងនៅតូច រឿងមួយក្នុងចំណោមរឿងដែលពួកគេចូលចិត្តគឺរឿង The Chronicles of Narnia: The Lion, the Witch and the Wardrobe [ ទឹកដីវេទមន្ដណាណៀ ៖ សត្វតោ គ្រូធ្មប់ និងទូ ] ។ យើងទាំងអស់គ្នាស្រឡាញ់សត្វតោដ៏អស្ចារ្យឈ្មោះ Aslan (អាស្លាន ) ។ យប់មួយក្នុងចំណោមយប់នៃការអានសៀវភៅរឿងនេះដែលយើងចាំមិនភ្លេចគឺ នៅពេលដែលសត្វតោដ៏អស្ចារ្យនេះបានលះបង់ជីវិតរបស់វាទៅឲ្យ អេដម៉ុន ។ វាជារឿងដែលបំភ្លេចមិនបាន ពីព្រោះទាំងឪពុកម្តាយ និងកូនស្រីៗស្រក់ទឹកភ្នែកនៅពេលដែលមេធ្មប់បានយកជីវិតរបស់សត្វតោនៅលើផ្ទាំងថ្ម ។ វាជារឿងដែលបំភ្លេចមិនបាន ពីព្រោះសេចក្តីសង្ឃឹមនៅតែបន្តមាន ទោះបីជាមានសោកនាដកម្មក៏ដោយ រហូតដល់រឿងដ៏អស្ចារ្យបានកើតឡើង ។ សំឡេងត្រេកអរបានបន្លឺឡើងនៅក្នុងបន្ទប់គេងតូចនោះ នៅពេលដែល អាស្លានបានរស់ឡើងវិញ ហើយបាននិយាយថា « ប្រសិនបើ[មេធ្មប់ដឹងពីអត្ថន័យពិតនៃការលះបង់] … នោះនាងនឹង[ដឹង]ថា [ប្រសិនបើ]ជនរងគ្រោះស្ម័គ្រចិត្តដែលមិនបានប្រព្រឹត្តអំពើក្បត់ [បានស្លាប់]ជំនួសអ្នកក្បត់ [ផ្ទាំងថ្ម]នោះនឹងបាក់បែក ហើយការស្លាប់នឹង[ចាប់ផ្តើមសាបរលាប] »។
ព្រះយេស៊ូវគ្រីស្ទព្យាបាលរបួសទាំងអស់ ។ ព្រះយេស៊ូវគ្រីស្ទអាចធ្វើឲ្យមានជីវិតរស់ម្តងទៀតបាន ។
ប្រធាន រ័សុល អិម ណិលសុន នៅក្នុងសុន្ទរកថាសន្និសីទទូទៅ ខែតុលា ឆ្នាំ២០២២ របស់លោក បានរៀបរាប់អំពីក្រុមអ្នកទស្សនា ដែលមកចូលរួមការបើកសម្ពោធព្រះវិហារបរិសុទ្ធមួយ ។ មានក្មេងប្រុសម្នាក់នៅទីនោះ ។ ប្រធាន ណិលសុន បានបង្រៀនថា
« នៅពេលក្រុមអ្នកទស្សនាចូលទៅដល់បន្ទប់អំណោយទានពិសិដ្ឋ ក្មេងប្រុសនោះបានចង្អុលទៅទីអាសនា ជាកន្លែងដែលសមាជិកលុតជង្គង់ដើម្បីចុះសេចក្តីសញ្ញាជាមួយនឹងព្រះ ហើយនិយាយថា ‹ អូ៎ កន្លែងនោះស្អាតណាស់ ។ នេះគឺជាកន្លែងមួយដើម្បីឲ្យមនុស្ស សម្រាក ក្នុងដំណើរមកកាន់ព្រះវិហារបរិសុទ្ធរបស់ពួកគេ › ។
« … គាត់ទំនងជាមិនដឹងអំពីទំនាក់ទំនងផ្ទាល់រវាង ការចុះសេចក្តីសញ្ញាជាមួយនឹងព្រះនៅក្នុងព្រះវិហារបរិសុទ្ធ និងការសន្យាដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះនោះទេ ៖
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នា ឈប់សម្រាក ។
« ‹ ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ … នោះអ្នករាល់គ្នានឹងបាន សេចក្តីសម្រាក ដល់ព្រលឹង ។
« ‹ ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល › [ ម៉ាថាយ ១១:២៨–៣០បានបន្ថែមការគូសបញ្ជាក់ ] ។
« កូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ » ប៉ុន្តែទ្រង់បានអញ្ជើញសិស្សរបស់ទ្រង់ឲ្យទៅកាន់តុសាក្រាម៉ង់ ដើម្បីសម្រាកជាមួយនឹងទ្រង់នៅទីនោះ ។ នៅពេលដែល « ព្រលឹងអ្នករាបសាលុតជង្គង់នៅទីអាសនា » នោះភាពសុខសាន្តកើតមានច្រើនឡើង ។ ព្រះហស្ថរបស់ព្រះអង្គសង្រ្គោះរបស់យើងបានលាតសន្ធឹង តុរបស់ទ្រង់បានរៀបត្រៀបត្រា ។ សូមចូលមកថ្វាយបង្គំព្រះរាជបុត្រារបស់ព្រះ នៅឯអាសនាដ៏បរិសុទ្ធរបស់ទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕