សន្និសីទទូទៅ
ការប្រែចិត្ត​របស់​បងប្អូន​មិនមែន​ជា​បន្ទុក​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ទេ វា​ធ្វើ​ឲ្យ​ទ្រង់​រីករាយ
សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ២០២៥


11:44

ការប្រែចិត្ត​របស់​បងប្អូន​មិនមែន​ជា​បន្ទុក​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ទេ វា​ធ្វើ​ឲ្យ​ទ្រង់​រីករាយ

ការអញ្ជើញ​ឲ្យ​ប្រែចិត្ត​គឺជា​ការបង្ហាញ​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ ។ ការនិយាយ​ថា បាទ ឬ​ចាស ចំពោះ​ការអញ្ជើញ​នោះ​គឺជា​ការបង្ហាញ​របស់​យើង ។

ប៉ុន្មាន​ឆ្នាំ​មុន ពេល​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ផ្លរីដា ខ្ញុំ​បានអង្គុយ​នៅ​ខាងក្រៅ​អាន​សៀវភៅ​មួយ ។ ចំណងជើង​សៀវភៅ​នេះ​ផ្ដល់​ជា​គំនិត​ថា ទោះបី​ជា​យើង​មិន​ល្អ​ឥតខ្ចោះ​ក៏ដោយ យើង​នឹង​នៅតែ​អាច​ទៅ​ស្ថានសួគ៌​បានដែរ ។ ស្ត្រី​ម្នាក់​ដែល​ដើរ​កាត់​នោះ​សួរ​ថា « តើ​បង​គិត​ថា​វា​អាច​ទៅ​រួច​ទេ ? »

ខ្ញុំ​ងើយ​មុខ​ឡើង ដោយ​ងឿងឆ្ងល់ ហើយ​បន្ទាប់មក​ទើប​ដឹង​ថា គាត់​កំពុង​និយាយ​អំពី​សៀវភៅ​ដែល​ខ្ញុំ​កំពុង​អាន ។ ខ្ញុំ​បាននិយាយ​អ្វី​មួយ​ដែល​គួរ​ឲ្យ​អស់​សំណើច​ថា « តាមពិត ខ្ញុំ​ទើប​តែ​អាន​វា​មិនទាន់​បាន​ច្រើន​ទេ តែ​ខ្ញុំ​នឹងប្រាប់​ប្អូន​អំពី​ចុង​បញ្ចប់​ក្នុង​សៀវភៅ​នេះ » ។

ឱ ខ្ញុំ​ប្រាថ្នា​ថា ខ្ញុំ​អាច​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ពេលវេលា​នោះ​វិញ ! នោះ​ខ្ញុំ​នឹង​ប្រាប់​នាង « ចាស វា​អាច​ទៅ​រួច ! ព្រោះ​ស្ថានសួគ៌​មិន​មែន​សម្រាប់​តែ​មនុស្ស​ដែល​ឥតខ្ចោះ​នោះ​ទេ វា​សម្រាប់​អ្នក​ដែល​បាន​ទទួល​ការអភ័យទោស អ្នក​ដែល​ជ្រើសរើស​ព្រះគ្រីស្ទ​ម្តងហើយ​ម្តងទៀត » ។

ថ្ងៃ​នេះ ខ្ញុំ​ចង់​និយាយ​ទៅកាន់​បងប្អូន​ដែល​ពេលខ្លះ​មាន​អារម្មណ៍​ថា « ការប្រែចិត្ត និង​ការអភ័យទោស​ហាក់​ដូចជា​អាច​ធ្វើ​បាន​តែ​ចំពោះ​មនុស្ស​គ្រប់គ្នា តែ​មិន​ចំពោះ​ខ្ញុំ​នោះ​ទេ » ។ ចំពោះ​អស់​អ្នក​ដែល​ងឿងឆ្ងល់​រឿង​នេះ​ដោយ​ស្ងាត់ៗ​ថា « ដោយសារ​ខ្ញុំ​បានធ្វើ​កំហុស​ដដែលៗ ប្រហែល​ខ្ញុំ​នឹង​បន្ដ​នៅ​អ៊ីចឹង​ហើយ » ។ ចំពោះ​អស់​អ្នក​ដែល​ដូចជា​ខ្ញុំ ដែល​នៅថ្ងៃ​ខ្លះ​ការរក្សា​សេចក្តីសញ្ញា​ពិបាក​ដូចជា​ការឡើងភ្នំ​ដែល​ចោត​ដូច្នោះ​ដែរ !

អ្នក​ផ្សព្វផ្សាយសាសនា​ដ៏​ល្អ​ម្នាក់​នៅ​ប្រទេស​អូស្ដ្រាលី ដែល​មាន​ឈ្មោះ​ថា អែលឌើរ ហ្គេងហ្គា មកពី​ហ្វីជី បានចែកចាយ​អារម្មណ៍​ស្រដៀង​គ្នា​នេះ​នៅក្នុង​កម្មវិធី​ថ្លែងទីបន្ទាល់​ពេល​បញ្ចប់​បេសកកម្ម ៖ « ខ្ញុំ​ដឹង​ថា ព្រះ​ស្រឡាញ់​ខ្ញុំ ប៉ុន្តែ​ពេលខ្លះ​ខ្ញុំ​ងឿងឆ្ងល់​ថា ‹ តើ​ព្រះ​ជ្រាបដឹង​ថា ខ្ញុំ​ស្រឡាញ់​ទ្រង់​ដែរ​ឬ​ទេ ? › ព្រោះ​ខ្ញុំ​មិន​ឥតខ្ចោះ​ទេ ហើយ​ខ្ញុំ​នៅតែ​ធ្វើ​កំហុស » ។

នៅក្នុង​សំណួរ​ដែល​បង្ហាញ​ពី​អារម្មណ៍​ពិត​នោះ អែលឌើរ ហ្គេងហ្គា បាន​សង្ខេប​ដូច​នឹង​អ្វី​ដែល​ខ្ញុំ​មាន​ការព្រួយ​បារម្ភ​ជា​ញឹកញាប់​បេះបិត ។ ប្រហែលជា​បងប្អូន​ក៏​កំពុង​ងឿង​ឆ្ងល់​ផងដែរ ដោយ​គិត​ថា « ខ្ញុំ​កំពុង​ព្យាយាម​យ៉ាង​ខ្លាំង ប៉ុន្តែ​តើ​ព្រះ​ជ្រាបដឹង​ថា ខ្ញុំ​ពិត​ជា​ព្យាយាម​ដែរឬ​ទេ ? នៅពេល​ខ្ញុំ​បន្ត​មាន​ចន្លោះ​ខ្វះខាត តើ​ព្រះ​ជ្រាបដឹង​ថា ខ្ញុំ​នៅតែ​ស្រឡាញ់​ទ្រង់​ទេ ? »

វា​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សប្បាយចិត្ត​ដែល​និយាយ​បែប​នេះ តែ​ខ្ញុំ​ធ្លាប់​វាស់វែង​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះអង្គ​សង្រ្គោះ តាមរយៈ​ថាតើ​ខ្ញុំ​រស់នៅ​បាន​ឥតខ្ចោះ​ប៉ុនណា​នោះ ។ ខ្ញុំ​គិត​ថា​ជីវិត​ដែល​គោរពប្រតិបត្តិ មាន័យថា ខ្ញុំ​នឹង​មិន​ចាំបាច់​ធ្វើ​ការប្រែចិត្ត​ទេ ។ ហើយ​នៅពេល​ដែល​ខ្ញុំ​បាន​ធ្វើ​កំហុស​ជា​រៀង​រាល់ថ្ងៃ ខ្ញុំ​បាន​ដក​គម្លាត​ពី​ព្រះ ដោយ​គិត​ថា « ទ្រង់​ច្បាស់​ជា​ខកព្រះទ័យ​ជាខ្លាំង​ចំពោះ​ខ្ញុំ » ។

នោះ​មិនមែន​ជា​ការពិត​នោះ​ទេ ។

ខ្ញុំ​បាន​រៀន​ថា ប្រសិនបើ​បងប្អូន​រង់ចាំ​រហូត​ដល់​បងប្អូន​ស្អាតស្អំ​គ្រប់គ្រាន់ ឬ​ឥតខ្ចោះ​គ្រប់គ្រាន់​ដើម្បី​ទៅរក​ព្រះអង្គ​សង្គ្រោះ នោះ​បងប្អូន​បាន​ភាន់ច្រឡំ​អំពី​ការផ្ដោត​ជា​ចម្បង​ហើយ !

ចុះ​បើ​យើង​គិត​អំពី​បទបញ្ញត្តិ និង​ការគោរព​ប្រតិបត្តិ​តាម​របៀប​ផ្សេង​វិញ ?

ខ្ញុំ​សូម​ថ្លែង​ថា ខណៈ​ដែល​ព្រះ​ខ្វល់​ព្រះទ័យ​អំពី​កំហុស​របស់​យើង នោះ​ទ្រង់​កាន់តែ​ខ្វល់​ព្រះទ័យ​ថែម​ទៀត​អំពី​អ្វី​ដែល​កើតឡើង បន្ទាប់ពី យើង​បាន​ធ្វើ​កំហុស ។ តើ​យើង​នឹង​បែរទៅ​រក​ទ្រង់​ម្តងហើយ​ម្តងទៀត​ដែរ​ឬ​ទេ ? តើ​យើង​នឹង​បន្ត​នៅក្នុង​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​នេះ​ដែរ​ឬ​ទេ ?

ប្រហែល​ជា​បងប្អូន​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ « បើ​[ អ្នក ]​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ » ហើយ​មាន​អារម្មណ៍​អាប់ឱន ដោយសារ​បងប្អូន​មិន​បាន​កាន់​តាម​បទបញ្ញត្តិ​ទាំងអស់ ។ សូម​ឲ្យ​ខ្ញុំ​រំឭក​បងប្អូន​ថា ការប្រែចិត្ត​ក៏​ជា​បទបញ្ញត្តិ​របស់​ព្រះ​ផងដែរ ! តាមពិត ការប្រែចិត្ត​ប្រហែលជា​បទបញ្ញត្តិ​ដែល​និយាយ​ម្តងហើយ​ម្តងទៀត​ច្រើនជាង​គេ​នៅក្នុង​ព្រះគម្ពីរ ។

នៅក្នុង​សម្តី​របស់​អាលម៉ា « ឱ បើ​សិន​ជា​ខ្ញុំ​បាន​ទៅ​ជា​ទេវតា​មួយ ហើយ​អាច​បំពេញ​បំណង​ចិត្ត​[ របស់ខ្ញុំ ] … ហើយ​ស្រែកហៅ​ឲ្យ​មាន​ការប្រែ​ចិត្ត​ដល់​មនុស្ស​គ្រប់​រូប » លោក​មិន​បាន​ព្យាយាម​ធ្វើ​ឲ្យ​យើង​ខ្មាសអៀន ដោយ​ការលើក​ឡើង​ពី​កំហុស​របស់​យើង​ឡើយ ។ លោក​ចង់​អំពាវនាវ​ឲ្យ​មាន​ការប្រែចិត្ត ដើម្បី​បងប្អូន និង​រូប​ខ្ញុំ​អាច​ចៀសវាង​ពី​ការរងទុក្ខ​នៃ​ពិភពលោក​នេះ ។ ហេតុផល​មួយ​ដែល​អាលម៉ា​ស្អប់​អំពើបាប គឺ​ដោយសារ​វា​បណ្ដាល​ឲ្យ​យើង​ឈឺចាប់ ។

ពេលខ្លះ​ខ្ញុំ​ត្រូវតែ​ចងចាំ ដូចជា​កំណត់ចំណាំ​សរសេរ​បិតលើ​ថ្ងាស​ដើម្បី​រំឭកចាំ ថា​បទបញ្ញត្តិ​គឺជា​ផ្លូវ​នាំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ការឈឺចាប់ ។ ហើយ​ការប្រែចិត្ត​ក៏​ដូច្នោះ​ដែរ ។ ព្យាការី​របស់​យើង​បាន​មាន​ប្រសាសន៍​ថា « ព្រះអង្គសង្គ្រោះ​ស្រឡាញ់​យើង​ជានិច្ច ប៉ុន្ដែ ជា​ពិសេស នៅពេល​យើង​ប្រែចិត្ត » ។

ដូច្នេះ​នៅពេល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ » ចុះ​បើ​បងប្អូន​ស្រមៃ​ថា ទ្រង់​មាន​ព្រះបន្ទូល​ថា « យើង​ស្រឡាញ់​អ្នក​វិញ​នោះ ។ យើង​ស្រឡាញ់​អ្នក » ។ សូម​ស្រមៃ​ថា ទ្រង់​កំពុង​អង្វរ​បងប្អូន​ឲ្យ​បោះបង់​ចោល​នូវ​ឥរិយាបថ​ដែល​បណ្ដាល​ឲ្យ​បងប្អូន​ឈឺចាប់ ដោយ​ការអញ្ជើញ​បងប្អូន​ឲ្យ​ចាកចេញ​ពី​សេចក្តីងងឹត ហើយ​ងាក​ទៅ​រក​ពន្លឺ​របស់​ទ្រង់ ។

នៅក្នុង​វួដ​របស់​កូនស្រី​ខ្ញុំ ខាលី សង្ឃ​ថ្មី​ម្នាក់​បាន​លុត​ជង្គង់ចុះ​ដើម្បី​ប្រសិទ្ធពរ​សាក្រាម៉ង់ ហើយ​ជំនួស​ឲ្យ​ការនិយាយ​ថា « ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​ធ្វើ​យ៉ាង​នោះ ដោយ​នូវ​ការ​ចងចាំ​ដល់​ព្រះ​លោហិត នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ »​ គាត់​បាន​និយាយ​ដោយ​អចេតនា​ថា « ប្រយោជន៍​ឲ្យ​ពួកគេ​អាច​ធ្វើ​យ៉ាង​នេះ ដោយ​ការចងចាំ​ដល់ សេចក្តីស្រឡាញ់ នៃ​ព្រះរាជបុត្រា​របស់​ព្រះអង្គ » ។ ខាលី​មាន​ទឹកភ្នែក​រលីងរលោង នៅពេល​ដែល​សេចក្តីពិត​ទាំងនោះ​បាន​ត្រដាង​ឡើង ។

ព្រះអង្គសង្រ្គោះ​របស់​យើង​បាន​ស្ម័គ្រ​ព្រះទ័យ​ដើម្បី​ទទួល​រង​នូវ​ការឈឺចាប់​នៃ​ដង្វាយធួន​របស់​ទ្រង់ ដោយសារ​ទ្រង់​ស្រឡាញ់​បងប្អូន ។ ការពិតទៅ បងប្អូន​គឺជា « សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ » ខណៈ​ដែល​ទ្រង់​បានរង​ការឈឺចាប់ ។

ការអញ្ជើញ​ឲ្យ​ប្រែចិត្ត​គឺជា​ការបង្ហាញ​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ ។

ការនិយាយ​ថា បាទ ឬ​ចាស ចំពោះ​ការអញ្ជើញ​នោះ​គឺជា​ការបង្ហាញ​របស់​យើង ។

សូម​ស្រមៃ​ពី​រូបភាព​ព្រះគ្រីស្ទ​ដែល​បងប្អូន​ចូលចិត្ត ។ ឥឡូវ​ស្រមៃ​ថា ទ្រង់​កំពុង​ញញឹម​យ៉ាង​ភ្លឺថ្លា​ដោយ​អំណរ​រាល់​ពេល​បងប្អូន​ប្រើប្រាស់​អំណោយទាន​របស់​ទ្រង់ ដោយសារ​ទ្រង់​គឺជា « ការភ្លឺថ្លា​នៃ​សេចក្ដីសង្ឃឹម​ដ៏​ឥតខ្ចោះ » ។

ចាស ការប្រែចិត្ត​របស់​បងប្អូន​មិន​មែន​ជា បន្ទុក របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ទេ វា​ធ្វើឲ្យ ទ្រង់ រីករាយ ។

សូម​ឲ្យ​យើង​បាន​បង្រៀន​ការណ៍​នោះ !

ដោយសារ​ការប្រែចិត្ត​គឺជា​ដំណឹង​ដ៏​ល្អ​របស់​យើង !

យើង​មិន​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ដោយ​ការ​មិន​ដែល​ធ្វើ​កំហុស​នោះ​ទេ ។ យើង​នៅ​លើ​ផ្លូវ​នេះ ដោយ​ការប្រែចិត្ត​ជា​រៀងរាល់​ថ្ងៃ ។

ហើយ​នៅពេល​យើង​ប្រែចិត្ត ព្រះ​អភ័យទោស​ឲ្យ​យើង​ដោយ​មិន​ធ្វើ​ឲ្យ​យើង​ខ្មាសអៀន ដោយ​មិន​ប្រៀបធៀប​យើង​ទៅ​នរណា​ផ្សេង​ទៀត​ឡើយ ឬ​ស្តីបន្ទោស​យើង​ដោយសារ​តែ​កំហុស​នេះ​គឺ​ជា​កំហុស​ដែល​យើង​បានប្រែចិត្ត​កាលពី​សប្តាហ៍​មុន​នោះ​ដែរ ។

ទ្រង់​រំភើប​រាល់​ពេល​ទ្រង់​ទតឃើញ​យើង​លុតជង្គង់​ចុះ ។ ទ្រង់​រីករាយ​ដើម្បី​អភ័យទោស​ឲ្យ​យើង ដោយសារ​យើង​ផ្ដល់​ភាពរីករាយ​ដល់​ទ្រង់ !

តើ​បងប្អូន​មិន​គិត​ថា នោះ​ជា​ការពិត​ទេ​ឬ​អី ?

អ៊ីចឹង ហេតុអ្វី​បាន​ជា​វា​ពិបាក​ឲ្យ​យើង​ជឿ ? !

សាតាំង​គឺជា​មេ​ចោទប្រកាន់ និង​ជា​មេបោកបញ្ឆោត​ដ៏​ពូកែ ប្រើប្រាស់​ភាពអាម៉ាស់​ដើម្បី​ឲ្យ​យើង​នៅ​ឆ្ងាយ​ពី​ព្រះ ។ ភាពអាម៉ាស់​គឺជា​ភាពខ្មៅងងឹត ដ៏​ធ្ងន់ វា​ធ្វើឲ្យ​មាន​អារម្មណ៍​ថា ប្រសិនបើ​បងប្អូន​យក​វា​ចេញ​ពី​រាងកាយ​បងប្អូន នោះ​នឹង​ឃើញ​ទម្ងន់​វា​ពិតប្រាកដ ។

ភាពអាម៉ាស់​គឺជា​សំឡេង​ដែល​ធ្វើ​ឲ្យ​បងប្អូន​មាន​អារម្មណ៍​មិន​ល្អ ដោយ​និយាយ​ថា « តើ​អ្នក​កំពុង​គិត​អ្វី​នៅពេល​នោះ ? » « តើ​អ្នក​ធ្លាប់​ធ្វើ​អ្វី​ដែល​ត្រូវ​ដែរ​ឬ​ទេ ? »

ភាពអាម៉ាស់​មិន​ប្រាប់​យើង​ថា​យើង ធ្វើ កំហុស​នោះ​ទេ វា​ប្រាប់​យើង​ថា​យើង គឺជា កំហុស​របស់​យើង ។ បងប្អូន​ថែម​ទាំង​ប្រហែល​ជា​ឮ​ថា « ពួន » ។ មារសត្រូវ​ខិតខំ​គ្រប់​បែប​យ៉ាង​ក្នុង​អំណាច​របស់​វា ដើម្បី​ទុក​ទម្ងន់​នោះ​នៅ​ខាងក្នុង​ចិត្ត ដោយ​ប្រាប់​យើង​ថា វា​មាន​តម្លៃ​ថ្លៃ​ពេក​ហើយ ថា​វា​ស្រួលជាង​បើ​ទុក​ភាពខ្មៅងងឹត​នោះ​នៅក្នុង​ចិត្ត ដោយ​ដក​ចេញ​អស់​នូវ​ក្តីសង្ឃឹម ។

សាតាំង​គឺជា​ចោរ​នៃ​សេចក្តីសង្ឃឹម ។

ហើយ​បងប្អូន​ត្រូវតែ​ស្ដាប់​ការណ៍​នេះ ដូច្នេះ​ខ្ញុំ​នឹង​និយាយ​ពាក្យ​ទាំងនេះ​ឲ្យ​ឮៗ​ថា ៖ បងប្អូន​មិន​ដូចជា​អ្វី​ដែល​បងប្អូន​គិត​អំពី​ខ្លួន​ឯង ឬ​កំហុស​ដែល​បងប្អូន​ធ្វើ​នោះ​ទេ ។ បងប្អូន​ក៏​ប្រហែល​ជា​ត្រូវ​និយាយ​បែប​នេះ​ឲ្យ​ឮៗ​ដែរ ។ ប្រាប់​សាតាំង​ថា « យើង​មិន​ទទួល​យក​គំនិត​នេះ​ទេ » ។ ដាក់​វា​នៅ​ពីក្រោយ​បងប្អូន ។

សូម​ខិត​ទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្រ្គោះ ដោយ​ទុក្ខព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ ដែល​នាំ​ឲ្យ​បងប្អូន​ងាក ទៅរក ព្រះអង្គ​សង្រ្គោះ​របស់​បងប្អូន ហើយ​សូម​មើល​ព្រះគុណ​របស់​ទ្រង់​ចូល​មក​ក្នុង​ជីវិត​របស់​បងប្អូន និង​ជីវិត​នៃ​អ្នក​ដែល​បងប្អូន​ស្រឡាញ់ ។ ខ្ញុំ​សូម​សន្យា​ថា នៅ​នាទី​ដែល​យើង​នាំ​មក​នូវ​ចិត្តសង្រេង​មកកាន់​ទ្រង់​ដោយ​ក្លាហាន ទ្រង់​គឺ​គង់​នៅទីនោះ​ភ្លាមៗ ។

បើ​បងប្អូន​ឃើញ​នរណា​ម្នាក់​លង់ទឹក តើ​បងប្អូន​មិន​លូក​ដៃ​បងប្អូន​ឈោង​ទៅ​ជួយ និង​សង្រ្គោះ​ពួកគេ​ទេ​ឬ​អី ? តើ​បងប្អូន​អាច​ស្រមៃ​ចេញ​ទេ​ថា ព្រះអង្គសង្រ្គោះ​របស់​បងប្អូន​នឹង​បដិសេធ​ដៃ​របស់​បងប្អូន​ដែល​លូកទៅ​រក​ជំនួយ​នោះ​ដែរ​ឬ​ទេ ? ខ្ញុំ​ស្រមៃឃើញ​ទ្រង់​ជ្រមុជ​ចូល​ក្នុង​ទឹក យាង​ចុះ​ក្រោម​គ្រប់​ទាំងអស់ ដើម្បី​លើក​យើង​ឡើង ដើម្បី​យើង​អាច​ដក​ដង្ហើម​ដ៏​បរិសុទ្ធ ! គ្មាន​នរណា​ម្នាក់​​អាច​លិច​ទៅ​ជ្រៅ​ជាង​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ដែល​ចែងចាំង​មក​ឡើយ ។

ព្រះអង្គសង្រ្គោះ​នឹង​ភ្លឺ​ជាង​ភាពខ្មៅងងឹត​នៃ​ភាពអាម៉ាស់ ។ ទ្រង់​នឹង​មិន​ដែល​វាយប្រហារ​តម្លៃ​របស់​បងប្អូន​ឡើយ ។ ដូច្នេះ សូម​មើល​ដោយ​យក​ចិត្ត​ទុកដាក់ ។

  • ស្រមៃ​ថា ដៃ​នេះ​តំណាង​ឲ្យ​តម្លៃ ។

  • ហើយ​ដៃ​នេះ​តំណាង​ឲ្យ​ការគោរព​ប្រតិបត្តិ ។ ប្រហែល​ជា​បងប្អូន​ក្រោក​ឡើង​នៅ​ព្រឹក​នេះ ថ្លែង​នូវ​ការអធិស្ឋាន​ប្រកប​ដោយ​អត្ថន័យ និង​ស្រាវជ្រាវ​នៅក្នុង​ព្រះគម្ពីរ​ដើម្បី​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះ ។ បងប្អូន​បាន​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​ហើយ ហើយ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​នៅ​ជុំវិញ​បងប្អូន​ដូចជា​ព្រះគ្រីស្ទ ។ បងប្អូន​ស្ដាប់​សន្និសីទ​ទូទៅ ! ការគោរព​ប្រតិបត្តិ​របស់​បងប្អូន​នៅ​ទីនេះ !

  • ឬ​ប្រហែល​ជា​អ្វីៗ​មិន​ដំណើរការ​ទៅ​រលូន​នោះ​ទេ ។ បងប្អូន​ពុះពារ​នឹង​ការធ្វើ​រឿង​តូចតាច​ទាំងនោះ​នាពេល​ថ្មីៗ​នេះ ជា​កិច្ចការ​ដ៏​ងាយ​ដើម្បី​ភ្ជាប់​ទៅ​នឹងស្ថានសួគ៌ ។ បងប្អូន​បាន​ធ្វើ​ការសម្រេចចិត្ត​មួយ​ចំនួន​ដែល​បងប្អូន​មិនមាន​មោទនភាព​ចំពោះ ។

  • តើ​តម្លៃ​របស់​បងប្អូន​គឺជា​អ្វី ? តើ​ដៃ​នេះ​មាន​ធ្វើ​អ្វី​ខ្លះ​ទេ ?

តម្លៃ​របស់​បងប្អូន​មិនមែន​ភ្ជាប់​ទៅនឹង​ការគោរព​ប្រតិបត្តិ​នោះ​ទេ ។ តម្លៃ​របស់​បងប្អូន​គឺ​ខ្ជាប់ខ្ជួន វា​មិន​ដែល​ផ្លាស់ប្តូរ​ឡើយ ។ ព្រះ​ប្រទាន​តម្លៃ​នេះ​ឲ្យ​បងប្អូន ហើយ​មិនមែន​បងប្អូន ឬ​នរណា​ផ្សេង​ទៀត​អាច​ផ្លាស់ប្តូរ​វា​បាន​ឡើយ ។ ការគោរព​ប្រតិបត្តិ​នាំ​មក​នូវ​ពរជ័យ នោះ​គឺជា​ការពិត ។ ប៉ុន្តែ​តម្លៃ​នោះ​មិន​មែន​មួយ​ក្នុង​ចំណោម​ការណ៍​នោះ​ទេ ។ តម្លៃ​របស់​បងប្អូន​គឺ​តែងតែ « មហិមា​ណាស់​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ » មិន​ថា​ការសម្រេចចិត្ត​របស់​បងប្អូន នាំ​បងប្អូន​ទៅ​ដល់​ណា​នោះ​ទេ ។

ខណៈ​ដែល​ខ្ញុំ​បាន​ធ្វើ​កំហុស ខ្ញុំ​ចង់ ស្ថិត​ក្នុង ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​ជាមួយ​ព្រះគ្រីស្ទ ហើយ​ខ្ញុំ​នឹង​ប្រាប់​បងប្អូន​ថា​ហេតុអ្វី ។

ពេល​ធំ​ឡើង​ខ្ញុំ​ចូល​រៀន​សាលា​មុជទឹក ហើយ​ដឹង​ថា នៅពេល​អ្នក​ដាក់ពិន្ទុ ឲ្យ​ពិន្ទុ​ការមុជទឹក គឺ​ពួកគាត់​មើល​លើ​ការអនុវត្ត ។ ពេល​មុជ​ទៅ​ក្នុង​ទឹក​ដងខ្លួន​ត្រង់ ដោយ​ម្រាមជើង​ចង្អុល​ត្រង់ ហើយ​មាន​សាចទឹក​បន្តិច​ដែរ​ឬ​ទេ ? បន្ទាប់មក ពួកគេ​ធ្វើ​អ្វីមួយ​លើស​ពី​ធម្មតា ។ ពួកគេ​ដាក់​ពិន្ទុ​អាស្រ័យ​លើ​កម្រិត​នៃ​ភាពលំបាក ។

មនុស្ស​គ្រប់គ្នា មុជទឹក​ដោយ​កម្រិត​នៃ​ភាព​លំបាក​របស់​ពួកគេ​ផ្ទាល់ ។ ហើយ​ព្រះអង្គសង្រ្គោះ​របស់​បងប្អូន​គឺជា​អង្គ​តែ​មួយ​គត់ ដែល​ពិត​ជា​ជ្រាបដឹង​ពី​ការលំបាក​ដែល​បងប្អូន​កំពុង​ជ្រមុជ​ខ្លួន​ចូល ។ ខ្ញុំ​ចង់​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​យល់​ពី​ខ្ញុំ ដែល​ដឹង​ពី​ដួងចិត្ត​ខ្ញុំ ហើយ​ដឹង​ថា​តើ​ខ្ញុំ​ខិតខំ​ប៉ុនណា !

ទ្រង់​ជ្រាបដឹង​ពី​អ័ព្ទ​នៃ​សេចក្ដី​ងងឹត​កំពុង​ធ្លាក់​មក​លើ​យើង​ជា​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​គ្នា ហើយ​ថា​ដំណើរ​របស់​យើង​ឆ្លងកាត់​ទន្លេ​ដែល​កខ្វក់—ដូច្នេះ ទោះបីជា​យើង​កាន់​ដំបង​ដែក ក៏​យើង​នឹង​ទទួល​រង​ឥទ្ធិពល​ដែរ ។

ការមក​កាន់​ព្រះ​គ្រីស្ទ​គឺជា​ការនិយាយ​ថា « តើ​អ្នក​ជួយ​ខ្ញុំ​បាន​ទេ ? » ប្រកបដោយ​ក្តី​សង្ឃឹម ជា​ការធានា​ដែល​បាន​បើកបង្ហាញ​ថា ព្រះហស្ដ​របស់​ទ្រង់​កំពុង​លាត​មក​កាន់​បងប្អូន​ជានិច្ច ។ ខ្ញុំ​ជឿ​ថា ទស្សនៈ​ថ្មី​ស្រឡាង​នៃ​ការប្រែចិត្ត​នេះ​មានន័យ​ថា ទោះបី​ជា​យើង​មិន​បាន​គោរពប្រតិបត្តិ​ឥតខ្ចោះ នៅឡើយ​ក្តី ក៏​យើង​ព្យាយាម​គោរពប្រតិបត្តិ​ដោយ​ក្តីស្រឡាញ់ ឥឡូវ​នេះ ដែរ ដោយ​ការជ្រើសរើស​បន្ត​នៅ​ម្តងហើយ​ម្តងទៀត ដោយសារ​យើង​ស្រឡាញ់​ទ្រង់ ។

សូម​ចងចាំ​ប្រជាជន​របស់​ស្តេច​បេនយ៉ាមីន ដែល​មាន​ការតាំងចិត្ត​ថា​នឹង​មិន​ធ្វើ​អំពើ​អាក្រក់​ទៀត​ឡើយ ប៉ុន្តែ​នឹង​បន្ត​ធ្វើ​តែ​ល្អ​ប៉ុណ្ណោះ ។ តើ​បងប្អូន​គិត​ថា ពួកគេ​ប្រមូល​ត្រសាល​របស់​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​មិន​ដែល​ធ្វើ​ខុស​ទៀត​ឡើយ​ឬ ? ច្បាស់ជា​មិនមែន​ទេ ! អ្វី​ដែល​ខុស​គ្នា​នោះ​គឺ​ពួកគេ​លែង ចង់ ប្រព្រឹត្តិ​អំពើបាប​ទៀត​ហើយ ។ ពួកគេ​គោរពប្រតិបត្តិ​ដោយ​ក្តីស្រឡាញ់ ! ដួងចិត្ត​របស់​ពួកគេ​បានងាក និង​ផ្ដោត​ទៅលើ​ព្រះ ខណៈ ពួកគេ​បានពុះពារតស៊ូ !

នៅគ្រា​មួយ នៅ​ឯ​មាត់សមុទ្រ ខ្ញុំ​បានឃើញ​សត្វបក្សី​ហោះ​នៅ​កណ្ដាល​ខ្យល់ ដោយ​ខំ​ទទះ​ស្លាប​របស់​វា​យ៉ាងខ្លាំង យ៉ាង​វីវក់ ប៉ុន្តែ​នៅ​តែ​មួយ​កន្លែង​ដដែល ។ បន្ទាប់មក ខ្ញុំ​បានឃើញ​សត្វបក្សី​ផ្សេង​ទៀត ហោះ​ខ្ពស់​ជាង ។ វា​យក​ខ្យល់​បក់​ពី​ក្រោម​ទៅ ហើយ​បានហើរ​យ៉ាង​ស្រួល គ្មាន​បញ្ហា​នៅ​កណ្ដាល​ខ្យល់​នោះ​ទេ ។ នោះ​គឺជា​ភាពខុស​គ្នា​រវាង​ការព្យាយាម​ធ្វើ​អ្វី​ដោយ​ខ្លួន​របស់​យើង និង​ការ​ងាក​ទៅ​រក​ព្រះអង្គសង្រ្គោះ ដោយ​ការ​ទុក​ឲ្យ​ទ្រង់​លើក​យើង​ឡើង ដោយ « ប្រោស​ឲ្យ​ជា នៅ​ក្នុង​ចំអេង​ស្លាប » ទ្រង់ ។

ក្នុងនាម​ជា​ថ្នាក់​ដឹកនាំ​បេសកកម្ម​នៅ​ប្រទេស​អូស្រ្ដាលី នៅ​អំឡុង​ការចុះ​សួរ​សុខទុក្ខ​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង​ម្នាក់ៗ យើង​បាននិយាយ​អំពី នីហ្វៃទី៣ ១៧ ដែល​មនុស្ស​បាន​នៅជិត​ព្រះអង្គសង្រ្គោះ ហើយ​អាច​ឮ​ទ្រង់​អធិស្ឋាន​ឲ្យ​ពួកគេ ។ យើង​បាន​សួរ​ថា « បើ​ប្អូន​អាច​ស្ដាប់ឮ​ព្រះអង្គសង្រ្គោះ​អធិស្ឋាន​សម្រាប់ ប្អូន តើ​ប្អូន​គិត​ថា​ទ្រង់​នឹង​មាន​បន្ទូល​អ្វី ? »

ការស្ដាប់ឮ​ចម្លើយ​របស់​ពួកគេ គឺជា​បទពិសោធន៍​ខាងវិញ្ញាណ​ដ៏​ពេញលេញ​បំផុត​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ​ទាំងនោះ​បាន​បង្អង់សិន ហើយ​មាន​ទឹកភ្នែក​រលីងរលោង នៅពេល​យើង​រំឭក​ពួកគេ​ថា « ព្រះអង្គសង្រ្គោះ​ជ្រាបដឹង​ពី​កម្រិត​នៃ​ការលំបាក​ដែល​ប្អូន​កំពុង​ឆ្លងកាត់ ។ ទ្រង់​ជ្រាបដឹង ! »

នេះ​គឺជា​អ្វី​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនោះ​បានចែកចាយ​ដោយ​ស្ងប់ស្ងាត់ និង​ដោយ​ទន់ភ្លន់ ៖ អ្នកផ្សព្វផ្សាយ​សាសនា​ស៊ីស្ទើរ​ម្នាក់​បាននិយាយ​ថា « ព្រះ​យេស៊ូវ​នឹង​ទូល​ទៅ​ព្រះវរបិតា​ថា ‹ នាង​ខិតខំ​អស់​ពី​សមត្ថភាព​របស់​នាង​ហើយ ។ ទូលបង្គំ​ជ្រាបដឹង​ថា នាង​ខិតខំ​ប៉ុនណា › ហើយ » ។ អែលឌើរ​ម្នាក់​ផ្សេង​ទៀត​និយាយ​ថា « អ្វីៗ​ដែល​កើតឡើង​នៅក្នុង​ជីវិត​គាត់ ទូលបង្គំ​មាន​មោទនភាព​ចំពោះ​គាត់​ណាស់ » ។

សូម​សាកល្បង​ការណ៍​នេះ ។ នៅ​យប់​នេះ ពីមុន​បងប្អូន​អធិស្ឋាន សូម​ស្រមៃ​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅជិត​បងប្អូន ។ ទ្រង់​គឺជា​អង្គគាំទ្រ​បងប្អូន​ជាមួយ​ព្រះវរបិតា ។ សូម​សួរ​ខ្លួន​ឯង​ថា « តើ​ព្រះអង្គសង្រ្គោះ​នឹង​មាន​បន្ទូល​អ្វីខ្លះ​ទៅកាន់​ព្រះវរបិតា​អំពី​ខ្ញុំ ? »

ហើយ​បន្ទាប់មក សូម​ស្ងាត់ ។

សូម​ស្ដាប់​ព្រះសូរសៀង​ដែល​មាន​បន្ទូល ល្អៗ អំពី​បងប្អូន—ដែល​ជា​ព្រះសូរសៀង​របស់​ព្រះអង្គសង្រ្គោះ ជា​មិត្ត​ដ៏​ល្អ​របស់​បងប្អូន និង​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​បងប្អូន ដែល​ពិត​ជា​គង់​នៅ​ទីនោះ ។ សូម​ចងចាំ​ថា សេចក្តី​ស្រឡាញ់ របស់​ទ្រង់​ទាំងទ្វេ និង​តម្លៃ របស់​បងប្អូន គឺ​តែងតែ​មហិមា​ជានិច្ច មិន​ថា​មាន​អ្វី​កើតឡើង​នោះ​ទេ ។

ខ្ញុំ​ឈរ​នៅ​ទីនេះ​ដើម្បី​ធ្វើ​ជា​សាក្សី​ថា ព្រះ​យេស៊ូវគ្រីស្ទ​ប្រទាន​ពន្លឺ​ដល់​អស់​អ្នក​ដែល​អង្គុយ​នៅក្នុង​ភាពងងឹត ។ ដូច្នេះ នៅ​ថ្ងៃ​ទាំងនោះ នៅពេល​បងប្អូន​ទទួល​អារម្មណ៍​ពី​សំឡេង​នោះ​ប្រាប់​បងប្អូន​ឲ្យ​ពួន ថា​បងប្អូន គួរតែ ពួន​នៅក្នុង​បន្ទប់​ងងឹត​នៅ​តែ​ម្នាក់​ឯង នោះ​ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​មាន​សេចក្តី​ក្លាហាន ហើយ​ជឿ​លើ​ព្រះគ្រីស្ទ ! ដើរ​ទៅ ហើយ​បើក​ភ្លើង—ជា​ពន្លឺ​ដ៏​ឥតខ្ចោះ​នៃ​សេចក្តី​សង្ឃឹម ។

ចូររុំព័ទ្ធ​ដោយ​ពន្លឺ​របស់​ទ្រង់ នោះ​បងប្អូន​នឹង​មើលឃើញ​មនុស្ស​នៅ​ជុំវិញ​បងប្អូន ដែល​ធ្លាប់​មាន​អារម្មណ៍​ឯកា​ដែរ ប៉ុន្តែ​ឥឡូវនេះ ដោយ​ពន្លឺ​បាន​បើក​នោះ បងប្អូន និង ពួកគេ នឹង​ងឿងឆ្ងល់​ថា « ហេតុអ្វី​បាន​ជា​យើង​ខ្លាច​ក្នុង​ទីងងឹត​ដូច្នេះ ? ហើយ​ហេតុអ្វី​បាន​ជា​យើង​នៅ​ទីនោះ​យ៉ាង​យូរ​ដូច្នេះ ? »

« សូម​ឲ្យ​ពន្លឺ​របស់​ព្រះអម្ចាស់​រុំព័ទ្ធ​បងប្អូន​នៅក្នុង​ព្រះហស្ដ​របស់​ទ្រង់ និង​លួងលោម ហើយ​ស្រឡាញ់​បងប្អូន​ជា​បន្ត » ។ សូម​ឲ្យ​យើង​បន្ត​ស្រឡាញ់ ទ្រង់ ហើយ​ជ្រើសរើស​ទ្រង់​ម្តងហើយ​ម្តងទៀត ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។