បានសង្គ្រោះខាងវិញ្ញាណក្នុងទ្រង់
ការសង្គ្រោះដ៏ពេញលេញមិនចាំបាច់មានន័យថា ជាការស្ដារឡើងវិញខាងរាងកាយ និងសតិអារម្មណ៍ក្នុងជីវិតនេះទេ ។ ការសង្គ្រោះដ៏ពេញលេញកើតឡើងមកពីសេចក្តីជំនឿ និងការប្រែចិត្ត ជឿទៅលើព្រះយេស៊ូវគ្រីស្ទ ។
មនុស្សឃ្លង់ដប់នាក់បានស្រែកទៅកាន់ព្រះអង្គសង្គ្រោះថា « សូមមេត្តាប្រោសយើងខ្ញុំផង » ។ ហើយព្រះយេស៊ូវបានធ្វើការណ៍នោះ ។ ទ្រង់បានប្រាប់ពួកគេឲ្យទៅបង្ហាញខ្លួនឲ្យពួកសង្ឃពិនិត្យមើលចុះ លុះគេកំពុងតែដើរទៅ នោះក៏បានជាស្អាតទាំងអស់គ្នា ។
ហើយម្នាក់ក្នុងចំណោមពួកគេ កាលឃើញថាគាត់បានជាសះស្បើយហើយ ក៏ស្រែកសរសើរព្រះ ។ គាត់បានត្រឡប់ទៅរកព្រះអង្គសង្គ្រោះវិញ លុតជង្គង់ចុះ ហើយបានសម្តែងការដឹងគុណ ។
ហើយព្រះអង្គសង្គ្រោះបានថ្លែងទៅកាន់អ្នកដែលមានអំណរគុណនោះថា « ចូរក្រោកឡើងទៅចុះ សេចក្តីជំនឿអ្នកបានសង្គ្រោះអ្នកហើយ » ។
ព្រះយេស៊ូវគ្រីស្ទបានព្យាបាលមនុស្សឃ្លង់ដប់នាក់ ។ ប៉ុន្តែមនុស្សម្នាក់បានត្រឡប់មករកព្រះអង្គសង្គ្រោះវិញ ហើយបានទទួលការព្យាបាលបន្ថែមទៀត ។ គាត់បានជាសះស្បើយទាំងស្រុង ។
មនុស្សឃ្លង់ប្រាំបួននាក់បានជាសះស្បើយខាងរាងកាយ ។
រីឯម្នាក់ទៀតបានជាសះស្បើយខាងរាងកាយ និង ខាងវិញ្ញាណទាំងស្រុង ។
ជាការពិចារណាពីដំណើររឿងនេះ ខ្ញុំបានងឿងឆ្ងល់ថា តើសេចក្តីថ្លែងនេះពិតឬទេ ។ ប្រសិនបើការព្យាបាល និងការសង្គ្រោះទាំងស្រុងមិនដូចគ្នា តើមនុស្សម្នាក់អាចត្រូវបានព្យាបាលខាងវិញ្ញាណទាំងស្រុងដោយសារទ្រង់ ប៉ុន្តែខាងរូបកាយ និងខាងសតិអារម្មណ៍មិនអាចព្យាបាលទេឬ ?
លោកចៅហ្វាយនៃការព្យាបាល នឹងព្យាបាលរាល់ការរងទុក្ខ—ទាំងខាងរាងកាយ និងខាងសតិអារម្មណ៍ទាំងអស់របស់យើង—ស្របតាមពេលវេលារបស់ទ្រង់ ។ ប៉ុន្តែនៅក្នុងការរង់ចាំដើម្បីបានព្យាបាល តើមនុស្សម្នាក់អាចជាសះស្បើយទាំងស្រុងឬទេ ?
តើការជាសះស្បើយទាំងស្រុងខាងវិញ្ញាណមានន័យដូចម្ដេច ?
យើងជាសះស្បើយទាំងស្រុងនៅក្នុងព្រះយេស៊ូវគ្រីស្ទ នៅពេលយើងអនុវត្តសិទ្ធិជ្រើសរើសរបស់យើងដើម្បីធ្វើតាមទ្រង់ក្នុងសេចក្តីជំនឿ ដោយប្រគល់ដួងចិត្តរបស់យើងថ្វាយទ្រង់ ដើម្បីទ្រង់អាចផ្លាស់ប្តូរដួងចិត្តរបស់យើង ដោយគោរពតាមព្រះបញ្ញត្តិ ហើយចូលទៅក្នុងទំនាក់ទំនងនៃសេចក្ដីសញ្ញាជាមួយនឹងទ្រង់ ដោយការស៊ូទ្រាំ និងសិក្សារៀនសូត្រដោយទន់ភ្លន់ ពីបញ្ហាប្រឈមទាំងឡាយនៃសណ្ឋានជីវិតនៅលើផែនដី រហូតដល់ពេលយើងត្រឡប់ទៅកាន់វត្ថមានរបស់ទ្រង់វិញ ហើយនឹងទទួលបានការព្យាបាលគ្រប់យ៉ាងទាំងស្រុង ។ ខ្ញុំអាចជាសះស្បើយទាំងស្រុងកាលខ្ញុំកំពុងរង់ចាំការព្យាបាល ប្រសិនបើខ្ញុំស្មោះត្រង់ក្នុងទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងទ្រង់ដោយអស់ពីចិត្ត ។
សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទបង្កើតក្តីសង្ឃឹម ខ្ញុំរកឃើញក្តីសង្ឃឹមក្នុងការខិតខំប្រឹងប្រែងឲ្យបានជាសះស្បើយ—ការជាសះស្បើយទាំងស្រុងកើតចេញពីសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ ការមានសេចក្តីជំនឿទៅលើទ្រង់បង្កើនសេចក្តីសង្ឃឹមសម្រាប់ការព្យាបាល ហើយសេចក្តីសង្ឃឹមនោះពង្រឹងសេចក្តីជំនឿរបស់ខ្ញុំទៅលើព្រះយេស៊ូវគ្រីស្ទ ។ វាគឺជាវដ្តដ៏មានអានុភាព ។
ព្រះអម្ចាស់បានប្រាប់អេណុសថា សេចក្តីជំនឿរបស់គាត់បានធ្វើឲ្យគាត់« បានសង្គ្រោះ » ។ សេចក្តីសង្គ្រោះពេញលេញបានកើតមានដល់អេណុស កាលគាត់ពិចារណាពាក្យសម្តីរបស់ឪពុកគាត់ឈ្មោះយ៉ាកុប ដែលជាព្យាការី កាលគាត់មានបំណងប្រាថ្នាចង់បានចំណេះដឹងអំពីឱកាសដើម្បីទទួលបានជីវិតដ៏អស់កល្បជានិច្ច គាត់បានអំពាវនាវទៅកាន់ព្រះដោយការអធិស្ឋាន ។ ហើយនៅក្នុងសណ្ឋាននៃបំណងប្រាថ្នា និងភាពរាបទាបនោះ ព្រះសូរសៀងរបស់ព្រះអម្ចាស់បានប្រកាសប្រាប់គាត់ថា អំពើបាបរបស់គាត់ត្រូវបានអត់ទោសឲ្យហើយ ។ ហើយអេណុសបានសួរព្រះអម្ចាស់ថា « ចុះតើការណ៍នេះបានធ្វើយ៉ាងណាទៅ ? » ហើយព្រះអម្ចាស់មានបន្ទូលតបថា ៖ ពីព្រោះមកពីសេចក្ដីជំនឿដែលអ្នកមានដល់ព្រះគ្រីស្ទ ។ សេចក្ដីជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ » ។
តាមរយៈសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ យើងអាចស្វែងរកសេចក្តីសង្គ្រោះខាងវិញ្ញាណខណៈពេលដែលយើងកំពុងរងចាំ និងសង្ឃឹមថារាងកាយ និងសតិអាម្មណ៍របស់យើងនឹងបានព្យាបាល ។
តាមរយៈគុណធម៌នៃពលិកម្មដ៏ធួនរបស់ទ្រង់ និងនៅពេលយើងប្រែចិត្តដោយស្មោះត្រង់ នោះព្រះអង្គសង្គ្រោះនឹងព្យាបាលយើងពីអំពើបាបរបស់យើងដូចជាទ្រង់បានធ្វើចំពោះអេណុសផងដែរ ។ ដង្វាយធួនដ៏និរន្តរ៍របស់ទ្រង់បានឈោងទៅជួយសេចក្តីឈឺចាប់ និងទុក្ខព្រួយរបស់យើង ។
ប៉ុន្តែទ្រង់ប្រហែលជាមិនអាចផ្តល់ការព្យាបាលពីជំងឺ និងមេរោគ —ការឈឺចាប់រ៉ាំរ៉ៃ ជំងឺប្រព័ន្ធរាងកាយមិនប្រក្រតីដូចជាជំងឺចុះថយប្រព័ន្ធសរសៃប្រសាទ ជំងឺមហារីក ការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងជំងឺផ្សេងៗទៀតទេ ។ ការព្យាបាលបែបនោះគឺស្របទៅតាមពេលវេលារបស់ព្រះអម្ចាស់ ។ ហើយ ក្នុងពេលជាមួយគ្នានេះ យើងអាចជ្រើសរើសទទួលបានសេចក្តីសង្គ្រោះតាមរយៈការអនុវត្តសេចក្តីជំនឿរបស់យើងលើទ្រង់ !
ដើម្បីបានសេចក្តីសង្គ្រោះមានន័យថាត្រូវគោរពតាមទាំងស្រុង និងពេញលេញ ។ ដូចជាដំណើររឿងរបស់ស្រ្តីព្រហ្មចារីមានគំនិតទាំងប្រាំនាក់ ដែលចង្កៀងរបស់ពួកគេមានប្រេងពេញនៅពេលកូនកំលោះមកដល់ នោះយើងអាចបានសង្រ្គោះនៅក្នុងព្រះគ្រីស្ទ កាលយើងចាក់បំពេញចង្កៀងរបស់យើងជាមួយនឹងប្រេងបំប៉ននៃការប្រែចិត្តជឿទៅលើទ្រង់ ។ យើងត្រូវបានរៀបចំសម្រាប់អាហារពេលល្ងាចនៃពិធីរៀបអាពាហ៍ពិពាហ៍ដែលជានិមិត្តរូប សម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់តាមវិធីនេះ ។
នៅក្នុងរឿងប្រៀបប្រដូច ស្រ្តីព្រហ្មចារីទាំងដប់នាក់កំពុងរង់ចាំកូនកំលោះនៅទីតាំងដែលត្រឹមត្រូវ ។ គ្រប់គ្នាបានមកជាមួយនឹងចង្កៀងម្នាក់មួយ ។
ប៉ុន្តែនៅពេលដែលទ្រង់យាងមក នៅពាក់កណ្តាលអធ្រាត្រដោយមិនរំពឹងទុក ស្រ្តីល្ងង់ទាំងប្រាំនាក់មិនមានប្រេងគ្រប់គ្រាន់នៅក្នុងចង្កៀងរបស់ពួកគេទេ ។ ពួកគេមិនត្រូវបានចាត់ទុកថាជាមនុស្សអាក្រក់ទេ ប៉ុន្តែជាមនុស្សល្ងង់វិញ ។ មនុស្សល្ងង់បរាជ័យក្នុងការរៀបចំប្រេងដាក់ចង្កៀងឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យឆេះជាមួយនឹងប្រេងនៃការប្រែចិត្តជឿ ។
ដូច្នេះហើយជាការឆ្លើយតបទៅនឹងការតវ៉ារបស់ពួកគេ ដើម្បីអនុញ្ញាតឲ្យចូលក្នុងពិធីអាហារពេលល្ងាចនៃពិធីរៀបអាពាហ៍ពិពាហ៍ នោះប្ដីថ្មោងថ្មីបានឆ្លើយតបថា « ខ្ញុំមិនស្គាល់នាងទេ » ។
បន្ទាប់មកបញ្ជាក់ថា ស្រ្តីព្រហ្មចារីមានគំនិតទាំងប្រាំនាក់ បាន ស្គាល់ទ្រង់ ។ ពួកគេបានសង្គ្រោះនៅក្នុងទ្រង់ ។
ចង្កៀងរបស់ពួកគេមានប្រេងពេញដ៏មានតម្លៃនៃការប្រែចិត្តជឿ ដែលអនុញ្ញាតឲ្យស្រ្តីព្រហ្មចារីមានគំនិតចូលទៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍នៅខាងស្តាំដៃរបស់ប្ដីថ្មោងថ្មី ។
ដូចដែលបានបញ្ជាក់ដោយព្រះអង្គសង្គ្រោះ « ចូរមានចិត្តស្មោះត្រង់ ដោយអធិស្ឋានជានិច្ច ដោយមានចង្កៀងបង្កាត់ ហើយឆេះ ហើយមានប្រេងនៅជាមួយអ្នកផង ដើម្បីឲ្យអ្នកអាចបានប្រុងប្រៀបជាស្រេច ក្នុងកាលការយាងមកនៃប្ដីថ្មោងថ្មី » ។
Five Wise Virgins [ ស្រ្តីព្រហ្មចារីមានគំនិតទាំងប្រាំនាក់ ]ដោយ ប៊ែន ហាម៉ុន
រូបចម្លាក់ដ៏អស្ចារ្យមួយដែលពិពណ៌នាអំពី ស្ត្រីព្រហ្មចារីមានគំនិតទាំងប្រាំនាក់ ថ្មីៗនេះ ត្រូវបានដាក់នៅទីធ្លាខាងក្រៅមាត់ទ្វារនៃវិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ ជា ច្រកមួយទៅកាន់អគារសមាគមសង្គ្រោះ ហើយនៅជិតព្រះវិហារបរិសុទ្ធ សលត៍ លេក ។
វាស្ថិតនៅក្នុងទីតាំងមួយដ៏សក្តិសមដើម្បីបង្រៀនមេរៀនប្រៀបប្រដូចនេះ ។ ព្រោះនៅពេលដែលយើងចុះ និងរក្សាសេចក្តីសញ្ញា ជាពិសេសចំពោះអ្នកទាំងឡាយដែលមកនៅក្នុងដំណាក់នៃព្រះអម្ចាស់ នោះយើងនឹងបំពេញចង្កៀងរបស់យើងជាមួយនឹងប្រេងនៃការប្រែចិត្តជឿ ។
ខណៈដែលស្ត្រីតំណាងឲ្យស្ត្រីព្រហ្មចារីមានគំនិតទាំងប្រាំនាក់មិនចែករំលែកប្រេងនៃការប្រែចិត្តជឿរបស់ពួកគេ ទន្ទឹមនឹងនោះពួកគេគឺកំពុងចែករំលែកពន្លឺរបស់ពួកគេ នៅពេលដែលពួកគេកាន់ចង្កៀងដែលមានប្រេងពេញ ហើយកំពុងឆេះបំភ្លឺរបស់ពួកគេនោះ ។ សំខាន់ទៀតនោះ ពួកគេត្រូវបានបង្រៀនឲ្យគាំទ្រគ្នាទៅវិញទៅមក—គ្រៀកស្មាគ្នា ស្រាក់ដៃគ្នា មើលចំកែវភ្នែកគ្នា ហើយហៅអ្នកដទៃឲ្យមករកពន្លឺ ។
ពិតណាស់ « [ យើង ] ជាពន្លឺនៃលោកីយ៍ » ។ ព្រះអង្គសង្គ្រោះបានប្រកាស ៖
« យើងឲ្យអ្នករាល់គ្នាធ្វើជាពន្លឺនៃប្រជាជននេះ ។ ទីក្រុងមួយណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ ។
« …តើ[ យើង ]អុជទៀន ហើយដាក់នៅក្រោមថាំងឬ ? ទេប៉ុន្តែដាក់នៅលើជើងទៀនវិញ នោះទើបនឹងឲ្យពន្លឺ[ ដល់ ]អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា ។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខប្រជាជននេះ ដើម្បីឲ្យគេអាចឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតានៃអ្នករាល់គ្នា[ ដែល ]គង់នៅលើស្ថានសួគ៌ » ។
យើងត្រូវបានបង្គាប់ឲ្យចែកចាយពន្លឺរបស់ទ្រង់ ។ ដូច្នេះត្រូវរក្សាចង្កៀងរបស់អ្នកឲ្យមានប្រេងនៃការប្រែចិត្តជឿទៅកាន់ព្រះយេស៊ូវគ្រីស្ទឲ្យពេញ ហើយត្រូវរៀបចំខ្សែប្រឆេះចង្កៀងរបស់អ្នកឲ្យឆេះបំភ្លឺ ។ បន្ទាប់មកទុកឲ្យពន្លឺនោះភ្លឺឡើង ។ នៅពេលយើងចែកចាយពន្លឺរបស់យើង នោះយើងនាំយកការជាសះស្បើយនៃព្រះយេស៊ូវគ្រីស្ទដល់អ្នកដទៃ ការប្រែចិត្តជឿរបស់យើងទៅលើទ្រង់កាន់តែជ្រាលជ្រៅ ហើយយើងអាចបានសង្គ្រោះ ទោះជាយើងកំពុងរង់ចាំការព្យាបាលក្តី ។ ហើយនៅពេលយើងអនុញ្ញាតឲ្យពន្លឺរបស់យើងភ្លឺចែងចាំង នោះយើងក៏អាចមានក្តីអំណរខណៈពេលដែលយើងកំពុងរង់ចាំផងដែរ ។
ឧទាហរណ៍ដែលដកស្រង់ពីព្រះគម្ពីរមានប្រយោជន៍ក្នុងការពង្រឹងគោលការណ៍ ថាយើងអាចទទួលបានការសង្គ្រោះកាលយើងប្រែចិត្តជឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយទាញយកថាមពលពីទ្រង់ សូម្បីតែនៅខណៈពេលដែលយើងកំពុងរង់ចាំការព្យាបាលក្តី ។
សាវកប៉ុលក៏មានទុក្ខលំបាកមួយចំនួនផងដែរ—លោកបានរៀបរាប់ថា « មានបន្លាមួយចាត់មកក្នុងសាច់ឈាម » លោកបានទូលសុំព្រះអម្ចាស់ដកចេញចំនួនបីដង តែព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ប៉ុលថា « គុណរបស់យើងល្មមដល់ឯងហើយ ដ្បិតកម្លាំងយើងបានពេញខ្នាត ដោយសេចក្តីកម្សោយ » ។ ដែលប៉ុលបានប្រកាសថា ៖
ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្តីកម្សោយរបស់ខ្ញុំ … ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ ។
ហេតុនោះបានជាខ្ញុំអរសប្បាយក្នុងកាលដែលមានសេចក្តីកំសោយ …ក្នុងសេចក្តីដែលខ្ញុំត្រូវចង្អៀតចង្អល់ ដោយយល់ដល់ព្រះគ្រីស្ទ ដ្បិតកាលណាខ្ញុំខ្សោយនោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ » ។
ឧទាហរណ៍របស់ប៉ុលបានបង្ហាញថា សូម្បីតែនៅក្នុងភាពទន់ខ្សោយរបស់យើង ក៏យើងមានភាពរឹងមាំក្នុងព្រះគ្រីស្ទ ដែលធ្វើឲ្យយើងបានឥតខ្ចោះ—ដែលជាការសង្គ្រោះដ៏ពេញលេញ ។ អស់អ្នកដែលពុះពារតស៊ូការលំបាកនៃជីវិតរមែងស្លាប់ ហើយងាកទៅរកព្រះដោយសេចក្ដីជំនឿដូចប៉ុល នោះពួកគេអាចទទួលបានពរជ័យដោយការស្គាល់ព្រះ ។
ប៉ុលមិនត្រូវបានព្យាបាលពីការរងទុក្ខរបស់គាត់ទេ ប៉ុន្តែគាត់បានសង្គ្រោះខាងវិញ្ញាណទាំងស្រុងនៅក្នុងព្រះយេស៊ូវគ្រីស្ទ ។ ហើយសូម្បីតែនៅក្នុងគ្រារងទុក្ខលំបាករបស់គាត់ក្តី ក៏ពន្លឺនៃការប្រែចិត្តជឿ និងភាពរឹងមាំរបស់គាត់មកពីព្រះយេស៊ូវគ្រីស្ទត្រូវបានបំភ្លឺ ហើយគាត់បានពេញដោយសេចក្តីអំណរ ។ នៅក្នុងលិខិតរបស់គាត់ទៅកាន់ភីលីព គាត់បានអះអាងថា « ចូរអរសប្បាយក្នុងព្រះអម្ចាស់[ ជា និច្ច ] ខ្ញុំប្រាប់ម្តងទៀតថា ចូរអរសប្បាយឡើង » ។
បងប្អូនប្រុសស្រី ចម្លើយនោះគឺចាស៎ យើងអាចបានសង្គ្រោះខាងវិញ្ញាណ សូម្បីតែក្នុងអំឡុងពេលកំពុងរង់ចាំការព្យាបាលខាងរាងកាយ និងខាងសតិអារម្មណ៍ក្តី ។ ការសង្គ្រោះដ៏ពេញលេញមិនចាំបាច់មានន័យថា ជាការស្ដារឡើងវិញខាងរាងកាយ និងសតិអារម្មណ៍ក្នុងជីវិតនេះទេ ។ ការសង្គ្រោះដ៏ពេញលេញកើតឡើងមកពីសេចក្តីជំនឿ និងការប្រែចិត្តជឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយអនុញ្ញាតឲ្យពន្លឺនៃការប្រែចិត្តជឿនោះបញ្ចេញពន្លឺ ។
« មានមនុស្សជាច្រើនដែលត្រូវបានហៅ ប៉ុន្តែមានមនុស្សតែបន្តិចទេ[ ដែលត្រូវ ]បានរើស » ។
បងប្អូននឹងបានព្យាបាលទាំងខាងរាងកាយ និងខាងសតិអារម្មណ៍នៅក្នុងការរស់ឡើងវិញ ។ ប៉ុន្តែតើបងប្អូននឹងជ្រើសរើស ក្នុងពេលនេះ ដើម្បីត្រូវបានសង្គ្រោះនៅក្នុងទ្រង់ដែរឬទេ ?
ខ្ញុំប្រកាសដោយក្តីអំណរថា ខ្ញុំបានប្រែចិត្តជឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំកំពុងខិតខំដើម្បីបានសង្គ្រោះនៅក្នុងទ្រង់ ។ ខ្ញុំប្រាកដថា ការណ៍គ្រប់យ៉ាងនឹងបានស្តារឡើងវិញ ហើយការព្យាបាលនឹងមកដល់ស្របតាមពេលវេលារបស់ទ្រង់ ព្រោះទ្រង់មានព្រះជន្មរស់ ។
ម៉ារាជាអ្នកស្រុកម៉ាក់ដាឡា គឺជាស្រ្តីម្នាក់ដែលព្រះយេស៊ូវគ្រីស្ទបានព្យាបាល ។ ហើយនាងគឺជាស្ត្រីដែលបានសង្គ្រោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ ។ ក្នុងនាមជាសិស្សរបស់ទ្រង់ នាងបានដើរតាមព្រះអង្គសង្គ្រោះនៅទូទាំងស្រុកកាលីឡេ ហើយបានធ្វើការងារបម្រើដល់ទ្រង់ ។
នាងមានវត្តមានឈរនៅជិតឈើឆ្កាង ជាសាក្សីនៃការសុគតរបស់ទ្រង់ ។
នាងបានទៅផ្នូររបស់ទ្រង់ដើម្បីបញ្ចប់ការរៀបចំការបញ្ចុះព្រះសព ហើយបានរកឃើញថាថ្មដែលគ្របត្រូវរបើកចេញ រីឯព្រះសពរបស់ព្រះអម្ចាស់បានបាត់ហើយ ។ ម៉ារាយំនៅមុខផ្នូរពេលដែលនាងត្រូវបានសួរ ដំបូងគឺដោយទេវតា ហើយបន្ទាប់មកដោយព្រះអង្គសង្គ្រោះផ្ទាល់ « នាងអើយ ហេតុអ្វីបានជាយំ នាងរកអ្នកណា ? »
ម៉ារាឆ្លើយទាំងទឹកភ្នែកថា « ពីព្រោះគេបានយកព្រះអម្ចាស់ខ្ញុំទៅបាត់ ហើយខ្ញុំមិនដឹងជាគេទុកទ្រង់នៅឯណាទេ » ។
ហើយព្រះយេស៊ូវបានហៅឈ្មោះនាងយ៉ាងទន់ភ្លន់ថា « ម៉ារា » ។ ហើយនាងបានស្គាល់ទ្រង់ ហើយឆ្លើយដោយគារវភាព « រ៉ាបូនី …ដែលស្រាយថា លោកគ្រូអើយ » ។
ក្នុងការព្យាករណ៍អំពីព្រះអង្គសង្គ្រោះ អេសាយបានថ្លែងថា « ទ្រង់នឹងបំផ្លាញសេចក្តីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់ » ។
ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់បានធ្វើឲ្យទឹកភ្នែករបស់ម៉ារាត្រូវបានជូតចេញ ។ ប្រាកដណាស់ ទ្រង់នឹងជូតទឹកភ្នែករបស់បងប្អូនទាំងអស់គ្នាដែរ ។
ម៉ារាគឺជាសាក្សីដំបូងអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។ ហើយនាងជាមនុស្សទីមួយ ដែលធ្វើជាសាក្សីដល់អ្នកដទៃអំពីអ្វីដែលនាងបានឃើញ ។
ខ្ញុំសូមបន្ថែមទីបន្ទាល់ដ៏រាបសារបស់ខ្ញុំទៅនឹងទីបន្ទាល់របស់ម៉ារាផងដែរ ។ ថាទ្រង់មានព្រះជន្មរស់ឡើងវិញ ។ ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ។ នៅទីបំផុត បងប្អូនទាំងអស់គ្នានឹងបានព្យាបាលទាំងខាងរាងកាយ និងខាងសតិអារម្មណ៍នៅក្នុងទ្រង់ ។ ហើយនៅក្នុងពេលកំពុងរង់ចាំសម្រាប់ការព្យាបាលនោះ សេចក្តីជំនឿរបស់យើងលើលោកចៅហ្វាយនៃការព្យាបាល នឹងធ្វើឲ្យវិញ្ញាណរបស់យើងបានសង្គ្រោះទាំងស្រុង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។