សន្និសីទទូទៅ
អំណាច​នៃ​ការ​ផ្ដល់​ការងារបម្រើ​ដល់​មនុស្ស​ម្នាក់
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៥


10:28

អំណាច​នៃ​ការ​ផ្ដល់​ការងារបម្រើ​ដល់​មនុស្ស​ម្នាក់

នៅពេល​ដែល​យើង​ធ្វើ​ការងារបម្រើ​ដល់​មនុស្ស​ម្នាក់ យើងអញ្ជើញមនុស្ស​ម្នាក់​ឲ្យ​មក​រក​ព្រះគ្រីស្ទ និង​ថ្វាយបង្គំ​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​ ។

បងប្អូន​ប្រុសស្រី សូម​អរគុណ​ចំពោះ​ភក្ដីភាព​ដ៏​ស្មោះត្រង់​របស់​បងប្អូន​ក្នុង​ការ​មក​រក​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​អំឡុងពេល​ដ៏​លំបាក​ទាំងនេះ ។ បងប្អូន​អស្ចារ្យ​ខ្លាំង​ណាស់ បងប្អូន​ពិត​ជា​ស្រស់ស្អាត​ណាស់ បងប្អូន​ម្នាក់ៗ​គឺជា​បុត្រ​របស់​ព្រះ ។ វា​ជា​ការអធិស្ឋាន​របស់​ខ្ញុំ​សូម​ឲ្យ​យើង​នឹង​ស្គាល់​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅពេល​ដែល​យើង​ធ្វើ​ជា ហើយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ធ្វើ​ជា​សិស្ស​ដ៏​មាន​ភក្ដីភាព​ពិតប្រាកដ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ទទួល​អារម្មណ៍​នៃ​អំណរ​របស់​ទ្រង់​នៅពេល​ដែល​យើង​ថ្វាយបង្គំ​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ។

ប្រធាន រ័សុល អិម ណិលសុន បានប្រកាស ៖ « ឥឡូវ​នេះ​គឺជា​ពេលវេលា​សម្រាប់​បងប្អូន និង​ខ្ញុំ​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ឥឡូវនេះ​គឺជា​ពេល​ដែល​យើង​ដាក់​អាទិភាព​ខ្ពស់បំផុត​ទៅលើ​ភាពជាសិស្ស​របស់​យើង ។ នៅក្នុង​ពិភពលោក​ដែល​មានពេញ​ទៅ​ដោយ​ការរំខាន​ដ៏​វក់វី តើ​យើង​អាច​ធ្វើ​វា​បាន​យ៉ាង​ដូចម្តេច​ទៅ ? »

លោក​បានផ្តល់​ចម្លើយ ៖ « ការថ្វាយ​បង្គំ​ជា​ទៀងទាត់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ជួយ​យើង ។ នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ យើង​ផ្តោតទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ … យើង​មក​ស្គាល់​ទ្រង់ ។ … អ្នក​ដែល​ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ស្មោះត្រង់​គ្រប់រូប​នឹង​រកឃើញ​ទ្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » ។

ដូច្នេះ តើ​យើង​ក្លាយ ហើយ​ជួយ​គ្នា​ឲ្យ​ក្លាយ​ជា​សិស្ស​ដ៏​មាន​ភក្ដីភាព​របស់​ព្រះយេស៊ូវគ្រីស្ទ​​ដោយ​របៀប​ណា ? យើង​ផ្ដល់​ការងារបម្រើ​ដល់​មនុស្ស​ម្នាក់ ។ ការផ្ដល់​ការងារ​បម្រើ​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​ទាក់ទង​នឹង សេចក្តីមេត្តា​ករុណា សេចក្តី​សប្បុរស ការអត់ធ្មត់ និង​សេចក្ដី​ស្រឡាញ់​ដោយ​គ្មាន​ការវិនិច្ឆ័យ ។ នៅពេល​ដែល​យើង​ធ្វើ​ការងារបម្រើ​ដល់​មនុស្ស​ម្នាក់ យើង​អញ្ជើញ មនុស្ស​ម្នាក់​ឲ្យ​មក​រក​ព្រះគ្រីស្ទ និង​ថ្វាយបង្គំ​នៅក្នុង​ដំណាក់​​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​អំណាច​ប្រោសលោះ​របស់​ទ្រង់ ។ និយាយ​ម្យ៉ាង​ទៀត យើង​ជួយ​មនុស្ស​ម្នាក់​ឲ្យ​ធ្វើ​ជា​សិស្ស​ដ៏​មាន​ភក្តីភាព​នៅពេល​យើង​ផ្ដល់​ការងារបម្រើ​ដល់​មនុស្ស​ម្នាក់​តាម​របៀប ដែល​ដឹកនាំ​ទៅរក​ដំណាក់​នៃ​ព្រះអម្ចាស់ ។

យើង​រៀន​ពី​ព្រះយេស៊ូវគ្រីស្ទ​នូវ​អំណាច​នៃ​ការផ្ដល់​ការងារបម្រើ​ដល់​មនុស្ស​ម្នាក់​ដោយ​ក្តីស្រឡាញ់ ដោយ​គ្មាន​ការវិនិច្ឆ័យ ។ បងប្អូន​ចាំ​ពី​ស្ត្រី​សាសន៍​សាម៉ារី​នៅ​ឯ​អណ្តូង ។ ស្ត្រី​រូប​នេះ​ប្រហែលជា​មាន​អារម្មណ៍​ថា​គ្មាន​សារៈ​សំខាន់ ឯកោ បាក់ទឹកចិត្ត និង​ត្រូវ​គេ​មើល​រំលង ។ នាង​អាច​មាន​អារម្មណ៍​ថា​មិនមែន​ជា​ចំណែក​របស់ព្រះ ។ ពេញ​មួយ​ជីវិត​របស់​នាង នាង​មាន​ប្តី​ប្រាំ​នាក់ ហើយ​បុរស​ដែល​នាង​រស់នៅ​ជាមួយ​មិន​មែន​ជា​ប្តី​របស់​នាង​ទេ ។ អ្នក​ផ្សេង​ទៀត​ប្រហែល​ជា​ធ្វើ​ការវិនិច្ឆ័យ​មិន​សុចរិត​ដោយ​មិន​ដឹង​ពី​កាលៈទេសៈ​នៃ​ជីវិត​របស់​នាង ។ ការណ៍​នេះ​អាច​ជា​ហេតុផល​មួយ​ដែល​នាង​បាន​មក​អណ្តូងទឹក​តែ​ម្នាក់​ឯង​នៅពេល​ថ្ងៃ​កំពុង​ក្ដៅ​បំផុត ។ ប៉ុន្តែ នាង​គឺជា​មនុស្ស​ដំបូង​ដែល​ព្រះយេស៊ូវ​បាន​ប្រកាស​ថា ទ្រង់​គឺជា​ព្រះ​មែស៊ី ។ ចំពោះ​ទ្រង់ ស្រ្តី​រូប​នេះ​គឺជា​បុត្រី​របស់​ព្រះ ។

ព្រះយេស៊ូវគ្រីស្ទ​បានបង្រៀន​​​ថា ស្ត្រី​រូប​នោះ​តាមរយៈ​ទ្រង់​មនុស្ស​ម្នាក់​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដោយ​ការទទួល​ទាន​ទឹក​រស់ ។ ទ្រង់​បានប្រកាស​ថា « អស់​អ្នក​ណា​ដែល​ផឹក​ទឹក … ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ … នឹង​ត្រឡប់​ជា​រន្ធ​ទឹក … ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច » ។

ស្ត្រី​សាសន៍​សាម៉ារី​ដឹង​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ ហើយ​បានទទួល​សាក្សី​តាមរយៈ​ព្រះវិញ្ញាណ​ថា ទ្រង់​គឺជា​ព្រះ​មែស៊ី ។ បន្ទាប់ពី​សាក្សី​នេះ នាង​បាន​ត្រឡប់​ទៅ​កាន់​ទីក្រុង​វិញ ហើយ​បាន​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​មក​មើល ហើយ​មនុស្ស​ជាច្រើន​បានជឿ​លើ​ព្រះយេស៊ូវ « ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​មនុស្ស​លោក​ពិត​ប្រាកដ​មែន » ។ ព្រះគ្រីស្ទ​បានផ្ដល់​ការងារបម្រើ​ដល់​មនុស្ស​ម្នាក់​ដោយ​សេចក្តីស្រឡាញ់ ជា​លទ្ធផល មនុស្ស​ផ្សេងទៀត​បានធ្វើ​ជា​សិស្ស​ដ៏​មាន​ភក្ដីភាព​របស់​ទ្រង់ ។

យើង​រៀន​ពី​អំណាច​នៃ​ការផ្ដល់​ការងារបម្រើ​ដល់​មនុស្ស​ម្នាក់​ជាមួយ​នឹង​សេចក្ដី​អាណិត​អាសូរ​មកពី​សាវក​ប៉ុល និង​យ៉ូហាន​របស់​ព្រះ​គ្រីស្ទ ។ បងប្អូន​ចាំ​ពី​បុរស​ម្នាក់​ដែល​ខ្វិន​ពី​កំណើត ដែល​នៅ​ទីនោះ​សុំ​ទាន​រាល់​ថ្ងៃ​នៅ​មាត់​ទ្វារ​ព្រះវិហារ​បរិសុទ្ធ​ទេ ។ បុរស​ម្នាក់​នេះ​ប្រហែលជា​មាន​អារម្មណ៍​ថា​គ្មាន​សារៈសំខាន់ ឯកោ បាក់​ទឹកចិត្ត និង​ត្រូវ​គេ​មើល​រំលង ។ គាត់​អាច​មាន​អារម្មណ៍​ថា​មិនមែន​ជា​ចំណែក​របស់ព្រះ ។

« តែ​ពេត្រុស​និយាយ​ថា ឯ​ប្រាក់ ហើយ​និង​មាស ខ្ញុំ​គ្មាន​ទេ តែ​របស់​ដែល​ខ្ញុំ​មាន នោះ​[ ខ្ញុំ ]​នឹង​ឲ្យ​[ ទៅ ]​ដល់​អ្នក គឺ​ដោយសារ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ » ។

ពេត្រុស​បាន​ចាប់​ដៃ​ស្តាំ​លើក​គាត់​ឡើង ហើយ​ក្រោយមក​បុរស​នោះ​បាន​ជា​សះស្បើយ ។ ភ្លាមៗ​នោះ​បន្ទាប់ពី​អព្ភូហេតុ​នោះ បុរស​រូប​នោះ​បាន​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាមួយ ពេត្រុស និង​យ៉ូហាន « ទាំង​ដើរ ទាំង​លោត ទាំង​សរសើរ​ព្រះ​ផង » ។ ពេត្រុស និង​យ៉ូហាន​បានបម្រើ​ដល់​មនុស្ស​ម្នាក់​តាម​របៀប​មួយ​ដែល​នាំ​ទៅ​ដល់​ដំណាក់​នៃ​ព្រះអម្ចាស់ ហើយ​បុរស​រូប​នោះ​បាន​ក្លាយ​ជា​សិស្ស​ដ៏​មាន​ភក្ដីភាព​របស់​ព្រះគ្រីស្ទ ។

មិត្ត​សម្លាញ់​របស់​ខ្ញុំ នៅក្នុង​ជីវិត​របស់​ខ្ញុំ​ក៏​មាន​គ្រា​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​សារៈសំខាន់ ឯកោ បាក់ទឹកចិត្ត និង​ត្រូវ​គេ​មើល​រំលង​ផងដែរ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​បើ​ខ្ញុំ​មិនមែន​ជា​ចំណែក​របស់ព្រះ ។ ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក និង​បាន​ទទួល​ពិធី​បញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នៅពេល​ខ្ញុំ​មាន​អាយុ​១៩​ឆ្នាំ ។ មួយ​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ទទួល​ការហៅ​ដើម្បី​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ប៉ុន្តែ​មាន​អ្វី​ជា​ច្រើន​ដែល​ខ្ញុំ​មិន​ទាន់​បាន​រៀន​អំពី​ប្រវត្តិ​របស់​សាសនាចក្រ ។

នៅពេល​ចាប់ផ្ដើម​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ខ្ញុំ​បាន​រៀន​ថា​មាន​រយៈពេល​មួយ​ដែល​អ្នក​មាន​ដើម​កំណើត​ជា​អាហ្វ្រិក​ស្បែក​ខ្មៅ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រីករាយ​នឹង​ពរជ័យ​ទាំងអស់ នៃ​ការថ្វាយបង្គំ​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​ឡើយ ។ ការដឹង​អំពី​រឿង​នេះ​ជា​លើក​ដំបូង​បាននាំ​មក​នូវ​អារម្មណ៍​នៃ​កំហឹង ការច្របូលច្របល់ ការសង្ស័យ និង​សេចក្តី​ភ័យខ្លាច ។ អារម្មណ៍​ទាំងនេះ​ខ្លាំងក្លា​ខ្លាំង​ណាស់​ដែល​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ខ្ញុំ​ក្នុង​ការស្គាល់​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវ​បានបាត់បង់​អស់​មួយ​រយៈ ។

ជា​សំណាង​ល្អ ខ្ញុំ​មាន​ដៃគូ​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​ម្នាក់​គឺ ខេវីន វីក ដែល​បានផ្ដល់​ការងារបម្រើ​ដល់​ខ្ញុំ​ដោយ​ក្ដីស្រឡាញ់ ការអត់ធ្មត់ និង​សេចក្ដី​សប្បុរស ។ ជា​រៀង​រាល់​យប់ នៅពេល​គាត់​បានឃើញ​ពី​អារម្មណ៍​នៃ​ការសង្ស័យ និង​ភាព​មិន​ច្បាស់លាស់​របស់​ខ្ញុំ គាត់​នឹង​និយាយ​យ៉ាង​សាមញ្ញ​ទៅ​អែលឌើរ ចនសុន « ខ្ញុំ​ស្រឡាញ់​អែលឌើរ » ។ ប្រហែល​ពីរ​សប្តាហ៍​ក្រោយ​មក ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​ខ្លួន​ខ្ញុំ​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ខេវីន ។ ខ្ញុំ​ទទួល​បាន​ភាពក្លាហាន​ដើម្បី​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​បាន​បើក​ទៅ​កណ្ឌ​ទី ៦ នៃ​គោលលទ្ធិ និង​សេចក្តីសញ្ញា ខទី ២១–២៣ ដែល​ចែង ៖

« មើលចុះ យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។… យើង​ជា​ពន្លឺ​ដែល​ភ្លឺ​មក​ក្នុង​សេចក្ដី​ងងឹត » ។…

« …ចូរ​ដាក់​គំនិត​ទៅ​លើ​យប់​ដែល​អ្នក​បាន​អំពាវនាវ​ដល់​យើង​ក្នុង​ដួងចិត្ត​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ដឹង​នូវ​សេចក្ដី​ពិត​អំពី​ការណ៍​ទាំងឡាយ​នេះ ។

« តើ​យើង​ពុំ​បាន​និយាយ​ដោយ​ភាពសុខសាន្ត​ដល់​គំនិត​របស់​អ្នក​អំពី​ការណ៍​នោះ​ទេ​ឬ​អី ? តើ​អ្នក​អាច​មាន​សាក្សី​ឯ​ណា​ដែល​អស្ចារ្យ​ជាង​សាក្សី​មក​ពី​ព្រះ ? »

នៅពេល​ខ្ញុំ​អាន ខ្ញុំ​បាន​ចងចាំ ។ ខ្ញុំ​បាន​ចងចាំ​ថ្ងៃ​ដែល​ខ្ញុំ​បាន​តមអាហារ ហើយ​អធិស្ឋាន​ដើម្បី​ដឹង​ថា ព្រះគម្ពីរ​មរមន គឺជា​ព្រះបន្ទូល​នៃ​ព្រះ ហើយ​ថា យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី​នៃ​ការស្ដារ​ឡើងវិញ ។ ខ្ញុំ​នឹក​ចាំ​ពី​សេចក្ដីសញ្ញា​ដែល​បាន​ធ្វើ​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ដែល​ភ្ជាប់​ខ្ញុំ​ទៅ​នឹង​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀប​ផ្ទាល់ខ្លួន និង​ជិតស្និទ្ធ​មួយ ។ ខ្ញុំ​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ និង​ការធានា​របស់​ទ្រង់​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺជា​នគរ​របស់​ទ្រង់​នៅលើ​ផែនដី ហើយ​ចាំបាច់​ដើម្បី​រៀបចំ​យើង​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។ ដោយសារ​ខ្ញុំ​បាន​នឹក​ចាំ នោះ​ខ្ញុំ​អាច​ស្គាល់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ម្ដង​ទៀត ហើយ​យល់​កាន់​តែ​ច្បាស់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ហើយ​ខ្ញុំ​ជា​សិស្ស​របស់​ទ្រង់ ។

ពេល​ខ្លះ​យើង​នឹង​មាន​សំណួរ​ដែល​មិន​មាន​ចម្លើយ និង​អារម្មណ៍​ថា​គ្មាន​សារៈ​សំខាន់ បាក់ទឹកចិត្ត ឯកោ និង​ត្រូវ​គេ​មើល​រំលង ។ ទោះ​ជា​យ៉ាង​ណា មិត្ត​សម្លាញ់​ខ្ញុំ​អើយ យើង​ត្រូវតែ​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចងចាំ​ពាក្យ​របស់​ទ្រង់ ៖

« កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ » ។

« ដោយសារ​ខ្ញុំ​នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ » ។

ខ្ញុំ​ជា​សាក្សី​ចំពោះ​ការពិត​នេះ និង​ពី​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះអង្គ​សង្គ្រោះ ។

ដូច្នេះ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធានា​ថា​ការផ្ដល់​ការងារបម្រើ​របស់​យើង​ចំពោះ​មនុស្ស​ម្នាក់​តាម​របៀប​របស់​ព្រះ​អង្គសង្រ្គោះ​មាន​ប្រសិទ្ធភាព​បំផុត​នោះ ? ការរស់​នៅ តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​នឹង​ជួយ​យើង ។ « ការរស់នៅតាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » ដូច​ដែល​ប្រធាន ណិលសុន ពិពណ៌នា​ថា « អាច​បង្កើត​ជា​វដ្ដ​ប្រកប​ដោយ​អានុភាព និង​គុណធម៌ និង​បង្កើត​ជា​សន្ទុះ​ខាង​វិញ្ញាណ​នៅក្នុង​ជីវិត​របស់​យើង ។

នៅពេល​យើង​ខិតខំ​រស់នៅ​តាម​ច្បាប់​ដែល​ខ្ពស់​ជាង​របស់​ព្រះយេស៊ូវគ្រីស្ទ … ព្រះអង្គ​សង្គ្រោះ​លើក យើង​ឡើងផុត​ពី​ឥទ្ធិពល​នៃ​ពិភពលោក​ដ៏​ធ្លាក់​នេះ ដោយ​ប្រទានពរ​ដល់​យើង​ឲ្យមាន​សេចក្តី​សប្បុរស ភាពរាបសា ចិត្តល្អ ចេះលត់ដំ​ខ្លួន មានភាព​សុខសាន្ត និង សេចក្តី​សម្រាក » ។

« [ សន្ទុះ​ខាងវិញ្ញាណ​នេះ ] កើត​មាន​ដោយសារ​ការរស់នៅ តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » ។ ដូច​ដែល​អែលឌើរ ឌែល ជី រិនឡាន់ ពន្យល់​ថា « មិន​ត្រឹមតែ​មាន​អំណាច​កែប្រែ​និស្ស័យដ៏​ទេវភាព​របស់​យើង​ទៅជា​ជោគវាសនា​ដ៏​អស់កល្ប​ជានិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជំរុញ​យើង​ឲ្យ​ជួយ​[ ធ្វើ​ការងារ​បម្រើ ]​ដល់​អ្នកដទៃ​តាម​របៀប​ត្រឹមត្រូវ​ផងដែរ ។ អែលឌើរ ឌែល ជី រិនឡាន់ រំឭក​យើង​ថា « កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ដើម្បី​ព្យាបាល [ ដើម្បី​ធ្វើ​ឲ្យ​យើង​បាន​ជា​សះស្បើយ ] ។ កិច្ចការ​របស់​យើង​គឺ​ដើម្បី​ស្រឡាញ់—ស្រឡាញ់ និង​ផ្ដល់​ការងារ​បម្រើ​តាម​របៀប​មួយ ដែល​នាំ​អ្នកដទៃ​ចូលមក​ជិត​ព្រះយេស៊ូវ​គ្រីស្ទ » ។

សមត្ថភាព​របស់​យើង​ដើម្បី​រស់នៅ តាម​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​នឹង​ត្រូវ​បានពង្រឹង​ដោយ​ការសិក្សា​ព្រះគម្ពីរ​មរមន​ប្រចាំថ្ងៃ និង​ការទទួល​ទាន​សាក្រាម៉ង់​ប្រចាំ​សប្តាហ៍ ។ ប្រធាន ណិលសុន បាន​ប្រកាស​ថា ព្រះគម្ពីរ​មរមន « បង្រៀន​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ … [ និង ]​ផ្តល់​នូវ​ការយល់ដឹង​ពេញលេញ និង​[ ច្បាស់លាស់​បំផុត ]​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​អាច​រកបាន​នៅ​គ្រប់​ទីកន្លែង » ។ ខ្ញុំ​ស្រឡាញ់​ព្រះគម្ពីរ​នេះ​ណាស់ » ។ ហើយ​ការទទួលទាន​នៃ​សាក្រាម៉ង់​ប្រកប​ដោយ​ការអធិស្ឋាន​ជា​រៀង​រាល់​សប្តាហ៍​នឹង​បង្កើន​ការយល់ដឹង​របស់​យើង​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ផ្តល់​នូវ​ការរំឭក​ខាង​វិញ្ញាណ ការលួងលោម និង​អំណាច​នៃ​ភាព​ជា​ព្រះ​មក​ក្នុង​ជីវិត​របស់​យើង ។ សូម​ចាំ​ថា « នៅក្នុង​ពិធីបរិសុទ្ធ[ នៃ​បព្វជិតភាព ] អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្តែង​ឲ្យ​ឃើញ » ហើយ​អំណាច​នេះ​ដែល​មកពី​ព្រះយេស៊ូវគ្រីស្ទ​ពង្រឹង​បំណងប្រាថ្នា និង​សមត្ថភាព​របស់​យើង​ដើម្បី​ផ្ដល់​ការងារបម្រើ​ដល់​មនុស្ស​ម្នាក់ ។

ការសិក្សា​របស់​ខ្ញុំ​អំពី​ព្រះគម្ពីរ​មរមន និង​ការទទួលទាន​សាក្រាម៉ង់​កាត់​បន្ថយ​អារម្មណ៍​បាក់​ទឹកចិត្ត ពង្រឹង​ការប្តេជ្ញាចិត្ត​របស់​ខ្ញុំ​ក្នុង​ការ​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ម្នាក់​តាម​របៀប​របស់​ព្រះអង្គសង្រ្គោះ និង​ជួយ​ធ្វើ​ឲ្យ​ភាព​ជា​សិស្ស​គឺ​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​ខ្ញុំ ។

មិត្តសម្លាញ់​របស់​ខ្ញុំ ខ្ញុំ​សូម​សន្យា​ថា នៅពេល​យើង​រស់នៅ តាម​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ និង​ផ្ដល់​ការងារបម្រើ​ដល់​មនុស្ស​ម្នាក់​តាម​របៀប​ដែល​នាំ​ទៅ​កាន់​ដំណាក់​នៃ​ព្រះអម្ចាស់ នោះ​យើង​នឹង​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ សូម្បីតែ​នៅ​ពេល​សំណួរ​ដែល​គ្មាន​ចម្លើយ និង​អារម្មណ៍​នៃ​ការ​គ្មាន​សារៈ​សំខាន់ ឯកោ បាក់​ទឹកចិត្ត និង​ត្រូវ​គេ​មើល​រំលង​ក៏​ដោយ ។ យើង​នឹង​អញ្ជើញ​មនុស្ស​ម្នាក់​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ និង​ថ្វាយបង្គំ​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ដើម្បី​ទទួល​បាន​អំណាច​ប្រោសលោះ និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ។ នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ យើង​នឹង « ទទួល​អារម្មណ៍​នៃ​សេចក្តីមេត្តាករុណា [ របស់​ព្រះអង្គសង្រ្គោះ ] ។ [ យើង ] នឹង​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដែល​គួរ​ឲ្យ​រំខាន​បំផុត [ របស់យើង ] ។ [ ហើយ​យើង ] នឹង​យល់​កាន់តែ​ច្បាស់​អំពី​អំណរ​នៃ​ដំណឹងល្អ​របស់​ទ្រង់ » ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ម្ដងទៀតលីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ១២១–១២២ ។

  2. សូមមើល យ៉ូហាន ៤:៥–៤២ ។

  3. ជា​ប្រវត្តិសាស្ត្រ ភាគច្រើន​បានទៅ​លេង​អណ្តូង​របស់​យ៉ាកុប​នៅពេល​ព្រឹក ។ វា​ជា​កន្លែង​ដើម្បី​ជួបជុំ និង​រាក់ទាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។ ស្ត្រី​សាសន៍​សាម៉ារី​មក​តែ​ម្នាក់​ឯង​ទៅ​អណ្ដូង​របស់​យ៉ាកុប​នៅ​ពេល​កណ្តាល​ថ្ងៃ និង​ក្តៅ​បំផុត​នៅ​ម៉ោង​ទី​ប្រាំមួយ ដែល​ជា​ពេល​ថ្ងៃត្រង់ ។ ការមក​ដល់​នៅពេល​នេះ​អាច​បង្ហាញ​ពី​របៀប​ដែល​នាង​យល់ឃើញ​ពី​អ្វី​ដែល​អ្នកដទៃ​ប្រហែល​ជា​បាន​គិត​ចំពោះ​នាង និង​របៀប​ដែល​នាង​ប្រហែលជា​បាន​គិត​ចំពោះ​ខ្លួន​ឯង ។

  4. យ៉ូហាន ៤:១៣–១៤ ។

  5. យ៉ូហាន ៤:៤២ ។

  6. សូមមើល កិច្ចការ ៣:១–១១ ។

  7. កិច្ចការ ៣:៦ ។

  8. សូមមើល កិច្ចការ ៣:៧ ។

  9. កិច្ចការ ៣:៨ ។

  10. ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅ​ខែសីហា ឆ្នាំ១៩៨៦ ។ ចាប់ពី​ខែសីហា ឆ្នាំ១៩៨៧ ដល់​ខែសីហា ឆ្នាំ១៩៨៩ ខ្ញុំ​បានបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​បេសកកម្ម​ប៊ើរមីងហាំ អាឡាបាម៉ា ។

  11. សូមមើល Church and Gospel Questions « Race and The Church of Jesus Christ of Latter-day Saints » នៅក្នុង​បណ្ណាល័យ​ដំណឹង​ល្អ ។

  12. បទពិសោធន៍​នេះ​បានពន្យល់​កាន់តែ​លម្អិត​ខ្លាំង​នៅក្នុង​សុន្ទរកថា​របស់ ភីធ័រ អិម ចនសុន​ថា « Applying the Doctrine of Jesus Christ into Our Lives » ( នៅ​ការប្រជុំ​ធម្មនិដ្ឋាន ​ប៊ី.វ៉ាយ.យូ.–អៃដាហូ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ )​ នៅលើ​គេហទំព័រ byui.edu ។

  13. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦:២១–២៣ ។

  14. យ៉ូហាន ១៤:២៧

  15. យ៉ូហាន ១៦:៣៣

  16. គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​បង្កើត​ជា​ធាតុ​តភ្ជាប់​គ្នា​ចំនួន​ប្រាំ ៖ សេចក្ដីជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ការប្រែចិត្ត ការទទួល​ពិធីបរិសុទ្ធ និង​ការគោរព​សេចក្តីសញ្ញា ត្រូវ​បាន​រាប់​ជា​បរិសុទ្ធ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ប្រកាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​គោលការណ៍​នៃ​សកម្មភាព និង​អំណាច​ដ៏​ទេវភាព ។ ការប្រែចិត្ត​គឺជា​ការអនុវត្ត​សេចក្តីជំនឿ​របស់​មនុស្ស​ម្នាក់​នៅលើ​ព្រះគ្រីស្ទ ដោយ​ការបង្វែរ​ដួងចិត្ត និង​ព្រលឹង​របស់​យើង​ឆ្ពោះ​ទៅ​ទ្រង់ ។ ការប្រែចិត្ត​ពុំមែន​ជា​ការដាក់ទោស​នោះទេ ។ វា​គឺជា​ដំណើរការ​នៃ​ការកើត​ខាងវិញ្ញាណ​ពី​ព្រះយេស៊ូវ និង​ទទួល​ព្រះ​ភក្ត្រ​របស់​ទ្រង់​នៅ​ក្នុង​ទឹកមុខ​របស់​យើង ។ ការទទួល​បាន​ពិធីបរិសុទ្ធ និង​ការគោរព​ដល់​សេចក្តីសញ្ញា​ដែល​បានធ្វើ​ជាមួយ​នឹង​ព្រះ និង​ព្រះគ្រីស្ទ ផ្តល់​ឲ្យ​យើង​កាន់តែ​មាន​សិទ្ធិ​ចូល​ទៅ​កាន់​អំណាច​របស់​ទ្រង់​ទាំងទ្វេ និង​សេចក្តីស្រឡាញ់​របស់​ទ្រង់​ទាំងទ្វេ ហើយ​អនុញ្ញាត​ឲ្យ​យើង​ត្រូវបាន​ញែក​ជា​បរិសុទ្ធ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ធាតុ​ចុងក្រោយ​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​គឺ​ការប្រកាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​គឺជា ការរស់នៅតាម​ធាតុ​នីមួយ​របស់​ព្រះគ្រីស្ទ « ម្តង​ហើយ​ម្តង​ទៀត និង​ដដែលៗ » ដើម្បី​យើង​អាច​ធ្វើ​ជា ហើយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ធ្វើ​ជា​សិស្ស​ដ៏​មាន​ភក្តីភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​អារម្មណ៍​ពី​អំណរ​របស់​ទ្រង់ ពេល​យើង​ថ្វាយបង្គំ​នៅ​ក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ ( ឌែល ជី រិនឡាន់ « វដ្ត​ប្រកប​ដោយ​អានុភាព និង​គុណធម៌​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » លីអាហូណា, ខែឧសភា ឆ្នាំ២០២៤ ទំព័រ​ ៨១; សូមមើល​ផងដែរ រ័សុល អិម ណិលសុន « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » ​លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៧ ) ។

  17. រ័សុល អិម ណិលសុន « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក ទំព័រ ៩៧ ។

  18. ឌែល ជី រិនឡាន់ « វដ្ត​ប្រកប​ដោយ​អានុភាព និង​គុណធម៌​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » ទំព័រ ៨២, ៣៨; បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  19. រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ទំព័រ ៦២ ។

  20. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:២០ ។

  21. រ័សុល អិម ណិលសុន « ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ម្ដងទៀតលីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ១២២ ។