សន្និសីទទូទៅ
ស្គាល់​ថា​បងប្អូន​ជា​នរណា​ឲ្យ​ប្រាកដ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៥


10:46

ស្គាល់​ថា​បងប្អូន​ជា​នរណា​ឲ្យ​ប្រាកដ

ដោយ​មិន​គិត​ពី​កន្លែង​ដែល​យើង​ស្ថិតនៅ នៅលើ​ផ្លូវ​នៃ​ភាពជា​សិស្ស​របស់​យើង នោះ​ជីវិត​របស់​យើង​នឹង​ផ្លាស់ប្តូរ​យ៉ាងខ្លាំង បើយើង​យល់កាន់តែ​ច្បាស់ថា យើងជា​នរណា​ឲ្យ​ប្រាកដ​នោះ ។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ កូនស្រី​របស់យើង​បានទទួល​បទពិសោធន៍​យ៉ាង​ជ្រាលជ្រៅ​មួយ​នៅក្នុង​បេសកកម្ម​របស់​នាង ។ ដោយ​មាន​ការយល់ព្រម​ពី​នាង ខ្ញុំ​ចែកចាយ​ការដកស្រង់​មួយ​ពី​អ្វី​ដែល​នាង​បាន​សរសេរ​មកយើង​នៅ​សប្តាហ៍​នោះ ៖

« កាល​ពី​ម្សិលមិញ សមាជិក​ដែល​ត្រឡប់​មក​សាសនាចក្រ​វិញ​បាន​ស្នើសុំ​ឲ្យ​យើង​មក​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ នៅពេល​យើង​ទៅ​ដល់ យើង​បាន​ឃើញ​នាង​នៅលើ​កម្រាលឥដ្ឋ យំខ្សឹកខ្សួល​មិន​ឈប់សោះ ។ នាង​បាន​ចែកចាយ​ទាំង​ទឹក​ភ្នែក​ឲ្យ​យើង​ដឹងថា នាង​បាន​បាត់បង់​ការងារ នឹង​ត្រូវ​បណ្តេញ​ចេញពី​ផ្ទះជួល​របស់នាង ហើយ​ក្លាយជា​អ្នក​គ្មាន​ផ្ទះសម្បែង​ជាថ្មីម្តង​ទៀត » ។

កូនស្រី​របស់​យើង​បាន​បន្ត ៖ « ខ្ញុំ​បាន​ចាប់ផ្តើម​ស្វែងរក​បទគម្ពីរ​របស់​ខ្ញុំ​ដោយ​រញ្ជួល​ចិត្ត ព្យាយាម​ស្វែងរក​អ្វីមួយ—អ្វីម្យ៉ាង​ដើម្បី​ជួយ​នាង ។ ខណៈ​ដែល​ខ្ញុំ​កំពុង​ស្វែងរក​ខគម្ពីរ​ដ៏ល្អ​ឥតខ្ចោះ ខ្ញុំ​បាន​គិត​ថា តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី ? នេះ​មិនមែន​ជា​អ្វី​ដែល​ព្រះគ្រីស្ទ​នឹង​ធ្វើ​ទេ ។ នេះ​មិន​មែន​ជា​បញ្ហា​ដែល​ខ្ញុំ​អាច​ដោះស្រាយ​បាន​ទេ ប៉ុន្តែ នេះគឺ​ជា​បុត្រី​របស់​ព្រះ​ដែល​ត្រូវការ​ជំនួយ​ពី​ខ្ញុំ ។ ដូច្នេះ ខ្ញុំ​បាន​បិទ​គម្ពីរ​របស់ខ្ញុំ លុតជង្គង់​ក្បែរ​នាង ហើយ​កាន់ដៃ​នាង​ខណៈពេល​ដែល​យើង​បាន​យំ​ជាមួយគ្នា រហូត​ដល់​នាង​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​ក្រោកឈរឡើង និង​ប្រឈមមុខ​នឹង​ការសាកល្បង​នេះ » ។

បន្ទាប់ពី​ស្ត្រី​ម្នាក់​នេះ​ត្រូវបាន​លួងលោម កូនស្រី​របស់យើង​បាន​ប្រើ​បទគម្ពីរ​ដើម្បី​ព្យាយាម ហើយ​ជួយ​នាង​ឲ្យ​យល់ពី​ភាពពិត​នៃ​តម្លៃ​ដ៏ទេវភាព​របស់នាង និង​បង្រៀន​នាង​នូវ​សេចក្តីពិត​ដ៏សំខាន់​បំផុត​មួយ​នៃ​ការរស់នៅ​របស់យើង—ថា​យើង​គឺជា​បុត្រាបុត្រី​ជាទី​ស្រឡាញ់​របស់​ព្រះ ជា​ព្រះ​ដែល​មាន​ព្រះទ័យ​អាណិតអាសូរ​ចំពោះ​យើង នៅពេល​យើង​រងទុក្ខ និង​ត្រៀម​ព្រះកាយ​ជាស្រេច​ដើម្បី​ជួយ​យើង​នៅពេល​យើង​ក្រោកឈរ​ឡើង​វិញ ។

វា​ជា​ការយល់ដឹង​ដែលថា​ចំណុច​ដំបូង​នៃ​គោលលទ្ធិ​ដែល​អ្នកផ្សព្វផ្សាយសាសនា​របស់យើង​បង្រៀន​គឺថា ព្រះ​គឺជា​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់​របស់​យើង ។ រាល់​សេចក្តីពិត​ជាបន្តបន្ទាប់​បង្កើតឡើង​នៅលើ​ការយល់ដឹង​ជាមូលដ្ឋានគ្រឹះ ថា​យើង​ជា​នរណា​ឲ្យ​ប្រាកដ ។

ស៊ូសាន អេច ផតធ័រ ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ​បានបង្រៀន ៖ « នៅពេល​បងប្អូន​ដឹង និង​យល់​យ៉ាងច្បាស់​ថា​បងប្អូន​ត្រូវ​បាន​ស្រឡាញ់​យ៉ាង​ពេញលេញ​ដូចជា​បុត្រ​របស់​ព្រះ នោះ​វា​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់​យ៉ាង ។ វា​ផ្លាស់ប្តូរ​នូវ​របៀប​ដែល​បងប្អូន​មាន​អារម្មណ៏​អំពី​ខ្លួនឯង​នៅពេល​បងប្អូន​ធ្វើ​ខុស ។ វា​ផ្លាស់ប្តូរ​នូវ​របៀប​ដែល​បងប្អូន​មាន​អារម្មណ៍​នៅពេល​មាន​រឿង​ពិបាក​ផ្សេងៗ​កើតឡើង ។ វា​ផ្លាស់ប្តូរ​នូវ​ទស្សនៈ​របស់​បងប្អូន​ចំពោះ​បញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ វា​ផ្លាស់ប្តូរ​នូវ​ទស្សនៈ​របស់​បងប្អូន​អំពី​អ្នកដទៃ និង​សមត្ថភាព​របស់​បងប្អូន​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាពផ្លាស់ប្តូរ » ។

ការផ្លាស់ប្តូរ​នេះ​ត្រូវបាន​បង្ហាញ​នៅពេល​ដែល​យើង​អាន អំពី​បទពិសោធន៍​ដែល​លោក​ម៉ូសេ​មាន នៅពេល​មាន​ប្រសាសន៍​ជាមួយ​នឹងព្រះ​ប្រទល់មុខ ។ ក្នុង​អំឡុងពេល​សន្ទនា​នោះ ព្រះ​បាន​បង្រៀន​លោក​ម៉ូសេ​ម្តង​ហើយ​ម្តងទៀត អំពី​កេដំណែល​ដ៏ទេវភាព​របស់​លោក ដោយ​បន្ទូល​ថា « ម៉ូសេ អ្នក​ជា​បុត្រ​យើង » ។ ព្រះ​បាន​ពន្យល់​ថា លោក​ម៉ូសេ​គឺ​ស្ថិត​នៅក្នុង​រូប​ដូចជា​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ ។ លោក​ម៉ូសេ​បាន​យល់​យ៉ាងច្បាស់​ថា​លោក​ជា​នរណា ថាលោក​មាន​កិច្ចការ​មួយ​ត្រូវ​ធ្វើ ហើយ​ថា​លោក​មាន​ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់​មួយ​អង្គ ។

បន្ទាប់ពី​បទពិសោធន៍​នេះ មារសត្រូវ​បាន​មក​ល្បួង​លោក ហើយ​ភ្លាមនោះ​បាន​ហៅ​លោក​ដោយ​និយាយ​ថា « ម៉ូសេ ជា​កូន​មនុស្ស​អើយ » ។ នេះ​គឺជា​អាវុធ​សាមញ្ញ និង​គ្រោះថ្នាក់​មួយ​នៅក្នុង​ចំណោម​អាវុធ​ដែល​មារសត្រូវ​ប្រើ​ដើម្បី​វាយប្រហារ​យើង ។ ខណៈពេល​ដែល​ព្រះវរបិតាសួគ៌​របស់យើង​រំឭកយើង​យ៉ាង​ជាប់លាប់ និង​ដោយ​ក្តីស្រឡាញ់ ថា​យើង​គឺជា​បុត្រាបុត្រី​របស់ទ្រង់ នោះ​មារសត្រូវ​នឹង​ព្យាយាម​ដាក់​ស្លាក​យើង​ដោយ​ភាពទន់ខ្សោយ​របស់យើង​ជានិច្ច ។ ប៉ុន្តែ​លោក​ម៉ូសេ​បាន​ដឹង​រួច​ទៅហើយ​ថា លោក​មិនមែន​ត្រឹមតែ​ជា « កូន​មនុស្ស » នោះទេ ។ លោក​បាន​ប្រកាស​ទៅ​កាន់​សាតាំង « តើ​អ្នក​ជា​នរណា ? ដ្បិត​មើល​ចុះ ខ្ញុំ​ជា​បុត្រ​នៃ​ព្រះ » ។ ដូចគ្នា​នេះដែរ នៅពេល​យើង​ប្រឈម​នឹង​បញ្ហា​នៃ​ជីវិត​រមែងស្លាប់ ឬ​នៅពេល​យើង​មាន​អារម្មណ៍ថា​នរណា​ម្នាក់​កំពុង​ដាក់ស្លាក​យើង​ដោយសារ​ភាពទន់ខ្សោយ​របស់​យើង នោះ​យើង​ត្រូវ​ឈរ​ឡើង​យ៉ាងរឹងមាំ​នៅក្នុង​ចំណេះដឹង​ថា​យើង​ជា​នរណា​ឲ្យ​ប្រាកដ ។ យើង​ត្រូវតែ​ស្វែងរក​ការបញ្ជាក់​មកពី​ព្រះ មិនមែន​មកពី​មនុស្ស​ដទៃ​នោះទេ ។ ហើយ​ពេល​យើង​ធ្វើ​ដូច្នោះ យើង​ក៏អាច​ប្រកាស​យ៉ាង​ក្លាហាន​ថា « ខ្ញុំ​ជា​បុត្រ​នៃ​ព្រះ » បាន​ដែរ ។

នៅ​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​មួយ​សម្រាប់​យុវមជ្ឈិមវ័យ ប្រធាន រ័សុល អិម ណិលសុន​ជា​ទី​ស្រឡាញ់​របស់​យើង បាន​បង្រៀន ៖ « ដូច្នេះ តើ​ក្មួយៗ​ជា​នរណា ? ដំបូង ហើយ​សំខាន់​បំផុត ក្មួយៗ​គឺជា​បុត្រ​របស់​ព្រះ ជា​បុត្រ​នៃ​សេចក្តីសញ្ញា និង​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ កាល​ដែល​ក្មួយៗ​ទទួល​យក​សេចក្តីពិត​ទាំងនេះ នោះ​ព្រះវរបិតាសួគ៌​របស់​យើង​នឹង​ជួយ​ក្មួយៗ​ឲ្យ​ឈាន​ទៅ​ដល់​គោលដៅ​ចុងបំផុត​របស់​ក្មួយៗ​នៃ​ការរស់នៅ​ដ៏​អស់កល្ប​ជានិច្ច​នៅក្នុង​ទីវត្តមាន​ដ៏​បរិសុទ្ធ​របស់​ទ្រង់ » ។

វា​មិនមែន​ជារឿង​ចៃដន្យ​នោះទេ ដែល​បទគម្ពីរ​ទំនងជា​ពោល​ដដែលៗ​ថា ព្រះ​បាន​រំឭក​យើង​អំពី​ទំនាក់ទំនង​របស់យើង​ជាមួយនឹង​ទ្រង់ ។ ក្នុង​ចំណោម​ព្រះនាម​ទាំងអស់​ដែល​ទ្រង់​អាច​ត្រូវបាន​កំណត់​អត្តសញ្ញាណ​តាមរយៈ​ពាក្យ​អធិស្ឋាន​សាក្រាម៉ង់ ទ្រង់​បាន​ស្នើសុំ​ឲ្យ​ហៅថា « ព្រះ ជា​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច » ។

នៅពេល​យើង​បាន​ដឹង​ថា យើង​ជានរណា​ឲ្យប្រាកដ នោះ​យើង​នឹង​ជឿ​កាន់តែ​ខ្លាំង​ថា ព្រះវរបិតាសួគ៌​ដ៏ជាទី​ស្រឡាញ់​របស់យើង​បាន​ប្រទាន​ផែនការ​មួយ​សម្រាប់​យើង ដើម្បី​ត្រឡប់​ទៅរស់នៅ​ជាមួយនឹង​ទ្រង់​ម្តងទៀត ។ អែលឌើរ ផាទ្រីក ខៀរ៉ុន បាន​បង្រៀន « ផែនការ​របស់​ព្រះវរបិតា​យើង​ល្អ​ណាស់ គឺ​ជា​ផែនការ ‹ ដ៏អស្ចារ្យ › ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​នាំ​បងប្អូន​ទៅផ្ទះវិញ ពុំមែនឲ្យ​បងប្អូន​នៅ​ខាង​ក្រៅ​ផ្ទះ​នោះទេ ។… ព្រះ​ខិតខំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​បងប្អូន​ដោយ​ឥត​ឈប់​ឈរ » ។ សូម​គិត​អំពី​រឿង​នេះ​មួយភ្លែត—ព្រះវរបិតា​ដែល​មាន​នូវ​អំណាច​ទាំងអស់​របស់យើង ព្រះវរបិតា​ដ៏ជាទី​ស្រឡាញ់ « ខិតខំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​បងប្អូន​ដោយ​ឥត​ឈប់​ឈរ » ។

ដោយ​មិន​គិត​ពី​កន្លែង​ដែល​យើង​ស្ថិតនៅ នៅលើ​ផ្លូវ​នៃ​ភាពជា​សិស្ស​របស់​យើង នោះ​ជីវិត​របស់​យើង​នឹង​ផ្លាស់ប្តូរ​យ៉ាងខ្លាំង បើយើង​យល់កាន់តែ​ច្បាស់ថា យើងជា​នរណា​ឲ្យ​ប្រាកដ​នោះ ។ ខ្ញុំ​សូម​ណែនាំ​វិធី​ពីរយ៉ាង​ដែល​យើង​អាច​ធ្វើ​ឲ្យ​ការយល់ដឹង​នេះ​កាន់តែ​ស៊ីជម្រៅ​បាន ។

ដំបូង ការអធិស្ឋាន

នៅពេល​ព្រះអង្គ​សង្គ្រោះ​កំពុង​ចាប់ផ្តើម​ការបម្រើ​ក្នុង​ព្រះជន្ម​រមែងស្លាប់​របស់​ទ្រង់ ទ្រង់​បាន​យាងចូល​ទៅ​ក្នុង​ទីរហោស្ថាន​ដើម្បី « ទៅ​ជួប​ព្រះ » ។ ប្រហែលជា​យើង​គួរតែ​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់យើង ពី​គ្រាន់តែ​ពោល​ការអធិស្ឋាន​របស់យើង ទៅជា​ការចំណាយពេល​ឲ្យ​គ្រប់គ្រាន់​ដើម្បី​ពិតជា​មាន​ទំនាក់ទំនង​ជាមួយ និង « ទៅ​ជួប​ព្រះ » ជារៀង​រាល់ថ្ងៃ ។

ខ្ញុំ​បាន​រកឃើញ​ថា គុណតម្លៃ​នៃ​ការអធិស្ឋាន​របស់ខ្ញុំ​កាន់តែ​ប្រសើរឡើង នៅពេល​ដែល​ខ្ញុំ​ចំណាយពេល​ពីរបីនាទី​ដើម្បី​រៀបចំខ្លួន​និយាយ​ជាមួយនឹង​ព្រះវរបិតា​របស់ខ្ញុំ ។ បទគម្ពីរ​បង្ហាញ​យើង​ថា នេះ​គឺជា​លំនាំ​ដែល​មាន​ប្រសិទ្ធភាព ។ មិនថា​នោះជា យ៉ូសែប ស្ម៊ីធ​ នីហ្វៃ ជា​កូនប្រុស​របស់​ហេលេមិន​ ឬ​អេណុស​ឡើយ អ្នកទាំងអស់​នោះ​សុទ្ធតែ​មាន​របៀប​នៃ​ការ​ពិចារណា និង​ការជញ្ជឹងគិត​មួយចំនួន មុនពេល​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយនឹង​ព្រះ​ត្រូវបាន​កត់ត្រា ។ អេណុស​បាន​មាន​ប្រសាសន៍​ថា ព្រលឹង​របស់គាត់​ស្រេកឃ្លាន នៅពេល​ដែល​ពាក្យ​របស់​ឪពុក​គាត់​បាន​ជ្រួតជ្រាប​ទៅក្នុង​ដួងចិត្ត​របស់គាត់ ។ ឧទាហរណ៍​នីមួយៗ​ទាំងនេះ​បង្រៀន​យើង​អំពី​តម្រូវការ​ក្នុង​ការរៀបចំខ្លួន​ខាងវិញ្ញាណ សម្រាប់​ពេលវេលា​របស់យើង​ជារៀង​រាល់ថ្ងៃ​ដើម្បី « ទៅ​ជួប​ព្រះ » ។

ចំពោះ​ពួកសាសន៍​នីហ្វៃ ព្រះអង្គ​សង្គ្រោះ​បាន​ណែនាំ​ថា « កាលណា​អធិស្ឋាន នោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទទ្វារ រួច​អធិស្ឋាន​ដល់​ព្រះវរបិតា​នៃ​អ្នក » ។

មិន​ថា​វា​នៅក្នុង​ទូ ឬ​បន្ទប់​គេង​នោះទេ គោលការណ៍​នោះ​គឺ​ដើម្បី​ស្វែងរក​កន្លែង​មួយ​ដែល​បងប្អូន​អាច​នៅ​ម្នាក់ឯង​ដើម្បី​អធិស្ឋាន ដើម្បី​អនុញ្ញាត​ឲ្យ​ព្រលឹង​របស់​បងប្អូន​នៅ​នឹងនរ ហើយ​ទទួល​អារម្មណ៍​នៃ​ការបំផុស​គំនិត​នៃ​សំឡេង​តូច​រហៀងៗ » ។ យើង​អាច​រៀបចំខ្លួន​តាមរយៈ​ការពិចារណា​លើ​អ្វី​ដែល​យើង​មាន​អំណរគុណ និង​សំណួរ ឬ​កង្វល់ ដែល​យើង​ចង់​ចែកចាយ​នៅក្នុង​ការអធិស្ឋាន​ជាមួយនឹង​ព្រះវរបិតា​របស់យើង ។ យើង​គួរ​តែ​ព្យាយាម​កុំឲ្យ​មាន​ការអធិស្ឋាន​តាម​ទម្លាប់​ដោយ​គ្មាន​ការគិត ឬ​យល់ដឹង ប៉ុន្តែ​ត្រូវ និយាយជាមួយនឹង​ព្រះវរបិតា​របស់​យើង​ដោយ​ខ្លាំងៗ ប្រសិនជាអាច​ធ្វើទៅបាន ។

ខ្ញុំ​ដឹងថា នៅក្នុង​ភាពវឹកវរ​នៃ​ជីវិត​របស់យើង ការមើលថែ​កុមារតូចៗ ឬ​រត់ពី​ការប្រជុំ​មួយ​ទៅ​ការប្រជុំ​មួយ នោះ​យើង​ប្រហែលជា​មិន​មាន​ទីកន្លែង​ដ៏​ស្ងប់ស្ងាត់ និង​ការរៀបចំ​ខ្លួន​ប្រកប​ដោយ​ការគិតគូរ​នោះទេ—ប៉ុន្តែ​ការអធិស្ឋាន​ស្ងាត់ៗ រហ័ស និង​បន្ទាន់​ទាំងនោះ​អាច​កាន់តែ​មាន​អត្ថន័យ នៅពេល​យើង​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី « ទៅ​ជួប​ព្រះ » នា​ព្រឹក​ព្រលឹម​នោះ ។

ប្រហែល​ជា​មាន​អ្នក​ខ្លះ​ដែល​មិន​បាន​អធិស្ឋាន​ជា​យូរ​មក​ហើយ ឬ​អ្នក​ខ្លះ​ទៀត​ដែល​មិន​មាន​អារម្មណ៍​ថា ការអធិស្ឋាន​របស់​ពួកគេ​កំពុង​ត្រូវ​បាន​ព្រះ​ស្តាប់ឮ ។ ខ្ញុំ​សូម​សន្យាថា ព្រះវរបិតាសួគ៌​របស់បងប្អូន​ស្គាល់​បងប្អូន ស្រឡាញ់​បងប្អូន និង​សព្វព្រះទ័យ​ចង់​ឮ​ពី​បងប្អូន ។ ទ្រង់​ចង់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បងប្អូន ។ ទ្រង់​សព្វព្រះទ័យ​ឲ្យ​បងប្អូន​ចាំថា ខ្លួន​បងប្អូន​គឺ​ជា​នរណា

ប្រធាន ជែហ្វ្រី អ័រ ហូឡិន កាលពីថ្មីៗ​នេះ​បាន​បង្រៀន « ទោះបី​ជា​បងប្អូន​អធិស្ឋាន​ច្រើន​ប៉ុនណា​ក៏​ដោយ ចូរ​អធិស្ឋាន​បន្ថែម​ទៀត ។ ទោះបី​ជា​បងប្អូន​កំពុង​អធិស្ឋាន​ខ្លាំង​ប៉ុនណា​ក៏ដោយ ចូរ​អធិស្ឋាន​ឲ្យ​កាន់តែ​ខ្លាំង​ទៀត » ។

បន្ថែម​ពីលើ​នេះ ការបង្កើន​ភាពញឹកញាប់ និង​គារវភាព​ក្នុង​ការអធិស្ឋាន​របស់​យើង ការសិក្សា​ព្រះគម្ពីរ​មរមន​ជារៀងរាល់​ថ្ងៃ និង​ការថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នឹង​ជួយ​រៀបចំ​គំនិត​របស់យើង​សម្រាប់​វិវរណៈ ។ នៅពេល​យើង​ខិតខំ​ធ្វើ​អោយ​ទំនាក់ទំនង​របស់យើង​ជាមួយនឹង​ព្រះវរបិតាសួគ៌​របស់យើង​ឲ្យ​ប្រសើរ​ឡើង នោះ​ទ្រង់​នឹង​ប្រទានពរ​ឲ្យ​យើង​មាន​អារម្មណ៍​កាន់តែ​ជ្រួតជ្រាប​ថា យើង​គឺជា​បុត្រាបុត្រី​របស់ទ្រង់ ។

ទីពីរ មក​ស្គាល់ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ

ការបើក​បង្ហាញ​ដ៏អស្ចារ្យ​បំផុត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​យើង​ជា​បុត្រាបុត្រី​របស់ទ្រង់ គឺជា​សេចក្តីពិត​ដែល​ថា ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់ទ្រង់ ព្រះអង្គសង្រ្គោះ​ផ្ទាល់ខ្លួន​របស់យើង ដើម្បី​ជួយ​យើង​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ។ ដូច្នេះ យើង​ត្រូវតែ​មក​ឲ្យ​ស្គាល់​ទ្រង់ ។

កាលពី​ប៉ុន្មាន​ឆ្នាំមុន ខណៈពេល​កំពុង​បម្រើជា​ប្រធាន​ស្តេក ខ្ញុំ​បាន​ដាក់​អនុសាសន៍​មួយ​សម្រាប់​បងប្រុស​ម្នាក់​ឲ្យ​បម្រើជា​អ្នក​ធ្វើ​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់​ពី​ពន្យល់​ប្រាប់​គាត់​ថា គាត់​នឹង​ក្លាយជា​អ្នក​ធ្វើ​ពិធីបរិសុទ្ធ​ដ៏អស្ចារ្យ ខ្ញុំ​បាន​ចុច​បញ្ជូន​អនុសាសន៍​ដោយ​អចេតនា​ថា « មិន​គាំទ្រ » ។ បន្ទាប់ពី​ព្យាយាម​យក​សារ​នោះ​មកវិញ​មិន​បាន​ជោគជ័យ ខ្ញុំ​បាន​ទូរសព្ទ​ទៅកាន់​ប្រធាន​ព្រះវិហារ​បរិសុទ្ធ ហើយ​និយាយថា « ខ្ញុំ​បាន​ធ្វើ​កំហុស​ដ៏ធ្ងន់ធ្ងរ​មួយ » ។ ដោយ​មិន​ស្ទាក់ស្ទើរ ប្រធាន​ព្រះវិហារ​បរិសុទ្ធ​ដ៏ល្អ​នេះ​បាន​មាន​ប្រសាសន៍​ថា « ប្រធាន អ៊ីរេ មិនមាន​អ្វី​ដែល​ប្អូន​បាន​ធ្វើ​ដែល​មិន​អាច​លើកលែង​ទោស និង​កែតម្រូវ​នៅ​ទីបំផុត​បាន​នោះទេ » ។ នោះ​ពិតជា​សេចក្តីពិត​ដ៏​អស្ចារ្យ​មែន ។ ជាការពិត​ណាស់ ព្រះយេស៊ូវគ្រីស្ទ​គឺ « មាន​ឥទ្ធិឫទ្ធិ​ដើម្បី​សង្គ្រោះ » ។

ក្នុង​ឆ្នាំ២០១៩ មាន​ការផ្លាស់ប្តូរ​ដ៏អស្ចារ្យ​មួយ​នៅ​ក្នុង​សំណួរ​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ពី​មុន​មក សំណួរ​មួយ​បាន​សួរថា តើ​អ្នក​មាន​ទីបន្ទាល់​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុងនាម​ជា​ព្រះអង្គសង្រ្គោះ និង​ព្រះប្រោសលោះ របស់យើងដែរ​ឬ​ទេ ? ឥឡូវនេះ សួរ​ថា តើ​អ្នក​មាន​ទីបន្ទាល់​អំពី​តួនាទី​របស់​ទ្រង់​ក្នុងនាម​ជា​ព្រះអង្គសង្រ្គោះ និង​ព្រះប្រោសលោះ របស់​អ្នក ដែរ​ឬ​ទេ ? ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​មិន​ត្រឹម​ដំណើរការ​សម្រាប់​តែ​អ្នកដទៃ​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​ដំណើរ​សម្រាប់​បងប្អូន​និង​សម្រាប់​ខ្ញុំ​ផងដែរ ។ ទ្រង់​គឺជា​ព្រះអង្គសង្រ្គោះ​របស់​ខ្ញុំ ។ ទ្រង់​គឺជា​ព្រះអង្គសង្រ្គោះ​របស់​បងប្អូន ។ ជា​ព្រះអង្គសង្រ្គោះ​របស់យើង​ម្នាក់ៗ ។ មាន​តែ​តាមរយៈ​ទ្រង់​ប៉ុណ្ណោះ​ដែល​បងប្អូន និង​ខ្ញុំ​អាច​ត្រឡប់​ទៅ​ជួប​ជាមួយនឹង​ព្រះវរបិតា​របស់យើង​វិញបាន ។

ដូច្នេះហើយ បងប្អូន​ប្រុសស្រី​អើយ សូម​ឲ្យ​យើង​ស្វែងរក​ទ្រង់ ។ សូម​ឲ្យ​យើង​សិក្សា​ពី​ទំនាក់ទំនង​ដ៏ទេវភាព​របស់​ទ្រង់​ជាមួយនឹង​ព្រះវរបិតា និង​ជាមួយ​យើង​ម្នាក់ៗ ។ សូម​ឲ្យ​យើង​ដក​បទពិសោធន៍​នូវ​ចម្រៀង​នៃ​សេចក្តី​ស្រឡាញ់​ដ៏​ប្រោសលោះ ដែល​មក​ដោយ​ផ្ទាល់​ដល់​យើង​ម្នាក់ៗ តាមរយៈ​ព្រះប្រោសលោះ​របស់យើង​នៅពេល​យើង​ប្រែចិត្ត ។ នៅ​ពេល​យើង​មក​ស្គាល់ « ទ្រង់​ដែល​មាន​ឥទ្ធិ​ឫទ្ធិ​ដើម្បី​សង្គ្រោះ »យើង​នឹង​យល់ថា ក្នុងនាម​យើង​ជា​បុត្រាបុត្រី​នៃ​ព្រះ យើង​ជា​សេចក្តីអំណរ​របស់​ទ្រង់ ជា​ការផ្តោតដ៏​សំខាន់​បំផុត​របស់​ទ្រង់ ហើយ​គឺ​ពិតជា​មាន​តម្លៃ​ក្នុង​ការសង្រ្គោះ ។

ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា យើង​មាន​ព្រះវរបិតាសួគ៌​ដ៏​ជាទី​ស្រឡាញ់​មួយ​អង្គ ។ នៅ​ពេល​យើង​ស្គាល់​សេចក្ដីពិត​ដ៏អស់កល្ប​នេះ តាមរយៈ​ការអធិស្ឋាន​ដ៏ក្លៀវក្លា វិវរណៈ​ផ្ទាល់ខ្លួន និង​ការមករក​ព្រះយេស៊ូវគ្រីស្ទ ឥឡូវនេះ យើង​អាច​ប្រកាស​ជា​ឱឡារិកថា « ខ្ញុំ​ជា​បុត្រ​នៃ​ព្រះ » ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕