សន្និសីទទូទៅ
ការលើក​ដាក់​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៥


13:22

ការលើក​ដាក់​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

កាលណា​យើង​កាន់តែ​កំណត់​អត្តសញ្ញាណ​យើង​តាម​ព្រះយេស៊ូវ​គ្រីស្ទ និង​ចងចាំ​ទ្រង់ នោះ​យើង​កាន់តែ​ចង់​ក្លាយ​ដូចជា​ទ្រង់ ។

នៅ​ឆ្នាំ​២០១៨ សាកលវិទ្យាល័យ​យូថាហ៍​បាន​បង្កើត​ឋានៈ​សាស្រ្តាចារ្យ​ដ៏​ពិសេស​មួយ ដែល​មាន​ឈ្មោះ​ថា « វេជ្ជបណ្ឌិត រ័សុល អិម ណិលសុន និង ដេនហ្សែល ដបុលយូ ណិលសុន ប្រធាន​ផ្នែក​វះកាត់​បេះដូង ( Cardiothoracic Surgery ) »—ពាក្យ cardioមាន​ន័យ​ថា « បេះដូង » ហើយ thoracicមាន​ន័យថា « ដើមទ្រូង » ។ វា​ផ្ដល់​ជា​កិត្តិយស​ដល់​ការងារ​ដ៏​សំខាន់​របស់​ប្រធាន ណិលសុន ក្នុងនាមជា​គ្រូពេទ្យ​វះកាត់​បេះដូង និង​ការគាំទ្រ​ដែល​លោក​ទទួល​បាន​ពី​ភរិយា​របស់​លោក ដេនហ្សែល ដែល​បាន​លាចាក​លោក​ទៅហើយ ។ ឋានៈ​សាស្រ្តាចារ្យ​នេះ​ទទួល​បាន​ប្រាក់​ពី​មូលនិធិ​មួយ ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ប្រើប្រាស់​បាន​រហូត​ដល់​ថ្ងៃ​ខាងមុខ​ទៀត ។ បុគ្គល​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​ឋានៈ​សាស្រ្តាចារ្យ​ដ៏មាន​កិត្យានុភាព​បែប​នេះ ទទួល​បាន​ការទទួល​ស្គាល់ ការគាំទ្រ​ប្រាក់ខែ និង​មូលនិធិ​ស្រាវជ្រាវ ។

វេជ្ជបណ្ឌិត  សេលមែន ជាមួយ​ប្រធាន ណិលសុន

គ្រូពេទ្យ​វះកាត់​ដំបូង​គេ​ដែល​ត្រូវបាន​ជ្រើសរើស ដើម្បី​កាន់​ឋានៈ​សាស្រ្តាចារ្យ​នេះ​គឺ​វេជ្ជបណ្ឌិត ក្រេហ្គ អេច សេលមែន ជា​គ្រូពេទ្យ​វះកាត់​បេះដូង​ដ៏​ជំនាញ ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ​យើង​ទេ ។ នៅឯ​ពិធី​ប្រគល់​ឋានៈ​សាស្រ្តាចារ្យ​នេះ​ដល់​វេជ្ជបណ្ឌិត សេលមែន មាន​ភ្ញៀវ​កិត្តិយស​សំខាន់ៗ​ជាច្រើន​ចូលរួម រួមទាំង​ប្រធាន ណិលសុន និង​ភរិយា​របស់​លោក​ស៊ីស្ទើរ វេនឌី ដបុលយូ ណិលសុន ផងដែរ ។ នៅ​អំឡុង​ការប្រជុំ​នេះ ប្រធាន ណិលសុន បាន​ថ្លែង​យ៉ាង​រាបសា​អំពី​ការត្រួសត្រាយ​ផ្លូវ​នៃ​អាជីព​វះកាត់​របស់​លោក ។

បន្ទាប់មក វេជ្ជបណ្ឌិត សេលមែន បាន​ចែកចាយ​ពី​អត្ថន័យនៃ​ការតែងតាំង​ឲ្យ​ទទួលបាន​ឋានៈ​សាស្រ្តាចារ្យ​នេះ​ចំពោះ​គាត់ ។ គាត់​បាន​រៀបរាប់​ថា បួន​ថ្ងៃ​មុន បន្ទាប់ពី​មួយ​ថ្ងៃ​ពេញ​នៅក្នុង​បន្ទប់​វះកាត់ គាត់​បាន​រកឃើញ​ថា អ្នកជំងឺ​ម្នាក់​របស់​គាត់​ត្រូវ​ត្រឡប់​មក​វះកាត់​ម្ដងទៀត ។ គាត់​អស់​កម្លាំង និង​ខកចិត្ត ដោយ​ដឹង​ថា គាត់​នឹង​ត្រូវ​ចំណាយ​ពេល​មួយ​យប់​ទៀត​នៅក្នុង​មន្ទីរពេទ្យ ។

វេជ្ជបណ្ឌិត  សេលមែន ជាមួយ​ស៊ីស្ទើរ និង​ប្រធាន​ណិលសុន

ល្ងាច​នេះ វេជ្ជបណ្ឌិត សេលមែន បាន​មាន​ការសន្ទនា​មួយ​ជាមួយ​ខ្លួនឯង​ផ្ទាល់ ដែល​ផ្លាស់ប្ដូរ​ជីវិត​គាត់ ។ នៅពេល​នោះ គាត់​គិត​ថា ៖ « នៅ​ថ្ងៃ​សុក្រ ខ្ញុំ​នឹង​ទទួល​បាន​ការតែងតាំង​ឋានៈ​សាស្រ្តាចារ្យ ដែល​ដាក់​ឈ្មោះ​តាម​វេជ្ជបណ្ឌិត ណិលសុន ។ លោក​តែង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ម្នាក់ ដែល​គ្រប់គ្រង​អារម្មណ៍​របស់​លោក​បាន​ជានិច្ច ប្រព្រឹត្ត​ដាក់​មនុស្ស​គ្រប់គ្នា​ដោយ​ការគោរព និង​មិន​ដែល​ខឹង​ច្រឡោត​ឡើយ ។ ឥឡូវនេះ ឈ្មោះ​របស់​ខ្ញុំ​នឹង​ត្រូវបាន​ភ្ជាប់​ជាមួយ​ឈ្មោះ​លោក ខ្ញុំ​ត្រូវ​ព្យាយាម​ធ្វើ​ដូច​លោក​ឲ្យ​បាន​កាន់តែ​ច្រើន » ។ វេជ្ជបណ្ឌិត សេលមែន គឺជា​គ្រូពេទ្យ​វះកាត់​ដែល​ចេះ​គិត​ដល់​អ្នកដទៃ​ខ្លាំង​រួច​ទៅហើយ ។ ប៉ុន្ដែ​គាត់​ចង់​ក្លាយ​កាន់តែ​ប្រសើរ​ជាង​នេះ ។

កាលពី​មុន ក្រុម​វះកាត់​របស់​គាត់​អាច​ដឹង​បាន​ពី​ការអស់​កម្លាំង និង​ការអន្ទះសា​របស់​គាត់ ដោយសារ​គាត់​អាច​បណ្ដោយ​ឲ្យ​វា​បង្ហាញ​ចេញ​ទៅ​តាម​កាយវិការ និង​ការលើក​ដាក់​សំឡេង​របស់​គាត់ ។ ប៉ុន្តែ​នៅក្នុង​បន្ទប់​វះកាត់​នៅ​យប់​នោះ វេជ្ជបណ្ឌិត សេលមែន បាន​ខិតខំ​ដោយ​មាន​មនសិការ​ដើម្បី​គាំទ្រ និង​យោគយល់​ដល់​ក្រុម​របស់​គាត់​ជាពិសេស ។ គាត់​មាន​អារម្មណ៍​ថា វា​ធ្វើឲ្យ​មាន​ភាពខុសប្លែក ហើយ​បាន​ប្តេជ្ញាចិត្ត​បន្ត​ព្យាយាម​ធ្វើឲ្យ​កាន់តែ​ដូច​វេជ្ជបណ្ឌិត ណិលសុន ។

វេជ្ជបណ្ឌិត  សេលមែន ពាក់​កន្លាស់ RMN (<nb/>រ.អ.ណ.<nb/>)

ប្រាំ​ឆ្នាំ​ក្រោយមក ប្រធាន ណិលសុន បាន​បរិច្ចាគ​ឯកសារ​វិជ្ជាជីវៈ​របស់​លោក​ដល់​សាកលវិទ្យាល័យ​យូថាហ៍ ។ ឥស្សរជន​មកពី​សាកលវិទ្យាល័យ​បាន​មក​ថ្លែង​អំណរគុណ​ដល់​ប្រធាន ណិលសុន ជាផ្លូវការ ។ នៅ​អំឡុង​ព្រឹត្តិការណ៍​នេះ វេជ្ជបណ្ឌិត សេលមែន បាន​ឡើង​ថ្លែង​ម្តងទៀត ។ ដោយ​យោងទៅ​អក្សរ​កាត់​របស់​ប្រធាន ណិលសុន RMN ( រ.អ.ណ. ) គាត់​បាន​ថ្លែង​ថា « មាន​សីលក្ខន្ធ ‹ RMN › ដែល​ឥឡូវ​នេះ​ជ្រួតជ្រាត​ពេញ​ផ្នែក​វះកាត់​បេះដូង​នៅ​សាកលវិទ្យាល័យ​យូថាហ៍ » ។

នៅក្នុង​ស្ថានភាព​ដ៏​អន្ទះសា វេជ្ជបណ្ឌិត សេលមែន បាន​ពន្យល់​ថា ៖ « ខ្ញុំ​ធ្វើ​អ្វី​ដែល​យើង​បង្រៀន​សិក្ខាកាម​របស់​យើង​ឲ្យ​ធ្វើ​ឥឡូវ​នេះ—ផ្ចង់​អារម្មណ៍ ឈប់​គិត​ពី​វា​ទៀត ហើយ​ធ្វើឲ្យ​អស់ពី​សមត្ថភាព​ដែល​យើង​អាច​ធ្វើ​បាន ។ យើង​រស់នៅ​តាម​សីលក្ខន្ធ​នេះ​ជា​រៀងរាល់​ថ្ងៃ ។ យើង​ចែក​កន្លាស់​ដល់​សមាជិក​គ្រប់រូប​ក្នុង​ផ្នែក​វះកាត់ និង​ដល់​សិក្ខាកាម​ថ្មី​ទាំងអស់ ។ នៅ​ផ្នែក​ខាងក្រោម​កន្លាស់​នោះ​មាន​អក្សរ ‹ RMN › ។ សីលក្ខន្ធ RMN គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការបំពាក់បំប៉ន​របស់​យើង ហើយ​យើង​បង្រៀន​វា​ដល់​មនុស្ស​គ្រប់គ្នា » ។ វេជ្ជបណ្ឌិត សេលមែន បាន​កែលម្អ​អាកប្បកិរិយា និង​បំណងប្រាថ្នា​ពីមុន​របស់​គាត់​ដោយ​ចេតនា ព្រោះ​ឥឡូវ​នេះ ឈ្មោះ​របស់​គាត់​បាន​ភ្ជាប់​ទៅនឹង​ឈ្មោះ​របស់​ប្រធាន ណិលសុន ។

លំហូរ​ព្រឹត្តិការណ៍​ដែល​ពាក់ព័ន្ធ​វេជ្ជបណ្ឌិត សេលមែន នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​សួរ​ខ្លួនឯង​ថា « តើ​ខ្ញុំ​បាន​ផ្លាស់ប្ដូរ​ដោយ​របៀប​ណា តាំងពី​ខ្ញុំ​បាន​ភ្ជាប់​ឈ្មោះ​ខ្ញុំ​ជាមួយ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មក ? ជា​លទ្ធផល តើ​ខ្ញុំ​បាន​អនុវត្ត​តាម​សីលក្ខន្ធ​ដូច​ព្រះគ្រីស្ទ​ដែរ​ឬទេ ? តើ​ខ្ញុំ​ពិតជា​បាន​ព្យាយាម​ក្លាយជា​កាន់តែ​ប្រសើរ និង​កាន់តែ​ដូច​ទ្រង់​ដែរ​ឬទេ ? »

ក្នុង​បទពិសោធន៍​របស់​វេជ្ជបណ្ឌិត សេលមែន យើង​អាច​មើលឃើញ​ភាពស្របគ្នា​យ៉ាង​ហោច​ណាស់​ប្រាំ ទៅនឹង​ដំណើរការ​ដែល​យើង​លើក​ដាក់​មក​លើ​ខ្លួនយើង​នូវ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ទោះជា​ដំណើរការ​នោះ​ចាប់ផ្តើម​ជាមួយ​នឹង​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ក្ដី ក៏​វា​មិន​ពេញលេញ​ដែរ រហូត​ដល់​យើង​បាន​កាន់តែ​បរិសុទ្ធ និង​ក្លាយ​កាន់តែ​ដូចជា​ទ្រង់​សិន ។

ភាពស្របគ្នា​ដំបូង​គឺ​ការកំណត់​អត្តសញ្ញាណ ។ ការតែងតាំង​វេជ្ជបណ្ឌិត សេលមែន ឲ្យ​មាន​ឋានៈ​សាស្ដ្រាចារ្យ​ណិលសុន បាន​ភ្ជាប់​ឈ្មោះ​របស់​គាត់​ទៅនឹង​ឈ្មោះ​របស់​ប្រធាន ណិលសុន ហើយ​វេជ្ជបណ្ឌិត សេលមែន បាន​ចាប់ផ្ដើម​កំណត់​អត្តសញ្ញាណ​តាម​ប្រធាន ណិលសុន ។ នៅពេល​យើង​លើក​ដាក់​មកលើ​ខ្លួនយើង​នូវ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​ភ្ជាប់​ឈ្មោះ​យើង​ទៅនឹង​ព្រះនាម​របស់​ទ្រង់ ។ យើង​កំណត់​អត្តសញ្ញាណ​យើង​តាម​ទ្រង់ ។ យើង​រីករាយ​ដែល​គេ​ស្គាល់​យើង​ថា​ជា​គ្រីស្ទាន ។ យើង​ទទួល​ស្គាល់​ព្រះអង្គ​សង្គ្រោះ ហើយ​ឈរ​យ៉ាង​ក្លាហាន​ដើម្បី​ត្រូវបាន​រាប់​ជា​រាស្ដ្រ​របស់​ទ្រង់ ។

ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ការកំណត់​អត្តសញ្ញាណ​គឺ​ភាពស្របគ្នា​មួយ​ទៀត—គឺការចងចាំ ។ នៅពេល​វេជ្ជបណ្ឌិត សេលមែន ដើរ​ចូល​ក្នុង​ការិយាល័យ​របស់​គាត់ គាត់​មើល​ទៅ​មេដាយ​ដែល​គាត់​បាន​ទទួល នៅពេល​គាត់​ទទួល​បាន​ការតែងតាំង​ឋានៈ​សាស្ដ្រាចារ្យ​ណិលសុន ។ មេដាយ​នេះ​រំឭក​គាត់​ជារៀងរាល់​ថ្ងៃ​អំពី​សីលក្ខន្ធ RMN ។ សម្រាប់​ពួកយើង ការទទួល​ទាន​សាក្រាម៉ង់​ជារៀងរាល់​សប្តាហ៍ ជួយ​យើង​ឲ្យ​ចងចាំ​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​សប្តាហ៍ ។ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ យើង​ធ្វើ​ដូច្នេះ​ដោយ​នូវ​ការចងចាំ​ដល់​ទ្រង់ ដែល​បាន​បង់​ថ្លៃ​ដើម្បី​ប្រោសលោះ​យើង ។ យើង​រំឭក​សេចក្ដីសញ្ញា​ដើម្បី​ចងចាំ​ទ្រង់​ម្ដងទៀត ទទួល​ស្គាល់​ភាពអស្ចារ្យ​របស់​ទ្រង់ និង​កោត​សរសើរ​សេចក្ដីល្អ​របស់​ទ្រង់ ។ យើង​ទទួល​ស្គាល់​ម្តងហើយ​ម្តងទៀត​ថា វា​មាន​តែ​នៅក្នុង និង​តាមរយៈ​ព្រះគុណ​របស់​ទ្រង់​ប៉ុណ្ណោះ ទើប​យើង​ត្រូវបាន​សង្គ្រោះ​ពី​ការស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។

ការចងចាំ​មាន​ន័យ​ថា យើង​ធ្វើតាម​ដំបូន្មាន​ដែល​ផ្តល់​ដោយ​ព្យាការី​អាលម៉ា​ក្នុង​ព្រះគម្ពីរ​មរមន ។ យើង « ធ្វើ​អ្វីៗ​ទាំងអស់​ចំពោះ​ព្រះអម្ចាស់ ហើយ​ទោះជា​ទីណា​ដែល [ យើង ] ទៅ គឺ [ យើង ] ទៅ​ក្នុង​ព្រះអម្ចាស់ … [ យើង ] បំបែរ​មនោសញ្ចេតនា​ទាំងអស់​របស់ [ យើង ] ឆ្ពោះ​ទៅរក​ព្រះអម្ចាស់​វិញ … [ ហើយ​យើង ] ដាក់​ចិត្ត​មេត្រី​របស់ [ យើង ] ទៅលើ​ព្រះអម្ចាស់​ដរាប​តទៅ » ។ សូម្បី​ពេល​យើង​ជាប់​រវល់​នឹង​កិច្ចការ​ផ្សេងទៀត​ក្ដី ក៏​យើង​នៅតែ​នឹកចាំ​ដល់​ទ្រង់ គឺ​ដូចជា​យើង​ចាំ​ឈ្មោះ​ខ្លួនឯង មិន​ថា​យើង​ផ្ដោតលើ​អ្វី​ផ្សេង​នោះ​ទេ ។

លទ្ធផល​ដ៏ធំ​នៃ​ការចងចាំ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​យើង គឺជា​ភាពស្របគ្នា​ទី​បី—ការធ្វើ​ត្រាប់​តាម ។ វេជ្ជបណ្ឌិត សេលមែន បាន​ចាប់ផ្ដើម​ធ្វើត្រាប់​តាម​ប្រធាន ណិលសុន និង​សីលក្ខន្ធ RMN ។ ខ្ញុំ​ជឿ​ថា សីលក្ខន្ធ​របស់​ប្រធាន ណិលសុន គឺជា​ការបង្ហាញ​ដ៏​សាមញ្ញ​អំពី​ភាពជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត​របស់​លោក ។ សម្រាប់​ពួកយើង កាលណា​យើង​កាន់តែ​កំណត់​អត្តសញ្ញាណ​យើង​តាម​ព្រះយេស៊ូវ​គ្រីស្ទ និង​ចងចាំ​ទ្រង់ នោះ​យើង​កាន់តែ​ចង់​ក្លាយ​ដូចជា​ទ្រង់ ។ ក្នុងនាមជា​សិស្ស​របស់​ទ្រង់ យើង​ផ្លាស់ប្ដូរ​បាន​កាន់តែ​ប្រសើរ នៅពេល​យើង​ផ្ដោតលើ​ទ្រង់​កាន់តែ​ខ្លាំង​ឡើង ជាង​ពេល​យើង​ផ្ដោតលើ​ខ្លួនយើង ។ យើង​ខិតខំ​ក្លាយ​ដូចជា​ទ្រង់ និង​ព្យាយាម​ដើម្បី​ទទួល​បាន​ពរជ័យ​ឲ្យ​មាន​គុណលក្ខណៈ​របស់​ទ្រង់ ។ យើង​អធិស្ឋាន​យ៉ាង​ក្លៀវក្លា​ដើម្បី​បាន​ពោរពេញ​ដោយ​សេចក្ដី​សប្បុរស ជា​សេចក្តី​ស្រឡាញ់​ដ៏សុទ្ធសាធ​របស់​ព្រះគ្រីស្ទ ។

ដូច​ដែល​ប្រធាន ណិលសុន បាន​បង្រៀន​នៅ​ខែ​មេសា ៖ « នៅពេល​សេចក្ដី​សប្បុរស​ក្លាយ​ទៅជា​និស្ស័យ​របស់​យើង នោះ​យើង​នឹង​ឈប់​និយាយ​បន្ទាប​អ្នកដទៃ ។ យើង​នឹង​ឈប់​វិនិច្ឆ័យ​អ្នកដទៃ ។ យើង​នឹង​មាន​សេចក្ដី​សប្បុរស​ចំពោះ​អ្នក​ទាំងឡាយ​ណា ដែល​មាន​ស្ថានភាព​ជីវិត​ផ្សេងៗ​ទាំងអស់ ។ សេចក្ដី​សប្បុរស​ចំពោះ​មនុស្ស​គ្រប់រូប … គឺ​សំខាន់​ណាស់​នៅក្នុង​ការរីកចម្រើន​របស់​យើង ។ សេចក្ដី​សប្បុរស​គឺជា​គ្រឹះ​នៃ​ចរិត​លក្ខណៈ​ដូចជា​ព្រះ » ។ ទន្ទឹមនឹង​សេចក្ដី​សប្បុរស យើង​សង្វាត  « បណ្ដុះ … ហើយ​ពង្រីក​វា​ឲ្យ​បាន​ច្រើន​ជាងមុន » នូវ​អំណោយទាន​ខាង​វិញ្ញាណ​ផ្សេងទៀត​មកពី​ព្រះអង្គ​សង្គ្រោះ រួមមាន​សេចក្ដី​ទៀងត្រង់ ការអត់ធ្មត់ និង​ការឧស្សាហ៍​ព្យាយាម​ជាដើម ។

ការត្រាប់​តាម​ព្រះយេស៊ូវ​គ្រីស្ទ​នាំ​យើង​ទៅរក​ភាពស្របគ្នា​ទី​បួន—ការតម្រឹម​តាម​ព្រះរាជបំណង​របស់​ទ្រង់ ។ យើង​ចូលរួម​ជាមួយ​ទ្រង់​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ។ ក្នុងនាមជា​គ្រូពេទ្យ​វះកាត់ វេជ្ជបណ្ឌិត ណិលសុន ត្រូវបាន​គេ​ស្គាល់​ថាជា​គ្រូបង្រៀន អ្នកព្យាបាល និង​អ្នកស្រាវជ្រាវ ។ កន្លាស់​ដែល​ប្រើ​នៅក្នុង​ផ្នែក​វះកាត់​របស់​វេជ្ជបណ្ឌិត សេលមែន សង្កត់​ធ្ងន់​លើ​ការខិតខំ​ទាំងនេះ ដែល​បង្ហាញ​ពី​ពាក្យ បង្រៀន ព្យាបាល និង រុករក ។ សម្រាប់​ពួកយើង ផ្នែក​មួយ​នៃ​ការលើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពាក់ព័ន្ធ​នឹង​ការតម្រឹម​គោលដៅ​របស់​យើង​ឲ្យ​ត្រូវ​តាម​គោលដៅ​របស់​ទ្រង់ ដោយ​មាន​ឆន្ទៈ ចេតនា និង​ដោយ​ក្លៀវក្លា ។ យើង​ចូលរួម​ជាមួយ​ទ្រង់​នៅក្នុង​កិច្ចការ​របស់​ទ្រង់ នៅពេល​យើង « ស្រឡាញ់ ចែកចាយ និង​អញ្ជើញ » ។ យើង​ចូលរួម​ជាមួយ​ទ្រង់​នៅក្នុង​កិច្ចការ​របស់​ទ្រង់ នៅពេល​យើង​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នកដទៃ ជាពិសេស​អ្នកងាយ​រងគ្រោះ និង​អ្នក​ដែល​មាន​របួស ខ្ទេចខ្ទាំ ឬ​គ្រាំគ្រា​ដោយសារ​បទពិសោធន៍​នៅលើ​ផែនដី​របស់​ពួកគេ ។

ដូច្នេះ យើង​លើក​ដាក់​មកលើ​ខ្លួនយើង​នូវ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​កាន់តែ​ពេញលេញ តាមរយៈ​ការកំណត់​អត្តសញ្ញាណ ការចងចាំ ការធ្វើ​ត្រាប់​តាម និង​ការតម្រឹម​តាម ។ ការធ្វើ​រឿង​ទាំងបួន​នេះ​នាំ​យើង​ទៅរក​ភាពស្របគ្នា​ទី​ប្រាំ—ការពង្រឹង​អំណាច ។ យើង​ទទួល​បាន​ព្រះចេស្ដា និង​ពរជ័យ​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង ។ ឋានៈ​សាស្រ្តាចារ្យ​ណិលសុន ផ្តល់​ឲ្យ​វេជ្ជបណ្ឌិត សេលមែន នូវ​ការទទួល​ស្គាល់ និង​មូលនិធិ​គាំទ្រ​ដែល​គាត់​កំពុង​ប្រើប្រាស់​ដើម្បី​ផ្លាស់ប្ដូរ​វប្បធម៌​នៅក្នុង​ផ្នែក​វះកាត់​របស់​គាត់ ។ គាត់​អនុវត្ត « អំណោយទាន​នៃ​អំណាច » នេះ​ដើម្បី​ជួយ​ដល់​អ្នកដទៃ ។ តាម​របៀប​ស្រដៀង​គ្នា​នេះ នៅពេល​យើង​លើក​ដាក់​មកលើ​ខ្លួនយើង​នូវ​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ព្រះវរបិតាសួគ៌​របស់​យើង​នឹង​ប្រទាន​ពរ​ឲ្យ​យើង​មាន​ព្រះចេស្ដា​របស់​ទ្រង់ ដើម្បី​ជួយ​យើង​ឲ្យ​បំពេញ​បេសកកម្ម​របស់​យើង​នៅក្នុង​ជីវិត​រមែង​ស្លាប់ ។

នៅពេល​យើង​ចុះ​សេចក្ដីសញ្ញា​បន្ថែម​ជាមួយ​ព្រះ យើង​លើក​ដាក់​មកលើ​ខ្លួនយើង​នូវ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ពេញលេញ​ជាងមុន ។ ជា​លទ្ធផល ព្រះ​ប្រទាន​ពរ​ឲ្យ​យើង​មាន​ព្រះចេស្ដា​របស់​ទ្រង់​កាន់តែ​ច្រើន ។ ដូច​ដែល​ប្រធាន ណិលសុន បាន​បង្រៀន ៖ « បុគ្គល​ម្នាក់ៗ​ដែល​ចុះ​សេចក្តីសញ្ញា​នៅក្នុង​អាង​ជ្រមុជ​ទឹក និង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ—ហើយ​រក្សា​សេចក្តីសញ្ញា​ទាំងនោះ—គឺ​បាន​ទទួល​ព្រះចេស្តា​របស់​ព្រះយេស៊ូវ​គ្រីស្ទ កាន់តែ​ច្រើន​ឡើង ។ … រង្វាន់​នៃ​ការរក្សា​សេចក្តីសញ្ញា​ជាមួយ​នឹង​ព្រះ គឺជា​ព្រះចេស្តា​មក​ពី​ស្ថានសួគ៌ … ដែល​ពង្រឹង​យើង កាន់តែ​ខ្លាំង ឲ្យ​ទប់ទល់​នឹង​ការសាកល្បង ការល្បួង និង​ការឈឺចាប់​ទាំងឡាយ​របស់​យើង » ។​

យើង កាន់តែ ងាយ​ទទួល​អារម្មណ៍​ខាង​វិញ្ញាណ ។ យើង កាន់តែ មាន​ភាពក្លាហាន​ដើម្បី​ប្រឈមមុខ​នឹង​កាលៈទេសៈ ដែល​ហាក់​ដូចជា​មិន​អាច​ធ្វើ​បាន ។ យើង កាន់តែ រឹងប៉ឹង​នៅក្នុង​ការប្តេជ្ញា​ចិត្ត​របស់​យើង ដើម្បី​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង កាន់តែ ឆាប់​ប្រែចិត្ត និង​វិល​មក​រក​ទ្រង់​វិញ កាលណា​យើង​ប្រព្រឹត្ត​រំលង ។ យើង​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់​បាន កាន់តែ​ប្រសើរ ដោយ​ព្រះចេស្ដា និង​សិទ្ធិ​អំណាច​របស់​ទ្រង់ ។ យើង​ជួយ​មនុស្ស​ទ័លក្រ ខណៈ​ដែល​លែង​សូវ​មាន​ការវិនិច្ឆ័យ ទោះ​តិច ឬ​ច្រើន​ក្តី ។ យើង​បន្ដ​ផ្ដាច់​ពី​អំពើបាប​ទាំងឡាយ​របស់​យើង ។ យើង​មាន​សេចក្ដី​សុខសាន្ដ​កាន់តែ​ខ្លាំង ហើយ​យើង​កាន់តែ​រីករាយ​ឡើង ព្រោះ​យើង​អាច​រីករាយ​បាន​ជានិច្ច ។ សិរីល្អ​របស់​ទ្រង់​នឹង​នៅ​ជុំវិញ​យើង ហើយ​ពួកទេវតា​របស់​ទ្រង់​តាម​ថែរក្សា​ពួកយើង ។

ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើង​ឲ្យ « ចូល​មក​ឯ​ព្រះវរបិតា ដោយ​នូវ​ព្រះនាម​របស់​យើង ហើយ​នៅ​វេលា​កំណត់ ឲ្យ​បាន​ទទួល​នូវ​ភាពពោរពេញ​របស់​ទ្រង់ » ។ ខ្ញុំ​ចង់​ឲ្យ​ប្អូន​ធ្វើ​ដូចនេះ ។ សូម​ចូល​មក​ឯ​ព្រះវរបិតា​សួគ៌​របស់​យើង ។ សូម​លើក​ដាក់​មកលើ​ខ្លួន​បងប្អូន​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​កំណត់​អត្តសញ្ញាណ​តាម​ទ្រង់ ។ សូម​ចងចាំ​ទ្រង់​ជានិច្ច ។ សូម​ខិតខំ​ក្លាយ​ដូចជា​ទ្រង់ ។ សូម​ចូលរួម​ជាមួយ​ទ្រង់​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ។ សូម​ទទួល​បាន​ព្រះចេស្ដា និង​ពរជ័យ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​បងប្អូន ។ សូម​ឆ្លាក់​ព្រះនាម​របស់​ទ្រង់​នៅក្នុង​ដួងចិត្ត​របស់​បងប្អូន ដោយ​មាន​ឆន្ទៈ និង​ចេតនា ។ ការណ៍​នេះ​ផ្ដល់​ឲ្យ​បងប្អូន​មាន « ជំហរ​ដ៏​ប្រសើរ » នៅ​ចំពោះ​ព្រះភក្រ្ដ​ព្រះ ហើយ​ធ្វើឲ្យ​បងប្អូន​ស័ក្ដិសម​នឹង​ការគាំទ្រ​របស់​ព្រះអង្គ​សង្គ្រោះ​ជំនួស​បងប្អូន ។ បងប្អូន​នឹង​ក្លាយជា​អ្នកគ្រង​មរតក​ដ៏​តម្កើង​ឡើង​ក្នុង​នគរ​របស់​ព្រះវរបិតា​យើង​នៅ​ស្ថានសួគ៌ ជា​អ្នកគ្រង​មរតក​ជាមួយ​នឹង​ព្រះបុត្រ​ច្បង​របស់​ទ្រង់ គឺ​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​ជាទី​ស្រឡាញ់​របស់​យើង ។

ទ្រង់​មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​ដឹង​ពី​រឿង​នេះ​យ៉ាង​ច្បាស់ ។ ទ្រង់​ស្រឡាញ់​បងប្អូន ។ ទ្រង់​បាន​លះបង់​ព្រះជន្ម​ទ្រង់​ដើម្បី​បងប្អូន ។ ទ្រង់​អង្វរ​បងប្អូន​ឲ្យ​ចូល​មក​ឯ​ព្រះវរបិតា​តាមរយៈ​ទ្រង់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. មូលនិធិ​នេះ​ត្រូវបាន​គេ​ហៅ​ថា​ជា អំណោយទាន ។

  2. សមិទ្ធិផល​ដ៏​គួរឲ្យ​កត់សម្គាល់​មួយ គឺ​កិច្ចការ​របស់​ប្រធាន ណិលសុន ក្នុង​ការអភិវឌ្ឍ​ម៉ាស៊ីន​សិប្បនិម្មិត​សួត​បេះដូង​ដំបូង​គេ ដែល​ប្រើ​សម្រាប់​ការវះកាត់​បេះដូង​ចំហ ។

  3. ប្រធាន ណិលសុន បាន​រាយការណ៍​ថា នៅក្នុង​ការចុះ​កម្មសិក្សា​ផ្នែក​វះកាត់​របស់​លោក គ្រូពេទ្យ​វះកាត់​ម្នាក់​នៅក្នុង​បន្ទប់​វះកាត់​នោះ​បាន​ខឹង​សម្បា ហើយ​បាន​បោះចោល​កាំបិត​វះកាត់ មក​ប៉ះ​ចំ​កំភួន​ដៃ​របស់​ប្រធាន ណិលសុន ។ ប្រធាន ណិលសុន បាន​ថ្លែង​ថា « បទពិសោធន៍​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​ចាំទុក​យូរ​អង្វែង ។ នៅក្នុង​ម៉ោង​នោះ ខ្ញុំ​បាន​សន្យា​នឹង​ខ្លួនឯង​ថា មិន​ថា​មាន​អ្វី​ កើតឡើង​ក្នុង​បន្ទប់​វះកាត់ ខ្ញុំ ទេ ខ្ញុំ​នឹង មិន បាត់បង​ការគ្រប់គ្រង​អារម្មណ៍​ខ្ញុំ​ឡើយ ។ ខ្ញុំ​ក៏​បាន​សច្ចា​នៅ​ថ្ងៃនោះ​ថា ខ្ញុំ​នឹង​មិន​បោះ​អ្វី​ទាំងអស់ ពេល​កំពុង​មាន​កំហឹង​ឡើយ—មិន​ថា​វា​ជា​កាំបិត​វះកាត់ ឬ​ពាក្យ​សម្ដី​នោះ​ទេ » ( « ត្រូវការ​អ្នកដែល​ផ្សះផ្សា​គេ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ ទំព័រ ៩៨ ) ។

  4. ការបរិច្ចាគ​នេះ​រួមមាន​របាយការណ៍​វះកាត់​ជាង​៧,០០០ រួម​ជាមួយ​នឹង​ឯកសារ​ស្រាវជ្រាវ និង​សំណេរ​វិជ្ជាជីវៈ​ផ្សេងទៀត ដែល​ត្រូវបាន​ចងក្រង​ក្នុង​អំឡុង​អាជីព​វេជ្ជសាស្រ្ត​ដ៏អស្ចារ្យ​របស់​ប្រធាន រ័សុល អិម ណិលសុន ។

  5. មនុស្ស​ជាច្រើន​បាន​លើកឡើង​ពី​ប្រធាន រ័សុល អិម ណិលសុន រួម​មាន​ប្រធាន​សាកលវិទ្យាល័យ​យូថាហ៍ ប្រធាន ថេលើរ អរ រ៉េនដល ដែល​ហៅ​ប្រធាន ណិលសុន ថា​ជា​អតីត​និស្សិត​ដ៏ល្បីល្បាញ​បំផុត​របស់​សាកលវិទ្យាល័យ​យូថាហ៍ ។

  6. ពាក្យ ethos ( សីលក្ខន្ធ ) ពិពណ៌នា​អំពី « ចរិត​លក្ខណៈ មនោសញ្ចេតនា លក្ខណៈ​សីលធម៌ ឬ​ជំនឿ​ណែនាំ​ដ៏​ពិសេស​របស់​បុគ្គល​ម្នាក់ ក្រុម ឬ​ស្ថាប័ន​មួយ » ( Merriam-Webster.com Dictionary « ethos » ) ។

  7. នៅ​ឆ្នាំ​២០១៨ ភរិយា​ខ្ញុំ រ៉ូត និង​ខ្ញុំ​បាន​ទៅ​ចូលរួម​ពិធី​ដែល​វេជ្ជបណ្ឌិត សេលមែន ត្រូវបាន​តែងតាំង​ឲ្យ​ទទួល​ឋានៈ​សាស្ដ្រាចារ្យ​ណិលសុន ។ នៅ​ឆ្នាំ​២០២៣ ខ្ញុំ​បាន​ចូលរួម​ព្រឹត្តិការណ៍​ផ្លូវការ កាល​ប្រធាន ណិលសុន បាន​បរិច្ចាគ​ឯកសារ​វិជ្ជាជីវៈ​របស់​លោក​ដល់​សាកលវិទ្យាល័យ​យូថាហ៍ ។

  8. សូម​មើល មរ៉ូណៃ ៧:៤៨ ។

  9. ពាក្យ​ហេព្រើរ​ដែល​បកប្រែ​ថា « លើក » នៅក្នុង​ឃ្លា « លើក​ដាក់​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » មាន​ន័យ​ថា « លើក​ឡើង » ឬ « កាន់តាម » ដូច​ដែល​មនុស្ស​ម្នាក់​លើក​ទង់ ដែល​កំណត់​អត្តសញ្ញាណ​ខ្លួនឯង​ទៅ​នឹង​បុគ្គល​ម្នាក់ ឬ​ក្រុម​មួយ​ដែរ ( សូម​មើល James Strong The New Strong’s Exhaustive Concordance of the Bible [ ឆ្នាំ​១៩៨៤ ] ផ្នែក​វចនានុក្រម​ហេព្រើរ ទំព័រ ១៩២ លេខ​៥៣៧៥ ) ។

  10. សូម​មើល នីហ្វៃ​ទី​២ ១០:២៤; មរ៉ូណៃ ១០:៣២–៣៣; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:៦៩ ។

  11. អាលម៉ា ៣៧:៣៦ ។

  12. វេជ្ជបណ្ឌិត សេលមែន បាន​ថ្លែង​ដូច​តទៅ​នេះ ៖ « នៅពេល​ណា​ដែល​អ្នក​ចាប់ផ្ដើម​ជជែក​អំពី​ការថែទាំ​សុខភាព​ជាមួយ [ ប្រធាន ណិលសុន ] ភ្នែក​គាត់​ចាប់​មាន​ពន្លឺ​ឡើង ។ … វា​ពិតជា​អស្ចារ្យ​ណាស់ ពេល​ឃើញ​លោក [ មាន ] ថាមពល​យ៉ាងខ្លាំង​ពេល​ជជែក​អំពី​រឿង​ទាំងអស់​នោះ » ( នៅក្នុង Sydney Walker « As President Nelson Turns 100, His Family and Associates Reflect on His Life and Legacy » Church News ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅលើ​គេហទំព័រ thechurchnews.com ) ។ ខ្ញុំ​ផ្ទាល់​បាន​ឃើញ « ពន្លឺ​ថែទាំ​សុខភាព » នោះ​នៅក្នុង​កែវភ្នែក​របស់​ប្រធាន រ័សុល អិម ណិលសុន ប៉ុន្តែ​វា​គ្មាន​អ្វី​ប្រៀប​បាន​ទៅនឹង​ពន្លឺ ដែល​លោក​មាន ពេល​លោក​ថ្លែង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ទេ ។

  13. សូម​មើល មរ៉ូណៃ ៧:៤៧–៤៨ ។

  14. រ័សុល អិម ណិលសុន « ទំនុកចិត្ត​នៅក្នុង​ទីវត្តមាន​របស់​ព្រះ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៥ ទំព័រ ១២៨ ។

  15. សូម​មើល កូរិនថូស ទី១ ១២:៣១; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៦:៨ ។

  16. រ័សុល អិម ណិលសុន « ការចូលរួម​របស់​បងប្អូន​ស្រី​នៅក្នុង​ការប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ទំព័រ ៦៩ ។

  17. សូម​មើល ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( ឆ្នាំ​២០២៣ ) ទំព័រ ១២៣–១៣៨ ។

  18. សូម​មើល ម៉ូសេ ១:៣៩ ។ បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ចាប់ផ្ដើម ៖ « ខ្ញុំ​ជា​បុត្រា​សំណព្វ​របស់​ព្រះ ហើយ​ទ្រង់​មាន​ការងារ​ឲ្យ​ខ្ញុំ​ធ្វើ » ( នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ។ បាវចនា​យុវនារី ចែង​ថា « ក្នុងនាមជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​ខិតខំ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ខ្ញុំ​ស្វែងរក ហើយ​ធ្វើតាម​វិវរណៈ​ផ្ទាល់ខ្លួន និង​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ​នៅក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ » ( នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ។

  19. សូមមើល ឌៀថើរ អេហ្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » Liahona ខែ​ឧសភា ឆ្នាំ​២០១៩ ទំព័រ ១៦–១៨; ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ស្រឡាញ់ ចែកចាយ អញ្ជើញ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២២ ទំព័រ ៨៤–៨៧ ។

  20. នៅ​ដើម​ដំបូង​ក្នុង​ការងារ​បម្រើ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​ពន្យល់​ពី​ព្រះរាជបំណង​របស់​ទ្រង់​ដល់​យើង តាមរយៈ​ការដកស្រង់​ចេញពី​គម្ពីរ​អេសាយ ៖ « ព្រះវិញ្ញាណ​ព្រះអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ពីព្រោះ​ទ្រង់​បាន​ចាក់ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹងល្អ​ដល់​មនុស្ស​ទ័លក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង ហើយ​ប្រកាស​ប្រាប់ពី​សេចក្តី​ប្រោសលោះ​ដល់​ពួកឈ្លើយ និង​សេចក្តី​ភ្លឺ​ឡើងវិញ​ដល់​មនុស្ស​ខ្វាក់ [ ហើយ ] ឲ្យ​ដោះ​មនុស្ស ដែល​ត្រូវ​គេ​ជិះជាន់​ឲ្យ​រួច » ( លូកា ៤:១៨ ) ។

  21. សូម្បីតែ​ការអធិស្ឋាន​របស់​យើង​ទៅកាន់​ព្រះវរបិតា​សួគ៌​យើង​ក៏​នឹង​ផ្លាស់ប្ដូរ​ដែរ ។ ដូច​ដែល​បាន​ចែង​នៅក្នុង​ប្រធានបទ « ការអធិស្ឋាន » ក្នុង​វចនានុក្រម​ព្រះគម្ពីរ​ប៊ីប ៖ « ពួកគ្រីស្ទាន​ត្រូវបាន​បង្រៀន​ឲ្យ​អធិស្ឋាន​នៅក្នុង​ព្រះនាម​របស់​ព្រះគ្រីស្ទ ។ យើង​អធិស្ឋាន​នៅក្នុង​ព្រះនាម​របស់​ព្រះគ្រីស្ទ នៅពេល​ដែល​ចិត្ត​របស់​យើង​គឺជា​ព្រះហឫទ័យ​របស់​ព្រះគ្រីស្ទ ហើយ​សេចក្តីប្រាថ្នា​របស់​យើង​គឺជា​របស់​ផង​ព្រះគ្រីស្ទ—នៅពេល​ព្រះបន្ទូល​របស់​ទ្រង់​ដក់​ជាប់​នៅក្នុង​យើង ។ រួចហើយ​យើង​ទូលសុំ​នូវ​អ្វី​ៗ​ដែល​អាច​ទៅរួច​នៅក្នុង​ការ​ឲ្យ​ព្រះ​អាច​ប្រទាន ។ ការអធិស្ឋាន ជា​ច្រើន​នៅ​តែ​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ ពី​ព្រោះ​អ្វី​ៗ​ទាំង​នេះ​មិន​នៅ​ក្នុង​ព្រះ​នាម​របស់​ព្រះ​គ្រីស្ទ ទាល់​តែ​សោះ ។ វាពុំ​មែន​ជា​តំណាង​នៃ​គំនិត​របស់​ទ្រង់ ប៉ុន្តែ​ដុះ​ចេញ​មក​ពី​ចិត្ត​កំណាញ់​នៃ​ដួង​ចិត្ត​របស់​មនុស្ស» ។

  22. សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៩:២៦ ។

  23. រ័សុល អិម ណិលសុន « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទំព័រ​៩៦ បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  24. សូម​មើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩:២១–២២ ។ ឃ្លា​ថា « ហើយ​កាលណា​រាស្ត្រ​របស់​ទ្រង់​ប្រព្រឹត្ត​រំលង គឺ​ពួក​គេ​ណា​មួយ​ក៏​ដោយ » ប្រើ​ពាក្យ « កាលណា » មិនមែន « បើសិន » ។ នោះ​បង្ហាញ​ថា ព្រះ​អង្គ​សង្រ្គោះ​ជ្រាប​ដឹង​ថា យើង​ទាំងអស់​គ្នា​នឹង​ប្រព្រឹត្ត​រំលង ធ្វើ​នូវ​កំហុស និង​អំពើ​បាប ។ ប៉ុន្តែ​ផែនការ​នោះ​គឹថា យើង « ឆាប់​ប្រែចិត្ត » ដើម្បី​បាន « សាង​ឡើង​វិញ​ចំពោះ​ព្រះ​ពរ​ទាំង​ឡាយ » ដែល​យើង​ត្រូវបាន​សន្យា​ផ្តល់ឲ្យ ។

  25. សូម​មើល យ៉ូហាន ១៦:៣៣ម៉ូសាយ ៤:១១១៨:២៦អាលម៉ា ៣៦:២, ២៨–២៩អេធើរ ៧:២៧; មរ៉ូណៃ ៩:២៥ ។

  26. សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៩:២២ ។

  27. គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៣:១៩ ។

  28. មរមន​បាន​ពិពណ៌នា​អំពី​អ្វី​ដែល​បាន​កើតឡើង​ដល់​ប្រជាជន​របស់​លោក នៅពេល​ព្រះគ្រីស្ទ​មិន​បាន​ពាក់ព័ន្ធ​នឹង​ជីវិត​របស់​ពួកគេ ។ ប្រជាជន​របស់​លោក « ធ្លាប់ជា​ប្រជាជន​មួយ​ដ៏​គួរឲ្យ​ចូលចិត្ត ហើយ​ពួកគេ​មាន​ព្រះគ្រីស្ទ​ជា​អ្នកគង្វាល​របស់​ពួកគេ មែនហើយ ពួកគេ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវរបិតា​ផង ។ ប៉ុន្តែ​ឥឡូវ​នេះ មើលចុះ ពួកគេ​ត្រូវបាន​ដឹកនាំ​ដោយ​អារក្ស​សាតាំង ដូចជា​អង្កាម​ដែល​ខ្យល់​ផាត់ ឬ​ដូចជា​ភេត្រា​មួយ​បោះបោក​នៅលើ​រលក​គ្មាន​ក្ដោង ឬ​យុថ្កា ឬ​គ្មាន​អ្វី​សម្រាប់​កាច់ចង្កូត​វា ហើយ​គឺ​ពួកគេ​ក៏​បី​ដូចជា​ភេត្រា​នេះ​ដូច្នេះ​ដែរ » ( មរមន ៥:១៧–១៨ ) ។ ដោយ​មាន​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជីវិត​របស់​យើង យើង​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​មាន​អំណាច ស្ថិរភាព និង​ទិសដៅ ។

  29. គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៩:២៤ ។

  30. សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:៣–៥ ។

  31. សូម​មើល រ៉ូម ៨:១៧ ។