ធ្វើចំណែករបស់អ្នកឲ្យអស់ពីដួងចិត្ត
ជឿទុកចិត្តលើព្រះអង្គសង្គ្រោះ ហើយចូលរួមចំណែកដោយអត់ធ្មត់ និងឧស្សាហ៍ព្យាយាម នៅក្នុងការធ្វើនូវចំណែករបស់បងប្អូនដោយអស់ពីដួងចិត្ត ។
កាលពីឆ្នាំមុន ពេលធ្វើដំណើរទៅអឺរ៉ុប ខ្ញុំបានទៅលេងកន្លែងការងារចាស់របស់ខ្ញុំនៅ អាកាសចរណ៍ លូថានសា អាល្លឺម៉ង់ នៅអាកាសយានដ្ឋានហ្វ្រែងហ្វឺត ។
ដើម្បីហ្វឹកហ្វឺនអ្នកបើកយន្ដហោះ ពួកគេបានបញ្ឆេះម៉ាស៊ីនការហោះហើរជាច្រើនដងដែលមានចលនាស្មុគស្មាញទាំងស្រុង ដែលអាចបង្កើតជាស្ថានភាពការហោះហើរតាមធម្មតា និងពេលមានអាសន្នបាន ។ អំឡុងពេលជាច្រើនឆ្នាំដែលខ្ញុំធ្វើជាមេបញ្ជាការអាកាសចរណ៍ ខ្ញុំត្រូវប្រឡងឲ្យជាប់នូវការពិនិត្យមើលការហោះហើរនៅក្នុងម៉ាស៊ីនការហោះហើរនោះជារៀងរាល់ប្រាំមួយខែម្ដងដើម្បីបន្ដអាជ្ញាប័ណ្ណជាអ្នកបើកយន្ដហោះរបស់ខ្ញុំ ។ ខ្ញុំចាំយ៉ាងច្បាស់នូវភាពតានតឹង និងការភ័យបារម្ភ ប៉ុន្តែក៏មានអារម្មណ៍ថាជោគជ័យផងដែរ បន្ទាប់ពីប្រឡងជាប់ ។ កាលនោះខ្ញុំនៅក្មេង ហើយចូលចិត្តសាកល្បងអ្វីដែលថ្មី ។
អំឡុងពេលខ្ញុំទៅលេង មាននាយកប្រតិបត្តិ លូថានសាម្នាក់បានសួរខ្ញុំ បើខ្ញុំចង់សាកបើកយន្ដហោះ B747 ម្ដងទៀតដែរឬទេ ។
ពីមុនខ្ញុំមានពេលគិតពេញលេញអំពីសំណួរនោះ ខ្ញុំឮសំឡេងមួយ—សំឡេងភ្ញាក់ផ្អើលដូចជាសំឡេងខ្ញុំ—និយាយថា « បាទ ខ្ញុំចង់សាកល្បងខ្លាំងណាស់ » ។
កាលខ្ញុំនិយាយពាក្យនោះភ្លាម ស្រាប់តែមានគំនិតជាច្រើនចូលមក ។ វាយូរណាស់ហើយដែលខ្ញុំបានបើកយន្ដហោះ ៧៤៧ នោះ ។ កាលនោះខ្ញុំនៅក្មេង ហើយជាអ្នកបើកដ៏មានទំនុកចិត្តម្នាក់ ។ ឥឡូវនេះ ខ្ញុំមានកេរ្តិ៍ឈ្មោះដើម្បីរស់នៅជាអតីតអ្នកបើកយន្តហោះម្នាក់ ។ តើខ្ញុំនឹងខ្មាស់គេនៅចំពោះមុខអ្នកជំនាញទាំងនេះដែរឬទេ ?
ប៉ុន្តែវាយឺតពេលហើយដើម្បីបកក្រោយ ដូច្នេះខ្ញុំបានអង្គុយនៅក្នុងកៅអីអ្នកបើកយន្ដហោះ ដាក់ដៃទៅលើឧបករណ៍បញ្ជាដែលខ្ញុំស្គាល់ និងស្រឡាញ់ ហើយមានអារម្មណ៍រំភើបចិត្តម្ដងទៀតដើម្បីធ្វើការហោះហើរ កាលដែលយន្ដហោះធុនធំបានរត់នៅលើផ្លូវ ហើយហោះឡើងទៅលើផ្ទៃមេឃដ៏ធំធេងនោះ ។
ខ្ញុំរីករាយនឹងប្រាប់ថា ការហោះហើរធ្វើឡើងដោយជោគជ័យ យន្ដហោះមិនខ្ទេចទេ ហើយខ្ញុំនៅតែដដែល ។
ទោះជាយ៉ាងណា បទពិសោធន៍នោះជាបទពិសោធន៍ដ៏រាបសាសម្រាប់ខ្ញុំ ។ នៅពេលដែលខ្ញុំខំខ្លាំងពូកែ ការហោះហើរនោះបានក្លាយទៅជាថ្នឹក ។ ឥឡូវនេះ ខ្ញុំត្រូវខំសញ្ជឹងគិតយ៉ាងខ្លាំងដើម្បីធ្វើរឿងសាមញ្ញៗ ។
ភាពជាសិស្សត្រូវការលត់ដំ
បទពិសោធន៍របស់ខ្ញុំពេលបើកម៉ាស៊ីនហោះហើរគឺជាការរំឭកដ៏សំខាន់មួយថាត្រូវធ្វើឲ្យល្អគ្រប់យ៉ាង— ទោះវាជាការហោះហើរ ការអុំទូក ការព្រោះពូជ ឬការដឹង— វាត្រូវការលត់ដំ និងការហាត់រៀនដោយខ្លួនឯងដ៏ខ្ជាប់ខ្ជួន ។
បងប្អូនអាចនឹងចំណាយពេលជាច្រើនឆ្នាំដើម្បីទទួលបានជំនាញមួយ ឬបង្កើតទេពកោសល្យមួយ ។ បងប្អូនអាចនឹងធ្វើការយ៉ាងខ្លាំងដើម្បីឲ្យវាថ្នឹក ។ ប៉ុន្តែបើបងប្អូនគិតថាបងប្អូនអាចឈប់ហាត់រៀន និងសិក្សា នោះបងប្អូននឹងបាត់បង់ចំណេះដឹង និងសមត្ថភាពដែលបងប្អូនខិតខំទទួលបានទៅបន្ដិចម្ដងៗ ។
ការណ៍នេះអនុវត្តចំពោះជំនាញដូចជាការរៀនភាសា ការលេងឧបករណ៍ភ្លេង និងការបើកយន្ដហោះដឹកអ្នកដំណើរ ។ វាក៏អនុវត្តចំពោះការប្រែក្លាយជាសិស្សរបស់ព្រះគ្រីស្ទផងដែរ ។
និយាយឲ្យចំទៅ ភាពជាសិស្សត្រូវការការលត់ដំខ្លួន ។
វាពុំមែនជាការខិតខំលេងៗទេ ហើយវាពុំកើតឡើងដោយចៃដន្យឡើយ ។
សេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទគឺជាអំណោយទានមួយប៉ុន្តែការទទួលបានវា គឺជាជម្រើសដោយមានមនសិការ ដែលតម្រូវឲ្យមានការតាំងចិត្ត « អស់ពីពលំ អស់ពីគំនិត និងអស់ពីកម្លាំង » របស់យើង ។ វាគឺជាការអនុវត្តប្រចាំថ្ងៃ ។ គ្រប់ម៉ោង ។ វាត្រូវការការរៀនសូត្រ និងការតាំងចិត្តដ៏មុតមាំយ៉ាងខ្ជាប់ខ្ជួន ។ សេចក្តីជំនឿ ភក្ដីភាពរបស់យើងចំពោះព្រះអង្គសង្គ្រោះ ប្រែជាមានកាន់តែខ្លាំងឡើង នៅពេលដែលវាសាកល្បងទប់ទល់នឹងការផ្ទុយ ដែលយើងប្រឈមមុខនៅក្នុងជីវិតរមែងស្លាប់នេះ ។ វាបន្ដមុតមាំ ដោយសារតែយើងបន្ដបីបាច់វាយើងបន្ដអនុវត្តវាយ៉ាងសកម្ម ហើយយើងពុំត្រូវចុះចាញ់ឡើយ ។
ផ្ទុយទៅវិញ បើយើងពុំបានប្រើជំនឿ និងអំណាចដ៏ខ្លាំងរបស់វាទេ នោះយើងក្លាយជាមិនសូវមានទំនុកចិត្តទៅលើអ្វីដែលយើងគោរពយ៉ាងពិសិដ្ឋ—ខ្វះទំនុកចិត្តទៅលើរឿងដែលយើងបានដឹងថាជាការពិត ។
ការល្បួងដែលកាលពីមុនពុំអាចបញ្ឆោតយើង ចាប់ផ្ដើមមើលទៅមិនសូវគួរឲ្យខ្លាច ហើយកាន់តែចាប់អារម្មណ៍វិញ ។
ភ្លើងនៃទីបន្ទាល់កាលពីថ្ងៃម្សិលមិញ អាចកម្ដៅយើងតែមួយរយៈពេលខ្លី ។ វាត្រូវការនូវការបីបាច់ដ៏ខ្ជាប់ខ្ជួនដើម្បីបន្ដឆេះខ្លាំងឡើង ។
នៅក្នុងគម្ពីរសញ្ញាថ្មី ព្រះអង្គសង្គ្រោះបានបង្រៀនរឿងប្រៀបប្រដូចអំពីលោកចៅហ្វាយដែលបានឲ្យអ្នកបម្រើម្នាក់ៗនូវការទុកចិត្តដ៏ពិសិដ្ឋមួយ— ចំនួននៃលុយដែលហៅថាកាក់ ។ អ្នកបម្រើដែលបានប្រើប្រាក់ដោយឧស្សាហ៍ព្យាយាម នោះវាបានកើនឡើង ។ អ្នកបម្រើដែលកប់ប្រាក់របស់គាត់ នៅទីបំផុតបានបាត់បង់វា ។
តើនោះជាមេរៀនអ្វី ? ព្រះប្រទានអំណោយទានដល់យើង—ជាចំណេះដឹង សមត្ថភាព ឱកាស— ហើយទ្រង់ចង់ឲ្យយើងប្រើ និងបង្កើតវាឲ្យច្រើនឡើង ដើម្បីវាអាចផ្តល់ពរដល់យើង និងដល់កូនចៅដទៃទៀតរបស់ទ្រង់ ។ រឿងនោះនឹងមិនកើតឡើងទេ បើយើងដាក់អំណោយទានទាំងនោះទុកលើធ្នើដូចជាពានរង្វាន់ ដែលយើងកោតសរសើរពីមួយពេលទៅមួយពេល ។ អំណោយទានរបស់យើងតម្កើងឡើង និងចម្រើនឡើង តែនៅពេលដែលយើងប្រើប្រាស់វាប៉ុណ្ណោះ ។
បងប្អូនមានអំណោយទាន
បងប្អូនអាចនិយាយថា « ប៉ុន្តែអែលឌើរ អុជដូហ្វ ខ្ញុំអត់មានអំណោយទាន ឬទេពកោសល្យអ្វីនោះទេ —គ្មានអំណោយទានណាដែលមានតម្លៃទេ » ។ ប្រហែលជាបងប្អូនមើលទៅ អ្នកដទៃដែលមានអំណោយទានលេចធ្លោ និងគួរឲ្យសរសើរ ហើយបងប្អូនមានអារម្មណ៍ថាខ្លួនឯងធម្មតាបើប្រៀបធៀបទៅនឹងគេនោះ ។ បងប្អូនអាចនឹងស្មានថានៅជីវិតមុនជីវិតរមែងស្លាប់នេះ ក្នុងថ្ងៃភោជនីយអាហារនៃអំណោយទាន និងទេពកោសល្យដ៏ច្រើន ហើយចានរបស់បងប្អូនហាក់ដូចជាមានតែបន្ដិច— ជាពិសេសពេលប្រៀបធៀបទៅនឹងចានរបស់អ្នកដទៃដែលមានពេញដោយអាហារច្រើនហូរហៀរ ។
អូ៎ ខ្ញុំចង់ឱបបងប្អូន ហើយជួយបងប្អូនឲ្យយល់ពីសេចក្ដីពិតដ៏អស្ចារ្យនេះ ៖ គឺថា បងប្អូនបុត្រនៃពន្លឺដ៏ប្រកបដោយព្រះពរ ជាបុត្រវិញ្ញាណនៃព្រះដ៏អស់កល្ប ! ហើយបងប្អូនមាននូវសក្ដានុពលដែលហួសពីសមត្ថភាពដែលបងប្អូនអាចនឹកស្រមៃដល់ ។
ដូចជាកំណាព្យបានចែងថា អ្នកកើតមកលើផែនដី « មានទេវភាពនៃសួគ៌ា » !
ដំណើររឿងពីដើមរបស់បងប្អូនគឺទេវភាព ហើយជោគវាសនាបងប្អូនក៏ដូច្នោះដែរ ! បងប្អូនចាកចេញពីស្ថានសួគ៌មកទីនេះ ប៉ុន្តែស្ថានសួគ៌ពុំដែលភ្លេចបងប្អូនឡើយ !
បងប្អូនមានតម្លៃណាស់ ប៉ុន្តែសាមញ្ញ ។
បងប្អូនមាននូវអំណោយទាន !
នៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ព្រះបានប្រកាសថា ៖
« ដ្បិតមានអំណោយទានជាច្រើន ហើយ[ មនុស្ស ]រាល់គ្នាត្រូវបានប្រទានអំណោយទានមួយដោយព្រះវិញ្ញាណនៃព្រះ ។
« ចំពោះមនុស្សខ្លះត្រូវប្រទានឲ្យមួយ រីឯចំពោះមនុស្សខ្លះត្រូវបានប្រទានឲ្យមួយផ្សេងទៀត ដើម្បីឲ្យមនុស្សទាំងអស់ អាចបានជាប្រយោជន៍ដោយសាររបៀបនេះ » ។
អំណោយទានមួយចំនួនរបស់យើងត្រូវបានរៀបរាប់នៅក្នុងបទគម្ពីរ ។ ជាច្រើនទៀតពុំមានរៀបរាប់ទេ ។
ដូចជាព្យាការីមរ៉ូណៃបានថ្លែងថា « កុំបដិសេធអំណោយទានទាំងឡាយនៃព្រះឡើយ ត្បិតអំណោយទាននោះមានច្រើនណាស់ ហើយអំណោយទានទាំងនោះបានមកពីព្រះតែមួយដដែល » ។ អំណោយទានទាំងនោះ បង្ហាញតាម « ផ្លូវផ្សេង ប៉ុន្តែគឺជាព្រះតែមួយអង្គដដែល ដែលធ្វើការណ៍ទាំងអស់នេះ … » ។
វាអាចជាការពិតដែលអំណោយទានខាងវិញ្ញាណរបស់យើងមិនគួរឲ្យទាក់ទាញជានិច្ចកាលនោះ ប៉ុន្តែវាពុំមែនមានន័យថាវាមិនសូវសំខាន់នោះដែរ ។ តើខ្ញុំសុំចែកចាយជាមួយបងប្អូននូវអំណោយទានខាងវិញ្ញាណមួយចំនួន ដែលខ្ញុំកត់សម្គាល់ឃើញមាននៅក្នុងខ្លួនសមាជិកទូទាំងពិភពលោកបានឬទេ ? សូមសញ្ជឹងគិតថាបងប្អូនអាចនឹងមានពរទទួលបានអំណោយទានមួយឬច្រើន ដូចជា ៖
-
ការបង្ហាញចិត្តមេត្តាករុណា ។
-
ការកត់សម្គាល់ឃើញមនុស្សដែលត្រូវគេមើលរំលង ។
-
ការស្វែងរកហេតុផលដើម្បីមានអំណរ ។
-
ការធ្វើជាអ្នកផ្សះផ្សាគេ ។
-
ការកត់សម្គាល់ឃើញអព្ភូតហេតុតូចៗ ។
-
ការផ្ដល់នូវការសរសើរដោយស្មោះ ។
-
ការអភ័យទោស ។
-
ការប្រែចិត្ត ។
-
ការស៊ូទ្រាំ ។
-
ការពន្យល់រឿងសាមញ្ញៗ ។
-
ការទំនាក់ទំនងជាមួយនឹងកុមារតូចៗ ។
-
ការគាំទ្រថ្នាក់ដឹកនាំសាសនាចក្រ ។
បងប្អូនប្រហែលជាមើលមិនឃើញអំណោយទានទាំងនេះបង្ហាញនៅពេលមានការសម្ដែងទេពកោសល្យនៅក្នុងវួដទេ ។ ប៉ុន្តែខ្ញុំសង្ឃឹមថា បងប្អូនអាចមើលឃើញថាវាមានតម្លៃប៉ុនណាចំពោះកិច្ចការរបស់ព្រះអម្ចាស់ ហើយថាតើបងប្អូនបានមានឥទ្ធិពល ប្រទានពរ ឬសង្គ្រោះបុត្រម្នាក់របស់ព្រះតាមរយៈអំណោយទានរបស់បងប្អូន ។ សូមចងចាំ ៖ « ដោយកិច្ចការតូចតាច និងងាយ ទើបនាំឲ្យកើតកិច្ចការដ៏ធំៗបាន » ។
សូមធ្វើចំណែកតូចរបស់បងប្អូន
បងប្អូនប្រុសស្រី និងមិត្តជាទីស្រឡាញ់ ខ្ញុំអធិស្ឋានសូមឲ្យព្រះវិញ្ញាណនឹងជួយបងប្អូនទទួលស្គាល់អំណោយទាន និងទេពកោសល្យ ដែលព្រះបានប្រទានដល់បងប្អូន ។ បន្ទាប់មក ចូរយើងធ្វើដូចជាអ្នកបម្រើស្មោះត្រង់នៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះអម្ចាស់ បង្កើន និងតម្កើងអំណោយទានទាំងនោះ ។
ថ្ងៃនោះនឹងមកដល់ នៅពេលដែលយើងឈរនៅចំពោះព្រះបិតាដ៏ប្រកបដោយក្ដីមេត្តាករុណារបស់យើងនៅស្ថានសួគ៌ដើម្បីរាយការណ៍អំពីកិច្ចការរបស់យើង ។ ទ្រង់នឹងចង់ដឹងថាយើងបានធ្វើអ្វីខ្លះជាមួយនឹងអំណោយទានដែលទ្រង់បានប្រទានដល់យើង— ជាពិសេស តើយើងបានប្រើវាដើម្បីប្រទានពរដល់កូនចៅរបស់ទ្រង់យ៉ាងដូចម្ដេច ។ ព្រះស្គាល់យើងជានរណាពិតប្រាកដ ថាយើងត្រូវបានរៀបចំឡើងដើម្បីប្រែក្លាយទៅជាអ្វី ដូច្នេះទ្រង់រំពឹងទុកខ្លាំងចំពោះយើង ។
ប៉ុន្តែទ្រង់ពុំរំពឹងឲ្យយើងហក់លោតយ៉ាងអស្ចារ្យ ដូចជាវីរបុរស ឬមនុស្សមានកម្លាំងពិសេសដើម្បីទៅដល់ទីនោះទេ ។ នៅក្នុងពិភពលោកដែលទ្រង់បានបង្កើត ភាពរីកចម្រើនកើតឡើងបន្ដិចម្ដងៗ និងដោយអត់ធ្មត់— ប៉ុន្តែក៏ដោយខ្ជាប់ខ្ជួន និងពុំឈប់ឈរឡើយ ។
សូចចងចាំថា ព្រះយេស៊ូវគ្រីស្ទបានធ្វើចំណែកជាមនុស្សដ៏អស្ចារ្យរួចទៅហើយ នៅពេលទ្រង់បានយកឈ្នះលើសេចក្ដីស្លាប់ និងអំពើបាប ។
ចំណែករបស់យើងគឺធ្វើតាមព្រះគ្រីស្ទ ។ វាគឺជាចំណែករបស់យើងដើម្បីងាកចេញពីអំពើបាប ហើយងាកទៅរកព្រះអង្គសង្គ្រោះ ហើយដើរតាមមាគ៌ាទ្រង់ មួយជំហានម្ដងៗ ។ នៅពេលយើងធ្វើដូចនេះដោយឧស្សាហ៍ និងដោយស្មោះត្រង់ យូរៗទៅយើងនឹងផ្ដាច់ច្រវាក់នៃភាពមិនល្អឥតខ្ចោះ និងកំហុសចេញ ហើយបានបន្សុទ្ធបន្ដិចម្ដងៗ រហូតដល់ថ្ងៃដ៏ល្អឥតខ្ចោះ ជាពេលដែលយើងនឹងបានល្អឥតខ្ចោះនៅក្នុងទ្រង់ ។
ពរជ័យទាំងឡាយគឺអាចឈោងចាប់បាន ។ ការសន្យាមានរួចជាស្រេច ។ មាត់ទ្វារបើកចំហ។ វាគឺជាជម្រើសរបស់យើងដើម្បីដើរចូល ហើយចាប់ផ្ដើមធ្វើវា ។
ការចាប់ផ្ដើមអាចនឹងតូចតាច ។ ប៉ុន្តែនេះមិនអីនោះទេ ។
បើជំនឿមានភាពទន់ខ្សោយ សូមចាប់ផ្ដើមដោយការមានសង្ឃឹមទៅលើព្រះគ្រីស្ទ គឺព្រះយេស៊ូវ និងព្រះចេស្ដារបស់ទ្រង់ដើម្បីសម្អាត និងធ្វើឲ្យបរិសុទ្ធ ។
ព្រះវរបិតារបស់យើងសុំឲ្យយើងប្រឈមនឹងឧបសគ្គនេះដោយជំនឿ និងភាពជាសិស្ស ពុំមែនដោយគ្រាន់តែជាអ្នកទេសចរណ៍ធម្មតាឡើយ ប៉ុន្តែក្នុងនាមជាអ្នកជឿពេញបេះដូង ជាអ្នកដែលបោះបង់ចោលបាប៊ីឡូន ហើយតាំងចិត្តនិងគំនិតរបស់ពួកគេ បោះជំហានទៅកាន់ស៊ីយ៉ូន ។
ពួកយើងដឹងថា ការខិតខំរបស់យើងតែម្យ៉ាង គឺវាមិនអាចធ្វើឲ្យយើងបានសេឡេស្ទាលនោះទេ ។ ប៉ុន្តែការខិតខំទាំងនោះអាចធ្វើឲ្យយើងមានភក្ដីភាព និងតាំងចិត្តចំពោះព្រះយេស៊ូវគ្រីស្ទ ហើយទ្រង់អាចធ្វើឲ្យយើងបានសេឡេស្ទាល ។
ដោយសារតែព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើង ពុំមានអ្វីដែលយើងមិនអាចយកឈ្នះនោះទេ ។ ប្រសិនបើយើងដាក់ក្ដីសង្ឃឹម និងជំនឿទៅលើទ្រង់ នោះយើងនឹងទទួលជោគជ័យពិតប្រាកដ ។ ទ្រង់សន្យាថាយើងទទួលបានកម្លាំងរបស់ទ្រង់ អំណាចរបស់ទ្រង់ និងព្រះគុណដ៏បរិបូរណ៍របស់ទ្រង់ ។ មួយជំហានម្ដងៗ បន្ដិចម្ដងៗ យើងនឹងរីកចម្រើនខិតទៅកាន់តែជិតថ្ងៃដ៏អស្ចារ្យ និងឥតខ្ចោះ ជាពេលដែលយើងនឹងរស់នៅជាមួយទ្រង់ និងមនុស្សជាទីស្រឡាញ់របស់យើងនៅក្នុងសិរីល្អដ៏អស់កល្បជានិច្ច ។
ដើម្បីទៅដល់ទីនោះ យើងត្រូវតែធ្វើនូវចំណែករបស់យើងនាថ្ងៃនេះ និងជារៀងរាល់ថ្ងៃ ។ ពួកយើងមានអំណរគុណចំពោះជំហានទាំងឡាយដែលយើងដើរកាលពីម្សិលមិញ ប៉ុន្តែយើងមិនឈប់នៅត្រឹមនោះទេ ។ យើងដឹងថា យើងនៅមានផ្លូវវែងឆ្ងាយទៀត តែយើងកុំឲ្យរឿងនោះបំបាក់ទឹកចិត្តយើង ។
នោះហើយជាគ្រឹះរបស់យើង—ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ។
ខ្ញុំសូមជម្រុញចិត្ត និងប្រទានពរដល់សមាជិកនៃសាសនាចក្រគ្រប់រូបឲ្យទុកចិត្តទៅលើព្រះអង្គសង្គ្រោះល្មមគ្រប់គ្រាន់ដើម្បីចូលរួមចំណែក អត់ធ្មត់ និងឧស្សាហ៍នៅក្នុងការធ្វើនូវចំណែករបស់បងប្អូនដោយអស់ពីដួងចិត្ត— ដើម្បីឲ្យបងប្អូនបានពេញដោយអំណរ ហើយថានៅថ្ងៃណាមួយ បងប្អូននឹងទទួលបាននូវអ្វីៗទាំងអស់ដែលព្រះវរបិតាមាន ។ ខ្ញុំថ្លែងជាសាក្សីអំពីការណ៍នេះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។