សន្និសីទទូទៅ
ពួកគេ​គឺជា​ចៅក្រម​ជំនុំជម្រះ​ខ្លួនគេ​ផ្ទាល់
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៥


14:26

ពួកគេ​គឺជា​ចៅក្រម​ជំនុំជម្រះ​ខ្លួនគេ​ផ្ទាល់

អាលម៉ា ៤១:៧ )

ប្រសិនបើ​យើង​បាន​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ បាន​ធ្វើ​និង​រក្សា​សេចក្តីសញ្ញា​ជាមួយ​នឹង​ព្រះ និង​បានប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង—នោះ​វេទិកា​ជំនុះជម្រះ​នឹង​ជា​ទីដ៏គាប់ចិត្ត ។

ព្រះគម្ពីរ​មរមន​បញ្ចប់​ជាមួយ​នឹង​ការអញ្ជើញ​ដ៏បំផុស​គំនិត​មកពី​មរ៉ូណៃ​ឲ្យ « មករក​ព្រះគ្រីស្ទ » « ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ » « ហើយ​ចូរ​លះបង់ [ ចោល ] នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ » និង « ស្រឡាញ់ព្រះ​ឲ្យ​អស់​ពី​សមត្ថ​ភាព​អស់​ពី​គំនិត និង​អស់​ពី​កម្លាំង [ របស់យើង ] » ។ ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ប្រយោគ​ចុងក្រោយ​នៃ​ការណែនាំ​របស់​លោក សង្ឃឹម​ទុកជាមុន​ទាំង​ការរស់ឡើងវិញ និង​ការ​ជំនុំជម្រះ​ចុងក្រោយ ។

« ខ្ញុំ​នឹង​ទៅ​សម្រាក​នៅ​ឯ​ស្ថាន​បរមសុខ​នៃ​ព្រះ លុះ​ដល់​វិញ្ញាណ និង​រូប​កាយ​ខ្ញុំ​បាន​រួម​គ្នា​វិញ ហើយ​ខ្ញុំ​នឹង​ត្រូវ​ចេញ​មក​ដោយ​ជោគជ័យ កាត់​តាម​អាកាស ដើម្បី​មក​ជួប​អ្នក​រាល់​គ្នា​នៅ​ខាង​មុខ​វេទិកា​ជំនុំជម្រះ ដ៏​គាប់​ព្រះហឫទ័យ នៃ​ព្រះ​យេហូវ៉ា​ដ៏​មហិមា​ដែល​ជា​ចៅក្រម​ដ៏​អស់​កល្ប​ជានិច្ច​នៃ​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង » ។

ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​នឹងការ​ប្រើ​ពាក្យ​របស់​មរ៉ូណៃ « ដ៏​គាប់​ព្រះហឫទ័យ » ដើម្បី​ពិពណ៌នា​អំពី​ការជំនុំជម្រះ​ចុងក្រោយ ។ ព្យាការី​ផ្សេងទៀត​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​បាន​ពិពណ៌នា​ការជំនុំជម្រះ​ថា​ជា « ថ្ងៃ​ដ៏​រុងរឿង » ហើយ​ជា​ថ្ងៃ​មួយ​ដែល​យើង​គួរតែ « ទន្ទឹង​ចាំ [ ដល់ ] ដោយ​ភ្នែក​នៃ​សេចក្ដី​ជំនឿ » ។ ប៉ុន្តែ​ជាញឹកញាប់​នៅពេល​យើង​ទន្ទឹង​ចាំ​ថ្ងៃ​ជំនុំជម្រះ នោះ​ការពិពណ៌នា​នៃ​ការព្យាករ​ផ្សេង​ចូល​មក​ក្នុង​ចិត្ត ដូចជា « សេចក្តីខ្មាស និង​ទោស​ដ៏គួរឲ្យ​ស្ញែងខ្លាច » « សេចក្ដី​បារម្ភ និង​ភិតភ័យ​ស្ញែង​ខ្លាច » និង « សេចក្តី​វេទនា​ដ៏​មិនចេះចប់​ចេះហើយ » ។

ខ្ញុំ​ជឿថា​ភាពខុសគ្នា​ខ្លាំង​នៅក្នុង​ភាសា​នេះ​បង្ហាញថា គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​បាន​អនុញ្ញាត​ឲ្យ​មរ៉ូណៃ និង​ព្យាការី​ផ្សេងៗទៀត​ទន្ទឹង​ចាំ​ថ្ងៃ​ដ៏​អស្ចារ្យ​នោះ ដោយ​អន្ទះសា​និង​ដោយ​ក្ដីសង្ឃឹម ជាជាង​ដោយ​សេចក្ដីភ័យខ្លាច ដែល​ពួកលោក​បាន​ព្រមាន​ដល់​អស់អ្នក​ដែល​មិន​បាន​ត្រៀមខ្លួន​ខាង​វិញ្ញាណ ។ តើ​មរ៉ូណៃ​បាន​យល់​ដឹង​អំពី​អ្វីខ្លះ ដែល​បងប្អូន និង​ខ្ញុំ​ចាំបាច់​ត្រូវ​រៀន ?

ខ្ញុំ​អធិស្ឋាន​ទូលសុំ​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​យើង​ពិចារណា​ផែនការ​នៃ​សុភមង្គល និង​សេចក្តីមេត្តា​ករុណា​របស់​ព្រះវរបិតាសួគ៌ តួនាទី​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា និង​របៀប​ដែល​យើង​នឹង « ទទួល​ខុសត្រូវ​ចំពោះ​អំពើបាប [ របស់​យើង ] ផ្ទាល់​នៅក្នុង​ថ្ងៃ​នៃ​ការជំនុំជម្រះ​នោះ » ។

ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌

គោលបំណង​សំខាន់​បំផុត​នៃ​ផែនការ​ដ៏​មហិមា​របស់​ព្រះវរបិតា គឺ​ដើម្បី​ប្រទាន​ដល់​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់​នូវ​ឱកាស​ទទួល​បាន​រូបកាយ រៀន​ដឹង « ខុស និង​ត្រូវ » តាមរយៈ​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់ រីកចម្រើន​ខាងវិញ្ញាណ និង​រីកចម្រើន​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

អ្វី​ដែល​គោលលទ្ធិ និង​សេចក្តីសញ្ញា​សំដៅលើ​ថាជា « សិទ្ធិ​ជ្រើសរើស​ខាងសីលធម៌ » គឺជា​ចំណុច​ស្នូល​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។ គោលការណ៍​ដ៏​សំខាន់​នេះ​ក៏​ត្រូវ​បាន​ពិពណ៌នា​នៅ​ក្នុង​បទគម្ពីរ​ថា​ជា​សិទ្ធិ​ជ្រើសរើស និង​សេរីភាព​ក្នុង​ការជ្រើសរើស និង​ដើម្បី​ធ្វើ​សកម្មភាព ។

ពាក្យ​ថា « សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ » គឺ​ជា​ការណែនាំ ។ ពាក្យ​ដែល​ដូច​គ្នា​នឹង​ពាក្យ « សីលធម៌ » រួមមាន « ល្អ » « ស្មោះត្រង់ » និង « គុណធម៌ » ។ ពាក្យ​ដែល​ដូចគ្នា​នឹង​ពាក្យ « សិទ្ធិ​ជ្រើសរើស » អាច​រួមមាន​ពាក្យ​« ទង្វើ » « សកម្មភាព » និង « កិច្ចការ » ។ ហេតុនេះ « សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ » អាច​ត្រូវ​បាន​គេ​យល់​ថាជា​សមត្ថភាព និង​អភ័យឯកសិទ្ធិ​ក្នុង​ការជ្រើសរើស និង​ធ្វើ​សកម្មភាព​សម្រាប់​ខ្លួន​យើង​តាម​របៀប​ដែល​ល្អ ស្មោះត្រង់ មាន​គុណធម៌ និង​ពិត ។

ការបង្ក​បង្កើត​របស់​ព្រះ​មាន​រួម​ទាំង « ​អ្វី​ដែល​ធ្វើ​សកម្មភាព និង​អ្វី​ដែល​ទទួល​សកម្មភាព​ផង » ។ ហើយ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​ជា « អំណាច​នៃ​សកម្មភាព​ឯករាជ្យ » ដែល​បាន​រចនា​ឡើង​ដោយ​ព្រះ ដែល​ផ្តល់​អំណាច​ដល់​យើង​ជា​បុត្រាបុត្រី​របស់​ព្រះ ឲ្យ​ក្លាយ​ជា​ភ្នាក់ងារ​ក្នុង​ការធ្វើ​សកម្មភាព និង​មិនមែន​គ្រាន់តែ​ជា​កម្មវត្ថុ​ដែល​ត្រូវ​ទទួល​សកម្មភាព​នោះ​ទេ ។

ផែនដី​បាន​បង្កើត​ឡើង​ជា​កន្លែង​ដែល​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​អាច​បាន​សាកល្បង​មើល​ថា តើ​ពួកគេ​នឹង « ប្រព្រឹត្ត​នូវ អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួកគេ​នឹង​បញ្ជា​ដល់​ពួកគេ » ។ គោលបំណង​សំខាន់​នៃ​ការបង្ក​បង្កើត និង​ជីវិត​រមែង​ស្លាប់​របស់​យើង គឺ​ដើម្បី​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស​ដើម្បី​ធ្វើ​ទង្វើ និង​ប្រែក្លាយ​ជា​អ្វី​ដែល​ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យប្រែ​ក្លាយ ។

ព្រះអម្ចាស់​បាន​ណែនាំ​ដល់​ហេណុក ៖

« មើល​ចុះ នេះ​គឺជា​ពួក​បង​ប្អូន​របស់​អ្នក ពួក​គេ​ជា​ផល​នៃ​ដៃ​យើង​ផ្ទាល់ ហើយ​យើង​បាន​ប្រទាន​ដល់​ពួក​គេ​នូវ​ចំណេះវិជ្ជា​ដែល​គេ​មាន នៅ​ថ្ងៃ​ដែល​យើង​បាន​បង្កើត​គេ​មក ហើយ​នៅ​ក្នុង​សួនច្បារ​អេដែន នោះ​យើង​បាន​ប្រទាន​សិទ្ធិ​ជ្រើសរើស​ដល់​មនុស្ស ។

« ហើយ​ដល់​ពួក​បង​ប្អូន​របស់​អ្នក នោះ​យើង​បាន​មាន​បន្ទូល ហើយ​ទាំង​ប្រទាន​បញ្ញត្តិ​មួយ ថា ពួក​គេ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយថា ពួក​គេ​ត្រូវ​រើស​យើង​ជា​ព្រះវរបិតា​របស់​គេ » ។

គោលបំណង​គ្រឹះ​សម្រាប់​ការអនុវត្ត​សិទ្ធិ​ជ្រើសរើស គឺ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក និង​ជ្រើសរើស​ព្រះ ។ ហើយ​គោលបំណង​ទាំងពីរ​នេះ​ស្របគ្នា​យ៉ាង​ច្បាស់លាស់​ជាមួយនឹង​បញ្ញត្តិ​ធំ​ទីមួយ និង​ទីពីរ​ឲ្យ​ស្រឡាញ់​ព្រះ​ដោយ​អស់ពី​ចិត្ត អស់ពី​ព្រលឹង ហើយ​អស់ពី​គំនិត​របស់​យើង ហើយ​ស្រឡាញ់​អ្នកជិតខាង​របស់​យើង​ឲ្យ​ដូចជា​ខ្លួនឯង ។

សូម​ជញ្ជឹងគិត​ថា យើង​ត្រូវ​បាន​បញ្ជា—មិន​គ្រាន់តែ​ដាស់តឿន ឬ​ប្រឹក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​បញ្ជា—ឲ្យ​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង​ឲ្យ​ស្រឡាញ់​គ្នាទៅ​វិញ​ទៅ​មក និង​ជ្រើសរើស​ព្រះ ។ ខ្ញុំ​សូម​ណែនាំ​ថា​នៅក្នុង​បទគម្ពីរ ពាក្យ​ដែល​បញ្ជាក់​ន័យ « សីលធម៌ » គឺ​មិនមែន​គ្រាន់តែ​ជា​គុណនាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រហែល​ជា​ការណែនាំ​ដ៏ទេវភាព​មួយ​អំពី​របៀប​ដែល​យើង​គួរប្រើ​សិទ្ធិ​ជ្រើសរើស​របស់យើង ។

ទំនុក​តម្កើង​មួយ​ដែល​យើង​ស្គាល់ ដែល​ដាក់​ចំណង​ជើង​ថា « ជ្រើស​ផ្លូវ​ត្រូវ » គឺ​មាន​ហេតុផល​មួយ ។ យើង​មិន​ទទួល​បាន​ពរជ័យ​ពី​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ក្នុង​ការធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ នៅ​ពេលណា​ក៏​បាន​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ស្រប​តាម​ផែនការ​របស់​ព្រះវរបិតា យើង​បាន​ទទួល​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ដើម្បី​ស្វែងរក ហើយ​ធ្វើ​សកម្មភាព​ដែល​ស្រប​តាម​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច ។ ក្នុង​នាម​ជា « ភ្នាក់ងារ​ចំពោះ​[ ខ្លួន​យើង​ផ្ទាល់ ] » យើង​ត្រូវ​ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ « ប្រព្រឹត្ត​អ្វីៗ​ជា​ច្រើន​តាម​បំណង​ចិត្ត​របស់​[ យើង ] ហើយ​នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន » ។

ភាពសំខាន់​ដ៏​អស់កល្ប​នៃ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​ត្រូវ​បាន​គូស​បញ្ជាក់​នៅក្នុង​ដំណើរ​រឿង​ព្រះគម្ពីរ​អំពី​ក្រុម​ប្រឹក្សា​មុន​ជីវិតលើ​ផែនដី ។ លូស៊ីហ្វើរ​បាន​បះបោរ​ប្រឆាំង​នឹង​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ និង​ស្វែងរក​បំផ្លាញ​អំណាច​នៃ​សកម្មភាព​ឯករាជ្យ ។ គួរឲ្យ​កត់សម្គាល់ ការប្រឆាំង​របស់​អារក្ស​ត្រូវ​បាន​ផ្តោត​ដោយ​ផ្ទាល់​ទៅលើ​គោលការណ៍​នៃ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ។

ព្រះ​បាន​ពន្យល់ « ហេតុ​ដូច្នោះ​ហើយ … មក​ពី​សាតាំង​បាន​បះបោរ​ទាស់​នឹង​យើង ហើយ​បាន​ខំ​រក​បំផ្លាញ​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស …នោះ​យើង​បាន​បណ្ដាល​ឲ្យ​វា​ត្រូវ​បណ្ដេញ​ចុះ » ។

ផែនការ​អាត្មានិយម​របស់​ពួក​មារសត្រូវ​គឺ​ការដក​ចេញ​ពី​បុត្រា​បុត្រី​នៃ​ព្រះ​នូវ​អំណោយទាន ដើម្បី​ក្លាយ​ទៅ​ជា « ភ្នាក់ងារ​ចំពោះ​ខ្លួន​គេ​ផ្ទាល់ » ដែល​អាច​ប្រព្រឹត្ត​ដោយ​សេចក្ដី​សុចរិត ។ គោលបំណង​របស់​វា​គឺ​បញ្ជូន​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​ឲ្យ​ក្លាយ​ជា​កម្មវត្ថុ​ដែល​អាច​ទទួល​បាន​តែ​សកម្មភាព​ប៉ុណ្ណោះ ។

ការធ្វើ និង​ការប្រែក្លាយជា

ប្រធាន ដាល្លិន អេក អូក បាន​សង្កត់ធ្ងន់​ថា ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​យើង​ទាំង​ដើម្បី ដឹង អ្វី​មួយ និង​ដើម្បី ក្លាយ​ជា អ្វី​មួយ​តាមរយៈ​ការអនុវត្ត​ដោយ​សុចរិត​នៃ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ។ លោក​បាន​មាន​ប្រសាសន៍​ថា ៖

« ព្រះគម្ពីរ​ប៊ីប និង​បទគម្ពីរ​សម័យ​ទំនើប​ជា​ច្រើន​និយាយ​អំពី​ការជំនុំជម្រះ​ចុងក្រោយ​ដែល​មនុស្ស​ទាំងអស់​នឹង​ទទួល​បាន​រង្វាន់ ស្របតាម​ទង្វើ ឬ​កិច្ចការ​របស់​ពួកគេ ឬ​បំណងប្រាថ្នា​នៃ​ដួងចិត្ត​របស់​ពួកគេ ។ ប៉ុន្តែ​បទគម្ពីរ​ផ្សេងទៀត​ផ្ដល់​នូវ​សេចក្ដី​លម្អិត​អំពី​ការណ៍​នេះ ដោយ​សំដៅ​ទៅលើ​ការជំនុំជម្រះ​របស់​យើង ដោយ​តាម លក្ខខណ្ឌ ដែល​យើង​សម្រេច​បាន ។

« ព្យាការី​នីហ្វៃ​ពិពណ៌នា​អំពី​ការជំនុំជម្រះ​ចុងក្រោយ​នៅក្នុង​លក្ខខណ្ឌ​នៃអ្វី​ដែល​យើង បាន​ប្រែក្លាយ​ជា ៖ ‹ ហើយ​ប្រសិនបើ​កិច្ចការ​របស់​ពួកគេ​ប្រកប​ដោយ​ភាព​ស្មោក​គ្រោក​នោះ​ពួកគេ​ក៏ច្បាស់ ជា ស្មោក​គ្រោក​ដែរ ហើយ​បើសិន ជា ពួកគេ​ស្មោក​គ្រោក ក៏​ច្បាស់​ជា​ពួកគេ​មិន​អាច​អាស្រ័យ​នៅ​ក្នុង​នគរ​នៃ​ព្រះ​បាន​ឡើយ › [ នីហ្វៃទី១ ១៥:៣៣ បាន​គូសបញ្ចាក់​បន្ថែម ] ។ មរ៉ូណៃ​ប្រកាស ‹ ពួកអ្នក ដែល ស្មោក​គ្រោក​នឹង​នៅ​តែ​ស្មោក​គ្រោក​ដដែល ហើយ​ពួកអ្នក ដែល សុចរិត​នឹង​នៅតែ​សុចរិត​ដដែល › [ មរមន ៩:១៤ បាន​គូសបញ្ចាក់​បន្ថែម ] » ។

ប្រធាន អូក​បាន​បន្ត ៖ « ចេញពី​ការបង្រៀន​នេះ យើង​សរុប​សេចក្តីថា ការជំនុំជម្រះ​ចុងក្រោយ​គឺ​ពុំ​គ្រាន់តែ​ជា​ការវាយតម្លៃ​មួយ​នៃ​ការបូក​សរុប​នៃ​សកម្មភាព​ល្អ និង​សកម្មភាព​អាក្រក់—ដែល​យើង បាន​ធ្វើ ប៉ុណ្ណោះ​នោះទេ ។ វា​ជា​ការទទួល​ស្គាល់​មួយ​អំពី​ឥទ្ធិពល​នៃ​ទង្វើ និង​គំនិត​របស់​យើង​នៅចុង​ក្រោយ—ជា​អ្វី​ដែល​យើង​បាន ប្រែក្លាយ » ។

ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ

កិច្ចការ និង​បំណងប្រាថ្នា​របស់​យើង​តែ​ម្យ៉ាង​មិន​អាច​ជួយ​សង្គ្រោះ​យើង​បាន​ឡើយ ។ « បន្ទាប់ពី​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន »យើង​បាន​ផ្សះផ្សា​ជាមួយនឹង​ព្រះ តាមរយៈ​សេចក្តី​មេត្តាករុណា និង​ព្រះគុណ​ដែល​មាន​តែ​តាមរយៈ​ពលិកម្ម​ដ៏​ធួន និង​អស់កល្ប​ជានិច្ច​របស់​ព្រះអង្គ​សង្រ្គោះ ។

អាលម៉ា​បាន​ប្រកាស​ថា « ចាប់​ផ្ដើម​ជឿ​ដល់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ចុះ ថា​ទ្រង់​នឹង​យាង​មក​ប្រោស​លោះ​រាស្ត្រ​ទ្រង់ ហើយ​ថា​ទ្រង់​នឹង​រង​ទុក្ខ ហើយ​សុគត ដើម្បី​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​របស់​ពួក​គេ ហើយ​ថា​ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដែល​នឹង​នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ ថា​មនុស្ស​ទាំង​អស់​នឹង​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​ទទួល​ការ​ជំនុំជម្រះ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ហើយ​ជា​ថ្ងៃ​ជំនុំជម្រះ ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​របស់​គេ » ។

« យើង​ខ្ញុំ​ជឿថា តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ នោះ​មនុស្ស​លោក​ទាំងអស់​អាច​បាន​សង្គ្រោះ ដោយសារ​ការគោរព​តាម​ក្រឹត្យវិន័យ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ » ។ យើង​គួរតែ​មាន​អំណរគុណ​ដែល​អំពើ​បាប និង​ទង្វើ​អាក្រក់​របស់​យើង​នឹង​មិន​ឈរ​ធ្វើ​ជា​ទីបន្ទាល់ប្រឆាំង​ទាស់​នឹង​យើង បើ​យើង​ពិតជា « កើត​ម្តងទៀត » អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះប្រោសលោះ ប្រែចិត្ត « ដោយ​ចិត្ត​ស្មោះ » និង « ដោយ​ស្មោះ​អស់ពី​ចិត្ត » ហើយ « កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » ។

កោតខ្លាច​ដល់​ព្រះ

ពួកយើង​ជា​ច្រើន​អាច​រំពឹងថា ការបង្ហាញ​ខ្លួន​របស់យើង​នៅ​ខាងមុខ​វេទិកា​ជំនុំជម្រះ​នៃ​ចៅក្រម​ដ៏​អស់​កល្ប​ជានិច្ច គឺ​ដូច​គ្នា​ទៅ​នឹង​ដំណើរការ​កាត់ក្តី​ខាង​លោកិយ​ផងដែរ ។ ចៅក្រម​នឹង​ធ្វើ​ជា​ប្រធាន ។ ភស្តុតាង​នឹង​ត្រូវ​បាន​បង្ហាញ ។ សាលក្រម​នឹង​ត្រូវ​បាន​ដាក់​បង្ហាញ ។ ហើយ​យើង​ទំនង​ជា​នឹង​មិន​ប្រាកដប្រជា និង​ភ័យខ្លាច​រហូត​ទាល់​តែ​យើង​ដឹង​ពី​លទ្ធផល​ចុងក្រោយ ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​នោះ​មិនមែន​ជាដំណើរការ​ត្រឹមត្រូវ​ឡើយ ។

ខុសគ្នា ប៉ុន្តែ​ទាក់ទង​ទៅ​នឹង​ការភ័យខ្លាច​ខាង​សាច់ឈាម​ដែល​ជាញឹកញាប់​យើង​តែង​ជួប​ប្រទះ គឺ​អ្វី​ដែល​បទគម្ពីរ​ពិពណ៌នា​ថា​ជា « ការកោតខ្លាច​ដល់​ព្រះ » ឬ « សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា » ។ សេចក្តី​កោតខ្លាច​ខាង​លោកិយ​បង្កើត​ឲ្យ​មាន​ការភ្ញាក់ផ្អើល និង​ការថប់បារម្ភ​ខុស​ពី​សេចក្តីកោតខ្លាច​ដល់​ព្រះ​ដែល​អញ្ជើញ​ឲ្យ​មាន​សេចក្តី​សុខសាន្ត ការធានា និង​ទំនុកចិត្ត​នៅ​ក្នុង​ជីវិត​យើង ។

សេចក្ដី​កោតខ្លាច​ដោយ​សុចរិត​រួម​បញ្ចូល​នូវ​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​នៃ​គារវភាព និង​ការកោតខ្លាច​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ការគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ការចូលរួម​នៅ​ក្នុង​ថ្ងៃ​ជំនុំជម្រះ និង​ការកាត់​សេចក្តី​ចុងក្រោយ​នៅ​ឯ​ព្រះហស្ត​ទ្រង់ ។ ការកោតខ្លាច​ដល់​ព្រះ​កើត​ចេញពី​ការចេះដឹង​ដ៏​ត្រឹមត្រូវ​នៃ​និស្ស័យ​ដ៏​ទេវភាព និង​បេសកកម្ម​នៃ​ព្រះ​ដ៏​ប្រោសលោះ ការស្មគ្រ័ចិត្ត​ទទួល​យក​ព្រះរាជបំណង​របស់​ទ្រង់ និង​ការទទួល​ស្គាល់​ថា​បុរស​និង​ស្ត្រី​គ្រប់​រូប​នឹង​ទទួល​ខុសត្រូវ​ចំពោះ​បំណងប្រាថ្នា គំនិត ពាក្យសម្តី និង​ទង្វើ​ទាំង​ឡាយ​របស់​ខ្លួន នៅ​ថ្ងៃ​ជំនុំជម្រះ​ចុងក្រោយ ។

សេចក្តី​កោតខ្លាច​ដល់​ព្រះអម្ចាស់​ពុំ​មែន​ជា​ការ​យល់ដឹង​ដ៏​មិន​ច្បាស់លាស់​អំពី​ការចូល​ទៅក្នុង​ទីវត្តមាន​របស់​ទ្រង់​ដើម្បី​ទទួលបាន​ការកាត់សេចក្តី​ឡើយ ។ ផ្ទុយទៅវិញ វា​គឺជា​ការរំពឹងទុក​នៃ​ការទទួល​ស្គាល់​ខ្លួន​យើង « តាម​ដែល​មាន​នៅ​ពេល​នេះ » ហើយ « អំពី​រឿង​ទាំង​ឡាយ តាម​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ » ។

មនុស្ស​គ្រប់រូប​ដែល​បាន​រស់នៅ ដែល​កំពុង​រស់នៅ​ឥឡូវនេះ ហើយ​ដែល​នឹង​មក​រស់នៅ​លើ​ផែនដី​នេះ « ត្រូវ​បាន​នាំ​ទៅ​ឈរនៅ​ចំពោះ​វេទិកា​នៃ​ព្រះ ដើម្បី​ទទួល​ការជំនុំជម្រះ​ពី​ទ្រង់ ស្របតាម​កិច្ចការ​ទាំងឡាយ [ របស់ខ្លួន ] ដើម្បី​ឲ្យ​ឃើញថា​ពួកគេ​ល្អ ឬ​ក៏​ពួកគេ​អាក្រក់ » ។

បើសិន​បំណងប្រាថ្នា​របស់យើង​មាន​សម្រាប់​ធ្វើ​សេចក្ដីសុចរិត ហើយ​កិច្ចការ​របស់​យើង​ល្អ—មាន​ន័យថា​យើង​បាន​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ បាន​ធ្វើ​និង​រក្សា​សេចក្តីសញ្ញា​ជាមួយ​នឹង​ព្រះ និង​បានប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង—នោះ​វេទិកា​ជំនុះជម្រះ​នឹង​ជា​ទីដ៏គាប់ចិត្ត ។ ដូច​ដែល​អេណុស​បានប្រកាស យើង​នឹង « ឈរ​នៅ​ចំពោះ​មុខ [ ព្រះអង្គ​ប្រោសលោះ ] បន្ទាប់មក [ យើង ] នឹង​បាន​ឃើញ​ព្រះភក្រ្ត​ទ្រង់​ដោយ​សេចក្តីសោមន្ស » ។ ហើយ​នៅ​ថ្ងៃចុងក្រោយ​យើង​នឹង « បាន​ទទួល​រង្វាន់​ចំពោះ​សេចក្ដី​សុចរិត » ។

ផ្ទុយទៅវិញ បើសិន​បំណងប្រាថ្នា​របស់យើង​មាន​សម្រាប់​សេចក្តី​ទុច្ចរិត ហើយ​កិច្ចការ​របស់យើង​អាក្រក់ នោះ​វេទិកា​ជំនុំជម្រះ​នឹង​ជា​បុព្វហេតុ​នៃ​ភាពភ័យខ្លាច ។ យើង​នឹង​មាន « តម្រិះ​ដ៏​ឥតខ្ចោះ » « ការ នឹកឃើញ​ឡើងវិញ​យ៉ាង​ជាក់ច្បាស់ » និង « ដាស់​ព្រលឹង [ របស់យើង ] ឲ្យស្គាល់​នូវ​កំហុស​របស់​ខ្លួន » ។ « យើង​ពុំ​ហ៊ាន​ងើប​មើល​ទៅ​ព្រះ​ទេ តែ​យើង​នឹង​មាន​សេចក្ដី​រីករាយ បើ​សិន​ជា​យើង​អាច​បញ្ជា​ឲ្យ​ថ្ម និង​ភ្នំ​ទាំង​ឡាយ​រលំ​មក​លើ​យើង ដើម្បី​បិទបាំង​យើង​ពី​វត្ត​មាន​របស់​ទ្រង់​វិញ » ។ ហើយ​នៅ​ថ្ងៃចុងក្រោយ យើង​នឹង « បាន​ទទួល​រង្វាន់​អាក្រក់ [ របស់​យើង ] » ។

ហើយ​នៅ​ទីបំផុត យើង​គឺជា​ចៅក្រម​ជំនុំជម្រះ​ខ្លួនយើង​ផ្ទាល់ ។ មិនចាំ​បាច់​មាន​នរណា​ម្នាក់​មកប្រាប់​យើង​កន្លែង​ដែល​យើង​ត្រូវ​ទៅ​នោះទេ ។ នៅក្នុង​ទីវត្តមាន​របស់​ព្រះអម្ចាស់ យើង​នឹង​ទទួល​ស្គាល់​នូវអ្វី​ដែល​យើង​បាន​ជ្រើសរើស​ដើម្បី​ប្រែក្លាយ​នៅ​ក្នុង​ជីវិត​រមែងស្លាប់ និង​ដឹង​ខ្លួន​ថា ត្រង់​ណា​ដែល​យើង​គួរ​ស្ថិត​នៅ​ក្នុង​ភាពអស់កល្ប​ជានិច្ច ។

ការសន្យា និង​ទីបន្ទាល់

ការយល់ដឹង​ថា ការជំនុំជម្រះ​ចុងក្រោយ​អាច​ជា ទីគាប់ចិត្ត គឺ​មិនមែន​គ្រាន់តែ​ជា​ពរជ័យ​ដែលបាន​បម្រុងទុក​សម្រាប់​តែ​មរ៉ូណៃ​ប៉ុណ្ណោះទេ ។

អាលម៉ា​បាន​រៀបរាប់​អំពី​ពរជ័យ​ដែលបាន​សន្យា ដែល​អាច​មាន​សម្រាប់​សិស្ស​ដ៏​លះបង់​គ្រប់រូប​របស់​ព្រះអង្គ​សង្គ្រោះ ។ លោក​បាន​មាន​ប្រសាសន៍​ថា ៖

« អត្ថន័យ​នៃ​ពាក្យ​ថា ការស្តារ​ឡើងវិញ គឺ​ការធ្វើ​ជាថ្មី​ឡើង​វិញ អាក្រក់​ទៅ​ជា​អាក្រក់​វិញ ឬ​រូប​កាយ​ទៅ​ជា​រូប​កាយ​វិញ របស់​ផង​អារក្ស​ទៅ​ជា​ផង​អារក្ស​វិញ—ល្អ​ទៅ​ជា​ល្អ​វិញ សុចរិត​ទៅ​ជា​សុចរិត​វិញ ត្រឹម​ត្រូវ​ទៅ​ជា​ត្រឹម​ត្រូវ​វិញ មេត្តាករុណា​ទៅ​ជា​មេត្តាករុណា​វិញ ។

« … ចូរ​រាប់​រក​គ្នា​ដោយ​យុត្តិធម៌ វិនិច្ឆ័យ​ដោយ​សុចរិត ហើយ​ធ្វើ​ល្អ​ជា​និច្ច ហើយ​បើ​សិន​ជា​កូន​ធ្វើ​ការ​ទាំង​អស់​នេះ នោះ​កូន​នឹង​បាន​ទទួល​រង្វាន់ មែន​ហើយ សេចក្ដី​មេត្តា​ករុណា​នឹង​បាន​សាង​ឡើង​ដល់​កូន​វិញ សេចក្ដី​យុត្តិធម៌​នឹង​បាន​សាង​ឡើង​ដល់​កូន​វិញ ការ​វិនិច្ឆ័យ​ដោយ​សុចរិត​នឹង​បាន​សាង​ឡើង​ដល់​កូន​វិញ ហើយ​នឹង​បាន​ការ​ល្អ​ប្រទាន​ដល់​កូន​វិញ » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​សេចក្តីអំណរ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្គ្រោះ​ដ៏​មាន​ព្រះជន្មរស់​របស់​យើង ។ ការសន្យា​របស់​អាលម៉ា​គឺ​ពិត និង​អាច​អនុវត្ត​បាន​ចំពោះ​បងប្អូន និង​រូប​ខ្ញុំ—ថ្ងៃនេះ ថ្ងៃ​ស្អែក និង​សម្រាប់ភាព​អស់កល្ប​ជានិច្ច ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕