ការប្រកាសអំពីក្រុមគ្រួសារ—ព្រះបន្ទូលមកពីព្រះ
ការប្រកាសនេះមានប្រភពដើមដ៏ទេវភាព ដូច្នេះយើងត្រូវតែគោរពវា ជាគារវភាពចំពោះព្រះបន្ទូលមកពីព្រះ ។
សន្និសីទទូទៅខែតុលា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៣០នៃសេចក្ដីប្រកាសអំពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ តាមការរចនាដ៏ទេវភាព ជាមួយនឹងពាក្យប្រកបដោយវិវរណៈក្នុងនោះ ការប្រកាសនេះត្រូវបានបង្កើតឡើងដើម្បី « ទ្រទ្រង់ និងធ្វើឲ្យក្រុមគ្រួសារមាំមួន ដូចជាអង្គភាពមួយដ៏សំខាន់នៃសង្គម » ។
មនុស្សគ្រប់គ្នាគឺជាសមាជិកម្នាក់ក្នុងគ្រួសារ មិនថាបងប្អូនជាម្តាយ ឪពុក កូនស្រី កូនប្រុស ចៅ ជីដូន ជីតា មីង ពូ បងប្រុស ប្អូនប្រុស បងស្រី ប្អូនស្រី ឬបងប្អូនជីដូនមួយនោះទេ ។ អ្វីដែលសំខាន់បំផុតគឺដូចការប្រកាសចែងមកអ៊ីចឹង យើងម្នាក់ៗគឺជា « បុត្រា និងបុត្រីខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ … [ ដែល ] មានចរិត និងគោលដៅនៃព្រះ » ។
កាលខ្ញុំត្រូវបានហៅឲ្យទទួលភាពជាសាវកដ៏បរិសុទ្ធនៅឆ្នាំ២០១៥ ខ្ញុំទទួលបានការទូន្មានថា « ការប្រកាសនេះគឺជារបស់លោកហើយឥឡូវនេះ ។ ឈ្មោះរបស់លោក [ ដោយចង្អុលទៅពាក្យ ‹ ក្រុមប្រឹក្សានៃពួកសាវកដប់ពីរនាក់ › នៅក្នុងចំណងជើង ] គឺនៅទីនេះឯង ។ រៀនស្គាល់វា និងបង្រៀនអំពីវាដូចជាវារបស់លោកអ៊ីចឹង » ។
ខ្ញុំស្រឡាញ់ការប្រកាសអំពីក្រុមគ្រួសារ ។ ខ្ញុំបានថ្លែងទីបន្ទាល់នៅទូទាំងពិភពលោក ពីអាហ្វ្រិកដល់អូស្ដា្រលី និងគ្រប់កន្លែងនៅចន្លោះទ្វីបទាំងនោះ អំពីតួនាទីនៃគ្រួសារក្នុងផែនការដ៏អស់កល្បជានិច្ចរបស់ព្រះ ។ ការប្រកាសនេះមានប្រភពដើមដ៏ទេវភាព ដូច្នេះយើងត្រូវតែគោរពវា ជាគារវភាពចំពោះព្រះបន្ទូលមកពីព្រះ ។
សូមចងចាំបងប្អូនប្រុសស្រី ដូចដែលខ្ញុំបាននិយាយក្នុងសន្និសីទទូទៅមុន ចេញពីវេទិកានេះអ៊ីចឹង « ពាក្យសម្តីសំខាន់ខ្លាំងណាស់ » ។
ខ្ញុំសូមផ្តល់សាវតាខ្លះៗអំពីការប្រកាសនេះដល់បងប្អូន ដែលជាសារដ៏សំខាន់នៃអ្វីដែលយើងជឿ ។
នៅឆ្នាំ១៩៩៤ មួយឆ្នាំមុនពេលចេញការប្រកាសនេះ កូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពិភាក្សាគ្នាអំពីរបៀបដែលសង្គម និងរដ្ឋាភិបាលទាំងឡាយបានប្រាសចាកពីក្រឹត្យវិន័័យរបស់ព្រះសម្រាប់គ្រួសារ អាពាហ៍ពិពាហ៍ និងភេទ ។ ក្រោយមកប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថា « ប៉ុន្តែ នោះពុំមែនជាទីបញ្ចប់នៃអ្វីដែលយើងបានមើលឃើញនោះទេ ។ យើងអាចមើលឃើញការខិតខំរបស់សហគមន៍ជាច្រើនផ្សេងៗគ្នា មិនចង់ធ្វើតាមបទដ្ឋាន និងដែនកំណត់ទៅលើសកម្មភាពខាងផ្លូវភេទ ។ យើងបានមើលឃើញភាពភាន់ច្រឡំទៅលើភេទ ។ យើងអាចមើលឃើញអ្វីទាំងអស់នេះកំពុងកើតមានឡើង » ។
ពួកដប់ពីរនាក់បានប្តេជ្ញាចិត្តរៀបចំឯកសារមួយ ដែលជាការប្រកាសផ្លូវការ ដែលសង្ខេបពីគោលជំហររបស់សាសនាចក្រស្ដីពីគ្រួសារ ។ នៅអំឡុងឆ្នាំនោះ ពួកសាវកទាំងនេះ ជាអ្នកមើលឆុតដែលត្រូវបានហៅដោយព្រះ បានរៀបចំការប្រកាសមួយអំពីគ្រួសារ ។ ប្រធាន ដាល្លិន អេក អូក បានរំឭកថា ពួកលោកបានងាកទៅរកព្រះអម្ចាស់ក្នុងការអធិស្ឋាន ទូលសូម « អ្វីដែល[ ពួកលោក]គួរតែនិយាយ និងរបៀបដែល[ ពួកលោក]គួរតែនិយាយវា » ។ ពួកលោកបានបង្ហាញការប្រកាសនេះដល់គណៈប្រធានទីមួយ—ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី និងប្រធាន ថូម៉ាស អេស ម៉នសុន ដើម្បីធ្វើការពិចារណា ។
តែប៉ុន្មានខែក្រោយមក នៅខែមីនា ឆ្នាំ១៩៩៥ ប្រធាន ហឹនធើរ បានទទួលមរណភាព ហើយប្រធាន ហ៊ិងគ្លី បានក្លាយជាប្រធានទី១៥របស់សាសនាចក្រ ។ ឥឡូវនេះ ការប្រកាសនេះស្ថិតនៅក្នុងដៃរបស់លោក ។ តើពេលណាជាពេលវេលាដ៏ត្រឹមត្រូវ ដើម្បីធ្វើការប្រកាសនេះទៅកាន់សាសនាចក្រ ? ពេលវេលានោះបានមកដល់ប្រាំមួយខែក្រោយមក ។
ប៉ុន្មានថ្ងៃមុនការប្រជុំសមាគមសង្គ្រោះទូទៅនាថ្ងៃទី២៣ ខែកញ្ញា ពីមុនសន្និសីទទូទៅ ប្រធាន ហ៊ិងគ្លី និងទីប្រឹក្សារបស់លោកបានជួបជុំគ្នាប្រឹក្សាជាមួយគណៈប្រធានសមាគមសង្គ្រោះទូទៅ ។ បងប្អូនស្ដ្រី ដូចជាពួកសាវកដែរ បានមានការព្រួយបារម្ភជាខ្លាំងអំពីស្ត្រី និងក្រុមគ្រួសារ ។ ពួកគាត់បានផ្តោតការប្រជុំនាពេលខាងមុខនេះលើក្រុមគ្រួសារ ។
ប្រធាន ហ៊ិងគ្លី ត្រូវបានកំណត់ឲ្យថ្លែងសុន្ទរកថាទៅកាន់បងប្អូនស្ដ្រីនៅក្នុងការប្រជុំនោះ ។ លោកបានជញ្ជឹងគិតពីទិសដៅនៃសុន្ទរកថារបស់លោក ។ កាលការពិភាក្សានេះចេះតែទៅមុខ លោកបានហៅឈ្មោះការប្រកាសដែលទើបបង្កើតថ្មី ប៉ុន្ដែមិនទាន់ប្រកាសជាសាធារណៈនេះថា « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ តើការប្រជុំស្ត្រីនេះ គឺជាមជ្ឈដ្ឋានត្រឹមត្រូវដើម្បីធ្វើការប្រកាសដ៏មុតមាំនេះអំពីគ្រួសារដែរឬទេ ?
ក្រោយមកប្រធានសមាគមសង្គ្រោះទូទៅ អេលេន ជេក បានពន្យល់ ៖ « យើងមិនដឹងថា តើការប្រកាសអំពីគ្រួសារនេះនិយាយពីអ្វីទេនៅពេលនោះ ។ … [ យើង ]អាចដឹងតាមចំណងជើង ប៉ុន្ដែយើងមានអារម្មណ៍ថា អ្វីក៏ដោយដែលនិយាយពីគ្រួសារ … គឺជារឿងដ៏វិជ្ជមាន ។ … ខ្ញុំមានអារម្មណ៍វិជ្ជមានយ៉ាងខ្លាំងថា យើងមានសមាជិកនៃកូរ៉ុមនៃពួកដប់ពីរនាក់ ដែលទទួលវិវរណៈ » ។
ការប្រជុំសមាគមសង្គ្រោះនៅថ្ងៃសៅរ៍នោះគឺជាប្រវត្តិសាស្ត្រ ។ ព្យាការី ហ៊ិងគ្លីបានណែនាំការប្រកាសអំពីក្រុមគ្រួសារជាមួយនឹងពាក្យដ៏សំខាន់ៗទាំងនះ ៖ « ជាមួយនឹងការបោកបញ្ឆោតដ៏ឈ្លាសវៃជាច្រើន ដែលបន្លំថាជាសេចក្ដីពិត ជាមួយនឹងការបំភាន់ជាច្រើនអំពីបទដ្ឋាន និងគុណតម្លៃ ជាមួយនឹងការធ្វើឲ្យស្រើបស្រាល និងការរំភើបក្នុងការទទួលយកនូវស្នាមប្រឡាក់បន្តិចម្ដងៗនៃពិភពលោក នោះយើងមានអារម្មណ៍បំផុសថា ត្រូវធ្វើការព្រមាន និងហាមប្រាមទុកជាមុន … អំពីបទដ្ឋាន គោលលទ្ធិ និងការអនុវត្តទាំងឡាយ ដែលទាក់ទងនឹងក្រុមគ្រួសារ ដែលពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈនៃសាសនាចក្រនេះបានថ្លែងម្ដងហើយម្ដងទៀតទូទាំងប្រវត្តិសាស្ដ្រខ្លួន » ។
បន្ទាប់មក លោកបានអានការប្រកាសនេះទាំងស្រុង ។ ដូចដែលព្រះអម្ចាស់មានបន្ទូល « ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា » ។
ការប្រកាសនេះថ្លែងថា « ក្រុមគ្រួសារត្រូវបានតែងតាំងឡើងដោយព្រះ » ។ ខ្ញុំស្រឡាញ់ភាពច្បាស់លាស់នៃសេចក្ដីថ្លែងការណ៍នោះ ។ ការប្រកាសនេះគឺជាការអំពាវនាវឲ្យយើងរស់នៅក្នុងជីវិតរមែងស្លាប់ តែគិតដល់ភាពជាព្រះនៅក្នុងខ្លួនយើងជានិច្ច និងអនាគតដ៏អស់កល្បជានិច្ចដែលស្ថិតនៅចំពោះមុខយើង ។ ប្រធាន ណិលសុន បានបង្រៀនថា « ក្មួយៗគឺជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះដ៏ពិត ។ … ពិតណាស់ ៖ សក្ដានុពលរបស់ក្មួយៗគឺទេវភាព ។ ព្រះនឹងបំភ្លឺគំនិតក្មួយអំពីបុគ្គលដែលក្មួយនឹងប្រែក្លាយ តាមការខិតខំដ៏ឧស្សាហ៍របស់ក្មួយ » ។
នៅពេលធ្វើបទបង្ហាញ ការប្រកាសនេះមិនស្របនឹងទស្សនៈរបស់មនុស្សជាច្រើននៅក្នុងពិភពលោកនេះ ។ កាលនោះក៏មិនស្រប ។ ឥឡូវក៏មិនស្របដែរ ។ មានមនុស្សជាច្រើនដែលមានបញ្ហាជាមួយការប្រកាសនេះ អំពីក្រុមគ្រួសារ អាពាហ៍ពិពាហ៍ និងភេទ ។ មនុស្សមួយចំនួនស្នើឲ្យសាសនាចក្រដកការប្រកាសនេះវិញ កែសម្រួល ឬសូម្បីតែទុកវាមួយអន្លើសិនទៅ ។
ដូចដែលប្រធាន ហ៊ិងគ្លី បានថ្លែងមក ការប្រកាសអំពីក្រុមគ្រួសារគឺជាគោលលទ្ធិ បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ! គោលការណ៍ទាំងនេះមិនមែនផ្ទុយពីរបៀបរបស់ព្រះអម្ចាស់ទេ ប៉ុន្តែវាត្រូវយ៉ាងល្អឥតខ្ចោះនឹងរបៀបរបស់ព្រះអម្ចាស់ និងផ្លូវនៃសេចក្ដីសញ្ញារបស់ទ្រង់ ។ ការបង្រៀននៅក្នុងការប្រកាសនេះត្រូវបានបើកសម្ដែងដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើង ដល់ពួកសាវករបស់ទ្រង់នៅពេលនោះ និងនៅពេលនេះ ។ នេះគឺជាសាសនាចក្ររបស់ទ្រង់ ហើយទ្រង់បានស្ថាបនាសេចក្ដីពិតដែលយើងរស់នៅតាម ។
បងប្អូនមួយចំនួនអាចគិតពីការប្រកាសនេះ ហើយនិយាយថា « រឿងនេះមិនដំណើរការសម្រាប់ខ្ញុំទេ » ។ « វាហាក់ដូចជាគិតមិនបានដិតដល់ » ។ « គ្រួសាររបស់ខ្ញុំមិនដូចចឹងផង » ។ « ការប្រកាសនេះមិនត្រូវនឹងខ្ញុំទេ » ។
សម្រាប់អ្នកទាំងឡាយដែលព្រួយបារម្ភ សូមដឹងថា បងប្អូនគឺជាបុត្ររបស់ព្រះមាតាបិតាសួគ៌ ជាផ្នែកមួយនៃក្រុមគ្រួសាររបស់ព្រះវរបិតាសួគ៌បងប្អូន ។ គ្មាននរណាស្គាល់បងប្អូនច្បាស់ ឬខ្វល់ខ្វាយពីបងប្អូនជាងទ្រង់នោះទេ ។ សូមងាកទៅរកទ្រង់ បើកចិត្តបងប្អូនទៅកាន់ទ្រង់ ទុកចិត្តលើទ្រង់ និងសេចក្ដីសន្យារបស់ទ្រង់ ។ បងប្អូនមានគ្រួសារនៅក្នុងព្រះអង្គសង្គ្រោះរបស់បងប្អូន គឺព្រះយេស៊ូវគ្រីស្ទ ដែលស្រឡាញ់បងប្អូន ។ ទ្រង់បានយាងមកផែនដី ដើម្បីធួននឹងអំពើបាបរបស់យើង ហើយរែកបន្ទុកនៃកំហុស និងគ្រាដ៏សោកសៅខ្លាំងរបស់យើង ។ ទ្រង់យល់ពីអារម្មណ៍ និងអ្វីដែលបងប្អូនកំពុងប្រឈម ។ សូមងាកទៅរកទ្រង់ ជឿជាក់ថា ទ្រង់នឹងបញ្ជូនព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅជាមួយបងប្អូន លើកស្ទួយបងប្អូន និងណែនាំបងប្អូន ។ សូមដឹងពីសេចក្ដីស្រឡាញ់របស់ទ្រង់ទាំងទ្វេដែល « មានសាយសព្វនៅក្នុងចិត្តនៃកូនចៅមនុស្ស … នោះគឺជាសេចក្ដីស្រឡាញ់ ដែលគួរឲ្យប្រាថ្នាដ៏លើសលប់ជាងអ្វីៗទាំងអស់ … គឺជាសេចក្ដីរីករាយបំផុតដល់ព្រលឹង » ។
សាវកទាំងអស់របស់ព្រះអម្ចាស់ស្រឡាញ់បងប្អូនជាខ្លាំង ។ យើងអធិស្ឋានសម្រាប់បងប្អូន និងស្វែងរកការណែនាំពីព្រះអម្ចាស់សម្រាប់បងប្អូន ។ សូមនៅជាមួយយើង ។ បងប្អូនរស់នៅក្នុងគ្រាដ៏លំបាក ជាពេលដែលពួកសត្រូវខិតខំទាញបងប្អូនឲ្យធ្វើតាមវា ។ សូមកុំវង្វេងតាមវាឡើយ ។ ហើយបើបងប្អូនវង្វេង សូមត្រឡប់មកវិញ ។ យើងលាតសន្ធឹងដៃចាំឱបបងប្អូន ក៏ដូចជាអ្នកផ្សេងទៀតដែលស្រឡាញ់បងប្អូនដែរ ។
ការប្រកាសចែងថា « ឪពុកម្តាយមានកាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់ខ្លួនដោយក្តីស្រឡាញ់ និងសេចក្ដីសុចរិត » ។ ព្រះគម្ពីរមរមនផ្ដល់ជាសាក្សីទីពីរដល់សេចក្ដីពិតនេះ ។ នៅក្នុងខគម្ពីរដំបូងគេនៃជំពូកទីមួយ យើងអានថា « ខ្ញុំនីហ្វៃ ដោយបានកើតមកពីឪពុកម្ដាយល្អ » ។ តើមានពួកយើងប៉ុន្មាននាក់ដែលបានចាប់ផ្ដើមអានព្រះគម្ពីរមរមន និងចាប់ផ្ដើមម្ដងហើយម្ដងទៀត ហើយក្នុងដំណើរការនេះរៀនចាំពាក្យទាំងនោះ ? សូមទន្ទេញពាក្យទាំងនេះឲ្យចាំ ។
សេចក្ដីថ្លែងមួយដែលខ្ញុំចូលចិត្តនៅក្នុងការប្រកាសអំពីគ្រួសារ គឺថា ៖ « សុភមង្គលនៅក្នុងជីវិតគ្រួសារអាចសម្រេចទៅបានល្អបំផុតនៅពេលផ្ដោតទៅលើការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » ។
តើអ្នកណាមិនចង់បានភាពរីករាយ ?
ហើយតើអ្វីទៅជាការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ? ការបង្រៀនទាំងនេះរួមមាន « សេចក្ដីជំនឿ ការអធិស្ឋាន ការប្រែចិត្ដ ការអភ័យទោស ការគោរពគ្នា សេចក្ដីស្រឡាញ់ សេចក្ដីមេត្ដាករុណា ការងារ និងកម្មវិធីកម្សាន្ដល្អៗនានា » ។
តើជីវិតរបស់អ្នកណានឹងមិនល្អប្រសើរជាងមុន បើបានអនុវត្តតាមគោលការណ៍សំខាន់ៗទាំងនេះ ? គ្មានពួកយើងណាម្នាក់នឹងធ្វើបានល្អឥតខ្ចោះឡើយ ប៉ុន្ដែយើងអាចធ្វើតាមពាក្យដ៏ឈ្លាសវៃរបស់ប្រធាន ហ៊ិងគ្លី បាន « ធ្វើឲ្យអស់ពីសមត្ថភាពរបស់បងប្អូន » ។
យើងអាននៅក្នុងការប្រកាសថា « ឪពុកត្រូវបានចាត់ឲ្យធ្វើជាអ្នកដឹកនាំនៅក្នុងគ្រួសាររបស់ខ្លួន ដោយសេចក្តីស្រឡាញ់ និងសេចក្តីសុចរិត » ហើយ « ម្តាយមានភារកិច្ចសំខាន់ដើម្បីថែរក្សាបីបាច់កូនចៅរបស់ខ្លួន » ។ ដឹកនាំ មិនមែនមានន័យថាត្រួតត្រានោះទេ ហើយ ថែរក្សាបីបាច់ មិនមែនមានន័យថាជាតួនាទីបន្ទាប់បន្សំនោះទេ ។ ព្រះបានប្រទានតួនាទីខុសគ្នា ប៉ុន្ដែស្មើគ្នា និងសំខាន់ដូចគ្នាដល់បុរស និងស្ដ្រី ដែលបំពេញឲ្យគ្នាទៅវិញទៅមក ។
ខ្ញុំសូមចែកចាយដំណើររឿងផ្ទាល់ខ្លួនមួយ ។
ភរិយាខ្ញុំ និងខ្ញុំបានរៀនធ្វើជាដៃគូស្មើភាពគ្នាបានកាន់តែប្រសើរបន្ទាប់ពីថ្ងៃមួយ នៅពេលខ្ញុំធ្វើការសម្រេចចិត្តដ៏សំខាន់មួយ ដោយមិនបានពិគ្រោះយោបល់ជាមួយគាត់ ។ សកម្មភាពរបស់ខ្ញុំបានធ្វើឲ្យគាត់ភ្ញាក់ផ្អើល និងមិនស្ងប់ចិត្ត ហើយដាក់គាត់ក្នុងស្ថានភាពដ៏លំបាកខ្លាំងមួយ ។ បន្ទាប់មក គាត់បានដាក់ដៃលើស្មាខ្ញុំ ហើយនិយាយយ៉ាងម៉ឺងម៉ាត់ថា « រ៉ន សូមអង្វរ កុំធ្វើអ៊ីចឹងដាក់អូនម្ដងទៀតឲ្យសោះ » ។ តាំងពីពេលនោះមក យើងពិភាក្សាគ្នា ហើយយល់ស្របគ្នាជានិច្ច ។
យើងជឿទៅលើភាពបំពេញឲ្យគ្នានៅក្នុងកាតព្វកិច្ចគ្រួសារថា « ឪពុកនិងម្តាយមានកាតព្វកិច្ច ដើម្បីជួយគ្នាទៅវិញទៅមកជាដៃគូស្មើគ្នា » ។
ស្មើគ្នា គឺជាពាក្យដ៏សំខាន់ ។ ប៉ុន្មានឆ្នាំមកនេះ កាលស៊ីស្ទើរ រ៉ាសបាន និងខ្ញុំបានធ្វើការរួមគ្នាលើអ្វីដែលការប្រកាសនេះពិពណ៌នាថាជា « កាតព្វកិច្ចដ៏ពិសិដ្ឋរបស់យើង » យើងបានតម្រែតម្រង់អាពាហ៍ពិពាហ៍មួយដែលដាក់នឹមស្មើគ្នា ។ នៅពេលកូនរបស់យើងម្នាក់ៗឥឡូវបានរៀបការរួចហើយ ស៊ីស្ទើរ រ៉ាសបាន និងខ្ញុំបានបន្តប្រឹក្សាពួកគេ និងគូស្វាមីភរិយារបស់ពួកគេអំពីរបៀបធ្វើជាដៃគូស្មើភាពគ្នា ។
នៅពេលយើងរស់នៅដោយមានភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អនៃព្រះ នោះយើងគោរព និងគាំទ្រគ្នាទៅវិញទៅមក ។ លំនាំដ៏ទេវភាពនៃសុចរិតភាពទាំងនោះនាំឲ្យមានស្ថិរភាពនៅក្នុងជីវិតជាបុគ្គល ជាក្រុមគ្រួសារ និងក្នុងសង្គមរបស់យើង ។
ព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌បានប្រទានការប្រកាសអំពីក្រុមគ្រួសារនេះ ដើម្បីជួយណែនាំយើងឲ្យទៅផ្ទះទៅកាន់ទ្រង់វិញ ជួយយើងឲ្យរៀន និងបានពោរពេញដោយក្តីស្រឡាញ់ កម្លាំង គោលបំណង និងការយល់ដឹងដ៏អស់កល្បជានិច្ច ។ ខ្ញុំសូមអង្វរបងប្អូនដោយអស់ពីព្រលឹងរបស់ខ្ញុំ ឲ្យរស់នៅក្បែរទ្រង់ និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់ ។ ខ្ញុំសន្យាថា នៅពេលបងប្អូនធ្វើដូច្នោះ ព្រះវិញ្ញាណនឹងបំផុសគំនិត និងណែនាំបងប្អូន និងជួយបងប្អូនឲ្យទទួលបានសេចក្ដីសុខសាន្ដដែលទ្រង់បានសន្យានៅក្នុងចិត្តបងប្អូនដែល « ហួសលើសពីអស់ទាំងគំនិត » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។