អំណរតាមរយៈសេចក្តីសញ្ញានៃភាពជាសិស្ស
នៅពេលយើងចងភ្ជាប់ខ្លួនយើងទៅនឹងទង្វើក្នុងនាមជាសិស្សនៃសេចក្តីសញ្ញា នោះទំនាក់ទំនងរបស់យើងជាមួយព្រះវរបិតា និងព្រះរាជបុត្រាគឺកើនឡើង អំណររបស់យើងកើនឡើង ហើយទស្សនវិស័យដ៏នៅអស់កល្បជានិច្ចរបស់យើងក៏ត្រូវបានពង្រីកដែរ ។
នាថ្ងៃមួយក្នុងឆ្នាំ២០២៣ អ៊ុយយ៉ានហ្គា អាលតាន់ស៊ូ បាននៅកន្លែងធ្វើការនៅទីក្រុងដាខាន់ ភាគខាងជើងនៃប្រទេសម៉ុងហ្គោលី នៅពេលដែលប្រធានបេសកកម្មម៉ុងហ្គោលីបានបោះជំហានចូលកន្លែងធ្វើការរបស់នាង ។ តាមពាក្យសម្តីរបស់នាង ៖
« ខ្ញុំបានឃើញគាត់ ហើយបានគិតថាគាត់មានពន្លឺភ្លឺត្រចះត្រចង់នៅលើទឹកមុខរបស់គាត់ ។ គាត់គឺជាមនុស្សដែលមានចិត្តល្អ និងកំប្លែងចំពោះអ្នកដែលនៅជិតគាត់ ហើយខ្ញុំមានអារម្មណ៍កក់ក្ដៅ ។ ពីមុនគាត់ចេញទៅ ខ្ញុំបានសួរសំណួរមួយចំនួនដល់គាត់ ។ ពីរបីថ្ងៃក្រោយមក គាត់មកកន្លែងខ្ញុំធ្វើការម្តងទៀត ហើយបានសួរបើខ្ញុំអាចចូលរួមព្រះវិហាររបស់គាត់ ។ ខ្ញុំបានគិតថា វាប្រហែលជាមានប្រយោជន៍ ។ ខ្ញុំព្រួយបារម្ភអំពីអនាគតកូនៗខ្ញុំ ដែលសង្គមហាក់ដូចជាពោរពេញទៅដោយភាពតានតឹង និងភាពខ្មៅងងឹត ។ ខ្ញុំចង់ឲ្យកូនៗខ្ញុំដូចជាបុរសម្នាក់នេះ មានពន្លឺភ្លឺនៅលើទឹកមុខរបស់ពួកគេ ដោយសាយភាយអំណរដល់មនុស្សនៅជុំវិញពួកគេ ។
« នៅថ្ងៃមួយ ពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនយើងពីច្បាប់ដង្វាយមួយភាគក្នុងដប់ ។ កូនៗខ្ញុំបាននិយាយដោយក្តីរំភើបថា ‹ យើងត្រូវតែបង់ដង្វាយមួយភាគក្នុងដប់ › ។ ខ្ញុំអាចមើលឃើញសេចក្តីជំនឿរបស់កូនៗខ្ញុំនៅគ្រានោះ ។ មុនពេលខ្ញុំបានចូលរួមក្នុងសាសនាចក្រនេះ ខ្ញុំបានមើលសន្និសីទទូទៅ ហើយបានស្ដាប់ប្រធាន រ័សុល អិម ណិលសុន មានប្រសាសន៍ ។ លោកបានប្រកាសពីព្រះវិហារបរិសុទ្ធថ្មីនៅទូទាំងពិភពលោក ហើយបានមានប្រសាសន៍ថា ព្រះវិហារបរិសុទ្ធថ្មីនឹងត្រូវសាងសង់ឡើងនៅក្នុងអ៊ូឡាន់បាតា ប្រទេសម៉ុងហ្គោលី ។ ខ្ញុំបានត្រេកអរ ហើយស្រក់ទឹកភ្នែក ទោះបីជាខ្ញុំមិនយល់ពីមូលហេតុក៏ដោយ ។ ដោយមានអំណរនេះ ខ្ញុំអាចប្រាប់បានថា សេចក្តីជំនឿ និងទីបន្ទាល់របស់ខ្ញុំបានរីកចម្រើន » ។
អ៊ុយយ៉ានហ្គា ក៏ដូចជាមនុស្សរាប់លាននាក់ផ្សេងទៀតដែរ គឺជាផ្នែកដ៏ធំមួយនៃការប្រមូលសាសន៍អ៊ីស្រាអែលសម្រាប់ការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ ។ នាងបានចាប់ផ្ដើមដំណើររបស់នាងនៅលើផ្លូវនៃសេចក្តីសញ្ញា ហើយបានក្លាយជាសិស្សនៃព្រះគ្រីស្ទ ។ តើការក្លាយជាសិស្សម្នាក់របស់ព្រះគ្រីស្ទមានន័យដូចម្តេច ? ខ្ញុំចូលចិត្តពាក្យសិស្សជាភាសាជប៉ុនដែលអានថា—ដែសឈី—ដែស មានន័យថាប្អូនប្រុស និង ឈី មានន័យថាកូន ។
ព្រះយេស៊ូវគ្រីស្ទបានប្រកាសថា « កាលដើមដំបូង យើងបានគង់នៅជាមួយព្រះវរបិតា ហើយយើងជាកូនច្បង » ។ ដោយសារតែ ទ្រង់ ជា ទ្រង់ ហើយ អ្វី ដែលទ្រង់ បានធ្វើ នោះយើងបានថ្វាយបង្គំទ្រង់ យើងគោរពទ្រង់ យើងថ្វាយសិរីរុងរឿងទៅទ្រង់ ហើយយើងធ្វើតាមទ្រង់ ។ ព្រះគ្រីស្ទបានប្រោសលោះយើង ហើយយើងមានអំណរគុណជារៀងរហូត សម្រាប់ពលិកម្មដ៏គ្មានទីបញ្ចប់ និងដ៏ធួនរបស់ទ្រង់ ។
យើងមានព្រះវរបិតាសួគ៌ដែលស្រឡាញ់យើងដូចជាបុត្រាបុត្រីរបស់ទ្រង់ ។ សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងគឺឥតខ្ចោះ ។ ព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មរបស់ទ្រង់បង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះសម្រាប់យើង ។ ដូចជាយ៉ូហានបានសរសេរថា « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » ។
នៅក្នុងដំណើរស្វែងរករបស់យើងដើម្បីយល់នូវអ្វីដែលយើងមិនដឹង នៅពេលខ្លះ យើងអាចពឹងផ្អែកទៅលើបទពិសោធន៍ដែលធ្លាប់ស្គាល់ធ្លាប់ដឹងខាងជីវិតរមែងស្លាប់របស់យើង ឬអ្វីដែលយើង ដឹង ។ ឧទាហរណ៍ យើងអាចរៀនខ្លះៗពីព្រះជាព្រះវរបិតា តាមរយៈភាពជាឪពុក ឬម្តាយរបស់យើងផ្ទាល់ និងទំនាក់ទំនងគ្រួសារខាងជីវិតរមែងស្លាប់ ។ ទោះជាយ៉ាងណា យើងគួរតែប្រុងប្រយ័ត្នក្នុងការអនុវត្តការប្រៀបធៀបទាំងនេះជ្រុលពេក ក្នុងការព្យាយាមយល់ពីព្រះវរបិតាសួគ៌របស់យើង ។ គុណលក្ខណៈរបស់ព្រះជាព្រះវរបិតា គឺលើសពីគុណលក្ខណៈ ដែលមិនសូវល្អឥតខ្ចោះ ណាមួយនៃមនុស្សខាងសាច់ឈាម ។ ព្រះជាព្រះវរបិតា គឺជាព្រះវរបិតាដែលឥតខ្ចោះ ។ ទ្រង់ពេញដោយក្តីស្រឡាញ់ដ៏ឥតខ្ចោះ សប្បុរស អត់ធ្មត់ និងជ្រាបដឹង ព្រមទាំងមានសិរីរុងរឿងយ៉ាងឥតខ្ចោះ ។ យើងអាចទុកចិត្តលើទ្រង់យ៉ាងឥតខ្ចោះ ។ សេចក្តីស្រឡាញ់នៃព្រះគ្រីស្ទឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់នៃព្រះជាព្រះវរបិតា ហើយតំណាងឲ្យសេចក្តីស្រឡាញ់នោះ ។
ព្រះយេស៊ូវគ្រីស្ទគឺជាគំរូផង និងជាមធ្យោបាយផង ។ នៅក្នុង ព្រះគ្រីស្ទ យើងអាចយល់កាន់តែច្បាស់នូវគុណលក្ខណៈឥតខ្ចោះនៃព្រះវរបិតា និងផែនការរបស់ទ្រង់ ។ តាមរយៈ ព្រះគ្រីស្ទ យើងទទួលបាននូវអំណាចដែលធ្វើទៅបាន ដើម្បីយកឈ្នះលើនិន្នាការនៃបុរស ឬស្រ្តីខាងសាច់ឈាម ដើម្បីឲ្យយើងអាចប្រែក្លាយកាន់តែដូចជាព្រះវរបិតា ។
គឺដូចជាព្រះវរបិតាសួគ៌ដែរ ព្រះយេស៊ូវគ្រីស្ទគឺមានសេចក្តីមេត្តាករុណា និងយុត្តិធម៌ដ៏ឥតខ្ចោះ ។ គុណលក្ខណៈដ៏ទេវភាពនៃសេចក្តីយុត្តិធម៌ និងមេត្តាករុណាទាំងនេះគឺមិនមែនផ្ទុយគ្នានោះទេ ។ វាបំពេញបន្ថែមឲ្យគ្នា ។ ទាំងសេចក្តីយុត្តិធម៌ និងសេចក្តីមេត្តាករុណាបង្ហាញសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះរបស់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ យើងអាចទុកចិត្តព្រះជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ ដោយសារទ្រង់ទាំងទ្វេគឺយុត្តិធម៌ និងត្រឹមត្រូវជាមួយយើងទាំងអស់គ្នា ។
ព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ មានគោលបំណង និងសេចក្តីស្រឡាញ់ស្របគ្នាយ៉ាងឥតខ្ចោះ ។ ដោយសារព្រះ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើង យើងត្រូវបានផ្ដល់ឲ្យនូវឱកាស និងអភ័យឯកសិទ្ធិជាសិស្សពិតប្រាកដ ដើម្បីធ្វើសេចក្តីសញ្ញាជាមួយទ្រង់ទាំងទ្វេ ។ ដោយការធ្វើដូច្នោះ ទំនាក់ទំនងរបស់យើងជាមួយព្រះគ្រីស្ទគឺត្រូវបានពង្រីកឡើង ៖ « ហើយឥឡូវនេះ មកពីសេចក្តីសញ្ញាដែលអ្នករាល់គ្នាបានធ្វើ អ្នករាល់គ្នានឹងត្រូវបានហៅថាជាកូនចៅនៃព្រះគ្រីស្ទ គឺជាបុត្រារបស់ទ្រង់ និងជាបុត្រីរបស់ទ្រង់ ដ្បិតមើលចុះ ថ្ងៃនេះទ្រង់បានអ្នកខាងវិញ្ញាណ ហើយដ្បិតអ្នករាល់គ្នាបាននិយាយថា ចិត្តរបស់អ្នកបានផ្លាស់ប្តូរតាមរយៈសេចក្តីជំនឿជឿដល់ព្រះនាមទ្រង់ ហេតុដូច្នោះហើយ អ្នករាល់គ្នាបានកើតមកពីទ្រង់ ហើយបានក្លាយទៅជាបុត្រារបស់ទ្រង់ និងបុត្រីរបស់ទ្រង់ដែរ » ។
ក្នុងនាមជាសិស្ស នៅពេលយើងធ្វើ និងរក្សាសេចក្តីសញ្ញាពិសិដ្ឋ យើងទទួលបានពរជ័យដោយនូវអំណាចខាងវិញ្ញាណ ។ យើងភ្ជាប់ទំនាក់ទំនងទៅព្រះគ្រីស្ទ និងព្រះជាព្រះវរបិតានៅក្នុងទំនាក់ទំនងពិសិដ្ឋ ហើយអាចដកពិសោធន៍សេចក្តីស្រឡាញ់ និងអំណររបស់ទ្រង់ទាំងទ្វេ ដែលបានរក្សាទុកសម្រាប់អស់អ្នកដែលបានធ្វើ និងរក្សាសេចក្តីសញ្ញាទាំងឡាយ ។ សមត្ថភាពរបស់យើងដើម្បីយល់ពីទំហំនៃសេចក្តីស្រឡាញ់របស់ព្រះ ឬដើម្បីនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ គឺពឹងផ្អែកលើបំណងប្រាថ្នា និងទង្វើសុចរិតរបស់យើង ។
នៅក្នុងយ៉ូហាន ជំពូកទី ១៥ ខទី ៩ យើងអានថា « ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចជាព្រះវរបិតា ទ្រង់ស្រឡាញ់ខ្ញុំដែរ » ។ ហើយ បន្ទាប់មក យើងត្រូវបានផ្ដល់ឲ្យនូវការអញ្ជើញឲ្យ ៖ « ចូរនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំចុះ » ។
នៅក្នុងខបន្ទាប់ យើងត្រូវបានផ្ដល់ឲ្យនូវផ្លូវដើម្បីនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ៖ « បើអ្នករាល់គ្នាកាន់តាមបញ្ញត្តិខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តិនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ដែរ » ។
បន្ទាប់មក យើងមើលឃើញគោលបំណងនៃការរក្សាបទបញ្ញត្តិទាំងឡាយនៅក្នុង ខទី ១១ ៖ « ខ្ញុំបាននិយាយសេចក្តីទាំងនេះប្រាប់ដល់អ្នករាល់គ្នា ដើម្បីឲ្យសេចក្តីអំណររបស់ខ្ញុំ បាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញផង » ។
តាមរយៈសេចក្តីសញ្ញាភាពជាសិស្សពិតប្រាកដ យើងអាចចាប់ផ្ដើមយល់កាន់តែច្បាស់ពីនិស្ស័យនៃព្រះ និងអំណរដែលទ្រង់ចង់ឲ្យបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ដកពិសោធន៍ ។ យើងក៏ចាប់ផ្ដើមយល់គោលការណ៍មួយចំនួនផងដែរ ដែលដំបូងហាក់មានអារម្មណ៍ច្របូកច្របល់ ។ ឧទាហរណ៍ តើព្រះអាចមានអំណរដ៏ពេញលេញដោយរបៀបណាទៅ នៅពេលបុត្រាបុត្រីរបស់ទ្រង់មួយចំនួនរងទុក្ខយ៉ាងខ្លាំងនោះ ? ចម្លើយនេះមាននៅក្នុងទស្សនវិស័យដ៏ឥតខ្ចោះរបស់ព្រះ ហើយនៅក្នុងផែនការដ៏ឥតខ្ចោះរបស់ទ្រង់ ។ ទ្រង់ទតឃើញអនាគតដ៏មានសក្តានុពលរុងរឿងរបស់យើង ចាប់តាំងពីដើមដំបូងមកម្ល៉េះ ។ ទ្រង់បានប្រទានផ្លូវមួយតាមរយៈព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ សម្រាប់យើងទាំងអស់គ្នាដែលជាបុត្រាបុត្រីរបស់ទ្រង់ ដើម្បីយកឈ្នះលើការរងទុក្ខ អំពើបាប កំហុស និងភាពឯកោនៃជីវិតរមែងស្លាប់របស់យើង ។ ព្រះបានប្រទានផ្លូវ និងជម្រើសដល់យើង ។
ឧទាហរណ៍ពីអស់អ្នកដែលបានដកពិសោធន៍អំណរតាមរយៈភាពជាសិស្សអាចជួយយើងយល់កាន់តែច្បាស់ពីគំនិតនេះ ។ ប្រហែលជាបងប្អូនធ្លាប់ឮឃ្លាថា យើងមិនសប្បាយចិត្តទេ ពេលឃើញកូនមិនសប្បាយចិត្ត ។ ខ្ញុំបានឃើញថា នោះមិនមែនជាការពិតទេ ។ ម្តាយអាយុ ៩៤ ឆ្នាំរបស់ខ្ញុំ មានកូនចៅដែលកំពុងរស់នៅជាង ២០០ នាក់ ។ នៅគ្រាខ្លះ យ៉ាងហោចណាស់ម្នាក់នៅក្នុងចំណោម ២០០ នាក់នេះនឹងមិនសប្បាយចិត្ត ។ ប្រសិនបើសេចក្តីថ្លែងការណ៍នេះពិត នោះម្តាយរបស់ខ្ញុំនឹងស្ថិតនៅក្នុងស្ថានភាពគ្មានសុភមង្គលមិនចេះចប់មិនចេះហើយឡើយ តែគាត់មិនបែបនោះទេ ។ អស់អ្នកដែលស្គាល់គាត់ ដឹងថាគាត់រីករាយប៉ុនណាហើយ ។
ឥឡូវនេះ ខ្ញុំចង់ចែកចាយបទពិសោធន៍ផ្សេងទៀត ។ នៅឆ្នាំ២០១៩ ភរិយារបស់ខ្ញុំ ឌីប៊ី និងខ្ញុំត្រូវបានអញ្ជើញឲ្យទៅការិយាល័យរបស់ប្រធាន ណិលសុន ។ លោកដាក់កៅអីអង្គុយជិតយើង ហើយយើងអង្គុយជិតស្ទើរតែជង្គង់ប៉ះជង្គង់ទៅហើយ ។ បន្ទាប់ពីផ្ដល់ការហៅបច្ចុប្បន្នដល់យើង ប្រធាន ណិលសុន បានងាកទៅ ឌីប៊ី ហើយបានផ្ដោតទៅលើនាង ។ លោកមានចិត្តសប្បុរស ពេញដោយក្តីស្រឡាញ់ សុភាព និងពេញដោយអំណរ ដូចជាឪពុក និងជីតាដ៏ឥតខ្ចោះ ។ លោកកាន់ដៃរបស់ឌីប៊ី ហើយគោះដៃនាងតិចៗ ដោយធានាដល់នាងថា វាមិនថ្វីនោះទេ ហើយថាគ្រួសាររបស់យើងនឹងទទួលបានពរ ។ ចំពោះយើងនៅគ្រានោះ យើងហាក់ដូចជាមនុស្សសំខាន់បំផុតចំពោះលោក ហើយថាលោកយកចិត្តទុកដាក់តែចំពោះយើងប៉ុណ្ណោះ ។ យើងបានចាកចេញពីការិយាល័យលោកនៅរសៀលថ្ងៃសុក្រ ទទួលបាននូវអារម្មណ៍នៃការលួងលោម ស្រឡាញ់ និងអំណរ ។
នៅថ្ងៃចន្ទ យើងបានឃើញព័ត៌មាននេះ ។ នៅអំឡុងថ្ងៃដែលប្រធាន ណិលសុន បានចំណាយពេលជាមួយពួកយើងនោះ កូនស្រីរបស់លោកម្នាក់បានស្លាប់ដោយសារជំងឺមហារីក ។ យើងមានការភ្ញាក់ផ្អើលណាស់ ។ ដួងចិត្តរបស់យើងពោរពេញដោយការសោកស្ដាយសម្រាប់លោក និងគ្រួសារលោក ។ ដួងចិត្តរបស់យើងក៏ពោរពេញដោយអំណរសម្រាប់ការយកចិត្តទុកដាក់ដូចជាព្រះគ្រីស្ទរបស់លោកចំពោះពួកយើង ខណៈដែលកំពុងទួញសោកសម្រាប់កូនស្រីរបស់លោក ដែលកំពុងរងទុក្ខ ។
នៅពេលយើងជញ្ជឹងគិតពីបទពិសោធន៍នេះ យើងបានសួរខ្លួនយើងថា « តើលោកមានចិត្តសប្បុរស ពេញដោយក្តីស្រឡាញ់ និងសូម្បីតែអំណរ ក្នុងគ្រាបែបនេះដោយរបៀបណាទៅ ? » ចម្លើយនោះគឺ ដោយសារ លោកដឹង ។ លោកបានដឹងថា ព្រះគ្រីស្ទបានយកឈ្នះ ។ លោកដឹងថា លោកនឹងនៅជាមួយកូនស្រីរបស់លោកម្តងទៀត ហើយនឹងចំណាយពេលដ៏អស់កល្បជានិច្ចជាមួយនាង ។ អំណរ និងទស្សនវិស័យដ៏នៅអស់កល្បជានិច្ចមកតាមរយៈការចងជាប់ទៅនឹងព្រះអង្គសង្រ្គោះតាមរយៈការធ្វើ និងការរក្សាសេចក្តីសញ្ញាទាំងឡាយ និងតាមរយៈភាពជាសិស្សដូចជាព្រះគ្រីស្ទ ។
ប្រធាន ណិលសុន បានបង្រៀន ៖ « ដូចជាព្រះអង្គសង្គ្រោះប្រទានភាពសុខសាន្តដែល « ហួសលើសពីអស់ទាំងគំនិត » [ ភីលីព ៤:៧ ] នោះទ្រង់ក៏ប្រទានអំណរដ៏ខ្លាំងក្លា ជ្រាលជ្រៅ និងច្រើនអនេក ដែលផ្ទុយពីហេតុផល ឬការយល់ដឹងរបស់មនុស្ស ។ ឧទាហរណ៍ វាទំនងជាមិនអាចមានអំណរបានឡើយ ពេលកូនរបស់បងប្អូនរងទុក្ខដោយសារជំងឺដែលពុំអាចព្យាបាលបាន ឬពេលបងប្អូនបាត់បង់ការងារ ឬពេលស្វាមី ឬភរិយាបងប្អូនក្បត់ចិត្តបងប្អូននោះ ។ ប៉ុន្តែនោះគឺជាអំណរពិតប្រាកដដែលព្រះអង្គសង្គ្រោះប្រទានឲ្យ » ។
នៅពេលយើងធ្វើ និងរក្សាសេចក្តីសញ្ញាទាំងឡាយ យើងនឹងឈប់ខ្វល់តែពីខ្លួនឯងដោយឯកឯង ហើយមានចិត្តចង់ជួយអ្នកដទៃទទួលបាននូវអំណរដ៏ធំ និងសេចក្តីស្រឡាញ់ដែលយើងទទួលបាននៅក្នុងទំនាក់ទំនងនៃសេចក្តីសញ្ញារបស់យើង ។ យើងអាចក្លាយជាផ្នែកមួយនៃបុព្វហេតុដ៏ធំនៅលើផែនដីសព្វថ្ងៃនេះ—គឺការប្រមូលសាសន៍អ៊ីស្រាអែល ។ យើងអាចជួយនាំបុត្រាបុត្រីរបស់ព្រះមកកាន់ព្រះគ្រីស្ទ ។ ដូចជាព្យាការីយ៉ាកុបបានបង្រៀនថា « ហើយមានពរហើយ ព្រោះដោយអ្នករាល់គ្នាបានធ្វើការយ៉ាងព្យាយាមជាមួយនឹងយើងនៅក្នុងចម្ការនេះ ហើយបានកាន់តាមព្រះបញ្ញត្តិរបស់យើង ហើយបានផ្តល់ផ្លែធម្មជាតិដល់យើងទៀត … អ្នករាល់គ្នានឹងមានសេចក្តីអំណរជាមួយនឹងយើង ដោយសារផ្លែឈើនៃចម្ការរបស់យើង » ។
នៅពេលយើងចងភ្ជាប់ខ្លួនយើងទៅនឹងទង្វើក្នុងនាមជាសិស្សនៃសេចក្តីសញ្ញា មិនថាកម្រិតសមត្ថភាពរបស់យើងប៉ុនណានោះទេ ទំនាក់ទំនងជាមួយព្រះវរបិតា និងព្រះរាជបុត្រាគឺកើនឡើង អំណររបស់យើងកើនឡើង និងទស្សនវិស័យដ៏នៅអស់កល្បជានិច្ចរបស់យើងក៏ត្រូវបានពង្រីកដែរ ។ បន្ទាប់មក យើងត្រូវបានផ្ដល់ឲ្យនូវអំណាច ហើយអាចទទួលអារម្មណ៍នូវអំណរដែលបានរក្សាទុកសម្រាប់សិស្សនៃសេចក្តីសញ្ញាពិតប្រាកដរបស់ព្រះ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។