សន្និសីទទូទៅ
សេចក្តី​សប្បុរស—សញ្ញា​នៃ​ភាពជាសិស្ស​ដ៏ពិត
សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ២០២៥


11:29

សេចក្តី​សប្បុរស—សញ្ញា​នៃ​ភាពជាសិស្ស​ដ៏ពិត

គោលដៅ​ពិតប្រាកដ​នៃ​ភាព​ជា​សិស្ស​គឺ​ដើម្បី​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។

កាលពី​ថ្មីៗនេះ​ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ « ដាក់​អាទិភាព​ខ្ពស់បំផុត​ទៅលើ​ភាពជាសិស្ស​របស់​យើង » ។ ការអញ្ជើញ​ដ៏មាន​ឥទ្ធិពល​នោះ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ពិចារណា​យ៉ាង​ស៊ីជម្រៅ​អំពី​ភាពជាសិស្ស​នៃ​ព្រះយេស៊ូវគ្រីស្ទ​របស់ខ្ញុំ​ផ្ទាល់ ។

ភាពជាសិស្ស គឺ​តម្រូវឲ្យ​មាន​ការប្រុង​ប្រយ័ត្ន និង​សកម្មភាព​ហ្មត់ចត់

សិស្ស​គឺជា​អ្នកដើរតាម ឬ​អ្នករៀន​ពី​អ្នក ផ្សេងទៀត ។ សិស្ស​គឺជា « អ្នកហាត់រៀន » ដែល​លះបង់​ជីវិត​របស់​ពួកគេ​ដើម្បី​ក្លាយ​ដូចជា​គ្រូ​របស់ពួកគេ ។ ដូច្នេះ ការធ្វើជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​មានន័យ​ថា​លើសពី​ការជឿ​លើ​ការបង្រៀន និង​គោលលទ្ធិ​របស់​ទ្រង់​ទៅទៀត ។ វា​ថែម​ទាំង​មានន័យ​ច្រើន​ជាង​ការទទួល​ស្គាល់​ទេវភាព​របស់ទ្រង់ និង​ទទួល​យក​ទ្រង់​ធ្វើជា​ព្រះអង្គសង្រ្គោះ និង​ព្រះប្រាសលោះ​របស់យើង​ទៅទៀត ​ទោះបី​វា​ពិតជា​ការណ៍​ដ៏​សំខាន់​ខ្លាំង​ក៏ដោយ ។

ប្រធាន ដាល្លិន អេក អូក បាន​ពន្យល់​ថា ៖ « ការធ្វើតាម​ព្រះគ្រីស្ទ​គឺ​ពុំ​មែន​ជា​ការ​អនុវត្ត​ដោយ​សាមញ្ញ ឬ​ម្ដងម្កាល​នោះទេ ។ វា​គឺ​ជា​ការ​តាំងចិត្ត​ជា​បន្ដបន្ទាប់ និង​ជា​មាគ៌ា​នៃ​ជីវិត​ដែល​គួរតែ​ដឹកនាំ​យើង​នៅ​គ្រប់ពេល និង​គ្រប់​ទីកន្លែង » ។ ភាព​ជា​សិស្ស​គឺជា​ដំណើរ​ដែល​មាន​ការប្រុង​ប្រយ័ត្ន និង​ហ្មត់ចត់ ដែល​យើង​ធ្វើ​ដើម្បី​មាន​ការផ្លាស់ប្តូរ​តាមរយៈ​ពលិកម្ម​ដ៏ធួន​របស់​ព្រះអម្ចាស់ និង​អំណាច​ដែល​ធ្វើ​ឲ្យ​កើតឡើង​បាន​របស់ទ្រង់ ។ គោលដៅ​ពិតប្រាកដ​នៃ​ភាព​ជា​សិស្ស​គឺ​ដើម្បី​ក្លាយដូចជា​ព្រះយេស៊ូវគ្រីស្ទ គឺ—រហូត​ដល់​ចំណុច​ដែល​យើង​ទទួល​បាន « ព្រះ​ភក្ត្រ​របស់ទ្រង់​នៅក្នុង​ទឹកមុខ​[ របស់យើង ] » ។

ដើម្បី​ក្លាយជា​សិស្ស​របស់​ព្រះអម្ចាស់ យើង​ត្រូវតែ​ធ្វើ​ត្រាប់តាម​គំនិត និង​សកម្មភាព​របស់ទ្រង់​ដោយ​ចេតនា​ជារៀងរាល់ថ្ងៃ—ឧទាហរណ៍ ការគោរព​ប្រតិបត្តិ ភាពទន់ភ្លន់ និង​ការអត់ធ្មត់​របស់ទ្រង់ ។ នៅពេល​យើង​បញ្ចូល​គុណលក្ខណៈ​ទាំងនេះ​ទៅក្នុង​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​របស់យើង​បន្តិចម្តងៗ នោះ​យើង​ក្លាយជា « អ្នក​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ​[ របស់ទ្រង់ ] » ។ ការធ្វើ​ត្រាប់តាម​គុណលក្ខណៈ​របស់​ព្រះអង្គសង្គ្រោះ​នេះ​គឺ​ជា​ចំណុច​ដ៏សំខាន់​បំផុត​នៃ​ការថ្វាយបង្គំ​ទ្រង់ ។ ដូច​ដែល​ប្រធាន ណិលសុន បានបង្រៀន​ថា « ការថ្វាយបង្គំ​របស់យើង​ចំពោះ​ព្រះយេស៊ូវ​គឺ​ត្រូវបាន​បង្ហាញ​យ៉ាង​ល្អបំផុត​ដោយ​ការធ្វើ​ត្រាប់តាម​ព្រះយេស៊ូវ​របស់​យើង » ។

សញ្ញា​នៃ​ភាពជា​សិស្ស​ដ៏ពិត

ក្នុង​ចំណោម​គុណលក្ខណៈ​ដ៏ទេវភាព​ជាច្រើន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​យើង​ត្រូវ​ធ្វើ​ត្រាប់តាម មាន​គុណលក្ខណៈ​មួយ​ដែល​លេចធ្លោ និង​តំណាង​ឲ្យ​គុណលក្ខណៈ​នានា​ទាំងអស់ ។ គុណលក្ខណៈ​នោះ​គឺជា​សេចក្តី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់ទ្រង់ ឬ​សេចក្តី​សប្បុរស ។ ទាំង​ព្យាការី​មរមន និង​សាវក​ប៉ុល​រំឭក​យើងថា បើ​គ្មាន​សេចក្តី​សប្បុរស​ទេ « នោះ​[ យើង ]​គ្មាន​ជាអ្វី​ទាំងអស់ » ។ ឬ​ដូច​ដែលបាន​បង្ហាញ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ថា បើគ្មាន « សេចក្តី​សប្បុរស​ទេ នោះ​[ យើង ] ពុំអាច ធ្វើអ្វី​បានឡើយ » ។

ព្រះអង្គសង្គ្រោះ​ផ្ទាល់​បាន​កំណត់​សេចក្តី​ស្រឡាញ់​ថាជា​ទីសម្គាល់ ឬ​សញ្ញា​ដែល​សិស្ស​ពិត​របស់ទ្រង់​នឹង​ត្រូវបាន​ស្គាល់​នៅពេល​ដែល​ទ្រង់​បាន​ប្រកាសថា ៖

« ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្តិ​មួយ​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ។

« គេ នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ។

សេចក្តី​សប្បុរស​គឺជា​គោលគំនិត​ដ៏សម្បូរបែប ដែល​អាច​ពិបាក​ក្នុង​ការកំណត់ ប៉ុន្តែ​ត្រូវបាន​យល់​ឃើញ​យ៉ាង​ងាយស្រួល​ដោយ​មនុស្ស​ទាំងអស់​ដែល​បាន​ទទួល​ឥទ្ធិពល​ពី​វា ។ ប្រកាស​ដំណឹងល្អ​របស់យើង បង្រៀន​ថា « ដូចជា​សេចក្តី​ជំនឿ​ដែរ សេចក្តី​សប្បុរស​នាំ​ទៅ​រក​សកម្មភាព » ។ ជា​ការពិត​ណាស់ សេចក្តី​សប្បុរស​អាច​ត្រូវបាន​ពិពណ៌នា​ថា​ជា « សេចក្តី​ស្រឡាញ់​ដោយ​បង្ហាញ​ក្នុង​សកម្មភាព » ។ ការពិពណ៌នា​នេះ​ផ្តល់​នូវ​ការយល់ដឹង​ដ៏អស្ចារ្យ​ចំពោះ​សេចក្តីថ្លែង​ការណ៍​សង្ខេប​អំពី​ព្រះជន្ម​របស់​ព្រះអង្គសង្គ្រោះ—ទ្រង់ « បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ » ។

ក្នុង​នាមជា​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ យើង​គួរតែ​ព្យាយាម​ធ្វើ​ត្រាប់តាម​របៀប​ដែល​លោកចៅហ្វាយ​របស់យើង​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់ទ្រង់​ចំពោះ​អ្នកដទៃ ។ ទោះបីជា​ព្រះអង្គសង្គ្រោះ​បង្ហាញ​ពី​សេចក្តី​សប្បុរស​តាម​របៀប​ជាច្រើន​ក៏ដោយ ក៏ខ្ញុំ​ចង់​ឲ្យ​យកចិត្ត​ទុកដាក់​ចំពោះ​លំនាំ​គំរូ​ពិសេស​បី​នៃ​សេចក្តី​សប្បុរស​របស់ទ្រង់ ដែល​ត្រូវបាន​មើលឃើញ​យ៉ាង​ងាយ​នៅក្នុង​សិស្ស​ដ៏ពិត​របស់ទ្រង់ ។

សេចក្ដី​សប្បុរស​គឺជា​ការបង្ហាញ​ពី​សេចក្តី​អាណិត​មេត្ដា

ទីមួយ ព្រះអង្គសង្គ្រោះ​បាន​បង្ហាញពី​សេចក្តី​សប្បុរស​ដោយ​ការមាន​សេចក្តី​អាណិត​មេត្ដា ។ ក្នុង​អំឡុងការងារ​បម្រើ​របស់​ទ្រង់​ក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ដូចដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​មរមន ព្រះអម្ចាស់​បាន​អញ្ជើញ​ប្រជាជន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះវិញ ហើយ​ពិចារណាគិត​អំពី​រឿង​ទាំងឡាយ​ដែល​ទ្រង់​បាន​បង្រៀន និង​ដើម្បី​រៀបចំខ្លួន​សម្រាប់​ការយាង​ត្រឡប់​មកវិញ​របស់ទ្រង់​នៅថ្ងៃបន្ទាប់ ។ បន្ទាប់មក​កំណត់ត្រា​នោះ​ថ្លែងថា ៖

« ពួក​គេ​ស្រក់​ទឹកភ្នែក ហើយ​បាន​សម្លឹង​មក​រក​ព្រះ​អង្គ​យ៉ាង​ខ្ជាប់ ហាក់​បី​ដូច​ជា​ពួក​គេ​សូម​ឲ្យ​ទ្រង់​ទ្រាំ​នៅ​ជាមួយ​នឹង​គេ​បន្តិច​ទៀត ។

ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖ មើល​ចុះ ចិត្ត​យើង​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា » ។

សេចក្តី​អាណិត​មេត្ដា​គឺជា​ផ្នែក​នៃ​សេចក្តី​សប្បុរស​ដែល​ស្វែងរក​ដើម្បី​សម្រាល​ការឈឺចាប់ ។ ដោយ​ពោរពេញ​ទៅដោយ​សេចក្តី​អាណិត​មេត្ដា ព្រះអម្ចាស់​បាន​ប្រោស​អ្នកឈឺ និង​អ្នករងទុក្ខ​ក្នុង​ចំណោម​ប្រជាជន ។ បន្ទាប់មក ទ្រង់​បាន​ប្រទានពរ​ដល់​កូនៗ​របស់​ពួកគេ​ខណៈពេល​ដែល​ពួក​ទេវតា​យាង​ចុះ​មក​ពី​ស្ថានសួគ៌ ហើយ​ហែហម​ជុំវិញ​ពួក​កូន​ក្មេង​ទាំង​នោះ ។ ទ្រង់​បាន​សម្តែង​នូវ​ទង្វើ​នៃ​ក្ដី​ស្រឡាញ់ និង​ទន់ភ្លន់​ទាំងនេះ និង​ទង្វើ​ជាច្រើន​ទៀត ពីព្រោះ​ទ្រង់​បាន « មាន​ព្រះហឫទ័យ​ក្តួល​អាណិត​ដល់​គេ » ។

ពេល​បម្រើជា​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​នៅ​អាមេរិក​ខាងត្បូង ខ្ញុំ​ក៏​បាន​ទទួល​ប្រយោជន៍​ពី​សេចក្តី​អាណិត​អាសូរ​របស់​មិត្ត​ជា​ទី​ស្រឡាញ់​ម្នាក់​ផងដែរ ។ ល្ងាច​មួយ ខណៈពេល​ដែល​ខ្ញុំ​កំពុង​បើកបរ​ជាមួយ​ដៃគូ​របស់ខ្ញុំ​ទៅផ្ទះ​របស់​ប្រធាន​បេសកកម្ម​របស់យើង យុវជន​ម្នាក់​បាន​ជិះកង់​បត់​យ៉ាងលឿន​កាត់ពី​មុខ​រថយន្ត​ភ្លាមៗ ។ វា​បាន​កើតឡើង​យ៉ាង​ឆាប់រហ័ស​ដែល​ខ្ញុំ​មិនអាច​ចៀសវាង​ពី​ការប៉ះទង្គិចគ្នា​បាន ។ គួរឲ្យ​សោកស្តាយ ក្មេង​ជំទង់​នេះ​បាន​ស្លាប់​ដោយ​ការប៉ះទង្គិច​នេះ ។ ខ្ញុំ​មាន​អារម្មណ៍​ខូចចិត្ត​ជាខ្លាំង​ចំពោះ​ការបាត់បង់​ជីវិត​របស់គាត់ ។ ខ្ញុំ​ត្រូវបាន​គេ​ចាប់ទៅ​ពន្ធនាគារ និង​ត្រូវជាប់​ឃុំឃាំង ដោយ​មាន​ភាពភ័យខ្លាច និង​តក់ស្លុត​ជា​ខ្លាំង​នឹង​ការពិត​ដ៏អាក្រក់​ពីអ្វី​ដែល​ទើបតែ​កើតឡើង​នេះ ។ ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ភ័យខ្លាច និង​ឯកោ​ដូចនេះទេ​ពីមុន​មក ។ ខ្ញុំ​មាន​អារម្មណ៍​ពោរពេញ​ដោយ​ភាពអស់សង្ឃឹម និង​ភ័យខ្លាច​ថា​ខ្ញុំ​នឹង​ត្រូវ​ជាប់គុក​អស់មួយជីវិត ។

មិត្ត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​ឈ្មោះ អែលឌើរ ប្រៃអិន កូឆេវឺរ បាន​ដឹងពី​គ្រោះថ្នាក់​នេះ ហើយ​បាន​រំជួលចិត្ត​ដោយ​សេចក្តី​អាណិត​អាសូរ ។ គាត់​បាន​មក​ពន្ធនាគារ ហើយ​បាន​អង្វរ​មន្រ្តី​ទាំងនោះ​ឲ្យ​អនុញ្ញាតឲ្យ​គាត់​នៅក្នុង​បន្ទប់​ឃុំឃាំង​ជាមួយ​ខ្ញុំ​ដើម្បី​កុំឲ្យ​ខ្ញុំ​នៅ​ម្នាក់ឯង ។ ជាអព្ភូតហេតុ មន្រ្តី​ទាំងនោះ​បាន​យល់ព្រម ។ រហូតមក​ដល់​សព្វថ្ងៃនេះ ខ្ញុំ​មាន​អារម្មណ៍​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទង្វើ​នៃ​សេចក្តី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​របស់​សិស្ស​ម្នាក់​នេះ ដែល​ជួយ​ឲ្យ​ខ្ញុំ​បាន​ស្ងប់ចិត្ដ លួងលោម និង​លើក​កម្លាំងចិត្ត​ខ្ញុំ​ក្នុង​អំឡុង​ពេល​នៃ​ទុក្ខព្រួយ​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ ។ ភាព​សប្បុរស​អាណិត​មេត្ដា​របស់គាត់​គឺជា​សញ្ញា​ដ៏​ច្បាស់​អំពី​ភាពជាសិស្ស​របស់គាត់ ។ ដូច​ដែល​ប្រធាន ណិលសុន បាន​សង្កេត​ថា « វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ស្គាល់ អ្នក​ដើរតាម​ដ៏ពិត របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​មើល​ថា តើ​បុគ្គល​នោះ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ដោយ​ចិត្ត​អាណិត​អាសូរ​ប៉ុនណា » ។

សេចក្តី​សប្បុរស​គឺជា​ការផ្ដល់​ការងារបម្រើ​ដល់​សេចក្តី​ត្រូវការ​ដែល​មិន​បាន​និយាយ

ឧទាហរណ៍​មួយទៀត​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បង្ហាញពី​សេចក្តី​ស្រឡាញ់​របស់ទ្រង់ គឺ​តាមរយៈ​ការសង្កេត​របស់​ទ្រង់ និង​ការផ្ដល់​ការងារ​បម្រើ​ចំពោះ​តម្រូវការ​ដែល​មិន​បាន​និយាយ​របស់​អ្នកដទៃ ។ ចំពោះ​បុរស​ដែល​បាន​ពិការ​អស់រយៈពេល ៣៨ ឆ្នាំ​ដោយ​គ្មាន​នរណាម្នាក់​ជួយគាត់ នោះ​ព្រះអម្ចាស់​បាន​សង្រ្គោះ​គាត់ និង​បាន​លើកទឹកចិត្ត​គាត់​ឲ្យ​រស់​ដោយ​សុចរិត ។ ចំពោះ​ស្ត្រី​ដែល​គេចាប់​បាន​នៅក្នុង​ការប្រព្រឹត្ត​សហាយស្មន់ ទ្រង់​បាន​ផ្តល់នូវ​ក្តីសង្ឃឹម និង​ការលួងលោម​ជាជាង​ការថ្កោលទោស ។ សម្រាប់​បុរស​ដែល​មាន​ជំងឺ​ស្លាប់​ដៃជើង ដែល​ត្រូវបាន​សម្រូត​ពីលើ​ដំបូល​ផ្ទះ ព្រះអម្ចាស់​មិន​គ្រាន់តែ​ព្យាបាល​រាងកាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ប្រទាន​នូវ​ការលើកលែងទោស​ពី​អំពើបាប​ទៀតផង ។

នៅពេល​ដែល​ខ្ញុំ​ត្រូវបាន​ហៅឲ្យ​បម្រើជា​ប៊ីស្សព កូន​តូចៗ​ទាំង​ប្រាំមួយ​នាក់​របស់យើង​បាន​ធ្វើ​ឲ្យ​ការប្រជុំ​សាក្រាម៉ង់​មាន​ការលំបាក​សម្រាប់​ភរិយា​របស់ខ្ញុំ គ្រីស្ទីន ដែល​ត្រូវ​គ្រប់គ្រង​ពួកគេ​តែ​ម្នាក់ឯង ខណៈពេល​ដែល​ខ្ញុំ​អង្គុយ​នៅលើ​វេទិកា ។ ដូច​ដែល​បងប្អូន​អាច​ស្រមៃ​បាន កូនៗ​របស់យើង​ជាញឹកញាប់​មិន​សូវ​មាន​គារវភាព​ប៉ុន្មានទេ ។ ដោយ​កត់សម្គាល់​ឃើញ​ស្ថានភាព​របស់នាង សមាជិក​ពីរនាក់​ក្នុង​វួដ​របស់យើង​គឺ ចន និង ដេប៊ី​ប៊ែនិច បាន​ចាប់ផ្តើម​អង្គុយ​ជាមួយ​នាង​រៀងរាល់​ថ្ងៃអាទិត្យ​ដើម្បី​ជួយ ។ ភាពចិត្ដល្អ​របស់​ពួកគេ​បាន​បន្ត​អស់រយៈពេល​ជាច្រើនឆ្នាំ ហើយ​ពួកគេ​បាន​ដូចជា​លោកតា​លោកយាយ​សម្រាប់​គ្រួសារ​របស់យើង​អ៊ីចឹង ។ ដូច​ព្រះអម្ចាស់ សិស្ស​ទាំងនេះ​បាន​កត់សម្គាល់​ឃើញ​នូវ​តម្រូវការ​ដែល​មិន​បាន​និយាយ និង​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ស្រឡាញ់—ជា​សញ្ញា​ដ៏លេចធ្លោ​មួយ​នៃ​ភាពជាសិស្ស​របស់​ពួកគាត់ ។

សេចក្តី​សប្បុរស​គឺជា​ការជួយ​អ្នកដទៃ​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា

ជាចុងក្រោយ សេចក្តី​ស្រឡាញ់​ដ៏ល្អ​ឥតខ្ចោះ​របស់​ព្រះអង្គសង្គ្រោះ​គឺ​ផ្តោតលើ​ការអនុញ្ញាត​ឲ្យ​បុត្រាបុត្រី​ទាំងអស់​របស់ព្រះ​អាច​បំពេញ​នូវ​សក្តានុពល​ដ៏ទេវភាព​របស់យើង ដែល​យើង​អាច « ទទួល​ទាន​នូវ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ និង​ព្រះចេស្ដា​នៃ​សេចក្ដី​ប្រោស​លោះ​របស់​ទ្រង់ » ។ នៅពេល​យើង​ក្លាយ​កាន់តែ​ដូចជា​លោកចៅហ្វាយ​របស់យើង បំណងប្រាថ្នា​របស់យើង​ដើម្បី​ជួយ​បងប្អូន​ប្រុសស្រី​នៅក្នុង​សាសនាចក្រ​របស់យើង​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​នឹង​កើនឡើង​ដោយ​ឯកឯង ។

ឧទាហរណ៍ យើង​អាច​លើកតម្កើង និង​ធ្វើជា​មិត្ត​នឹង​អ្នក​ដែល​មាន​អារម្មណ៍​អាក់អន់ចិត្ត ឬ​ត្រូវគេ​បំភ្លេច ជួយ​ដល់​អ្នក​មកថ្មី​ក្នុង​ក្រុមជំនុំ​របស់យើង​ឲ្យ​មាន​អារម្មណ៍​ស្វាគមន៍ ឬ​អញ្ជើញ​មិត្តភក្តិ​ឲ្យ​ថ្វាយបង្គំ​ជាមួយ​យើង​នៅឯ​ការប្រជុំ​សាក្រាម៉ង់—ប្រហែលជា​នៅពេល​បុណ្យអ៊ីស្ទើរ​ខាងមុខ​នេះ ។ មាន​វិធី​រាប់មិនអស់​ដើម្បី​លើកទឹកចិត្ត និង​ជួយ​អ្នកដទៃ​ក្នុង​ការរីកចម្រើន​របស់​ពួកគេ ប្រសិនបើ​យើង​ស្វែងរក​ជំនួយពី​ស្ថានសួគ៌​ដោយ​ចេតនា និង​អធិស្ឋាន​ដើម្បី​ឲ្យ​មាន​ភ្នែក​មើលឃើញ និង​ដួងចិត្ត​ដើម្បី​ទទួល​អារម្មណ៍​ពីរបៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​ទតមើល និង​មាន​អារម្មណ៍​ចំពោះ​ពួកគេ ។

ការជួយ​អ្នកដទៃ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ពួកគេ​អាច​យក​ទម្រង់​តាម​សកម្មភាព​នៃ​ការបម្រើ​ដ៏​កម្រ ។ ជាឧទាហរណ៍ អំឡុង​ការចាត់តាំង​បច្ចុប្បន្ន​របស់ខ្ញុំ​នៅ​ប្រទេស​ហ្វីលីពីន ខ្ញុំ​បាន​រៀន​ពីគ្រួសារ អាហ្គាម៉ាតា ។ ពួកគេ​បាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ឆ្នាំ​២០២៣ ហើយ​បន្ទាប់មក​ពួកគេ​បាន​កំណត់​កាលបរិច្ឆេទ​ដើម្បី​ផ្សារភ្ជាប់​ជាគ្រួសារ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អ៊ើដាន់ណាតា ប្រទេស​ហ្វីលីពីន ដែល​នៅ​ជិតនោះ ។ ទោះជា​យ៉ាងណា​ក៏ដោយ មុនពេល​ការណាត់ជួប​របស់​ក្រុមគ្រួសារ​ពួកគេ ព្យុះ​ទីហ្វុង​ជាច្រើន​បាន​វាយប្រហារ​លើ​តំបន់​នេះ ។ បងប្រុស អាហ្គាម៉ាតា ដែលជា​កសិករ​ដាំ​ស្រូវ​ម្នាក់​មិន​អាច​ដាំដំណាំ​របស់គាត់​ក្នុង​អំឡុងពេល​ព្យុះដ៏ខ្លាំង​នោះ​បានទេ ។ នៅពេល​ដែល​ព្យុះ​បាន​កន្លង​ផុតទៅ គាត់​ត្រូវ​ដាំស្រូវ​ឲ្យ​បាន​ឆាប់រហ័ស​ខណៈពេល​ដែល​ដី​ជោគជាំ​ដោយ​ទឹក—ដែលជា​លក្ខខណ្ឌ​ល្អ​បំផុត​សម្រាប់​ការដាំ ។ គួរឲ្យ​សោកស្តាយ ការធ្វើ​ដំណើរ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​នឹង​ត្រូវ​ពន្យារពេល ។

អ្នកផ្សព្វផ្សាយ​សាសនា​ជួយ​ធ្វើ​ស្រែ
អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​ស្ទូង​ស្រូវ

សិស្ស​ពីរនាក់ អែលឌើរ និង​ស៊ីស្ទើរ ខាវឡាន រួមជាមួយ​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​វ័យក្មេង​បីនាក់​បាន​ឮ​ពី​ការតស៊ូ​របស់​គ្រួសារ អាហ្គាម៉ាតា ហើយ​បាន​ផ្តល់​ជំនួយ ទោះបីជា​មិនមាន​បទពិសោធន៍​ធ្វើ​ស្រែ​ក៏ដោយ ។ ធ្វើការ​នៅក្រោម​ពន្លឺព្រះអាទិត្យ​ក្តៅហែង ពួកគេ​បាន​ជួយ​​ស្ទូង​ស្រូវ​ដោយ​អនុញ្ញាតឲ្យ​គ្រួសារ​របស់​អាហ្គាម៉ាតា​បំពេញ​ភារកិច្ច​របស់​ពួកគេ និង​ចូលរួម​ការផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដូចដែល​បាន​ណាត់ ។ អែលឌើរ ខាវឡាន បាន​សង្កេត​ឃើញថា « ទឹកមុខ​[ គ្រួសារ អាហ្គាម៉ាតា ] មាន​ពន្លឺ​នៅពេល​ដែល​យើង​ឃើញ​ពួកគេ​ស្លៀកពាក់​ពណ៌ស​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ។ សេចក្តី​អំណរ​ដែល​យើង​ទទួល​ពី​ការផ្ដល់​ការងារបម្រើ​ទៅដល់​នរណាម្នាក់ គឺជា​សេចក្តី​អំណរ​ដែល​មិន​អាច​ប្រៀបធៀប​បាន​ឡើយ ! »

គ្រួសារ​របស់​អាហ្គាម៉ាតា​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ

ឥឡូវនេះ​គ្រួសារ អាហ្គាម៉ាតា រីករាយ​នឹង​ពរជ័យ​ដ៏សម្បូរបែប​នៃ​ការផ្សារភ្ជាប់​ជាគ្រួសារ​ដ៏អស់កល្ប​ជានិច្ច ដោយសារ​ពួកសិស្ស​មួយចំនួន​ដែល​ពោរពេញ​ទៅដោយ​សេចក្តី​សប្បុរស—ដែលជា​សញ្ញា​នៃ​ភាពជាសិស្ស​របស់​ពួកគេ—បាន​ប្តេជ្ញាចិត្ត​ជួយ​បងប្អូន​ប្រុសស្រី​របស់​ពួកគេ​ឆ្ពោះ​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ពួកគេ ។

បងប្អូន​ប្រុសស្រី ភាពជាសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺជា​វិធី​តែមួយគត់​ដើម្បី​ទទួល​បាន​សុភមង្គល​ដ៏យូរអង្វែង ។ វា​គឺជា​ផ្លូវ​ដែល​ពោរពេញ​ទៅដោយ​ទង្វើ​ដោយ​ចេតនា និង​សេចក្តី​ស្រឡាញ់​ប្រកបដោយ​គោលបំណង​ចំពោះ​អ្នកដទៃ ។ ខណៈពេល​ដែល​ផ្លូវ​នៃ​ភាពជាសិស្ស​អាច​ពិបាក និងជា​ឧបសគ្គ ហើយ​ខណៈ​ដែល​ពេលខ្លះ​យើង​អាច​តស៊ូ និង​ខ្វះខាត នោះ​យើង​អាច​ទទួលយក​ការលួងលោម​ដែលថា​ព្រះ​ដឹងពី​យើង ហើយ​មាន​ព្រះទ័យចង់​ជួយ​យើង​រាល់ពេល​ដែល​យើង​ព្យាយាម ។ អេសាយ​រំឭក​យើងថា « ព្រះ​នឹង​កាន់ដៃ​[ របស់យើង ] ដោយ​មាន​បន្ទូល​ថា … កុំ​ភ័យខ្លាច​ឡើយ យើង​នឹង​ជួយ​ឯង » ។

ដោយ​មាន​ការធានា​ពី​ព្រះវរបិតាសួគ៌​របស់យើង ខ្ញុំ​សូម​អធិស្ឋាន​យ៉ាង​មុតមាំថា យើង​អាច​ធ្វើតាម​ការអញ្ជើញ​របស់​ប្រធាន ណិលសុន ដើម្បី​ដាក់​អាទិភាព​ដល់​ការធ្វើ​ជាសិស្ស​របស់យើង ។ សូម​ឲ្យ​យើង « អធិស្ឋាន​ដល់​ព្រះវរបិតា​ដោយ​អស់​ពី​កម្លាំង​ចិត្ត » ដើម្បី « បាន​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់់អ្នកណា​ដែល​ជា​អ្នក​ដើរតាម​ដ៏ពិត​នៃ​ព្រះរាជបុត្រា​របស់ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ … ដើម្បី​កាលណា​ទ្រង់​នឹង​លេច​មក នោះ​យើង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ទ្រង់ » ដោយសារ​យើង​កាន់​សញ្ញា​នៃ​ភាពជាសិស្ស​ដ៏ពិត ដែលជា « សេចក្តី​សប្បុរស … គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ។

ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្រ្គោះ ព្រះប្រាសលោះ អង្គ​គំរូ និង​មិត្ត​ដែល​មាន​ព្រះជន្ម​ដ៏​រុងរឿង​របស់​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។