សន្និសីទទូទៅ
ទទួល​យក​អំណោយ​របស់​ទ្រង់
សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ២០២៥


14:5

ទទួល​យក​អំណោយ​របស់​ទ្រង់

បងប្អូន​ជា​បុត្រី​ជា​ទីស្រឡាញ់​របស់​ព្រះ បងប្អូន​ជា​បុត្រា​ជា​ទីស្រឡាញ់​របស់​ព្រះ ហើយ​ទ្រង់​បាន​ប្រទាន​អំណោយ​ឲ្យដល់​បងប្អូន គឺជា​ព្រះរាជបុត្រា​ដ៏​វិសុទ្ធ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ​។

ការផ្ដល់​អំណោយទាន

ការផ្ដល់​អំណោយ​គឺជា​ទំនៀមទម្លាប់​សង្គម​មួយ​ដែល​រីកសុះសាយ​នៅ​គ្រប់​វប្បធម៌ អរិយធម៌ និង​សហស្សវត្សរ៍ ។ នៅ​គ្រប់​សម័យកាល មនុស្ស​បាន​ផ្ដល់​អំណោយ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ពង្រឹង​ទំនាក់ទំនង បង្ហាញ​សេចក្តីស្រឡាញ់ និង​អំណរគុណ និង​បង្ហាញ​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ​ដូចជា អាពាហ៍ពិពាហ៍ ថ្ងៃខួបកំណើត និង​បុណ្យឈប់សម្រាក ។ ហើយ​មនុស្ស​មិនគ្រាន់​តែជា​ការបង្កបង្កើត​តែ​មួយ​គត់​របស់​ព្រះ ដែល​ផ្ដល់​អំណោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ ! ក្នុង​ចំណោម​ឧទាហរណ៍​ជាច្រើន យើង​អាច​លើកឡើង​ពី​សត្វ​ភេនឃ្វីន​ត្រូវ​បាន​គេ​ដឹង​ថា វា​ចេះ​ឲ្យ​ដុំក្រួស​ថ្លាៗ​ទៅ​ឲ្យ​ដៃគូ​​អនាគត​ដែល​វា​ពេញចិត្ត សត្វ​ស្វា​បូនូបូស ( បងប្អូន​ជីដូនមួយ​របស់​សត្វ​ស្វា​ឪ ) ឲ្យ​ផ្លែឈើ​ដើម្បី​ពង្រឹង​រង្វង់​មិត្តភាព​របស់​ពួកវា ។

សត្វ​ភេនឃ្វីន​ឲ្យ​ដុំក្រួស​ថ្លាៗ
ស្វា​បូនូបូស​ចែករំលែក​ផ្លែឈើ

តើ​បងប្អូន​បាន​ឲ្យ​អំណោយ​អ្វី ? សូម​គិត​ពី​គ្រាមួយ​ជាពេល​ដែល​បងប្អូន​បាន​រកឃើញ—ឬ​បានធ្វើ—​អំណោយ​ដ៏​ឥតខ្ចោះសម្រាប់​នរណា​ម្នាក់​ដែល​បងប្អូន​ស្រឡាញ់ ។ បងប្អូន​បានដឹងហើយ​ថា អំណោយ​គឺជា​អ្វី​ដែល​មនុស្ស​ជា​ទីស្រឡាញ់​នេះ​ចង់​បាន និង​ជា​អ្វី​ដែល​បងប្អូន​ឲ្យ​តម្លៃ ។ តើ​អំណោយ​នោះ​គឺជា​អ្វី ? តើ​វា​សម្រាប់​ម្តាយ​របស់បងប្អូន​ឬ ? សម្រាប់​មិត្តភក្តិ​ឬ ? សម្រាប់​កូន​របស់បងប្អូន​ឬ ? សម្រាប់​អ្នកគ្រូលោកគ្រូ​ឬ ? សម្រាប់​ជីតា​របស់បងប្អូន​ឬ ? តើ​បងប្អូន​មាន​អារម្មណ៍​យ៉ាងណា នៅពេល​បងប្អូន​បានរកឃើញ​អំណោយ​នេះ ? តើ​បងប្អូន​មាន​អារម្មណ៏​បែបណា នៅពេល​ដែល​បងប្អូន​បានគិត​អំពី​បុគ្គល​ដែល​បងប្អូន​ស្រឡាញ់​រូប​នេះ បើក​មើល​អំណោយ ? ស្រដៀងគ្នា​នេះ​ដែរ តើ​នៅ​ពេល​ណា​ដែល​នរណា​ម្នាក់​​ឲ្យ បងប្អូន នូវ​អំណោយ​ដ៏​ឥតខ្ចោះ ហើយ​តើ​វា​មាន​អារម្មណ៍​យ៉ាងណា​ដើម្បី​ទទួល​អំណោយ​នេះ ?

អំណោយ​ឪពុក​របស់​ខ្ញុំ​ឲ្យ​មក​ខ្ញុំ

នៅពេល​ខ្ញុំ​មាន​អាយុ​ប្រហែល​ប្រាំពីរ​ឆ្នាំ​កំពុង​រស់នៅ​ជាមួយ​ឪពុកម្តាយ​របស់​ខ្ញុំ​នៅ​ប្រទេស​អារ៉ាប់ ខ្សែភាពយន្ត​របស់​កុមារ​មួយ​មាន​ចំណងជើង​ថា Chitty Chitty Bang Bang បានចេញផ្សាយ ។ ខ្សែភាពយន្ត​នេះ​គឺ​និយាយ​អំពី​ឡាន​វេទមន្ត​ដែល​អាច​បើក​ដោយ​ខ្លួន​ឯង អណ្តែត​នៅលើ​ទឹក ហើយ​ថែម​ទាំង​អាច​ហោះ​បាន​ទៀត​ផង ! ខ្ញុំ​បាន​ដឹង​ថានៅ​ស្រុក​កំណើត​ប្រទេស​អង់គ្លេស​របស់ខ្ញុំ គេ​បាន​បង្កើត​ឡាន​ក្មេងលេង​តូច​មួយ​គឺដូចជា Chitty Chitty Bang Bang ។ ឱ ! ខ្ញុំ​ពិត​ជា​ចង់​បាន​ឡាន​នោះ​ណាស់ ! យើង​អាច​ទាញ​ចង្កឹះលេខ ហើយ​ស្លាប​របស់​ឡាន​នឹង​បើក​ឡើង ! ឪពុក​របស់​ខ្ញុំ​បាន​ទៅ​ប្រទេស​អង់គ្លេស​ដើម្បី​ធ្វើ​ការងារ​របស់​គាត់ ហើយ​បាន​សួរ​ខ្ញុំ​បើ​ខ្ញុំ​ចង់​ឲ្យ​គាត់​ទិញ​អ្វី​ផ្ញើ​ដែរ​ឬ​ទេ ហើយ​ខ្ញុំ​បាន​ជម្រាប​គាត់​ថា​ខ្ញុំ​ពិតជា​ចង់​បាន​ឡាន Chitty Chitty Bang Bang ខ្លាំង​ប៉ុនណា ។

គាត់​បាន​ត្រឡប់​មក​វិញ ហើយ​ពុំ​មាន​ឃើញ​ឡាន​នោះ​ទេ ។ ខ្ញុំ​សោកស្ដាយ​ជា​ខ្លាំង ហើយ​គិត​ថា​គាត់​ច្បាស់​ជា​ភ្លេច​ហើយ ។ ប៉ុន្តែ​ប្រហែល​ជា ១០​ថ្ងៃ​ក្រោយមក គឺ​ដល់​ថ្ងៃ​កំណើត​របស់​ខ្ញុំ កញ្ចប់​តូច​មួយ​ដែល​បាន​រុំ​យ៉ាង​ស្អាត បាន​កំពុង​រង់ចាំ​ខ្ញុំ ។ ដោយ​មាន​ចិត្ត​អន្ទះសា​ជា​ខ្លាំង ហើយ​មិន​ហាន​ស្រមៃ​ខ្លាំង​ពេក ខ្ញុំ​បាន​បើក​អំណោយ​នោះ ហើយ​បាន​ឃើញ​ឡាន​របស់​ខ្ញុំ ។ ខ្ញុំ​មាន​ចិត្ត​សប្បាយ​ជា​ខ្លាំង​រហូត​ដល់​ស្រក់​ទឹក​ភ្នែក ។ ខ្ញុំ​បាន​ទាញ​ចង្កឹះលេខ ហើយ​ស្លាប​ឡាន​បាន​បើកឡើង គឺ​ដូចជា​ឡាន​នៅក្នុង​ខ្សែ​ភាពយន្ត​នោះ​អ៊ីចឹង ! ខ្ញុំ​បាន​អរគុណ​ដល់​ឪពុក​ខ្ញុំ​ជា​ខ្លាំង​សម្រាប់​អំណោយ​ដ៏​មាន​តម្លៃ​បំផុត​នេះ ។ ខ្ញុំ​បានលេង​ឡាន​នោះ​អស់​ជា​ច្រើន​ឆ្នាំ ហើយ​បាន​រក្សា​វា​ទុក​ជា​ច្រើន​ឆ្នាំ​ទៀត ។ ខ្ញុំ​គិត​ថា ប៉ា​ខ្ញុំ​ពេញ​ចិត្ត​ឲ្យ​ឡាន​នោះ​មក​ខ្ញុំ​ណាស់ យ៉ាងហោច​ណាស់​ស្មើ​ទំហំ​ដែល​ខ្ញុំ​ពេញចិត្ត​នឹង​ទទួល​ឡាន​នោះ​ដែរ ។

ការជូន ការទទួលយក និងការបើក ព្រមទាំង​ការទទួលបាន

យើង​អាច​គិត​អំពី​ការឲ្យ​អំណោយ​មាន​បី​ផ្នែក​នៅក្នុង​នោះ ៖

  1. ការជូន អំណោយ ដែល​ម្ចាស់​អំណោយ​ជ្រើសរើស ធ្វើ ឬ​រៀបចំ ហើយ​ឲ្យ​ទៅ​មនុស្ស​ជា​ទីស្រឡាញ់ ។ ការណ៍​នេះ​ទាក់ទង​នឹង​ចេតនា​ប្រកប​ដោយ​ការគិត​របស់​អ្នក​ផ្ដល់​ឲ្យ ដើម្បី​ផ្ដល់​ឲ្យ​អ្វីមួយ​ដែល​មាន​អត្ថន័យ ។

  2. ការទទួលយក និង ការបើកអំណោយ កើតឡើង​នៅពេល​អ្នក​ទទួល​យក​ពី​ម្ចាស់​អំណោយ ជាញឹកញាប់​ជាមួយ​នឹង​ការបង្ហាញ​នូវ​អារម្មណ៍​ភ្ញាក់ផ្អើល អំណរគុណ និង​ក្តីរំភើប—មុនពេលបើកអំណោយ​នោះ ដោយ​ការស្រាយ​ខ្សែបូ និង​បើក​កាដូ​ដើម្បី​មើល​ថាតើ​អំណោយ​នោះ​ជា​អ្វី ។

  3. ហើយ​ប្រហែល​មក​ទៀត ផ្នែក​ដ៏​សំខាន់​បំផុតគឺ ការទទួលបាន អំណោយ ។ ដើម្បី​ទទួល​អំណោយ​ដ៏​ស្មោះត្រង់​គឺ​លើស​ពី​ការទទួលយក ហើយ​បន្ទាប់មក​បើក​វា ។ វា​លើស​ពី​ការទទួលស្គាល់​តម្លៃ​នៃ​អំណោយ និង​បង្ហាញ​ពី​ការដឹងគុណ​ចំពោះ​ម្ចាស់​អំណោយ ។ ដើម្បី​ទទួល​បាន​អំណោយ យើង​ត្រូវ​ឲ្យ​តម្លៃ​អំណោយ​នោះ​សម្រាប់​ខ្លួន​យើងប្រើប្រាស់​វា​ឲ្យ​បាន​ពេញលេញនៅក្នុង​ជីវិត​របស់​យើង ហើយ​ចងចាំ​ដោយ​អំណរគុណ​ដល់​ម្ចាស់​អំណោយ ។

ការទទួល​អំណោយ​មិនមែន​ជា​ទង្វើ​អកម្ម​នោះទេ ប៉ុន្តែ​វា​គឺជា​ដំណើរការ​ប្រកប​ដោយ​គោលបំណង និង​ប្រកប​ដោយ​អត្ថន័យ ដែល​វា​លើស​ពី​ការបើក​កាដូ​ធម្មតា ។ ការទទួលគឺ​ដើម្បី​អរគុណ និង​ភ្ជាប់​ទាំង​អំណោយ​ព្រមទាំង​​បេះដូង​របស់​ម្ចាស់​អំណោយ ក្នុង​របៀប​មួយ​ដែល​ពង្រឹង​ចំណង​រវាង​ម្ចាស់​អំណោយ និង​អ្នកទទួល ។ សូម​គិត​ពី​ឡាន​ក្មេង​លេង​ដែល​​នាំ​មក​នូវ​អនុស្សាវរីយ៍​ដ៏​ល្អ ដែល​ធ្វើឲ្យ​ខ្ញុំ​ទទួល​អារម្មណ៍​ជា​ថ្មី​ម្តងទៀត​នូវ​សេចក្តី​ស្រឡាញ់ និង​ការយកចិត្ត​ទុកដាក់​ដ៏​ជ្រាលជ្រៅ​របស់​ឪពុក​ខ្ញុំ​ចំពោះ​ខ្ញុំ ដែល​តំណាង​ដោយ​អំណោយ​នោះ និង​ទង្វើ​ដ៏​សប្បុរស​មិនអាច​ផ្ទឹម​បាន ។

អំណោយ​របស់​ព្រះវរបិតាសួគ៌​របស់​យើង

ព្រះវរបិតាសួគ៌ របស់​យើង​មាន​អំណោយ​នៃ​ពន្លឺ និង​សេចក្តីពិត​ដ៏​រាប់​មិន​អស់​ដែល​បានរៀបចំ​ដើម្បី​ប្រទាន​មក​ដល់​យើង​ម្នាក់ៗ ដែល​ជា​បុត្រាបុត្រី​ដ៏​មានតម្លៃ​របស់​ទ្រង់ ។ អំណោយ​ទាំងនោះ​ហូរ​មក​ពី​អង្គ​ជា​ម្ចាស់​អំណោយ​ដ៏​សប្បុរស ដូចជា​អណ្ដូងទឹក​នៅក្នុង​ទីរហោស្ថាន ចេញពី​ដួងចិត្ត​ដ៏​សប្បុរស​របស់​ទ្រង់ ។ « គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរបិតា​នៃ​ពន្លឺ » ។ នៅក្នុង​សេចក្តីសញ្ញា​ដែល​បានចង​ជាមួយ​ព្រះវរបិតា ទ្រង់​គឺជា​អង្គម្ចាស់អំណោយ​ដ៏​និរន្តរ៍ ហើយ​យើង​ជា​អ្នក​ទទួល​ដ៏​បន្ទាបខ្លួន ។

អំណោយ​ដ៏​មហិមា​បំផុត​នៃ​អំណោយ​របស់​ព្រះវរបិតា​ដែល​អំណោយ​ផ្សេង​ទៀត​ទាំងអស់​នឹង​អាច​មាន

ប៉ុន្តែ​យើង​មិន​អាច​ទទួល​អ្វី​ទាំងអស់ បើ​គ្មាន​អំណោយ​ដ៏​មហិមា​ជាង​គេ​បំផុត​របស់​ព្រះវរបិតា គឺជា​អំណោយ​នៃ​កូនចៀម​សំណព្វ​របស់​ទ្រង់ ជា​ព្រះរាជបុត្រាទ្រង់ គឺព្រះ​យេស៊ូវ​គ្រីស្ទ ។ អំណោយ​ទាំងអស់​របស់​ព្រះវរបិតា​កើត​មាន​មក ហើយ​ត្រូវបាន​សម្រេច​ដោយ​ការស្ម័គ្រ​ព្រះទ័យ​របស់​ព្រះអង្គ​សង្រ្គោះ​ថ្វាយ​នៅក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង និង​ការឈ្នះ​លើ​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ទ្រង់ ។ ព្រះ​យេស៊ូវគ្រីស្ទ​ដែល​ជា​ព្រះប្រោសលោះ​ដ៏​ប្រកប​ដោយ​មេត្តាករុណា គឺជា​អំណោយ​ដ៏​ធំ​បំផុត​មកពី​ព្រះវរបិតា​នៃ​ពន្លឺ​របស់​យើង ។ « ដោយ​អំណោយនៃ​ព្រះរាជបុត្រា​របស់ទ្រង់ នោះព្រះទ្រង់​បានរៀបចំ​ផ្លូវ​មួយ​[ សម្រាប់​យើង ]​ដ៏​ប្រសើរ​លើសលែង​ទៅទៀត » ។

អំណោយ​មួយ​ដែល​គ្របដណ្ដប់​គ្រប់ទាំង​សេចក្តីពិត​ដ៏​នៅ​អស់កល្បជានិច្ច

ខ្ញុំ​ចង់​និយាយ​អំពី អំណោយ​មួយ​ដែល​គ្របដណ្ដប់​គ្រប់ទាំងសេចក្តីពិត​ដ៏​នៅ​អស់កល្បជានិច្ច ដែល​គាំទ្រ​ដល់​សមត្ថភាព​របស់​យើង​ក្នុង​ការទទួល​បាន​អ្វីៗ​ផ្សេង​ទៀត ដែល​ព្រះវរបិតា​យើង​ចង់​ប្រទាន​ឲ្យ​យើង—គឺជា​អំណោយ​ដ៏​សំខាន់​នៃ​ចំណេះដឹង​ដែល​នៅ​ពេល​យល់ព្រម​ទទួលនិង​ទទួលយក​យ៉ាង​ជ្រៅ​ពេញលេញ​ទៅក្នុង​ព្រលឹងផ្ដល់​ឲ្យ​នូវ​អំណរ និង​សម្រាល​ការលំបាក​នៃ​ជីវិត ហើយ​ឆ្លើយ​សំណួរ​ដែល​មិន​មាន​ចម្លើយ​របស់​យើង ៖ គឺថា យើង​ពិត​ជា​បុត្រាបុត្រី​របស់​ព្រះ​ប្រាកដ​មែន សេចក្តីពិត​នោះ គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់ ! អស្ចារ្យ​ណាស់ ! ហើយ​សេចក្តីពិត​នេះ​គឺ ការពិត ។

សូម​ស្រមៃថា បងប្អូន​កំពុង​ស្តាប់ឮ​ការណ៍នេះ​ជា​លើក​ដំបូង ។ បងប្អូន​គឺ​ពិត​ជា​បុត្រី​ជា​ទីស្រឡាញ់​របស់​ទ្រង់​មែន ។ បងប្អូន​គឺ​ពិត​ជា​បុត្រា​ដ៏​មាន​តម្លៃ​របស់​ទ្រង់ ។ ហើយ​ផ្លូវ​ដែល​បងប្អូន​កំពុងដើរ​នេះ​គឺជា​ផែនការ​នៃ​សុភមង្គល​របស់ទ្រង់ ។ ដោយ​ក្តីស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់ទ្រង់ ទ្រង់​ជ្រាបដឹង​យ៉ាងជាក់​ថា​បងប្អូន​ជា​នរណា ពីមុន​បងប្អូន​ត្រូវបាន​បញ្ជូន​មកកាន់​ផែនដី​នេះ ហើយ​ជ្រាបពី​អ្វី​ដែល​បងប្អូន​ជួបប្រទះ​កន្លងមក​នៅក្នុង​ជីវិត​រមែងស្លាប់​របស់​បងប្អូន ហើយ​ទ្រង់​មាន​ផែនការ​ពេញដោយ​ក្តីមេត្តា​ករុណាសម្រាប់​ថ្ងៃ​នីមួយៗ​របស់​បងប្អូន ។ ឱ ទ្រង់​ពិត​ជា​ចង់​ឲ្យ​បងប្អូន​ត្រឡប់​ទៅ​រក​ទ្រង់​វិញ​នៅ​ថ្ងៃ​ណា​មួយ​ខ្លាំង​ណាស់ ដើម្បី​ទទួល​គោលបំណង​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​អំណោយ​ដ៏​ស្រស់ស្អាត​របស់​ទ្រង់គឺ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ជាមួយ​ទ្រង់ ។

សំណួរ​នោះ​គឺ​មិន​ថា​អំណោយ​នៃ​សេចក្តីពិត​នេះ​ពិត​ឬ​អត់​នោះ​ទេ ប៉ុន្តែ​ថាតើ​យើង​នឹង​ស្វែងរក ហើយ​ទទួល​យក​វា​ឬ​អត់ ។ ព្រះវរបិតា​បាន​ប្រទាន​អំណោយ​នេះ​មក​ដល់​យើង​ទៅ​ហើយ ។ ព្រះអង្គសង្រ្គោះ​បាន​បង់ថ្លៃ​សម្រាប់​គោលបំណង​ដ៏​ធំ​នៃ​អំណោយ​នោះ​រួច​ទៅ​ហើយ ។ ប៉ុន្តែ​ប្រសិនបើ​បងប្អូន​បានបង្រៀន បាននិយាយ បានច្រៀង​ពី​សេចក្តីពិត​នេះ​អស់​ជាច្រើន​ឆ្នាំ ប្រហែល​ជា ភាពអស្ចារ្យ របស់​វា​បានរសាត់​អស់​ជា​យូរ​មក​ហើយ ហើយ​បងប្អូន​លែង​ទទួល​អារម្មណ៍​នៃ​អំណាច និង​សេចក្តី សុខសាន្ត​របស់​សេចក្តីពិត​នេះ​ទៀត​ហើយ ។

ប្រសិនបើ​អំណោយ​ដ៏​មិន​អាច​កាត់ថ្លៃ​បាន​នៃ​ការយល់ដឹងនេះ—និង​សេចក្តីល្អ សេចក្តី​សុខសាន្ត និង​សេចក្តី​សង្ឃឹម​ទាំងអស់​ដែល​ហូរ​មកពី​ទ្រង់—ត្រូវបាន​ទុកចោល​មិន​ទទួលយក មិន​បើក និង​មិន​ទទួលបាន នោះ​វា​ជា​ការខាតបង់​ខ្លាំងណាស់ ! ជា​ការគួរ​ឲ្យ​សោកសៅ​សម្រាប់​អង្គ​ដែល​ជា​ម្ចាស់​អំណោយ​ណាស់ ! « ដ្បិត​តើ​មាន​ប្រយោជន៍​អ្វី​ដល់​មនុស្ស បើសិន​ជា​បាន​ប្រទាន​អំណោយ​ទាន​មក​លើ​គេ ហើយ​គេ​ពុំ​ទទួល​យក​អំណោយ​ទាន​សោះ ? មើល​ចុះ អ្នក​នោះ​ពុំ​ត្រេកអរ​ចំពោះ​អ្វី​ដែល​បាន​ប្រទាន​ដល់​គេ ឬ​ក៏​ត្រេកអរ​ចំពោះ​ម្ចាស់​ដែល​ប្រទាន​អំណោយ​ទាន​នោះដែរ » ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ទទួលយក​មិន​ថា​ជា​លើកដំបូង ឬ​ក្នុង​កម្រិត​ដ៏​ធំ​ជាង​ពេល​មុនៗ គឺ​ការដឹង​ដ៏​អស្ចារ្យ​ថា បងប្អូន​ពិត​ជា​បុត្រ​ជាទីស្រឡាញ់​របស់​ព្រះ​ប្រាកដ​មែន ។ បងប្អូន​ត្រូវតែ​ស្រាយ​ខ្សែបូ ហែក​ក្រដាស​រុំ​កាដូ បើក​ប្រអប់ និង​ទទួល​យក​ដោយ​សកម្មដោយ​នូវ​ការបន្ទាបខ្លួន​ដ៏​មាន​អំណរគុណ ចំពោះ​ការយល់ដឹង​ដ៏​បរិសុទ្ធ​នៃ​សេចក្តីពិត​ជា​មូលដ្ឋាន​នេះ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ធ្វើ​សាក្សី​ក្នុង​ដួងចិត្ត​បងប្អូន​ថា បងប្អូន​ពិតជា​បុត្រ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ។

នៅពេល​បងប្អូន​ស្វាគមន៍​ចំពោះ​ការពិត​ដ៏​អស្ចារ្យ​នេះ​ចូល​ទៅក្នុង​ព្រលឹង​របស់​បងប្អូន ហើយ​ទទួល​អារម្មណ៏​លួងលោម​ផង និង​ក្តីរំភើប​ផង នោះ​ទស្សន​វិស័យ​ទាំងមូល​របស់​បងប្អូន​នឹង​ផ្លាស់ប្តូរ ! បងប្អូន​អាច​ទទួល​អារម្មណ៏នូវ​ក្តីស្រឡាញ់​របស់ទ្រង់ ស្តាប់ឮព្រះសូរសៀង​របស់ទ្រង់ ហើយ​ព្រះហស្ត​របស់ទ្រង់ មិន​ថា​មាន​អ្វី​កើត​ឡើង ឬ​មិន​កើតឡើង​នៅក្នុង​ជីវិត​របស់​បងប្អូន​ក្តី ។ បងប្អូន​អាច​ធ្វើ​ការកំណត់​ឡើងវិញ​នូវ​របៀប​ដែល​បងប្អូន​មើល​ឃើញ​ខ្លួន​ឯង និង​អ្នកដទៃ​យ៉ាង​ដូចម្ដេច ? សេចក្តី​សញ្ញា​របស់​បងប្អូន​ចងភ្ជាប់​នឹង​ព្រះអង្គ​សង្រ្គោះ​របស់​បងប្អូន​ធ្វើឲ្យ​បងប្អូន​កាន់តែ​រឹងមាំ​ ហើយ​តាមរយៈ​ទិដ្ឋភាព​នៃ​អំណោយ​ដ៏​ផ្អែមល្ហែម​នេះ នោះ​ជិវីត​នឹង​នាំ​ទៅរក​ភាពភ្លឺថ្លា ស្រស់ស្អាត និង​ក្តី​សង្ឃឹម​ថ្មី ។

សូម​បងប្អូន​អធិស្ឋាន​ដើម្បី​ដឹង​ថាតើ​បងប្អូន​ពិត​ជា​ទទួល​បាន​ចំណេះដឹង​នៃ​ការផ្លាស់ប្តូរ​នេះ​ជ្រៅ​ទៅក្នុង​ព្រលឹង​របស់​បងប្អូន​បានដែរឬ​ទេ ? តើ​បងប្អូន​នឹង​ទទួល​យក​អំណោយ​នេះ​ដែរ​ឬ​ទេ ? តើ​បងប្អូន​នឹង​ធ្វើ​ដូច្នេះ​ឲ្យ​​កាន់តែ​ស៊ីជម្រៅ កាន់តែ​សេរី កាន់តែ​សម្បូរបែប​ជាង​អ្វីដែល​បងប្អូន​ធ្លាប់មាន​ពីមុនមក ហើយ​ដោយ​ការធ្វើ​ដូច្នេះ​នឹង​ទទួល​បាន​នូវ​អំណោយ​យ៉ាង​ហូរហៀរ​ផ្សេងៗ​ទៀត​ដែរ​ឬ​ទេ ?

ការទទួលបាន​អំណោយ​នៃ​សេចក្តីពិត​ដ៏​នៅ​អស់កល្បជានិច្ច

បងប្អូន​អាចជា​ងឿងឆ្ងល់​ថា « តើ​ខ្ញុំ​ត្រូវ ធ្វើ អ្វី​ដើម្បី​ទទួល​បាន​អំណោយ​នេះ​ពីព្រះ ? តាមពិត មិន​បាច់​ធ្វើ​អ្វី​សោះ ។ វា​ជាអំណោយមកពី​ម្ចាស់​អំណោយ​ ។ វា​ជាការពិតដ៏​សាមញ្ញ​ប៉ុណ្ណោះ ។ គ្រាន់តែ​យក​វាទៅ ។ បងប្អូន គឺជា បុត្រ​របស់​ទ្រង់ ។ បងប្អូន​គឺជា​ទី​សំណព្វ​របស់​ទ្រង់ ។ សូម​កុំ​ធ្វើ​ឲ្យ​វា​ពិបាក ។ សូម​កុំ​បង្ខាំង​ការទទួល​អំណោយ​នេះ​ដោយ​នូវ​គំនិត​ថា បងប្អូន​មិន​សក្តិសម​នឹង​ទទួល​យក​វា​ទេ ។ ការពិត​នោះ​គឺ​ថា គ្មាន​យើង​ណា​ម្នាក់« សក្តិសមទទួល​នោះ​ទេ »—អំណោយ​ទាំងអស់​របស់​ព្រះ​វរបិតា​ទទួល​បាន​តែ​តាមរយៈ​បុណ្យគុណ សេចក្តីមេត្តា​ករុណា និងព្រះគុណ​នៃ​ព្រះ​មែស៊ី​ដ៏​បរិសុទ្ធប៉ុណ្ណោះ, ប៉ុន្តែ ឱ ព្រះ​ទ័យ​ដ៏​សប្បុរស​របស់​ទ្រង់​ចង់​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ម្នាក់ៗ​ទទួល​យក​វា​ជា​យូរ​មក​ហើយ ។ បន្ទាប់មក នៅពេល​ដែល​បងប្អូន​ទទួលបាន​ការបំភ្លឺ​នូវ​ការយល់ដឹង​ថ្មី ឬ​សាជាថ្មី​ម្តងទៀត​មកលើ​បងប្អូន សូម​អរ​រីករាយ​ក្នុង​ការដឹងគុណ​ចំពោះ​ម្ចាស់​អំណោយ​នោះ ។

ចាប់​តាំងពី​ការរកឃើញ​សេចក្តីជំនឿ​របស់ខ្ញុំ​ក្នុង​វ័យ​អាយុ ២០​ឆ្នាំជាង ខ្ញុំ​បានដឹង​ច្បាស់​ពី​ការពិត ដែលថា​ខ្ញុំ​គឺ​ពិតជា​បុត្រា​របស់​ព្រះ ។ កាលណា​ខ្ញុំ​ឱបក្រសោប​អំណោយ​នេះ​កាន់តែ​ពេញលេញ​ប៉ុនណា នោះ​ខ្ញុំ​កាន់តែ​ដឹង​យ៉ាង​មុតមាំ​ថា ខ្ញុំ​ជា​នរណា និង​របៀប​ដែល​ខ្ញុំ​បានទទួល​សេចក្តីស្រឡាញ់​ដ៏​ពេញលេញប៉ុនណា ។ រឿង​មួយចំនួន​ដែល​បាន​ជួយ​ខ្ញុំឲ្យ​រីកចម្រើន​ក្នុង​ការយល់ដឹង គឺជា​ព្រះបន្ទូល​នៅក្នុង​ព្រះគម្ពីរ ពររបស់​លោក​អយ្យកោ ការថ្វាយ​បង្គំ​នៅ​ក្នុងព្រះវិហារ​បរិសុទ្ធ ការបម្រើ​អ្នកដទៃ ​បង្ហាញ​ពី​ការដឹងគុណ និង​ការអធិស្ថាន​ដ៏​ពិសិដ្ឋ​ទៅកាន់​ព្រះវរបិតា ។ ខ្ញុំ​ងឿងឆ្ងល់​ចំពោះ​របៀប​ដែល​ភាពសោកសៅ ការឈឺចាប់ និង​ទុក្ខព្រួយ​ពីមុន​នៅក្នុង​ជីវិត​ខ្ញុំ ត្រូវ​បាន​កំណត់ ធ្វើ​ឲ្យ​ស្ងប់សុខ និងយកឈ្នះ កាល​ខ្ញុំ​បាន​ដឹង​សេចក្តីពិត​ដ៏​ស្រស់​ស្អាត​នេះ ។

មក​រក​ព្រះគ្រីស្ទ ហើយ​ទទួលយក

មរ៉ូណៃ​បាន​ដាស់តឿន​យើង​ « កុំ​បដិសេធ​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ » ប៉ុន្តែ​ឲ្យ « មក​រក​ព្រះ​គ្រីស្ទ ហើយ​ចូរ​យក​នូវ​អំណោយទាន​ដ៏​ល្អ​ទាំង​អស់ » ។ បងប្អូន​អាច​មក​រក​ព្រះគ្រីស្ទ​ដោយ​ទំនុកចិត្ត​លើ​សេចក្តីសប្បុរស​របស់​ទ្រង់ ហើយ​ទទួល​អំណោយ​ទាំងអស់​នៃ​អំណរ សេចក្តីសុខសាន្ត ក្តីសង្ឃឹម ពន្លឺ សេចក្តីពិត វិវរណៈ ចំណេះដឹង និង​ប្រាជ្ញា—ដោយ​មាន​ទំនុកចិត្ត លាតដៃ ហើយ​លាដៃ​របស់​បងប្អូន​ជាស្រេច​ដើម្បី​ទទួល ។ ហើយ​បងប្អូន​អាច​ទទួល​បាន​អំណោយ​ទាំងនេះ ដោយសារ​បងប្អូន​ការពារ និង​ចាក់គ្រឹះ​នៅក្នុង​ចំណេះដឹងថា បងប្អូន​ជា​បុត្រី​ជា​ទីស្រឡាញ់​របស់​ព្រះ បងប្អូន​គឺជា​បុត្រា​ជាទី​ស្រឡាញ់​របស់​ព្រះ ហើយ​ទ្រង់​បានប្រទាន​អំណោយ​ដល់​បងប្អូន​នូវ​ព្រះរាជបុត្រា​ដ៏​វិសុទ្ធ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ដើម្បី​ប្រោសលោះ​បងប្អូន រាប់​ជា​សុចរិត និង​ញែក​បងប្អូន​ជា​បរិសុទ្ធ ។

បងប្អូន ជា កូន​របស់​ព្រះ ។ នេះ​ពុំ​មែន​គ្រាន់​តែ​ជា​ចម្រៀង​ដ៏ពិរោះ ដែល​យើង​ច្រៀង​ទេ ។ តើ​បងប្អូន​នឹងព្រមទទួល បើក ហើយ​ទទួលយក​អំណោយ​នៃ​ចំណេះដឹង និង​ការយល់ដឹង​នេះ​ពី​ទ្រង់​ដែរ​ឬ​ទេ ? តើ​បងប្អូន​នឹង​ថែរក្សា​ឲ្យ​ខ្ជាប់ខ្ជួន​ទុក​វា​ដូចជា​កំណប់​ដ៏​មាន​តម្លៃ​បំផុតដែរ​ឬទេ ? សូមទទួល​យក​អំណោយ​នេះ​ម្តងទៀត ឬ​ប្រហែល​ពិត​ជា​ទទួល​អំណោយ​នេះ​ជា​លើកដំបូង​ក្តី នោះ​សូម​អនុញ្ញាត​ឲ្យ​វា​ផ្លាស់ប្តូរ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​បងប្អូន ។ នេះ​គឺជា​របៀប​ដ៏​ឥតខ្ចោះ​ដែល​ព្រះ​បានរៀបចំ​សម្រាប់​បងប្អូន តាមរយៈ​អំណោយ​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ ។ មាន​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​មាន​សេចក្ដីអំណរ ! នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។