ពន្លឺព្រះអាទិត្យ នៅក្នុង ព្យុះ របស់ខ្ញុំ
បន្ទាប់ពីជីដូនរបស់ខ្ញុំបានស្លាប់ ខ្ញុំបានគិតអំពីការបញ្ចប់ជីវិតរបស់ខ្ញុំ ។ ប៉ុន្តែការពឹងផ្អែកលើផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌បានជួយខ្ញុំឲ្យបន្តទៅមុខ ។
រូបថតដោយ នៀល កាប៊ីលីង
ជម្រាបសួរ ! ខ្ញុំឈ្មោះ ហាន់នី ហ្គ្រេស ។ ខ្ញុំមានអាយុ ១៧ ឆ្នាំ ។ ខ្ញុំរស់នៅទីក្រុងអ៊ែលឡូអ៊ីឡូ ក្នុងប្រទេសហ្វីលីពីន !
ការបាត់បង់ជីដូនរបស់ខ្ញុំ
ថ្មីៗនេះ ខ្ញុំបានឆ្លងកាត់អ្វីមួយដែលពិបាកខ្លាំងណាស់ ។ ឪពុក និងម្តាយរបស់ខ្ញុំបានបែកបាក់គ្នា ហើយម្តាយរបស់ខ្ញុំធ្វើការនៅបរទេស ។ ខ្ញុំធំឡើងជាមួយជីដូនរបស់ខ្ញុំ—គាត់ជាអ្នកដែលបានណែនាំខ្ញុំឲ្យស្គាល់ដំណឹងល្អ និងសាសនាចក្រ ។ ប៉ុន្តែនៅឆ្នាំនេះ គាត់បានទទួលមរណភាពដោយមិននឹកស្មានដល់ ។
ខ្ញុំមិនធ្លាប់គិតទេថា គាត់នឹងស្លាប់ ។ ពេលខ្លះខ្ញុំគិតថា ខ្ញុំនឹងស្លាប់មុនគាត់ព្រោះគាត់មានសុខភាពល្អណាស់ ! គាត់មិនដែលបង្ហាញពីភាពទន់ខ្សោយទេ ហើយតែងតែរឹងមាំនៅចំពោះមុខខ្ញុំជានិច្ច ។ ខ្ញុំមិនអាចស្រមៃឃើញពីជីវិតរបស់ខ្ញុំរស់នៅដោយគ្មានគាត់នោះទេ ។
ការស្វែងយល់អំពីផែនការ
បន្ទាប់ពីគាត់បានទទួលមរណភាព ពេលខ្លះខ្ញុំប្រាថ្នាថា ខ្ញុំអាចស្លាប់ផងដែរ ។ ខ្ញុំមានគំនិតអំពីការបញ្ចប់ជីវិតរបស់ខ្ញុំផ្ទាល់ ។ ប៉ុន្តែមិនយូរប៉ុន្មាន ខ្ញុំបានទៅសកម្មភាពយុវវ័យស្តេក ដែលយើងមានមេរៀនអំពីផែនការនៃសេចក្ដីសង្គ្រោះ ។
ខ្ញុំដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះ ប៉ុន្តែប្រហែលជាការយល់ដឹងរបស់ខ្ញុំអំពីវាហាក់ស្រពេចស្រពិល បន្តិចដោយសារតែអ្វីដែលបានកើតឡើងចំពោះជីដូនរបស់ខ្ញុំ ។ ពេលដែលខ្ញុំស្តាប់ ខ្ញុំបានគិតថា « ខ្ញុំបានភ្លេចពរជ័យនៃការលះបង់របស់ព្រះយេស៊ូវគ្រីស្ទសម្រាប់ខ្ញុំ » ។
ខ្ញុំបានដឹងថា ព្រះយេស៊ូវគ្រីស្ទបានសុគតដើម្បីសង្គ្រោះខ្ញុំ ។ ខ្ញុំមិនគួរបញ្ចប់ជីវិតរបស់ខ្ញុំដោយសារតែបញ្ហាដែលខ្ញុំកំពុងមាននោះទេ ។ ផែនការនៃសេចក្ដីសង្គ្រោះផ្ដល់សេចក្ដីសង្ឃឹមដល់ខ្ញុំថា ខ្ញុំអាចជួបជីដូនខ្ញុំម្ដងទៀតនៅថ្ងៃណាមួយ ព្រោះជីវិតមិនបញ្ចប់នៅពេលយើងស្លាប់នោះទេ ។ ខ្ញុំត្រូវតែបន្តការធ្វើតាមព្រះអង្គសង្គ្រោះ ដើម្បីខ្ញុំអាចជួបជីដូនខ្ញុំម្ដងទៀត ។
ស្វែងរកកម្លាំងនៅក្នុងព្រះវិហារបរិសុទ្ធ
បន្ទាប់ពីជីដូនរបស់ខ្ញុំបានស្លាប់ បងជីដូនមួយរបស់ខ្ញុំបានផ្លាស់មករស់នៅជាមួយខ្ញុំ ហើយបានក្លាយជាអាណាព្យាបាលរបស់ខ្ញុំ ។ បងជីដូនមួយរបស់ខ្ញុំគឺជាមិត្តល្អបំផុតរបស់ខ្ញុំ ប៉ុន្តែការផ្លាស់ប្តូរនេះនៅតែជាការលំបាកណាស់ ។ ខ្ញុំត្រូវរៀនធ្វើកិច្ចការទាំងអស់ដែលជីដូនខ្ញុំធ្លាប់ធ្វើ ។ ខ្ញុំត្រូវភ្ញាក់ខ្លួនឯងដើម្បីទៅសាលារៀន និងថែទាំផ្ទះ ។
ប៊ីស្សពរបស់ខ្ញុំតែងតែនិយាយអំពីភាពខ្លួនទីពឹងខ្លួន ដូច្នេះខ្ញុំបានស្វែងរកវានៅក្នុងបណ្ណាល័យដំណឹងល្អ ។ វាបានជួយខ្ញុំឲ្យរៀនមានភាពឯករាជ្យ ។
ខ្ញុំក៏នៅតែមានទំនាក់ទំនងជាមួយឪពុករបស់ខ្ញុំដែរ ។ ថ្ងៃមួយ យើងឈ្លោះប្រកែកគ្នា ។ ជម្លោះនោះធ្វើឲ្យខ្ញុំស្មុគ្រស្មាញណាស់ ប៉ុន្តែភ្លាមនោះស្រាប់តែមានឱកាសទៅព្រះវិហារបរិសុទ្ធជាមួយក្រុមយុវវ័យ ។ ពេលដែលខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធ ខ្ញុំមានអារម្មណ៍ថា មានភាពសុខសាន្ត ។ ខ្ញុំមិនបានគិតអំពីបញ្ហានៅផ្ទះទេ ។ ខ្ញុំមិនបានគិតអំពីកំហឹងដែលខ្ញុំមានចំពោះឪពុករបស់ខ្ញុំទេ ។ ខ្ញុំបានគិតពីអ្វីដែលខ្ញុំអាចធ្វើបានដើម្បីជួយគាត់ ។ ខ្ញុំបានគិតអំពីការក្លាយជាគំរូដ៏ល្អមួយ ។ ខ្ញុំបានគិតអំពីរឿងអស់កល្បជានិច្ច អំពីការផ្សារភ្ជាប់ជាមួយឪពុកម្តាយរបស់ខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធនៅថ្ងៃណាមួយ ។ ខ្ញុំបានសម្រេចចិត្តនិយាយសុំទោសទៅកាន់ឪពុកខ្ញុំដែលខ្ញុំបានឈ្លោះជាមួយគាត់ ។
Savior with Children [ ព្រះអង្គសង្គ្រោះគង់ជាមួយនឹងកុមារតូចៗ ] ដោយ ម៉ៃឃល ម៉ម
ការពឹងផ្អែកលើព្រះអង្គសង្គ្រោះរបស់ខ្ញុំ
ខ្ញុំបានរៀនដើម្បីផ្តោតលើព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌ជានិច្ច ។ ខ្ញុំបានទទួលកម្លាំងពីទ្រង់ទាំងទ្វេ ហើយខ្ញុំចាំថាទ្រង់ទាំងទ្វេនឹងថែទាំ ហើយការពារខ្ញុំ ។
ការយល់ដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះ ជាពិសេសដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ បានជួយខ្ញុំយកឈ្នះគំនិតរបស់ខ្ញុំអំពីការធ្វើអត្តឃាត ។ វាជួយខ្ញុំឲ្យមានអារម្មណ៍សុខសាន្តក្នុងការរស់នៅ ។ វាផ្តល់ក្តីសង្ឃឹមដល់ខ្ញុំថា ខ្ញុំអាចជួបជីដូនរបស់ខ្ញុំនៅម្ខាងទៀតនៃវាំងននម្តងទៀតនៅថ្ងៃណាមួយ ។
ព្រះយេស៊ូវគ្រីស្ទគឺជាក្តីសង្ឃឹមដើម្បីបន្តជីវិតរបស់ខ្ញុំទៅមុខទៀត ទោះបីជាខ្ញុំមានបញ្ហាប្រឈមជាច្រើនក៏ដោយ ។ សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះខ្ញុំគឺមិនចេះអស់ឡើយ ។ ទ្រង់ជាពន្លឺព្រះអាទិត្យនៅក្នុងជីវិតរបស់ខ្ញុំ ។ នៅពេលដែលមានព្យុះ ឬភ្លៀង ទ្រង់គង់នៅទីនោះ ។ ទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ។ ទ្រង់គឺជាផ្ទះរបស់ខ្ញុំ ។ ទ្រង់គឺជាជីវិតរបស់ខ្ញុំ ។ ទ្រង់ជួយខ្ញុំឲ្យបន្តទៅមុខ ។ ទ្រង់ជាហេតុផលមួយក្នុងចំណោមហេតុផលដែលខ្ញុំស្រឡាញ់ការរស់នៅ ។
អ្នកនិពន្ធរស់នៅទីក្រុងអ៊ែលឡូអ៊ីឡូ ក្នុងប្រទេសហ្វីលីពីន ។