ព្រះអម្ចាស់ទតចំពោះក្នុងចិត្ត
អ្វីគ្រប់យ៉ាងដែលព្រះត្រូវការដើម្បីសម្រេចគោលបំណងរបស់ទ្រង់ និងដើម្បីជួយយើងប្រែក្លាយជាមនុស្សដែលទ្រង់ចង់ឲ្យយើងប្រែក្លាយ នោះគឺឲ្យយើងម្នាក់ៗបង្វែរចិត្តរបស់យើងទាំងស្រុងទៅរកទ្រង់ ។
នៅពេលព្រះអម្ចាស់បញ្ជាឲ្យជ្រើសរើសស្តេចថ្មីនៃអ៊ីស្រាអែលចេញពីក្នុងចំណោមកូនប្រុសរបស់អ៊ីសាយ ព្យាការីសាំយូអែល ពេលលោកមើលទៅកូនប្រុសច្បងរបស់អ៊ីសាយគឺ អេលាប ក៏ស្រែកដោយក្តីរំភើបចិត្តថា « ប្រាកដជាអ្នកដែលព្រះយេហូវ៉ាចាក់ប្រេងតាំងឲ្យ បានមកនៅចំពោះទ្រង់ហើយ » ។ ប៉ុន្តែអេលាបមិនមែនជាអ្នកបម្រើដែលបានជ្រើសរើសរបស់ព្រះអម្ចាស់ទេ ។ ព្រះអង្គសង្រ្គោះបានព្រមានសាំយូអែល ៖ « កុំឲ្យមើលតែឫកពាខាងក្រៅ ឬកម្ពស់ខ្លួននោះឡើយ ដ្បិតអញមិនទទួលអ្នកនេះទេ ពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្តី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ » ។
ខណៈពេលដែលដាវីឌប្រហែលជាមិនមានកាយសម្បទាខ្លាំងក្លា ឬប៉ិនប្រសប់លើសជាងអស់ទាំងបងៗរបស់លោកក្តី តែចិត្តលោករឹងមាំនៅចំពោះព្រះភក្ត្ររបស់ព្រះ ។ លោកស្រឡាញ់ព្រះដោយអស់ពីចិត្ត និងមានបំណងចង់ធ្វើតាមទ្រង់ ។ លោកមានជំនឿដ៏មិនងាករេទៅលើសេចក្តីស្រឡាញ់ ព្រះចេស្តា និងពរជ័យដែលបានសន្យារបស់ព្រះ ដែលពេលក្រោយមកលោកបានបង្ហាញក្នុងគ្រាដែលលោកប្រយុទ្ធដោយមិនខ្លាច ហើយបានកម្ចាត់កូលីយ៉ាត ដោយមានជំនួយពីព្រះអម្ចាស់ ។
ដំណើររឿងនេះបង្រៀនយើងថា អ្វីគ្រប់យ៉ាងដែលព្រះត្រូវការដើម្បីសម្រេចគោលបំណងរបស់ទ្រង់ និងដើម្បីជួយយើងប្រែក្លាយជាមនុស្សដែលទ្រង់ចង់ឲ្យយើងប្រែក្លាយ នោះគឺឲ្យយើងម្នាក់ៗបង្វែរចិត្តរបស់យើងទាំងស្រុងទៅរកទ្រង់ ។ ចំពោះពួកចៅក្រម ទ្រង់បានបញ្ញាតិថា « ត្រូវស្រឡាញ់ព្រអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត » ចំពោះព្យាការី យ៉ូសែប ស្ម៊ីធ ទ្រង់មានបន្ទូលថា ៖ « មើលចុះព្រះអម្ចាស់ទ្រង់តម្រូវចិត្ត និង គំនិតដែលស្ម័គ្រតាម » ។ ហើយចំពោះ ពួកសាសន៍នីហ្វៃ ព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញ បានពង្រើកការអញ្ជើញនេះថា « ហើយអ្នករាល់គ្នាត្រូវថ្វាយ ដល់ យើងនូវចិត្តសង្រេង និងវិញ្ញាណទន់ទាបវិញ » ។
ហេតុអ្វីបានជាបែបនេះ ? ព្រះអង្គសង្គ្រោះបានបង្រៀនថា បើចិត្តរបស់យើងបានបែរទៅរកទ្រង់ទាំងស្រុង ហើយដោយសារពលិកម្មដ៏ធួនរបស់ទ្រង់ នោះយើងអាចទទួលបានពរជ័យនូវកម្លាំង និងអំណោយខាងវិញ្ញាណដែលយើងត្រូវការ ដើម្បីយកឈ្នះលើបញ្ហាប្រឈមនៃជីវិតរមែងស្លាប់របស់យើង ទប់ទល់នឹងការល្បួង ទទួលបានការដឹកនាំ និងការយល់ដឹង និងអំណរ ព្រមទាំងភាពសុខសាន្តនៅក្នុងជីវិតរបស់យើង ។ « ហើយចេញពីការណ៍ដ៏តូចតាច នោះបណ្ដាលឲ្យមានការណ៍ដ៏ធំធេងឡើង » ។ ទ្រង់មានបន្ទូលថា ទ្រង់អាច « ធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែ » ហើយប្រទានពរដល់យើងជាមួយនឹងអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការ ដើម្បីទទួលបានជោគជ័យក្នុងជីវិតរមែងស្លាប់នេះ និងដើម្បីទទួលបានជីវិតដ៏អស់កល្បជានិច្ច ។ ទ្រង់មានបន្ទូលថា « មានពរហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ » ។
ខ្ញុំជឿថា នេះជាមូលហេតុមួយ ដែលជារឿយៗព្រះយេស៊ូវគ្រីស្ទបានកែតម្រូវពួកអាចារ្យ និងពួកផារិស៊ីអំឡុងពេលការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ។ ទោះជាខិតខំក្នុងការរក្សាបញ្ញាតិរបស់ទ្រង់ក្តី ក៏ពួកគេបានធ្វើដោយមានហេតុផលខុសផងដែរ ។ ទ្រង់បានស្តីបន្ទោសពួកគេ ដោយមានបន្ទូលថា « បណ្តាជននេះគេគោរពប្រតិបត្តិដល់អញតែបបូរមាត់ទេ ឯចិត្តគេ នោះនៅឆ្ងាយពីយើងណាស់ » ។
នេះជាការរំឭកមួយទៅដល់សិស្សទាំងអស់របស់ទ្រង់ថា វាមិនមែនគ្រាន់តែចំពោះអ្វីដែលយើងធ្វើ—ទាំងពាក្យសម្តី និងសកម្មភាពទាំងឡាយរបស់យើងប៉ុណ្ណោះទេ—ប៉ុន្តែ ក៏ជាមូលហេតុដែលយើងធ្វើនូវអ្វីដែលព្រះយេស៊ូវគ្រីស្ទបានសុំឲ្យយើងធ្វើ—ជាបំណងប្រាថ្នា និងការជម្រុញចិត្តរបស់យើង ។ ទ្រង់បានមានបន្ទូល « ដ្បិតយើងជាព្រះអម្ចាស់ នឹងជំនុំជម្រះមនុស្សលោកទាំងអស់ ស្របតាមកិច្ចការរបស់ពួកគេ គឺស្របតាមសេចក្ដីប៉ងប្រាថ្នានៃដួងចិត្តរបស់ពួកគេ » ។ ព្រះវរបិតាសួគ៌របស់យើងសព្វព្រះហឫទ័យខ្លាំងជាងចំពោះទង្វើនៃការគោរពប្រតិបត្តិ និងការបម្រើមកពីបុត្រាបុត្រីរបស់ទ្រង់ ។ ទ្រង់សព្វព្រះទ័យឲ្យយើងធ្វើកិច្ចការទាំងនោះដោយស្មោះអស់ពីចិត្ត ពីព្រោះយើងស្រឡាញ់ទ្រង់អស់ពីដួងចិត្ត ។ ទ្រង់សព្វព្រះទ័យចង់ឲ្យយើងមានបំណងប្រាថ្នាក្លាយដូចជាទ្រង់ ។
ឥឡូវនេះ បើសុខភាពខាងវិញ្ញាណនៃដួងចិត្តរបស់យើង គឺជាកង្វល់ចម្បងរបស់ព្រះអង្គសង្គ្រោះ—អ្វីដែលទ្រង់ចង់បានពីសិស្សដ៏ពិត—តើយើងអាចពិនិត្យមើលដួងចិត្តរបស់យើង ហើយដឹងថាវាត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់ព្រះដោយរបៀបណា ?
កាលពីថ្មីៗនេះ នៅពេលភរិយាខ្ញុំ និងខ្ញុំត្រឡប់មកពីបេសកកម្មរបស់យើងនៅប្រទេសព័រទុយហ្គាល់វិញ យើងបានធ្វើតេស្តសុខភាពជាបន្តបន្ទាប់ ដើម្បីវាយតម្លៃស្ថានភាពរាងកាយរបស់យើង ។ ការធ្វើតេស្តមួយចំនួនទាំងនោះផ្តោតលើសុខភាពបេះដូងរបស់យើង—ដូចជាការធ្វើតេស្តឈាម ការពិនិត្យអេកូ និងការធ្វើតេស្តលើភាពស្ត្រេសរបស់យើង ។ ខ្ញុំជឿថា ព្រះអង្គសង្គ្រោះក៏បានផ្តល់ឲ្យយើងនូវកញ្ចប់នៃការធ្វើតេស្តខាងវិញ្ញាណផងដែរ ដែលយើងអាចប្រើដើម្បីវាយតម្លៃស្ថានភាពដួងចិត្តខាងវិញ្ញាណរបស់យើង ។ ខ្ញុំសូមចែកចាយពីរបីចំណុចជាមួយបងប្អូន ។
ការវាយតម្លៃដួងចិត្តរបស់បងប្អូនជាមួយនឹងការធ្វើតេស្តខាងវិញ្ញាណ
ទីមួយ ការផ្តោតលើចំណុចអាទិភាព និងការជម្រុញចិត្តទាំងឡាយ
ព្រះយេស៊ូវបានបង្រៀនថា « ពីព្រោះសម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ » ។ ទ្រព្យសម្បត្តិគឺជារបស់ដែលមានតម្លៃចំពោះយើង ជាអ្វីដែលយើងប្រឹងប្រែង និងការយកចិត្តទុកដាក់ ។ កន្លែងដែលយើងជ្រើសរើសចំណាយពេលវេលា និងការផ្តោតចំពោះចំណាប់អារម្មណ៍របស់យើង ក៏ដូចគ្នានឹងអ្វីដែលជម្រុញឲ្យយើងធ្វើ ពោលគឺពីចិត្តរបស់យើង ។ ព្រះអង្គសង្គ្រោះបានព្រមានថា ខណៈដែលមានមនុស្សជាច្រើនដែលត្រូវបានហៅ ប៉ុន្តែមានមនុស្សតែបន្តិចទេដែលត្រូវបានរើស « ពីព្រោះចិត្តរបស់ពួកគេត្រូវបានភ្ជាប់ជាខ្លាំងទៅលើអ្វីៗទាំងឡាយនៃលោកនេះ ហើយ [ ពួកគេ ] ប្រាថ្នាចង់បានកិត្តិយសនៃមនុស្សលោក » ។ តើខ្ញុំបានទុកឲ្យព្រះអង្គសង្គ្រោះជាអាទិភាពនៅក្នុងជីវិតរបស់ខ្ញុំដែលឬទេ ? តើភ្នែករបស់ខ្ញុំសម្លឹងទៅរកសិរីល្អរបស់ទ្រង់នៅក្នុងគ្រប់អ្វីទាំងអស់ដែលខ្ញុំធ្វើដែរទេ ?
ទីពីរ ឆន្ទៈរបស់យើងក្នុងការគោរពតាមបញ្ញត្តិទាំងឡាយរបស់ព្រះ
នៅទូទាំងបទគម្ពីរ ព្រះអម្ចាស់ និងព្យាការីរបស់ទ្រង់បានបង្រៀនពីភាពឆ្មើងឆ្មៃ និងការមិនគោរពតាមជាមួយនឹងការមានចិត្តរឹងរូស ។ នីហ្វៃបានទូន្មានបងប្រុសរបស់លោក ដោយមានប្រសាសន៍ថា « ចុះហេតុអ្វីបានជាបងៗ មិនកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ? ហេតុអ្វីបានជាបងៗ នឹងត្រូវវិនាស ពីព្រោះតែភាពរឹងរូសនៃចិត្តរបស់បងៗដូច្នេះ ? ចំពោះពួកបរិសុទ្ធនៅរដ្ឋមិសសួរី ព្រះអម្ចាស់បានព្រមានថា « ប៉ុន្តែអ្នកណាដែលមិនប្រព្រឹត្តអ្វីសោះឡើយ ទាល់តែអ្នកនោះត្រូវបានបញ្ជា ហើយទទួលបញ្ញត្តិនោះដោយចិត្តសង្ស័យ ហើយកាន់តាមដោយចិត្តខ្ជិលច្រអូស អ្នកនោះឈ្មោះថាជាប់ទោសហើយ » ។ ខណៈពេលដែលព្រះអង្គសង្គ្រោះមិនរំពឹងថានឹងមានភាពល្អឥតខ្ចោះនៅក្នុងការរក្សាបទបញ្ញាតិរបស់ទ្រង់ តែទ្រង់សុំឲ្យយើងប្រាថ្នា និងខិតខំរក្សាបទបញ្ញាតិទាំងនោះដោយអស់ពីចិត្តរបស់យើង ។
ទីបី ភាពឧស្សាហ៍ព្យាយាមរបស់យើងនៅក្នុងការសិក្សាព្រះគម្ពីរ និងស្វែងរកវិវរណៈ
ព្រះអម្ចាស់បានដាស់តឿនដល់អូលីវើរ ខៅឌើរី ឲ្យ « រក្សាព្រះបន្ទូលទាំងឡាយនេះទុកនៅក្នុងចិត្តរបស់អ្នកចុះ » ។ យើងត្រូវបានអញ្ជើញឲ្យស្វែងរកបទគម្ពីរដោយឧស្សាហ៍ព្យាយាម ហើយតាមរយៈព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ស្វែងរកដើម្បីទទួលបានការយល់ដឹង និងសាក្សីនៃសេចក្តីពិតនៃដំណឹងល្អនៅក្នុងចិត្តរបស់យើង ។
ព្យាការីអ័ប៊ីណាដៃបានស្តីបន្ទោសដល់ពួកអាចារ្យរបស់ស្តេចណូអេដ៏ទុច្ចរិតដែលមិនបានធ្វើដូច្នេះដោយមានប្រសាសន៍ថា « អ្នករាល់គ្នាពុំបានតាំងចិត្តរៀនឲ្យយល់ ហេតុដូច្នេះហើយ អ្នករាល់គ្នាពុំមានប្រាជ្ញាទេ » ។ តើខ្ញុំកំពុងខិតខំដោយស្មោះ ដើម្បីសិក្សាបទគម្ពីរជារៀងរាល់ថ្ងៃ និងដើម្បីតាំងចិត្តរបស់ខ្ញុំឲ្យយល់ពីបទគម្ពីរទាំងនោះតាមរយៈការអធិស្ឋានដែរឬទេ ?
ទីបួន គំនិត និងពាក្យសម្តីរបស់យើង
ព្រះអង្គសង្គ្រោះបានបង្រៀនថា « ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ » ហើយថា « ពីព្រោះមាត់តែងនិយាយ តាមសេចក្តីបរិបូរដែលនៅក្នុងចិត្ត » ។ គុណតម្លៃនៃគំនិត និងពាក្យសម្តីរបស់យើង គឺជាសូចនាករដ៏ល្អនៃភាពបរិសុទ្ធក្នុងដួងចិត្តរបស់យើង ។ តើខ្ញុំកំពុងបង្កើតគំនិតអវិជ្ជមានជាច្រើនអំពីសកម្មភាព ឬការជម្រុញចិត្តរបស់អ្នកដទៃ ឬសូម្បីតែអំពីខ្លួនឯងដែរឬទេ ? តើខ្ញុំវិនិច្ឆ័យ និងថ្កោលទោសអ្នកដទៃលឿនពេកដែរឬទេ ? តើខ្ញុំស្វែងរកលេស ឬដោះសារសម្រាប់កំហុសឆ្គងរបស់ខ្ញុំដែរឬទេ ? ហើយតើពាក្យសម្តីរបស់ខ្ញុំវិញយ៉ាងដូចម្តេចដែរ ? តើពាក្យទាំងនោះបានលើកស្ទួយ និងបំផុសគំនិតមនុស្សនៅជុំវិញខ្ញុំដែរឬទេ ? ឬពាក្យសម្តីទាំងនោះ ជាញឹកញាប់បង្កើតជាជម្លោះ និងការខឹងសម្បាទៅវិញ ?
បន្ទាប់ពីការធ្វើតេស្តរាងកាយរបស់ខ្ញុំបានបញ្ចប់ គ្រូពេទ្យបានប្រាប់ខ្ញុំថា សរុបរួមមក បេះដូងរបស់ខ្ញុំមានសុខភាពល្អ—ប៉ុន្តែមានការព្រួយបារម្ភមួយចំនួនដែលត្រូវដោះស្រាយពេលឥឡូវនេះ ពីមុនពេលវាក្លាយជាធ្ងន់ធ្ងរ ។ បន្ទាប់មកគ្រូពេទ្យបានកំណត់ការផ្លាស់ប្តូររបៀបរស់នៅមួយចំនួន ។ ដូចគ្នានេះដែរ នៅពេលដែលបងប្អូនធ្វើការវាយតម្លៃខាងវិញ្ញាណនៃបេះដូងរបស់បងប្អូន ហើយកត់សម្គាល់ឃើញរោគសញ្ញាអវិជ្ជមានមួយចំនួនចាប់ផ្តើមកើតមាន សូមកុំភ័យស្លន់ស្លោ ! ព្រះអង្គសង្គ្រោះបានប្រទានឱសថ និងការព្យាបាលខាងវិញ្ញាណដ៏ល្អឥតខ្ចោះដើម្បីជួយដល់បងប្អូន ។ ទ្រង់ថែមទាំងបានសន្យាថានឹងប្រទានឲ្យយើងនូវដួងចិត្តថ្មីផងដែរ ! ទាំងនេះគឺជាសកម្មភាពមួយចំនួនដែលអាចពង្រឹងកម្លាំងខាងវិញ្ញាណរបស់ចិត្តបងប្អូន ។
ការកែលម្អសុខភាព ខាងវិញ្ញាណ នៃដួងចិត្តរបស់បងប្អូន ។
ទីមួយ ពង្រឹងទំនាក់ទំនងរបស់បងប្អូនជាមួយនឹងព្រះគ្រីស្ទ
ពេលយើងថ្វាយពេលវេលាជារៀងរាល់ថ្ងៃដើម្បីខិតទៅកាន់តែជិតព្រះគ្រីស្ទ នោះចិត្តរបស់យើងត្រូវបានផ្លាស់ប្តូរ ។ ការសិក្សាបទគម្ពីរប្រចាំថ្ងៃ អមដោយការអធិស្ឋានដោយស្មោះ និងការតមអាហារជាទៀងទាត់ នឹងបង្កើនសេចក្តីស្រឡាញ់របស់បងប្អូនចំពោះព្រះអង្គសង្គ្រោះ និងពង្រឹងសេចក្តីជំនឿ និងបំណងប្រាថ្នារបស់បងប្អូនក្នុងការប្រែចិត្ត និងបន្ទាបចិត្តរបស់យើងចំពោះព្រះ ។ សូមពិចារណានូវគំរូនេះមកពីនីហ្វៃ« ហេតុដូច្នោះហើយ ខ្ញុំបានអំពាវនាវដល់ព្រះអម្ចាស់ ហើយមើលចុះ ទ្រង់បានយាងមកជួបនឹងខ្ញុំ ហើយបន្ទន់ចិត្តខ្ញុំ បណ្ដាលឲ្យខ្ញុំជឿអស់ទាំងពាក្យដែលបានពោលមកដោយឪពុកខ្ញុំ » ។
នៅពេលយើងបន្តបណ្តុះគ្រាប់ពូជនៃសេចក្តីជំនឿដោយបំណងប្រាថ្នា និងសកម្មភាពដ៏សុចរិតរបស់យើង នោះយើងនឹងទទួលបទពិសោធន៍នៃការញែកចិត្តរបស់យើងចេញជាបរិសុទ្ធដូចគ្នានឹងសាសន៍នីហ្វៃដែរ ៖ « គង់តែពួកគេបានតមអាហារ ហើយបានអធិស្ឋានជាញឹកញាប់ដែរ ហើយបានមុតមាំខ្លាំងឡើងៗនៅក្នុងភាពរាបសារបស់គេ ហើយបានរឹងប៉ឹងឡើងៗនៅក្នុងសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ នាំឲ្យចិត្តគេបានពោរពេញទៅដោយសេចក្ដីអំណរ និងការលួងលោមចិត្ត មែនហើយ គឺរហូតដល់ធ្វើឲ្យចិត្តគេបរិសុទ្ធ ហើយញែកចិត្តគេចេញជាបរិសុទ្ធ រីឯការញែកចិត្តចេញបរិសុទ្ធបានមក ដោយសារពួកគេបានប្រគល់ចិត្តដល់ព្រះ » ។
ទីពីរ ធ្វើឲ្យឆន្ទៈរបស់បងប្អូនស្របទៅនឹងឆន្ទៈរបស់ទ្រង់
ព្រះអង្គសង្គ្រោះបានបង្រៀនថា « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ » ។ ទ្រង់អញ្ជើញឲ្យយើងបង្ហាញសេចក្តីស្រឡាញ់របស់យើង តាមរយៈការធ្វើ និងការរក្សាសេចក្ដីសញ្ញាជាមួយនឹងទ្រង់ ។ នៅពេលយើងខិតខំជារៀងរាល់ថ្ងៃដើម្បីរក្សាបញ្ញាតិរបស់ទ្រង់ ការប្រែចិត្តដោយស្មោះត្រង់ពីអំពើបាបរបស់យើង ហើយខ្ជាប់ខ្ជួនក្នុងការទទួលយកព្រះនាមទ្រង់មកដាក់លើខ្លួន ហើយធ្វើឲ្យឆន្ទៈរបស់យើងស្របតាមឆន្ទៈរបស់ទ្រង់ នោះយើងអាចទទួលបានពរជ័យនូវភាពជាដៃគូជានិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ ។
នីហ្វៃបានធ្វើទីបន្ទាល់ ៖ « ខ្ញុំដឹងថា បើអ្នករាល់គ្នានឹងដើរតាមព្រះរាជបុត្រាដោយពេញចិត្តប្រាថ្នា គឺពុំមានការលាក់ពុត ឬការបោកបញ្ឆោតនៅចំពោះព្រះឡើយ ប៉ុន្តែដោយស្មោះអស់ពីចិត្ត គឺប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន ធ្វើបន្ទាល់ចំពោះព្រះវរបិតាថា អ្នករាល់គ្នាយល់ព្រមទទួលយកព្រះនាមនៃព្រះគ្រីស្ទមកលើខ្លួន ដោយទទួលបុណ្យជ្រមុជទឹក… នោះអ្នកនឹងទទួលព្រះវិញ្ញាណបរិសុទ្ធ » ។ ព្រះវិញ្ញាណបរិសុទ្ធនឹងដឹកនាំបងប្អូន និងជួយបងប្អូនឲ្យដឹងពីឆន្ទៈរបស់ព្រះអម្ចាស់ ហើយធ្វើការជ្រើសរើសដ៏ល្អ ។
ជាចុងក្រោយ បម្រើព្រះ និងអ្នកដទៃដោយអស់ពីចិត្តរបស់បងប្អូន
ព្រះអង្គសង្គ្រោះអញ្ជើញមនុស្សទាំងអស់ឲ្យ « បម្រើទ្រង់ដោយអស់ពីចិត្ត » ។ នៅពេលយើងជ្រើសរើសធ្វើរឿងនីមួយៗដែលព្រះអម្ចាស់បានសុំឲ្យយើងធ្វើ—ដូចជាការរក្សាបទបញ្ញត្តិ ការទទួលទានសាក្រាម៉ង់ ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ និងការបម្រើអ្នកដទៃ—ដោយចិត្តស្មោះ និងអស់ពីចិត្ត នោះសកម្មភាពនៃការបម្រើ និងការថ្វាយបង្គំនីមួយៗក្លាយទៅជាបទពិសោធន៍ខាងវិញ្ញាណដ៏មានឥទ្ធិពល ដែលពង្រឹងសេចក្តីជំនឿ និងទីបន្ទាល់របស់យើង ហើយបំពេញដួងចិត្តរបស់យើងដោយសេចក្តីអំណរ និងសេចក្តីស្រឡាញ់ចំពោះព្រះ និងបងប្អូនរបស់យើង ។
សំណួររបស់ព្យាការីអាលម៉ានៅតែបន្លឺឡើងនៅថ្ងៃនេះ ៖ « តើអ្នករាល់គ្នាបានកើតមកពីព្រះនៅក្នុងវិញ្ញាណហើយឬនៅ ? តើអ្នករាល់គ្នាបានទទួលព្រះភក្ត្ររបស់ទ្រង់នៅក្នុងទឹកមុខរបស់អ្នកហើយឬនៅ ? តើអ្នករាល់គ្នាបានស្គាល់ការផ្លាស់ប្ដូរដ៏ធំនេះ នៅក្នុងដួងចិត្តអ្នកហើយឬនៅ ? »
បងប្អូនប្រុសស្រី ខ្ញុំសូមអញ្ជើញបងប្អូនឲ្យថ្វាយដួងចិត្តទាំងមូលរបស់បងប្អូនទៅដល់ព្រះអង្គសង្គ្រោះនៅថ្ងៃនេះ ។ សូមឲ្យទង្វើនីមួយៗនៃការថ្វាយបង្គំ និងការបម្រើធ្វើដោយស្មោះត្រង់ និងដោយចេតនា ។ ចូរទុកការរំខាននៃលោកិយមួយឡែក ហើយព្យាយាមដើម្បីមានពេលវេលាដ៏មានន័យសម្រាប់ព្រះអម្ចាស់ជារៀងរាល់ថ្ងៃក្នុងជីវិតរបស់បងប្អូន ។ ប្រែចិត្ត និងត្រឡប់មករកទ្រង់ដោយអស់ពីចិត្តរបស់បងប្អូន ហើយទ្រង់នឹងអភ័យទោសឲ្យបងប្អូន និងឱបក្រសោបបងប្អូននៅក្នុងដៃនៃសេចក្តីស្រឡាញ់របស់ទ្រង់ ។ ចូរកុំស្វែងរកទ្រព្យសម្បត្តិ ឬវត្ថុទាំងឡាយដែលឥតប្រយោជន៍នៃលោកិយនេះឡើយ ប៉ុន្តែជ្រើសដើម្បីឲ្យមានភ្នែកស្មោះស្ម័គ្រទាំងស្រុងចំពោះសិរីល្អរបស់ព្រះអង្គ និងហើយចូរស្វែងរករបស់ទាំងឡាយណាដែលគ្រាន់បើជាងនេះវិញ ។ ទ្រង់ជ្រាបដឹងពីគំនិតរបស់បងប្អូន និងបំណងប្រាថ្នានៃដួងចិត្តរបស់បងប្អូន ហើយនៅពេលបងប្អូនចូរមកឯទ្រង់ នោះទ្រង់នឹងប្រទានពរដល់បងប្អូនជាមួយនឹងកម្លាំង ទំនុកចិត្ត ភាពសុខសាន្ត និងអំណរនៅក្នុងជីវិតនេះ ហើយនិងកន្លែងមួយនៅក្នុងនគរសេឡេស្ទាលរបស់ទ្រង់សម្រាប់អស់កល្បជានិច្ច ។
ខ្ញុំដឹងថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ។ ទ្រង់គឺជាព្រះប្រោសលោះរបស់យើង ។ ហើយទ្រង់ស្រឡាញ់បងប្អូន និងខ្ញុំដោយអស់ពីព្រះទ័យរបស់ទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។