ការចងចាំអំពីចៀម
គោលការណ៍នៃការរាប់ចំនួន និងការទទួលខុសត្រូវដ៏មានប្រសិទ្ធភាព ។ វាគឺជារបៀបរបស់ព្រះអម្ចាស់ ។
ព្រះគ្រីស្ទគឺជាអ្នកគង្វាលល្អ ។ ចៀមនីមួយៗនៅក្នុងហ្វូងគឺមានតម្លៃចំពោះទ្រង់ ។ ទ្រង់បានធ្វើជាអ្នកគង្វាលគំរូ ហើយបង្រៀនយើងតាមបន្ទូល និងទង្វើដើម្បីធ្វើជាអ្នកគង្វាលល្អ រួមទាំងការស្គាល់ចៀមតាមឈ្មោះ ស្រឡាញ់ចៀម ស្វែងរកចៀមដែលបាត់ ឲ្យចំណី ហើយទីបំផុត នាំចៀមត្រឡប់មកផ្ទះវិញម្ដងទៀត ។ ទ្រង់រំពឹងឲ្យយើងធ្វើដូចគ្នានេះក្នុងនាមជាអ្នកគង្វាលរបស់ទ្រង់ ។
យើងអាចរៀនច្រើនអំពីការងារបម្រើតាមរបៀបរបស់ព្រះអម្ចាស់មកពីព្យាការីពីបុរាណ— និងជាអ្នកគង្វាលដ៏ពិសេស— គឺមរ៉ូណៃ ។ គាត់បានរស់នៅអំឡុងគ្រាដ៏លំបាក ពុំមានទូរសព្ទដៃ កុំព្យូទ័រ និងអ៊ីនធឺណិតទេ ។ ប៉ុន្តែគាត់បានគ្រប់គ្រងតាមដានចៀមរបស់គាត់ ។ តើគាត់ធ្វើបានដោយរបៀបណា ? យើងអាចមើលវិធីសាស្ត្ររបស់គាត់នៅក្នុង មរ៉ូណៃ ៦ នៅក្នុងនោះយើងអានថា សមាជិក « ត្រូវបានរាប់ក្នុងចំណោមប្រជាជននៃសាសនាចក្ររបស់ព្រះគ្រីស្ទ ហើយឈ្មោះរបស់ពួកគេត្រូវបានយកទៅ ដើម្បីឲ្យពួកគេអាចបាននឹកចាំ ហើយចិញ្ចឹមបីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ ដើម្បីរក្សាពួកគេឲ្យនៅក្នុងផ្លូវត្រូវ ។ … សាសនាចក្របាន« ជួបជុំគ្នាជាញឹកញាប់ ដើម្បីតមអាហារ ហើយអធិស្ឋានហើយពិគ្រោះគ្នាទៅវិញទៅមក អំពីសុខុមាលភាពដល់ព្រលឹងពួកគេ » ( មរ៉ូណៃ ៦:៤–៥; បានបន្ថែមការគូសបញ្ជាក់ ) ។
សម្រាប់មរ៉ូណៃ អ្វីៗទាំងអស់គឺអំពីមនុស្ស —ឈ្មោះទាំងឡាយ ! គាត់បានអនុវត្តគោលការណ៍នៃការរាប់ចំនួន និងការទទួលខុសត្រូវ » ដើម្បីមនុស្សទាំងអស់ នឹងត្រូវបានចងចាំ ។ នរណាម្នាក់ដែលលំបាក ឬវង្វេងផ្លូវត្រូវបានកត់សម្គាល់ ដែលអនុញ្ញាតឲ្យពួកបរិសុទ្ធពិភាក្សាអំពីសុខុមាលភាពរបស់ពួកគេនៅក្នុងក្រុមប្រឹក្សា ។ ដូចជាអ្នកគង្វាលដែលទុកចៀមកៅសិបប្រាំបួន ( ខ្ញុំជឿថា ទុកឲ្យនៅដោយសុវត្ថិភាព ) ហើយបានចេញទៅរកចៀមមួយដែលបានវង្វេងបាត់ ( សូមមើល លូកា ១៥:៤–៧ ) ពួកយើងត្រូវបានសុំឲ្យស្គាល់ហ្វូងចៀមរបស់យើង —កត់សម្គាល់ និងចងចាំ ហើយទៅធ្វើដូចគ្នានោះ ។
ក្នុងនាមជាអ្នកដឹកនាំបេសកកម្មនៅប្រទេសឥណ្ឌា ខ្ញុំចាំថាខ្ញុំបានសួរប្រធានសាខាវ័យក្មេងមួយរូបអំពីគោលដៅរបស់គាត់នៅឆ្នាំក្រោយថា ៖ « តើបុរសប៉ុន្មាននាក់ដែលអ្នកចង់រៀបចំដើម្បីទទួលបព្វជិតភាពម៉ិលគីស្សាដែក ? » គាត់ឆ្លើយភ្លាមថា « ប្រាំពីរនាក់ ! »
ខ្ញុំងឿងឆ្ងល់ថាតើគាត់អាចគិតចេញចំនួនយ៉ាងជាក់លាក់នោះបានយ៉ាងម៉េច ! ពីមុនខ្ញុំអាចតប គាត់បានយកក្រដាសមួយសន្លឹកដែលមានលេខរៀងពី១ដល់៧ សរសេរនៅចំហៀង ។ ប្រាំជួរដំបូងមានសរសេរឈ្មោះ— ជាឈ្មោះពិតដែលគាត់ និងកូរ៉ុមអែលឌើររបស់គាត់នឹងទៅអញ្ជើញ ហើយលើកទឹកចិត្តឲ្យទទួលពរជ័យនៃបព្វជិតភាព នៅក្នុងជីវិតរបស់ពួកគេ ។ ប្រាកដណាស់ ខ្ញុំត្រូវសួរអំពីជួរទី៦ និង៧ ដែលពុំមានសរសេរអ្វីនោះ ។ គាត់ថ្លែងដោយក្រវីក្បាលរបស់គាត់ដោយចិត្តអាណិតថា« អូ៎ ប្រធាន ប្រាកដណាស់ យើងនឹងជ្រមុជទឹកយ៉ាងហោចណាស់បុរសពីរនាក់នៅដើមឆ្នាំ ដែលពួកគេអាចនឹងទទួលបព្វជិតភាពនៅចុងឆ្នាំ » ។ អ្នកដឹកនាំដ៏អស្ចារ្យនេះយល់អំពីគោលការណ៍នៃការរាប់ចំនួន និងការទទួលខុសត្រូវ ។
ព្រះគ្រីស្ទបានរៀបចំសាសនាចក្ររបស់ទ្រង់តាមរបៀបមួយដែលវាពិបាកនឹងបំភ្លេចព្រលឹងណាមួយណាស់ ដ្បិតព្រលឹងនីមួយៗជាទីស្រឡាញ់ចំពោះទ្រង់ ។ បុគ្គលម្នាក់ៗនៅក្នុងវួដ មិនថាវ័យ ឬភេទណាទេ មានកិច្ចការជាច្រើន—ពួកអ្នកគង្វាល— ដែលមានកិច្ចការក្នុងការមើលថែពួកគេ ដោយការចងចាំ ។ ឧទាហរណ៍ យុវជនមានគណៈប៊ីស្សពបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ អ្នកប្រឹក្សាយុវវ័យ គ្រូថ្នាក់សិក្ខាសាលា គណៈប្រធានកូរ៉ុម និងអ្នកដទៃទៀត— ចាត់ឲ្យមើលថែសុខុមាលភាពរបស់គាត់ មនុស្សទាំងអស់បម្រើជាសំណាញ់សុវត្ថិភាព ដ៏រឹងមាំដែលយុវវ័យអាចចាប់តោងបើពួកគេធ្លាក់ចុះ ។ សូម្បីតែមានសំណាញ់តែមួយដែលត្រូវបានដាក់យ៉ាងត្រឹមត្រូវ នោះយុវជនម្នាក់នឹងមានសុវត្ថិភាព កត់សម្គាល់ និងចងចាំ ។ ប៉ុន្តែជាញឹកញាប់ យើងឃើញថាពុំមានសំណាញ់ដាក់ត្រឹមត្រូវនោះទេ ។ មនុស្សបានវង្វេងចេញទៅក្នុងអ័ព្ទងងឹត— គ្មាននរណាម្នាក់កត់សម្គាល់ឡើយ ។ តើយើងអាចធ្វើជាអ្នកគង្វាលកាន់តែល្អប្រសើរដោយរបៀបណា ? យើងអាចរៀនរាប់ និងទទួលខុសត្រូវ ។
សាសនាចក្រផ្ដល់ឲ្យយើងនូវរបាយការណ៍ និងឧបករណ៍ដើម្បីធ្វើដូច្នោះ— ដើម្បីចងចាំ ។ របាយការណ៍ប្រចាំត្រីមាសគឺជាឧទាហរណ៍ដ៏សំខាន់ ។ វាអនុញ្ញាតឲ្យយើងរាប់ និងទទួលខុសត្រូវចំពោះសមាជិកម្នាក់ៗជាច្រើនដង និងកត់សម្គាល់អ្នកដែលពុំបានមក ឬអ្នកត្រូវការជំនួយ និងក្ដីស្រឡាញ់របស់យើង ។ បញ្ជីសកម្មភាព និងការសម្ភាសន៍ប្រាប់យើងអំពីអ្នកដែលយើងត្រូវយកចិត្តទុកដាក់ក្នុងពេលឥឡូវនេះ ក៏ដូចជារបាយការណ៍អំពីស្ថានភាពប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងអ្វីៗផ្សេងទៀតដែរ ។ ឧបករណ៍ដើម្បីរាប់ចំនួន និងទទួលខុសត្រូវទាំងនេះជួយយើងផ្ដោតទៅលើមនុស្ស ។ តើនរណាដែលត្រូវការការហៅបម្រើ ទទួលបព្វជិតភាព ឬជួយយកឈ្មោះគ្រួសារទៅព្រះវិហារបរិសុទ្ធ ? តើនរណាដែលយើងអាចជួយរៀបចំសម្រាប់បេសកកម្មពេញម៉ោង ? តើនរណាដែលពុំបានមកនៅខែនេះ ? ឧបករណ៍ទាំងនេះជួយយើងឲ្យចងចាំមនុស្ស ។
ខ្ញុំស្គាល់គ្រួសារមួយពីសហរដ្ឋអាមេរិកដែលទទួលការចាត់តាំងមួយនៅប្រទេសអាហ្វ្រិក ។ នៅថ្ងៃអាទិត្យដំបូង ពួកគេបានដើរទៅអង្គភាពសាសនាចក្រតែមួយនៅក្នុងប្រទេសនោះ ហើយពួកគេត្រូវបានទទួលស្វាគមន៍យ៉ាងខ្លាំង ។ បន្ទាប់ពីព្រឹកនោះ ភរិយារបស់បុរសនោះត្រូវបានហៅឲ្យធ្វើជាប្រធានសមាគមសង្គ្រោះ ហើយបុរសនោះបានហៅឲ្យធ្វើជាអ្នកដឹកនាំយុវជន ! គាត់សួរទៅកាន់ប្រធានសាខាដ៏នឿយហត់ម្នាក់ថា តើនៅទីនោះមានយុវជនប៉ុន្មាននាក់ ។ អ្នកដឹកនាំជំនាន់ដំបូង និងដ៏ស្មោះត្រង់រូបនេះចង្អុលទៅក្រោយបន្ទប់សាក្រាម៉ង់ រួចនិយាយថា « មានតែពីរនាក់នៅទីនោះ » ។ បុរសនោះអាចនឹងសង្ស័យខ្លះ ដូច្នេះគាត់បានយកបញ្ជីឈ្មោះសាខាមួយមក ភ្លាមនោះបានកត់សម្គាល់ថាតាមពិតទៅមានយុវជន២០រូបនៅក្នុងបញ្ជីឈ្មោះ ។ គាត់ងាកទៅប្រធានសាខា ហើយសុំឲ្យយុវមជ្ឈឹមវ័យអង់អាចពីររូបឲ្យបម្រើជាទីប្រឹក្សារបស់គាត់ បន្ទាប់មកអង្គុយជាមួយពួកគេ និងក្មេងប្រុសពីររូបទៀតដើម្បីពិនិត្យមើលឈ្មោះទាំងឡាយ ។
បន្ទាប់មក មនុស្សវ័យក្មេងដ៏ឧស្សាហ៍ព្យាយាមទាំងនេះបានចេញទៅធ្វើការ ។ ពីរបីខែក្រោយមក ពួកគេរកឃើញយុវជនដែលមានក្នុងបញ្ជីនោះទាំងអស់ ។ ពីម្នាក់ទៅម្នាក់ ចៀមដែលបាត់ទាំងនោះត្រូវបានស្វាគមន៍ឲ្យត្រឡប់មកវិញ តាមរយៈមិត្តភក្ដិរបស់ពួកគេ ហើយបានឲ្យចំណីទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ! ក្នុងរង្វង់រយៈពេលមួយឆ្នាំ នៅថ្ងៃអាទិត្យមានយុវជនជាមធ្យមចូលរួមចំនួន ២១ នាក់ ។ ប្រពៃណាស់ ដែលយុវជនទាំងនោះត្រូវបានរាប់ និងទទួលខុសត្រូវ ។
មិត្តខ្ញុំម្នាក់ ទើបតែបញ្ចប់ការសិក្សា បានផ្លាស់លំនៅមកក្រុងអាមេរិកដ៏ធំមួយជាមួយនឹងគ្រួសាររបស់គាត់ដើម្បីបន្ដការសិក្សា ។ គាត់ត្រូវបានហៅភ្លាមៗឲ្យធ្វើជាអធិបតីនៅក្នុងកូរ៉ូមអែលឌើរ ។ ដោយមានការភ័យខ្លះៗចំពោះការសម្ភាសដំបូងរបស់គាត់ជាមួយនឹងប្រធានស្ដេក គាត់បានតាំងចិត្តថាទៅជួបដោយមានការរៀបចំខ្លួន ។ គាត់បានប្រាប់ប្រធានស្ដេកថា គាត់មានគោលដៅចំនួនបី សម្រាប់ឆ្នាំខាងមុខ ៖ (១) ធ្វើការងារបម្រើ ៩០ ភាគរយ (២) បង្រៀនមេរៀនដ៏សំខាន់នៃដំណឹងល្អរាល់សប្ដាហ៍ និង (៣) ធ្វើសកម្មភាពក្នុងកូរ៉ុមដោយមានការរៀបចំយ៉ាងល្អជារៀងរាល់ខែ ។
ប្រធានស្ដេកដ៏វ័យឆ្លាតរូបនេះបានញញឹមទៅមិត្តខ្ញុំហើយសួរថា « តើអ្នកអាចប្រាប់ឈ្មោះសមាជិកកូរ៉ុមដែលមិនសូវសកម្មម្នាក់ ដែលអ្នកអាចជួយឲ្យគាត់ និងគ្រួសារគាត់ទៅព្រះវិហារបរិសុទ្ធឆ្នាំនេះបានឬទេ? រឿងនោះបានធ្វើឲ្យមិត្តខ្ញុំភ្ញាក់ផ្អើល ។ គាត់បានគិតយ៉ាងប្រុងប្រយ័ត្ន ហើយប្រាប់ឈ្មោះមួយ ។ ប្រធានស្ដេកប្រាប់ថា « សូមកត់វាទុក » ។ បន្ទាប់មក អ្នកដឹកនាំដ៏ជំនាញរូបនេះបានសួរសំណួរដដែលចំនួនបីដងទៀត—រួចការសម្ភាសន៍ក៏កន្លងផុតទៅ ។ យុវជនរូបនេះបានដើរចេញពីការសម្ភាសន៍ដោយបានរៀនមេរៀនដ៏សំខាន់បំផុតមួយអំពីភាពជាអ្នកដឹកនាំ និងការងារបម្រើ ។ គាត់បានទៅការសម្ភាសន៍ដោយមាននូវកម្មវិធី មេរៀន និងសកម្មភាពនានា ។ គាត់បានដើរចេញមកវិញដោយមានឈ្មោះជាច្រើន ! ឈ្មោះទាំងបួននោះបានក្លាយជាការផ្ដោតដ៏ចម្បងរបស់គាត់ដើម្បីផ្ដល់ការងារបម្រើ ហើយនោះគឺជាកូរ៉ុមរបស់គាត់ ។
ក្នុងនាមជាអ្នកដឹកនាំបេសកកម្ម ខ្ញុំបានទៅទស្សនាសាខាមួយនៅព្រឹកថ្ងៃអាទិត្យ ។ ខ្ញុំបានកត់សម្គាល់ថា ប្រធានសាខាចេះតែដកកាតមួយចេញពីហោប៉ៅរបស់គាត់ ហើយកត់ត្រាទុក ។ ខ្ញុំបានសម្រេចចិត្តសួរគាត់អំពីរឿងនោះបន្ទាប់ពីការអធិស្ឋានបិទ ។ នៅពេលការប្រជុំបញ្ចប់ ហើយពីមុខខ្ញុំអាចសួរអំពីកាតនោះ អ្នកដឹកនាំបេសកកម្មសាខាបានប្រញាប់ទៅកាន់វេទិកា ដើម្បីទទួលក្រដាសនោះ ។ ខ្ញុំទៅតាមអ្នកដឹកនាំដ៏អង់អាចនេះភ្លាម ទៅកាន់ការប្រជុំសម្របសម្រួលប្រចាំសប្ដាហ៍របស់អ្នកផ្សព្វផ្សាយសាសនាប្រចាំសាខា ។ ពីមុនពួកគេចាប់ផ្ដើម គាត់បានដកយកក្រដាសចេញពីហោប៉ៅរបស់គាត់ ។ ក្រដាសនោះមានសរសេរឈ្មោះសមាជិកដែលពុំបានមកចូលរួមការប្រជុំសាក្រាម៉ង់ ។ ក្នុងរយៈពេលពីរបីនាទី សមាជិកម្នាក់ៗនៃក្រុមប្រឹក្សាបានជ្រើសរើសឈ្មោះមួយឬពីរ រួចតាំងចិត្តទៅសួរសុខទុក្ខនៅថ្ងៃនោះដើម្បីប្រាកដថាពួកគេមិនអី ហើយប្រាប់ឲ្យពួកគេដឹងថាពួកគេមានការនឹករលឹក ។ ឥឡូវនេះ នោះគឺជាការរាប់ និងការទទួលខុសត្រូវ ។
ខ្ញុំនឹកចាំពីមណ្ឌលមួយ ដែលធ្វើដំណើររាប់ម៉ោងដោយយន្ដហោះ យ៉ាងឆ្ងាយពីព្រះវិហារបរិសុទ្ធដែលនៅជិតបំផុត បានដាក់អាទិភាពខ្ពស់បំផុតក្នុងការរក្សាប័ណ្ណចូលព្រះវិហារបរិសុទ្ធឲ្យមានសុពលភាព មិនថាពួកគេអាចនឹងពុំបានប្រើវាក្ដី ។ នៅថ្ងៃអាទិត្យទីមួយរាល់ខែ ថ្នាក់ដឹកនាំប្រើឧបករណ៍ការរាប់ចំនួនរបស់ពួកគេដើម្បីទទួលខុសត្រូវចំពោះសមាជិកដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ។ ប្រសិនបើពួកគេឃើញថាមានប័ណ្ណណាមួយជិតផុតកំណត់ នោះលេខាប្រតិបត្តិនឹងដាក់កាលវិភាគដើម្បីមកសម្ភាសបន្ដប័ណ្ណ ។ អ្នកដែលប័ណ្ណផុតកំណត់ត្រូវបានអ្នកដឹកនាំពិភាក្សាគ្នា ហើយព្យាយាមជួយពួកគេឲ្យត្រឡប់មកលើផ្លូវនៃសេចក្ដីសញ្ញាវិញ ។ ខ្ញុំបានសួរថាតើសមាជិកដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយរបស់ពួកគេប៉ុន្មាននាក់ដែលមានប័ណ្ណសុពលមានភាព ។ ចម្លើយគឺអស្ចារ្យណាស់ ៩៨.៦ ភាគរយ ។ នៅពេលសួរអំពីមនុស្ស៦នាក់ដែលមានប័ណ្ណផុតសុពលភាព នោះថ្នាក់ដឹកនាំអាចប្រាប់អំពីឈ្មោះ ហើយរៀបរាប់អំពីការខិតខំរបស់ពួកគេដើម្បីជួយអ្នកទាំងនោះឲ្យត្រឡប់មកវិញ !
ប៉ុន្មានឆ្នាំមុន គ្រួសារខ្ញុំបានផ្លាស់មកសហរដ្ឋអាមេរិកវិញ ។ ពួកយើងរំភើបដើម្បីចូលរួមក្នុងសាសនាចក្រនៅទីនេះ បន្ទាប់ពីរយៈពេល២៦ឆ្នាំដ៏អស្ចារ្យនៅក្នុងអង្គភាពដ៏តូចដាច់ស្រយាល ។ ខ្ញុំត្រូវបានហៅឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនាក្នុងវួដ ។ ពួកយើងមានអ្នកដឹកនាំបេសកកម្មវួដដ៏អស្ចារ្យ ហើយបានធ្វើរឿងដ៏រីករាយ និងបង្រៀនមនុស្សល្អៗជាច្រើន ។ ខ្ញុំបានសុំឲ្យទៅចូលរួមនៅក្នុងការប្រជុំក្រុមប្រឹក្សាវួដដើម្បីសង្កេតមើល និងទទួលជំនួយពីពួកគេដើម្បីជួយមិត្តដែលយើងកំពុងបង្រៀន ។ ខ្ញុំភ្ញាក់ផ្អើលនៅពេលអ្វីដែលបានពិភាក្សានោះគឺជាសកម្មភាពវួដដែលនឹងធ្វើឡើងប៉ុណ្ណោះ ។ ក្រោយមក ខ្ញុំបានទៅជួបនឹងថ្នាក់ដឹកនាំបេសកកម្មវួដ ហើយគាត់ប្រាប់ថា គាត់ពុំមានឱកាសត្រឡប់ទៅរាយការណ៍អំពីមនុស្សរបស់យើងទេ ។ តើគាត់តបយ៉ាងម៉េចដែរ ? « អូ៎ ខ្ញុំពុំបានរាយការណ៍ទេ » ។
ខ្ញុំប្រៀបធៀបវាទៅនឹងការប្រជុំក្រុមប្រឹក្សាសាខានៅ ឡាហូ ប៉ាគីស្ថាន ដែលខ្ញុំបានចូលរួមកាលប៉ុន្មានសប្ដាហ៍មុននោះ ។ ក្រុមតូចនេះបានអង្គុយជារង្វង់នៅតុតូចមួយ ហើយអ្វីដែលពួកគេពិភាក្សាគឺអំពីមនុស្ស ។ ឈ្មោះទាំងឡាយ ។ ថ្នាក់ដឹកនាំម្នាក់ៗបានរាយការណ៍អំពី កិច្ចការរបស់ពួកគេ និងបុគ្គល និងក្រុមគ្រួសារដែលពួកគេខ្វល់ខ្វាយ ។ មនុស្សទាំងអស់មានឱកាសដើម្បីបន្ថែមគំនិតរបស់ពួកគេអំពីរបៀបដ៏ល្អបំផុតដែលពួកគេអាចប្រទានពរដល់អ្នកទាំងឡាយដែលត្រូវបានពិភាក្សានោះ ។ ផែនការត្រូវបានដាក់ ហើយការចាត់តាំងត្រូវបានផ្ដល់ឲ្យ ។ ឱនោះជាមេរៀនដ៏អស្ចារ្យអំពីការរាប់ចំនួន និងការទទួលខុសត្រូវតាមឈ្មោះមកពីបងប្អូនប្រុសស្រីជំនាន់ទីមួយរបស់យើង ។
នៅក្នុងសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ យើងត្រូវបានបង្រៀនដោយព្យាការីពីមុនៗ និងបច្ចុប្បន្ននេះ—និងតាមលំនាំដែលកំណត់ដោយព្រះអង្គសង្គ្រោះយើង អំពីរបៀបដើម្បីផ្ដល់ការងារបម្រើ ។ យើងយកឈ្មោះមក យើងចងចាំ ហើយយើងប្រឹក្សាអំពីសុខុមាលភាពនៃព្រលឹងទាំងឡាយ ។ អ្នកដឹកនាំដែលធ្វើការណ៍នេះនឹងពុំអស់អ្វីដែលត្រូវលើកឡើងនៅក្នុងការប្រជុំក្រុមប្រឹក្សារបស់ពួកគេនោះទេ ! គោលការណ៍នៃការរាប់ចំនួន និងការទទួលខុសត្រូវដ៏មានប្រសិទ្ធភាព ។ វាគឺជារបៀបរបស់ព្រះអម្ចាស់ ។ យើងអាចធ្វើល្អប្រសើរជាងនេះ ។ ចំពោះព្រះ ដែលបានបង្កើតសាកលលោក និងច្បាប់គ្រប់គ្រងទាំងអស់ កិច្ចការនេះ—ជាកិច្ចការ និងសិរីល្អរបស់ទ្រង់ —គឺជារឿងផ្ទាល់ខ្លួនណាស់ ។ ដូច្នេះ ពួកយើងម្នាក់ៗក៏គួរតែដូច្នោះដែរ ក្នុងនាមជាឧបករណ៍នៅក្នុងព្រះហស្តរបស់ទ្រង់នៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងដ៏អស្ចារ្យរបស់ទ្រង់ ។ អព្ភូតហេតុនៅក្នុងជីវិតរបស់មនុស្សពិតនឹងសម្ដែងឡើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។