សន្និសីទទូទៅ
ព្រះគម្ពីរមរមន—រតនសម្បត្តិ​ដ៏​មហិមា​មួយ​នៅលើ​មាគ៌ា​ជីវិត​របស់​យើង
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៥


9:47

ព្រះគម្ពីរមរមន—រតនសម្បត្តិ​ដ៏​មហិមា​មួយ​នៅលើ​មាគ៌ា​ជីវិត​របស់​យើង

នៅពេល​យើង​ទទួល​ទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរមរមន នោះ​ព្រះវិញ្ញាណ​នឹង​ជួយ​យើង​យល់​អំពី​សេចក្ដីពិត​ដ៏​អស់កល្ប ។

តើ​បងប្អូន​ចងចាំ​ពី​ពេលវេលា​មួយ នៅពេល​នរណា​ម្នាក់​ឲ្យ​អំណោយ​មួយ​ដែល​ផ្លាស់ប្តូរ​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ? ខែ​តុលា​ជា​ខែ​គម្រប់​៤០​ឆ្នាំ ចាប់​តាំង​ពី​ខ្ញុំ​បាន​ទទួល​អំណោយ​ដ៏​អស្ចារ្យ​បំផុត​មួយ​នៅក្នុង​ជីវិត ។ ពេល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​បាន​កត់សម្គាល់​ថា​មាន​មិត្ត​របស់​យើង​ម្នាក់​មាន​ពន្លឺ ដែល​ខុសប្លែក​ពី​យុវវ័យ​ដទៃ​ទៀត ។ ខ្ញុំ​រីករា​យ​នៅ​ក្បែរ​គាត់ ។ នៅ​ថ្ងៃ​មួយ គាត់​បាន​ប្រាប់​ខ្ញុំថា គាត់​គឺជា​សមាជិក​នៃសាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ រួចមក​គាត់​បានប្រគល់​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​មកឲ្យ​ខ្ញុំ ទុកជា​អំណោយ ។ គាត់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​អាន​ពីរបី​ទំព័រ បន្ទាប់​មក​ជួប​នឹង​មិត្ត​ពីរ​នាក់​ទៀត ដែល​អាច​ឆ្លើយ​សំណួរ​របស់​ខ្ញុំ ។ មិត្ត​ទាំងនោះ​គឺ​ជា​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។

នៅ​ពេល​ខ្ញុំ​ជួប​នឹង​ពួកអ្នកផ្សព្វផ្សាយសាសនា ពួកគេ​បង្រៀន​ខ្ញុំ​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ហើយ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ធ្វើតាម​ការ​អញ្ជើញ​របស់​ព្យាការី​មរ៉ូណៃ ៖ « ហើយ​កាលណា​អ្នក​រាល់​គ្នា​បាន​ទទួល​នូវ​ការណ៍​ទាំង​នេះ នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ឲ្យ​សូម​សួរ​ដល់​ព្រះ​ជា​ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ បើ​សិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែង​សេចក្ដី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ( មរ៉ូណៃ ១០:៤ ) ។

ខ្ញុំ​បាន​អាន​ព្រះគម្ពីរមរមន​ជាច្រើន​ទំព័រ ហើយ​បាន​អធិស្ឋាន ។ ទោះជា​ខ្ញុំ​ពុំ​ទាន់​មាន​ការយល់ដឹង​ជ្រៅជ្រះ​អំពី​រឿង​ទាំងអស់​ដែល​ពួកអ្នកផ្សព្វផ្សាយសាសនា​បាន​បង្រៀន​ខ្ញុំ​ក្តី ក៏​ខ្ញុំ​មានអារម្មណ៍​ក្នុង​ចិត្ត​ថា​អ្វី​ដែល​ខ្ញុំ​កំពុង​អាន​គឺ​ល្អ ហើយ​វា​មកពី​ព្រះ ។ ខ្ញុំ​បាន​ទទួល​ការ​បញ្ជាក់​ពី​ការសន្យា​របស់​មរ៉ូណៃ​ថា « ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្តី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ( មរ៉ូណៃ ១០:៥ ) ។

បន្ទាប់ពី​ខ្ញុំ​បាន​ជ្រមុជទឹក​ចូល​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ មានមិត្ត​មួយ​ចំនួន​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ខ្ញុំ​ថា ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស ។ ប៉ុន្តែ​រាល់​ពេល​នីមួយៗ​ដែល​ខ្ញុំ​បាន​ជួប​នឹង​ភាពសង្ស័យ ឬ​ការប្រឆាំង​ដូច្នោះ ខ្ញុំ​បាន​ទទួល​ការ​បញ្ជាក់​ជាថ្មី​តាមរយៈ​ការសិក្សា​បទគម្ពីរ និង​ការ​អធិស្ឋាន​ឲ្យ​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ​នឹង​ព្រះ ។ ចាប់តាំង​ពី​ពេល​នោះ​មក ព្រះគម្ពីរ​មរមន​បាន​ធ្វើ​ជា​ដៃគូ​របស់​ខ្ញុំ ហើយ​បាន​ក្លាយ​ជា​ររតនសម្បត្តិ​ដ៏​មហិមា​មួយ​នៅលើ​មាគ៌ា​ជីវិត​រមែង​ស្លាប់​របស់​ខ្ញុំ ។

ព្រះគម្ពីរ​មរមន​គឺ​មិនមែន​ត្រឹមតែ​ជា​សៀវភៅ​មួយ​ក្បាល​នោះទេ ។ វា​គឺ​ជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​កត់ត្រា​ដោយ​ពួកព្យាការី​ពីបុរាណ​ជា​ច្រើន​រូប​តាមរយៈ​វិញ្ញាណ​នៃ​ការ​ព្យាករ និង​វិវរណៈ ។

ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត ដែល​មាន​កត់ត្រា​ទុក​ក្នុងព្រះគម្ពីរមរមន គឺ​ជា​ការងារ​បម្រើ​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​ផ្ទាល់​នៅ​ក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ នៅ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ទ្រង់​មាន​ព្រះជន្ម​រស់ឡើងវិញ ។ ព្រះគម្ពីរមរមន « នាំ​មកនូវ​គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹងល្អ ផ្ដល់នូវ​ចំណុច​សំខាន់​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ហើយ​ប្រាប់​ដល់​មនុស្ស​ទាំងឡាយ​អំពី​អ្វី​ដែលគេ​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​បាន​ទទួល​សេចក្ដីសុខសាន្ដ​នៅក្នុងជីវិត​នេះ និង​សេចក្ដីសង្គ្រោះ​ដ៏នៅ​អស់កល្បជានិច្ច​នៅក្នុងជីវិត​ខាង​មុខ » ( បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ) ។

ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ​ច្បាប់​ដំបូង​គឺ​ត្រូវបាន​បោះពុម្ព​នៅក្នុង​ទីក្រុង​តូចមួយ​នៅ​រដ្ឋ​នូវយ៉ោក នៅខែ​មិនា​ឆ្នាំ១៨៣០ ។ ព្យាការី​យ៉ូសែប ស៊្មីធ​មាន​អាយុ​ត្រឹមតែ ២៣​ឆ្នាំ​ប៉ុណ្ណោះ នៅពេល​លោក​បញ្ចប់​ការបកប្រែ​ព្រះគម្ពីរ​នៅ​ឆ្នាំ១៨២៩ ។ លោក​បាន​បកប្រែ​ព្រះគម្ពីរ​នេះ​ស្ទើរតែ​ចប់​ទាំងអស់​ក្នុង​រយៈពេល​តិចជាង ៧៥ ថ្ងៃ ហើយ​ដំណើរការ​នៃ​ការបោះពុម្ព​មាន​រយៈពេល​ប្រហែល​ប្រាំពីរ​ខែ ។

សព្វថ្ងៃនេះ មាន​ពួកអ្នកផ្សព្វផ្សាយសាសនា​ពេញម៉ោង ៨០,០០០ នាក់​ក្នុង​ប្រទេស​ជាង ១៥០​ប្រទេស ដែល​កំពុង​បម្រើ​ជា​អ្នកស្មគ្រ័ចិត្ត លះបង់​ជីវិត​របស់ពួកគេ​ដើម្បី​ថ្លែង​ជាសាក្សី​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត ហើយ​ថា​ព្រះគម្ពីរមរមន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

នៅ​ខែ​មិថុនា​ឆ្នាំ​នេះ​នៅ​ក្នុង​សិក្ខាសាលា​សម្រាប់​ប្រធាន​បេសកកម្ម​ថ្មី​នា​ពេល​ថ្មីៗ​នេះ ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​ទីបន្ទាល់​ដ៏​មាន​អានុភាព​របស់​លោក​អំពី​ព្រះគម្ពីរមរមន ៖ « ព្រះគម្ពីរ​មរមន​គឺ …ជា​ព្រះបន្ទូល​របស់​ព្រះ ។ ព្រះគម្ពីរ​នេះ​បង្រៀន​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ហើយ​ពន្យល់​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ច្រើន​ជាង​គម្ពីរ​ណាៗ​ទាំង​អស់ » ។

ខ្ញុំ​ចង់​ផ្ដល់​យោបល់​ចំនួន​បី​ដែល​អាច​ជួយ​បង្កើន​ការផ្លាស់ប្រែ​ចិត្ត​ជឿ​របស់​យើង​កាន់ខ្លាំង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ការសិក្សា​ព្រះគម្ពីរមរមន ៖

១. ឧស្សាហ៍ព្យាយាម និង​ខ្ជាប់ខ្ជួន​នៅក្នុង​ការសិក្សា​ប្រចាំ​ថ្ងៃ​របស់​បងប្អូន ។

ដូចជា​អាលម៉ា និង​បុត្រា​របស់​ម៉ូសាយ ពួកយើង​ត្រូវតែ « ព្យាយាម [ ស្រាវជ្រាវ ] បទគម្ពីរ​ដើម្បី​ឲ្យ [ យើង ] ស្គាល់​ព្រះ​បន្ទូល​នៃ​ព្រះ » ហើយ​ត្រូវ​បាន​ពង្រឹង​នៅក្នុង​សេចក្ដីពិត ( អាលម៉ា ១៧:២ ) ។

នៅពេល​បម្រើ​ជា​ថ្នាក់ដឹកនាំ​បេសកកម្ម នៅ​បេសកកម្ម ចចចារ អាត្លង់តា ភរិយា​របស់​ខ្ញុំ និង​ខ្ញុំ​បាន​លើក​ទឹកចិត្ត​អ្នកផ្សព្វផ្សាយ​សាសនា​គ្រប់រូប​ឲ្យ​សិក្សា​ព្រះគម្ពីរ​មរមន​យ៉ាង​ហោច​ណាស់​រយៈពេល​៣០នាទី​ជា​រៀងរាល់ថ្ងៃ ។ ការតាំងចិត្ត​នោះ​បាន​បង្កើន​សេចក្តីជំនឿ​របស់យើង ហើយ​ជួយ​យើង​ឲ្យ​ស្វែងរក និង​រំពឹង​អព្ភូតហេតុ ។

វា​អាច​ទៅរួច​ដែល​ថា​បន្ទាប់ពី​បេសកកម្ម ពួកយើង​មិន​អាច​មាន​ពេល​ដូចនេះ​ដើម្បី​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​ទេ ប៉ុន្តែ​ខ្ញុំ​សន្យា​ថា​បើ​បងប្អូន​ដាក់​ការសិក្សា​ព្រះគម្ពីរ​ជា​អាទិភាព​ដោយ​ស្មោះ ប្រកប​ដោយ​ការ​អធិស្ឋាន​ជា​រៀងរាល់ថ្ងៃ នោះ​បងប្អូន​នឹង​រក​បាន​កម្លាំង​ខាងវិញ្ញាណ ហើយ​មាន​ទំនុកចិត្ត​ទៅលើ​ព្រះអម្ចាស់ និង​ការ​សន្យា​របស់​ទ្រង់​កាន់តែខ្លាំង ។

២. ធ្វើ​ឲ្យ​ការ​សិក្សា​របស់​បងប្អូន​កាន់តែ​មាន​អត្ថន័យ​ដោយ​ការទទួលទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ។

នីហ្វៃ​បាន​បង្រៀន​ថា « សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ត្បិត​មើលចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ( នីហ្វៃទី២ ៣២:៣ ) ។

ទទួលទាន​មាន​ន័យ​ជ្រាលជ្រៅ​ជាង​គ្រាន់តែ អាន—វា​មាន​ន័យថា ការក្រេប​យក​រសជាតិ ការជញ្ជឹងគិត និង​ការអនុវត្ត ។ នៅពេល​បងប្អូន​សិក្សា​ព្រះគម្ពីរមរមន សូម​ពិចារណា​អំពី​របៀប​ដែល​ធ្វើ​ឲ្យ​ការ​សិក្សា​ព្រះគម្ពីរ​របស់​បងប្អូន​កាន់តែ​មាន​អត្ថន័យ ។ ឧទាហរណ៍ ៖

  • ប្រើ​កម្មវិធី​ជំនួយ​ការសិក្សា​នានា​ដែល​មាន​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។

  • កំណត់​នូវ​សេចក្ដីពិត​ដ៏​អស់កល្ប​ដែល​ជួយ​យើង​យល់​ឲ្យ​ពី​ផែនការ​របស់​ព្រះ ហើយ​ដឹកនាំ​យើង​ឲ្យ​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌​យើង ។

  • គូស​ចំណាំ​ឃ្លា​សំខាន់ៗ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន​ដើម្បី​រក្សា​ទុក​នូវ​អ្វី​ដែល​បងប្អូន​បាន​រៀន​អំឡុង​ការសិក្សា​របស់​បងប្អូន ។

ព្រះគម្ពីរ​មរមន​មាន​អានុភាព​ដើម្បី​ឆ្លើយ​នូវ​សំណួរ​នៃ​ព្រលឹង​របស់​យើង ។ ដូច​ដែល​នីហ្វៃ​បាន​មាន​ប្រសាសន៍​ថា យើង​គួរតែ« ប្រៀបធៀប​បទព្រះគម្ពីរ​ទាំងអស់​ទៅនឹង​ខ្លួន​យើង ដើម្បី​ទុកជា​ប្រយោជន៍ និង​ការ​ចេះដឹង​ដល់​យើង » ( នីហ្វៃទី១ ១៩:២៣ ) ។

នៅពេល​យើង​ទទួល​ទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ព្រះបន្ទូល​ទាំងនោះ​នឹង​បើក​ទ្វា​ទៅកាន់​វិវរណៈ ព្រមទាំង​បង្ហាញ​ដល់​យើង​នូវ​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​នៅក្នុង​ស្ថានភាព​ផ្សេងៗ​នៃ​ជីវិត​របស់​យើង ដើម្បី​ខិត​ទៅកាន់តែ​ជិត​នឹង​ទ្រង់ ។

៣. ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​អំពី​សេចក្តី​ពិត​ដ៏ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន

ដូចដែល​លីហៃ​មាន​នូវ​បំណង​ប្រាថ្នា​ចែកចាយ​ផ្លែ​នៃ​ដើម​ជីវិត​ជាមួយ​នឹង​គ្រួសារ​លោក​ដែរ ( សូមមើល នីហ្វៃទី១ ៨:១២ ) នៅពេល​យើង​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន យើង​បង្កើត​នូវ​បំណង​ប្រាថ្នា​មួយ​ដើម្បី​ចែកចាយ​អំណរ​ដែល​កើតមាន​មក​ពី​ការស្គាល់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ស៊ីស្ទើរ​ប៊ែនសុន​ជាមួយ​នឹង​ព្រះគម្ពីរ​មរមន

អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​របស់​យើង ស៊ីស្ទើរ ប៊ែនសុន ដែល​កំពុង​ចូលរួម​នៅក្នុង​សម័យ​ប្រជុំ​នេះ​ជាមួយ​យើង បាន​ចែកចាយ​ជាមួយ​ខ្ញុំ​នូវ​បំណងប្រាថ្នា​របស់​នាង​ដើម្បី​ជួយ​ដល់​ប្អូនប្រុស​នាង ។ គ្រា​នោះ ប្អូនប្រុស​នាង​កំពុង​រៀបចំ​ចូលរៀន​សាកលវិទ្យាល័យ ហើយ​មិន​ប្រាកដ​អំពី​ការ​បម្រើ​បេសកកម្ម​ឡើយ ។ ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ដើម្បី​អញ្ជើញ​ស៊ីស្ទើរ ប៊ែនសុន ឲ្យ​អាន​ព្រះគម្ពីរមរមន អំឡុង​ពេល​បួន​ខែ​ដំបូង​ក្នុង​បេសកកម្ម​របស់​នាង ដោយ​គូស​ចំណាំ​ខគម្ពីរ​ដែល​នាង​ចូលចិត្ត ហើយ​ផ្ញើ​វា​ទៅ​ឲ្យ​ប្អូនប្រុស​របស់​នាង ។

ស៊ីស្ទើរ ប៊ែនសុន​បាន​ផ្ញើ​ខគម្ពីរ​ក្នុង​ព្រះគម្ពីរមរមន​ដែល​នាង​គូសចំណាំ ហើយ​បាន​អញ្ជើញ​ប្អូនប្រុស​របស់​នាង​ឲ្យ​អាន​វា​រាល់​យប់ ។ ក្រោយមក​នាង​ចែកចាយ​ជាមួយ​ខ្ញុំ ៖ « ពីមុន​បេសកកម្ម​របស់​ខ្ញុំ ប្អូនប្រុស​ខ្ញុំ​ពុំ​ដឹង​ច្បាស់​ថា​តើ​គាត់​ចង់​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​ឬ​អត់​នោះទេ ។ យូរៗ​ទៅ នៅពេល​គាត់​អាន​ព្រះគម្ពីរមរមន គាត់​បាន​រកឃើញ​អំណរ​កាន់​តែ​ច្រើន​ក្នុង​ជីវិត​របស់​គាត់ ហើយ​ចាប់ផ្ដើម​ពិចារណា​អំពី​ការបម្រើ​បេសកកម្ម » ។

អែលឌើរ​ប៊ែនសុន

រយៈពេល​ពីរសប្ដាហ៍​ពី​មុន​ស៊ីស្ទើរ ប៊ែនសុន បាន​បញ្ចប់​បេសកកម្ម​របស់​នាង ប្អូនប្រុស​របស់​នាង​បាន​ទទួល​ការហៅ​បេសកកម្ម​របស់​គាត់ ។ ឥឡូវ​គាត់​កំពុង​បម្រើ​នៅ​បេសកកម្ម​ម៉ិកស៊ីកូ តាក់ថ្លា គូទៀរេហ្ស ។ តាមរយៈ​ព្រះគម្ពីរមរមន អែលឌើរ ប៊ែនសុន​បាន​មាន​ការយល់ដឹង​ខាងវិញ្ញាណ​ពី​គោលបំណង​ពិត​នៃ​ជីវិត​របស់​គាត់ ដែល​ដឹកនាំ​គាត់​ឲ្យ​បម្រើ​ព្រះអម្ចាស់ ហើយ​ទុកចិត្ត​ថា​រឿង​ទាំងឡាយ​នឹង​ដំណើរការ​ល្អ ។ ការសម្រេច​ចិត្ត​នោះ​គឺជា​អព្ភូតហេតុ—ដែល​បាន​ជះឥទ្ធិពល​មក​ពី​ព្រះចេស្ដា​នៃ​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ ។

បងប្អូនប្រុសស្រី​ជា​ទីស្រឡាញ់ ខ្ញុំ​សូម​លើកទឹកចិត្ត​បងប្អូន​ម្នាក់ៗ​ឲ្យ​បង្កើន​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​បងប្អូន​ឲ្យ​កាន់តែ​ស៊ីជម្រៅ ។ ខ្ញុំ​ដឹងថា នៅពេល​យើង​ទទួល​ទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរមរមន នោះ​ព្រះវិញ្ញាណ​នឹង​ជួយ​យើង​យល់​អំពី​សេចក្ដីពិត​ដ៏​អស់កល្ប ហើយ​ចែកចាយ​ទីបន្ទាល់​របស់​យើង​ដោយ​ភាពជឿជាក់​ដល់​អ្នក​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​ដើម្បី​ឲ្យ​មក​ស្ដាប់​ឮ​សារលិខិត​របស់​ទ្រង់ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ពួក​ដែល​យើង​បាន​រើស​តាំង ឮ​សំឡេង​របស់​យើង ហើយ​មិន​ពង្រឹង​ចិត្ត​របស់​ពួក​គេ​ឡើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៧ ) ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា​អស់​អ្នក​ដែល​ទូលសុំ​ព្រះ​ដោយជំនឿ នឹង​ទទួល​បាន​ទីបន្ទាល់​អំពី​សេចក្ដីពិត និង​ទេវភាព​នៃ​ព្រះគម្ពីរមរមន​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំសូម​ថ្លែង​ទី​បន្ទាល់​អំពី​កិច្ចការ​នេះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Sacrament Meeting » ( សុន្ទរកថា​ដែល​បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​សម្រាប់​ប្រធាន​បេសកកម្ម​ថ្មី នៅ​ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ) ។