មើលទៅព្រះ ហើយរស់នៅ
មានតែការមើលទៅព្រះប៉ុណ្ណោះ ដែលបុគ្គលម្នាក់ៗ គ្រួសារ និងប្រជាជាតិនានាអាចរីកចម្រើនបាន ។
កាលពីខែមិថុនាកន្លងទៅ គ្រោះថ្នាក់ដ៏អាក្រក់មួយបានកើតឡើងនៅប្រទេស ឡេសូតូ ក្នុងទ្វីបអាហ្វ្រិកខាងត្បូង ។ ឡានក្រុងតូចមួយដែលដឹកយុវនារីម្ភៃនាក់នៅសាខាម៉ាពូសូ របស់សាសនាចក្រ និងថ្នាក់ដឹកនាំរបស់ពួកគេប្រាំពីរនាក់បានធ្វើដំណើរទៅកាន់រាជធានីម៉ាសេរុយ សម្រាប់ការប្រមូលផ្តុំយុវនារីមកពីមណ្ឌលរបស់ពួកគេ ។ ខណៈពួកគេធ្វើដំណើរតាមផ្លូវជាតិពីរគន្លងនាពេលព្រឹកព្រលឹម ស្រាប់តែមានរថយន្តមួយគ្រឿងបើកក្នុងទិសដៅបញ្ច្រាសគ្នាព្យាយាមបើកជែងរថយន្តមួយគ្រឿងទៀតចូលមកក្នុងគន្លងដែលរថយន្តក្រុងនោះកំពុងបើក ។ វាគ្មានកន្លែង ឬពេលដើម្បីចៀសពីការប៉ះទង្គិចគ្នានោះទេ ហើយតែក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ រថយន្តនោះបានបុក រមៀលចេញពីផ្លូវ ហើយផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ។
សរុបមក មនុស្សដប់ប្រាំនាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ រួមមានទាំងយុវនារីប្រាំមួយនាក់ ថ្នាក់ដឹកនាំយុវនារីពីរនាក់ ព្រមទាំងប្រធានសាខា និងភរិយារបស់គាត់ ។ អ្នកនៅរស់រានមានជីវិត សមាជិកគ្រួសារ និងមិត្តភក្តិបានបង្ហាញអារម្មណ៍ជាច្រើន រួមមានកំហឹង ការបាក់ទឹកចិត្ត និងសូម្បីតែការដឹងខុស ។ ទោះបីជាមានអារម្មណ៍ទាំងនេះ និងសំណួរដែលគ្មានចម្លើយក៏ដោយ ពួកគេបានលួងលោមគ្នា និងបានងាកទៅរកព្រះតាមរយៈតន្ត្រីដ៏ពិសិដ្ឋ បទគម្ពីរ និងការអធិស្ឋាន ជារបៀបដែលពួកគេបានរកឃើញនូវការលួងលោម ។ អ្នកនៅរស់រានមានជីវិតឈ្មោះ សេតសូ អាណា សេឡេបេលី អាយុដប់ប្រាំពីរឆ្នាំ បានថ្លែងទីបន្ទាល់ថា « ព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើង និងគង់នៅជាមួយយើង ទោះបីជាដួងចិត្តរបស់យើងឈឺចាប់ក៏ដោយ » ។
យុវនារីម្នាក់ និងថ្នាក់ដឹកនាំម្នាក់ដែលបានចូលសម្រាកមន្ទីរពេទ្យដើម្បីព្យាបាលការរលាកភ្លើង បានសិក្សាព្រះគម្ពីរមរមនជាមួយគ្នា ។ មានម្នាក់បាននិយាយថា « ថ្មីៗនេះ យើងបានអាននៅក្នុងគម្ពីរមរ៉ូណៃ ហើយមរ៉ូណៃបាននិយាយយ៉ាងច្បាស់ពីអារម្មណ៍ដែលខ្ញុំកំពុងមាន ។ … នៅពេលលោកនិយាយ វាហាក់ដូចជាលោកនិយាយថា ‹ អ្នកត្រូវរៀនពាក្យទាំងនេះ ព្រោះវាត្រូវបានសរសេរសម្រាប់អ្នកដើម្បីជួយអ្នកឆ្លងកាត់រឿងនេះ › » ។
នៅក្នុងពិធីបុណ្យសពរួមគ្នាសម្រាប់អ្នកដែលបានស្លាប់ អែលឌើរ ស៊ីយ៉ាប៉ិងហ្គា ម៉ាក់ខៃ ជាពួកចិតសិបនាក់ប្រចាំតំបន់ បានណែនាំថា « យើងទាំងអស់គ្នាគួរតែងាកទៅរកព្រះអម្ចាស់នៅពេលនេះ ហើយទូលសូមទ្រង់លួងលោមដួងចិត្តរបស់យើង ហើយ … បន្ធូរអារម្មណ៍ឈឺចាប់ដែលយើងមាន » ។ ប្រធានយុវនារីឈ្មោះ ម៉ាមផូ ម៉ាគូរ៉ា មកពីសាខាឡេរីបេ ដែលនៅជិតនោះ បានលើកទឹកចិត្តថា « សូមងាកទៅរកព្រះអម្ចាស់ ហើយស្វែងរកកម្លាំងដើម្បីទទួលយកព្រះឆន្ទៈរបស់ទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទគឺជា ‹ មេផ្ដើម ហើយមេសម្រេចនូវសេចក្ដីជំនឿរបស់យើង ›[ ហេព្រើរ ១២:២ ] ។ សូមកុំងាកចេញ ប៉ុន្តែចូរមើលទៅទ្រង់ » ។
ចូរមើលទៅទ្រង់ ។ ពាក្យសម្ដីរបស់នាងបានបញ្ជាក់ជាថ្មីអំពីដំបូន្មានរបស់អាលម៉ាទៅកាន់កូនប្រុសរបស់លោក ហេលេមិន ៖ « ចូរឲ្យឃើញថា កូនមើលទៅព្រះ ហើយរស់នៅ » ។ អាលម៉ាបានដកស្រង់បទពិសោធន៍របស់លីហៃ និងប្រជាជនរបស់លោកដោយមានលីអាហូណាជាត្រីវិស័យ« ដូចជាងាយស្ដាប់បង្គាប់តាមព្រះបន្ទូលនៃព្រះគ្រីស្ទ ដែលនឹងចង្អុលបង្ហាញកូននូវផ្លូវមួយដ៏ត្រង់ទៅកាន់សុភមង្គលដ៏នៅអស់កល្បជានិច្ចយ៉ាងណា ក៏ដូចជាករណីដែលពួកអយ្យកោយើងស្ដាប់បង្គាប់តាមត្រីវិស័យនេះ ដែលនឹងចង្អុលប្រាប់គេនូវផ្លូវត្រង់មួយទៅកាន់ដែនដីសន្យាដែរ » ។ អាលម៉ាបាននិយាយថា « បើសិនជាគេ ក្រឡេកមើល នោះគេ អាចរស់នៅ ។… ហើយបើសិនជាយើង … មើល នោះយើង អាចរស់នៅរហូតតទៅ » ។
ក្នុងគ្រាមួយទៀត អាលម៉ាបានលើកឡើងឧទាហរណ៍នៃពស់លង្ហិនដែលចិញ្ចឹមដោយលោកម៉ូសេ នៅពេលដែលជនជាតិអ៊ីស្រាអែលបុរាណត្រូវបានរងទុក្ខដោយពស់ភ្លើង ។ ព្រះអម្ចាស់បានមានបន្ទូលប្រាប់ម៉ូសេឲ្យធ្វើរូបពស់មួយ ហើយលើកវាឡើងនៅលើបង្គោលមួយ ដោយសន្យាថា « កាលណាអស់អ្នកដែលត្រូវពស់ចឹកគេក្រឡេកមើលទៅឃើញ នោះនឹងបានរស់នៅ » ។ អាលម៉ាបានពន្យល់ថា រូបលង្ហិននោះគឺជាគំរូ ឬនិមិត្តសញ្ញានៃព្រះគ្រីស្ទដែលនឹងត្រូវបានគេលើកឡើងនៅលើឈើឆ្កាង ។ មនុស្សជាច្រើនបានមើល ហើយបានរស់នៅ ប៉ុន្តែអ្នកផ្សេងទៀត ជាពាក្យសម្ដីរបស់អាលម៉ា « មានចិត្តរឹងរូស » រហូតដល់ពួកគេមិនមើល ហើយបានវិនាសបង់ ។
អាលម៉ាបានសួរ ៖
« បើសិនជាអ្នករាល់គ្នាអាចបានជា ដោយគ្រាន់តែចោលភ្នែកមើល ដើម្បីឲ្យអ្នករាល់គ្នាអាចបានជា តើអ្នករាល់គ្នាមិនមើលជាយ៉ាងឆាប់ទេឬអី ឬក៏អ្នករាល់គ្នាបែរជាធ្វើចិត្តរឹងរូសក្នុងការឥតជំនឿ ហើយខ្ជិលច្រអូស រហូតដល់អ្នករាល់គ្នា មិនព្រមចោលភ្នែកមើល ដោយទុកឲ្យខ្លួនវិនាសទៅវិញឬ ?
« … លំដាប់នោះ ចូរអ្នកចោលភ្នែកមើល ហើយចាប់ផ្ដើមជឿដល់ព្រះរាជបុត្រានៃព្រះចុះ ថាទ្រង់នឹងយាងមកប្រោសលោះរាស្ត្រទ្រង់ ហើយថាទ្រង់នឹងរងទុក្ខ ហើយសុគត ដើម្បីធ្វើឲ្យធួននឹងអំពើបាបទាំងឡាយរបស់ពួកគេ ហើយថាទ្រង់នឹងមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដែលនឹងនាំមកនូវដំណើររស់ឡើងវិញ ថាមនុស្សទាំងអស់នឹងឈរនៅចំពោះទ្រង់ ដើម្បីទទួលការជំនុំជម្រះ នៅថ្ងៃចុងក្រោយបង្អស់ ហើយជាថ្ងៃជំនុំជម្រះ ស្របតាមកិច្ចការទាំងឡាយរបស់គេ » ។
ពិតណាស់ ដំបូន្មាន « មើលទៅព្រះ ហើយរស់នៅ » មានអត្ថន័យចំពោះយើងមិនត្រឹមតែនៅក្នុងភាពអស់កល្បជានិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យមានភាពផ្លាស់ប្តូរនៅក្នុងបុគ្គលិកលក្ខណៈ និងគុណតម្លៃនៃជីវិតរមែងស្លាប់របស់យើងផងដែរ ។ សូមចងចាំពាក្យរបស់ប្អូនស្រី សេឡេបេលី នៅឡេសូតូ ដែលបានរៀបរាប់រួចហើយថា—« ព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើង និងគង់នៅជាមួយយើង ទោះបីជាដួងចិត្តរបស់យើងឈឺចាប់ក៏ដោយ » ។
នៅក្នុងធម្មជាតិនៃពិភពលោកដែលធ្លាក់ចុះនេះហើយ—ជាកន្លែងដែលអារក្សខឹង និងកន្លែងដែលមនុស្សគ្រប់គ្នាមិនល្អឥតខ្ចោះ—ដែលវានឹងមាននូវការខកចិត្ត និងកំហុស ការឈឺចាប់ និងទុក្ខព្រួយ ភាពបរាជ័យ និងការបាត់បង់ ការបៀតបៀន និងភាពអយុត្តិធម៌ ។ មានតែការមើលទៅព្រះប៉ុណ្ណោះ ដែលបុគ្គលម្នាក់ៗ គ្រួសារ និងប្រជាជាតិនានាអាចរីកចម្រើនបាន ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « ដោយសារព្រះអង្គសង្គ្រោះបានប្រោសលោះពួកយើងម្នាក់ៗពីភាពទន់ខ្សោយ កំហុស និងអំពើបាប ហើយដោយសារទ្រង់បានដកពិសោធការឈឺចាប់ ការបារម្ភ និងបន្ទុកដែលបងប្អូនធ្លាប់មាន [ សូមមើល អាលម៉ា ៧:១១–១៣ ] ពេលបងប្អូនប្រែចិត្តដ៏ពិត ហើយស្វែងរកជំនួយពីទ្រង់ តាមរយៈដង្វាយធួនដ៏និរន្តររបស់ទ្រង់ នោះបងប្អូនអាចយកឈ្នះលើពិភពលោកដ៏គ្រោះថ្នាក់បច្ចុប្បន្ននេះបាន » ។
គ្មានការសន្យាណាមួយដែលត្រូវបានធ្វើឡើងម្តងហើយម្ដងទៀតជាញឹកញាប់នៅក្នុងព្រះគម្ពីរមរមនជាងនេះទេ ៖ « ដរាបណាអ្នករាល់គ្នាកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់គ្នានឹងបានចម្រើនឡើងនៅលើដែនដី ប៉ុន្តែបើដរាបណាអ្នករាល់គ្នាមិនកាន់តាមបញ្ញត្តិទាំងឡាយរបស់យើងទេ នោះអ្នករាល់គ្នានឹងត្រូវកាត់ចេញពីវត្តមានរបស់យើង » ។ បទពិសោធន៍រស់នៅរបស់ប្រជាជននៅក្នុងព្រះគម្ពីរមរមនអស់រយៈពេលជាច្រើនសតវត្សរ៍មកនេះបង្ហាញពីសេចក្តីពិតនៃពាក្យទាំងនេះ ។ « បានចម្រើនឡើង » មានន័យថារីករាយនឹងការណែនាំ និងពរជ័យនៃស្ថានសួគ៌នៅក្នុងជីវិតរបស់ពួកគេ ។ « បានចម្រើនឡើង » មានន័យថាការសម្រេចបាននូវកម្រិតនៃសុខុមាលភាពសេដ្ឋកិច្ចដែលអនុញ្ញាតឲ្យពួកគេរៀបការ ចិញ្ចឹមក្រុមគ្រួសារ និងដើម្បីផ្ដល់ការងារបម្រើដល់តម្រូវការរបស់អ្នកដទៃ ។ « បានចម្រើនឡើង » បានរួមបញ្ចូលទាំងសមត្ថភាពដើម្បីយកឈ្នះលើភាពលំបាក និងឧបសគ្គ ។ តាមរយៈសេចក្ដីមេត្តាករុណារបស់ព្រះគ្រីស្ទ « គ្រប់ការទាំងអស់[ បាន ]ផ្សំគ្នា សម្រាប់សេចក្តីល្អដល់ [ ពួកគេ ] » ដែលធ្វើឲ្យពួកគេប្រសើរឡើង ហើយពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់ ។
អាលម៉ាបានពន្យល់ថា ការមើលទៅព្រះគឺជាការរក្សាបទបញ្ញត្តិរបស់ទ្រង់ ការអំពាវនាវរកទ្រង់ជាបន្តបន្ទាប់ដើម្បីសុំការគាំទ្ររបស់ទ្រង់ ការប្រឹក្សាជាមួយទ្រង់នៅគ្រប់កិច្ចការរបស់បងប្អូន និងការអនុញ្ញាតឲ្យដួងចិត្តរបស់បងប្អូនពោរពេញដោយអំណរគុណចំពោះទ្រង់ទាំងយប់ទាំងថ្ងៃ ។ បទបញ្ញត្តិ និងការទូន្មានរបស់ព្រះត្រូវបានរកឃើញនៅក្នុងបទគម្ពីរ និងប្រសាសន៍របស់ពួកអ្នកបម្រើរបស់ទ្រង់ ។ គោលការណ៍ និងគំនិតដែលបានដាក់ចេញនៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » គឺជាឧទាហរណ៍ដ៏សំខាន់មួយ ។ ឧទាហរណ៍មួយទៀតគឺជាការណែនាំដែលមាននៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។ បាវចនារបស់យុវជន និងយុវនារីសម្រាប់ឆ្នាំនេះគឺ « មើលទៅព្រះគ្រីស្ទ » បានដកចេញពីការដឹកនាំដ៏លួងលោមចិត្តរបស់ព្រះអម្ចាស់ទៅកាន់ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ៖ « ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ។ ដើម្បីកម្លាំងនៃយុវជន ថ្លែងអំពីបទបញ្ញត្តិ និងបទដ្ឋានបន្ទាន់បំផុតជាច្រើនរបស់ព្រះ ហើយបង្រៀនពីរបៀបមើលទៅព្រះអម្ចាស់ក្នុងការធ្វើការសម្រេចចិត្តល្អៗ ។ វាគឺជាមគ្គទេសក៍មិនមែនសម្រាប់តែយុវវ័យប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់យើងទាំងអស់គ្នាដែរ ។
ជាឧទាហរណ៍ដ៏សំខាន់មួយ ដើម្បីកម្លាំងនៃយុវជន មានការណែនាំដ៏សំខាន់នៅក្នុងជំពូកដែលមានចំណងជើងថា « រូបកាយរបស់អ្នកគឺពិសិដ្ឋ » ។ វាណែនាំថា « សូមប្រព្រឹត្តចំពោះរូបកាយរបស់អ្នក—និងរូបកាយរបស់អ្នកផ្សេង—ដោយការគោរព ។ នៅពេលអ្នកធ្វើការសម្រេចចិត្តអំពីសម្លៀកបំពាក់ ម៉ូដសក់ និងរូបរាងរបស់អ្នក សូមសួរខ្លួនឯងថា ‹ តើខ្ញុំកំពុងគោរពដល់រូបកាយរបស់ខ្ញុំដែលជាអំណោយទានដ៏ពិសិដ្ឋពីព្រះដែរឬទេ ? › »
ដើម្បីកម្លាំងនៃយុវជន បញ្ជាក់បន្ថែមទៀតថា « រក្សាផ្លូវភេទ និងអារម្មណ៍ផ្លូវភេទឲ្យពិសិដ្ឋ ។ វាមិនគួរជាប្រធានបទលេងសើចសប្បាយ ឬការកម្សាន្តនោះទេ ។ រវាងបុរស និងស្រ្តី ដែលនៅក្រៅចំណងអាពាហ៍ពិពាហ៍ គឺវាខុសដែលត្រូវប៉ះពាល់ផ្នែកសម្ងាត់ ពិសិដ្ឋលើរូបកាយរបស់មនុស្សផ្សេងសូម្បីតែវាបានបិទបាំងដោយសម្លៀកបំពាក់ក៏ដោយ ។ នៅក្នុងជម្រើសរបស់អ្នកអំពីអ្វីដែលអ្នកធ្វើ មើល អាន ស្តាប់ គិត ចុះផ្សាយ ឬផ្ញើសារ សូមចៀសវាងពីអ្វីៗដែលមានចេតនាដាស់អារម្មណ៍ចំណង់ចំពោះអ្នកដទៃ ឬខ្លួនអ្នកផ្ទាល់ » ។
ការណ៍នេះរំឭកដល់ការព្រមានថ្មីៗរបស់ប្រធាន ណិលសុន ៖
« មានរឿងមួយចំនួននឹងធ្វើឲ្យជីវិតបងប្អូនស្មុគស្មាញលឿនជាងការបំពានច្បាប់ដ៏ទេវភាព[ នៃព្រហ្មចារីភាព ]នេះ ។ សម្រាប់អ្នកដែលបានចុះសេចក្ដីសញ្ញាជាមួយនឹងព្រះ អំពើអសីលធម៌គឺជាវិធីបាត់បង់ទីបន្ទាល់លឿនបំផុត ។
« …អំណាចដើម្បីបង្កើតជីវិតគឺជាអភ័យឯកសិទ្ធិមួយ នៃភាពជាព្រះ ដែលព្រះវរបិតាសួគ៌អនុញ្ញាតឲ្យដល់បុត្រាបុត្រីទ្រង់ក្នុងជីវិតរមែងស្លាប់ ។ ដូច្នេះហើយ ព្រះបានកំណត់គោលការណ៍ណែនាំយ៉ាងច្បាស់លាស់សម្រាប់ការប្រើអំណាចដ៏ទេវភាព និងរស់រវើកនេះ ។ ភាពស្និទ្ធស្នាលខាងរាងកាយគឺសម្រាប់តែបុរស និងស្រ្តីដែលបានរៀបការជាមួយគ្នាប៉ុណ្ណោះ ។
« ពិភពលោកភាគច្រើនមិនជឿរឿងនេះទេ ប៉ុន្តែមតិសាធារណៈមិនមែនជាអ្នកកំណត់សេចក្តីពិតនោះទេ ។ ព្រះអម្ចាស់បានប្រកាសថា គ្មានបុគ្គលដែលមិនបរិសុទ្ធណាអាចចូលនគរសេឡេស្ទាលឡើយ ។… បើបងប្អូនមិនបរិសុទ្ធ ខ្ញុំសូមអង្វរបងប្អូនឲ្យប្រែចិត្ត ។ សូមមករកព្រះគ្រីស្ទ ហើយទទួលសេចក្តីសន្យានៃការអភ័យទោសពេញលេញ របស់ទ្រង់ នៅពេលបងប្អូនប្រែចិត្តពីអំពើបាប [ សូមមើល អេសាយ ១:១៦–១៨; គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:៤២–៤៣ ] » ។
សូមចងចាំថា នៅក្នុងការសន្យារបស់ព្រះគម្ពីរមរមន ភាពផ្ទុយនៃភាពរុងរឿងមិនមែនជាភាពក្រីក្រនោះទេ—វាគឺជាការត្រូវកាត់ចេញពីវត្តមានរបស់ព្រះអម្ចាស់ ។ វត្តមានរបស់ទ្រង់សំដៅទៅលើព្រះចេស្ដានៃព្រះវិញ្ញាណរបស់ទ្រង់នៅក្នុងជីវិតរបស់មនុស្សម្នាក់ ។ មនុស្សគ្រប់រូបត្រូវបានទទួលនូវពន្លឺនៃព្រះគ្រីស្ទ នៅពេលពួកគេចូលមកក្នុងពិភពលោក ។ លើសពីនេះទៀត អ្នកខ្លះធ្វើសកម្មភាពដើម្បីទទួលពិធីបុណ្យជ្រមុជទឹក និងទទួលអំណោយទាន និងពន្លឺបន្ថែមនៃព្រះវិញ្ញាណបរិសុទ្ធ ។ ទ្រង់នាំមកនូវការបំផុសគំនិត និងការណែនាំ បង្កើន និងចម្រាញ់អំណោយទាន និងសមត្ថភាពដើមរបស់មនុស្សម្នាក់ និងជួយបញ្ចៀសឥទ្ធិពលអាក្រក់ ការសម្រេចចិត្តមិនល្អ និងផ្លូវមិនល្អ ។
ដូចជាបងប្អូនដែរ ខ្ញុំស្គាល់មនុស្សមួយចំនួនដែលបានរីករាយនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធនៅគ្រាមួយ ប៉ុន្តែដោយសារតែបរាជ័យក្នុងការរក្សាបទបញ្ញត្តិនៃព្រះ បានបាត់បង់ពរជ័យនោះ ។ បុគ្គលម្នាក់ដែលខ្ញុំចាំជាពិសេស ដែលជាសមាជិកនៃសាសនាចក្របានដកខ្លួនចេញពីសាសនាចក្រដោយសារតែការរំលង ។ គាត់បាននិយាយថា ប្រតិកម្មដំបូងរបស់គាត់គឺមានអារម្មណ៍អន់ចិត្ត ។ គាត់មានអារម្មណ៍ថាត្រូវបានវិនិច្ឆ័យដោយថ្នាក់ដឹកនាំដែលមិនល្អឥតខ្ចោះ ។ គាត់ដឹងថា ទង្វើរបស់គាត់គឺខុស ប៉ុន្តែគាត់បានដោះសាដោយចង្អុលទៅលើកំហុស និងការបរាជ័យរបស់អ្នកដទៃ ។ មួយរយៈក្រោយមក គាត់ចាប់ផ្តើមមានអារម្មណ៍ស្រួលតាមរបៀបរស់នៅខាងក្រៅសាសនាចក្រដោយគ្មានកាតព្វកិច្ចនៃការហៅបម្រើ និងការរំពឹងទុកនៃការចូលរួមការថ្វាយបង្គំ ហើយនិងការផ្ដល់ការងារបម្រើដល់អ្នកដទៃ ។
រឿងនេះបានបន្តអស់មួយរយៈ ប៉ុន្តែគាត់ចាប់ផ្ដើមមានអារម្មណ៍ថាកាន់តែមិនមានវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ—វត្តមានរបស់ព្រះ—ក្នុងជីវិតរបស់គាត់ ។ តាមបទពិសោធន៍ គាត់បានដឹងថាតើវាមានលក្ខណៈបែបណាក្នុងការទទួលបានការលួងលោម ការណែនាំ និងទំនុកចិត្តដែលកើតចេញពីព្រះវិញ្ញាណពីមួយថ្ងៃទៅមួយថ្ងៃ ហើយគាត់បានបាត់បង់អ្វីៗទាំងនោះ ។ ទីបំផុត គាត់បានធ្វើអ្វីដែលចាំបាច់ដើម្បីប្រែចិត្តហើយមានលក្ខណសម្បត្តិគ្រប់គ្រាន់ម្តងទៀតសម្រាប់ពិធីបុណ្យជ្រមុជដោយទឹក និងដោយព្រះវិញ្ញាណ ។
ប្រភពផ្សេងៗគ្នាជាច្រើនដែលមនុស្សស្វែងរកអត្ថន័យ សុភមង្គល និងជំនួយនោះហាក់ដូចជាគ្មានទីបញ្ចប់ឡើយ ។ ភាគច្រើនគឺ « មើលហួសទីដៅ » ។ ប៉ុន្តែយើងមិនចាំបាច់នៅ « ជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្តីបង្រៀនបោក [ ឬទាន់សម័យ ]ឡើយ » ។ នៅក្នុងការមើលទៅព្រះ យើងអាចរកឃើញសេចក្ដីសុខសាន្តក្នុងការលំបាក ហើយជំនឿរបស់យើងអាចបន្តរីកចម្រើនឡើង ទោះក្នុងពេលមានការសង្ស័យ និងការប្រឈមខាងវិញ្ញាណក៏ដោយ ។ យើងអាចទទួលបានកម្លាំងនៅចំពោះមុខការប្រឆាំង និងភាពឯកោ ។ យើងអាចសម្រុះសម្រួលឧត្តមគតិជាមួយនឹងការពិតបច្ចុប្បន្ន ។ ពិតណាស់ គ្មានរបៀបណាផ្សេងក្រៅពីអ្វីដែលព្រះទ្រង់ផ្ទាល់បានតែងតាំងនោះទេថា « អស់ទាំងមនុស្សនៅចុងផែនដីអើយ ចូរមើលមកយើង ហើយទទួលសេចក្តីសង្គ្រោះចុះ ដ្បិតយើងនេះជាព្រះ ឥតមានណាទៀតឡើយ » ។
ការមើលទៅព្រះមានន័យថា ទ្រង់មិនមែនគ្រាន់តែជាអាទិភាពមួយរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញវាមានន័យថា ទ្រង់គឺជាអាទិភាពខ្ពស់បំផុតមួយរបស់យើង ។ ខ្ញុំរំឭកម្តងទៀតពីគ្រោះថ្នាក់រថយន្តបុកគ្នាដ៏គួរឲ្យភ័យខ្លាចនៅប្រទេសឡេសូតូ កាលពីខែមិថុនាកន្លងទៅ ។ ដោយសម្រាកនៅលើគ្រែរបស់នាងក្នុងមន្ទីរពេទ្យ ថ្នាក់ដឹកនាំយុវនារីម្នាក់ដែលបានរស់រានមានជីវិត ដែលមិនបានជឿលើព្រះពីមុនចូលមកក្នុងសាសនាចក្រ បានថ្លែងថា ឥឡូវនេះគោលបំណងរបស់នាងគឺដើម្បីស្វែងយល់ពីមូលហេតុដែលនាងត្រូវបានទុកឲ្យនៅមានជីវិត ។ នាងបានថ្លែងថា « ការបម្រើព្រះជានិច្ចគឺជារបៀបដែលខ្ញុំនឹងរកឃើញចម្លើយមួយ ប្រសិនបើខ្ញុំចង់បានចម្លើយមួយ » ។ « ខ្ញុំធ្លាប់គិតថា ខ្ញុំស្រឡាញ់ព្រះ ប៉ុន្តែឥឡូវនេះខ្ញុំពិតជា ពិតជា ពិតជា ពិតជា ពិតជាស្រឡាញ់ទ្រង់ខ្លាំងណាស់ ។ ឥឡូវនេះ ទ្រង់គឺជាអាទិភាព[ ទីមួយ ]ក្នុងជីវិតរបស់ខ្ញុំ » ។
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធដែលមានសាមគ្គីភាពយ៉ាងល្អឥតខ្ចោះនៅក្នុងបន្ទូល គំនិត គោលបំណង និងសកម្មភាព គឺជាព្រះតែមួយ ដែលយើងគួរតែមើលទៅសម្រាប់គ្រប់កិច្ចការល្អៗ ។ ខ្ញុំថ្លែងជាសាក្សីអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទដែលធ្វើឲ្យកើតមានអំណាចដើម្បីបំពេញការសន្យាដ៏អស្ចារ្យនេះ ៖ « ចូរផ្ចង់មកយើង ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត ទើបអ្នករាល់គ្នានឹងរស់ ត្បិតយើងនឹងប្រទានជីវិតដ៏នៅអស់កល្បជានិច្ចដល់អ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុត » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕