2025
ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖ សំឡេង​អបអរ​សាទរ
ដើម្បី​កម្លាំង​នៃ​យុវជន ខែកក្កដា ឆ្នាំ២០២៥


ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖ សំឡេង​អបអរ​សាទរ

ដំណឹងល្អ​ដែល​បានស្តារ​ឡើងវិញ​នាំមក​នូវ​គោលបំណង និង​សេចក្តី​អំណរ​ដល់​ក្មួយៗ នៅលើ​ដំណើរ​របស់​ក្មួយៗ​ឆ្ពោះ​ទៅរក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ព្រះយេស៊ូវ​គ្រីស្ទ

Light of Hope [ ពន្លឺ​នៃ​សេចក្ដីសង្ឃឹម ] ដោយ ស៊ីម៉ូន ឌូវី

ពេល​បម្រើ​ជា​អ្នកដឹកនាំ​បេសកកម្ម​នៅ​ប្រទេស​ជប៉ុន​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បានធ្វើ​បទសម្ភាស​ជាមួយ​បុរស​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​សាសនាចក្រ​កាលពី​មួយ​ឆ្នាំ​មុន ហើយ​កំពុង​ព្យាយាម​ទទួលបាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

ក្នុង​អំឡុង​ការសន្ទនា​របស់​យើង សមាជិក​ថ្មី​នេះ​បាន​រៀបរាប់​អំពី​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ពរជ័យ​ដែល​គាត់​បាន​ទទួល​នៅក្នុង​ឆ្នាំ​នោះ​តាំង​ពី​បុណ្យជ្រមុជទឹក​របស់​គាត់ ។ ចំពោះ​ខ្ញុំ គាត់​បាន​បង្ហាញ​ទំនុកចិត្ត​នៃ​សេចក្ដី​សញ្ញា ដែល​បណ្តាល​មកពី​ការយល់ដឹង​អំពី​ដំណឹងល្អ​របស់​គាត់ ដែល​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅក្នុង​គាត់ ។ គាត់​ជា​សិស្ស​ដែល​បាន​ប្រែចិត្តជឿ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​ដកពិសោធន៍​នូវ​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នៅ​ក្នុង​ចិត្ត ( សូមមើល ម៉ូសាយ ៥:២ ) ។

បន្ទាប់ពី បទសម្ភាស​នោះ ខ្ញុំ​បាន​ប្រាប់​ប្រធាន​មណ្ឌល​ថា ខ្ញុំ​មាន​ការស្ងើច​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា និង​សមាជិក​ដែល​បានរកឃើញ និង​ចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ​ដល់​បុរស​ដ៏​ឆ្នើម​ម្នាក់​ដែល​មាន​សក្តានុពល​បែបនេះ ។

ខ្ញុំ​ភ្ញាក់ផ្អើល​ណាស់​នៅពេល​ដឹង​ថា នៅពេល​ដែល​បុរស​នេះ​ចាប់ផ្តើម​ជួប​ជាមួយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា និង​ចូលរួម​ព្រះវិហារ គាត់​គ្មាន​ផ្ទះសម្បែង​ទេ ហើយ​ស្ថិត​នៅក្នុង​កាលៈទេសៈ​ស្ទើរតែ​គ្មាន​សង្ឃឹម​សោះ ។ ការសិក្សា​របស់​បងប្រុស​នេះ​អំពី​ដំណឹងល្អ និង​ការប្រែចិត្តជឿ​របស់​គាត់​ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែ​បាននាំ​ឲ្យ​គាត់​មាន​នូវ​ការផ្លាស់ប្តូរ​ដ៏​អព្ភូតហេតុ ដែល​ដាក់​គាត់​ឲ្យ​នៅលើ​ផ្លូវ​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ព្រមទាំង​សេចក្តី​អំណរ​ផងដែរ ។

ដំណឹងល្អ​បានផ្តល់​ដល់​បងប្រុសរូប​នេះ​នូវ​រូបភាព​ច្បាស់លាស់​អំពី​គោលបំណង​នៃ​ជីវិត​របស់​គាត់ ។ សេចក្ដីពិត​នៃ​ដំណឹងល្អ​ដ៏​ច្បាស់ និង​ពិសេសៗ បាន​ផ្ដល់​ចម្លើយ​ដល់​សំណួរ​សំខាន់ៗ​របស់​គាត់​អំពី​ជីវិត​រមែង​ស្លាប់​នេះ ។ ក្មួយៗ និង​បុត្រ​ទាំងអស់​របស់​ព្រះ​អាច​មាន​ពរជ័យ​បែបនេះ​បាន​ដូចគ្នា តាមរយៈ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

គ្រួសារ​មួយ​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ

គោលបំណង​នៃ​ជីវិត

ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ស្តារឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ នៅក្នុង​ទីបន្ទាល់​ចុងក្រោយ​របស់​លោក​អំពី​សាសនាចក្រ ប្រធាន អិម រ័សុល បាឡឺដ ( ឆ្នាំ១៩២៨–២០២៣ ) ដែល​ពេលនោះ–ជា​ប្រធាន​ស្តីទី​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍ ៖

« យើង​ដឹង​ថា ព្រះ​ជា​នរណា យើង​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​ជា​នរណា ព្រោះ​យើង​មាន យ៉ូសែប ។ …

« … យើង​មាន​ពរជ័យ​យ៉ាងណា ដោយ​ដឹង​អ្វី​ដែល​យើង​ដឹង​អំពី​គោលបំណង​របស់​យើង​ក្នុង​ជីវិត​នេះ ហេតុអ្វី​យើង​នៅ​ទីនេះ អ្វី​ដែល​យើង​គួរតែ​ព្យាយាម​ធ្វើ និង​សម្រេច​ឲ្យ​បាន​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង » ។

សម្រាប់​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ចំណេះដឹង​នោះ​រួមមាន​ការយល់ដឹង​អំពី « ផែនការ​ដ៏​ឥតខ្ចោះ » នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ ត្រូវបាន​ស្គាល់​ផងដែរ​ថា​ជា « ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា » « ផែនការ​នៃ​សេចក្ដី​ប្រោសលោះ » និង « ផែនការ​នៃ​សេចក្ដី​មេត្តាករុណា » ( អាលម៉ា ៤២:៨, ១១, ១៥ ) ។ ផែនការ​របស់​ព្រះ « ដក​អាថ៌កំបាំង​ចេញ​ពី​ជីវិត និង​ភាពមិន​ច្បាស់លាស់​ចេញ​ពី​អនាគត​របស់យើង » ។ ភាពចាំបាច់ និង​ជា​ស្នូល​ចំពោះ​ផែនការ​នោះ និង​គោលបំណង​នៃ​ជីវិត​គឺ « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » ។

តាមរយៈ​ដំណឹងល្អ​យើង​ដឹង​ថា យើង​ជា​បុត្រ​របស់​ព្រះ ដែល​បាន​បញ្ជូន​មក​ផែនដី​ដើម្បី​ទទួល​ការសាកល្បង និង​រៀបចំ​ដើម្បី​បាន​រស់ឡើង​វិញ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:៣៩ ) ។ យើង​ដឹង​ពី​ព្រះបញ្ញត្តិ ហើយ​ត្រូវបាន​បង្រៀន​ឲ្យ « ដឹង​ខុស និង​ត្រូវ » ( នីហ្វៃទី២ ២:៥ ) ។ យើង​ដឹង​ថា យើង​នៅ​ទីនេះ​ដើម្បី​ស្រឡាញ់ និង​បម្រើ ហើយ​ថា​ព្រះអង្គ​សង្គ្រោះ​បានហៅ​យើង​ឲ្យ​យកឈ្នះ​លោកិយ និង​ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​ធ្វើ​ដូចគ្នា​ដែរ ( សូមមើល យ៉ូហាន ១៦:៣៣ ) ។

អ្វី​ដែល យ៉ូសែប ស្ម៊ីធ បានហៅ​ថា « សំឡេង​អបអរ​សាទរ​នៃ​ដំណឹងល្អ​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង » នឹង​ពង្រឹង​យើង​ក្នុង​អំឡុង​ថ្ងៃ​ដ៏​លំបាក និង​នាំមក​នូវ​អត្ថន័យ និង​គោលបំណង​ដល់​យើង និង​អ្នកដទៃ​ទៀត ។

ការគោរព​ប្រតិបត្តិ និង​ពរជ័យ​ទាំងឡាយ

ព្រះ​បាន​ប្រទានដល់​យើង​នូវ​សិទ្ធិជ្រើសរើស​ខាង​សីលធម៌ ដើម្បី​យើង​អាច​ទទួលខុសត្រូវ​ចំពោះ​ជម្រើស​របស់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០១:៧៨; សូមមើល​ផងដែរ នីហ្វៃទី២ ២:១៦ ) ។ ជា​ផ្នែក​នៃ « ការផ្ទុយ​ចំពោះ​រឿង​សព្វសារពើ » ( នីហ្វៃទី២ ២:១១ ) សាតាំង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ល្បួង​យើង​ឲ្យ​ប្រើប្រាស់​សិទ្ធិជ្រើសរើស​របស់​យើង​ខុស ។

នៅក្នុង​ជំនាន់​របស់​យើង ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ហៅ​ព្យាការី យ៉ូសែប ស្ម៊ីធ ហើយ « បាន​និយាយ​មក​កាន់​លោក​ពីលើ​ស្ថានសួគ៌ ហើយ​បាន​ប្រទាន​ព្រះបញ្ញត្តិ​ទាំងឡាយ​ដល់​លោក » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១:១៧ ) ។ ព្រះអម្ចាស់​បន្ត​បើកសម្ដែង​ព្រះបញ្ញត្តិ និង​ឆន្ទៈ​របស់​ទ្រង់​ដល់​ព្យាការី​របស់​ទ្រង់​នៅ​សព្វ​ថ្ងៃ​នេះ ព្រោះ​ទ្រង់​មាន​ព្រះរាជ​បំណង​នាំ​យើង​ទៅកាន់​សុភមង្គល​ក្នុង​ជីវិត​នេះ និង​ទៅកាន់​សិរីល្អ​នៃ​សេឡេស្ទាល​ក្នុង​ជីវិត​បន្ទាប់​ទៀត ។

ស្ដេច​បេនយ៉ាមីន​បង្រៀន

King Benjamin Preaches to the Nephites [ ស្ដេច​បេនយ៉ាមីន​ផ្សាយ​ទៅ​កាន់​ពួក​សាសន៍​នីហ្វៃ ] ដោយ ហ្គារី អិល ខេប

ព្យាការី​បង្រៀន

Teaching True Doctrine [ ការបង្រៀន​គោលលទ្ធិ​ពិត ] ដោយ ម៉ៃខល ម៉ម

យ៉ូសែប ស្ម៊ីធ បង្រៀន

Joseph Smith Preaching [ យ៉ូសែប ស៊្មីធ កំពុង​ផ្សព្វផ្សាយ ] ដោយ ស៊ែម ឡឡឺរ៍

រ័សុល អិម ណិលសុន បង្រៀន

ការគោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ​គួរ​តែ​ចេញមក​ពី​ការលះបង់ និង​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។ ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រកាស​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ » ( យ៉ូហាន ១៤:១៥ ) ។ លទ្ធផល​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ការបង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់ ដោយ​ការរក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ គឺជា​ពរជ័យ​ដែល​នាំមក​នូវ​សុភមង្គល និង​សេចក្តីអំណរ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣០:២០–២១ ) ។

ជាមួយ​នឹង​ទស្សនវិស័យ​ច្បាស់លាស់​នៃ​ប្រភព និង​ជោគវាសនា​ដ៏​ទេវភាព​របស់​យើង យើង​ដឹង​ថា « អ្វីៗ​ដែល​នឹង​ធ្វើ​ឲ្យ​ជីវិត រមែងស្លាប់ [ របស់​យើង ] បាន​ប្រសើរ​បំផុត វា អាច​ជា​រឿង ដូច​គ្នា ដែល​នឹង​ធ្វើ​ឲ្យ​ជីវិត​នៅ ភាពអស់កល្ប​ជានិច្ច [ របស់​យើង ] បាន​ប្រសើរ​បំផុត​តាម​ដែល ផែនការ​នេះ អាច​ធ្វើ​បាន ! »

យុវជន

សេចក្តី​អំណរ​នៅក្នុង​ការធ្វើដំណើរ​របស់​អ្នក

អ្នកប្រែចិត្តជឿ​ថ្មី​ដែល​ពោរពេញ​ដោយ​អំណរ​ដែល​ខ្ញុំ​បាន​ជួប​នៅ​ប្រទេស​ជប៉ុន​ជាច្រើន​ឆ្នាំ​កន្លងមក បាន​រកឃើញ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ភាពឧស្សាហ៍​ព្យាយាម​របស់​គាត់ និង​របស់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា និង​សមាជិក ។ គាត់​បានរកឃើញ​គោលបំណង​របស់​គាត់ និង​ពង្រីក​ចក្ខុវិស័យ​របស់គាត់​អំពី​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា ដែល​នាំមក​នូវ​ពរជ័យ និង​សេចក្តី​អំណរ​ដែល​លើកស្ទួយ​គាត់​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។

អែលឌើរ ផាទ្រីក ខៀរ៉ុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

« ដោយសារ​ផែនការ​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​របស់​យើង​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ម្នាក់ៗ ហើយ​ដោយសារ​ព្រះជន្ម​ដ៏​ប្រោសលោះ និង​បេសកកម្ម​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច—និង​គួរតែ—ជា​មនុស្ស​រីករាយ​បំផុត​នៅលើ​ផែនដី ! ទោះបី​ជា​ព្យុះ​ជីវិត​នៅក្នុង​ពិភពលោក​ដែល​មាន​បញ្ហា​ជាញឹកញាប់ បានបក់បោក​មកលើ​យើង​ក្តី ក៏​យើង​អាច​បណ្ដុះ​នូវ​អារម្មណ៍​នៃ​អំណរ និង​សេចក្តីសុខសាន្ត​ខាងក្នុង​ដែល​មាន​ភាពរីកចម្រើន និង​ស្ថិតស្ថេរ ដោយសារ​ក្ដីសង្ឃឹម​របស់យើង​លើ​ព្រះគ្រីស្ទ និង​ការយល់ដឹង​របស់យើង​អំពី​កន្លែង​របស់យើង​នៅក្នុង​ផែនការ​នៃ​សុភមង្គល​ដ៏​ស្រស់ស្អាត » ។

ខ្ញុំ​សូម​ថ្លែង​ការដឹងគុណ និង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ដំណឹងល្អ​ដែល​បានស្តារ​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា ។ ខ្ញុំ​សូម​អញ្ជើញ​ក្មួយៗ​ឲ្យ​ទទួលទាន​ផ្លែផ្កា​នៃ​ដំណឹងល្អ និង​មាន​អារម្មណ៍​នៃ​អំណរ​បន្ថែម​ទៀត​នៅលើ​ដំណើរ​ឆ្ពោះទៅ​រក​ជីវិត​អស់កល្ប​ជានិច្ច ។