នោះទើបឲ្យទាំងអស់បានស្អាងឡើង
កាលយើងផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទ បង្រៀនគោលលទ្ធិរបស់ទ្រង់ និងរៀនសូត្រដោយឧស្សាហ៍ នោះយើងយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យពង្រឹងសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ និងជួយយើងឲ្យប្រែក្លាយកាន់តែដូចទ្រង់ ។
មានរឿងមួយដំណាលពីនិសិ្សតវ័យក្មេងម្នាក់ ដែលបានខិតខំពុះពារនឹងមុខវិជ្ជាដែលពិបាក ដូចនេះគាត់បានជួលគ្រូបង្រៀនបង្ហាត់ក្រៅម៉ោងដើម្បីជួយគាត់ ។ នៅជិតចុងបញ្ចប់នៃវគ្គសិក្សានោះ សាស្ដ្រាចារ្យបានប្រកាសថានិស្សិតទាំងឡាយអាចយកក្រដាសមួយសន្លឹកមកបាននៅថ្ងៃប្រលងបញ្ចប់ ដែលពួកគេអាចកត់ ឬដាក់អ្វីក៏បាននៅលើក្រដាសនោះ ។ និស្សិតខ្លះបានរៀបចំដោយការសរសេរកំណត់ចំណាំតូចៗ ដោយមាននូវព័ត៌មានចេញពីមេរៀន និងសៀវភៅពុម្ព ដែលអាចអានបានដោយប្រើកែវយឹតប៉ុណ្ណោះ ។ ប៉ុន្ដែយុវជនរូបនោះបានមកចូលរួមការប្រលងបញ្ចប់ដោយយកក្រដាសទទេមួយសន្លឹក និងជនប្លែកមុខម្នាក់មក ។ នៅពេលសាស្ដ្រាចារ្យបានសួរគាត់ យុវជនរូបនោះបានតបថា « លោកគ្រូបានមានប្រសាសន៍ថា ខ្ញុំអាចយកក្រដាសមួយសន្លឹកមក ដែលមានអ្វីនៅលើនោះក៏បាន » ។ បន្ទាប់មកគាត់ដាក់ក្រដាសនោះនៅលើឥដ្ឋនៅជាប់នឹងតុរៀនរបស់គាត់ ហើយនិយាយថា « ខ្ញុំចង់ឲ្យគ្រូបង្ហាត់ខ្ញុំផ្ទាល់ឈរនៅលើក្រដាសរបស់ខ្ញុំ » ។
ព្រះវិញ្ញាណបរិសុទ្ធ
ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយបានទទួលពរជ័យនៃភាពជាដៃគូនៃសមាជិកនៃក្រុមព្រះ យើងអាចមាននូវជំនួយមកពីគ្រូបង្ហាត់ផ្ទាល់ដ៏ល្អឥតខ្ជោះ ។ ព្រះវិញ្ញាណបរិសុទ្ធជ្រាបគ្រប់ទាំងអស់ ថ្លែងទីបន្ទាល់ពីសេចក្ដីពិត ហើយនឹង « រំឭក [ យើង ] ពីគ្រប់ទាំងសេចក្ដី » ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ជារឿយៗអំពីសារៈសំខាន់នៃការស្ដាប់ព្រះសូរសៀងនៃព្រះអម្ចាស់ ។ លោកបានបង្រៀនយើងពីរបៀបយាងអញ្ជើញការដឹកនាំមកពីព្រះវិញ្ញាណបរិសុទ្ធ និងបានអង្វរដល់យើងម្ដងហើយម្ដងទៀត ឲ្យបង្កើនសមត្ថភាពខាងវិញ្ញាណរបស់យើងដើម្បីទទួលបានវិវរណៈ ។
នៅថ្ងៃនេះខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាពីតួនាទីនៃព្រះវិញ្ញាណបរិសុទ្ធ ជាពិសេសទាក់ទងនឹងការរៀនសូត្រដំណឹងល្អ និងការបង្រៀននៅក្នុងផ្ទះ និងនៅឯព្រះវិហារ ។ ព្រះវិញ្ញាណបរិសុទ្ធគឺត្រូវបានផ្ដល់ឲ្យតាមរយៈការអធិស្ឋានដោយសេចក្ដីជំនឿ និងនៅពេលយើងព្យាយាមរស់នៅឲ្យសាកសមនឹងអំណោយទានដ៏មានតម្លៃនេះ ។ សៀវភៅសិក្សាដ៏បំផុសគំនិតរបស់សាសនាចក្រ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ គូសបញ្ជាក់នូវគោលការណ៍បន្ថែមទៀតដែលព្រះអម្ចាស់បានតាំងឡើង ដែលជួយយាងអញ្ជើញឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។
អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍
គោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងនេះគឺ «អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ » ។ កាលពីមុន យើងប្រហែលជាគិតថាការបង្រៀនគឺជាឱកាសសម្រាប់ឪពុក ឬម្ដាយ ឬគ្រូបង្រៀនដើម្បីយាងអញ្ជើញព្រះវិញ្ញាណទៅក្នុងការរៀបចំផ្ទាល់ខ្លួនរបស់ពួកគាត់ ហើយបន្ទាប់មកចែកចាយអ្វីដែលពួកគាត់បានរៀនជាមួយកូនៗ ឬសមាជិកក្នុងថ្នាក់ ដែលពួកគាត់ទាំងនោះមានតួនាទីជាអ្នកស្ដាប់ ។ ប៉ុន្ដែកាន់តែមានប្រសិទ្ធភាពជាងនេះទៀតនោះ គឺនៅពេលដែលយើងក្នុងនាមជាអ្នករៀនសូត្រក៏បានមករៀនដោយបានរៀបចំខ្លួនផងដែរ និងនៅពេលដែលគ្រូបង្រៀនបង្កើតបទពិសោធន៍ការរៀនសូត្រដែលជំរុញឲ្យមានវិវរណៈផ្ទាល់ខ្លួនដោយផ្ទាល់ទៅដល់ដួងចិត្ដ និងគំនិតរបស់យើង ។ បន្ទាប់មក កាលយើងបានទទួលនូវឱកាសដើម្បីចែកចាយអ្វីដែលយើងកំពុងរៀនតាមរយៈការសិក្សារបស់យើង និងមកពីព្រះវិញ្ញាណបរិសុទ្ធ នោះយើងជួយគ្នាទៅវិញទៅមកដើម្បីទទួលបានការណែនាំ និងត្រូវបានស្អាងឡើង ។ កាលយើងអនុវត្ដគោលការណ៍ដំណឹងល្អ នោះព្រះវិញ្ញាណនឹងធ្វើជាសាក្សីនៃភាពពិតនៃគោលការណ៍ទាំងនោះម្ដងទៀត ។
ក្នុងគ្រប់ការណ៍ទាំងអស់ ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ល្អឥតខ្ចោះ ។ ទ្រង់បានអញ្ជើញយើងម្នាក់ៗឲ្យធ្វើជាអ្នករៀនសូត្រដ៏ឧស្សាហ៍ព្យាយាម និងទទួលខុសត្រូវលើទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើង ។ ទ្រង់អញ្ជើញពួកសិស្សរបស់ទ្រង់ឲ្យរៀបចំខ្លួនដើម្បីរៀន ឲ្យចែកចាយអ្វីដែលពួកគេកំពុងរៀន និងធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។ ទ្រង់បានអធិស្ឋានសម្រាប់ពួកគេ ទតឃើញនូវសក្ដានុពលដ៏ទេវភាពរបស់ពួកគេ ស្ដាប់ពួកគេ ហើយជួយពួកគេឲ្យដឹងថា ពួកគេត្រូវបានស្រឡាញ់ និងត្រូវការ
ក្នុងនាមជាគ្រូបង្រៀន យើងអាចផ្ដោតកាន់តែច្រើនលើការរីកចម្រើនរបស់អ្នករៀន លើការបំពេញតម្រូវការរបស់ពួកគេ និងលើការជួយពួកគេឲ្យអភិវឌ្ឍទម្លាប់ខាងវិញ្ញាណនៃភាពជាសិស្សពេញមួយជីវិត ។ ក្នុងនាមជាសិស្ស យើងអាចអនុវត្ដសិទ្ធិជ្រើសរើសរបស់យើងនៅក្នុងដំណើរការនៃការរៀនសូត្រ យើងផ្ដល់សញ្ញាដល់ព្រះវិញ្ញាណបរិសុទ្ធពីឆន្ទៈរបស់យើងដើម្បីទទួលបានការបង្រៀនដោយទ្រង់ ។
ខ្ញុំមានអំណរគុណចំពោះគ្រូបង្រៀនម្នាក់ដែលបានអញ្ជើញខ្ញុំឲ្យធ្វើជាអ្នករៀនសូត្រដ៏ប្រសើរ ។ ពេលខ្ញុំចាប់ផ្ដើមថ្នាក់មហាវិទ្យាល័យ ខ្ញុំបានយល់ខុសថា ថ្នាក់វិទ្យាល័យគឺជាអ្វីមួយដែលខ្ញុំត្រូវស៊ូទ្រាំដើម្បីអាចទទួលបានការអនុញ្ញាតឲ្យលេងកីឡា ។ នៅថ្ងៃមួយ បន្ទាប់ពីបានអានកិច្ចការដែលខ្ញុំបានសរសេររួចហើយ សាស្ដ្រាចារ្យរបស់ខ្ញុំបានប្រាប់ខ្ញុំថា គាត់គិតថាខ្ញុំជាអ្នកគិតវិភាគដ៏មានទេពកោសល្យម្នាក់ ។ ខ្ញុំមិនសូម្បីតែដឹងថាវាមានន័យយ៉ាងណានោះទេ ។ គាត់បានមានប្រសាសន៍ថា បើខ្ញុំខិតខំផ្ដោតជាងនេះបន្តិចទៀត នោះខ្ញុំអាចក្លាយជាសិស្សដ៏ពូកែម្នាក់ ។ ការគិតនោះមិនដែលមាននៅក្នុងគំនិតរបស់ខ្ញុំឡើយ ។ ការយកចិត្តទុកដាក់ ការលើកទឹកចិត្ដ និងការអញ្ជើញរបស់គាត់បានផ្លាស់ប្ដូរដំណើរនៃការអប់រំរបស់ខ្ញុំ ហើយបានផ្ដល់ពរដល់ខ្ញុំជាច្រើនសន្ធឹកសន្ធាប់ ។
បង្រៀនគោលលទ្ធិ
គោលការណ៍មួយផ្សេងទៀតដែលទាក់ទងនឹងការយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ គឺការបង្រៀនគោលលទ្ធិពិត ។ ការណ៍នេះមានន័យថាការសិក្សាដំណឹងល្អរបស់យើង និងការណែនាំគឺចាក់ឫសនៅក្នុងព្រះបន្ទូលនៃព្រះ ហើយថាយើងមិនបំភ្លើសការពិត ឬសន្និដ្ឋាននូវអ្វីដែលព្រះអម្ចាស់មិនទាន់បើកសម្តែងនោះទេ ។ ផ្ទុយទៅវិញ យើងផ្ដោតលើគោលការណ៍ដំណឹងល្អដែលចាំបាច់ និងអស់កល្បជានិច្ច ដែលអនុញ្ញាតឲ្យព្រះវិញ្ញាណថ្លែងទីបន្ទាល់ពីសេចក្ដីពិត ។ ជាថ្មីម្ដងទៀត យើងត្រូវតែធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។ ទ្រង់មានបន្ទូលថា « សេចក្តីដែលខ្ញុំបង្រៀននេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់ផងព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ » ។
គោលលទ្ធិពិតគឺមាននៅក្នុងព្រះគម្ពីរ និងការបង្រៀនរបស់ព្យាការីសម័យទំនើប ។ ការដាស់តឿនរបស់ព្រះអម្ចាស់ឲ្យយើងសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាគ្រួសារ ហើយចូលរួមព្រះវិហារ ជារៀងរាល់សប្ដាហ៍ដើម្បីសិក្សាដំណឹងល្អរបស់ទ្រង់ ផ្ដល់នូវគោលដ៏សំខាន់ដើម្បីរៀនពីគោលលទ្ធិរបស់ទ្រង់ និងស្ដាប់ព្រះសូរសៀងរបស់ទ្រង់ ។ យើងស្រាវជ្រាវព្រះគម្ពីរដើម្បីយល់ពីដំណើររឿង គោលការណ៍ដែលបានបង្រៀន និងការអនុវត្ដសេចក្ដីពិតទាំងនេះនៅក្នុងជីវិតរបស់យើង ។ វាគឺជាពរជ័យណាស់ដែលមានព្រះគម្ពីរនៅជិតបង្កើយ ។ សាកស្រមៃថាលោកអ័ដាម និងនាងអេវ៉ា អ័ប៊ីណាដៃ ឬសូម្បីតែលោកគ្រូបង្រៀនដ៏ចំណានគឺព្រះយេស៊ូវគ្រីស្ទមកបង្រៀនយើងនៅផ្ទះ ឬនៅថ្នាក់របស់យើង ។ ពួកលោកអាចមកបង្រៀនយើងនៅពេលយើងទទួលទានព្រះបន្ទូលរបស់ព្រះ ។ ដោយមានការខិតខំយ៉ាងខ្ជាប់ខ្ជួន យើងអាចរៀនដើម្បីយល់ និងស្រឡាញ់ព្រះគម្ពីរ ហើយមានទំនុកចិត្ដថាព្រះគម្ពីរមាននូវចម្លើយចំពោះសំណួរនៃដួងព្រលឹង ។
មានពេលមួយពីមុនយើងរៀបការ ជាពេលដែលភរិយាខ្ញុំ គ្រីស្ទី កំពុងពុះពារដើម្បីទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងដើម្បីយល់ពីផែនការរបស់ទ្រង់សម្រាប់គាត់ ។ នៅពេលគាត់បានអធិស្ឋានទូលសុំការដឹកនាំ នោះគាត់ទទួលបានការបំផុសគំនិតមួយថា គាត់គួរតែចូលរៀនថ្នាក់វិទ្យាស្ថាន ដូច្នេះគាត់ក៏បានសម្រេចចិត្ដចុះឈ្មោះចូលរៀននៅក្នុងថ្នាក់ព្រះគម្ពីរសញ្ញាថ្មី ។ របៀបដែលគ្រូបង្រៀនថ្នាក់វិទ្យាស្ថានរបស់គាត់បានបង្រៀនចេញពីព្រះគម្ពីរ សូម្បីតែរបៀបដែលលោកគ្រូនោះកាន់ព្រះគម្ពីរ បានបង្ហាញថាគាត់ស្រឡាញ់ព្រះបន្ទូលនៃព្រះខ្លាំងប៉ុនណា ។ នៅពេលគាត់បានចូលរៀន ព្រះវិញ្ញាណបរិសុទ្ធបានខ្សឹបប្រាប់គាត់ថា មានអ្វីមួយនៅក្នុងព្រះគម្ពីរដែលគាត់ត្រូវការ ។ សេចក្ដីស្រឡាញ់របស់លោកគ្រូរបស់គាត់ចំពោះព្រះគម្ពីរ និងការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធបានផ្ដល់ឲ្យគាត់នូវបំណងប្រាថ្នាដើម្បីចាប់ផ្ដើមសិក្សាព្រះបន្ទូលនៃព្រះយ៉ាងហ្មត់ចត់—ដែលបានក្លាយជាដំណើរនៃការប្រែចិត្ដជឿដ៏ជ្រាលជ្រៅ និងការបម្រើដែលប្រកបដោយការថ្វាយខ្លួនពេញមួយជីវិត ។
ផ្តោតលើព្រះយេស៊ូវគ្រីស្ទ
ជាចុងបញ្ចប់ ដូចដែល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ណែនាំថា ការបង្រៀន និងការរៀនសូត្ររបស់យើងគួរគប្បីផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទជានិច្ច ។ យើងអាចនិយាយអំពីទ្រង់ដោយកាន់តែមានការគោរព និងកាន់តែញឹកញាប់ ហើយស្វែងរកឱកាសបន្ថែមដើម្បីបង្ហាញទីបន្ទាល់ ការថ្លែងអំណរគុណ និងសេចក្ដីស្រឡាញ់ចំពោះទ្រង់ ។ មិនថានៅកន្លែងណាក៏ដោយ កាលយើងចងចាំដល់ទ្រង់ យើងអាចមាន « ព្រះវិញ្ញាណទ្រង់គង់នៅជាមួយនឹង [ យើង ] ។
របៀបមួយដើម្បីដាក់ព្រះយេស៊ូវគ្រីស្ទឲ្យនៅជាចំណុចកណ្ដាលនៃការបង្រៀនរបស់យើងនោះគឺ ត្រូវគូសបញ្ជាក់ថា ទ្រង់គឺជាគំរូដ៏ឥតខ្ចោះ ជាអង្គតំណាង និងជាការបង្ហាញពីគោលការណ៍ដំណឹងល្អទាំងអស់ ។ ទោះបីជានៅពេលដែលទ្រង់មិនត្រូវបានយោងដោយផ្ទាល់នៅក្នុងដំណើររឿងព្រះគម្ពីរក្ដី ក៏យើងនៅតែអាចលើកឡើងថាទ្រង់គឺជាគំរូនៃគោលការណ៍ដែលកំពុងបង្រៀនបានដែរ ។ យើងអាចគ្រាន់តែសួរថា « តើអ្នកអាចគិតពីពេលមួយ ដែលព្រះយេស៊ូវគ្រីស្ទគឺជាគំរូនៃគោលការណ៍នេះដែរឬទេ ? »
យើងក៏អាចផ្ដោតទៅលើទ្រង់ដោយការរៀនពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ទ្រង់ ការស្វែងរកដើម្បីរៀនសូត្រមិនគ្រាន់តែអំពីអ្វីដែលទ្រង់បានធ្វើប៉ុណ្ណោះទេ ប៉ុន្ដែគឺឲ្យស្គាល់កាន់តែច្បាស់ថាទ្រង់ជាអង្គបែបណាផងដែរ ។ ឧទាហរណ៍ នៅពេលសិក្សាគោលការណ៍នៃការប្រែចិត្ដ វាជាការសំខាន់ដើម្បីយល់ពីរបៀបប្រែចិត្ដ ។ ប៉ុន្ដែវាក៏ចាំបាច់ដែរនៅក្នុងការចងចាំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើដើម្បីឲ្យការប្រែចិត្ដអាចធ្វើទៅបាន និងយល់ពីអ្វីដែលការប្រែចិត្ដបង្រៀនយើងអំពីទ្រង់ អំពីលក្ខណៈ និងបុគ្គលិកលក្ខណៈពិតរបស់ទ្រង់ ។ តើឱកាសរបស់យើងដើម្បីប្រែចិត្ដនិយាយអ្វីខ្លះអំពីសេចក្ដីស្រឡាញ់ ការអត់ធ្មត់ និងសេចក្ដីមេត្ដាករុណារបស់ទ្រង់ ជំនឿរបស់ទ្រង់លើសក្ដានុពលដ៏ទេវភាពរបស់យើង ព្រះឆន្ទៈរបស់ទ្រង់ក្នុងការពលិកម្មសម្រាប់អំពើបាបរបស់យើង និងអំណរដែលយើងរកឃើញនៅក្នុងការអភ័យទោស ? ហើយការយល់ដឹងពីព្រះបរមងាររបស់ទ្រង់—ដូចជាកូនចៀមនៃព្រះ ព្រះប្រោសលោះ និងគ្រូព្យាបាល—ជួយយើងឲ្យឃើញថាការប្រែចិត្ដគឺជាការអញ្ជើញរបស់ទ្រង់ដើម្បីឲ្យយើងបានស្អាតស្អំ ផ្លាស់ប្ដូរ និងជាសះស្បើយ ។ ការផ្ដោតលើអ្វីដែលទ្រង់បានធ្វើសម្រាប់យើង និងអ្វីដែលការណ៍នេះនិយាយអំពីទ្រង់ថាជាអង្គបែបណាអាចជួយយើងឲ្យមាន « សេចក្ដីជំនឿចំពោះការប្រែចិត្ដ » ។
នៅពេលខ្លះ យើងមិនអាចមើលឃើញគុណលក្ខណៈនៃព្រះអង្គសង្គ្រោះបង្ហាញនៅក្នុងដំណើររឿងព្រះគម្ពីរភ្លាមៗនោះទេ ។ ឧទាហរណ៍ នៅពេលអានអំពីនីហ្វៃសង់ទូកមួយ យើងប្រហែលជាផ្ដោតតែលើនីហ្វៃប៉ុណ្ណោះ ។ ប៉ុន្ដែការផ្ដោតទៅលើព្រះអង្គសង្គ្រោះអាចជួយយើងឲ្យមើលឃើញថា បញ្ជីនេះមិនត្រូវបានរក្សាទុកដើម្បីបង្រៀនយើងអំពីភាពល្អនៃនីហ្វៃនោះទេ ប៉ុន្ដែដើម្បីបង្ហាញយើងពីភាពល្អនៃព្រះ—ថាទ្រង់បានប្រទានកម្លាំងដល់យើងដើម្បីរក្សាបទបញ្ញត្ដិរបស់ទ្រង់ និងជួយរំដោះយើងនៅពេលដែលយើងត្រូវការទ្រង់ ។
យើងក៏អាចផ្ដោតទៅលើតួនាទីដ៏សំខាន់របស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងផែនការនៃសុភមង្គលដ៏ឥតខ្ចោះរបស់ព្រះវរបិតាសួគ៌ផងដែរ ។ វាអាចផ្លាស់ប្ដូរដំណើរនៃជីវិតរបស់យើងឲ្យមើលឃើញកាលៈទេសៈរបស់យើងតាមរយៈទស្សននៃផែនការដ៏អស់កល្បជានិច្ចរបស់ព្រះ ជាជាងការមើលឃើញផែនការនោះតាមរយៈទស្សននៃកាលៈទេសៈខាងសាច់ឈាមរបស់យើង ។ ដំណឹងល្អមិនមែនជាបញ្ជីនៃការទាមទារនោះទេ វាជាដំណឹងដ៏ល្អថា ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើអំពើបាប និងសេចក្ដីស្លាប់ ។ វាគឺដោយសារការទទួលបាននូវព្រះគុណដ៏មហិមារបស់ទ្រង់តាមរយៈការរក្សាសេចក្ដីសញ្ញារបស់យើងជាមួយនឹងព្រះ នោះទើបយើងអាចរស់នៅដោយមានអំណរនាពេលឥឡូវនេះ និងរៀបចំខ្លួនសម្រាប់ជីវិតជាមួយនឹងព្រះវរបិតានៅស្ថានសួគ៌របស់យើងក្នុងភាពអស់កល្បជានិច្ច ។ កាលយើងរៀនដើម្បីមើលឃើញព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះនៅក្នុងព្រះគម្ពីរ យើងនឹងស្គាល់ទ្រង់ទាំងទ្វេកាន់តែច្បាស់ ហើយយើងនឹងមើលឃើញនូវសេចក្ដីស្រឡាញ់ និងឥទ្ធិពលរបស់ទ្រង់កាន់តែញឹកញាប់ និងកាន់តែប្រកបដោយអំណាចនៅក្នុងជីវិតរបស់យើង ។
ខ្ញុំនឹងចងចាំជានិច្ចនូវអារម្មណ៍នៃព្រះវិញ្ញាណដែលខ្ញុំបានមានកាលនៅជាយុវវ័យ នៅពេលដែលគ្រូបង្រៀនរបស់យើងបានបង្រៀនអំពីថ្ងៃចុងក្រោយនៃព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ។ គាត់បានជួយយើងឲ្យមើលឃើញពីសារៈសំខាន់នៃព្រឹត្ដិការណ៍នៅក្នុងបន្ទប់ខាងលើ សួនច្បារគែតសេម៉ានី គាល់កូថា និងផ្នូរទទេ ។ គាត់បានចែកចាយនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះព្រះអង្គសង្គ្រោះ និងបំណងប្រាថ្នាដ៏ខ្លាំងក្លានៅក្នុងការធ្វើតាមទ្រង់ ។ ការបង្រៀនរបស់គាត់គឺជាការអញ្ជើញឲ្យព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ ហើយព្រះវិញ្ញាណដែលខ្ញុំទទួលអារម្មណ៍នៅក្នុងថ្នាក់នោះបានពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំ ហើយបង្កើនសេចក្ដីស្រឡាញ់ និងការដឹងគុណរបស់ខ្ញុំចំពោះព្រះអង្គសង្គ្រោះ ។ ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងគ្រូបង្រៀនរូបនោះបានដក់ជាប់នៅក្នុងដួងចិត្តខ្ញុំពេញមួយជីវិតរបស់ខ្ញុំ ។ ដូចជាគ្រូបង្រៀនម្នាក់ទៀតបានថ្លែង « យើងអាចកម្ដៅដៃរបស់យើងដោយភ្លើងនៃសេចក្ដីជំនឿរបស់គាត់បាន » ។
សេចក្ដីបញ្ចប់
នៅក្នុងផ្ទះ និងការប្រជុំក្នុងសាសនាចក្ររបស់យើង កាលយើងផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទ បង្រៀនគោលលទ្ធិរបស់ទ្រង់ និងរៀនសូត្រដោយឧស្សាហ៍ នោះយើងយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យពង្រឹងសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ និងជួយយើងឲ្យប្រែក្លាយកាន់តែដូចទ្រង់ ដែលនោះគឺជាគោលបំណងនៃគ្រប់ទាំងការបង្រៀន និងការរៀនសូត្រដំណឹងល្អ ។
ខ្ញុំមានអំណរគុណចំពោះគ្រូបង្រៀននៅក្នុងជីវិតរបស់ខ្ញុំ មានតាំងពីឪពុកម្ដាយល្អ និងថ្នាក់ដឹកនាំក្នុងតំបន់ និងគ្រូបង្រៀនទៅដល់បុរស និងស្ដ្រីដែលត្រូវបានហៅឲ្យបង្រៀន និងថ្លែងទីបន្ទាល់នៅលើវេទិកានេះ ជាអ្នកដែលជួយយើងឲ្យស្គាល់ និងធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំមានអំណរគុណចំពោះព្រះវិញ្ញាណបរិសុទ្ធ ជាគ្រូបង្រៀនផ្ទាល់ខ្លួនដ៏ឥតខ្ចោះ ។ វាគឺដោយតាមរយៈព្រះវិញ្ញាណបរិសុទ្ធដែលខ្ញុំដឹងថាព្រះវរបិតាសួគ៌ស្រឡាញ់យើង ហើយមានផែនការដ៏ឥតខ្ចោះសម្រាប់យើង ថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះគ្រីស្ទ ព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះនៃពិភពលោក ហើយថាដំណឹងល្អ និងសាសនាចក្ររបស់ទ្រង់ត្រូវបានស្ដារឡើងវិញ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដោយនូវការដឹងគុណនូវរឿងទាំងនេះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕