សន្និសីទទូទៅ
សេចក្តីស្រឡាញ់​ដ៏​ធួន​របស់​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៥


14:34

សេចក្តីស្រឡាញ់​ដ៏​ធួន​របស់​ព្រះគ្រីស្ទ

ការព្យាបាល និង​ការអត់ទោស​នីមួយៗ​ត្រូវបាន​រកឃើញ​ក្នុង​ភាពពេញលេញ​របស់​វា​នៅក្នុង​សេចក្តី​ស្រឡាញ់​ដ៏​ធួន​របស់​ព្រះគ្រីស្ទ ។

ខ្ញុំ​សូម​សម្តែង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ ប្រធាន រ័សុល អិម ណិលសុន និង​សេចក្តី​ដឹងគុណ​របស់ខ្ញុំ​ចំពោះ​ឥទិ្ធពល​ដ៏​អស្ចារ្យ​ដែល​លោក​បាន​មាន​សម្រាប់​យើង​ម្នាក់ៗ ។ ហើយ​សម្រាប់​យើង​រាល់​គ្នា ខ្ញុំ​សូម​អរព្រះគុណ​ដល់​ព្រះសម្រាប់​ការថែរក្សា និង​លើក​តម្កើង​ជីវិត​ដ៏​ថ្លៃថ្នូរ​របស់​ប្រធាន ដាល្លិន អេក អូក ។

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ខ្ញុំ​កាន់តែ​មាន​អារម្មណ៍​ស្រឡាញ់​ព្រះអង្គសង្រ្គោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​ពេញដោយ​ក្តីមេត្តា​ករុណា​របស់​ទ្រង់​ខ្លាំងទៅៗ ។ ពលិកម្ម​ដ៏​មហិមា​របស់​ទ្រង់​ដែលជា​ការធានា​បាន​នូវ​ជ័យជំនះ​លើ​សេចក្តីស្លាប់ និង​អំពើបាប គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​នៃ​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ទាំងអស់ ។ ការរៀន​យល់ដឹង​អំពី​អំណោយទាន​ដ៏​ទេវភាព​របស់​ទ្រង់​សម្រាប់​ខ្ញុំ គឺជា​ការបង្រៀន​ពី​ស្ថានសួគ៌​ដែល​នឹង​បន្ត​លើស​ពី​សេចក្តីស្លាប់ ។

ព្រះ​អម្ចាស់​យេស៊ូវគ្រីស្ទ

សេចក្ដី​មេត្ដាករុណា​ដ៏​មាន​អានុភាព​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការអត់ទោស​ដល់​អំពើ​បាប និង​ក្នុង​ការព្យាបាល​របួស​ដែល​បណ្តាល​មកពី​អំពើបាប​របស់​អ្នក​ដទៃ គឺជា​ការបើកបង្ហាញ​ដ៏​អព្ភូតហេតុ​បំផុត​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។

បំណង​ប្រាថ្នា​របស់​ខ្ញុំ គឺ​ផ្តល់​នូវ​ក្តី​សង្ឃឹម​សម្រាប់​អ្នក​ដែល​ស្វែងរក​ការអត់ទោស​ចំពោះ​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ ហើយ​ផ្តល់​ការលួងលោម​ដល់​អ្នក​ដែល​ស្វែងរក​ការព្យាបាល​ពី​របួស​ដ៏​ឈឺចាប់​ដែល​បណ្តាល​មក​ពី​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​របស់​អ្នក​ដទៃ ។

ការព្យាបាល និង​ការអត់ទោស​នីមួយៗ​ត្រូវបាន​រកឃើញ​ក្នុង​ភាពពេញលេញ​របស់​វា​នៅក្នុង​សេចក្តី​ស្រឡាញ់​ដ៏​ធួន​របស់​ព្រះគ្រីស្ទ ។

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

ប្រសិនបើ​បងប្អូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរ ហើយ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ប្រែចិត្ត ឬ​មាន​បំណង​ចង់​ប្រែចិត្ត​ពេញលេញ និង​ទទួល​បាន​នូវ​អំណរ​នៃ​ការអត់ទោស​ហួស​ពី​ពាក្យ​ដែល​អាច​ថ្លែង​បាន សូម​ដឹង​ថា អព្ភូតហេតុ​នេះ​កំពុង​រង់ចាំ​បងប្អូន ។ ព្រះអង្គសង្រ្គោះ​បន្ត​អំពាវនាវ​ថា « ចូរ​មក​ឯ​ខ្ញុំ » ។

ការពង្រឹង​សេចក្តីជំនឿ​របស់​បងប្អូន​លើ​ព្រះអង្គសង្រ្គោះ​របស់​យើង គឺ​ព្រះ​យេស៊ូវគ្រីស្ទ នឹង​ពង្រឹង​បំណងប្រាថ្នា​ចង់​ស្គាល់​ទ្រង់ ជឿ​លើ​ទ្រង់ ហើយ​ថ្វាយ​ដួងចិត្ត​របស់​បងប្អូន​ចំពោះ​ទ្រង់ ។ អេណុស​បាន​ទូលសួរ​អំពី​ការអត់ទោស​ដល់​កំហុស​របស់​លោក​ថា ៖ « ឱ​ព្រះ​អម្ចាស់​អើយ ចុះ​តើ​ការណ៍​នេះ​បាន​ធ្វើ​យ៉ាង​ណា​ទៅ ? » ព្រះអម្ចាស់​បានឆ្លើយ​តប​ថា ៖ « ពី​ព្រោះ​មក​ពី​សេចក្ដី​ជំនឿ​ដែល​អ្នក​មាន​ដល់​ព្រះ​គ្រីស្ទ ដែល​អ្នក​ពុំ​ដែល​បាន​ឮ ឬ​ឃើញ​ពីមុន​មក​ឡើយ » ។

ហើយ​មរ៉ូណៃ​បានបន្ថែម​ថា « បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ ហើយ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថ​ភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក នោះ​ព្រះ​គុណ​របស់​ទ្រង់​ល្មម​ដល់​អ្នក​ហើយ » ។

ការងាក​ចេញ​ពី​អំពើបាប ការងាក​ទៅរក​ព្រះ និង​ការពង្រឹង​សេចក្តីជំនឿ​របស់​បងប្អូន​នៅលើ​ព្រះយេស៊ូវគ្រីស្ទ គឺជា​ការចាប់ផ្ដើម​ដ៏​ស្រស់ស្អាត ។ ការ​មាន​ឆន្ទៈ​ធ្វើ​តាម​ព្រះ​ដោយ​រាបសា រួមទាំង​ចំណេះដឹង​ពី​អំពើបាប​ធ្ងន់ធ្ងរ​របស់​បងប្អូន​ទៅ​កាន់​ប៊ីស្សព ឬ​ប្រធានសាខា ប៉ុន្តែ​ការអត់ទោស​របស់​បងប្អូន​ទាំងស្រុង​នឹង​បាន​មក​ពី​ព្រះអង្គសង្រ្គោះ ។ ការអត់ទោស​គឺជា​អំណោយ​ដ៏​ទេវភាព​ដែល​បានប្រទាន​ឲ្យ​តាមរយៈ​ព្រះគុណ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។

ភាពស្មោះត្រង់

បំណង​ប្រាថ្នា​ដើម្បី​ត្រឡប់​ទៅ​រក​ព្រះ​យ៉ាង​ពិត​ប្រាកដ​អម​ដោយ​ការប្តេជ្ញាចិត្ត គឺ​ដើម្បី​មាន​ភាពទៀងត្រង់​ទាំងស្រុង​ជាមួយ​ព្រះវរបិតាសួគ៌​របស់​បងប្អូន ជាមួយ​ខ្លួន​ឯង ជាមួយ​អស់​អ្នក​ដែល​រង់​ការឈឺចាប់ និង​ជាមួយ​អ្នកដឹកនាំ​បព្វជិតភាព​របស់​បងប្អូន ។ ព្រះវរបិតាសួគ៌​របស់​បងប្អូន​រីករាយ​នឹង​បំណងប្រាថ្នា​របស់​បងប្អូន​មក​កាន់​ទ្រង់ ដោយ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ។ ការ​មាន​វិញ្ញាណ​ទន់ទាប​គឺជា​ការ​ដាក់​ទីទុក​ចិត្ត​លើ​ព្រះ​ហស្ដ​របស់​ព្រះ ។ ការមាន​ចិត្ត​សង្រេង​នាំ​មក​នូវ​អ្វី​ដែល​សាវក​ប៉ុល​បាន​ពិពណ៌នា​ថា « ព្រោះ​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ » ជា​ការចង់​បានយ៉ាងជ្រាលជ្រៅ​នៃ​ព្រលឹង​ដើម្បី​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ទោះ​តម្រូវ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​អ្វី​ក៏​ដោយ ។

ការស្តារ​ឡើងវិញ​នូវ​អ្វី​ដែល​បាន​ខូចខាត

បំណងប្រាថ្នា​ចង់​បាន​របស់​បងប្អូន​នាំ​ឲ្យ​បងប្អូន​ចង់​ជួសជុល​នូវ​ការ​ខូចខាត​ទាំង​អស់​ដែល​បងប្អូន​បានធ្វើ ។ ប៉ុន្តែ​រឿង​មួយ​ចំនួន​មិន​ស្ថិត​ក្រោម​អំណាច​របស់​បងប្អូន​ដើម្បី​ជួសជុល​នោះ​ទេ បងប្អូន​អធិស្ឋាន​ដោយ​ក្លៀវក្លា​ទូលសូម​ឲ្យ​ព្រះអម្ចាស់​តាមរយៈ​ព្រះគុណទ្រង់​នឹង​ជួយ​ព្យាបាល​អស់អ្នក​ដែល​បាន​រង​ឈឺចាប់​ដោយសារ​ទង្វើ​របស់​បងប្អូន ។

ឥទ្ធិពល​នៃ​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​លើ​អ្នកដទៃ ជាញឹកញាប់​តែង​ពិបាក​នឹង​យក​ឈ្នះ​ដោយ​ឈឺចាប់ ។ តើ​បងប្អូន​កំពុង​ធ្វើ​តាម​គំរូ​របស់​ពួកបុត្រា​នៃ​ម៉ូសាយ ដែល « បាន​ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត ដើម្បី​ជួសជុល​នូវ​ការ​ខូចខាត​ទាំង​អស់ ដែល​ពួក​គេ​បាន​ធ្វើ » ឬទេ ? ចូរនិយាយ​ជាមួយ​អ្នកដែល​បងប្អូន​គោរព​អំពីអ្វី​ដែល​បងប្អូន​ប្រហែល​ជា​មិន​បាន​ដឹង ។

នៅពេល​ខ្ញុំ​រៀបចំ​សុន្ទរកថា​នេះ ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយ​មកពី​មនុស្ស​ម្នាក់​ដែល​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ប្រែចិត្ត និង​ចង់​ត្រឡប់​មក​កាន់​សាសនាចក្រ​វិញ ។ អតីត​ភរិយា​របស់​គាត់​នៅតែ​ឈឺចាប់​ដោយសារការ​បែកបាក់ « អាពាហ៍ពិពាហ៍ដ៏​នៅ​អស់កល្ប​ជានិច្ច [ របស់​ពួកគាត់ ] និង [ មានការលំបាកច្រើន​ជាមួយ​កូនៗ ] បាត់បង់​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ … មិន [ អាច ] ផ្គត់ផ្គង់​លើ​ការចំណាយ​បាន [ និង ] មាន​អារម្មណ៍​ឈឺចាប់​​យ៉ាង​ជ្រាលជ្រៅ​ដោយសារ​ការផិតក្បត់ » ។

គាត់​បានចែកចាយ​ជាមួយ​ខ្ញុំ​នូវ​អ្វី​ដែល​អ្នក​ដឹកនាំ​បព្វជិតភាព​របស់​គាត់ « បានទទួល​ចំណាប់​អារម្មណ៍ [ សុំ​ឲ្យ​គាត់ ] ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​នូវ​អ្វី [ ដែល​គាត់​អាច​ធ្វើ​សម្រាប់​អតីត​ភរិយា និង​កូនៗ​របស់​គាត់ ] » ។ ដោយ​មាន​ការអនុញ្ញាត ខ្ញុំ​សូម​ចែកចាយ​អ៊ីមែល​របស់​គាត់ ។

« [ ដំបូង ] ខ្ញុំ​បានគិត​ថា [ លុយ ]ដែល​ខ្ញុំ​បង់​ឲ្យ​ដើម្បី​បញ្ចប់​ការលែងលះ​ឲ្យ​ដាច់ស្រេច​នោះ​គឺ​លើស​ពី​ទឹកចិត្ត​សប្បុរស​ទៅ​ទៀត ប៉ុន្តែ​ប្រធាន​សាខា​របស់​ខ្ញុំ​បានលើក​ទឹកចិត្ត​ឲ្យ​ខ្ញុំ​តម​អាហារ និង​អធិស្ឋាន​អំពី​រឿង​នេះ ។ …

« ដំបូង​ឡើយ ខ្ញុំ​ពិបាក​នឹង​គំនិត​នៃ​ការបង់​សំណង​បន្ថែម​ទៀត ។ ដោយសារ​អំពើបាប​របស់​ខ្ញុំ​មិនមែន​ជា​ហិរញ្ញវត្ថុ​ទេ នោះ​ខ្ញុំ​បាន​ងឿងឆ្ងល់​ថាតើ ‹ សំណង​ចេញ​ពី​ទឹកចិត្ត​សប្បុរស › មាន​អត្ថន័យ​ពិតប្រាកដ​ជា​អ្វី … [ ប៉ុន្តែ ] មិន​យូរ​ប៉ុន្មាន​ខ្ញុំ​បាន​ដឹង​ថា វា​មិន​មែន​គ្រាន់តែ​អំពី​ប្រាក់​នោះ​ទេ ។

« ថ្នាក់​ដឹកនាំ​បព្វជិតភាព​របស់​ខ្ញុំ​បានជួប​ជាមួយ​[ អតីត​ភរិយា​របស់​ខ្ញុំ ] និង​កូនៗ​របស់​ខ្ញុំ ហើយ​បាន​ដឹង​ថា​ពួកគេ​នៅតែ​ជួបការ​លំបាក ហើយ​មិន​ទាន់​បាន​ធូរស្រាល​នៅ​ឡើយ​ទេ » ។

« គោលដៅ​ថ្មី​របស់​ខ្ញុំ គឺ​ត្រូវ​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្តីជំនឿ ។ … ខ្ញុំ​បាន​បង្ហាញ​ទឹក​ចិត្ត​ចង់​ជួយ​របស់​ខ្ញុំ​ដោយ​ពុំ​ចង់​បាន​ការតបស្នង​អ្វី​ឡើយ ។ … ខ្ញុំ​បាន​សម្រេចចិត្ត [ ផ្ញើ​ទឹក​ប្រាក់​មួយ​ចំនួន​ទៅ​អតីត​ភរិយា​របស់​ខ្ញុំ ] រៀងរាល់​ពេល​បើក​ប្រាក់​ខែ ដែល​ទឹក​ប្រាក់​នោះ​គឺ​ជា​ចំនួន​ដ៏​ធំ​មួយ​ពី​ប្រាក់​កម្រៃ​ដែល​ខ្ញុំ​ទទួល​បាន ។ នៅពេល​ហៀប​នឹង​បង់ប្រាក់​ជា​លើក​ដំបូង​នោះ ព្រះអម្ចាស់​[ បានបំផុសគំនិត​ខ្ញុំ​ថា ខ្ញុំ​ត្រូវ ] បង់​ប្រាក់ [ ទ្វេដង​នៃ​ប្រាក់​នោះ ] ។

« ខ្ញុំ​បានរៀន​ថា សំណង​គឺ​មិន​គ្រាន់តែ​អំពី​ប្រាក់​នោះ​ទេ ។ សំណង​គឺ​អំពី​ការឧទ្ទិស​ខ្លួន​ដ៏​រាបសា​របស់​ខ្ញុំ​ចំពោះ​ព្រះអម្ចាស់​វិញ​ទេ​តើ ។ … លុយ​គឺ​ដើម្បី​ជួយ​ជំនួស​នូវ​អ្វី​ដែល​ខ្ញុំ​បាន​យក​ពី​គ្រួសារ​របស់​ខ្ញុំ​ដោយសារ​តែ​ការជ្រើសរើស​មិន​ល្អ​របស់​ខ្ញុំ ។ វា​គឺ​អំពី​ការធ្វើ និង​ការរក្សា​ការសន្យា​ដោយ​គ្មាន​ការរំពឹង​ទុក​នូវ​ការតបស្នង និង​ជួយ​នាង​មិន​ឲ្យ​ខ្វល់ខ្វាយ​ពី​ការចំណាយ ដើម្បី​ឲ្យ​នាងអាច​ស្វែងរក​ព្រះវិញ្ញាណ » ។

ការខិតខំ​របស់​បងប្អូន​ដើម្បី​ស្ដារ​អ្វី​ដែល​បងប្អូន​ធ្វើ​ឲ្យ​ខូចខាត​ឡើងវិញ អាច​មិន​ទាក់ទង​នឹង​ប្រាក់​នោះ​ទេ ប៉ុន្តែ​ពេល​បងប្អូន​ប្រឹក្សា​ជាមួយ​ព្រះអម្ចាស់​ដោយ​រាបសា នោះ​បងប្អូន​នឹង​រកឃើញ​ថា​មាន​អ្វី​ជាច្រើន​ទៀត​ដែល​បងប្អូន​អាច​ធ្វើ​បាន ។

ការអនុម័ត​ដ៏ទេវភាព​តាម​កម្រិត

នៅពេល​បងប្អូន​ស្វែងរក​ការអត់ទោស​របស់​ព្រះអម្ចាស់ ចូរ​មាន​ចិត្ត​អត់ធ្មត់​នៅពេល​បងប្អូន​រង់ចាំ​ការអនុម័ត​របស់​ទ្រង់​ពេញលេញ ។ សូម​ពិចារណា​អំពី​បទគម្ពីរ​នេះ ៖

« គេ …​បាន​បន្ទាប​ខ្លួន​ចុះ … ដល់​ជម្រៅ​នៃ​ភាព​ទន់​ទាប ហើយ … បាន​អំពាវនាវ​ជា​ខ្លាំង​ទៅ​រក​ព្រះ មែន​ហើយ គឺ​ពេញ​មួយ​ថ្ងៃ ។… [ ប៉ុន្តែ ] ព្រះ​អម្ចាស់​ទ្រង់​ក្រ​ឮ​សម្រែក​របស់​ពួក​គេ ដោយ​សារ​តែ​អំពើ​ទុច្ចរិត​របស់​ពួកគេ » ។

« ទោះ​ជា​យ៉ាង​ណា​ក្ដី គង់តែ​ព្រះ​អម្ចាស់​ទ្រង់​បាន​ឮ​សម្រែក​របស់​គេ​ដែរ ហើយ​បាន​ចាប់​ផ្ដើម … សម្រាល​បន្ទុក … ហើយ …ពួកគេ​បាន​ចាប់​ផ្ដើម​ចម្រើន​ឡើង​បន្តិច​ម្ដងៗ » ។

សូម​មាន​ចិត្ត​អត់ធ្មត់ នៅពេល​ទ្រង់​ប្រទាន​ពរជ័យ​របស់​ទ្រង់​ដល់​បងប្អូន ហើយ​យល់ព្រម​ផ្តល់ឲ្យ​បន្តិចម្តងៗ ។

នៅក្នុង​សម័យ​របស់​ព្រះអម្ចាស់ បងប្អូន​នឹង​បាន​ឮ​ព្រះសូរសៀង​របស់​ទ្រង់​ប្រាប់​បងប្អូន​ថា « ពុំឲ្យ​រឿង​ទាំង​នេះ ធ្វើ​ឲ្យ​កូន​កង្វល់​ចិត្ត​ត​ទៅ​ទៀត​ទេ » ។ នៅ​ថ្ងៃ​ណាមួយ​ដែល​បងប្អូន​បន្ត​ទៅ​រក​ព្រះអង្គ​សង្រ្គោះ នោះ​ព្រះវរបិតាសួគ៌​របស់​បងប្អូន​នឹង​ដក​យក « ទោស​[ របស់​បងប្អូន ]​ចេញ​ពី​ក្នុង​ចិត្ត តាម​រយៈ​បុណ្យ​គុណ​ទាំង​ឡាយ​នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ » ។

របួស និង ការរងទុក្ខ

សម្រាប់​បងប្អូន​ដែល​បាន​រងរបួស​ដោយ​អយុត្តិធម៌​ដោយ​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​របស់​ដទៃ ខ្ញុំ​ចង់​ចែកចាយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​អាណិត​អាសូរ​របស់​ព្រះអង្គសង្គ្រោះ ការ​លួងលោម និង​សេចក្តីសុខសាន្ត​របស់​ទ្រង់ ។

ការឈឺចាប់​ដែល​បងប្អូន​បានទទួល ការខូចចិត្ត ការបាត់បង់ អារម្មណ៍​ឈឺចាប់​នៃ​ការក្បត់ ការផ្លាស់ប្តូរ​ជីវិត​ដែល​បងប្អូន​បាន​ស្រមៃ​គិត—ខ្ញុំ​សូម​ផ្ដល់​ឲ្យ​បងប្អូន​នូវ​ការធានា​ដ៏​ច្បាស់លាស់​ថា ព្រះអង្គសង្រ្គោះ​ស្គាល់​បងប្អូន ហើយ​ស្រឡាញ់​បងប្អូន ។ សូម​ឈោង​ទៅ​រក​ទ្រង់ ។ ទ្រង់​គឺជា​អង្គលួងលោម និង​ជា​កម្លាំង​បងប្អូន ទ្រង់​នឹង​បញ្ជូន​ពួកទេវតា​របស់​ទ្រង់​មក​លើកទ្រ​បងប្អូន​ឡើង ។ តើ​ការឈឺចាប់​របស់​បងប្អូន ទុក្ខព្រួយ​ដ៏​ធំ​របស់​បងប្អូន ការចងចាំ​ដែល​មិន​ចង់​បាន​របស់​បងប្អូន​នឹង​ត្រូវ​បំភ្លេច​ចោល​នៅ​ពេល​ណា ? ខ្ញុំ​មិនដឹង​ទេ ! ប៉ុន្តែ​ខ្ញុំ​ដឹង​រឿង​នេះ ៖ ទ្រង់​មាន​ព្រះចេស្ដា​ដើម្បី​​នាំ​មក​នូវ​ភួងលំអ​ជំនួស​ផេះ​នៃ​ការរងទុក្ខរបស់​បងប្អូន ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​របស់​យើង​ដែល​រស់នៅ​ទីក្រុង ហ្គែ្រនដ៍ ប្លង់ រដ្ឋ​មីឈីហ្គែន ជាមួយ​នឹង​ក្តីជំនឿ​ដ៏​ឥត​ប្រែប្រួល​លើ​ព្រះយេស៊ូវគ្រីស្ទ ជាមួយនឹង​ភាពមិនអាត្មានិយម និង​ភាពក្លាហាន​របស់​ពួកគេ បាន​ទទួល​ហើយ​នឹង​ទទួល​នូវ​ព្រះគុណ និង​ក្តីស្រឡាញ់​ដ៏​ឥត​ផ្ទឹម​បាន​របស់​ព្រះអង្គ​សង្រោ្គះ នៅក្នុង​ប៉ុន្មាន​សប្តាហ៍​និង​ប៉ុន្មាន​ខែ​ខាងមុខ ។

នៅពេល​បងប្អូន​បន្ត​ដាក់​ទីទុកចិត្ត​របស់​បងប្អូន​លើ​ទ្រង់ នោះ​ពពក​នៃ​ភាពងងឹត និង​ទឹកភ្នែក​របស់​បងប្អូន​ដែល​ហូរ​មក​នៅពេល​យប់​នឹង​ប្រែ​ទៅ​ជា​ទឹកភ្នែក​នៃ​អំណរ និង​សេចក្តីសុខសាន្ត​នៅក្នុង​ពន្លឺ​នា​ពេល​ព្រឹក ។ « សេចក្តី​ព្រួយ​របស់​យើង​នឹង​ប្រែ​ទៅ​ជា​អំណរ​វិញ ។ … នឹង​ឥត​មាន​អ្នក​ណា [ ម្នាក់ ] ដក​យក​សេចក្តី​អំណរ​នោះ ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ » ។ គ្រា​នោះ​នឹង​កើត​ឡើង ។ ខ្ញុំ​សូម​ថ្លែង​ថា​វា​នឹង​កើត​ឡើង ។

ប្រធាន ដាល្លិន អេក អូក

សេចក្ដីស្រឡាញ់​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ អាច​រកឃើញ​នៅក្នុង​ស្ថានភាព​លំបាក​បំផុត ប៉ុន្តែ​យើង​ទាំងអស់​គ្នា​ត្រូវការ​ព្រះគុណ​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ជានិច្ច ។ ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន ៖ « ដោយសារ​បទពិសោធន៍​ដ៏​ធួន​របស់​ទ្រង់​នៅក្នុង​ព្រះជន្ម​​រមែងស្លាប់ នោះ​ព្រះអង្គសង្គ្រោះ​អាច​លួងលោម ព្យាបាល និង​ចម្រើន​កម្លាំង​ដល់​បុរស និង​ស្ត្រី​គ្រប់​រូប​នៅ​គ្រប់​ទីកន្លែង ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ទ្រង់​ធ្វើ​ការណ៍​នេះ ចំពោះ​អស់​អ្នក​ដែល​ស្វែងរក​ទ្រង់ ហើយ​ទូលសូម​ជំនួយ​ពី​ទ្រង់​តែ​ប៉ុណ្ណោះ ។ សាវក​យ៉ាកុប​បាន​បង្រៀន​ថា ‹ ចូរ​បន្ទាបខ្លួន​នៅ​ចំពោះ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​តម្កើង​អ្នក​រាល់​គ្នា​ឡើង › ( យ៉ាកុប ៤:១០ ) ។ យើង​ស័ក្តិសម​នឹង​ទទួល​ពរជ័យ​នោះ នៅពេល​យើង​ជឿ​លើ​ទ្រង់ ហើយ​អធិស្ឋាន​ទូលសូម​ជំនួយ​ពី​ទ្រង់ ។

អែលឌើរ រ៉ូបឺត អ៊ី វែលស៍ ជាមួយ​អែលឌើរ នែល អិល អាន់ឌើរសិន

អែលឌើរ រ៉ូប៊ឺត អ៊ី វ៉េលស៍

ខ្ញុំ​បាន​ទទួល​ការអនុញ្ញាត​ពី​មិត្ត​សម្លាញ់​របស់​ខ្ញុំ និង​ជា​ពួក​ចិតសិប​នាក់​មាន​សិទ្ធិ​អំណាច​ទូទៅ​ដែល​បាន​ចូល​និវត្តន៍ គឺ​អែលឌើរ រ៉ូប៊ឺត អ៊ី វែលស៍ ដែល​ឥឡូវ​មាន​អាយុ​៩៧​ឆ្នាំ ដើម្បី​ចែកចាយ​បទពិសោធន៍​របស់​គាត់​ជាង​៦០​ឆ្នាំ​មុន ៖

ខណៈ​កំពុង​រស់នៅ​ប្រទេស​ប៉ារ៉ាហ្គាយ នា​ឆ្នាំ​១៩៦០ និង​ធ្វើការ​ជា​បុគ្គលិក​អន្តរជាតិ​របស់​ធនាគារ រ៉ូប៊ឺត វែលស៍ ដែល​នៅ​ពេល​នោះ​អាយុ​៣២​ឆ្នាំ និង​ភរិយា​របស់​លោក មើរីល ដែល​ម្នាក់ៗ​បើក​យន្តហោះ​ពីរ​ខុស​គ្នា ដោយ​ហោះហើរ​ពី​អ៊ុយរូហ្គាយ​ទៅ​កាន់​ផ្ទះ​នៅ​ប៉ារ៉ាហ្គាយ ។ ដោយសារ​ពពក​ខ្មៅ​ក្រាស់ រ៉ូប៊ឺត និង មើរីល មើលគ្នា​លែង​ឃើញ ហើយ​ការទាក់ទង​គ្នា​តាម​វិទ្យុ​ក៏​លែង​ដំណើរការ ។ រ៉ូបឺត​បាន​ចុះ​ចត​ភ្លាមៗ នៅ​កន្លែង​ដែល​គាត់​បាន​ដឹង​ថា យន្តហោះ​របស់​ភរិយា​របស់​គាត់​បាន​ធ្លាក់ ។ ទាំង​ភរិយា និង​មិត្តភក្តិ​ទាំង​ពីរ​នាក់​ដែល​ជិះ​យន្តហោះ​ជាមួយ​នាង​មិន​បាន​រួច​ជីវិត​នោះ​ឡើយ ។ កូនៗ​របស់​គាត់​នៅ​ផ្ទះ​នៅ​ឯ​ទីក្រុង​អាសុនស្យុង មាន​អាយុ​ប្រាំពីរ​ឆ្នាំ ប្រាំ​ឆ្នាំ និង​ពីរ​ឆ្នាំ ។

គ្រួសារ វ៉េលស៍

អែលឌើរ វែលស៍ បាន​មាន​ប្រសាសន៍​ពី​ទុក្ខសោក​របស់​គាត់​ថា ៖

« ការឈឺចាប់​មាន​នៅក្នុង​ខ្លួន​ខ្ញុំ មិន​អាច​ថ្លែង​ជា​ពាក្យសម្តី​បាន​ឡើយ ការឈឺចាប់​នោះ​បាន​គ្រប​ដណ្ដប់​លើ​សតិអារម្មណ៍​របស់​ខ្ញុំ និង​ស្មារតី​របស់​ខ្ញុំ ។ ទឹក​ភ្នែក​នៃ​ទុក្ខ​ព្រួយ​មិន​ឈប់​ហូរ​ឡើយ ។ រឿង​ដែល​កាន់តែ​អាក្រក់​នោះ​គឺ នៅពេល​ដែល​ចិត្ត​របស់​ខ្ញុំ​កំពុង​ព្យាយាម​ទទួល​យក​នូវ​មរណភាព​របស់​ភរិយា​ខ្ញុំ ខ្ញុំ​ប្រទះឃើញ​ថា ខ្លួន​ឯង​ផ្ទាល់​មាន​កំហុស​ធំ​ណាស់​ចំពោះ​ការធ្លាក់​យន្តហោះ​នេះ » ។

រ៉ូប៊ឺត​បាន​ស្តីបន្ទោស​ឲ្យ​ខ្លួន​ឯង​ចំពោះ​ការពិនិត្យមើល​មិនបាន​ដិតដល់ និង​ចំពោះ​ការណែនាំ​ក្នុង​ការហោះហើរ​ដល់​ភរិយា​របស់​គាត់​មិន​បាន​គ្រប់​ជ្រុងជ្រោយ ។ គាត់​មាន​អារម្មណ៍​ថា គាត់​មាន​កំហុស​ចំពោះ​ការធ្វេស​ប្រហែស​នោះ ។

រ៉ូប៊ឺត​បាន​និយាយ ៖

« គំនិត​របស់​ខ្ញុំ​បាន​ច្របូកច្របល់​អស់​ហើយ ។ ខ្ញុំ​រស់នៅ​កំដរ​តែ​ជីវិត​ប៉ុណ្ណោះ—[ សម្រាប់​ជា​ប្រយោជន៍​ដល់​កូនៗ ] គ្មាន​អ្វី​ក្រៅ​ពី​នោះ​ទេ ។

« ខ្ញុំ … បានបាត់បង់​បំណង​ប្រាថ្នា​ដើម្បី​បន្ត​ទៅ​មុខ » ។

នៅពេល​នោះ រ៉ូប៊ឺត​មាន​ពរ​ណាស់​ដែល​ទទួល​បាន​នូវ​បទពិសោធន៍​ខាងវិញ្ញាណ​ដ៏​ជ្រាលជ្រៅ​មួយ ។ លោក​បាន​តំណាល ៖

« នៅ​ល្ងាច​មួយ ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក ពេល​ខ្ញុំ​លុត​ជង្គង់​អធិស្ឋាន អព្ភូតហេតុ​មួយ​បាន​កើត​ឡើង ។ ពេល​អធិស្ឋាន និង​ទូល​អង្វរ​ដល់​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា ដូចជា​ព្រះអង្គ​សង្គ្រោះ​បានយាង​មក​គង់​នៅ​ក្បែរ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​ដ៏​ច្បាស់​មួយ​និយាយ​ពាក្យ​ទាំងនេះ​មក​កាន់​ព្រលឹង និង​ត្រចៀក​ខ្ញុំ​ថា ‹ រ៉ូប៊ឺត ពលិកម្ម​ដ៏​ធួន​របស់​យើង​បាន​បង់ថ្លៃ​សម្រាប់​អំពើបាប និង​កំហុស​របស់​ឯង​ហើយ ។ ភរិយា​របស់​ឯង​បាន​អត់ទោស​ឲ្យ​ឯង​ហើយ ។ មិត្តភក្តិ​របស់​ឯង​បាន​អត់ទោស​ឲ្យ​ឯង​ហើយ ។ យើង​នឹង​សម្រាល​បន្ទុក​របស់​ឯង ។ … ›

« ចាប់​ពី​ពេល​នោះ​មក បន្ទុក​នៃ​កំហុស [ និង​ភាព​អស់​សង្ឃឹម ] ត្រូវ​បាន​ដក​ចេញ​ពី​ខ្ញុំ​យ៉ាង​អស្ចារ្យ ។ ខ្ញុំ​បានទទួល​ការសង្រ្គោះ ! ខ្ញុំ​បាន​យល់​ភ្លាម​អំពី​ព្រះចេស្ដា​ដែល​ហ៊ុមព័ទ្ធ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ហើយ … ដែល​វា​អនុវត្ត​ចំពោះ​ខ្ញុំ​ដោយ​ផ្ទាល់ ។ … ខ្ញុំ … បានដកពិសោធ​នូវ​ពន្លឺ និង​អំណរ​ដែល​ខ្ញុំ​មិន​ធ្លាប់​មាន​ពី​មុន ។ … ខ្ញុំ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​អំណោយ​ទាន​ដែល​មិន​អាច​រក​បាន—អំណោយ​ទាន​នៃ​ព្រះគុណ​របស់​ព្រះអម្ចាស់ ។ … ខ្ញុំ​មិន​សម​នឹង​ទទួល​បាន​វា​ទេ—ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ដើម្បី​ជា​ប្រយោជន៍​ទេ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ ទ្រង់​បាន​ប្រទាន​វា​មក​ខ្ញុំ » ។

បងប្អូន​ប្រុសស្រី យើង​ម្នាក់ៗ​អាច « ត្រូវបាន​ញែកចេញ​ជា​បរិសុទ្ធ​នៅក្នុង​ព្រះគ្រីស្ទ ដោយសារ​ព្រះគុណ​នៃ​ព្រះ ដោយ​ការច្រួច​ព្រះលោហិត​នៃ​ព្រះគ្រីស្ទ … [ ប្រែក្លាយ​ជា ] បរិសុទ្ធ​ដោយ​គ្មាន​ប្រឡាក់​អ្វី​សោះ​ឡើយ » ។

ខ្ញុំ​សូម​ថ្លែង​ពី​សេចក្តីស្រឡាញ់ សេចក្តីមេត្តា​ករុណា និង​ព្រះគុណ​របស់​ព្រះអង្គសង្រ្គោះ និង​ជា​ព្រះប្រោសលោះ ។ ទ្រង់​មាន​ព្រះជន្ម​រស់ ។ យើង​គឺ​ជា​បុត្រាបុត្រី​របស់​ទ្រង់ យើង​គឺជា​​បុត្រាបុត្រី​នៃ​សេចក្ដី​សញ្ញា ។ នៅពេល​យើង​ជឿ​លើ​ទ្រង់ ធ្វើ​តាម​ទ្រង់ ហើយ​ទុកចិត្ត​លើ​ទ្រង់ នោះ​ទ្រង់​នឹង​លើក​យើង​ចេញពី​ទុក្ខព្រួយ និង​អំពើបាប​របស់​យើង ។ បន្ទាប់មក លើស​ពី​ជីវិត​រមែង​ស្លាប់​នេះ នៅក្នុង​ដំណាក់​របស់​ព្រះវរបិតា​របស់​យើង យើង​នឹង​រស់នៅ​ជាមួយ​ទ្រង់​ជា​រៀងរហូត និង​ជា​រៀងរហូត ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. « ដោយសារ​សេចក្តី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្តី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះជន្ម​ទ្រង់​ជំនួស​យើង » ( យ៉ូហាន ទី១ ៣:១៦ ) ។

    « ហើយ​ទ្រង់​នឹង​យក​ដាក់​លើរូបអង្គ​ទ្រង់​នូវ​សេចក្តីស្លាប់ ដើម្បី​ទ្រង់អាច​ស្រាយចំណង​ទាំងឡាយ​នៃ​សេចក្តីស្លាប់ ដែល​ចងរាស្រ្ត​ទ្រង់ ហើយ​ទ្រង់​នឹងដាក់​លើរូបអង្គ​ទ្រង់​នូវ​ជំងឺ​ឈឺចាប់​របស់​ពួកគេ ដើម្បីឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅដោយ​សេចក្តី​មេត្តាករុណា ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់អាច​ដឹង​ស្របតាម​សាច់ឈាម​ថាតើ​ត្រូវ​ជួយ​រាស្ត្រទ្រង់​បែបណា​តាម​ជំងឺ​​របស់គេ » ( អាលម៉ា ៧:១២ ) ។

  2. « មើល​ចុះ អ្នក​ណា​ដែល​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​ខ្លួន អ្នក​នោះឈ្មោះ​ថា​បាន​អត់​ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះអម្ចាស់​មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៨:៤២; សូមមើល​ផងដែរ ម៉ូសាយ ២៦:៣០ ) ។

  3. ម៉ាថាយ ១១:២៨ ។

  4. ការរីកចម្រើន​នៃ​សេចក្តីជំនឿ​របស់​បងប្អូន​នឹង​ធ្វើ​ឲ្យ​ការអធិស្ឋាន​ដ៏​ស្មោះ​របស់​បងប្អូន ការសិក្សា​ព្រះគម្ពីរ​របស់​បងប្អូន​កាន់​តែ​មាន​ន័យ និង​បំណងប្រាថ្នា​របស់​បងប្អូន​កាន់តែ​ច្បាស់លាស់​ក្នុង​ការរក្សា​បទបញ្ញត្តិ​របស់​ព្រះ ។

  5. អេណុស ១:៧ ។

  6. អេណុស ១:៨ ។

  7. មរ៉ូណៃ ១០:៣២ ។

  8. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:៤៣ ។

  9. សូម​មើល ម៉ូសាយ ២៦:២៩ ។

  10. « មែន​ហើយ យើង​ប្រាប់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ដឹង​ថា គ្មាន​នរណា​ឡើយ​ក្រៅ​ពី​ព្រះ​ដែល​ជ្រាប​នូវ​គំនិត​របស់​អ្នក និង​បំណង​ដែល​នៅ​ក្នុង​ចិត្ត​របស់​អ្នកនោះ​ទេ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:១៦ ) ។

  11. សូមមើល នីហ្វៃ​ទី​៣ ៩:២០; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:៨

  12. សូមមើល កូរិនថូស ទី២ ៧:៨–១១ ។

  13. ម៉ូសាយ ២៧:៣៥ ។

  14. អ៊ីមែល​ផ្ទាល់ខ្លួន​បាន​ទទួល​នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ២០២៥ ។

  15. ម៉ូសាយ ២១:១៤–១៥ ។

  16. ម៉ូសាយ ២១:១៥–១៦ ។

  17. អាលម៉ា ៤២:២៩ ។

  18. អាលម៉ា ២៤:១០ ។

  19. សូមមើល អេសាយ ៦១:៣ ។

  20. សូមមើល យ៉ាកុប ៣:១–២ ។

  21. យ៉ូហាន ១៦:២០, ២២ ។

  22. ដាល្លិន អេក អូក « Strengthened by the Atonement of Jesus Christ » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ៦៤ ។

  23. សូមមើល នែល អិល អាន់ឌើរសិន The Divine Gift of Forgiveness ( ឆ្នាំ២០១៩ ) ទំព័រ ២៦០–២៦១ ។

  24. មរ៉ូណៃ ១០:៣៣ ។