មានពរហើយអស់អ្នកដែលផ្សះផ្សាគេ
ការផ្សះផ្សានៅតែចាប់ផ្តើមចេញពីកន្លែងដ៏សាមញ្ញបំផុតមួយនោះគឺ—នៅក្នុងដួងចិត្តរបស់យើង ។ បន្ទាប់មកនៅក្នុងគេហដ្ឋាន និងក្រុមគ្រួសារ ។
សូមស្វាគមន៍មកកាន់សន្និសីទទូទៅ ។ នេះជាអំណរគុណណាស់ ដែលយើងបានមកជួបជុំគ្នា ។
កាលដែលយើងរំពឹងទុកពីដំណើរការនៃសន្និសីទទាំងនេះ យើងដឹងយ៉ាងច្បាស់អំពីព្រឹត្តិការណ៍ទាំងឡាយ ដែលកើតឡើងមុនពេលសប្តាហ៍នេះមកដល់ ។ យើងដឹងថាដួងចិត្តរបស់យើងកំពុងកាន់ទុក្ខចំពោះការបាត់បង់ ហើយបងប្អូនខ្លះទទួលអារម្មណ៍នៃភាពមិនច្បាស់លាស់ដែលបណ្ដាលមកពីអំពើហិង្សា ឬសោកនាដកម្មនៅទូទាំងពិភពលោក ។ សូម្បីតែមនុស្សដ៏ស្មោះត្រង់ដែលបានប្រមូលផ្ដុំគ្នានៅទីកន្លែងពិសិដ្ឋទាំងឡាយ—រួមទាំងការប្រជុំនៅរោងជំនុំដ៏បរិសុទ្ធនៅមីឈីហ្កេន—ក៏បានបាត់បង់ជីវិត ឬបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេដែរ ។ ខ្ញុំនិយាយដោយចេញពីចិត្ត ព្រោះខ្ញុំដឹងថាដួងចិត្តបងប្អូនជាច្រើនមានទុក្ខសោកដោយសារអ្វីដែលបងប្អូន ក្រុមគ្រួសាររបស់បងប្អូន និងពិភពលោករបស់យើងបានឆ្លងកាត់ចាប់តាំងពីសន្និសីទទូទៅលើកមុនមក ។
ទីក្រុងកាពើណិម នៅក្នុងស្រុកកាលីឡេ
សូមស្រមៃជាមួយខ្ញុំថា បងប្អូនគឺជាក្មេងជំទង់ម្នាក់ដែលរស់នៅក្នុងទីក្រុងកាពើណិម ក្បែរសមុទ្រកាលីឡេ ក្នុងអំឡុងពេលនៃការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ។ មានពាក្យលេចឮអំពីរ៉ាប៊ី ដែលប្រែថា—លោកគ្រូ—ជាមនុស្សម្នាក់ដែលការបង្រៀនរបស់គាត់បានទាក់ទាញមនុស្សជាច្រើន ។ អ្នកជិតខាងជាច្រើនមានគម្រោងនឹងធ្វើដំណើរទៅកាន់ភ្នំមួយ ដែលមើលឃើញសមុទ្រដើម្បីស្តាប់ការបង្រៀនរបស់ទ្រង់ ។
បងប្អូនចូលរួមដើរជាមួយអ្នកដទៃទៀតនៅលើផ្លូវដែលមានដីហុយ នៅក្នុងស្រុកកាលីឡេ ។ នៅពេលមកដល់ បងប្អូនឃើញហ្វូងមនុស្សកកកុញបានប្រមូលផ្តុំគ្នា ដើម្បីមកស្តាប់ការបង្រៀនរបស់ព្រះយេស៊ូវអង្គនេះ ។ អ្នកខ្លះនិយាយខ្សឹបៗស្ងាត់ៗថា « ព្រះមែស៊ី » ។
បងប្អូនផ្ទៀងត្រចៀកស្តាប់ ។ ព្រះបន្ទូលរបស់ទ្រង់ប៉ះពាល់ដួងចិត្តរបស់បងប្អូន ។ នៅតាមផ្លូវឆ្ងាយត្រឡប់មកផ្ទះវិញ បងប្អូនជ្រើសរើសយកភាពស្ងប់ស្ងាត់ ជាជាងការនិយាយស្តី ។
បងប្អូនជញ្ជឹងគិតពីរឿងដ៏អស្ចារ្យទាំងឡាយ—រឿងរ៉ាវដែលហួសពីសូម្បីតែក្រឹត្យវិន័យរបស់លោកម៉ូសេ ។ ទ្រង់បានមានបន្ទូលអំពីការបែរថ្ពាល់ម្ខាងទៀតឲ្យគេទះ និងការស្រឡាញ់ពួកខ្មាំងសត្រូវរបស់បងប្អូន ។. ទ្រង់បានសន្យាថា « មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅថាជាកូនរបស់ព្រះ » ។
នៅក្នុងភាពពិតជាក់ស្តែងរបស់បងប្អូន ពេលដែលបងប្អូនទទួលអារម្មណ៍នៃបន្ទុកនៃថ្ងៃលំបាកទាំងឡាយ—ភាពមិនប្រាកដប្រជា និងភាពភ័យខ្លាច—វាហាក់ធ្វើឲ្យបងប្អូនឃ្លាតឆ្ងាយពីភាពសុខសាន្ដ។
ល្បឿនធ្វើដំណើររបស់បងប្អូនកាន់តែលឿន បងប្អូនមកដល់ផ្ទះសឹងតែដកដង្ហើមមិនដល់គ្នា ។ គ្រួសាររបស់បងប្អូនប្រមូលផ្តុំគ្នា ឪពុករបស់បងប្អូនសួរ« ចូរប្រាប់យើងពីអ្វីដែលកូនបានឮ និងមានអារម្មណ៍ » ។
បងប្អូនចែកចាយថា ទ្រង់បានអញ្ជើញបងប្អូនឲ្យបញ្ចេញពន្លឺរបស់បងប្អូនឲ្យបានភ្លឺនៅមុខមនុស្សដទៃ ហើយឲ្យបងប្អូនស្វែងរកសេចក្តីសុចរិត សូម្បីតែនៅពេលមានការបៀតបៀនក្ដី ។ សំឡេងរបស់បងប្អូនញ័រ កាលបងប្អូនបន្លឺឡើងជាថ្មីម្តងទៀតថា « មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅថាជាកូនរបស់ព្រះ » ។
បងប្អូនសួរថា « តើខ្ញុំពិតជាអាចក្លាយជាអ្នកផ្សះផ្សាគេបានមែនឬ នៅពេលដែលពិភពលោកនេះកំពុងមានភាពចលាចល នៅពេលដែលដួងចិត្តរបស់ខ្ញុំពោរពេញទៅដោយការភ័យខ្លាច និងនៅពេលដែលភាពសុខសាន្តហាក់ដូចជានៅសែនឆ្ងាយដូច្នោះនោះ ? »
ឪពុករបស់បងប្អូនក្រឡេកមើលទៅម្តាយរបស់បងប្អូន ហើយឆ្លើយឡើងយ៉ាងស្រទន់ថា« ពិតជាបាន ។ យើងចាប់ផ្តើមពីកន្លែងដែលសាមញ្ញទៅ—នោះគឺនៅក្នុងដួងចិត្តរបស់យើង ។ បន្ទាប់មកនៅក្នុងផ្ទះ និងនៅក្នុងក្រុមគ្រួសាររបស់យើង ។ នៅពេលដែលយើងអនុវត្តចេញពីកន្លែងនោះទៅ ការផ្សះផ្សាអាចរីករាលដាលទៅដល់តាមផ្លូវ និងភូមិរបស់យើង » ។
ក្រឡេកមើលទៅមុខ២០០០ឆ្នាំទៀត
ក្រឡេកមើលទៅមុខ២០០០ឆ្នាំទៀត ។ មិនចាំបាច់ស្រមៃទេ—ព្រោះនេះគឺជាភាពពិតជាក់ស្ដែងរបស់យើង ។ ទោះបីជាសម្ពាធដែលពួកជំនាន់កំពុងពេញវ័យនាពេលបច្ចុប្បន្ននេះមានខុសគ្នាពីមនុស្សវ័យក្មេងនៅ ស្រុកកាលីឡេក៏ដោយ—ភាពផ្ទុយគ្នា ភាពគិតតែពីលោកិយ ការសងសឹក ការក្រោធនៅតាមដងផ្លូវ ការខឹងសម្បា និងការរិះគន់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមានកាន់តែច្រើនឡើង—ជំនាន់ទាំងពីរនេះប្រឈមមុខទៅនឹងវប្បធម៌នៃជម្លោះ និងភាពតានតឹងដូចគ្នា ។
ជាអំណរគុណ យុវជន និងយុវនារីរបស់យើងមានចំណាប់អារម្មណ៍ស្រដៀងគ្នាទៅលើការបង្រៀននៅក្នុងទេសនកថាលើភ្នំ ៖ថ្នាក់សិក្ខាសាលា សន្និសីទដើម្បីកម្លាំងនៃយុវជន និង ចូរមកតាមខ្ញុំ ។ នៅទីនេះពួកគេទទួលបានការអញ្ជើញដែលឋិតថេរដូចគ្នាពីព្រះអម្ចាស់ថា ៖ ចូរឲ្យពន្លឺរបស់ពួកគេភ្លឺនៅមុខមនុស្សដទៃ ឲ្យស្វែងរកភាពសុចរិត សូម្បីតែនៅពេលត្រូវបានគេបៀតបៀនក៏ដោយ និងឲ្យស្រឡាញ់ពួកខ្មាំងសត្រូវរបស់ពួកគេ ។
ពួកគេក៏ទទួលបានពាក្យលើកទឹកចិត្តពីព្យាការីដែលនៅរស់ក្នុងសម័យនៃការស្តារឡើងវិញនេះផងដែរថា ៖ « ត្រូវការអ្នកដែលផ្សះផ្សាគេ » ។ មិនយល់ស្របដោយមិនមានការខ្វែងគំនិតគ្នា ។ ជំនួសការឈ្លោះទាស់ទែង និងភាពឆ្មើងឆ្មៃជាមួយនឹងការអភ័យទោស និងសេចក្តីស្រឡាញ់ ។ ស្ថាបនាសម្ព័ន្ធភាពនៃកិច្ចសហប្រតិបត្តិការ និងការយល់ដឹង មិនមែនសាងសង់ជញ្ជាំងនៃការរើសអើង ឬការបែងចែកនោះទេ ។ ហើយនិងការសន្យាដូចគ្នា ដែលថា« មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ » ។
ដួងចិត្តរបស់ពួកជំនាន់កំពុងពេញវ័យនាពេលបច្ចុប្បន្ននេះ ត្រូវបានបំពេញទៅដោយទីបន្ទាល់របស់ព្រះយេស៊ូវគ្រីស្ទ និងក្តីសង្ឃឹមសម្រាប់អនាគត ។ ប៉ុន្តែពួកគេក៏សួរផងដែរថា « តើខ្ញុំពិតជាអាចក្លាយជាអ្នកផ្សះផ្សាគេបានមែនឬ នៅពេលដែលពិភពលោកនេះកំពុងមានភាពចលាចល ដួងចិត្តរបស់ខ្ញុំពោរពេញដោយការភ័យខ្លាច ហើយភាពសុខសាន្តហាក់ដូចជានៅសែនឆ្ងាយដូច្នោះនោះ ?”»
ការឆ្លើយតបយ៉ាងច្បាស់ជាថ្មីម្តងទៀតគឺ ពិតជាបាន ! យើងឱបក្រសោបព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះដែលថា ៖ « ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ។ … កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ » ។
សព្វថ្ងៃនេះ ការផ្សះផ្សានៅតែចាប់ផ្តើមចេញពីកន្លែងដ៏សាមញ្ញបំផុតមួយនោះគឺ—នៅក្នុងដួងចិត្តរបស់យើង ។ បន្ទាប់មកនៅក្នុងគេហដ្ឋាន និងក្រុមគ្រួសារ ។ នៅពេលដែលយើងអនុវត្តនៅទីនោះ នោះការផ្សះផ្សានឹងរីករាលដាលចូលទៅក្នុងស្រុកភូមិ និងសហគមន៍របស់យើង ។
ចូរយើងពិចារណាបន្ថែមទៀតអំពីកន្លែងទាំងបីនេះ ដែលពួកបរិសុទ្ធថ្ងៃចុងក្រោយសម័យថ្មីបង្កើតភាពសុខសាន្ត ។
ការផ្សះផ្សានៅក្នុងដួងចិត្តយើង
ទីមួយគឺនៅក្នុងដួងចិត្តរបស់យើង ។ ធាតុដែលយើងអាចមើលឃើញចេញពីការងារបម្រើរបស់ព្រះគ្រីស្ទ បង្ហាញពីរបៀបដែលកុមារទាំងឡាយត្រូវបានទាក់ទាញទៅរកទ្រង់ ។ នៅត្រង់នោះមានតម្រុយមួយ ។ ការពិនិត្យមើលដួងចិត្តផ្សះផ្សាដែលបរិសុទ្ធ និងទៀងត្រង់របស់កុមារ អាចជាការបំផុសគំនិតដល់ដួងចិត្តរបស់យើងបាន ។ នេះជារបៀបដែលកុមារអង្គការបឋមសិក្សាជាច្រើនបានឆ្លើយសំណួរ « តើការធ្វើជាអ្នកផ្សះផ្សាគេមានលក្ខណៈយ៉ាងដូម្តេច ? »
ខ្ញុំចែកចាយការឆ្លើយតបរបស់ពួកគេចេញពីដួងចិត្ដរបស់ពួកគេផ្ទាល់ ! លូកា បាននិយាយថា « តែងតែជួយអ្នកដទៃជានិច្ច » ។ ក្រេស បានចែកចាយពីរបៀបដែលវាមានសារៈសំខាន់ក្នុងអភ័យទោសឲ្យគ្នាទៅវិញទៅមក ទោះបីជាវាមិនមានអារម្មណ៍ថាយុត្តិធម៌ក៏ដោយ ។ អាណា បាននិយាយថា « ខ្ញុំបានឃើញនរណាម្នាក់ដែលមិនមានគ្នាលេងជាមួយ ដូច្នេះខ្ញុំបានទៅលេងជាមួយនាង » ។ លីនឌី បានគិតឃើញថា ការធ្វើជាអ្នកផ្សះផ្សាគេ គឺជាការជួយអ្នកដទៃ ។ « បន្ទាប់មកអ្នកបន្ដចែកចាយជំនួយនោះទៀត ។ វានឹងចេះតែបន្តទៅមុខរហូត » ។ លៀម បាននិយាយថា « កុំធ្វើអាក្រក់ដាក់មនុស្ស ទោះបីជាពួកគេធ្វើអាក្រក់ដាក់អ្នកក៏ដោយ » ។ ឡិនដុន បានស្រែកថា « ប្រសិនបើមាននរណាម្នាក់សើចចំអក ឬធ្វើអាក្រក់ដាក់អ្នក នោះអ្នកគួរនិយាយថា ‹ សូមឈប់ទៅ › » ។ ត្រែវើ សង្កេតឃើញថា « ប្រសិនបើមាននំដូណាត់មួយដែលនៅសល់ ហើយអ្នកទាំងអស់គ្នាចង់ញ៉ាំនោះអ្នកកាត់ចែកគ្នាទៅ » ។
ការឆ្លើយតបរបស់កុមារទាំងនេះគឺជាភស្តុតាងដល់ខ្ញុំថា យើងទាំងអស់គ្នាកើតមកជាមួយនឹងទំនោរដ៏ទេវភាពទៅរកសេចក្តីសប្បុរស និងចិត្តអាណិតអាសូរ ។ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទចិញ្ចឹមបីចាប់ និង ចងភ្ជាប់នូវលក្ខណៈដ៏ទេវភាពទាំងនេះ រួមមានទាំងការផ្សះផ្សា ចូលនៅក្នុងដួងចិត្តរបស់យើង ដែលប្រទានពរដល់យើងក្នុងជីវិតនេះ និងក្នុងជីវិតបន្ទាប់ ។
ការផ្សះផ្សានៅក្នុងគេហដ្ឋាន
ទីពីរ ការស្ថាបនាការផ្សះផ្សានៅក្នុងគេហដ្ឋានរបស់យើង តាមរយៈការប្រើលំនាំគំរូរបស់ព្រះអម្ចាស់ឲ្យជះឥទ្ធិពលទៅលើទំនាក់ទំនងរបស់យើងជាមួយគ្នា ៖ ដោយការលួងលោម ដោយការអត់ធ្មត់ ដោយការទន់ភ្លន់ និងការស្លូតបូត និងដោយការស្រឡាញ់ស្មោះត្រង់ប៉ុណ្ណោះ ។
នេះគឺជារឿងដ៏បំផុសគំនិតមួយ ដែលបង្ហាញពីរបៀបដែលគ្រួសារមួយបានធ្វើឲ្យការផ្សះផ្សាកើតមានឡើងនៅក្នុងគ្រួសារ ដោយការអនុវត្តនូវគោលការណ៍ទាំងនេះ ។
ក្មេងៗនៅក្នុងគ្រួសារនេះកំពុងជួបការលំបាកនៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយមនុស្សធំ ដែលជាញឹកញាប់មានអាកប្បកិរិយារអ៊ូរទាំ បន្ទាបបន្ថោក និងសោះកក្រោះ ។ ក្មេងៗទាំងនោះ ដោយមានការឈឺចាប់ និងខកចិត្ត ចាប់ផ្តើមគិតថា តើនៅថ្ងៃមុខពួកគេគួរតែធ្វើអាកប្បកិរិយាអាក្រក់ទាំងនេះដាក់មនុស្សធំវិញដែរឬយ៉ាងណា ។ ។
ល្ងាចមួយ គ្រួសារនោះបាននិយាយគ្នាដោយបើកចំហអំពីភាពតានតឹង និងឥទ្ធិពលអវិជ្ជមានដែលបានកើតមាន ។ ហើយបន្ទាប់មកគំនិតមួយបានលេចឡើង—មិនត្រឹមតែជាដំណោះស្រាយប៉ុណ្ណោះទេ ប៉ុន្តែជាការពិសោធន៍មួយ ។
ជំនួសឲ្យការឆ្លើយតបដោយភាពស្ងប់ស្ងាត់ ឬការសងសឹក ក្មេងៗបានធ្វើអ្វីមួយដែលមិននឹកស្មានដល់ ៖ ពួកគេបានឆ្លើយតបដោយចិត្តសប្បុរស ។ មិនមែនគ្រាន់តែជាការអត់ធ្មត់ប្រកបដោយសុជីវធម៌នោះទេ ប៉ុន្តែជាការបង្ហាញដោយចេតនា និងអស់ពីចិត្តនៃពាក្យសម្ដីល្អៗ និងទង្វើប្រកបដោយការគិតពិចារណា ទោះបីជាពួកគេត្រូវបានគេប្រព្រឹត្តដាក់វិញដោយរបៀបណាក៏ដោយ ។ ទាំងអស់គ្នាយល់ព្រមសាកល្បងការពិសោធន៍នោះក្នុងពេលវេលាកំណត់មួយ បន្ទាប់មកពួកគេប្រមូលផ្តុំគ្នាមកវិញ ហើយគិតពិចារណា ។
ទោះបីជាពីដូងមានអ្នកខ្លះស្ទាក់ស្ទើរក្ដី តែពួកគេបានប្តេជ្ញាចិត្តចំពោះផែនការនេះដោយស្មោះអស់ពីចិត្ត ។
អ្វីដែលបានកើតឡើងបន្ទាប់ពីនោះ គឺពិតជាអស្ចារ្យណាស់ ។
អារម្មណ៍អវិជ្ជមានបានចាប់ផ្ដើមរលាយបាត់បន្ដិចម្ដងៗ ។ ទឹកមុខក្រញ៉ូវបានជំនួសមកវិញដោយស្នាមញញឹម ។ មនុស្សធំដែលធ្លាប់តែរក្សាគម្លាត និងកាចដាក់គេបានចាប់ផ្តើមផ្លាស់ប្តូរ ។ ក្មេងៗទាំងនោះ ដោយត្រូវបានលើកស្ទួយដោយជម្រើសរបស់មនុស្សធំក្នុងការដឹកនាំប្រកបដោយក្តីស្រឡាញ់ បានរកឃើញសេចក្តីអំណរក្នុងការផ្លាស់ប្តូរ ។ ការផ្លាស់ប្តូរនេះពិតជាជ្រាលជ្រៅណាស់ ដោយមិនចាំបាច់មានការប្រជុំតាមដានលើកក្រោយទៀតទេ ។ សេចក្តីសប្បុរសបានធ្វើការងារដោយស្ងប់ស្ងាត់ ។
ចំណងមិត្តភាពពិតប្រាកដត្រូវបានបង្កើតឡើង ហើយលើកស្ទួយមនុស្សគ្រប់គ្នាទៅតាមពេលវេលា ។ ដើម្បីក្លាយជាអ្នកផ្សះផ្សាគេ យើងអភ័យទោសដល់អ្នកដទៃ និងលើកអ្នកដទៃឡើងដោយចេតនាពិត ជំនួសឲ្យការបំផ្លាញពួកគេ ។
ការផ្សះផ្សានៅក្នុងសហគមន៍របស់យើង
ទីបី ការផ្សះផ្សានៅក្នុងសហគមន៍របស់យើង ។ នៅក្នុងឆ្នាំដែលមានបញ្ហាសង្គ្រាមលោកលើកទី ២ អែលឌើរ ចន អេ វីឌសូ បានបង្រៀនថា « វិធីតែមួយគត់ដើម្បីស្ថាបនាភាពសុខសាន្តក្នុងសហគមន៍បានគឺ ស្ថាបនាបុរស និងស្ត្រីដែលជាអ្នកស្រឡាញ់ និងអ្នកបង្កើតភាពសុខសាន្ត ។ តាមរយៈគោលលទ្ធិរបស់ព្រះគ្រីស្ទ បុគ្គលនីមួយៗ … កាន់នៅក្នុងដៃរបស់ខ្លួននូវភាពសុខសាន្តរបស់ពិភពលោក [ ទាំងមូល ] » ។
រឿងខាងក្រោមនេះបង្ហាញពីគោលការណ៍នោះយ៉ាងល្អឥតខ្ចោះ ។
កាលពីប៉ុន្មានឆ្នាំមុន មានបុរសពីរនាក់—ដែលម្នាក់ជាអ៊ីម៉ាមមូស្លីម និងម្នាក់ទៀតជាគ្រូគង្វាលគ្រិស្តបរិស័ទមកពីប្រទេសនីហ្សេរីយ៉ា—បានប្រឈមមុខដាក់គ្នានៅក្នុងភាពចម្រូងចម្រាសនៃការបែងចែកខាងសាសនាដ៏ឈឺចាប់មួយ ។ បុរសទាំងពីរបានរងទុក្ខយ៉ាងខ្លាំង ។ ហើយទោះជាយ៉ាងណាក៏ដោយ តាមរយៈអំណាចនៃការព្យាបាលចេញពីការអភ័យទោស ពួកគេបានជ្រើសរើសដើរនៅលើផ្លូវមួយជាមួយគ្នា ។
អ៊ីម៉ាម មាហាម៉ាត អាហ្សាហ្វា និងគ្រូគង្វាល ជេមស៍ វ៉ុយយៀ បានក្លាយជាមិត្តភក្តិនឹងគ្នា ហើយដែលមិនគួរឲ្យជឿ បានក្លាយជាដៃគូដែលធ្វើកិច្ចការដើម្បីភាពសុខសាន្ដ ។ រួមគ្នា ពួកគេបានបង្កើតមជ្ឈមណ្ឌលមួយសម្រាប់ការសម្របសម្រួលអន្តរសាសនា ។ ឥឡូវនេះពួកគេបង្រៀនអ្នកដទៃឲ្យជំនួសការស្អប់ខ្ពើមជាមួយនឹងក្តីសង្ឃឹម ។ ក្នុងនាមជាបេក្ខជនដែលទទួលរង្វាន់ណូបែលសន្តិភាពដល់ទៅពីរដង ថ្មីៗនេះពួកគេបានក្លាយជាអ្នកទទួលបានពានរង្វាន់សន្តិភាព Commonwealth ( ខមម្មុនវែល ) ។
អតីតសត្រូវនឹងគ្នាទាំងពីរនាក់នេះ ឥឡូវនេះធ្វើដំណើរជាមួយគ្នាក្នុងការកសាងឡើងវិញនូវអ្វីដែលខូចខាត ជាសាក្សីនៅរស់ដែលថា ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យក្លាយជាអ្នកផ្សះផ្សាគេ មិនត្រឹមតែអាចធ្វើទៅបានប៉ុណ្ណោះទេ—តែវាគឺមានឥទ្ធិពលខ្លាំងណាស់ ។
នៅពេលយើងស្គាល់សិរីល្អរបស់ព្រះ នោះយើង « នឹងពុំមានគំនិតចង់ព្យាបាទគ្នាទៅវិញទៅមកឡើយ ប៉ុន្តែចង់រស់នៅដោយសុខសាន្ត » ។ នៅក្នុងក្រុមជំនុំរបស់យើង និងក្នុងសហគមន៍របស់យើង សូមឲ្យយើងជ្រើសរើសដើម្បីមើលឃើញគ្នាទៅវិញទៅមកថាជាកូនរបស់ព្រះ ។
ផែនការធ្វើជាអ្នកផ្សះផ្សាក្នុងមួយសប្តាហ៍
សរុបសេចក្តីមក ខ្ញុំសូមផ្តល់ការអញ្ជើញមួយ ។ ការផ្សះផ្សាទាមទារឲ្យធ្វើសកម្មភាព—តើការណ៍នោះអាចជាអ្វីទៅ សម្រាប់យើងម្នាក់ៗក្នុងការចាប់ផ្តើមធ្វើនៅថ្ងៃស្អែក ? តើបងប្អូននឹងពិចារណាធ្វើផែនការផ្សះផ្សាដែលមានបីជំហានក្នុងរយៈពេលមួយសប្តាហ៍ដែរឬទេ ?
-
ធ្វើឲ្យគេហដ្ឋានក្លាយជាកន្លែងដែលគ្មានជម្លោះ ៖ នៅពេលជម្លោះកើតមានឡើង សូមផ្អាក ហើយជំនួសមកវិញជាមួយនឹងពាក្យ និងទង្វើសប្បុរស ។
-
ការស្ថាបនាសម្ព័ន្ធភាពនៅលើអ៊ីនធឺណិត ៖ មុនពេលចុះផ្សាយ ឆ្លើយតប ឬបញ្ចេញមតិតាមអនឡាញ សូមសួរថា តើនេះនឹងបង្កើតសម្ព័ន្ធភាពដែរឬទេ ? បើមិនដូច្នេះទេ សូមបញ្ឈប់ ។ សូមកុំផ្ញើចេញទៅអី ។ ផ្ទុយទៅវិញ ចែកចាយតែសេចក្តីល្អ ។ ប្រកាសប្រាប់ពីសេចក្តីមេត្រី ជំនួសឲ្យការស្អប់ខ្ពើម ។
-
ជួសជុលទំនាក់ទំនង និងរួបរួមគ្នាឡើងវិញ ៖ សមាជិកគ្រួសារនីមួយៗអាចផ្សះផ្សាទំនាក់ទំនងដ៏តានតឹងមួយបានតាមរយៈការសុំអភ័យទោស ធ្វើការងារបម្រើ ជួសជុលទំនាក់ទំនង និងបង្រួបបង្រួមគ្នាឡើងវិញ ។
សេចក្ដីបញ្ចប់
វាមានរយៈពេលពីរបីខែមកហើយ ដែលខ្ញុំទទួលបានអារម្មណ៍មួយដែលមិនអាចបដិសេធបាន ដែលនាំឲ្យមានសារនេះ ៖ « មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ » ។ សរុបសេចក្តីមក សូមឲ្យខ្ញុំអាចចែកចាយចំណាប់អារម្មណ៍ដែលបានដក់ជាប់នៅក្នុងដួងចិត្តរបស់ខ្ញុំក្នុងរយៈពេលកន្លងមកនេះ ។
ការផ្សះផ្សាគឺជាគុណលក្ខណៈដូចជាព្រះគ្រីស្ទ ។ អ្នកផ្សះផ្សាគេពេលខ្លះត្រូវបានគេដាក់ស្លាកថា ល្ងង់ខ្លៅ ឬទន់ខ្សោយ—ពីគ្រប់ជ្រុងទាំងអស់ ។ ទោះជាយ៉ាងណា ការក្លាយជាអ្នកផ្សះផ្សាគេ មិនមែនជាការទន់ខ្សោយនោះទេ ប៉ុន្តែជាភាពរឹងមាំតាមរបៀបដែលពិភពលោកមិនអាចយល់បាន ។ ការផ្សះផ្សាទាមទារនូវភាពក្លាហាន និងការចេះសម្របខ្លួន ប៉ុន្តែមិនតម្រូវឲ្យមានការលះបង់គោលការណ៍ណាមួយនោះទេ ។ ការផ្សះផ្សាគឺជាការដឹកនាំដោយការបើកចិត្តឲ្យទូលាយ មិនមានចិត្តចង្អៀតចង្អល់ ។ វាគឺជាការខិតទៅជិតគ្នាដោយការជួយយកអាសាគ្នា មិនមែនដោយការខឹងសម្បានោះទេ ។ ការផ្សះផ្សាមិនមែនជារឿងថ្មីដែលទើបតែមាននោះទេ ។ វាត្រូវបានបង្រៀនដោយព្រះយេស៊ូវគ្រីស្ទផ្ទាល់ ដល់ទាំងអ្នកនៅក្នុងព្រះគម្ពីរប៊ីប និងអ្នកនៅក្នុងព្រះគម្ពីរមរមន ។ ការផ្សះផ្សាត្រូវបានបង្រៀនដោយព្យាការីសម័យទំនើប ចាប់តាំងពីថ្ងៃដំបូងនៃការស្តារឡើងវិញរហូតមកដល់សព្វថ្ងៃនេះ ។
យើងបំពេញតួនាទីដ៏ទេវភាពរបស់យើងក្នុងនាមជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ដ៏ជាទីស្រឡាញ់ នៅពេលដែលយើងខិតខំដើម្បីក្លាយជាអ្នកផ្សះផ្សាគេ ។ ខ្ញុំសូមធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ថាទ្រង់គឺជាម្ចាស់នៃមេត្រីភាព ជាបុត្រារបស់ព្រះដែលមានព្រះជន្មរស់ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕