2025
ព្រះ​តែងតែ​គង់នៅ​ជាមួយ​បងប្អូន
ដើម្បី​កម្លាំង​នៃ​យុវជន ខែកក្កដា ឆ្នាំ២០២៥


ព្រះ តែងតែ គង់នៅ​ជាមួយ​បងប្អូន

សូម្បី​តែ​នៅពេល​ដែល​ខ្ញុំ​មិន​ជឿ​លើ​ព្រះ ទ្រង់​នៅតែ​ស្រឡាញ់​ខ្ញុំ ហើយ​មើលថែ​ខ្ញុំ ។

យុវនារី​ឃើញ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ

រចនា​រូបភាព​ដោយ យូរ៉ាន ឌូអូ

ព្រះ​ស្គាល់​ខ្ញុំ​មុន​ខ្ញុំ​ស្គាល់​ទ្រង់ ។

នៅពេល​ដែល​ខ្ញុំ​មាន​អាយុ​ប្រាំបី​ឆ្នាំ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ជួប​ជីដូន និង​មីង​របស់​ខ្ញុំ​នៅតាម​ផ្លូវ ។ បន្ទាប់ពី​បាន​រៀន​អំពី​ដំណឹងល្អ យើង​ទាំងអស់គ្នា​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។ ទោះជា​យ៉ាងណា​ក៏​ដោយ នៅឆ្នាំ២០២០ យើង​ត្រូវ​ឈប់​ទៅ​ព្រះវិហារ​ដោយ​សារតែ​វីរុស​កូវីដ ។ ទីបំផុត​យើង​បាន​ឈប់​ជឿ ។

ពីរឆ្នាំ​មុន ខ្ញុំ​ថែមទាំង​មិនជឿ​លើ​ព្រះ ឬ​ដឹង​ថា​ទ្រង់​ពិត​ឬ​អត់​ផង ។ ថ្ងៃមួយ​បន្ទាប់​ពី​ចេញពី​រៀន ខ្ញុំ​ចង់​ឆ្លង​ផ្លូវ​ទៅ​ទិញ​នំ​ចំណី ។ ប៉ុន្តែ​សំឡេង​មួយ​បាន​ប្រាប់​ខ្ញុំ​ថា កុំ​ឆ្លង​ផ្លូវ ។ ខ្ញុំ​បាន​ឈប់ ហើយ​រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​នៅ​នឹង​មុខ​ខ្ញុំ ។ ប្រសិន​បើ​ខ្ញុំ​បាន​ឆ្លង​ផ្លូវ នោះ​រថយន្ត​នឹង​បុក​ខ្ញុំ ឬ​ប្រហែល​ជា​សម្លាប់​ខ្ញុំ ។ ខ្ញុំ​ដឹង​នៅ​ពេល​នោះ​ថា ព្រះ​បាន​ស្គាល់​ខ្ញុំ ហើយ​ស្រឡាញ់​ខ្ញុំ ។ ទោះបី​ជា​ខ្ញុំ​មិន​ជឿ​លើ​ទ្រង់ និង​មិន​បាន​ទៅ​ព្រះវិហារ​នៅពេល​នោះ​ក៏​ដោយ ទ្រង់​នៅតែ​ស្រឡាញ់​ខ្ញុំ និង​បាន​ការពារ​ខ្ញុំ ។

ខ្ញុំ​បាន​ចាប់ផ្តើម​អាន​ព្រះគម្ពីរ​មរមន​ម្តង​ទៀត ហើយ​បាន​ដឹង​ថា វា​ជា​ព្រះបន្ទូល​របស់​ព្រះ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​ត្រឡប់​ទៅ​ព្រះវិហារ​វិញ​ផងដែរ ។ នៅពេល​ដែល​ខ្ញុំ​ទៅ​ព្រះវិហារ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​ភាព​សុខសាន្ត សេចក្តី​ស្រឡាញ់​របស់​ព្រះ និង​ជំនួយ​ពី​ទ្រង់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ទ្រង់​តែងតែ​គង់នៅ​ជាមួយ​ខ្ញុំ ហើយ​ការណ៍​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត ។

ទំនុកតម្កើង​ដែល​ខ្ញុំ​ចូលចិត្ត​គឺ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ព្រោះ​វា​រំឭក​ខ្ញុំ​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​យើង និង​ជួយ​យើង ។ ខ្ញុំ​ក៏​ចូលចិត្ត​បទគម្ពីរ នីហ្វៃទី២ ២:២៧ ផងដែរ ដែល​និយាយ​អំពី​របៀប​ដែល​យើង​មាន​សេរីភាព​ក្នុង​ការជ្រើសរើស​រវាង​ខុស និង​ត្រូវ ។

ព្រះ​គង់​នៅ​ជាមួយ​ខ្ញុំ​នៅក្នុង​បញ្ហាប្រឈម​របស់​ខ្ញុំ

ជាច្រើន​ខែ​មុន ប្អូនប្រុស​របស់​ខ្ញុំ​បាន​ចាប់ផ្តើម​មក​ព្រះវិហារ​ជាមួយ​ខ្ញុំ ប៉ុន្តែ​បន្ទាប់​ពី​មួយរយៈ​ក្រោយមក​គាត់​បាន​ឈប់​មក ។ គាត់​បារម្ភ​អំពី​អ្វី​ដែល​មិត្តភក្តិ​របស់​គាត់ និង​អ្នកដទៃ​គិត​អំពី​គាត់ ។ គាត់​គិត​ថា វា​ជា​ការអាម៉ាស់​ក្នុង​ការទៅ​ព្រះវិហារ​របស់​យើង ប៉ុន្តែ​ខ្ញុំ​ប្រាប់​គាត់​ថា មិត្ដភក្ដិ​គាត់​គិត​បែបណា​វា​មិន​សំខាន់​នោះ​ទេ ។ អ្វី​ដែល​សំខាន់​គឺ​ជា​អ្វី​ដែល​ព្រះ​ទ្រង់​ព្រះតម្រិះ ។

គ្រួសារ​ខ្ញុំ​មិន​ទៅ​ព្រះវិហារ​ទេ ។ ខ្ញុំ​ទៅ​តែ​ម្នាក់​ឯង ។ ដោយសារ​ផ្លូវផ្ទះ​របស់​ខ្ញុំ​ពុំ​មាន​ឡានក្រុង​ទៅអគារ​ព្រះវិហារ នោះ​ខ្ញុំ​ដើរ​ប្រហែល ៣០ នាទី​ដើម្បី​ទៅ​ទីនោះ ។ គ្រួសារ​ខ្ញុំ​បារម្ភ​ពី​អ្វី​ដែល​មនុស្ស​ដទៃ​ទៀត​នឹង​គិត​អំពី​ពួកគេ ប៉ុន្តែ​ខ្ញុំ​និយាយ​ថា​វា​មិន​សំខាន់​ទេ​ព្រោះ​ខ្ញុំ​ដឹង​ថា​វា​ជា​ការពិត ។

នៅពេល​ដែល​ខ្ញុំ​ជួប​ជាមួយ​មិត្តភក្តិ​របស់​ខ្ញុំ ពេលខ្លះ​ពួកគេ​ផឹក​កាហ្វេ ។ ហើយ​នៅពេល​ដែល​ខ្ញុំ​ឃើញ​បែបនោះ ពេលខ្លះ​ខ្ញុំ​ចង់​ផឹក​កាហ្វេ​ដែរ ។ ប៉ុន្តែ​ខ្ញុំ​ចាំ​ថា ព្រះ​គង់​នៅ​ជាមួយ​ខ្ញុំ ។ ទ្រង់​កាន់​ដៃ​ខ្ញុំ ហើយ​ជួយ​ខ្ញុំ ។ ខ្ញុំ​ឮ​សំឡេង​មួយ​ដែល​ប្រាប់​ខ្ញុំ​មិន​ឲ្យ​ធ្វើវា ហើយ​ខ្ញុំ​ដឹង​ថា ព្រះ​កំពុង​ជួយ​ខ្ញុំ​យកឈ្នះ​បញ្ហាប្រឈម​ទាំងនេះ ។

យុវនារី

វា​ពិបាក​ក្នុង​ការទៅ​ព្រះវិហារ​ដោយ​គ្មាន​គ្រួសារ​របស់​នាង ប៉ុន្តែ ណារ៉ា ដឹង​ថា​ព្រះ​ស្រឡាញ់ និង​ប្រទានពរ​ដល់​នាង ។ ទ្រង់​ថែម​ទាំង​ធ្លាប់​បាន​ការពារ​នាង​ពី​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ ។

ដំបូន្មាន​របស់​ខ្ញុំ​ចំពោះ​អ្នកដទៃ​ដូច​ជា​រូប​ខ្ញុំ

ប្រសិន​បើ​ខ្ញុំ​ត្រូវ​ផ្តល់​ដំបូន្មាន​ដល់​នរណា​ម្នាក់​ដែល​នៅក្នុង​ស្ថានភាព​ដូចជា​ខ្ញុំ ខ្ញុំ​នឹង​និយាយ​ទៅកាន់​ពួកគេ​ថា បងប្អូន​មាន​ពរជ័យ​ខ្លាំង​ណាស់ ហើយ​បងប្អូន​មាន​សេចក្ដី​ជំនឿ​ខ្លាំងណាស់ ។ បងប្អូន​មិន​នៅ​ម្នាក់​ឯង​ទេ ព្រោះ​សមាជិក​សាសនាចក្រ និង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​អាច​ផ្តល់​ដំបូន្មាន​ល្អៗ​ដល់​បងប្អូន​បាន ។ ព្រះ​ស្រឡាញ់​បងប្អូន ។ បងប្អូន​គឺជា​បុត្រា ឬ​បុត្រី​របស់​ទ្រង់ ហើយ​ទ្រង់​សព្វព្រះទ័យ​ជួយ​បងប្អូន ។

អ្នកនិពន្ធ​រស់នៅ​ទីក្រុង​យេរេវ៉ាន ប្រទេស​អាមេនី ។