សន្និសីទទូទៅ
ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៥


10:28

ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ

ខ្ញុំ​សូម​លើក​ឡើង​ជាពិសេស​ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនោះ ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ទទួល​ការចាត់តាំង​ផ្នែកសេវាកម្ម ។ ពួកគេ​ជា​គំរូ​ដល់​យើង ។

ខណៈ​ព្រះអង្គ​សង្គ្រោះ​កំពុង​ធ្វើ​ដំណើរ​កាត់​បេតសៃដា មនុស្ស​ខ្លះ​បាន​នាំ​មនុស្ស​ខ្វាក់​ម្នាក់​មក​កាន់​ទ្រង់ ។ ប្រហែល​ជា​ពួកគេ​សង្ឃឹម​ថា​នឹង​បានឃើញ​អព្ភូតហេតុ​ដោយ​ផ្ទាល់ ។ ព្រះអង្គសង្រ្គោះ « ក៏​ចាប់​ដៃ​មនុស្ស​ខ្វាក់​នោះ​នាំ​ចេញ​ទៅ​ក្រៅ​ភូមិ » ដើម្បី​ព្យាបាល​គាត់ ។ ដំបូង​ឡើយ ការព្យាបាល​ហាក់​ដូចជា​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ ។ បុរស​នោះ « ក៏​ងើប​ភ្នែក​ឡើង​ទូល​ឆ្លើយ​ថា ខ្ញុំ​ឃើញ​មនុស្ស​ដើរ មើល​ទៅ​ដូច​ជា​ដើម​ឈើ » ។ ដោយ​សេចក្ដី​អាណិត​អាសូរ ព្រះយេស៊ូវ « ដាក់​ព្រះហស្ត​លើ​ភ្នែក​របស់​គាត់​ម្តង​ទៀត ហើយ​ប្រាប់​ឲ្យ​ងើប​ឡើង​មើល » ។ ដោយ​ការប៉ះ​ព្រះហស្ដ​របស់​ព្រះអង្គ​សង្គ្រោះ​បន្ថែម​ទៀត បុរស​ខ្វាក់​រូប​នោះ​ឥឡូវ​នេះ « ឃើញ​ច្បាស់​ទាំង​អស់ » ។

នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​នៃ​របៀប​ដែល​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​កំណត់​លក្ខណៈ​ដោយ​ទង្វើ​នៃ​ការបម្រើ​ដ៏​រាបសា ។ ទ្រង់​បានរំឭក​យើង​ថា ទ្រង់​« មក មិន​មែន​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​នឹង​បម្រើ​គេ​វិញ » ហើយ​បន្ទាប់មក​ទ្រង់​អញ្ជើញ​យើង​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ទ្រង់​ដោយ​ឲ្យ​ទៅ​អស់​មួយ​យោជន៍ផ្ដល់​ឲ្យ​ដល់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​សុំ​ពី​យើង ហើយ​ស្រឡាញ់​អ្នក​ជិតខាង​របស់​យើង ។ នៅពេល​សួរ​ថា « តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ ? » ព្រះគ្រីស្ទ​បានចែកចាយ​ពាក្យ​ប្រៀប​ប្រដូច​ពី​សាសន៍​សាម៉ារី​ចិត្ត​ល្អ ជាមួយនឹង​ទំនួល​ខុសត្រូវ​ឲ្យ « ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ » ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៃ​សាសនាចក្រ​​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺជា​គំរូ​ពី​សាសន៍​សាម៉ារី​ចិត្ត​ល្អ​នៅ​សម័យ​ទំនើប ដែល​ព្រះ​គ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ធ្វើ ។ ខ្ញុំ​សូម​លើក​ឡើង​ជាពិសេស​ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនោះ ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ទទួល​ការចាត់តាំង​ផ្នែកសេវាកម្ម ។ ​ពួកគេ​គឺជា​គំរូ​ដល់​យើង​អំពី​របៀប​ដែល​ការបម្រើ (១) បើក​ដួងចិត្ត​ឲ្យ​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ (២) អនុញ្ញាត​ឲ្យ​យើង​ទាំងអស់​គ្នា​បម្រើ​ដោយ​មិន​គិត​ពី​កាលៈទេសៈ​របស់​យើង ហើយ (៣) នាំ​យក​ព្រះចេស្ដា​នៃ​ព្រះគ្រីស្ទ​ចូល​មក​ក្នុង​ជីវិត​របស់​យើង ។

ទីមួយ ការបម្រើ​បើក​ដួងចិត្ត​របស់​យើង​ឲ្យ​ទទួល​យក​ដំណឹងល្អ

នៅ​ប្រមាណ​ឆ្នាំ៩១ មុន​គ.ស. អាំម៉ូន អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​ព្រះគម្ពីរ​មរមន បានណែនាំ​ខ្លួន​របស់​លោក​ទៅ​កាន់​ស្តេច​ឡាម៉ូណៃ ដោយ​និយាយ​ថា « ទូលបង្គំ​ចង់​អាស្រ័យ​នៅ​ក្នុង​ចំណោម​ប្រជាជន​នេះ​មួយ​រយៈ​ពេល​ដែរ … [ ហើយ ] ទូលបង្គំ​នឹង​ធ្វើ​ជា​អ្នក​បម្រើ​របស់​ទ្រង់​វិញ » ។ ដោយសារតែ​ការបម្រើ​របស់​លោក​ទៅកាន់​ស្តេច អាំម៉ូន​ត្រូវ​បាន​ប្រទាន​ឱកាស​ឲ្យ​ដើម្បី « និយាយ​ដោយ​ក្លាហាន​ហើយ​ប្រាប់​[ ស្តេច​ឡាម៉ូណៃ ] … តើ​ដោយ​អំណាច​អ្វី » ដែល​លោក​បាន​ធ្វើ​ក្នុងការ​បម្រើ​របស់​លោក ។ ជា​ថ្នូរ​ទៅ​វិញ ស្តេច​បានសន្យា​ថា « អ្វី​ក៏​ដោយ​ដែល​[ អាំម៉ូន ]​ចង់​បាន … [ ស្តេច ]​នឹង​ឲ្យ​លោក​ដែរ » ។ ការស្នើសុំ​តែ​មួយ​គត់​របស់​អាំម៉ូន​គឺ ទូលសុំ​ឲ្យ​ស្តេច​ស្ដាប់​សារលិខិត​នៃ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។ ការបម្រើ​របស់​អាំម៉ូន​បានផ្ដល់​ជា​លទ្ធផល​ក្នុង​ការនាំ « មនុស្ស​រាប់​ពាន់​នាក់​[ ទៅកាន់ ]​ការប្រែចិត្ត » ។

នៅ​សម័យ​របស់​យើង ការបម្រើ​បន្ត​ដឹកនាំ​អ្នក​ដទៃ​ទៅកាន់​ដំណឹងល្អ ។ ស៊ីស្ទើរ ប៊ីវ៉ាន បាន​កំពុង​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​ការបង្រៀន នៅពេល​គាត់​បាន​ចាប់ផ្ដើម​មាន​បញ្ហា​សុខភាព ដែល​តម្រូវ​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ព្យាបាល ។ ជំនួស​ឲ្យ​ការដោះលែង គាត់​អាច​បន្ត​បម្រើ​ពី​ផ្ទះ​មក ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ។

ខណៈ​ពេល​ទៅ​លេង​នៅ​សួន​មួយ ស៊ីស្ទើរ ប៊ីវ៉ាន និង​មិត្តភក្តិ​បាន​ទទួល​ការបំផុសគំនិត​ឲ្យ​និយាយ​ជាមួយ​អ្នកម្តាយ​ម្នាក់​ដែល​មាន​កូន​តូចៗ​បួន​នាក់ ។ នៅ​ថ្ងៃ​ស្អែក​ឡើង ពួកគេ​បានត្រឡប់​មក​សួន​នោះ​វិញ ដោយ​អធិស្ឋាន​សុំ​ឲ្យ​គ្រួសារ​នោះ​ទៅ​ទីនោះ​ដែរ ។ ដោយ​ជា​អព្ភូតហេតុ ម្តាយ​រូប​នោះ​បាន​អង្គុយ​នៅ​កន្លែង​ដដែល ដូច​ពី​ម្សិលមិញ​ដែរ ។ លើក​នេះ​ស៊ីស្ទើរ ប៊ីវ៉ាន និង​មិត្តភក្តិ​របស់​គាត់​បាន​ទៅ​និយាយ​ជាមួយ​ម្តាយ​រូប​នោះ សួរ​នាំ​ម្តាយ​រូប​នោះ ហើយ​បាន​ដឹង​ថា​គាត់​ត្រូវការ​ជំនួយ​ខាង​សាច់ឈាម​ជា​ខ្លាំង ។ ពួកគេ​បានផ្ដល់​ជំនួយ ហើយ​បន្ទាប់មក​បានអញ្ជើញ​គាត់​ឲ្យ​រៀន​អំពី​ដំណឹងល្អ ។

ដោយសារ​តែ​ការបម្រើ និង​ការអញ្ជើញ​នោះ ម្តាយ​រូប​នោះ និង​កូន​ច្បង​របស់​គាត់​បាន​ទទួល​បុណ្យជ្រមុជទឹក កូន​ច្បង​បន្ទាប់​ក៏​បាន​ទទួល​បុណ្យជ្រមុជទឹក​មួយ​ឆ្នាំ​ក្រោយ​មក​ផងដែរ ។ ពួកគាត់​បន្ត​នៅ​សកម្ម​នៅក្នុង​សាសនាចក្រ​នៅ​សព្វ​ថ្ងៃ​នេះ ។ ស៊ីស្ទើរ ប៊ីវ៉ាន បាន​ដឹង​ថា​បទពិសោធន៍​នេះ​គឺ​ត្រូវ​បាន​បំផុសគំនិត​ប្រកប​ដោយ​ទេវភាព ហើយ​វា « ផ្ដល់​ដល់​[ គាត់ ]​ថា [ គាត់ ]នៅ​ចំ​កន្លែង​ដែល​ព្រះ​ត្រូវការ​[ គាត់ ]​ឲ្យ​នៅ » ។

ដូចជា​អាំម៉ូន និង​ស៊ីស្ទើរ ប៊ីវ៉ាន ផងដែរ នៅពេល​យើង​បម្រើ​អ្នក​ដទៃ នោះ​យើង « បង្ហាញ​នូវ​គំរូ​ល្អ​ទាំង​ឡាយ​ដល់​ពួក​គេ » ហើយ​ពួកគេ​ចង់​ដឹង​ពី « ហេតុ​នៃ​សេចក្តី​សង្ឃឹម​[ របស់​យើង ] » ។

ព្រះយេស៊ូវ​អញ្ជើញ​យើង​ឲ្យ « ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ » ។

ទីពីរ ការបម្រើ​អនុញ្ញាត​ឲ្យ​យើង​ផ្ដល់​ការងារបម្រើ ទោះជា​កាលៈទេសៈ​របស់​យើង​បែប​ណា​ក៏​ដោយ

ប្រធាន រ័សុល អិម ណិលសុន បាន​អំពាវនាវ​ឲ្យ « យុវជនគ្រប់រូប ដែល​មានភាព​ស័ក្ដិសម ជា​យុវជន​ដែល​មាន​សមត្ថភាព ឲ្យ​រៀបចំខ្លួន​ដើម្បី​បម្រើ​បេសកកម្ម » ហើយ​ឲ្យ​យុវនារី​គ្រប់​រូប​ដែល​មាន​សមត្ថភាព « អធិស្ឋាន​ដើម្បី​ដឹងថា តើព្រះអម្ចាស់​ឲ្យ​[ នាង ]​បម្រើ​បេសកកម្ម​ដែរ​ឬ​ទេ » ។ លោក​បានសន្យា​ថា « ការសម្រេច​ចិត្ត​របស់​អ្នក​ក្នុង​ការបម្រើ​បេសកកម្ម មិន​ថា​ជា​អ្នកផ្សព្វផ្សាយ​ដំណឹងល្អ ឬ​បេសកកម្ម​ផ្នែក​សេវាកម្ម​នោះ​ទេ នឹង​ប្រទាន​ពរ​ដល់​អ្នក និង​មនុស្ស​ជាច្រើន​ទៀត » ។ បេសកកម្ម​ផ្នែក​សេវាកម្ម​បាន​ផ្លាស់ប្តូរ​និយមន័យ​នៃ​ពាក្យ​ថា ​មាន​សមត្ថភាព ។ ឥឡូវ​នេះ យុវជន និង​យុវនារី​គ្រប់រូប​ដែល​មាន​ភាពស័ក្តិសម ដែល​មាន​បំណង​ចង់​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​សម្រាប់​ព្រះអម្ចាស់ អាច​ធ្វើ​ដូច្នេះ​បាន ដោយ​មាន​នូវ​ការ​លើក​លែង​តិចតួច​បំផុត ។

អែលឌើរ ហូលហ្គាដូ គឺជា​គំរូ​មួយ​នៃ​ការមាន​សមត្ថភាព​បម្រើ​បាន មិន​ថា​កាលៈទេសៈ​ផ្ទាល់​ខ្លួន​បែប​ណា​នោះ​ទេ ។ គាត់​បាន​កើត​មក​ដោយ​មាន​ជម្ងឺហ្សែន​ដ៏​កម្រ​មួយ ដែល​រារាំង​គាត់​ពី​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​ការបង្រៀន ។ អែលឌើរ ហូលហ្គាដូ ត្រូវ​បានហៅ​ឲ្យ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​នៅក្នុង​ឃ្លាំង​របស់​ប៊ីស្សព ដែល​គាត់​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​បាន​ជំនួយ​ដែល​ពួកគេ​ត្រូវការ ។ គាត់​រៀប​អីវ៉ាន់​ដាក់​លើ​ធ្នើរ ដាក់​បន្លែ​ចូល​ក្នុង​ថង់ និង​បត់​ឡាំង​ក្រដាស ។

នៅពេល​អែលឌើរ ហូលហ្គាដូ បាន​ឡើង​និយាយ​នៅ​ម៉ោង​សាក្រាម៉ង់​បន្ទាប់​ពី​បេសកកម្ម​របស់​គាត់ គាត់​បាន​ចែកចាយ​ថា « ព្រះ​ត្រូវការ​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ។ ទ្រង់​ត្រូវការ​បុគ្គល​ដែល​ស្រឡាញ់ និង​បម្រើ​អ្នកដទៃ ។ បុគ្គល​ទាំងនេះ​ដាក់​ក្រដាស​នៅ​បង្គន់ ដាក់​ផ្កា​ខាត់ណា​ពណ៌បៃតង​ចូល​ក្នុង​ថង់ ធ្វើ​គ្រឿង​សង្ហារិម និង​មាន​ចិត្ត​ល្អ​ចំពោះ​មនុស្ស​ទូទៅ » ។

បងប្អូន​មិន​ចាំបាច់​ត្រូវការ​ការចាត់តាំង​ឲ្យ​ធ្វើ​ការបម្រើ ឬ​ពាក់​ស្លាក​ឈ្មោះ​ដើម្បី​ធ្វើ​ល្អ​នោះ​ទេ ។ រាល់​ទង្វើ​នៃ​ការបម្រើ​ត្រូវបាន​ទទួល​ស្គាល់​ដោយ​ព្រះអង្គ​សង្រ្គោះ ។ យើង​ទាំងអស់​គ្នា​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ​បាន ដោយ​ការបម្រើ​ដែល​ពេញ​ដោយ​សេចក្តី​សប្បុរស និង​ក្តីស្រឡាញ់ ។ យើង​ទាំងអស់​គ្នា​អាច​ផ្ដល់​ការងារបម្រើ​នៅក្នុង​ព្រះនាម​របស់​ព្រះគ្រីស្ទ​ទៅដល់​មនុស្ស​ម្នាក់​បាន តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​រស់នៅ​ជា​គំរូ​នៃ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការបម្រើ​អនុញ្ញាត​ឲ្យ​យើង​បង្ហាញ​ថា​ខ្លួន​យើង​ជា​អ្នក​លះបង់​ដែល​នៅ​មាន​ជីវិត​រស់ ជា​អ្នក​ដែល​ព្រះ​ទទួល​យក ។

ព្រះយេស៊ូវ​អញ្ជើញ​យើង​ឲ្យ « ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ » ។

ទីបី ការបម្រើ​នាំ​មក​នូវ​ព្រះចេស្ដា​របស់​ព្រះគ្រីស្ទ​មក​ក្នុង​ជីវិត​របស់​យើង

អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ម្នាក់​ដែល​បានផ្ទេរ​ពី​ការចាត់តាំង​ផ្នែក​ការបង្រៀន ទៅ​បេសកកម្ម​ផ្នែក​សេវាកម្ម បានពុះពារ​ជាមួយនឹង​បញ្ហា​ផ្ទាល់​ខ្លួន​មួយ​ចំនួន ដែល​នាំ​ឲ្យ​គាត់​ត្រូវការ​អំណាច​ព្យាបាល​របស់​ព្រះគ្រីស្ទ ។ ការបម្រើ​ដែល​ប្រកប​ដោយ​ការឧទ្ទិស​បាននាំ​មក​នូវ​អំណាច​នោះ​ចូល​មក​ក្នុង​ជីវិត​របស់​គាត់ ។ គាត់​បាន​និយាយថា « ខ្ញុំ​មាន​អារម្មណ៍​ថា នៅពេល​ខ្ញុំ​កំពុង​ជួប​ការលំបាក ខ្ញុំ​អាច​មាន​អារម្មណ៍​ថា​ព្រះគ្រីស្ទ​កំពុង​លើក​ខ្ញុំ​ឡើង ។ ការមើល​ឃើញ​ទ្រង់​ប្រទាន​ពរ​ដល់​មនុស្ស មិនថា​នៅ​កន្លែង​ស្ដុក​អាហារ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​តាមរយៈ​ដំណឹងល្អ​របស់​ទ្រង់ គឺជា​អ្វី​មួយ​ពិសេស​ណាស់ » ។

អែលឌើរ​រូប​នេះ​ចាប់ផ្តើម​មាន​អំណរ​កាន់តែ​ខ្លាំង​ឡើង ហើយ​ភាពរីករាយ​ដែល​បានរកឃើញ​ថ្មី​របស់គាត់​បាន​ផ្ដល់​ពរ​ដល់​គាត់ និង​ក្រុមគ្រួសារ​របស់​គាត់​ទាំងមូល ។ ព្រះវិញ្ញាណ​កាន់​តែ​មាន​ឡើង​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ ពួកគេ​បាន​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គ្នា​កាន់តែ​ទៀងទាត់​ឡើង ហើយ​នៅក្នុង​គ្រួសារ​របស់​ពួកគេ​ក៏​កាន់តែ​ផ្ដោតលើ​ព្រះគ្រីស្ទ​ផងដែរ ។ អ្នកផ្សព្វផ្សាយ​សាសនា​រូប​នេះ​ជឿ​ថា ព្រះគ្រីស្ទ​បានសង្គ្រោះ​ជីវិត​របស់​គាត់ ហើយ​បានប្រទានពរ​ដល់​គ្រួសារ​គាត់​តាមរយៈ​ការបម្រើ ។

ប្រធាន ណិលសុន បាន​បង្រៀន​ថា « ឆន្ទៈ​ក្នុង​ការបម្រើ និង​ពង្រឹង​អ្នក​ដទៃ​គឺជា​និមិត្តរូប​នៃ​ការត្រៀមខ្លួន​របស់​មនុស្ស​ម្នាក់​ដើម្បី​បាន​ជា​សះស្បើយ » ដោយ​អំណាច​ដ៏​ប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ ។

ព្រះយេស៊ូវ​អញ្ជើញ​យើង​ឲ្យ « ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ » ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម គឺជា​គំរូ​នៃ​ពួក​សិស្ស​ដែល​ប្រកប​ដោយ​ការឧទ្ទិស​របស់​ព្រះ​យេស៊ូវគ្រីស្ទ

នៅពេល​បងប្អូន ឬ​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​បងប្អូន​បាន​ទទួល​ពរ​ពី​ការហៅ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម នោះ​ហើយ​គឺជា​ពេល​វេលា​ដើម្បី​អបអរ ។ ឥឡូវ​នេះ គ្រួសារ​របស់​បងប្អូន​នឹង​មាន​អ្នក​តំណាង​ឲ្យ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ដែល​ត្រូវបាន​ញែកចេញ កំពុង​តែ​រស់នៅ​ក្នុង​ផ្ទះ​របស់​បងប្អូន ។ ការណ៍​នោះ​នឹង​ផ្លាស់ប្តូរ​បងប្អូន​ទាំងអស់​គ្នា​សម្រាប់​ការល្អ ។ មិន​គួរ​មាន​ការខកចិត្ត​ក្នុង​ការហៅ​ឲ្យ​បម្រើ​ណា​មួយ​នោះ​ទេ ។ យើង​ច្រៀង​ថា « ខ្ញុំ​នឹង​ទៅ​ដែល​ទ្រង់​ឲ្យ​ខ្ញុំ​ទៅ » និង « ខ្ញុំ​នឹង​ធ្វើ​ដែល​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ » ។ នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​បង្ហាញ​ថា​យើង​ពិត​ជា​ធ្វើ​អ្វី​ដែល​យើង​និយាយ​ពិតប្រាកដ​មែន !

ចំពោះ​បងប្អូន​ទាំងអស់​គ្នា​ដែល​បម្រើ ហើយ​ជា​ពិសេស​ចំពោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ជាង ៤,០០០​នាក់ យើង​ស្រឡាញ់​បងប្អូន ! ប្រសិនបើ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​មាន​ការចាត់តាំង​ផ្នែក​ការបង្រៀន​គឺជា​ព្រះឱស្ឋ​របស់​ព្រះអម្ចាស់ នោះ​បងប្អូន​គឺជា​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ហើយ​បងប្អូន​មិនមែន​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ជា​ជម្រើស​ទីពីរ​នោះ​ទេ ។ បងប្អូន​ម្នាក់ៗ​គឺ​សំខាន់​ចំពោះ​ការប្រមូល​សាសន៍​អ៊ីស្រាអែល ។ ប្រធាន ណិលសុន បង្រៀន​ថា « រាល់ពេល​ដែល​យើង​ធ្វើ​អ្វីមួយ​ដើម្បី​ជួយ​នរណាម្នាក់ … ដើម្បីចុះ និង​រក្សា​សេចក្តី​សញ្ញា​របស់​ពួកគេ​ជាមួយនឹង​ព្រះ នោះយើង​កំពុង​ជួយ​ប្រមូល​ពួកសាសន៍​អ៊ីស្រាអែល​ហើយ » ។

បងប្អូន​ដែល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម កំពុង​ប្រមូល​សាសន៍​អ៊ីស្រាអែល​តាម​របៀប​ជាច្រើន ហើយ​ការបម្រើ​របស់​បងប្អូន​បាន​ផ្លាស់ប្តូរ​ជីវិត​ជាច្រើន ។ ជាញឹកញាប់ បងប្អូន​មិនដឹង​ទេ​ថាតើ​នរណា​ជា​អ្នក​ទទួល​ផល​ពី​ការបម្រើ​របស់​បងប្អូន ប៉ុន្តែ​ព្រះ​ជ្រាបដឹង ។ សូម​ចងចាំ​ជា​និច្ច​ថា « ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ[ បម្រើ ]​ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន … បាន​ធ្វើ​[ ការបម្រើ​ដល់​ទ្រង់ ]​ដែរ » ។ យើង​ឮ​សំឡេង​របស់​បងប្អូន នៅពេល​បងប្អូន​ធ្វើការ​ស្ម័គ្រចិត្ត​នៅ​មជ្ឈមណ្ឌល​ហៅ​ទូរសព្ទ​របស់​សាសនាចក្រ ។ យើង​ឃើញ​ស្នាម​ញញឹម​របស់​បងប្អូន​នៅពេល​បងប្អូន​ជួយ​ការងារ​ក្នុង​សហគមន៍ ។ ហើយ​យើង​ឃើញ​ពន្លឺ​របស់​បងប្អូន ពេល​បងប្អូន​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ជុំវិញ​ពិភពលោក ។ បងប្អូន​ផ្ដល់​អាហារ​ដល់​អ្នក​អត់ឃ្លាន ស្លៀកពាក់​ឲ្យ​អ្នក​អាក្រាត និង​ផ្ដល់​ទឹក​ដល់​អ្នក​ដែល​ស្រេក ។

យើង​ត្រូវ​ការ​បងប្អូន​ទាំងអស់គ្នា​ឲ្យ​ទៅ​ចុះ ហើយ​ចូរ​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ ។

ការបម្រើ​គឺជា​សរសៃឈាម​នៃ​ជីវិត​ជា​សិស្ស​របស់​ព្រះគ្រីស្ទ

ការបម្រើ​មាន​អំណាច​ដើម្បី​បើក​ដួងចិត្ត​ទាំងឡាយ​ទៅកាន់​ដំណឹងល្អ ហើយ​អនុញ្ញាត​ឲ្យ​យើង​ទាំងអស់​គ្នា​ថ្វាយ​ព្រលឹង​ទាំងមូល​របស់​យើង​ដល់​ព្រះគ្រីស្ទ ។ វា​ផ្លាស់ប្តូរ​ដួងចិត្ត​របស់​យើង​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់ ហើយ​នៅក្នុង​ដំណើរការ​នេះ យើង​លើក​អ្នក​ដទៃ​ឡើង​ដូចគ្នា ។ ប្រធាន ណិលសុន នៅ​គ្រា​មួយ​បាន​សួរ​ថា « នៅ​ក្នុង​ពិភពលោក​ដែល​ត្រូវ​វាយ​ដោយ​ការ​ពុកផុយ​ខាងវិញ្ញាណ​នេះ តើ​បុគ្គល​ម្នាក់ … អាច​ធ្វើ​ឲ្យ​មាន​ការ​ខុសប្លែក​ឬ​ទេ ? » ចម្លើយ​របស់​លោក ៖ « ពិត​ជា​អាច !… ‹ រាស្រ្ត​នៃ​សេចក្តីសញ្ញា​របស់​ព្រះអម្ចាស់ … បំពាក់ … ដោយ​ព្រះចេស្ដា​របស់​ព្រះ​នៅក្នុង​សិរីរុងរឿង​ដ៏​មហិមា › … អាច​លើក​ស្ទួយ​ដល់​ជីវិត​របស់​មនុស្ស​លោក​ទាំងអស់ » ។ តាម​រយៈ​ការបម្រើ យើង​ផ្លាស់ប្តូរ​ដួងចិត្ត​ជាច្រើន—និង​ពិភពលោក ។

ព្រះគ្រីស្ទ « បាន​យាង​ចុះ​ឡើង​ធ្វើ​ការល្អ » ។ ទ្រង់បានព្យាបាលអ្នកឈឺ បានធ្វើឲ្យមនុស្សខ្វាក់មើលឃើញ ហើយ​ទៅ​សួរ​សុខទុក្ខ​អ្នក​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ ។ ទ្រង់​ចម្អិន​អាហារ ជួយ​នៅ​ពិធី​មង្គលការ ហើយ​ប្រទាន​អាហារ​ដល់​មនុស្ស​រាប់ពាន់​នាក់​ដែល​ស្រេកឃ្លាន ។ នៅពេល​យើង​ផ្តល់​ការបម្រើ​ដល់​មនុស្ស​ម្នាក់​នៅក្នុង​ព្រះនាម​របស់​ព្រះគ្រីស្ទ នោះ​យើង​កាន់តែ​បរិសុទ្ធ និង​មាន​ភាពស័ក្ដិសម​ដើម្បី​ទទួល​អំណោយទាន​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះ​ជន្ម​រស់ ។ ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះ​របស់​បងប្អូន និង​ខ្ញុំ ។ ទ្រង់​គឺជា​ព្រះប្រោសលោះ​របស់​យើង ។ ទ្រង់​គឺជា​គំរូ​ដ៏​អស្ចារ្យ​នៃ​ការផ្ដល់​ការងារបម្រើ ។ ខ្ញុំ​សូម​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​ទៅ ហើយ​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល ម៉ាកុស ៨:២២–២៦ ។

  2. ម៉ាថាយ ២០:២៨ ។

  3. សូមមើល ម៉ាថាយ ៥:៤១ ។

  4. សូមមើល ម៉ាថាយ ៥:៤២ ។

  5. សូមមើល ម៉ាថាយ ២២:៣៩ ។

  6. សូមមើល លូកា ១០:២៩–៣៧ ។

  7. សម្រាប់​ព័ត៌មាន​អំពី​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម និង​របៀប​ដាក់​ពាក្យ​សុំ​ធ្វើ​ការបម្រើ សូម​ចូល​ទៅ​កាន់​គេហទំព័រ ChurchofJesusChrist.org/service-missionary ។

  8. អាលម៉ា ១៧:២៣, ២៥ ។

  9. សូមមើល អាលម៉ា ១៧:៣១–៣៩; ១៨:៩–១០, ២០ ។

  10. អាលម៉ា ១៨:២១ ។

  11. សូមមើល អាលម៉ា ១៨:២២ ។

  12. អាលម៉ា ២៦:២២ ។

  13. ស៊ីស្ទើរ ប៊ីវ៉ាន បានបម្រើ​បេសកកម្ម​ផ្នែក​ការបង្រៀន​នៅក្នុង​បេសកកម្ម ត្រាំប៉ា រដ្ឋផ្លរីដា និង​បេសកកម្ម​ផ្នែក​សេវាកម្ម​នៅក្នុង​បេសកកម្ម អូរឹម យូថាហ៍ ។

  14. ការសម្ភាសន៍​ផ្ទាល់ខ្លួន​ជាមួយ ជេនេ ប៊ីវ៉ាន បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ។ ដំណើររឿង និង​សម្រង់​សម្ដី​ដែល​ប្រើប្រាស់ ត្រូវបាន​ប្រើដោយ​មាន​ការអនុញ្ញាត ។

  15. អាលម៉ា ១៧:១១ ។

  16. ពេត្រុស ទី១ ៣:១៥ ។

  17. រ័សុល អិម ណិលសុន « ការផ្សាយ​ដំណឹងល្អ​នៃ​ភាពសុខសាន្ដ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៦–៧ ។

  18. ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ស៊ីស្ទើរ អេមី អេ រ៉ាយ ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ ដែល បាន​បង្រៀន​គោលការណ៍​នេះ​យ៉ាង​ក្បោះក្បាយ ។

  19. ជំងឺ Rubinstein-Taybi Syndrome ។

  20. ការសម្ភាសន៍​ផ្ទាល់ខ្លួន​ជាមួយ ស្កត និង ទ្រីស្សា ហូលហ្គាដូ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ។ ដំណើររឿង និង​សម្រង់​សម្ដី​ដែល​ប្រើប្រាស់ ត្រូវបាន​ប្រើដោយ​មាន​ការអនុញ្ញាត ។

  21. សេចក្តីថ្លែងការណ៍​ពី​គោលបំណង​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ៖ « ជួយ​អ្នកដទៃ​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ ដោយ​ការបម្រើ​ពេញ​ដោយ​សេចក្តីមេត្តាករុណា​ដូចជា​ព្រះអង្គសង្រ្គោះ​នឹង​ធ្វើ ។ ផ្ដល់​ការងារ​បម្រើ​នៅក្នុង​ព្រះនាម​របស់​ទ្រង់​ទៅដល់​មនុស្ស​ម្នាក់ តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​រស់នៅ​ជា​គំរូ​នៃ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត ការរក្សា​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » ( បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ—ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ១.០ នៅក្នុង​បណ្ណាល័យ​ដំណឹង​ល្អ ) ។

  22. សូម​មើល រ៉ូម ១២:១ ។

  23. ការសម្ភាសន៍​ផ្ទាល់ខ្លួន​ជាមួយ ជ័រដាន់ ហ្វ្រាយ ដែលបាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ។ ដំណើររឿង និង​សម្រង់​សម្ដី​ដែល​ប្រើប្រាស់ ត្រូវបាន​ប្រើដោយ​មាន​ការអនុញ្ញាត ។

  24. រ័សុល អិម ណិលសុន « Jesus Christ—the Master Healer » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០៥ ទំព័រ ៨៧ ។

  25. នៅ​ខែកក្កដា ឆ្នាំ២០២២ ស៊ីស្ទើរ អ៊ីវ៉ានសុន និង​ខ្ញុំ​កំពុង​បម្រើ​ជា​អ្នកដឹកនាំ​បេសកកម្ម​នៅ​បេសកកម្ម អូរឹម យូថាហ៍ ។ ជាមួយនឹង​បេសកកម្ម​ចំនួន​ប្រាំបួន​ផ្សេង​ទៀត​នៅក្នុង​ពិភពលោក យើង​ទទួល​បាន​អភ័យ​ឯកសិទ្ធិ​ក្នុង​ការចូលរួម​ក្នុង​គម្រោង​សាកល្បង​ដែល​រួមបញ្ចូល​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម​ទៅក្នុង​បេសកកម្ម​របស់​យើង ។ បន្ទាប់ពី​ការប្រជុំ​លើក​ដំបូង​របស់​យើង ខ្ញុំ​បានសរសេរ​នៅក្នុង​ទិនានុប្បវត្តិ​របស់​ខ្ញុំ​ថា « យប់​នេះ យើង​មាន​ការប្រជុំ​ដ៏​ពិសេស​មួយ ។ យើង​បាន​ជួប​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ថ្មី​ជាង​១៤០​នាក់ នៅក្នុង​បេសកកម្ម​របស់​យើង និង​ឪពុកម្តាយ​របស់​ពួកគេ ។ រោងថ្វាយ​បង្គំ និង​កន្លែង​ហាត់​ប្រាណ​ដាក់​ពេញ​ចំណុះ​អស់ ហើយ​យើង​បានរៀបចំ​ការប្រជុំ​ដ៏​ស្វាហាប់​ដែល​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ដើម្បី​ស្វាគមន៍​ពួក​អ្នកផ្សព្វផ្សាយ​សាសនា មក​កាន់​បេសកកម្ម អូរឹម យូថាហ៍ ។ ខ្ញុំ​បាន​ពោរពេញ​ដោយ​អារម្មណ៍​នៃ​ក្តីស្រឡាញ់ ដែល​យើង​មាន​សម្រាប់​ពួកគេ ។ គ្រប់គ្នា​មាន​ឆន្ទៈ​ដើម្បី​បម្រើ ។ វា​គឺជា​ទស្យនីយភាព​ដ៏​ស្រស់ស្អាត​មួយ ។ កាលៈទេសៈ​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនេះ បានផ្ដើមចេញ​ពី​អតីត​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​ការបង្រៀន ដែល​បានជា​សះស្បើយ​ពី​របួស​ទៅ​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​មិន​អាច​និយាយបាន ដែល​ប្រើប្រាស់​រទេះ​រុញ ។ បន្ទាប់ពី​ការប្រជុំ​នោះ ស៊ីស្ទើរ អ៊ីវ៉ានសុន បាន​និយាយ​មក​ខ្ញុំ​ថា « ឥឡូវ​បេសកកម្ម​របស់​យើង​មាន​អារម្មណ៍​ថា​ពេញលេញ​ហើយ » ។

  26. សូមមើល ដេវីឌ អេ បែដណា « Called to the Work » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៦៧–៧០ ។

  27. « ខ្ញុំ​នឹង​ទៅ​ដែល​ទ្រង់​ឲ្យ​ខ្ញុំ​ទៅ » ទំនុកតម្កើង ល.រ. ១៦៨ ។

  28. សូមមើល ម៉ាថាយ ២៣:១១ ។

  29. រ័សុល អិម ណិលសុន « Let God Prevail » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៩២–៩៣ ។

  30. ម៉ាថាយ ២៥:៤០ ។

  31. សូមមើល ម៉ាថាយ ២៥:៣៤–៣៦ ។

  32. សូមមើល អោមណៃ ១:២៦ ។

  33. រ័សុល អិម ណិលសុន « Personal Preparation for Temple Blessings » Liahona ខែឧសភា ឆ្នាំ២០០១ ទំព័រ ៣៩ ។

  34. កិច្ចការ ១០:៣៨ ។

  35. សូមមើល ម៉ាកុស ១:៣០–៣១ ។

  36. សូមមើល ម៉ាកុស ៨:២២–២៦ ។

  37. សូម​មើល លូកា ១៩:១–១០ ។

  38. សូមមើល យ៉ូហាន ២១:៩ ។

  39. សូមមើល យ៉ូហាន ២:១–១០ ។

  40. សូមមើល យ៉ូហាន ៦:៥–១៣ ។

  41. សូមមើល ម៉ាថាយ ២៥:៣៤; រ៉ូម ១២:១ ។