សិទ្ធិអំណាចដ៏ទេវភាព យុវជនដ៏អស្ចារ្យ
ខ្ញុំមានអំណរជារៀងរហូតតទៅថា អ្នកកាន់បព្វជិតភាពអើរ៉ុនជាមួយនឹងអំណាច ពិធីបរិសុទ្ធ និងកាតព្វកិច្ចទាំងឡាយរបស់បព្វជិតភាពនេះ នឹងផ្ដល់ពរជ័យដល់យើងរាល់គ្នា ។
សូមអរគុណ អែលឌើរ អាន់ឌើរសិន សម្រាប់ការបង្ហាញដ៏អស្ចារ្យនៃអំណាចបព្វជិតភាព និងអំណាចនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
នៅព្រឹកថ្ងៃអាទិត្យមួយក្នុងខែមករានេះ កាលខ្ញុំអង្គុយនៅក្នុងការប្រជុំសាក្រាម៉ង់ មានយុវជនប្រមាណដប់នាក់ជាងដែលត្រូវបានគាំទ្រឲ្យទទួលបព្វជិតភាពអើរ៉ុន ។ ខ្ញុំមានអារម្មណ៍ថា ពិភពលោកយើងកំពុងផ្លាស់ប្ដូរ ។
វាបានធ្វើឲ្យខ្ញុំមានការយល់ឃើញភ្លាមៗថានៅជុំវិញពិភពលោក នៅតាមម៉ោងតំបន់មួយទៅម៉ោងតំបន់មួយ នៅក្នុងការប្រជុំសាក្រាម៉ង់ដូចគ្នានេះ មានពួកឌីកុន ពួកគ្រូ និងពួកសង្ឃរាប់ម៉ឺននាក់—ដូចជា អេស្តុនមិត្តរបស់ប្រធាន ហូឡិន—ត្រូវបានគាំទ្រដើម្បីបានតែងតាំងនៅក្នុងការងារបម្រើនៃបព្វជិតភាពពេញមួយជីវិតនៅគ្រប់ទីកន្លែងទូទាំងសាសនាចក្រ សម្រាប់ការប្រមូលសាសន៏អ៊ីស្រាអែល ។
ជារៀងរាល់ខែមករា មានការដាក់ដៃនៅលើក្បាលរបស់យុវជនប្រមាណ ១០០,០០០ នាក់ ភ្ជាប់ពួកគេតាមរយៈពិធីបរិសុទ្ធទៅនឹងតំណសិទ្ធិអំណាចដ៏ត្រចះត្រចង់ ដែលលាតសន្ធឹងត្រឡប់ទៅក្រោយវិញតាមរយៈជំនាន់នៃការស្ដារឡើងវិញទៅដល់ យ៉ូសែប និង អូលីវើរ ទៅដល់ យ៉ូហាន បាទីស្ទ និងព្រះយេស៊ូវគ្រីស្ទ ។
សាសនាចក្ររបស់យើងពុំមែនជាសាសនាចក្រដែលតែងតែចូលចិត្តបង្ហាញនោះទេ ។ យើងធ្វើកិច្ចការរបស់យើងដោយការបន្ទាបខ្លួន ។
ប៉ុន្តែដោយមើលឃើញអ្នកកាន់បព្វជិតភាពដែលបានតែងតាំងថ្មីដ៏ច្រើនសន្ធឹកនៅជុំវិញផែនដី ខ្ញុំមានការងឿងឆ្ងល់—នៅក្នុងរបៀបនៃ « សាសនាចក្រនៃអំណរ ! » តើគួរស្រែកប្រកាសប្រាប់ឲ្យមនុស្សគ្រប់គ្នាដឹងឬទេ ។ ខ្ញុំគិតថា « ថ្ងៃនេះ គួរតែមានត្រែ និងសំឡេងអបអរកងរំពង និងការបាញ់កាំជ្រួចចម្រុះពណ៌អបអរដល់ការណ៍នេះ ។ គួរតែមានក្បួនដង្ហែរផងដែរ ! »
ដោយដឹងពីភាពពិតនៃអំណាចរបស់ព្រះ យើងបានធ្វើជាសាក្សីចំពោះការបង្អាក់នៃលំនាំដូចនេះក្នុងពិភពលោកនេះដោយអំណាចរបស់ព្រះគ្របដណ្ដប់ពេញលើផែនដីនេះ ។
ការតែងតាំងទាំងនេះរៀបចំយុវជនទាំងនេះឲ្យចូលទៅក្នុងការបម្រើពេញមួយជីវិតពេលដែលពួកគេនឹងឃើញខ្លួនពួកគេស្ថិតនៅក្នុងពេលវេលា និងទីកន្លែងដ៏សំខាន់ ដែលវត្តមាន និងការអធិស្ឋានរបស់ពួកគេ ព្រមទាំងអំណាចនៃបព្វជិតភាពនៃព្រះដែលពួកគេកាន់នឹងមានឥទ្ធិពលយ៉ាងខ្លាំងក្លា ។
ដំណើរការដ៏សំខាន់នេះបានចាប់ផ្ដើមជាមួយនឹងការបម្រើនៃទេវតាដែលព្រះបានបញ្ជូនមក ។ យ៉ូហាន-បាទីស្ទ ដែលបានរស់ឡើងវិញកាលពីបុរាណ បានបង្ហាញខ្លួនដល់ យ៉ូសែប និង អូលីវើរ បានដាក់ដៃរបស់លោកលើក្បាលរបស់ពួកគេ ហើយបានថ្លែងថា « នៅលើអ្នក ជាពួកអ្នកបម្រើដូចរូបខ្ញុំអើយ ដោយនូវព្រះនាមនៃព្រះមែស៊ី ខ្ញុំសូមប្រគល់បព្វជិតភាពអើរ៉ុន ដែលកាន់កូនសោទាំងឡាយ អំពីការបម្រើនៃពួកទេវតា និងអំពីដំណឹងល្អនៃការប្រែចិត្ត និងអំពីបុណ្យជ្រមុជទឹក ដោយការពន្លិចសម្រាប់ការផ្ដាច់បាប »( គោលលទ្ធិ និងសេចក្តីសញ្ញា ១៣:១ ) ។
យ៉ូហានបានហៅសិទ្ធិអំណាចនេះថា « បព្វជិតភាពអើរ៉ុន » តាមឈ្មោះបងប្រុសរបស់ម៉ូសេ និងសង្ឃទាំងឡាយ ។ កាលពីបុរាណ អ្នកកាន់បព្វជិតភាពអើរ៉ុនទាំងឡាយត្រូវបង្រៀន និងជួយក្នុងពិធីបរិសុទ្ធ—ពីធីបរិសុទ្ធទាំងឡាយដែលផ្ដោតភាពជាសិស្សលើព្រះមែស៊ីដែលនឹងយាងមក គឺព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ចោទិយកថា ៣៣:១០ ) ។
គម្ពីរជនគណនា បានចាត់ចែងយ៉ាងច្បាស់ដល់អ្នកកាន់បព្វជិតភាពអើរ៉ុននូវភារកិច្ចគ្រប់គ្រងប្រដាប់ប្រដាទាំងអស់នៃពីធីបរិសុទ្ធ ។ « ត្រូវឲ្យឯងតម្រូវឲ្យអើរ៉ុន និងពួកកូនលោក … រីឯបញ្ញើដែលផ្ញើទុកនឹងគេគឺជា … តុ … និងប្រដាប់ប្រដាទាំងប៉ុន្មានសម្រាប់ទីបរិសុទ្ធដែលគេប្រើធ្វើការងារ » ( ជនគណនា ៣:១០, ៣១ ) ។
ពិធិបរិសុទ្ធនៃការបូជាសត្វនៅក្នុងព្រះគម្ពីរសញ្ញាចាស់ត្រូវបានបំពេញ និងបានជំនួសតាមរយៈព្រះជន្ម និងដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ពិធីបរិសុទ្ធបុរាណនោះត្រូវបានជំនួសដោយពិធីបរិសុទ្ធដែលយើងសព្វថ្ងៃហៅថា សាក្រាម៉ង់នៃលៀងបរិសុទ្ធនៃព្រះអម្ចាស់ ។
ព្រះអម្ចាស់ទុកចិត្ដដល់អ្នកកាន់បព្វជិតភាពអើរ៉ុនសម័យនេះ ឲ្យធ្វើកិច្ចការដូចគ្នាជាច្រើនដែលពួកគេបានធ្វើពីបុរាណ ៖ ដើម្បីបង្រៀន និងចាត់ចែងពិធីបរិសុទ្ធ—ទាំងអស់ដើម្បីរំឭកយើងអំពីដង្វាយធួនរបស់ទ្រង់ ។
នៅពេលពួកឌីកុន ពួកគ្រូ និងពួកសង្ឃជួយបម្រើពិធីសាក្រាម៉ង់ ពួកគេទទួលបានពរជ័យរបស់ពិធីនេះដូចមនុស្សគ្រប់គ្នាផងដែរ ៖ តាមរយៈការរក្សាសេចក្តីសញ្ញាដែលពួកគេធ្វើនៅពេលដែលពួកគេទទួលទាននំបុ័ង និងទឹកជាលក្ខណៈផ្ទាល់ខ្លួន ។ ប៉ុន្តែនៅក្នុងការអនុវត្តកាតព្វកិច្ចដ៏ពិសិដ្ឋទាំងនេះ នោះពួកគេក៏រៀនសូត្របន្ថែមទៀតអំពីតួនាទី និងទំនួលខុសត្រូវនៃបព្វជិតភាពរបស់ពួកគេផងដែរ ។
បព្វជិតភាពអើរ៉ុនត្រូវបានហៅថាជាបព្វជិតភាពដែលរៀបចំខ្លួនគឺមួយផ្នែកដោយសារតែពិធីបរិសុទ្ធរបស់បព្វជិតភាពនេះអនុញ្ញាតឲ្យពួកគេទទួលនូវទំនួលខុសត្រូវ និងអំណរនៃការបំពេញកិច្ចការរបស់ព្រះអម្ចាស់ ដោយការរៀបចំពួកគេសម្រាប់ការបម្រើបព្វជិតភាពនាពេលអនាគត នៅពេលពួកគេអាចត្រូវបានហៅឲ្យបម្រើក្នុងរបៀបដែលមិនអាចទាយទុកជាមុនបាន—រួមទាំងការប្រកាសពរជ័យដ៏បំផុសគំនិតនៅក្នុងគ្រាដែលក្តីសង្ឃឹម និងក្តីសុបិន និងសូម្បីតែជីវិត និងសេចក្តីស្លាប់ ស្ថិតនៅក្នុងស្ថានភាពដែលងាយនឹងប្រែប្រួលយ៉ាងឆាប់រហ័ស ។
ការរំពឹងទុកដ៏ធ្ងន់បែបនេះតម្រូវឲ្យមានការរៀបចំយ៉ាងម៉ត់ចត់ ។
ព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញាពន្យល់ថា ពួកឌីកុន និងពួកគ្រូ « ត្រូវព្រមាន ពន្យល់ ទូន្មាន និងបង្រៀន ហើយអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៥៩ ) ។ បន្ថែមពីលើឱកាសទាំងនេះ ពួកសង្ឃគឺ « ត្រូវផ្សាយ … និងធ្វើបុណ្យជ្រមុជទឹក » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៥០ ) ។
ទាំងអស់នោះស្តាប់ទៅដូចជាច្រើនណាស់ ប៉ុន្តែនៅក្នុងធាតុពិត រឿងទាំងនេះកើតឡើងជាធម្មតា នៅទូទាំងពិភពលោកទៅហើយ ។
ប៊ីស្សពម្នាក់បានបង្រៀនអំពីកាតព្វកិច្ចទាំងនេះដល់គណៈប្រធានកូរ៉ុមឌីកុនថ្មីរបស់គាត់ ។ ដូចនេះគណៈប្រធានវ័យក្មេងនេះបានចាប់ផ្តើមនិយាយអំពីអ្វីដែលពួកគេអាចធ្វើនៅក្នុងកូរ៉ុម និងវួដរបស់ពួកគេ ។ ពួកគេបានសម្រេចចិត្តថា ពួកគេគួរចាប់ផ្ដើមទៅសួរសុខទុក្ខសមាជិកវួដដែលមានវ័យចំណាស់ ដើម្បីមើលឃើញពីអ្វីដែលពួកគេត្រូវការ ហើយបន្ទាប់មកធ្វើកិច្ចការដើម្បីបំពេញតម្រូវការនោះ ។
ក្នុងចំណោមអ្នកដែលពួកគេបម្រើនោះមាន អាឡេន ជាអ្នកជិតខាងដែលគ្រោតគ្រាត ចូលចិត្តប្រមាថមើលងាយ ហើយជួនកាលជាសត្រូវនឹងគេផង ។ ភរិយារបស់អាឡេន គឺវ៉ាន់ដា បានក្លាយជាសមាជិកនៃសាសនាចក្រ ប៉ុន្តែអាឡេនដូចដែលយើងបាននិយាយមក គឺពិបាកណាស់ ។
ទោះយ៉ាងណា ពួកឌីកុននៅតែលេងសើច ហើយទៅធ្វើការបម្រើយ៉ាងសប្បាយដោយមិនអើពើនឹងការប្រមាថរបស់គាត់ឡើយ ខណៈពេលដែលពួកគេចូកព្រិលចេញ ហើយយកសម្រាមទៅចោល ។ វាអាចពិបាកនឹងស្អប់ពួកឌីកុនណាស់ ហើយនៅទីបំផុត អាឡេនបានចាប់ផ្តើមស្រឡាញ់ពួកគេ ។ នៅពេលខ្លះ ពួកគេបានអញ្ជើញគាត់ឲ្យទៅព្រះវិហារ ។
គាត់បានឆ្លើយតប « ខ្ញុំមិនចូលចិត្តព្រះវិហារទេ » ។
ពួកគេបាននិយាយថា « តែបងចូលចិត្តពួកយើង » ។ « ដូច្នេះសូមអញ្ជើញទៅជាមួយនឹងយើង ។ បើបងចង់ គ្រាន់តែទៅការប្រជុំកូរ៉ុមរបស់យើងក៏បាន » ។
ហើយដោយមានការយល់ព្រមពីប៊ីស្សព នោះគាត់បានមក—ហើយគាត់បានបន្តមកការប្រជុំនោះ ។
ពួកឌីកុនបានក្លាយជាពួកគ្រូ ហើយនៅពេលដែលពួកគេបន្តបម្រើគាត់ នោះគាត់បានបង្រៀនពួកគេឲ្យជួសជុលឡាន និងសាងសង់អ្វីផ្សេងៗទៀត ។ នៅពេលពួកគ្រូបានក្លាយជាពួកសង្ឃ នោះអាឡេនបានហៅពួកគេថា « កូនប្រុសទាំងអស់របស់ខ្ញុំ » ។
ឥឡូវនេះ ពួកគេបានរៀបចំខ្លួនយ៉ាងសោ្មះស្ម័គ្រសម្រាប់បេសកកម្ម ហើយបានសួរគាត់ថា តើពួកគេអាចហាត់បង្រៀនមេរៀនបេសកកម្មជាមួយគាត់បានទេ ។ គាត់បានស្បថថា គាត់នឹងមិនស្តាប់ ឬជឿនោះទេ ប៉ុន្ដែពួកគេអាចហាត់បង្រៀននៅផ្ទះរបស់គាត់បាន ។
ហើយក្រោយមក អាឡេនបានធ្លាក់ខ្លួនឈឺ ។ ហើយគាត់បានចាប់ផ្ដើមទន់ចិត្ដ ។
ថ្ងៃមួយនៅក្នុងការប្រជុំកូរ៉ុម គាត់បានស្នើសុំឲ្យពួកគេអធិស្ឋានឲ្យគាត់ឈប់ជក់បារី ហើយពួកគេក៏បានធ្វើវា ។ ប៉ុន្តែពួកគេបានតាមគាត់ទៅផ្ទះ ហើយបានយកថ្នាំជក់ទាំងអស់របស់គាត់បោះចោល ។
ខណៈដែលសុខភាពចុះទ្រុឌទ្រោមរបស់គាត់ បានធ្វើឲ្យអាឡេនចូលសម្រាកនៅមន្ទីរពេទ្យ និងមជ្ឈមណ្ឌលស្តារនីតិសម្បទា « កូនប្រុសទាំងអស់របស់គាត់ » បានបម្រើដល់គាត់ ដោយបង្ហាញនូវអំណាចនៃបព្វជិតភាព និងការស្រឡាញ់ស្មោះត្រង់យ៉ាងស្ងៀមស្ងាត់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៤១ ) ។
អព្ភូតហេតុបាននៅតែបន្ត នៅពេលដែលអាឡេនបានស្នើសុំទទួលពិធីបុណ្យជ្រមុជទឹក—ប៉ុន្តែគាត់បានទទួលមរណភាពមុនពេលគាត់អាចទទួលបាន ។ តាមសំណូមពររបស់គាត់ ពួកឌីកុនដែលបានក្លាយជាពួកសង្ឃរបស់គាត់ គឺជាអ្នកសែងមឈូសនិងជាអ្នកនិយាយនៅក្នុងពិធីបុណ្យសពរបស់គាត់ ដែលពួកគេបានព្រមាន ពន្យល់ ទូន្មាន និងបង្រៀន—ដោយសមស្រប— ហើយអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ ។
ហើយក្រោយមក នៅក្នុងព្រះវិហារបរិសុទ្ធគឺ « កូនប្រុសម្នាក់នៃ កូនប្រុសទាំងអស់របស់អាឡេន » បានជ្រមុជទឹកឲ្យអតីតប្រធានកូរ៉ុមឌីកុន ជាបុណ្យជ្រមុជទឹកជំនួសឲ្យអាឡេន ។
អ្វីៗគ្រប់យ៉ាងដែល យ៉ូហាន-បាទីស្ទ បាននិយាយថាឲ្យធ្វើ នោះពួកគេបានធ្វើទាំងអស់ ។ ពួកគេបានធ្វើអ្វីដែលពួកឌីកុន ពួកគ្រូ និងពួកសង្ឃធ្វើនៅទូទាំងសាសនាចក្រ និងនៅជុំវិញពិភពលោកនេះ ។
រឿងមួយដែលអ្នកកាន់បព្វជិតភាពអើរ៉ុនត្រូវបានចាត់តាំងឲ្យធ្វើគឺពាក់ព័ន្ធនឹងពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ ។
កាលពីឆ្នាំមុន ខ្ញុំបានជួបប៊ីស្សពដ៏បំផុសគំនិតម្នាក់ ព្រមជាមួយនិងភរិយាដ៏អស្ចារ្យរបស់លោក ។ នៅព្រឹកថ្ងៃអាទិត្យមួយថ្មីៗនេះ កាលកំពុងបើកបរទៅកាន់ពិធីបុណ្យជ្រមុជទឹករបស់កូនប្រុសពួកគេ ពួកគេបានបាត់បង់ ថេស កូនស្រីជាទីស្រឡាញ់អាយុពីរឆ្នាំរបស់ពួកគេភ្លាមៗ ។
នៅព្រឹកថ្ងៃបន្ទាប់ សមាជិកវួដរបស់ពួកគេបានប្រមូលផ្តុំគ្នាសម្រាប់ការប្រជុំសាក្រាម៉ង់ប្រកបទៅដោយសេចក្តីអាណិតអាសូរ និងចូលរួមរំលែកទុក្ខចំពោះមរណភាពក្មេងស្រីតូចដ៏ល្អឥតខ្ចោះនេះ ។ គ្មាននរណាម្នាក់រំពឹងថាគ្រួសាររបស់ប៊ីស្សពនឹងទៅព្រះវិហារទេនៅព្រឹកនោះ ប៉ុន្តែពីរបីនាទីមុនការប្រជុំបានចាប់ផ្តើម ពួកគេបានដើរចូលព្រះវិហារ ហើយទៅរកកន្លែងអង្គុយដោយស្ងៀមស្ងាត់ ។
ប៊ីស្សពបានដើរទៅកាន់វេទិកា រួចដើរហួសកៅអីដែលគាត់ធ្លាប់អង្គុយជាមួយទីប្រឹក្សារបស់គាត់ ហើយបានអង្គុយចុះជាមួយពួកសង្ឃរបស់គាត់នៅឯតុសាក្រាម៉ង់ជំនួសវិញ ។
អំឡុងពេលយប់ដ៏ឈឺចាប់ និងតានតឹងក្នុងគ្រាស្វែងរកការយល់ដឹង និងភាពសុខសាន្ត លោកបានទទួលការបំផុសគំនិតយ៉ាងខ្លាំងអំពីអ្វីដែលគ្រួសាររបស់លោកត្រូវការ—និងអ្វីដែលវួដរបស់លោកត្រូវការបំផុត នោះគឺការស្តាប់ឭសម្លេងប៊ីស្សពរបស់ពួកគេ ប្រធានបព្វជិតភាពអើរ៉ុន ឪពុកដែលកំពុងកាន់ទុក្ខ ប្រកាសអំពីការសន្យានៃសេចក្ដីសញ្ញាពិធីសាក្រាម៉ង់ ។
ដូច្នេះលុះដល់ពេលកំណត់ លោកបានលុតជង្គង់ជាមួយពួកសង្ឃទាំងនោះ ហើយបានថ្លែងទៅកាន់ព្រះវរបិតារបស់លោក ។ ជាមួយនឹងភាពសោកសៅជាខ្លាំង លោកបានពោលពាក្យដ៏មានឥទ្ធិពលបំផុតមួយចំនួនដែលគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យនិយាយឮៗក្នុងជីវិតនេះពីមុនមកទេ ។
ពាក្យពេចន៍នៃលទ្ធផលដ៏អស់កល្បជានិច្ច ។
ពាក្យពេចន៍នៃពិធីបរិសុទ្ធ ។
ពាក្យពេចន៍នៃសេចក្ដីសញ្ញា ។
គឺការណែនាំដែលភ្ជាប់យើងទៅនឹងគោលបំណងនៃជីវិតនេះ—ហើយទៅនឹងលទ្ធផលដ៏អស្ចារ្យបំផុតនៃផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់យើង ។
តើបងប្អូនអាចស្រមៃបានទេថា ពាក្យអ្វីដែលពួកក្រុមជំនុំបានឮនៅក្នុងបន្ទប់ថ្វាយបង្គំនៅថ្ងៃនោះ—អារម្មណ៍ដែលពួកគេបានទទួលនៅក្នុងពាក្យពេចន៍ដែលយើងបានឮជារៀងរាល់ថ្ងៃអាទិត្យនៅក្នុងបន្ទប់ថ្វាយបង្គំរបស់យើងនោះ ?
« ឱព្រះអង្គ ជាព្រះវរបិតាដ៏អស់កល្បជានិច្ចអើយ យើងខ្ញុំសូមដល់ព្រះអង្គ ដោយនូវព្រះនាមនៃព្រះរាជបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ សូមប្រទានពរ ហើយញែកនំប៉័ងនេះ ចេញជាបរិសុទ្ធដល់ព្រលឹងនៃជនទាំងអស់ណា ដែលទទួលទាននំប៉័ងនេះ ប្រយោជន៍ឲ្យពួកគេអាចទទួលទាន ដោយនូវការចងចាំដល់ព្រះកាយនៃព្រះរាជបុត្រារបស់ព្រះអង្គ ហើយធ្វើបន្ទាល់ដល់ព្រះអង្គ ឱព្រះអង្គ ជាព្រះវរបិតាដ៏អស់កល្បជានិច្ចអើយ ថាពួកគេនឹងព្រមលើកដាក់មកលើខ្លួនគេនូវព្រះនាមនៃព្រះរាជបុត្រារបស់ព្រះអង្គ ហើយចងចាំទ្រង់ជានិច្ច ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ដែលទ្រង់បានប្រទានដល់ពួកគេ ប្រយោជន៍ឲ្យពួកគេអាចបានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយនឹងពួកគេជាដរាប ។ អាម៉ែន » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៧ ) ។
« ឱព្រះអង្គ ជាព្រះវរបិតាដ៏អស់កល្បជានិច្ចអើយ យើងខ្ញុំសូមដល់ព្រះអង្គ ដោយនូវព្រះនាមនៃព្រះរាជបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ សូមប្រទានពរ ហើយញែក [ ទឹក ] នេះចេញជាបរិសុទ្ធដល់ព្រលឹងនៃជនទាំងអស់ណា ដែលទទួលទានទឹកនេះ ប្រយោជន៍ឲ្យពួកគេអាចធ្វើយ៉ាងនោះ ដោយនូវការចងចាំដល់ព្រះលោហិត នៃព្រះរាជបុត្រារបស់ព្រះអង្គ ដែលបានច្រួចជំនួសពួកគេ ប្រយោជន៍ឲ្យពួកគេអាចធ្វើបន្ទាល់ដល់ព្រះអង្គ ឱព្រះអង្គ ជាព្រះវរបិតាដ៏អស់កល្បជានិច្ចអើយថា ពួកគេនឹងចងចាំទ្រង់ជានិច្ច ប្រយោជន៍ឲ្យពួកគេអាចបានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយនឹងពួកគេ ។ អាម៉ែន » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៩ ) ។
ឪពុក និងម្តាយដ៏ល្អនេះធ្វើទីបន្ទាល់ថា ការសន្យានោះត្រូវបានបំពេញហើយ ។ ការពិតទៅ ពួកគេទទួលហើយ ពោលគឺបានទទួលនូវការលួងលោមដ៏អស់កល្បរបស់ពួកគេ « បានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយនឹងពួកគេជាដរាប » ។
ខ្ញុំមានអំណរគុណជារៀងរហូតថា អ្នកកាន់បព្វជិតភាពអើរ៉ុន ជាមួយនឹងអំណាច ពិធីបរិសុទ្ធ និងកាតព្វកិច្ចរបស់វា ប្រទានពរដល់យើងទាំងអស់គ្នាតាមរយៈកូនសោនៃ « ការបម្រើនៃពួកទេវតា និងអំពីដំណឹងល្អនៃការប្រែចិត្ត និងអំពីបុណ្យជ្រមុជទឹក ដោយការពន្លិចសម្រាប់ការផ្ដាច់បាប » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣:១ ) ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕