ព្យាការីរបស់ព្រះ
ការស្ដាប់ និងគោរពតាមសំឡេងរបស់ព្យាការី គឺសំខាន់ដើម្បីក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អរហូតដល់ការយាងមកជាលើកទីពីរ ។
យុវវ័យជាទីស្រឡាញ់ យើងមានសម័យប្រជុំសន្និសីទដ៏អស្ចារ្យណាស់ ! ពួកយើងបានស្ដាប់ឮសាវកដែលនៅរស់របស់ព្រះយេស៊ូវគ្រីស្ទចំនួនបីរូបរួចមកហើយ ។ ឱ នោះជាពរជ័យដ៏វិសេសណាស់ ! ហើយយើងនឹងនៅតែស្ដាប់ឮបន្ថែមទៀត មកពីប្រធាន ហែនរី ប៊ី អាវរិង ។ អាហារខាងវិញ្ញាណនៅតែបន្ដមាន !
កាលខ្ញុំនិយាយនៅឆ្នាំមុន យើងបានរៀនអំពីរបៀបដើម្បីប្រឈមមុខនឹងពិភពលោកនេះតាមរយៈបទពិសោធន៍របស់ដាវីឌ ជាមួយកូលីយ៉ាត ។ តើនៅចាំអំពីគ្រាប់ក្រួសទាំងប្រាំដុំដែរឬទេ ? នៅថ្ងៃនេះ ខ្ញុំនឹងចែកចាយដំណើររឿងព្រះគម្ពីរសញ្ញាចាស់មួយ ដែលខ្ញុំបានអានកាលពីនៅវ័យស្របាលក្មួយៗ ដែលធ្វើឲ្យខ្ញុំនៅតែចង់ធ្វើជាតួឯកស្រីក្នុងរឿងនេះ ។ ព្រះគម្ពីរប៊ីបពុំប្រាប់យើងអំពីឈ្មោះរបស់គាត់ទេ ដូច្នេះយើងនឹងហៅគាត់ថាជាស្ត្រីនៃក្រុងស៊ូណែម ដោយសារតែនេះគឺជាឈ្មោះទីក្រុងរបស់គាត់ ។
នៅថ្ងៃមួយ ព្យាការីអេលីសេ បានធ្វើដំណើរឆ្លងកាត់ក្រុងស៊ូណែម ហើយយើងបានអានថាមាន « ស្ត្រីអ្នកធំម្នាក់ នាងបាន[ អញ្ជើញ ] » លោកឲ្យនៅពិសាបាយ ។ រួចមកវេលាណាដែលលោកទៅតាមទីនោះ លោកតែងតែចូលទៅពិសាបាយ … » ។ ខ្ញុំស្រមៃថា ព្យាការីអេលីសេពិតជារីករាយនឹងការអញ្ជើញឲ្យទៅពិសាបាយនៅផ្ទះរបស់នាង ! លោកតែងធ្លាប់ទៅជាញយៗ នៅថ្ងៃមួយស្ត្រីនោះបាននិយាយទៅកាន់ប្ដីនាងថា « មើល ខ្ញុំយល់ឃើញថា លោកជាអ្នកបរិសុទ្ធរបស់ព្រះ » ។
ស្ត្រីនោះថ្លែងថា « មើល ខ្ញុំយល់ឃើញ » ។ វាហាក់ដូចជាគាត់បានអញ្ជើញអេលីសេទៅផ្ទះរបស់គាត់ដោយមិនដឹងថាលោកជាព្យាការីទេ គាត់បានទទួលទីបន្ទាល់តាមរយៈព្រះវិញ្ញាណបរិសុទ្ធដោយការស្ដាប់តាមដោយយកចិត្តទុកដាក់ទៅលើអ្វីដែលអេលីសេបានថ្លែង និងបង្រៀន ។ ( សូមចងចាំ ពុំមានរូបភាពនៅគ្រានោះទេ ! ដូច្នេះ វាពិបាកក្នុងការស្គាល់ព្យាការីដោយគ្រាន់តែមើលមុខនោះ ) ។
ប៉ុន្តែរឿងនោះពុំទាន់ចប់នៅត្រឹមនោះទេ ។ នៅថ្ងៃមួយ ស្ត្រីនោះបានថ្លែងទៅកាន់ស្វាមីនាងថា « សូមឲ្យយើងធ្វើបន្ទប់១តូច … ព្រមទាំងដាក់គ្រែ តុ កៅអី និងជើងទៀន សម្រាប់លោកផង ដូច្នេះ កាលណាលោកមកផ្ទះយើង នោះនឹងនៅក្នុងបន្ទប់នោះ » ។
ស្ត្រីដ៏ស្មោះត្រង់រូបនេះមានឆន្ទៈដើម្បីធ្វើបន្ទប់មួយនៅក្នុងផ្ទះគាត់ដើម្បីទុកឲ្យព្យាការី ពេលលោកដើរឆ្លងកាត់ទីក្រុងនោះ លោកនឹងមានកន្លែងស្នាក់នៅ !
សព្វថ្ងៃនេះ យើងអាចរៀនមេរៀនដ៏មានអានុភាពមួយមកពីបទពិសោធន៍នេះ ។
ព្រះអម្ចាស់បានថ្លែងទីបន្ទាល់ទៅកាន់ស្ត្រីនៃក្រុងស៊ូណែម ថាអេលីសេគឺជាព្យាការីរបស់ព្រះ ហើយនាងបានធ្វើតាមដោយការបើកទ្វារផ្ទះទទួលលោក ។
យើងក៏អាចទទួលទីបន្ទាល់ផ្ទាល់ខ្លួនអំពីពួកព្យាការីរបស់ព្រះសព្វថ្ងៃនេះ ផងដែរ ហើយបើកដួងចិត្ត និងគំនិតរបស់យើង—ផ្ទះរបស់យើង—ដើម្បីទទួលសារលិខិតដែលព្រះវរបិតាសួគ៌មានសម្រាប់យើងនៅក្នុងថ្ងៃចុងក្រោយនេះ ។
យុវវ័យជាទីស្រឡាញ់ ខ្ញុំសូមអញ្ជើញក្មួយៗឲ្យសួរខ្លួនឯងនូវសំណួរនេះ ៖ តើខ្ញុំមានទីបន្ទាល់ផ្ទាល់ខ្លួនអំពីពួកព្យាការីនៅរស់របស់ព្រះហើយឬនៅ ?
សូមចាប់ផ្ដើមពីដើមមកវិញ ។
តើព្យាការីគឺជាអ្វី ? ព្យាការីគឺជាបុរសម្នាក់ដែលព្រះបានហៅឲ្យថ្លែងជំនួសទ្រង់ ។ មានពួកព្យាការីនៅលើផែនដីសព្វថ្ងៃនេះ ដូចកាលពីជំនាន់បុរាណដែរ ។
ព្យាការីគឺជាអ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ នោះមានន័យថា ពួកលោកអាចមើលឃើញនូវអ្វីដែលអ្នកដទៃមើលមិនឃើញ ហើយពួកលោកអាចព្យាករអំពីព្រឹត្តិការណ៍នាពេលអនាគត ។ ពួកលោកក៏អាចរៀបចំយើងទប់ទល់គ្រោះមហន្តរាយផងដែរ ។ ព្យាការីទទួលបទបញ្ញត្តិ និងវិវរណៈទាំងឡាយមកពីព្រះអម្ចាស់ ។ មាត្រានៃសេចក្ដីជំនឿទីប្រាំបួន បានថ្លែងអំពីការបន្ដទទួលវិវរណៈនៅក្នុងថ្ងៃចុងក្រោយទាំងនេះ ។ វាចែងថា « យើងខ្ញុំជឿចំពោះការណ៍ទាំងអស់ ដែលទ្រង់បានបើកសម្ដែងមក និងការណ៍ទាំងអស់ ដែលទ្រង់បើកសម្ដែងនៅពេលឥឡូវនេះ ហើយយើងខ្ញុំជឿថា ទ្រង់នឹងបើកសម្ដែងនូវការណ៍ដ៏ធំ និងសំខាន់ៗជាច្រើន ដែលទាក់ទងទៅនឹងនគរនៃព្រះ » ។
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បានថ្លែងថា « ព្រះអម្ចាស់បន្តបើកសម្ដែងព្រះបញ្ញត្តិ និងឆន្ទៈរបស់ទ្រង់ដល់ព្យាការីរបស់ទ្រង់នៅសព្វថ្ងៃនេះ ព្រោះទ្រង់មានព្រះរាជបំណងនាំយើងទៅកាន់សុភមង្គលក្នុងជីវិតនេះ និងទៅកាន់សិរីល្អនៃសេឡេស្ទាលក្នុងជីវិតបន្ទាប់ទៀត » ។
ពួកព្យាការីក៏ប្រកាសដំណឹងល្អ ហើយបំផុសគំនិតដល់គ្រូបង្រៀន និងសារទូតរបស់ព្រះអម្ចាស់ទៅកាន់មនុស្សគ្រប់រូបនៅលើផែនដីផងដែរ ។
សមាជិកម្នាក់ៗនៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ គឺជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ ដោយបម្រើជាក្រុមប្រឹក្សានៅក្រោមការដឹកនាំរបស់ព្រះអម្ចាស់ នោះពួកលោកមានសិទ្ធិអំណាចដើម្បីប្រកាស និងបកស្រាយគោលលទ្ធិ ហើយបង្កើតគោលនយោបាយសម្រាប់សាសនាចក្ររបស់ទ្រង់ ។ ពួកលោកអធិស្ឋាន និងពិគ្រោះដោយប្រុងប្រយ័ត្ន ដើម្បីឲ្យការសម្រេចចិត្តរបស់កូរ៉ុមទាំងនេះត្រូវតែរួមមតិជាឯកច្ឆន្ទ ។ តាមរបៀបនេះ ព្រះអម្ចាស់អះអាងនឹងយើងថា ព្រះទ័យរបស់ទ្រង់នឹងត្រូវបានសម្រេច ។
ព្យាការីថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ—ថ្លែងអំពីការមានព្រះជន្ម ការបម្រើ និងភាពជាព្រះរបស់ទ្រង់ ។
ចូរយើងអានទីបន្ទាល់មួយចំនួនមកពីពួកព្យាការីពីព្រះគម្ពីរមរមន ។
អ័ប៊ីណាដៃបានប្រកាស ៖
« ព្រះអង្គទ្រង់ផ្ទាល់នឹងយាងចុះមកក្នុងចំណោមកូនចៅមនុស្ស ហើយទ្រង់នឹងប្រោសលោះរាស្ត្រទ្រង់ ។
« ហើយពីព្រោះទ្រង់គង់នៅក្នុងសាច់ឈាម នោះទ្រង់នឹងត្រូវឲ្យព្រះនាមថា ជាព្រះរាជបុត្រានៃព្រះ » ។
សាំយ៉ូអែលជាសាសន៍លេមិន ក៏ថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជា « ព្រះរាជបុត្រានៃព្រះ ព្រះវរបិតានៃស្ថានសួគ៌ និងផែនដី ព្រះដែលបង្កើតវត្ថុសព្វសារពើចាប់តាំងពីដំបូងមក » ។
ហើយព្យាការីមរ៉ូណៃបានថ្លែងថា « ខ្ញុំបានឃើញព្រះយេស៊ូវ ហើយ … ទ្រង់បានមានព្រះបន្ទូលជាមួយខ្ញុំ ទល់នឹងមុខ » ។
នៅពេលព្រះគ្រីស្ទបានយាងមកជួបសាសន៍នីហ្វៃ រឿងដំបូងដែលទ្រង់បានធ្វើគឺហៅពួកសាវកដប់ពីរនាក់ ។ ហើយទ្រង់មានបន្ទូលទៅកាន់ប្រជារាស្ត្រថា « មានពរ ហើយអ្នករាល់គ្នា បើសិនជាអ្នករាល់គ្នាស្ដាប់បង្គាប់តាម ពាក្យសម្ដីនៃពួក១២នាក់នេះ ដែលយើងបានរើស » ។
ឥឡូវ ខ្ញុំសូមចែកចាយពាក្យមួយចំនួនដល់ឪពុកម្ដាយ ឬសមាជិកគ្រួសារដទៃទៀតដែលកំពុងចិញ្ចឹមបីបាច់កូនចៅ ។ ព្រះអម្ចាស់ផ្ទាល់បានបង្រៀនដល់អ័ដាម និងអេវ៉ា អំពីសេចក្ដីពិតនៃផែនការនៃសេចក្ដីសង្គ្រោះ ។ ហើយបន្ទាប់មកទ្រង់មានបន្ទូលទៅពួកគេថា « យើងប្រទានដល់អ្នកនូវបញ្ញត្តិមួយឲ្យបង្រៀនការណ៍ទាំងនេះដោយសេរី ដល់កូនចៅអ្នក » ។
តើការបង្រៀនដោយសេរីមានន័យយ៉ាងណា ? វាគឺជាការរៀនសេចក្ដីពិតអំពីដំណឹងល្អ ការមានទីបន្ទាល់ផ្ទាល់ខ្លួនអំពីសេចក្ដីពិតទាំងឡាយ ហើយចែកចាយចំណេះដឹងនោះជាមួយកូនចៅរបស់យើង ។ វាគឺដើម្បីលើកកម្ពស់ទាំងការបង្រៀនជាផ្លូវការ និងមិនផ្លូវការ ។ វាគឺជាការរស់នៅស្របតាមចំណេះដឹង និងទីបន្ទាល់នោះ ។
ព្រះគម្ពីរមរមនពិពណ៌នាអំពីកងទ័ពកំលោះ២០៦០នាក់ ថាជា « មនុស្សស្មោះត្រង់ ហើយម៉ឺងម៉ាត់ព្រោះពួកគេត្រូវបានបង្ហាត់ឲ្យ កាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយឲ្យដើរដោយស្មោះត្រង់នៅចំពោះទ្រង់ » ។ យុវជនទាំងនេះគោរពដោយស្មោះចំពោះហេលេមិនដែលជាអ្នកដឹកនាំ ហើយក៏ជាព្យាការីរបស់ពួកគេផងដែរ ហើយពួកគេក៏បានទទួលស្គាល់ថាម្ដាយរបស់ពួកគេបានបំពេញនៅក្នុងដួងចិត្តពួកគេដោយសេចក្ដីពិត និងសេចក្ដីជំនឿ ។
ឪពុកម្ដាយទាំងឡាយអើយ នៅក្នុងពិភពលោកនេះជាកន្លែងដែលមានសំឡេងជាច្រើន ហើយពេលខ្លះមានភាពងងឹតយ៉ាងខ្លាំង ព្រះបានត្រាស់បង្គាប់ឲ្យយើងចិញ្ចឹមបីបាច់កូនៗរបស់យើងនៅក្នុងពន្លឺ និងសេចក្ដីពិត ។ ទ្រង់បានផ្ទុកដាក់លើយើងនូវការទទួលខុសត្រូវដើម្បីបង្រៀនកូនចៅយើងអំពីសេចក្ដីពិតនៃដំណឹងល្អនៃការសង្គ្រោះ ។ ប្រសិនបើយើងពុំបានធ្វើដូច្នោះ នោះពិភពលោកនឹងមិនធ្វើវាជំនួសយើងឡើយ ។
មិត្តវ័យក្មេងជាទីស្រឡាញ់ ខ្ញុំមានការអញ្ជើញមួយសម្រាប់ក្មួយៗ ៖ នៅប៉ុន្មានថ្ងៃបន្ទាប់នេះ ខ្ញុំអញ្ជើញក្មួយៗឲ្យលុតជង្គង់ចុះ បើកដួងចិត្ត ហើយអធិស្ឋានដោយសេចក្ដីជំនឿទៅកាន់ព្រះវរបិតាសួគ៌ ទូលសូមឲ្យទ្រង់បញ្ជាក់ដល់ក្មួយៗថាតើ ព្យាការី និងពួកសាវកដែលទ្រង់បានជ្រើសរើស គឺជាព្រះសូរសៀងរបស់ទ្រង់នៅលើផែនដីសព្វថ្ងៃនេះឬទេ ។
ស្រ្តីនៃក្រុងស៊ូណែមបានបង្រៀនថា យើងអាចមានទីបន្ទាល់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ខ្ញុំសន្យានឹងបងប្អូនថា នៅពេលយើងដឹង ថាពួកលោកជាមនុស្សដែលព្រះបានតែងតាំង នោះជីវិតរបស់យើងនឹងកាន់តែមានភាពងាយស្រួលទោះជាមានបញ្ហាជាច្រើនជាបន្ដបន្ទាប់ក្ដី នៅពេលយើងគោរពតាមសំឡេងរបស់ពួកលោកដោយការទុកចិត្ត ជំនឿ និងក្ដីសង្ឃឹម ។ ការ ស្ដាប់ និងគោរពតាម សំឡេងរបស់ព្យាការី គឺសំខាន់ដើម្បី ក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ រហូតដល់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះយើង ។
សេចក្ដីទុច្ចរិតក្នុងពិភពលោកកំពុងតែកើនឡើង ប៉ុន្តែសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ និងនគររបស់ទ្រង់គឺកាន់តែរឹងមាំឡើង ។ ស៊ីយ៉ូនចូរប្រដាប់ដោយសម្លៀកបំពាក់ដ៏រុងរឿងរបស់ឯងចុះ ហើយបល្ល័ង្គនៃព្រះគ្រីស្ទនឹងមិនរលំឡើយ ។ ព្រះអម្ចាស់រំពឹងឲ្យយើងមានទីបន្ទាល់រឹងមាំ ហើយពោរពេញដោយសេចក្ដីជំនឿ និងប្រែចិត្តជាប្រចាំ ។ ព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ គឺពឹងលើយើងម្នាក់ៗនៅក្នុងកិច្ចការរបស់ទ្រង់ ។
នៅគ្រាមួយ ព្យាការី យ៉ូសែប ស៊្មីធ បានថ្លែងថា « បងប្អូនប្រុសអើយ តើយើងនឹងមិនទៅមុខ ដោយសារចលនាដ៏ធំមហិមានេះឬ ? » ទោះជាយ៉ាងណា ដោយសារតែសារលិខិតរបស់ខ្ញុំគឺថ្លែងសម្រាប់ក្មួយៗ ដែលជាយុវវ័យ ខ្ញុំចង់ប្រើពាក្យយុវវ័យ ជំនួសឲ្យបងប្អូនប្រុស វិញ ។ ត្រៀមហើយឬនៅ ?
« [ យុវវ័យ ] អើយ តើយើងនឹងមិនទៅមុខ ដោយសារចលនាដ៏ធំមហិមានេះឬ ? ចូរទៅមុខ ហើយកុំថយក្រោយឡើយ ។ [ យុវវ័យ ] អើយចូរមានចិត្តក្លាហានចុះ ហើយចូរទៅចូរទៅ ទៅរកជ័យជម្នះ ! ចូរឲ្យចិត្តអ្នកបានអរសប្បាយ ហើយរីករាយជាអតិបរមាចុះ » ។
ខ្ញុំមានអំណរគុណចំពោះការដឹកនាំ និងកិច្ចខិតខំប្រកបដោយការថ្វាយរបស់ពួកព្យាការីនៅរស់ ។ ខ្ញុំសូមផ្ដល់នូវទីបន្ទាល់ដ៏ឱឡារិកថា ពួកលោកគឺត្រូវបានហៅដោយព្រះដើម្បីបន្តទៅមុខ ស្ថាបនា និងដឹកនាំនគររបស់ទ្រង់នៅលើផែនដីសព្វថ្ងៃនេះ ។ ហើយវានឹងដូច្នោះជានិច្ច ! គឺតែងតែជាព្រះអម្ចាស់ដែលជ្រើសរើសពួកអ្នកបម្រើរបស់ទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕