សន្និសីទទូទៅ
ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៥


14:55

ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់

នៅពេល​ព្រះអម្ចាស់​ពន្លឿន​កិច្ចការ​របស់​ទ្រង់ យើង​គួរតែ​ស្រឡាញ់ ចិញ្ចឹមបីបាច់ និង​បម្រើ​អស់​អ្នក​ដែល​ទទួល​យក​ដំណឹងល្អ​របស់​ទ្រង់ ។

ឆាល ឌីកកិនស៍ បាន​ចាប់ផ្ដើម​ប្រលោមលោក​បែប​បុរាណ​ដ៏​ល្បីល្បាញ​របស់​លោក​ដែល​មាន​ចំណងជើង​ថា The Tale of Two Cities ដោយ​មាន​ការអះអាង​ថា « វា​ជា​គ្រា​ដ៏​ល្អ​បំផុត វា​ក៏​ជា​គ្រា​ដ៏​អាក្រក់​បំផុត​ដែរ » ។ ក្នុង​ទស្សនៈ​មួយ វា​ជា​ការពិត​នៅ​សម័យ​របស់​យើង ។

យើង​រស់​នៅក្នុង​គ្រាមួយ​ដ៏​ច្របូក​ច្របល់ នៅពេល « ផែនដី​ទាំង​មូល​[ ស្ថិត ]​នៅ​ក្នុង​ស្ថានភាព​ចលាចល » ។ ការដាស់តឿន​របស់​ប្រធាន រ័សុល អិម ណិលសុន​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សះផ្សា​គេ​ក្នុង​នាម​ជា​អ្នក​ដើរ​តាម​របស់​ព្រះយេស៊ូវគ្រីស្ទ ត្រូវបាន​បញ្ជាក់​យ៉ាង​ល្អ​ដោយ​អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បាន​នៅ​ព្រឹក​នេះ ។ វា​គឺជា​ផ្នែក​មួយ​ដ៏​ចាំបាច់​នៃ​ការជំរុញ​ឲ្យ​មាន​សាមគ្គីភាព សេចក្តីសុខសាន្ត និង​ការព្យាបាល​សម្រាប់ « គ្រា​ដ៏​អាក្រក់​បំផុត » ។

យើង​ក៏​រស់នៅ​ក្នុង « គ្រា​ដ៏​ល្អ​បំផុត » ដែល​ខ្ញុំ​នឹង​បញ្ជាក់ ។ ព្រះអម្ចាស់​បាន​ប្រកាស​នៅក្នុង​អារម្ភកថា​នៃ គោលលទ្ធិ និង​សេចក្ដីសញ្ញា កណ្ឌទី​១ថា​ភាពពេញ​លេញ​នៃ​ដំណឹងល្អ​នឹង​ត្រូវបាន​« ប្រកាស​ប្រាប់ … ដល់​អស់​ចុង​ផែនដី » ។ ព្រះអម្ចាស់​ពិតជា​កំពុង​ពន្លឿន​កិច្ចការ​ទ្រង់​នៅក្នុង​ជំនាន់​របស់​យើង ។ យើង​គួរតែ​មាន​អំណរគុណ​ជាខ្លាំង​ចំពោះ​ការពន្លឿន​នេះ​ដែល​បាន​កើតមាន និង​កំពុង​កើតមាន ទោះជា​ស្ថិត​នៅគ្រា​ដ៏លំបាក​ទាំងនេះ​ក្ដី ។ យើង​រស់នៅ​ក្នុង​គ្រាមួយ​ដែល​ពួក​អ្នកដើរ​តាម​ព្រះអម្ចាស់​មាន​អភ័យឯកសិទ្ធិ​ស្ដាប់​ឮ​ព្រះសូរសៀង​របស់​ទ្រង់ ហើយ​ឆ្លើយតប​ដោយ​ចិត្ត និង​គំនិត​ដែល​ព្រម​ទទួល​យក ។ សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ដែល​មាន​ការតាំង​ចិត្ត​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​បទបញ្ញត្តិ​របស់​ទ្រង់ កំពុង​រកឃើញ​គោលបំណង និង​សេចក្ដីសុខសាន្ត​ផ្ទាល់ខ្លួន​ដ៏អស្ចារ្យ ។

នៅគ្រា​ជាច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សាសនាចក្រ មាន​ការកើន​ឡើង​មួយ​ដ៏​អស្ចារ្យ​នៅក្នុង​ចំណោម​អ្នកដែល​បានចូល​មក​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។ គ្រា​មួយ​បែប​នោះ​បាន​កើតឡើង​នៅចន្លោះ​ឆ្នាំ១៨៣៧ និង​ឆ្នាំ១៨៥០ ។ ពួក​សាវក​ពី​បុរាណ​មួយ​ចំនួន​នៅក្នុង​សាសនាចក្រ​ដែលបាន​ស្ដារឡើងវិញ​របស់​ព្រះអម្ចាស់​បាន​បម្រើ​បេសកកម្ម​នៅ​ចក្រភព​អង់គ្លេស ។ បេសកកម្ម​ទាំងនេះ​បាន​ធ្វើឲ្យ​មនុស្ស​រាប់ពាន់​នាក់​ចូលរួម​ក្នុង​សាសនាចក្រ ហើយ​ត្រឹម​ឆ្នាំ១៨៥០ សមាជិក​រស់នៅ​ចក្រភព​អង់គ្លេស​មាន​ចំនួន​ច្រើន​ជាង​សមាជិក​នៅសហរដ្ឋ​អាមេរិក ។ នៅគ្រានោះ ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​ពួក​បរិសុទ្ធ​ទាំងនេះ​ប្រមូល​គ្នា​ទៅកាន់​រដ្ឋ​យូថាហ៍ ។ ការធ្វើ​ចំណាក​ស្រុក​ដ៏ធំ​មួយ​បាន​កើតឡើង ការធ្វើ​ចំណាក​ស្រុក​មួយចំនួន​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រាក់​កម្ចី​ដែល​ផ្ដល់​ឲ្យ​ដោយ​មូលនិធិ​ការធ្វើ​ចំណាក​ស្រុក​ជាបន្ត​បន្ទាប់ ។

ខ្ញុំ​ស្រឡាញ់​ដំណើររឿង​អំពី​ការមក​ដល់​ជ្រលង​ភ្នំ​សលត៍ លេក របស់​ពួកអ្នក​ប្រែចិត្ត​ជឿ​មួយ​ចំនួន​ធំ​ដែល​មកពី​ប្រទេស​អង់គ្លេស និង​ប្រទេស​វេលស៍ ក្នុង​ឆ្នាំ១៨៥២ ។ គណៈប្រធាន​ទីមួយ​បាន​ជួប​នឹង​ក្រុម​នេះ​នៅ​មាត់​ច្រក​ទីក្រុង​អ៊ីមីគ្រេសិន ខេនញៀន អបដោយ​ក្រុម​ភ្លេង​របស់​ខាធេន ភីត ។ សារព័ត៌មាន Deseret News បានពិពណ៌នា​ពួកគេ​ថា​ជា « ក្រុមភ្លេង​អ្នក​ធ្វើ​ធម្មយាត្រា [ រួមមាន ] បងប្អូនស្រី និង​កុមារ ដែល​ដើរ​ដោយ​ថ្មើរជើង ហើយ​មាន​រាងកាយ និង​មុខ​រលាក​ដោយសារ​កម្តៅ​ថ្ងៃ ប៉ុន្តែ​មិន​អស់សង្ឃឹម​ឡើយ ។ បេះដូង​របស់​ពួកគេ​មាន​ពន្លឺ និង​ក្លៀវក្លា ដែល​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​តាមរយៈ​ទឹក​មុខ​រីករាយ និង​ពេញ​ដោយ​អំណរ​របស់​ពួកគេ » ។

នៅពេល​ពួកគេ​« ដើរ​ហួស​តំបន់​ព្រះវិហារ​បរិសុទ្ធ … ​បុរស ស្ត្រី និង​កុមារ​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ពី​ផ្នែក​ផ្សេងៗ​នៃ​ទីក្រុង ដើម្បី​រួបរួម​គ្នា​ក្នុង​ការ​ស្វាគមន៍​ដ៏​រុងរឿង និង​ពេញ​ដោយ​អំណរ » ។ ប្រធាន ព្រិកហាំ យ៉ង់ បាន​ថ្លែងទៅកាន់​ពួកគេ ៖ « សូម​ឲ្យព្រះអម្ចាស់​ជា​ព្រះ​នៃ​អ៊ីស្រាអែល​ប្រទាន​ពរ​ដល់​បងប្អូន ។ … យើង​បានអធិស្ឋាន​ឲ្យ​បងប្អូន​ជា​បន្តបន្ទាប់ ។ ការអធិស្ឋាន​រាប់ពាន់​ត្រូវ​បាន​ធ្វើឡើង​សម្រាប់​បងប្អូន​ពីមួយថ្ងៃ​ទៅ​មួយថ្ងៃ​ទៅកាន់​ទ្រង់​ដែល​បាន​បង្គាប់​យើង​ឲ្យ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល សង្គ្រោះ​កូនចៅ​មនុស្ស​ដោយ​ការប្រកាស​ដំណឹងល្អ និង​រៀបចំ​ពួកគេ​សម្រាប់​ការយាង​មក​របស់​ព្រះមែស៊ី » ។

នៅក្នុង​ស្មារតី​នៃ​ឱកាស​ពេញ​ដោយ​អំណរ​នោះ ខ្ញុំ​សូម​អះអាង​ជា​ថ្មី​ម្ដងទៀត​ដល់​ពួក​អ្នកប្រែចិត្ត​ជឿ​ថ្មី​គ្រប់រូប និង​អស់អ្នក​ដែល​កំពុង​ត្រឡប់​មក​កាន់​សាសនាចក្រ​របស់​ព្រះអម្ចាស់​វិញ ៖ យើង​ស្រឡាញ់​បងប្អូន យើងត្រូវការ​បងប្អូន ព្រះអម្ចាស់​ត្រូវការ​បងប្អូន ។ ពួកយើង​មិនបាន​ស្វាមន៍​បងប្អូន​ដោយ​ក្រុមភ្លេង​ព្យុះហយាត្រា​នោះទេ ប៉ុន្តែ​យើង​អធិស្ឋាន​ថា ពរជ័យ​នៃ​ស្ថានសួគ៌​នឹង​គាំទ្រ​ដល់​ការខិតខំ​របស់​បងប្អូន​ដើម្បី​រីកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ដែល​ដឹកនាំ​ទៅ​រក​ព្រះ​ជាព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​នគរ​សេឡេស្ទាល ។

មាន​ភស្ដុតាង​ដ៏​ច្បាស់លាស់​ថា សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺកំពុង​កើន​ឡើង​នៅក្នុង​ជំនាន់​របស់​យើង ។ នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ មាន​ការ​កើនឡើង​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ការប្រែចិត្ត​ជឿ និង​ការចូលរួម​របស់​អ្នក​ប្រែចិត្តជឿ ។ ក្នុង​រយៈពេល​៣៦​ខែ​ចុងក្រោយ​នេះ មាន​ពួក​អ្នកប្រែចិត្តជឿ​ជិត ៩០០,០០០ នាក់​បាន​ចូលរួម​នឹង​សាសនាចក្រ ។ ពួកអ្នក​ប្រែចិត្ត​ជឿ​ទាំងនេះ​មានប្រហែល​ជា ៥ ភាគរយ​នៃ​សមាជិកភាព​សរុប​ក្នុង​សាសនាចក្រ ។ យើង​សូម​ស្វាគមន៍​សមាជិក​ថ្មី​ដោយ​បើកចំហរ និង​ការដឹងគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​ផ្លូវ​ដែល​បងប្អូន​បានជ្រើសរើស ។

ពួក​អ្នក​ប្រែចិត្ត​ជឿ​ចំនួន ៩០០,០០០ នាក់​ក្នុង​រយៈពេល ៣៦ ខែ​ចុងក្រោយ​នេះ​លើស​ពី​សមាជិកភាព​សរុប​ក្នុង​សាសនាចក្រ​នៅ​ខួប​លើកទី ១១០ របស់​ខ្លួន​ក្នុងឆ្នាំ ១៩៤០ ដែលមាន​សមាជិក​ត្រឹមតែ​ជាង ៨៦០,០០០ នាក់​ប៉ុណ្ណោះ ។ នេះ​គឺជា​ឆ្នាំ​ដែល​អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ឌៀថើរ អេហ្វ អុជដូហ្វ និង​ខ្ញុំ​បាន​កើត ។

ពួក​អ្នកប្រែចិត្ត​ជឿ​ថ្មី​ដ៏អស្ចារ្យ​ទាំងនេះ​មកពី​គ្រប់​ផ្នែក​នៃ​ពិភពលោក ។ នៅ​ប្រាំមួយ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ការ​ប្រែចិត្តជឿ​បាន​កើនឡើង​ច្រើនជាង ២០​ភាគរយ​លើស​ពី​ឆ្នាំ​មុន​នៅ​ទ្វីប​អឺរ៉ុប អាហ្វ្រិក អាស៊ី ប៉ាស៊ីហ្វិក និង​អាមេរិក​ឡាទីន ។ នៅ​អាមេរិក​ខាងជើង​យើង​បាន​ឃើញ​ការកើន​ឡើង ១៧​ភាគរយ ។ កិច្ចការ​របស់​ព្រះអម្ចាស់​បន្ត​ឆ្ពោះ​ទៅមុខ​តាមរបៀប​ដែល​ពោរពេញ​ដោយ​អានុភាព ។ ចំនួន​កើនឡើង​ទាំងនេះ​គឺជា​សាក្សី​ដ៏​ច្បាស់​មួយ​ថា ដំណឹងល្អ​កំពុង​ប៉ះពាល់​ដួងចិត្ត និង​ផ្លាស់ប្ដូរ​ជីវិត​មនុស្ស​គ្រប់​ទិសទី ។

នៅជំនាន់​របស់​យើង ពួក​អ្នកប្រែចិត្ត​ជឿ​ដ៏មាន​តម្លៃ​ទាំងនេះ​មិន​ចាំបាច់​ត្រូវ​ប្រមូល​ផ្ដុំ​នៅទីតាំង​កណ្ដាល​មួយ​ទៀត​ឡើយ ។ ដោយសារ​តែ​សេចក្ដីជំនឿ និង​ការលះបង់​របស់​សមាជិក​នៃ​សាសនាចក្រ​នេះ នោះ​យើង​មាន​ធនធាន​ដើម្បី​គាំទ្រ​ដល់​ក្រុម​ជំនុំ—ដោយមាន​ការសាងសង់​រោងថ្វាយបង្គំ និង​ព្រះវិហារ​បរិសុទ្ធ—ជុំវិញ​ពិភពលោក​ទាំងមូល ។ ដោយ​មាន​កូនសោ​បព្វជិតភាព​ដ៏​ចាំបាច់ និង​ធនធាន​ដែល​បាន​ផ្ដល់​ឲ្យ ឥឡូវនេះ​ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ​មាន​នៅផ្នែក​ជាច្រើន​នៃ​ពិភពលោក​នេះ ។

មិនថា​យើង​រស់នៅ​ទីណា​នោះទេ សមាជិក​បច្ចុប្បន្ន​ត្រូវ​ស្វាគមន៍​សមាជិក​ថ្មី​រាប់រយ​រាប់​ពាន់​នាក់ ដូចដែល​យើង​បាន​ធ្វើ​ចំពោះ​ពួក​បរិសុទ្ធ​អង់គ្លេស និង​វេលស៍ ដែល​ខ្ញុំ​បាន​រៀបរាប់​ចេញ​ពី​ប្រវត្តិសាស្ត្រ​ពី​ដើម​របស់​យើង ។ ខ្ញុំ​ចូលចិត្ត​សុន្ទរកថា​របស់​អែលឌើរ ហ្គើរីត ដបុលយូ ហ្គង នៅក្នុង​សម័យ​ប្រជុំ​នេះ ដែល​លោក​បាន​បង្រៀន​យើង​ថា គ្មាន​នរណា​ម្នាក់​គួរ​អង្គុយ​ឯកោ​តែ​ម្នាក់​ឯង​ឡើយ​មិនថា​ទាំងខាង​សតិ​អារម្មណ៍ ឬ​ខាង​វិញ្ញាណ​នោះ​ទេ ។

កាតព្វកិច្ច​ដ៏​ពិសិដ្ឋ​របស់​យើង​គឺត្រូវ​ទទួល​យក ហើយ​ស្វាគមន៍​សមាជិក​ថ្មី និង​សមាជិក​កំពុង​ត្រឡប់​មកវិញ ។ នៅពេល​ព្រះអម្ចាស់​ពន្លឿន​កិច្ចការ​របស់​ទ្រង់ យើង​គួរតែ​ស្រឡាញ់ ចិញ្ចឹមបីបាច់ និង​បម្រើ​អស់​អ្នក​ដែល​ទទួល​យក​ដំណឹងល្អ​របស់​ទ្រង់ ។ យើង​អាច​ជួយ​ស្ថាបនា​ប្រជាជន​ស៊ីយ៉ូន ជា​កន្លែង​ដែល​យើង​មាន « ចិត្ត​តែមួយ និង​គំនិត​តែ​មួយ ហើយ​[ រស់នៅ ]​ក្នុង​សេចក្ដី​សុចរិត » ។  ដើម្បី​រួបរួម​នឹង​ព្រះអម្ចាស់ យើង​ត្រូវតែ​រួបរួម​គ្នា​នៅ​ចំពោះ​ព្រះអម្ចាស់ ។ ដោយ​មិន​គិត​ពី​កាលបរិច្ឆេទ​បុណ្យ​ជ្រមុជទឹក សមាជិក​ទាំងអស់​មាន​ការទទួល​ខុសត្រូវ​ក្នុង​ការស្វាគមន៍​មនុស្ស​ដទៃ ។

ឱវាទ​របស់​ខ្ញុំ​ចំពោះ​សមាជិក​នៃ​សាសនាចក្រ​នេះ​គឺ​ត្រូវ​ឱប​ក្រសោប​មនុស្ស​ជម្រើស​ដ៏​មាន​តម្លៃ​ទាំងនេះ​ដែល​បាន​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​យើង​ថា ពួក​អ្នកប្រែចិត្ត​ជឿថ្មី​ត្រូវការ « មិត្តភក្ដិ ការទទួលខុសត្រូវ និង​ការចិញ្ចឹម​បីបាច់​ដោយ ‹ ព្រះបន្ទូល​ដ៏​ល្អ​នៃ​ព្រះ › ( មរ៉ូណៃ ៦:៤ ) » ។ យើង​អាច​ជា​ម្នាក់​ក្នុង​ចំណោម​មិត្តភក្តិ​ទាំងឡាយដែល​ធានា​ដល់​ពួក​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​ទាំង​នេះ​ថា​ពួកគេ​ជា​សមាជិក ហើយ​មិន​មែន​គ្រាន់​តែ​ជា​ភ្ញៀវ​នោះ​ទេ ។ យើង​អាច​ជួយ​ពួកគេ​ឲ្យ​យល់​ថា ពួកគេ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​បម្រើ​ដល់​អ្នក​ដទៃ និង​ទទួល​យក​ការហៅ​បម្រើ ។ ពួក​អ្នកប្រែចិត្ត​ជឿ​វ័យ​ក្មេង​គួរតែ​ពិចារណា​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ គ្រប់​គ្នា​គួរ​តាំង​ចិត្ត​ព្យាយាម​រស់​នៅ​ដូច​ព្រះ​គ្រីស្ទ ។

មនុស្ស​ជា​ច្រើន​ចូល​រួម​ក្នុង​សាសនាចក្រ​ដោយ​ការ​លះបង់​ផ្ទាល់​ខ្លួន​ដ៏​អស្ចារ្យ ហើយ​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់ និង​ការ​គាំទ្រ​យ៉ាងខ្លាំង​ពី​ពួក​បរិសុទ្ធ​ដូច​គ្នា ។

ចំពោះ​អ្នក​ដែល​ថ្មី ឬ​ទើប​ត្រឡប់​មក​កាន់​សេចក្ដី​ជំនឿ​វិញ មាន​បញ្ហា​ដែល​បងប្អូន​អាច​ប្រឈម​មុខ ។ ចូរ​អត់ធ្មត់​ជាមួយ​ខ្លួនឯង ។ អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​បងប្អូន​អំពី​គោលលទ្ធិ​សំខាន់ៗ ហើយ​បាន​ពន្យល់​អំពី​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​នៃ​នគរ ដែល​មាន​ចែង​នៅក្នុង​ព្រះគម្ពីរ និង​នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ 

ការទទួល​បាន​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា ព្រមទាំង​ការរស់នៅ​តាម​បទបញ្ញត្តិ​គឺ​មាន​សារៈសំខាន់​ណាស់ ។ សូម​ផ្ដោត​លើ​សេចក្ដី​សញ្ញា​ដែល​ចាំបាច់​សម្រាប់​ភាពតម្កើងឡើង ។ ដំណឹង​ល្អ​ធ្វើ​ឲ្យ​មាន​ភាពតម្កើងឡើង ដែល​តម្រូវ​ឲ្យ​មាន​ការ​ចុះ និង​ការរក្សា​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ជាមួយ​ព្រះ ។ សេចក្តី​សញ្ញា​ដែល​យើង​ធ្វើ​គឺ​ត្រូវបាន​ធ្វើ​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ លើកលែង​តែ​ពិធី​បុណ្យ​ជ្រមុជទឹក ពិធីបញ្ជាក់ និង​ការប្រគល់​បព្វជិតភាព​ម៉ិលគីស្សាដែក​សម្រាប់​បុរស​ប៉ុណ្ណោះ ។ ចំពោះ​មរណជន ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ​នីមួយៗ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ។ ដូច្នោះហើយ ការរៀបចំខ្លួន​បងប្អូន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ គួរតែ​ជា​គោលដៅ​ភ្លាមៗ​មួយ ។

ពេលខ្លះ បងប្អូន​នឹង​មាន​អារម្មណ៍​ថា ការយល់ដឹង​របស់​បងប្អូន​នៅ​ខ្វះខាត ។ ចំណេះដឹង​នៃ​ដំណឹងល្អ​គឺជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ​ដែល​ទទួលបាន​ជា​បន្តបន្ទាប់​តាម​ពេលវេលា ប៉ុន្តែ​វា​មិនមែន​ជា​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ​នោះទេ ។ ដំណឹងល្អ​មិនមែន​ជា​ការ​សាកល្បង​ចំណេះដឹង​នោះទេ ។ ទោះជា​យ៉ាងណា ប្រធាន រ័សុល អិម ណិលសុន បាន​សន្យា​ថា « ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន រាល់​ថ្ងៃ ប្រកប​ដោយ​ការអធិស្ឋាន នោះ​បងប្អូន​នឹង​ធ្វើការ​សម្រេច​ចិត្ត​ដែល​ប្រសើរ—រៀង​រាល់​ថ្ងៃ ។ … ពេល​បងប្អូន​ជញ្ជឹងគិត​នូវ​អ្វី​ដែល​បងប្អូន​សិក្សា នោះ​បង្អួច​ស្ថានសួគ៌​នឹង​បើក​ឡើង បងប្អូន​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់​ខ្លួន និង​ការដឹកនាំ​សម្រាប់​ជីវិត​បងប្អូន​ផ្ទាល់ » ។

លើស​ពី​នេះ ជារៀងរាល់ឆ្នាំ ការឆ្លាស់​វេន​កម្មវិធីសិក្សា​របស់​សាសនាចក្រ​នៅក្នុង​ការប្រជុំ​ថ្ងៃ​អាទិត្យ​នាំ​ឲ្យ​មាន​ការពិភាក្សា​អំពី​ព្រះគម្ពីរ​សញ្ញាចាស់ ព្រះគម្ពីរសញ្ញាថ្មី ព្រះគម្ពីរមរមន និង​គោលលទ្ធិ និង​សេចក្តីសញ្ញា ។ យូរៗទៅ បងប្អូន​នឹង​មាន​អារម្មណ៍​ជឿជាក់​កាន់តែ​ខ្លាំង នៅពេល​ចំណេះដឹង​របស់​បងប្អូន​អំពី​ដំណឹងល្អ​រីកលូតលាស់ ។ ការសិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់​នឹង​ផ្ដល់​ពរ ហើយ​ធ្វើ​ឲ្យ​ជីវិត​របស់​បងប្អូន​មាន​ខ្លឹមសារ​តាមរយៈ​ការពង្រឹង​ការប្រែចិត្ត​ជឿ​របស់​បងប្អូន​ទៅលើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ការរៀនសូត្រ​អំពី​គោលលទ្ធិ​ដ៏​បរិសុទ្ធ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ការតាំងចិត្ត​ពេញ​មួយ​ជីវិត ទាំងការ​យល់ដឹង​អំពី​គោលលទ្ធិ និង​ការរស់​នៅ​ក្នុង​ជីវិត​ដូចជា​ព្រះគ្រីស្ទ ។ សេចក្ដីសញ្ញា​ដ៏​ចាំបាច់​ផ្ដល់​នូវ​រចនា​សម្ព័ន្ធ​មួយ​ដែល​យើង​ពិពណ៌នា​ថា​ជា​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។ គោលការណ៍​ទាំងនេះ​ត្រូវបាន​បង្រៀន​យ៉ាងមាន​អានុភាព​ដោយ​ប្រធាន ណិលសុន ។ សមាជិក​គ្រប់​រូប ជាពិសេស​សមាជិក​ថ្មី និង​អ្នក​ដែល​កំពុង​ត្រឡប់​មកវិញ នឹង​មាន​ពរ​តាមរយៈ​ការសិក្សា និង​ការសម្រប​ខ្លួន​តាម​សារលិខិត​របស់​ព្យាការី​អំពី​សេចក្ដី​សញ្ញា និង​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។

ប្រសិន​បើ​បងប្អូន​ដាក់​គោលដៅ​ទទួល​សេចក្ដី​សញ្ញា​នីមួយៗ​ដោយ​ស័ក្ដិសម​ដែល​ចាំបាច់​សម្រាប់​ភាពតម្កើងឡើង នោះបងប្អូន​នឹង​ស្ថិត​នៅលើ​ផ្លូវ​ដែល​ដឹកនាំ​ទៅរក​នគរ​សេឡេស្ទាល ។ ព្រះវិហារ​បរិសុទ្ធ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ​គួរតែ​ជា​ការផ្ដោត​យកចិត្ត​ទុកដាក់​របស់​យើង ។ សេចក្ដីសញ្ញា​ភាគច្រើន​មាន​សម្រាប់​បុគ្គល​ម្នាក់ៗ ។ សេចក្ដីសញ្ញា​មួយ ដែល​ជា​អាពាហ៍​ពិពាហ៍​ដ៏​នៅអស់​កល្ប​ជានិច្ច រួមមានការបង្រួប​បង្រួម​ការខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​ជាមួយដៃគូ ។ គោលដៅ​របស់​យើង​គួរតែ​ជា​ការស្វែងរក​ដៃគូ​ដ៏នៅ​អស់កល្ប​ជានិច្ច ។

ប៉ុន្តែ សូមកុំ​បាក់ទឹក​ចិត្ត ប្រសិនបើ​អាពាហ៍​ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច​មិនអាច​កើត​មាន​នៅពេល​នេះ ។ ពួក​ព្យាការី​បាន​បង្រៀន​ថា គ្មាន​ពរជ័យ​ណា​មួយ​នឹង​ត្រូវ​ដកចេញ​ពី​សមាជិក​ស្មោះត្រង់​ដែល​រក្សា​បទបញ្ញត្តិ​ឡើយ ។ ព្យាការី​មួយ​រូប​នៅក្នុង​ព្រះគម្ពីរ​មរមន ស្តេច​បេនយ៉ាមីន បាន​មាន​បន្ទូល​អំពី​បញ្ហា​នេះ​យ៉ាង​ប្រពៃ ៖ « អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ … បាន​ពរ​គ្រប់​យ៉ាង … ហើយ​បើ​សិន​ជា​ពួក​គេ … [ មាន​ចិត្ត ]​ស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត … ពួក​គេ​អាច​រស់នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថាន​ភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ។

ប្រសិន​បើ​បងប្អូន​មិនទាន់​ឃើញ​នៅ​ឡើយ នោះ​បងប្អូន​នឹង​រកឃើញ​ថា សមាជិក​មិន​ល្អ​ឥតខ្ចោះ​នោះទេ ។ គោលលទ្ធិ​ដែល​បាន​បើក​សម្ដែង​បញ្ជាក់​យ៉ាង​ច្បាស់​ថា នៅក្នុង​ដំណើរ​របស់​យើង​នៅលើ​ផែនដី​នេះ យើងនឹង​ធ្វើខុស ។ យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មិន​ល្អឥតខ្ចោះ ហើយ​ធ្លាក់ មិនមែន​ជាពិ​ភព​សេឡេស្ទាល​ទេ ។ ជីវិត​នេះ​គឺជា​គ្រាមួយ​នៃ​ការសាកល្បង ដោយសារ​មាន​ឱកាស​ជានិច្ច​ដើម្បី​ប្រែចិត្ត ហើយ​បង្ហាញ​ខ្លួនយើង ។

យើង​គ្រប់រូប​មាន​អារម្មណ៍​ថា​មិន​គ្រប់​គ្រាន់ នៅពេល​យើង​ព្យាយាម​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។ ដង្វាយធួន​របស់​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ប្រែចិត្ត​ប្រចាំ​ថ្ងៃ នៅពេល​ធ្វើ​ខុស ។ ដូចជា​នីហ្វៃ ព្យាការី​មួយរូប​ទៀត​នៅក្នុង​ព្រះគម្ពីរ​មរមន បាន​មាន​ប្រសាសន៍ ៖ « [ យើង ]​ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥតខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។ ហេតុដូច្នោះ​ហើយ បើសិនជា​អ្នករាល់គ្នា​ខិតខំ​ជឿន​ទៅមុខ ដោយ​ទទួលទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត មើល​ចុះ នោះ​ព្រះវរបិតា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ៖ អ្នករាល់គ្នា​នឹងមាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច » ។

នៅពេល​យើង​ជញ្ជឹង​គិត​ពី​បញ្ហា​ប្រឈម​ក្នុង​ជំនាន់​របស់​យើង នោះ​យើង​ត្រូវតែ​ចងចាំ​ថា ព្រះអង្គ​សង្គ្រោះ ក្នុងអំឡុងពេល​នៃ​ការងារបម្រើ​របស់​ទ្រង់​នៅលើ​ផែនដី ក៏​បាន​រស់នៅ​ក្នុង​គ្រា​ដ៏​ច្របូកច្របល់ និង​ហិង្សា​ផងដែរ ។ ការ​ផ្ដោត​របស់​ទ្រង់​មិនមែន​ទៅលើ​ការប្រឈម​ផ្នែក​នយោបាយ​នៅ​ជំនាន់​នោះទេ ប៉ុន្តែ​បានផ្ដោត​ទៅលើ​ភាព​ល្អ​ឥត​ខ្ចោះ​របស់​ពួក​បរិសុទ្ធ ។

ការធ្វើតាម​ព្រះអង្គ​សង្គ្រោះ ព្រមទាំង​គោលលទ្ធិ និង​ការបង្រៀន​របស់​ទ្រង់​មិនដែល​មាន​ភាព​ងាយស្រួល​ឡើយ​នៅក្នុង​ពិភពលោក​ដែល​មាន​ភាព​ច្របូក​ច្របល់​ជាបន្ត​បន្ទាប់​មួយ​នេះ ។ វា​មិន​ងាយស្រួល​ទេ​សម្រាប់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​គង់​នៅក្នុង​ពិភពលោក​មួយ​ដែល​ឆាប់​ប្រែប្រួល​អំឡុង​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ វា​មិន​ងាយស្រួល​សម្រាប់​ថ្នាក់​ដឹកនាំ​និង​សមាជិក​ដំបូង​របស់​យើង ហើយ​វាក៏​មិន​ងាយ​ស្រួល​សម្រាប់​យើង​ដែរ ។ ប៉ុន្តែ​ជា​សំណាងល្អ ព្យាការី​នានាផ្ដល់​ការណែនាំ​ដែល​យើង​ត្រូវការ​ជាពិសេស​សម្រាប់​ជំនាន់​របស់​យើង ។ ប្រធាន ដាល្លិន អេច អូក នឹង​បន្ត​កេរ្តិ៍ដំណែល​ខាង​វិញ្ញាណ​ដ៏​មានឥទ្ធិពល ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា គោលលទ្ធិ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​អស់កល្បជានិច្ច ហើយ​ពិត ។ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដ៏​ពិត និង​ច្បាស់លាស់​របស់​ខ្ញុំ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ហើយ​ដោយសារតែ​ដង្វាយធួន​របស់​ទ្រង់ យើង​អាច​រួម​គ្នាតែមួយ​នឹង​ទ្រង់​បាន ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ឆាល ឌីកកិនស៍ A Tale of Two Cities ( ឆ្នាំ​១៨៥៩ ) ទំព័រ ១ ។

  2. ប្រធាន​បទ​មួយ​របស់​ឌីកកិនស៍ គឺជា​គំនិត​នៃ​ការ​ផ្លាស់ប្ដូរ​បុគ្គល​ម្នាក់ៗ​នៅក្នុង​គ្រា​ដែល​មាន​ភាព​ចលាចល​ក្នុង​សង្គម ។

  3. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:២៦ ។

  4. សូមមើល ហ្គែរី អ៊ី ស្ទីវ៉ែនសុន​ « Blessed Are the Peacemakers » Liahonaខែ​វិច្ឆិកា ឆ្នាំ​២០២៥ ទំព័រ៦–៩ ។

  5. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១:២៣ ។

  6. សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:៧៣ ។

  7. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៩:២៣; សូមមើល​ផងដែរ យ៉ូហាន ១៤:២៧ ។

  8. សូមមើល កិច្ចការ ២:៤១ ។

  9. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១២ ។ វិវរណៈ​នេះ​ត្រូវបាន​ទទួល​នៅថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​១៨៣៧ ជា​ថ្ងៃដែល​ដំណឹងល្អ​ត្រូវបាន​ផ្សព្វផ្សាយ​ជាលើក​ដំបូង​នៅក្នុង​ប្រទេស​អង់គ្លេស​នៅក្នុង​គ្រាកាន់​កាប់​ត្រួតត្រា​នេះ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទងនឹង​បេសកកម្ម​ទាំងនេះ សូមមើល ជេមស៍ ប៊ី អាឡិន, រ៉ូណល ខេ អេសភ្លីន និង ដាវីឌ ជេ វីតថាកកឺ Men With a Mission: The Quorum of the Twelve Apostles in the British Isles, 1837–1841 ( ឆ្នាំ​១៩៩២ ) ។

  10. ពួក​អ្នកប្រែចិត្ត​ជឿ​ទាំងនេះ​ភាគច្រើន​មកពី​អ្នក​ដែល​ធ្វើ​ការ​ជា​កម្មករ ។ ឆាល ឌីកកិនស៍ បាន​សង្កេតមើល ពួកគេ​មួយចំនួន នៅពេល​ពួកគេ​បាន​រៀបចំ​ខ្លួន​សម្រាប់​ដំណើរ​របស់​ពួកគេ​ទៅ​កាន់​សហរដ្ឋ​អាមេរិក នៅលើ​កប៉ាល់ អាម៉ាហ្សូន ។ គាត់​មាន​ភាពអំណោយផល​ក្នុង​ការវាយ​តម្លៃ​របស់​គាត់ ។ គាត់​បាន​ពិពណ៌នា​ពួកគេ​ថា « ក្នុង​ស្ថានភាព​របស់​ពួកគេ ពួកគេ​គឺជា​ឧត្តម​បុគ្គល និងម​នុស្ស​ល្អបំផុត​របស់​ប្រទេស​អង់គ្លេស » ( « The Uncommercial Traveler » All the Year Roundថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៨៦៣ ទំព័រ ៤៤៦ ) ។ សូមមើល​ផងដែរ កូរិនថូស ទី១ ១:២៦–២៨ ។

  11. សូមមើល « Arrival from England, by the ‹ Perpetual Emigrating Fund › » Deseret News ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៨៥២ ទំព័រ ៩០ ។

  12. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦:៦២, ៧០; សូមមើល​ផងដែរ កូរិនថូស ទី១ ១៥:៤០–៤២ ។

  13. ព័ត៌មាន​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ផ្នែក​កំណត់ត្រា​ស្ថិតិ និង​សមាជិក និង​នាយកដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា ។

  14. ព័ត៌មាន​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ផ្នែក​កំណត់ត្រា​ស្ថិតិ និង​សមាជិក និង​នាយកដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា ។

  15. ព័ត៌មាន​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ផ្នែក​កំណត់ត្រា​ស្ថិតិ និង​សមាជិក ។

  16. ព័ត៌មាន​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ផ្នែក​កំណត់ត្រា​ស្ថិតិ និង​សមាជិក និង​នាយកដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា ។

  17. គិតត្រឹម​ទសវត្សរ៍​ឆ្នាំ១៩៨០ ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​ចាប់ផ្ដើម​លើកទឹកចិត្ត​សមាជិក​ឲ្យ​បន្ត​រស់នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន ជាជាង​ប្រមូល​ផ្ដុំ​នៅ​រដ្ឋ​យូថាហ៍ ។ ស្តេក​ដំបូង​នៅក្រៅ Intermountain West ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទសវត្សរ៍​ឆ្នាំ១៩២០ ហើយ​ស្តេក​ដំបូង​នៅក្រៅ​ប្រទេស​អាមេរិក និង​កាណាដា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​នូវែលសេឡង់ ( សូមមើល ប្រេនឌិន អេស ភ្លូ កំណែ Mapping Mormonism: An Atlas of Latter-day Saint History [ ឆ្នាំ២០១៤ ] ទំព័រ ១៨៤–១៨៥ ) ។

  18. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១០:១១–១៦ ។

  19. សូមមើល ហ្គើរីត ដបុលយូ ហ្គង « No One Sits Alone » Liahonaខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ៤០–៤៣ ។

  20. ម៉ូសេ ៧:១៨ ។

  21. សូមមើល យ៉ូហាន ១៧:២០–២១; កូរិនថូស ទី១ ១២:១១–៣១ ។

  22. ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី « Converts and Young Men » Ensignខែ ឧសភា ឆ្នាំ​១៩៩៧ ទំព័រ​៤៧ ។

  23. សូមមើល យ៉ាកុប ២:៥; សូមមើល​ផងដែរ ម៉ាថាយ ១៩:២៩; រ៉ូម ២:១១; អេភេសូរ ២:១៩; ម៉ូសាយ ១៨:៨–៩ ។

  24. សូមមើល ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( ឆ្នាំ២០២៣ ) ទំព័រ ១៧ ។

  25. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៤:៧ ។

  26. រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like Without It? » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៦២–៦៣; សូមមើល​ផងដែរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖ « នៅពេល​វាហាក់​ដូចជា​គ្មានត្រចៀក​ដ៏ទេវភាព​កំពុងស្តាប់ ហើយ​គ្មាន​សំឡេង​ដ៏ទេវភាព​កំពុង​និយាយ … ប្រសិនបើ [ យើង ] ជ្រមុជ [ ខ្លួនយើង ] នៅក្នុង​ព្រះគម្ពីរ ចម្ងាយ​កាន់តែ​រួមតូច ហើយ​ជីវភាព​ខាងវិញ្ញាណ​ត្រឡប់​មកវិញ » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ២០០៦ ] ទំព័រ​៦៧ ) ។

  27. សូមមើល យ៉ូហាន ៥:៣៩ ។

  28. ឧទាហរណ៍ សូមមើល « Let God Prevail » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៩២–៩៥; « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៩៧–១០០; « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តីសម្រាក » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៩៥–៩៨ ។

  29. ម៉ូសាយ ២:៤១ ។

  30. សូមមើល អាលម៉ា ៣៤:៣២ ។

  31. នីហ្វៃទី២ ៣១:២០ ។

  32. សូមមើល អេភេសូរ ៤:១១–១៥ ។

  33. សូមមើល យ៉ូហាន ១៧:២០–២២ ។