រូបមន្តសេចក្ដីល្អដែលត្រូវដឹង
តើវាអាចមានលក្ខណៈបែបណា នៅក្នុងការបន្ថែមព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់បងប្អូន ?
ប្រសិនបើបងប្អូនធ្លាប់បានទៅលេងរដ្ឋរបស់យើងនៅលូអីសស៊ីអាណា នោះបងប្អូនប្រហែលជាស្គាល់អាហារឆ្ងាញ់ៗរបស់យើងជាច្រើនហើយ—ហ្គាំបូ, ចាមបាឡាយ៉ា, អេធូហ្វេ និងមុខម្ហូបមានជាច្រើនទៀត ។
ពីមួយពេលទៅមួយពេល ខ្ញុំកាន់តែចង់ចម្អិនអាហារដ៏ឆ្ងាញ់ៗបែបនេះ ។ ជំហានចុងក្រោយ បន្ទាប់ពីការលាយគ្រឿងផ្សំទាំងអស់ និងការធ្វើតាមការណែនាំលម្អិតហើយ នោះគឺជាការភ្លក់ដើម្បីដឹងថាខ្វះអ្វីទៀត ដែលជាជំហានដែលគ្មាននៅក្នុងរូបមន្តទេ ។ នៅពេលនោះ ខ្ញុំអាចឮ ក្រេអូល ជាចុងភៅដ៏ចំណានខ្សឹបប្រាប់ដាក់ត្រចៀកខ្ញុំថា « ដាក់គ្រឿង Tony’s ចូលថែមទៅ » ។ Tony’s គឺជាគ្រឿងផ្សំដែលធ្វើនៅក្នុងទីក្រុងអប់ពីលូសុស រដ្ឋលូអីស៊ីអាណា ជាស្រុកកំណើតរបស់ខ្ញុំ ។ ជាញឹកញាប់គ្រឿងផ្សំនេះត្រូវបានប្រើជា « គ្រឿងផ្សំសម្ងាត់ » ដើម្បីជួយកែរសជាតិឲ្យឆ្ងាញ់ត្រូវតាមរូបមន្ត ។
ភរិយារបស់ខ្ញុំ មីឈែល និងខ្ញុំមានកិត្តិយសក្នុងការបម្រើជាអ្នកដឹកនាំបេសកកម្មនៅរដ្ឋ លូអីស៊ីអាណា ។ យើងមានប្រពៃណីមួយក្នុងការបង្រៀនពួកអ្នកផ្សព្វផ្សាយសាសនា អំពីរបៀបចម្អិនមុខម្ហូបចាមបាឡាយ៉ា ដ៏ពិសេសរបស់គាត់នៅយប់ចុងក្រោយរបស់ពួកគេនៅផ្ទះបេសកកម្ម ពីមុនត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេវិញ ។ បន្ថែមពីលើទីបន្ទាល់របស់ពួកគេអំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នោះពួកអ្នកផ្សព្វផ្សាយសាសនារបស់យើងបានចាកចេញពីបេសកកម្មដោយមានអំណរគុណចំពោះរូបមន្តធ្វើម្ហូបនេះ ។
ពីរបីខែមុន ខ្ញុំបានរុករកនៅក្នុង Church Media Library ហើយបានឃើញតំណភ្ជាប់មួយទៅកាន់កម្រងវីដេអូដែលហៅថា Restoration Conversations with President Russell M. Nelson » [ ការសន្ទនាពីការស្ដារឡើងវិញជាមួយប្រធាន រ័សុល អិម ណិលសុន ] ។ » ។ ចំណងជើងនៃវីដេអូខ្លីមួយនៅក្នុងបញ្ជីនោះ បានទាក់ទាញចំណាប់អារម្មណ៍ខ្ញុំ ហើយបានធ្វើឲ្យខ្ញុំញញឹម ។ ចំណងជើងនោះគឺ « Scriptures Are God’s Recipes for Happy Living » [ ព្រះគម្ពីរគឺជារូបមន្តរបស់ព្រះសម្រាប់ការរស់នៅដ៏មានសុភមង្គល ] ។ ខ្ញុំបានចុចលើវីដេអូដែលមានរយៈពេលពីរនាទីនោះ ហើយបានមើលប្រធាន ណិលសុន បង្រៀនក្រុមកុមារអង្គការបឋមសិក្សានូវសារលខិតដ៏សាមញ្ញ និងមានអានុភាពអំពីរបៀបដើម្បីមានភាពរីករាយ ។ លោកបានបង្រៀនថា ៖ « ប្រសិនបើចៅៗធ្វើនំ នោះចៅៗត្រូវតែធ្វើតាមការណែនាំ មែនដែរទេ ? ហើយចៅៗនឹងទទួលបានលទ្ធផលល្អគ្រប់ពេល តើពិតទេ ? »
លោកបានបន្ត ដោយនិយាយពីការឈានចូលដល់ជន្មាយុ ៩៥ វស្សានៅពេលឆាប់ៗ ៖ « គេនិយាយថា ‹ តើលោកបរិភោគអ្វី ? តើលោកមានអាថ៌កំបាំងអ្វី ? › » លោកបានឆ្លើយថា « អាថ៌កំបាំងនោះគឺហៅថា ព្រះគម្ពីរ ។ បងប្អូនអាចអានព្រះគម្ពីរ ហើយសិក្សាពីវា » ។
មែនហើយ នោះគឺជាចម្លើយ ។ អាថ៌កំបាំងសាមញ្ញដើម្បីមានភាពរីករាយនេះ គឺជាការរស់នៅតាមរូបមន្តរបស់ព្រះ ដូចដែលបានរៀបរាប់នៅក្នុងព្រះគម្ពីរទាំងឡាយ ។ ខ្ញុំហៅវាថា « រូបមន្តសេចក្ដីល្អដែលត្រូវដឹង » ។
តើបងប្អូននឹងធ្វើអ្វី បើសិនមានអ្វីមួយខុសកើតឡើង នៅពេលធ្វើតាមរូបមន្តហើយនោះ ? មែនហើយ បង្កប់នៅក្នុងរូបមន្តសេចក្ដីល្អដែលត្រូវដឹងគឺជា « គ្រឿងផ្សំអាថ៌កំបាំង » ដើម្បីធានាដល់បងប្អូនថា បងប្អូនអាចកែតម្រូវបាននៅចុងបញ្ចប់ ។ ចម្លើយគឺ ព្រះយេស៊ូវគ្រីស្ទជានិច្ច ។
ខ្ញុំគិតថាយើងទាំងអស់គ្នាតែងមានគ្រាមួយដែលយើងមានអារម្មណ៍ថា គ្រឿងផ្សំរបស់យើងមិនល្អគ្រប់គ្រាន់ ឬយើងពិបាកនឹងធ្វើតាមការណែនាំនោះ ឬប្រហែលជាយើងធ្វើអ្វីមួយមិនមានសណ្តាប់ធ្នាប់ ឬមានអ្វីមួយកើតឡើងដែលហួសពីការគ្រប់គ្រងរបស់យើងជាដើម ។
តើអ្វីជាដំណោះស្រាយ ? វាគឺគ្រាន់តែជាការបន្ថែមកាន់តែច្រើននូវអ្វីៗដែលយាងអញ្ជើញព្រះយេស៊ូវគ្រីស្ទ មកគង់នៅក្នុងជីវិតរបស់បងប្អូនប៉ុណ្ណោះ ។
ដូច្នេះ តើវាអាចមានលក្ខណៈបែបណា ដើម្បីបន្ថែមព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់បងប្អូន ?
ខណៈដែលបម្រើជាប្រធានបេសកកម្ម ខ្ញុំមានក្ដីសោមន្សក្នុងការជួបដោយផ្ទាល់ជាមួយពួកអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងម្នាក់ៗ ជារៀងរាល់ប្រាំមួយអាទិត្យ ។ ក្នុងអំឡុងពេលនៃការជួបមួយទល់មួយ វាជារឿងធម្មតាទេសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនា ដើម្បីស្វែងរកការណែនាំអំពីរបៀបកែលម្អប្រសិទ្ធភាពនៃភាពជាដៃគូរបស់ពួកគេ ។
នៅឱកាសមួយ មានអ្នកផ្សព្វផ្សាយសាសនាម្នាក់បានមកក្នុងការសម្ភាសផ្ទាល់ខ្លួនរបស់គាត់ ហើយបានអង្គុយចុះ ។ ខ្ញុំអាចដឹងតាមរយៈកាយវិការរបស់គាត់ថា មានអ្វីមួយដែលជាអំរែកយ៉ាងធ្ងន់នៅលើស្មារបស់គាត់ ។ ខ្ញុំបានសួរថា « អែលឌើរ តើក្មួយចង់ពិភាក្សាអំពីអ្វីនៅថ្ងៃនេះ ? » គាត់បានពិពណ៌នាអំពីការប្រឈមមួយចំនួនដែលគាត់មានជាមួយនឹងដៃគូរបស់គាត់ ហើយរបៀបដែលវាជះឥទ្ធិពលដល់សមត្ថភាពរបស់ពួកគេក្នុងការធ្វើកិច្ចការផ្សព្វផ្សាយសាសនា ។ ដោយមានទឹកភ្នែករលីងរលោង គាត់បានមើលមកខ្ញុំ ហើយបានសួរថា « ប្រធាន តើខ្ញុំគួរធ្វើអ្វីទៅ ? »
នៅក្នុងពេលនោះ ខ្ញុំពិតជាមិនដឹងថាត្រូវឆ្លើយតបដោយរបៀបណាទេ ។ មួយសន្ទុះក្រោយមក ខ្ញុំបានសួរគាត់ថា តើយើងអាចលុតជង្គង់ចុះអធិស្ឋានជាមួយគ្នាដើម្បីទូលសុំការណែនាំពីព្រះវិញ្ញាណបានទេ ។ គាត់បានឯកភាព ហើយយើងបានលុតជង្គង់ចុះជាមួយគ្នា ហើយបានអធិស្ឋានទូលសុំការបំផុសគំនិត ។
បន្ទាប់ពីការអធិស្ឋាន យើងបានបន្តលុតជង្គង់ចុះមួយភ្លែតទៀត ហើយបន្ទាប់មកបានអង្គុយទុល់មុខគ្នានៅលើកៅអីរបស់យើង ។ ខ្ញុំបានសួរថាតើយើងអាចអានព្រះគម្ពីរជាមួយគ្នាបានទេ ។ នៅពេលយើងបើកព្រះគម្ពីររបស់យើង ខ្ញុំបានផ្អាក ហើយបានប្រាប់គាត់ថា « អែលឌើរ នៅពេលយើងអានបទគម្ពីរនេះ សូមសួរខ្លួនឯងនូវសំណួរដូចខាងក្រោមនេះ ៖ បើខ្ញុំរស់នៅតាមគុណលក្ខណៈទាំងនេះ តើវានឹងកែលម្អភាពជាដៃគូរបស់ខ្ញុំ និងកិច្ចការផ្សព្វផ្សាយសាសនារបស់ខ្ញុំដែរឬទេ ? »
បន្ទាប់មក យើងបានបើក មរ៉ូណៃ ៧:៤៥ ហើយអានឮៗថា ៖ « ហើយសេចក្ដីសប្បុរស តែងតែអត់ធ្មត់ ហើយចិត្តល្អ ហើយពុំចេះឈ្នានីស ហើយពុំចេះអួតខ្លួន ពុំរកប្រយោជន៍ផ្ទាល់ខ្លួន ពុំរហ័សខឹង ពុំគិតដល់សេចក្ដីអាក្រក់ ហើយពុំដែលអររីករាយចំពោះសេចក្ដីទុច្ចរិតឡើយ ប៉ុន្តែអររីករាយតែនឹងសេចក្ដីពិតវិញ គឺទ្រាំទ្រការណ៍ទាំងអស់ ជឿដល់ការណ៍ទាំងអស់ សង្ឃឹមដល់ការណ៍ទាំងអស់ ហើយស៊ូទ្រាំទ្រការណ៍ទាំងអស់ » ។
ក្រោយមក អែលឌើររូបនោះបានមើលមកខ្ញុំទាំងទឹកភ្នែករលីងរលោង ហើយបាននិយាយថា « បាទ ប្រធាន ប៉ុន្តែវាពិបាកធ្វើខ្លាំងណាស់ » ។ ខ្ញុំឯកភាព ហើយបានរំឭកគាត់ថា គាត់គឺជាបុត្រារបស់ព្រះ ដែលមានសក្ដានុពលដ៏ទេវភាព ដើម្បីធ្វើកិច្ចការនេះជាមួយគ្នាជាមួយនឹងព្រះអម្ចាស់ ។
បន្ទាប់មក យើងបានពិភាក្សាគ្នាយ៉ាងខ្លីនូវពាក្យប្រៀបប្រដូចនៃមេគុណប្រាប់ទិស ដែលអែលឌើរ ក្លាក ជី ហ្គីលប៊ឺត នៃពួកចិតសិបនាក់បានបង្រៀន ដែលបានរំឭកយើងថា យើងត្រូវចាប់ផ្ដើមនៅចំណុចដែលយើងកំពុងនៅ ហើយដោយមានជំនួយរបស់ព្រះអម្ចាស់ យើងឆ្ពោះទៅមុខ និងទៅលើក្នុងទិសដៅដ៏វិជ្ជមាន ។ ខ្ញុំអាចប្រាប់បានថា គាត់នៅតែមានអារម្មណ៍សន្ធប់បន្តិចជាមួយនឹងអ្វីដែលត្រូវធ្វើបន្ទាប់ ដូច្នេះខ្ញុំបានសុំឲ្យគាត់ពិពណ៌នាអំពីការយល់ដឹងរបស់គាត់អំពីបទគម្ពីរនេះថា « តាមរយៈកិច្ចការតូចតាច និងងាយទើបនាំឲ្យកើតកិច្ចការដ៏ធំៗបាន » ។ គាត់បានបន្តពិពណ៌នាពីគោលគំនិតដែលថា តាមរយៈការធ្វើកិច្ចការតូចតាច និងងាយ នាំឲ្យកើតមានកិច្ចការដ៏ធំៗបាន ។ ខ្ញុំបានសុំឲ្យគាត់ចំណាយពេលមួយនាទី ហើយស្វែងរកចំណុចតូចៗ និងសាមញ្ញៗចំនួនពីរដែលគាត់អាចធ្វើបាន ដើម្បីមានចិត្តសប្បុរសចំពោះដៃគូរបស់គាត់ ។
មួយសន្ទុះក្រោយមក គាត់បានចែកចាយគំនិតរបស់គាត់ ។ បន្ទាប់មក ខ្ញុំបានសុំគាត់ឲ្យចំណាយពេលមួយនាទី ហើយស្វែងរកកិច្ចការតូចតាច និងងាយៗចំនួនពីរ ដែលគាត់អាចធ្វើបាន ដើម្បីមានចិត្តអត់ធ្មត់ជាមួយដៃគូរបស់គាត់ ។ គាត់សឹងតែចែកចាយគំនិតទាំងពីររបស់គាត់ភ្លាមៗ ។ វាច្បាស់ណាស់ថាគាត់បានគិតអំពីរឿងនេះរួចទៅហើយ តាំងពីមុនពេលការជួបរបស់យើង ។ ខ្ញុំបានអញ្ជើញគាត់ឲ្យយកកិច្ចការមួយចំនួននោះទៅទូលព្រះដោយការអធិស្ឋាន ហើយទូលសុំការបញ្ជាក់ ការណែនាំ និងការបំផុសគំនិតអំពីរបៀបអនុវត្តផែនការរបស់គាត់ដោយស្មោះអស់ពីចិត្ត ។ គាត់បានឯកភាព ។ នៅពេលយើងបានបញ្ចប់ ខ្ញុំបានសុំឲ្យគាត់រៀបរាប់ខ្លីៗពីការរីកចម្រើននៃការណ៍នេះនៅក្នុងសំបុត្រប្រចាំសប្តាហ៍របស់គាត់ ។
នៅពេលប៉ុន្មានសប្តាហ៍បន្ទាប់បានកន្លងផុតទៅ ខ្ញុំបានអាននៅក្នុងសំបុត្រប្រចាំសប្តាហ៍របស់គាត់ថា អ្វីៗកំពុងប្រសើរឡើង ។ ប៉ុន្តែខ្ញុំមិនមែនគ្រាន់តែអានពីភាពប្រសើរឡើងនៅក្នុងសំបុត្រប្រចាំសប្តាហ៍ របស់គាត់ ប៉ុណ្ណោះនោះទេ ខ្ញុំក៏អាននូវភាពរីកចម្រើននោះនៅក្នុងសំបុត្រប្រចាំសប្តាហ៍របស់ដៃគូរបស់គាត់ផងដែរ ។ ក្នុងអំឡុងពេលការសម្ភាសដោយផ្ទាល់លើកក្រោយរបស់យើង ខ្ញុំបានឃើញភាពខុសគ្នាយ៉ាងខ្លាំងនៅលើទឹកមុខ និងស្មារតីរបស់គាត់ ។ ខ្ញុំបានសួរគាត់ថា « មែនហើយ អែលឌើរ តើវាពិតទេដែលថា ‹ សេចក្ដីសប្បុរសពុំបាត់បង់ទៅឡើយ › ? » គាត់បានឆ្លើយតបពេញដោយស្នាមញញឹម ៖ « បាទ ហើយដោយតាមរយៈកិច្ចការតូចតាច និងងាយទើបនាំឲ្យកើតកិច្ចការដ៏ធំៗបាន » ។
នៅពេលបងប្អូនធ្វើតាមរូបមន្តសេចក្ដីល្អដែលត្រូវដឹងសម្រាប់ការរស់នៅដោយរីករាយ សូមចងចាំការបង្រៀនរបស់ប្រធាន ណិលសុន ៖ « មិនថាបងប្អូនមានសំណួរ ឬបញ្ហាអ្វីនោះទេ ចម្លើយត្រូវបានរកឃើញនៅក្នុងព្រះជន្ម និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទជានិច្ច ។ ចូររៀនបន្ថែមទៀតអំពីដង្វាយធួន សេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា គោលលទ្ធិរបស់ទ្រង់ និងដំណឹងល្អនៃការព្យាបាលដែលបានស្តារឡើងវិញ និងការរីកចម្រើន ។ ចូរងាកទៅរកទ្រង់ ! ចូរដើរតាមទ្រង់ ! »
នៅពេលបងប្អូនត្រូវការ « ស្ដាប់ទ្រង់ » ហើយដឹងពីរបៀបដើម្បីយាងអញ្ជើញព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់បងប្អូន សូមពិចារណាធ្វើតាមជំហានទាំងឡាយដែលប្រធាន ណិលសុន បានបង្រៀនយើងអំពីវិវរណៈផ្ទាល់ខ្លួន ៖
« សូមស្វែងរកកន្លែងស្ងប់ស្ងាត់មួយ ដែលបងប្អូនអាចទៅជាទៀងទាត់ ។ សូមធ្វើចិត្តរាបសានៅចំពោះព្រះ ។ សូមបង្ហើរដួងចិត្តរបស់បងប្អូនទៅរកព្រះវរបិតាសួគ៌ ។ សូមងាកមករកទ្រង់ដើម្បីទូលសូមចម្លើយ និងការលួងលោមចិត្ត ។
« សូមអធិស្ឋាននៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទអំពីកង្វល់ ការភ័យខ្លាច ភាពទន់ខ្សោយរបស់បងប្អូន—មែនហើយ ពីបំណងប្រាថ្នានៅក្នុងដួងចិត្តរបស់បងប្អូន ។ បន្ទាប់មក ចូរស្តាប់ ! សូមសរសេរគំនិតដែលកើតមាននៅក្នុងគំនិតរបស់បងប្អូន ។ សូមកត់ត្រាអារម្មណ៍របស់បងប្អូន ហើយធ្វើសកម្មភាពតាមអ្វីដែលបងប្អូនត្រូវបានបំផុសគំនិតឲ្យធ្វើ ។ កាលបងប្អូនធ្វើដំណើរការនេះម្ដងហើយម្ដងទៀតរៀងរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ នោះបងប្អូននឹង ‹ រីកចម្រើននៅក្នុងគោលការណ៍នៃវិវរណៈ › » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។ ទ្រង់បាន « សម្រេចនូវអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការដើម្បីត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌ [ របស់យើង ] វិញ » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕