2025
ភ្ជាប់​ទំនាក់ទំនង
ដើម្បី​កម្លាំង​នៃ​យុវជន ខែកក្កដា ឆ្នាំ២០២៥


ភ្ជាប់​ទំនាក់ទំនង

ហ្វ្លាវៀ ស៊ី

អាយុ ១៩ ឆ្នាំ មកពីទីក្រុង ប៊ុយណូហ្សែ ប្រទេស​អាហ្សង់ទីន

យុវនារី

រូបថត​ដោយ គ្រីស្ទីណា ស្ម៊ីធ

ថ្មីៗ​នេះ​ខ្ញុំ​បាន​បាត់បង់​ជើង​របស់​ខ្ញុំ​នៅក្នុង​គ្រោះថ្នាក់​រថភ្លើង ។

ខ្ញុំ​កំពុង​អង្គុយ​នៅក្នុង​រថភ្លើង នៅពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា ទូរសព្ទ​របស់​ខ្ញុំ​បាត់ចេញ​ពី​ដៃ​ខ្ញុំ—មាននរណា​ម្នាក់​បានប្លន់​ខ្ញុំ ។ ដោយ​មិន​បាន​គិត ខ្ញុំ​បាន​រត់តាម​បុរស​នោះ​តាម​ទូរ​រថភ្លើង​ដែល​មិន​មាន​ទ្វារ ។ ខ្ញុំ​មិន​ប្រាកដ​ថា​មាន​អ្វី​កើតឡើង​ទេ ប៉ុន្តែ​ភ្លាមៗ​នោះ​ខ្ញុំ​បាននៅ​ខាង​ក្រោម​រថភ្លើង ស្រែកសុំ​ជំនួយ ។

ប៉ុន្មាន​ថ្ងៃ​ក្រោយមក ខ្ញុំ​ភ្ញាក់​ឡើង​នៅក្នុង​មន្ទីរពេទ្យ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​បាត់បង់​ជើង​ស្តាំ​របស់​ខ្ញុំ ។ អំឡុង​ពេល​ស្នាក់​នៅ​មន្ទីរពេទ្យ ខ្ញុំ​យំ​ជាច្រើន​ដង ។ ប៉ុន្តែ​គ្រួសារ​ខ្ញុំ មិត្តភក្តិ និង​គ្រួសារនៅ​សាសនាចក្រ​តែងតែ​នៅ​ជាមួយ​ខ្ញុំ ជួយ​ខ្ញុំ ។

ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ក៏​បានជួយ​ខ្ញុំ​ផងដែរ ។ មុន​ពេល​វះកាត់​ម្ដងៗ ខ្ញុំ​តែងតែ​ពោលពាក្យ​អធិស្ឋាន​ផ្ទាល់ខ្លួន​ថា​អ្វីៗ​នឹង​មិន​អី​ទេ ហើយ​ខ្ញុំ​នឹង​មិន​ខ្លាច​ទេ ។ រាល់ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​អស់​សង្ឃឹម ព្រះអម្ចាស់​គង់​នៅ​ទីនោះ ។

ខ្ញុំបាន​បន្ត​ជាសះស្បើយ ហើយ​ខ្ញុំ​ពុះពារ​ឆ្ពោះ​ទៅ​មុខ​ដោយ​មាន​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ ។