សន្និសីទទូទៅ
ពុំ​មាន​​អ្នក​អង្គុយ​ឯកោ​ឡើយ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៥


14:3

ពុំ​មាន​​អ្នក​អង្គុយ​ឯកោ​ឡើយ

ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​រួមមាន​ការស្វែងរក និង​ការបើកចិត្ត​សម្រាប់​មនុស្ស​ទាំងអស់​នៅក្នុង​សាសនាចក្រ​ដែល​បានស្តារ​ឡើងវិញ​របស់​ទ្រង់ ។

I.

អស់​រយៈពេល​៥០​ឆ្នាំ​មក​នេះ ខ្ញុំ​បាន​រៀន​ទាំង​វប្បធម៌ និង​វប្បធម៌​នៃ​ដំណឹងល្អ ។ ខ្ញុំ​បាន​ចាប់​ផ្តើម​ជាមួយ​នឹង​នំ​ឃុកឃី​នាំសំណាង ។

នៅ​ទីក្រុង​ចិន​ក្នុង​សាន់ហ្វ្រាន់ស៊ីស្កូ អាហារ​ពេល​ល្ងាច​របស់​គ្រួសារ ហ្គង បាន​បន្ថែម​នំ​ឃុកឃីនាំសំណាងដែល​មាន​ក្រដាស​តូច​មួយ​នៅ​ខាង​ក្នុង​ដែល​សរសេរ​ថា « ការធ្វើ​ដំណើរ​ដ៏​សែន​ឆ្ងាយ​ដោយ​ចាប់ផ្តើម​តែ​មួយ​ជំហាន » ។

ព្រេងសំណាង​នៅក្នុង​នំ​ឃុកឃីនាំ​សំណាង

កាលនៅ​ជា​យុវមជ្ឈិមវ័យ ខ្ញុំ​បាន​ដុត​នំ​ឃុកឃី​នាំ​សំណាង​ ។ ដោយ​ពាក់​ស្រោម​ដៃ​ក្រណាត់ពណ៏ស ហើយ​លូក​យកនំ​ឃុកឃី​រាងមូល​ក្ដៅៗ​ចេញ​ពី​ចង្រ្កាន ។

ការធ្វើ​នំ​ឃុកឃី​នាំ​សំណាង
ការបត់​នំឃុកឃី​នាំ​សំណាង

ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពេល​ខ្ញុំ​បាន​ដឹង​ថា​នំ​ឃុកឃី​នាំ​សំណាង​មិនមែន​ជា​វប្បធម៌​ដើម​របស់​ចិន​ទេ ។ ដើម្បី​វែកញែក​ពី​វប្បធម៌​នំ​ឃុកឃី​នាំ​សំណាង​របស់​ចិន អាមេរិក និង​អឺរ៉ុប ខ្ញុំ​បាន​ស្វែងរក​មើល​នំ​ឃុកឃី​នាំ​សំណាង​នៅ​ទ្វីប​ជា​ច្រើន ដូច​ជា​គេ​ប្រើ​ទីតាំង​ជាច្រើន​កន្លែង​ដើម្បី​កំណត់​ពី​ការចាប់ផ្តើមភ្លើង​ឆេះ​ព្រៃ​ដូច្នោះ​ដែរ ។ ភោជនីយដ្ឋាន​ចិន​នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ទីក្រុង​ឡូស អាន់ជើឡែស និង​រដ្ឋ​ញូវយ៉កមាន​លក់នំ​ឃុកឃី​នាំ​សំណាង ប៉ុន្តែ​ភោជនីយដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង ទីក្រុង​ឡុងដ៍ ឬ​ស៊ីដនី​មិន​មាន​លក់នំ​ឃុកឃី​នាំ​សំណាង​នោះ​ទេ ។ មាន​តែ​ប្រជាជន​អាមេរិក​ប៉ុណ្ណោះ​ដែល​ប្រារព្ធ​ទិវា​បុណ្យ​ជាតិ​សម្រាប់​នំ​ឃុកឃី​នាំ​សំណាង​ ។ មាន​តែ​ចិន​ប៉ុណ្ណោះ​ដែល​ផ្សព្វផ្សាយ​លក់​ហើយ​ផ្តល់​ឲ្យ​នូវ« នំឃុកឃី​នាំ​សំណាង​អាមេរិក​រស់ជាតិដើម​ពិតប្រាកដ​ » ។

នំ​ឃុកឃី​នាំ​សំណាង​គឺ​ជា​ឧទាហរណ៍​ដ៏​​រីករាយ និង​សាមញ្ញ ។ ប៉ុន្តែ​គោលការណ៍​ដូច​គ្នា​នៃ​ការប្រៀបធៀប​ការអនុវត្ត​វប្បធម៌​នៅក្នុង​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា​អាច​ជួយ​យើង​វែកញែក​វប្បធម៌​នៃ​ដំណឹងល្អ​បាន ។ ហើយ​ឥឡូវ​នេះ​ព្រះអម្ចាស់​កំពុង​ប្រទាន​ឱកាស​ថ្មីៗ​ដើម្បី​រៀន​ពី​វប្បធម៌​នៃ​ដំណឹងល្អ​ខណៈ​ដែល​ការព្យាករ​នៅក្នុង​ព្រះគម្ពីរ​មរមន និង​ពាក្យ​ប្រៀបប្រដូច​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ត្រូវ​បាន​បំពេញ ។

II.

មនុស្ស​កំពុង​ផ្លាស់ប្តូរ​ទីលំនៅ​គ្រប់​ទីកន្លែង ។ អង្គការ​សហប្រជាជាតិ​រាយការណ៍​ថា ជន​ចំណាកស្រុក​អន្តរជាតិ​មាន​ចំនួន​២៨១ លាន​នាក់ ។ ចំនួន​ជន​ចំណាកស្រុក ១២៨ លាន​នាក់​លើស​ពី​ចំនួន​នៅ​ឆ្នាំ​១៩៩០ និង​ច្រើន​ជាង​បី​ដង​នៃ​ចំនួន​ប៉ាន់ប្រមាណ​នៅក្នុង​ឆ្នាំ​១៩៧០ ។ នៅ​គ្រប់​ទីកន្លែង មានអ្នក​ប្រែចិត្ត​ជឿ​ជាច្រើន​កំពុង​ស្វែងរក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ រៀង​រាល់​ថ្ងៃ​ឈប់សម្រាក សមាជិក និង​មិត្តភក្តិ​នៅ​ប្រទេស​កំណើត និង​ដែនដី​ចំនួន​១៩៥ ជួបជុំ​គ្នា​នៅក្នុង​ក្រុមជំនុំ​​៣១,៩១៦០ របស់​សាសនាចក្រ ។ យើង​និយាយ​១២៥ ភាសា ។

ការជួប​ជាមួយ​ពួកបរិសុទ្ធ​នៅ​អាល់បានី
ការជួប​ជាមួយ​ពួកបរិសុទ្ធ​នៅម៉ាសេដូនៀ​ខាងជើង
ការជួប​ជាមួយ​ពួកបរិសុទ្ធ​នៅកូសូវ៉ូ
ការជួប​ជាមួយ​ពួកបរិសុទ្ធ​នៅស្វីស
ការជួប​ជាមួយ​ពួកបរិសុទ្ធ​នៅអាល្លឺម៉ង់
ការជួប​ជាមួយ​ពួកបរិសុទ្ធ​នៅអាល្លឺម៉ង់

ថ្មីៗ​នេះ នៅ​អាល់បានី ម៉ាសេដូនៀ​ខាងជើង កូសូវ៉ូ ស្វីស និងអាល្លឺម៉ង់ ខ្ញុំ​បាន​ធ្វើ​ជា​សាក្សី​ចំពោះ​សមាជិក​ថ្មី​កំពុងបំពេញ​តាម​ពាក្យប្រៀប្រដូច​នៃ​ដើម​អូលីវ ។ នៅ​ក្នុង យ៉ាកុប ៥ម្ចាស់​ចម្ការ និង​ពួក​អ្នកបម្រើ​របស់​ទ្រង់​ពង្រឹង​ទាំង​ឫស និង​មែក​អូលីវ​ដោយ​ការប្រមូល និង​បំបៅ​នៅ​ជាប់​ដើម​ដែល​មកពី​ទីតាំង​ផ្សេងៗ​គ្នា ។ សព្វថ្ងៃនេះ កូនចៅ​របស់​ព្រះ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ ព្រះអម្ចាស់​បានប្រទាន​នូវ​មធ្យោបាយ​តាម​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ពង្រីក​ភាពពេញលេញ​នៃ​ការរស់នៅ និង​ការយល់ដឹង​របស់​យើង​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ទ្រង់ ។

ដោយ​រៀបចំ​យើង​សម្រាប់​នគរ​នៃ​ស្ថានសួគ៌ ព្រះយេស៊ូវ​ប្រាប់​ពី​ពាក្យ​ប្រៀបប្រដូច​នៃ​ពិធី​ជប់លៀង​ជា​យ៉ាង​ធំ និង​ពិធីមង្គលការ ។ នៅក្នុង​ពាក្យ​ប្រៀប​ប្រដូច​ទាំងនេះ ភ្ញៀវ​ដែល​បានអញ្ជើញ​បាន​ដោះសារ​មិន​មក ។ លោក​ចៅហ្វាយ​ក៏​បាន​ណែនាំ​បាវ​របស់​ទ្រង់​ឲ្យ « ប្រញាប់​ចេញ​ទៅ » ហើយ​ទៅ​ទាំង « ឯ​ផ្លូវ​តូច​ធំ​នៅ​ទី​ក្រុង » ដើម្បី « នាំ​អស់ » ពួក​មនុស្ស​ក្រ ពិការ ខ្វាក់ និង​ខ្ញើច ចូល​មក​ឲ្យ​ឆាប់ ។ បើ​និយាយ​ខាងវិញ្ញាណ​វិញ នោះ​គឺជា​ពួកយើង​ម្នាក់ៗ ។

ព្រះគម្ពីរ​ប្រកាស​ថា ៖

« គ្រប់​ទាំង​សាសន៍​ណា​ដែល​ត្រូវ​បាន​អញ្ជើញ » គឺ​ឲ្យ​មក​ទទួល​ទាន « អាហារ​នៃ​ដំណាក់​នៃ​ព្រះ​អម្ចាស់ » ។

« ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ​អម្ចាស់ … ប្រយោជន៍​ឲ្យ​នគរ​របស់​ទ្រង់ អាច​បាន​ចេញ​ទៅ​លើ​ផែនដី ប្រយោជន៍​ឲ្យ​បណ្ដាជន​នៅ​លើ​ទី​នោះ អាច​បាន​ទទួល​នគរ​របស់​ទ្រង់​ផង ហើយ​ចូរ​ប្រុងប្រៀប​ជាស្រេច​ចាំ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់ » ។

នៅ​សព្វ​ថ្ងៃ​​នេះ អស់​អ្នក​ដែល​បានអញ្ជើញ​ឲ្យ​ទៅ​ទទួលទាន​អាហារ​របស់​ព្រះអម្ចាស់ មកពី​គ្រប់​ទីកន្លែង និង​គ្រប់​វប្បធម៌ ។ ទាំង​ចាស់ និង​ក្មេង ទាំង​អ្នក​មាន និង​អ្នក​ក្រ ទាំង​ក្នុង​មូលដ្ឋាន និង​ជា​សកល យើង​ធ្វើ​ឲ្យ​ក្រុមជំនុំ​នៃ​សាសនាចក្រ​របស់​យើង​មាន​លក្ខណៈ​ដូចជា​សហគមន៍​របស់​យើង ។

ក្នុង​នាម​ជា​សាវក​ធំ ពេត្រុស​បានឃើញ​ស្ថានសួគ៌​បើក​ចំហ​នៅក្នុង​ទស្សន​និមិត្ត​មួយ​នៃ « សំពត់​កម្រាល​យ៉ាង​ធំ … ចង​ទាំង​៤​ជ្រុង … ដែល​នៅក្នុង​សំពត់​នោះ​មាន​សត្វ … គ្រប់​មុខ » ។ ពេត្រុស​បាន​បង្រៀន​ថា « ប្រាកដ​មែន​ខ្ញុំ​យល់ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ ។ … គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោតខ្លាច​ដល់ [ ព្រះអម្ចាស់ ] ព្រម​ទាំង​ប្រព្រឹត្ត​សេចក្តី​សុចរិត នោះ​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់​ដែរ » ។

សាសន៍​សាម៉ារី​ចិត្ត​ល្អ

នៅក្នុង​ពាក្យប្រៀបប្រដូច​នៃ​សាសន៍​សាម៉ារី​ចិត្ត​ល្អ ព្រះយេស៊ូវ​អញ្ជើញ​យើង​ឲ្យ​មក​រក​គ្នា និង​មករក​ទ្រង់​នៅក្នុង​ផ្ទះ​សំណាក់​របស់​ទ្រង់—សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​អញ្ជើញ​ឲ្យ​យើង​ធ្វើ​ជា​អ្នក​ជិតខាង​ល្អ ។ សាសន៍​សាម៉ារី​ចិត្ត​ល្អ​សន្យា​នឹង​ត្រឡប់​មក​វិញ ហើយ​ផ្ដល់​រង្វាន់​ដល់​ការថែទាំ​ដល់​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះសំណាក់​របស់​ទ្រង់ ។ ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​រួមមាន​ការស្វែងរក និង​ការបើកចិត្ត​សម្រាប់​មនុស្ស​ទាំងអស់​នៅក្នុង​សាសនាចក្រ​ដែល​បានស្តារ​ឡើងវិញ​របស់​ទ្រង់ ។

ស្មារតី​នៃ « បន្ទប់​នៅក្នុង​ផ្ទះ​សំណាក់ » រួមមាន « ពុំ​មាន​​អ្នក​អង្គុយ​ឯកោ​ឡើយ » ។ នៅពេល​បងប្អូន​មក​ព្រះវិហារ បើ​បងប្អូន​ឃើញ​នរណា​ម្នាក់​អង្គុយឯកោ តើ​បងប្អូន​នឹង​និយាយ​សួរ​សុខទុក្ខ ហើយ​អង្គុយ​ជាមួយ​គាត់​បានដែរ​ទេ ? នេះ​ប្រហែល​បងប្អូន​មិន​ធ្លាប់​ធ្វើ​ ។ បុគ្គល​នោះ​អាច​មើល​ទៅ ឬ​និយាយខុស​ពី​បងប្អូន ។ ហើយ​ជា​ការពិត​ណាស់ ដូចជា​នំឃុកឃី​នាំ​សំណាង​អាច​ប្រាប់​ថា « ដំណើរ​នៃ​មិត្តភាព និង​សេចក្តីស្រឡាញ់​នៅក្នុង​ដំណឹងល្អ​ចាប់ផ្ដើមដោយ​ពាក្យដំបូងគេថា ​សួស្ដី ហើយ​ពុំ​មាន​​អ្នក​អង្គុយ​ឯកោ​ឡើយ » ។

« ពុំ​មាន​អ្នក​អង្គុយ​ឯកោ​ឡើយ » ក៏​មានន័យ​ថា ពុំមានអ្នក​អង្គុយ​ឯកោ​ខាងសតិអារម្មណ៍ និង​ខាងវិញ្ញាណ​នោះ​ដែរ ។ ខ្ញុំ​បាន​ទៅ​ជាមួយ​ឪពុក​ដែល​មាន​ចិត្ត​សង្រេង​ទៅ​ជួប​កូនប្រុស​របស់​គាត់ ។ ប៉ុន្មាន​ឆ្នាំ​មុន កូន​ប្រុស​បាន​រំភើប​ក្នុង​ការ​ធ្វើ​ជា​ឌីកុន​ថ្មី ។ នា​ឱកាស​នោះ មាន​ទាំង​ការ​​ទិញ​ស្បែកជើង​ថ្មី​លើកទីមួយ​ពី​គ្រួសារ​របស់​គាត់​ឲ្យ​ផងដែរ ។

ប៉ុន្តែ​នៅ​ឯ​ព្រះវិហារ ពួក​ឌីកុន​បាន​សើច​ចំអក​ឲ្យ​គាត់ ។ ស្បែកជើង​គាត់​ថ្មី ប៉ុន្តែ​មិន​ទាន់​សម័យ ។ ដោយ​ភាព​អាម៉ាស់ និង​ក្ដី​ឈឺចាប់ ឌីកុន​វ័យ​ក្មេង​រូប​នេះ​បាន​និយាយ​ថា គាត់​នឹង​មិន​ទៅ​ព្រះវិហារ​ទៀត​ទេ ។ ដួងចិត្ត​របស់​ខ្ញុំ​នៅ​តែ​សង្រេង​សម្រាប់​គាត់ និង​គ្រួសារ​របស់​គាត់ ។

នៅលើ​ផ្លូវ​ដី​ហ៊ុយ​ទៅកាន់​យេរីខូ យើង​ម្នាក់ៗ​ត្រូវ​បានសើច​ចំអក​ដាក់ រង​ភាព​អាម៉ាស់ និង​ការឈឺចាប់ ឬ​ប្រហែលជា​ត្រូវបាន​ប្រមាថ ឬ​រំលោភ​បំពាន​ទៀត​ផង ។ ហើយ​ដោយ​មាន​ការធ្វេសប្រហែស យើង​ម្នាក់ៗ​ក៏​ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺចាប់​ដោយ​អចេតនា​ផងដែរ ។ វា​ច្បាស់​ណាស់​ដោយសារ​ថា​អ្នក​ដទៃ​បាន​ធ្វើ​ឲ្យ​យើង​ឈឺចាប់ ហើយ​​យើង​បាន​ធ្វើ​ឲ្យ​អ្នកដទៃ​ឈឺចាប់​ដែរ នោះព្រះ​យេស៊ូវគ្រីស្ទ​នាំ​យើង​ទៅកាន់​ផ្ទះសំណាក់​របស់​ទ្រង់ ។ នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ និង​តាមរយៈ​ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​របស់​ទ្រង់ យើង​មក​រក​គ្នា​ទៅវិញទៅមក ហើយ​មក​កាន់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ស្រឡាញ់ និង​ទទួល​បាន​ការស្រឡាញ់ បម្រើ និង​ទទួល​បាន​ការបម្រើ អភ័យទោស និង​ទទួល​បាន​ការអភ័យទោស ។ សូម​ចងចាំ​ថា « គ្មាន​ទុក្ខសោក​លើ​ផែនដី​ណា​ដែល​ស្ថានសួគ៌​មិន​អាច​ប្រោស​ឲ្យ​ជា​បាន​នោះ​ទេ » បន្ទុក​លើ​ផែនដី​នឹង​បាន​ធូរស្រាល—អំណរ​របស់​ព្រះអង្គសង្រ្គោះ​គឺ​ពិត ។

នៅក្នុង នីហ្វៃទី១ ១៩ យើង​អាន ៖ « សូម្បីតែ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ក៏ [ ពួកគេ ] យក​មក​ជាន់​ឈ្លី​នៅ​ក្រោម​ជើង​របស់​ពួកគេ​ដែរ … ពួកគេ​ចាត់​ទុក​ទ្រង់​ថា​គ្មាន​តម្លៃ​អ្វី​សោះ ។ … ហេតុដូច្នោះ​ហើយ ពួកគេ​វាយ​ទ្រង់ ក៏​ទ្រង់​អត់ធ្មត់ ពួកគេ​ទះ​ទ្រង់ ក៏​ទ្រង់​អត់ធ្មត់ ។ មែន​ហើយ ពួកគេ​ស្ដោះ​ដាក់​ទ្រង់ ក៏​ទ្រង់​អត់ធ្មត់ » ។

មិត្ត​របស់​ខ្ញុំ​សាស្រ្តាចារ្យ ធើរី វ័នណឺ មាន​ប្រសាសន៍​ថា ការវិនិច្ឆ័យ ការវាយ ការទះ និង​ការស្ដោះ​ទឹកមាត់​ដាក់​មិន​មែន​ជា​ព្រឹត្តិការណ៍​ម្តងម្កាល​ដែល​កើត​ឡើង​តែ​ក្នុង​អំឡុង​ពេល​ព្រះជន្ម​រមែងស្លាប់​របស់​ព្រះគ្រីស្ទប៉ុណ្នោះ​នោះ​ទេ ។ របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា ជា​ពិសេស​ចំពោះ​ជន​ដែល​ស្រេកឃ្លាន ស្រេកទឹក អស់​អ្នក​ដែល​ទុក​ឲ្យ​ឯកោ នោះ​គឺ​ដូចជា​យើង​ប្រព្រឹត្ត​ចំពោះ​ទ្រង់​ដែរ ។

នៅក្នុង​សាសនាចក្រ​ដែល​បានស្ដារឡើងវិញ​របស់​ទ្រង់ យើង​ទាំងអស់​គ្នា​ធ្វើ​បានល្អ​ប្រសើរ​នៅពេល​មិនមាន​អ្នក​អង្គុយ​ឯកោ​ម្នាក់​ឯង ។ ចូរ​ឲ្យ​យើង​កុំ​គ្រាន់​តែ​ផ្ដល់​កន្លែង​ជួបជុំ ឬ​អត់​ធ្មត់​នោះ​ឡើយ ។ ចូរ​ឲ្យ​យើង​ស្វាមគមន៍ ទទួលស្គាល់ ផ្ដល់​ការងារបម្រើ ស្រឡាញ់​យ៉ាង​ពិតប្រាកដ ។ សូម​ឲ្យ​មិត្តសម្លាញ់ បងប្អូនស្រី បងប្អូនប្រុស​ម្នាក់ៗ​កុំ​ធ្វើ​ជា​អ្នក​ដទៃ ឬ​ជា​ជន​ប្លែក​មុខ​ឡើយ ប៉ុន្តែ​គឺជា​បុត្រ​ម្នាក់​នៅក្នុង​ដំណាក់​ព្រះ ។

ស្ត្រី​នៅតែ​ឯងឯកោ​នៅ​ក្នុង​ព្រះវិហារ

នៅ​សព្វថ្ងៃ​នេះ មាន​មនុស្ស​ជាច្រើន​មាន​អារម្មណ៍​ឯកោ និង​ដាច់​ដោយ​ឡែក​ពី​គេ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​បញ្ញា​សិប្បនិម្មិត​អាច​បង្កើត​នូវ​ការបំភាន់​​ឲ្យ​យើង​ប្រាថ្នា​ភាពជិតស្និទ្ធ​របស់​មនុស្ស​ជាតិ និង​ការប៉ះពាល់​របស់​មនុស្ស​ជាតិ ។ យើង​ចង់​ស្តាប់​ឮ​សំឡេង​របស់​គ្នា​ទៅវិញ​ទៅមក ។ យើង​ចង់​បាន​ភាព​រួមចំណែក និង​សេចក្តីសប្បុរស​ពិតប្រាកដ ។

អង្គុយ​ជាមួយ​មិត្តភក្តិ​នៅឯ​ព្រះវិហារ

មាន​ហេតុផល​ជាច្រើន​ដែល​យើង​អាច​មាន​អារម្មណ៍​ថា​យើង​មិន​ចុះ​ចំណោម​នឹងគេ​នៅក្នុង​ព្រះវិហារ—ថា​បើ​និយាយ​ប្រៀបធៀប​ទៅ​គឺ​យើង​អង្គុយ​ឯកោ​តែ​ម្នាក់​ឯង ។ យើង​អាច​ព្រួយបារម្ភ​ពី​ការបញ្ចេញ​សំឡេង​ការនិយាយ សម្លៀកបំពាក់ ស្ថានភាព​គ្រួសារ​របស់​យើង ។ ប្រហែល​យើង​មាន​អារម្មណ៍​ថា​មិន​ល្អ​គ្រប់គ្រាន់ ធុំ​ក្លិន​ ចង់​បាន​ភាពស្អាត​ខាង​សីលធម៌ ទើប​បែកបាក់​ជាមួយ​នរណា​ម្នាក់ ហើយ​មាន​អារម្មណ៍​ឈឺចាប់ និង​អាម៉ាស់ មាន​ការព្រួយបារម្ភ​នេះ​នោះ​អំពី​គោលនយោបាយ​របស់​សាសនាចក្រ ។ យើង​ប្រហែលជា​នៅ​លីវ លែងលះ មេម៉ាយ ឬ​ពោះម៉ាយ ។ កូនៗ​របស់​យើង​រញ៉េរញ៉ៃ ឬ​យើង​គ្មាន​កូន ។ យើង​មិន​បានបម្រើ​បេសកកម្ម ឬ​ត្រឡប់​ពី​បេសកកម្ម​មុន​កំណត់ ។ មាន​ជា​ហូរហែ ។

ម៉ូសាយ ១៨:២១ អញ្ជើញ​យើង​ឲ្យ​ចងក្រង​ដួងចិត្ត​របស់​យើង​ដោយ​ក្ដី​ស្រឡាញ់​ជាមួយ​គ្នា ។ ខ្ញុំ​សូម​អញ្ជើញ​យើង​ឲ្យ​កាត់​បន្ថយ​ការព្រួយ​បារម្ភ កាត់​បន្ថយ​ការវិនិច្ឆ័យ កាត់​បន្ថយ​ការទាញចំណាប់អារម្មណ៍ពី​អ្នកដទៃ—ហើយ​​ចាំបាច់នោះ ត្រូវ​កាត់​បន្ថយ​ការវិនិច្ឆ័យ​លើខ្លួន​ឯង ។ យើង​មិន​បង្កើត​ទីក្រុងស៊ីយ៉ូន​ក្នុង​ពេល​តែ​មួយ​ថ្ងៃ​នោះ​ទេ ។ ប៉ុន្តែ​រាល់​ពាក្យ « ជម្រាបសួរ » នីមួយៗ រាល់​កាយវិការ​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​នីមួយៗ​នឹង​នាំ​មក​នូវ​ភាព​ជិតស្និទ្ធ ។ សូម​ឲ្យ​យើង​ជឿ​លើ​ព្រះអម្ចាស់​កាន់តែ​ច្រើន ហើយ​ជ្រើសរើស​កាន់​តាម​បទបញ្ញត្តិ​របស់​ទ្រង់​ដោយ​អំណរ ។

III.

តាម​គោលលទ្ធិ នៅក្នុង​គ្រួសារ​នៃ​សេចក្តីជំនឿ និង​ការប្រព្រឹត្តិរបស់​ពួកបរិសុទ្ធ នោះពុំ​មាន​​អ្នក​អង្គុយ​ឯកោ​ឡើយ​ ក៏ព្រោះតែ​​សេចក្តីសញ្ញា​ជា​របស់​ផង​នៅក្នុងព្រះយេស៊ូវគ្រីស្ទ ។

ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀន​ថា ៖ « វា​ត្រូវ​បាន​ទុក​សម្រាប់​យើង​ដើម្បី​មើល​ឃើញ ចូលរួម និង​ឆ្ពោះទៅ​មុខ​នូវ​សិរីល្អ​នៅ​ថ្ងៃ​ចុងក្រោយ ‹ សម័យ​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ … › នៅពេល​ពួកបរិសុទ្ធ​នៃ​ព្រះ​នឹង​ត្រូវបាន​ប្រមូលផ្តុំគ្នា​ពីគ្រប់​ជាតិសាសន៍ និង​គ្រប់ពូជពង្ស និង​មនុស្ស និង​គ្រប់ភាសា » ។

ព្រះ « មិន​ធ្វើ​ការណ៍​ឡើយ លើក​លែង​តែ​ការណ៍​នោះ​ច្បាស់លាស់​ដល់​កូន​ចៅ​មនុស្ស … ដើម្បី​ទ្រង់​អាច​ទាញ​មនុស្ស [ ប្រុស​និង​ស្រ្តី ] ទាំង​អស់ មក​រក​ទ្រង់ ។…

« …ទ្រង់​អញ្ជើញ​ពួក​គេ ទាំង​អស់​គ្នា ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​ទាន​នូវ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ … ហើយ … ទាំង​អស់ ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

ការប្រែចិត្តជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​តម្រូវ​ឲ្យ​សម្រាត​ចោល​ភាព​ខាងសាច់ឈាម និង​វប្បធម៌​ខាងលោកិយ ។ ដូចជា​ប្រធាន ដាល្លិន អេក អូក បង្រៀន យើង​ទាំងអស់​គ្នា​ថា​ឲ្យ​បោះបង់​ចោល​ទំនៀមទម្លាប់ និង​ការអនុវត្ត​វប្បធម៌​ដែល​ផ្ទុយ​ទៅ​នឹង​បទបញ្ញត្តិ​របស់​ព្រះ ហើយ​ប្រែក្លាយ​ជា​ពួក​បរិសុទ្ធ​នៅ​ថ្ងៃ​ចុងក្រោយ ។ លោក​បានពន្យល់​ថា « មាន​វប្បធម៌​ដំណឹងល្អ​ដ៏​ពិសេស​មួយ​បង្កើត​ជា​ចង្កោម​នៃ​គុណតម្លៃ និង​ការរំពឹងទុក ហើយ​នឹងជា​ការអនុវត្ត​ជាទូទៅ​ចំពោះ​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទាំង​អស់ ។ » វប្បធម៌​ដំណឹងល្អ​រួមមាន​ព្រហ្មចារីយ៍ ការចូលរួម​នៅ​ព្រះវិហារ​ជា​រៀងរាល់​សប្តាហ៍ ការចៀសវាង​គ្រឿង​ស្រវឹង ថ្នាំជក់ តែ និង​កាហ្វេ ។ វា​រួមបញ្ចូល​ទាំង​ភាពស្មោះត្រង់ និង​សុចរិតភាព ការយល់ដឹង​ថា​យើង​ឆ្ពោះ​ទៅ​មុខ​ក្នុង​ការបម្រើ មិនមែន​ជា​ការឡើង​ឋានៈ ឬ​ធ្លាក់​ឋានៈ​នៅក្នុង​សាសនាចក្រ​នោះ​ទេ ។

ខ្ញុំ​រៀន​ពី​សមាជិក និង​មិត្តភក្តិ​ស្មោះត្រង់​នៅ​គ្រប់​ដែនដី និង​វប្បធម៌ ។ ព្រះគម្ពីរ​ដែល​បានសិក្សា​ជា​ភាសា​ជាច្រើន និង​ទស្សនវិស័យ​វប្បធម៌​បាន​ធ្វើ​ឲ្យ​ការយល់ដឹង​អំពី​ដំណឹងល្អ​កាន់តែ​ស៊ីជម្រៅ ។ ការបង្ហាញ​ពី​គុណលក្ខណៈ​ខុសៗ​គ្នា​របស់​ព្រះគ្រីស្ទ​ពង្រឹង​សេចក្តីស្រឡាញ់​របស់​ខ្ញុំ និង​ការយល់ដឹង​អំពី​ព្រះអង្គសង្រ្គោះ​របស់​ខ្ញុំ ។ អ្វីៗ​ទាំងអស់​គឺជា​ពរជ័យ​នៅពេល​យើង​ស្វែងយល់​ពី​អត្តសញ្ញាណ​នៃ​វប្បធម៌​របស់​យើង ដូចជា​ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន​ថា ក្នុង​នាម​ជា​កូន​របស់​ព្រះ ជា​កូន​នៃ​សេចក្តីសញ្ញា ជា​សិស្ស​របស់​ព្រះគ្រីស្ទ ។

សេចក្តីសុខសាន្ត​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ មាន​សម្រាប់​យើង​ម្នាក់ៗ​ផ្ទាល់ខ្លួន ។ ថ្មីៗ​នេះ យុវជន​ម្នាក់​បាន​សួរ​ដោយ​ស្មោះត្រង់​ថា « អែលឌើរ ហ្គង តើ​ខ្ញុំ​នៅ​តែ​អាច​ទៅ​ស្ថានសួគ៌​បាន​ដែរ​ឬ​ទេ ? » គាត់​ងឿងឆ្ងល់​ថា​តើ​គាត់​អាច​ទទួល​បាន​ការអត់​ទោស​ដែរ​ឬ​ទេ ។ ខ្ញុំ​បាន​សួរ​ឈ្មោះ​គាត់ ស្តាប់​ដោយ​យក​ចិត្ត​ទុកដាក់ បានអញ្ជើញ​គាត់​ឲ្យ​ជួប​ជាមួយ​ប៊ីស្សព​របស់​គាត់ បាន​ឱប​គាត់​យ៉ាង​ណែន ។ គាត់​បានចាកចេញ​ទៅ​ដោយ​មាន​ក្តីសង្ឃឹម​ក្នុង​ព្រះគ្រីស្ទ ។

ខ្ញុំ​បានលើក​ឡើង​អំពី​យុវជន​រូប​នេះ​នៅ​ទីកន្លែង​ផ្សេង​ទៀត ។ ក្រោយ​មក ខ្ញុំ​បាន​ទទួល​សំបុត្រ​ដែល​មិន​បាន​ចុះហត្ថលេខា​ដែល​ចាប់ផ្តើម​ថា « អែលឌើរ ហ្គង ភរិយា​របស់​ខ្ញុំ និង​ខ្ញុំ​បានចិញ្ចឹម​កូនប្រាំ​បួន​នាក់ … និង​ចេញបម្រើ​បេសកកម្ម​ពីរនាក់ » ។ ប៉ុន្តែ « ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ថា​ខ្ញុំ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​នគរ​សេឡេស្ទាល​ទេ … ដោយសារ​អំពើបាប​របស់​ខ្ញុំ​កាល​ពី​នៅ​ជា​យុវវ័យ​គឺ​ធ្ងន់ធ្ងរ​ពេក ! »

លិខិត​នោះ​បានបន្ត​ថា « អែលឌើរ ហ្គង នៅពេល​ដែល​លោក​ប្រាប់​អំពី​យុវជន​ដែល​ទទួល​បាន​ក្តីសង្ឃឹម​នៃ​ការអត់ទោស ខ្ញុំ​ពោរពេញ​ដោយ​សេចក្តីរីករាយ ដោយ​ចាប់ផ្តើម​ដឹង​ថា ប្រហែល​ជា​ខ្ញុំ [ អាច​ត្រូវ​អត់ទោស​ឲ្យ ] ផងដែរ » ។ សំបុត្រ​នោះ​បានបញ្ចប់​ថា « ឥឡូវ​នេះ​ខ្ញុំ​ថែម​ទាំង​ស្រឡាញ់​ខ្លួន​ឯង​ផងដែរ ! »

កម្មសិទ្ធិ​នៃ​សេចក្ដី​សញ្ញា​ត្រូវបាន​ពង្រឹង​នៅពេល​យើង​មក​រក​គ្នា​ទៅវិញ​ទៅ​មក និង​មក​រក​ព្រះ​អម្ចាស់​នៅក្នុង​ផ្ទះសំណាក់​របស់​ទ្រង់ ។ ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង​ទាំងអស់​គ្នា​នៅពេល​ដែល​ពុំ​មាន​​អ្នក​អង្គុយ​ឯកោ ។ ហើយ​តើ​នរណា​នឹង​ដឹង​ទៅ ? អ្នក​ដែល​យើង​អង្គុយ​នៅ​ជិត​យើងអាច​ក្លាយ​ជា​មិត្តនៃ​នំឃុកឃីនាំសំណាង ។ សូម​ឲ្យ​យើង​ស្វែងរក​ទ្រង់​ដោយ​រាបសារ និង​ទុក​កន្លែង​សម្រាប់​ទ្រង់ និង​សម្រាប់​គ្នា​ទៅវិញ​ទៅមក​នៅ​ឯ​តុអាហារ​របស់​កូន​ចៀម ខ្ញុំ​សូម​អធិស្ឋាន​យ៉ាង​ស្មោះស្ម័គ្រ នៅក្នុង​ព្រះនាម​នៃ​ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល « Fortune Cookies Didn’t Come from China » Royal Examinerថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ royalexaminer.com/fortune-cookies-didnt-come-from-china « National Fortune Cookie Day » Days of the Year, daysoftheyear.com/days/fortune-cookie-day ។

  2. ដំណើរការ​នៃ​ត្រីកោណ​វប្បធម៌​ក៏​អាច​ជួយ​វែកញែក​អ្វី​ដែល​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វប្បធម៌​នៃ​ដំណឹងល្អ វប្បធម៌​ជាតិ​ក្នុង​មូលដ្ឋាន និង​វប្បធម៌​អន្តរជាតិ​ទំនើប​ផងដែរ ។

  3. International Organization for Migration, World Migration Report 202421, publications.iom.int/books/world-migration-report-2024 ។ « នៅក្នុង​ឆ្នាំ​២០២២ មាន​ប្រជាជន​ផ្លាស់​ទីលំនៅ​ចំនួន​១១៧ លាននាក់​នៅលើ​ពិភពលោក និង ៧១.២ លាននាក់​ត្រូវបាន​ផ្លាស់ទី​លំនៅ​ខាងក្នុង » ( របាយការណ៍​ជន​ភៀស​ខ្លួន​ពិភពលោក​ឆ្នាំ​២០២៤xii) ។

  4. សូមមើល យ៉ាកុប ៥ ។

  5. គ្រប់​ភាសា និង​វប្បធម៌​មាន​ពាក្យ និង​វាក្យសព្ទ​ដែល​ពិពណ៌នា​អំពី​កិច្ចការ​ដែល​ទន់ភ្លន់​នៃ​ដួងចិត្ដ ។ ភាពពេញលេញ​នៃ​ការរស់នៅ​របស់​យើង​តាម​ដំណឹងល្អ​ដែល​បានស្ដារឡើង​វិញ​របស់​ទ្រង់​ពង្រីក​ឡើង នៅពេល​ដែល​យើង​រៀន​ពី​គ្នា​ទៅវិញ​ទៅមក ។ ថ្មីៗនេះ ស៊ីស្ទើរ​អាណាលី ( មាន​ដើម​កំណើត​មកពី​ទីក្រុង ម៉ូនិក ) និង ស៊ូហ្ស៊ី ម៉ៃយឺស៍ អែលឌើរ អ៊ីរីច និង​ស៊ីស្ទើរ គ្រីស្ទៀន អ៊ីរីច និងអែលឌើរ ជ័គ និងប្អូនស្រី ជូលៀ ក្លេប៊ីនហ្គាត បានចែកចាយ​ពាក្យ​ដ៏​ពិសេស​នៅក្នុង​ភាសា​អាល្លឺម៉ង់​ដែល​និយាយ​ជ្រួតជ្រាប​ដល់​បេះដូង ។ ពាក្យ​នេះ​ពិពណ៌នា​អារម្មណ៍​ជ្រាលជ្រៅ​ជាង​ទម្រង់​ពាក្យ​គួរសម​ទៅទៀត ។ វា​លើស​ពី​ទម្លាប់ ឬ​ករណីយកិច្ច ។ អារម្មណ៍​ទាំងនេះ​និយាយ​អំពី​ភាព​ជ្រួតជ្រាប​ដល់​បេះដូង ភាព​កក់ក្ដៅ ទំនាក់ទំនង​ជិតស្និទ្ធ​នៃ​អំណរ​ខាងវិញ្ញាណ​នៅក្នុង​ព្រលឹង​ដ៏​ទេវភាព​របស់​យើង ។ ពាក្យ​ដ៏​ពិសេស​ទាំងនេះ​ជា​ភាសា​អាល្លឺម៉ង់ រួមមាន Gemütlichkeit and gemütlich, Heimat, Heimweh, Geborgenheit, Zuflucht, Herzensangelegenheit, Herzensmensch, and Schummerstunde (a rare and poetic term from the north). ។

  6. លូកា ១៤:២១, ២៣ ដូច​គ្នា​នេះ​ដែរ នៅក្នុង​ពាក្យប្រៀបប្រដូច​នៃ​ពិធី​មង្គលការ នៅពេល​ភ្ញៀវ​ដែល​បាន​អញ្ជើញ​មិន​បាន​មក នោះ​ស្តេច​ក៏​បាន​បញ្ជា​ឲ្យ​ពួក​បាវបម្រើ​របស់​ទ្រង់​ទៅ​ប្រមូល « អញ្ជើញ​អស់​អ្នក​ណា​ដែល [ ពួកគេ ] ប្រទះ​ឃើញ » នៅក្នុង « ផ្លូវ​ប្រសព្វ » ( ម៉ាថាយ ២២:៩ ) ។

  7. គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៨:៩; សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៨:៦–៨, ១០–១២ ។

  8. គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៥:៣, ៥សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៣:១៧ ។

  9. កិច្ចការ ១០:១១–១២, ៣៤–៣៥; សូមមើល​ផងដែរ កិច្ចការ ១០:៩–១០, ១៣–១៨, ២៤–៣៣, ៤៤–៤៨; ១១:១–១៨; ១៥:៦–១១ ។

  10. រូបភាព​យើង​មក​ជាមួយ​គ្នា ហើយ​មករក​ទ្រង់​នៅក្នុង​ផ្ទះ​សំណាក់​របស់​ទ្រង់​មាន​បង្ហាញ នៅក្នុង នីហ្វៃទី៣ ១៨:៣២ ។ « គ្មាន​នរណា​អង្គុយ​ឯកោ​តែ​ម្នាក់​ឯង » នៅក្នុង​កន្លែង​ថ្វាយបង្គំ​របស់​យើង​ឡើយ ហើយ​យើង​បន្ត​ផ្ដល់​ការងារបម្រើ​យ៉ាង​កក់ក្តៅ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក តាមពិត​ប្រហែល​អាចជា​របៀប​ដែល​យើង និង​ពួកគេ « ត្រឡប់​មក​វិញ ហើយ​ប្រែចិត្ត ហើយ​មក​រក [ ទ្រង់ ] ដោយ​អស់​ពី​ដួង​ចិត្ត ហើយ [ ទ្រង់ ] នឹង​ប្រោស​ឲ្យ​គេ​បាន​ជា ហើយ [ យើង ] នឹង​ទៅ​ជា​មធ្យោបាយ​ក្នុង​ការ​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ​ដល់​គេ » ។

  11. គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៤:១៥, ១៧ រំឭក​យើង​ថា « គ្រប់​ទាំង​អស់​សុទ្ធ​តែ​ជា [ របស់​ព្រះអម្ចាស់ ] » និង « ផែនដី​បាន​ពោរ​ពេញ ហើយ​មាន​បរិបូរ​គ្រប់​គ្រាន់ និង​នៅ​សល់​ទៀត​ផង » ។ ដូច្នេះ​ហើយ ជន​ខ្វះខាត និង​អ្នក​មាន​ទ្រព្យសម្បត្តិ ទាំងអស់​គ្នា​ជួយ​ឲ្យ​មនុស្ស​ទាំងអស់​បាន​តម្កើងឡើង ហើយ​ត្រូវ​បាន​បន្ទាប​ចុះ ។ ដូច​គ្នា​នេះ​ដែរ ស្តេច​បេនយ៉ាមីន​សួរ​ថា « តើ​យើង​ទាំង​អស់​គ្នា​នេះ ពុំ​មែន​ជា​អ្នក​សុំទាន​ទេ​ឬ ? » អាស្រ័យ​ហេតុ​នេះ​ហើយ អ្នក​មាន​ទ្រព្យម្បត្តិ និង​ជន​ខ្វះខាត ម្នាក់ៗ​មាន​កាតព្វកិច្ច​ស្ម័គ្រចិត្ត​ដើម្បី « ចែករំលែក​នូវ​ទ្រព្យ​ដែល​អ្នក​រាល់​គ្នា​មាន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ( ម៉ូសាយ ៤:១៩, ២១សូមមើល​ផងដែរ ខទី ២៥–២៧ ) ។

  12. នៅក្នុង « Come, Ye Disconsolate » ( Hymns ល.រ. ១១៥ ) ថូម៉ាស ម៉ូរី សរសេរ ៖ « មក​កាន់​ទី​សណ្ដោស​ប្រោស​ដោយ​ចិត្ត​ស្មោះសរ ។ នាំ​យក​ចិត្ត​ដែល​មាន​របួស ហើយ​រ៉ាយរ៉ាប់​ពី​ភាពតានតឹង ។ « គ្មាន​ទុក្ខព្រួយ​លើ​ផែនដី​ណា​ដែល​ឋានសួគ៌​ពុំ​អាច​ព្យាបាល​បាន​ទេ » ។

  13. នីហ្វៃទី១ ១៩:៧, ៩ ។ នៅក្នុង​ទេសនកថា​នៅលើ​ភ្នំ ព្រះអម្ចាស់​មាន​បន្ទូល​ថា « ឯ​អ្នក​ណា​ដែល​ទះ​កំផ្លៀង​អ្នក​ម្ខាង នោះ​ត្រូវ​បែរ​ម្ខាង​ទៅ​ឲ្យ​គេ​ទៀត ហើយ​បើ​អ្នក​ណា​យក​អាវ​វែង​របស់​អ្នក នោះ​កុំ​ឲ្យ​ឃាត់​មិន ឲ្យ​គេ​យក​អាវ​តូចអ្នក​ផង​ឡើយ » ( លូកា ៦:២៩ ) ។

  14. សូមមើល ម៉ាថាយ ២៥:៣៥–៤០ ។

  15. « No more a stranger nor a guest, but like a child at home » (“My Shepherd Will Supply My Need,” Hymns—For Home and Church, Gospel Library) ។

  16. ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ឆ្លងកាត់​ពេលវេលា និង​វប្បធម៌ ។ វា​គឺជា​ទីបន្ទាល់​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​ខ្ញុំ​ថា ព្រះគម្ពីរ​មរមន​បង្រៀន​ពី​ភាពពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​បរិបទ​នៃ​វប្បធម៌​បុរាណ​មួយ​នៅ​ទ្វីបអាមេរិក ។

  17. ដូច​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ និង​ទីប្រឹក្សា​របស់​លោក​នៅក្នុង​គណៈប្រធាន​ទីមួយ​បានបង្រៀន​នៅក្នុង Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ២០០៧ ) ទំព័រ ៥៣១ សូមមើល​ផងដែរ អេភេសូរ ១:១០ ។

    នៅ​សព្វថ្ងៃ​នេះ សមាជិក​នៃ​សាសនាចក្រ​រស់នៅ​ក្នុង​ស្ថានភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច​ផ្សេងៗ​គ្នា​យ៉ាង​ទូលំទូលាយ ។ វួដ និង​សាខា​របស់​យើង​មាន​ទំហំ និង​ធនធាន​ដឹកនាំ​ខុសៗ​គ្នា ។ គោលការណ៍​នៃ « ភាពដូចគ្នា និង​ការសម្របខ្លួន » អាច​ជួយ​ពង្រឹង​គ្រួសារ និង​សាសនាចក្រ​ដែល​បានស្ដារ​ឡើងវិញ​របស់​ទ្រង់ នៅ​គ្រប់​ទីកន្លែង​ដែល​យើង​រស់នៅ ( សូមមើល Handbook 2: Administering the Church [ ឆ្នាំ២០២១ ] ១៧.0 ) ។

  18. នីហ្វៃ​ទី២ ២៦:២៤, ៣៣, បន្ថែម​ការគូស​បញ្ជាក់; សូម​មើល​ផងដែរ នីហ្វៃទី​២ ២៩; អាលម៉ា ២៩:៨ ។ គោលលទ្ធិ និង​សេចក្តីសញ្ញា ៩០:១១ សន្យា​ « ថាមនុស្ស​គ្រប់​រូប​នឹង​បាន​ឮ​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​ដោយ​នូវ​ពាក្យ​សម្ដី​របស់​ខ្លួន និង​ដោយ​នូវ​ភាសា​របស់​ខ្លួន » ។ ការសន្យា​នេះ​ត្រូវ​បានបំពេញ នៅពេល​ដែល​យើង​នាំ​យក​ភាសា​និយាយ និង​ភាសា​វប្បធម៌​នៃ​ដំណឹងល្អ​មក​បញ្ចូល​គ្នា​នៅក្នុង​ផ្ទះ និង​ព្រះវិហារ​របស់​យើង ។

  19. សូមមើល ដាល្លិន អេក អូក « Repentance and Change » Liahonaខែវិច្ឆិកា ឆ្នាំ២០០៣ ទំព័រ ៣៧–៤០ ។

  20. ដាល្លិន អេក អូក « Repentance and Change » ទំព័រ ៣៩ ។

  21. សូមមើល ដាល្លិន អេក អូក « Repentance and Change » ទំព័រ ៣៨–៣៩ ។

  22. សូម​មើល មាត្រា​នៃ​សេចក្តីជំនឿ ១:១៣ ។ នៅពេល​ដែល​មែក និង​ឫស​ចម្រុះ​ប្រទាក់​គ្នា​ជា​តែមួយ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ យើង​រកឃើញ​ច្រើន​ទៀត​ដែល « គុណធម៌ គួរ​ឲ្យស្រឡាញ់ ឬ​ឈ្មោះល្អ ឬក៏​គួរឲ្យ​សរសើរ » ។ យើង​មើលឃើញ​មុន​ទៅ​ជា​ក្រោយ ហើយ​និង​ក្រោយ​ទៅ​ជា​មុន​វិញ ។ យើង​រីករាយ​នៅពេល​ដែល​អ្នករៀន​បង្រៀន និង​គ្រូបង្រៀន​រៀន ។ ទាំងអស់​គ្នា​យល់ ត្រូវ​បាន​ស្អាងឡើង និង​ត្រេកអរ​ជាមួយ​គ្នា ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥០:២២ ) ។

  23. សូមមើល រ័សុល អិម ណិលសុន « ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  24. យេដេឌីយ៉ា អិម ហ្រ្គេន ដែល​បានបម្រើ​ក្នុង​គណៈប្រធាន​ទីមួយ​ជាមួយ​ព្រិកហាំ យ៉ង់ បានរាយការណ៍​ពី​ការនិមិត្ត​ពី​ពិភព​វិញ្ញាណ​ដែល​មាន​នូវ​បុប្ផា​ដ៏​ស្រស់ស្អាត​ជាច្រើន​ប្រភេទ​ដែល​រីក​ស្គុះស្គាយ​ជាមួយ​គ្នា ប្រហែលជា​ការប្រៀបធៀប​សម្រាប់​ឯកភាព និង​ភាពស្រស់​ស្អាត​នៅក្នុង​ភាពចម្រុះ ។ លោក​បាន​មាន​ប្រសាសន៍ ៖ « ខ្ញុំ​បាន​ឃើញ​សួនច្បារ​ល្អៗ​នៅ​លើ​ផែនដី​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ឃើញ​មាន​អ្វី​ដែល​អាច​ប្រៀប​នឹង​សួនច្បារ​នៅ​ទី​នោះ​ទេ ។ ខ្ញុំ​បានឃើញ​ផ្កា​ជាច្រើន​ប្រភេទ ហើយ​ខ្លះ​មាន​ផ្កា​ពី​ហាសិប​ទៅ​មួយ​រយ​ពណ៌​ផ្សេងៗ​គ្នា​ដុះ​លើ​ដើម​តែ​មួយ » ។ គាត់​បាន​ដកពិសោធ​នូវ​« ភាព​ស្រស់​ស្អាត និង​សិរី​ល្អ​នៃ​ពិភព​វិញ្ញាណ ដែល​វិញ្ញាណ​សុចរិត​បាន​មក​ជុំ​គ្នា » ( « Remarks, at the Funeral of President Jedediah M. Grant, by President Heber C. Kimball » Deseret Newsថ្ងៃទី១០ ធ្នូ ឆ្នាំ១៨៥៦ ទំព័រ ៣១៧ newspapers.lib.utah.edu/details?id=2574673 ) ។

    ប្រធាន ដេវីឌ អូ មិកឃេ ក៏​បានកត់ត្រា​នូវ​សុបិន ឬ​ការនិមិត្ត​អំពី​ទីក្រុង​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ព្រះ ថា​ជា​កន្លែង​ដែល​លោក​បានឃើញ​ដើមឈើ ផ្លែឈើ គុម្ពោត និង​ផ្ការីក​យ៉ាង​ល្អ​ឥត​ខ្ចោះ ។ « ខ្ញុំ​ហាក់​ដូច​ជា​បាន​ដឹង​ថា ដើម​ឈើ​មាន​ផ្លែ​ដ៏​ស្រស់​ត្រកាល ដើម​ឈើ​ដែល​មាន​ពណ៌​ស្រស់​ស្អាត និង​ផ្កា​រីក​យ៉ាងល្អ​ឥតខ្ចោះ​មាន​គ្រប់​ទីកន្លែង » ( Teachings of Presidents of the Church: David O. McKay [ ឆ្នាំ២០២៣ ] ទំព័រ ១ ) ។