ដូចជាកូនតូចម្នាក់
ខ្ញុំថ្លែងទីបន្ទាល់ថា ទារក និងកូនក្មេងទាំងឡាយ ហើយនិងយុវវ័យ គឺជារូបភាពនៃនគររបស់ព្រះដែលរីកសុសសាយនៅលើផែនដីគ្រប់ទាំងឥទ្ធិឫទ្ធិ និងភាពលំអ ។
ព្រះយេស៊ូវបានចាប់ផ្ដើមឆ្នាំចុងក្រោយនៃជីវិតរមែងស្លាប់របស់ទ្រង់ដោយបង្កើនការបំពាក់បំប៉នដល់ពួកសាវករបស់ទ្រង់ ។ បើសារលិខិតនិងសាសនាចក្ររបស់ទ្រង់វបន្ដមាននៅក្នុងពិភពលោកនេះ នោះទ្រង់មានអ្វីៗជាច្រើនដើម្បីចាក់បញ្ចូលទៅក្នុងដួងចិត្តរបស់ពួកសាវក ១២ នាក់ ដែលជាមនុស្សសាមញ្ញ ដែលទើបតែស្គាល់ទ្រង់បានប្រហែលជា ២៤ ខែនោះ ។
នៅថ្ងៃមួយ ព្រះយេស៊ូវបានទតឃើញមានការទាស់ទែងនៅក្នុងចំណោមពួកសាវក ហើយក្រោយមកទ្រង់បានសួរថា « តើរឿងអ្វីដែលអ្នករាល់គ្នាជជែកគ្នាតាមផ្លូវមកនោះ ? » កំណត់ត្រាប្រាប់ថា ពួកគេ « នៅតែស្ងៀម » ដែលស្ដែងថាពួកគេខ្មាសអៀន ។ ប៉ុន្តែលោកគ្រូលើសអស់ទាំងគ្រូរូបនេះ បានជ្រាបគំនិតក្នុងចិត្តគេហើយបានដឹងថាមាននូវភាពឆ្មើងឆ្មៃផ្ទាល់ខ្លួន ។ ដូច្នេះទ្រង់បាន « ហៅកូនក្មេងតូច១មក …
« រួចមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិតហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ ។
« ដូច្នេះអ្នកណាដែលបន្ទាបខ្លួនឲ្យបានដូចកូនតូចនេះ អ្នកនោះឯងឈ្មោះថាធំជាងគេក្នុងនគរស្ថានសួគ៌ហើយ » ។
វាគួរឲ្យគត់សម្គាល់ថា ទេសនកថាលារបស់ស្ដេចបេនយ៉ាមីន មានដាក់បញ្ចូលនូវមតិដ៏ល្អអំពីការបន្ទាបខ្លួនរបស់កុមារតូចតាំងតែពីមុនកំណើតរបស់ព្រះគ្រីស្ទ ។ ទេសនកថានោះចែងថា ៖« មនុស្សខាងសាច់ឈាមជាសត្រូវដល់ព្រះ … ហើយនឹងនៅជាយ៉ាងនេះជារៀងដរាបតទៅលើកលែងតែគេ … ក្លាយទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយក្លាយទៅដូចជាកូនពោរពេញដោយសេចក្ដីស្រឡាញ់ …ដូចជាកូនក្មេង [ ព្រមធ្វើតាម ] ឪពុកខ្លួនដូច្នោះ » ។
ជាក់ស្ដែងគឺថាមាន ទំនោរបែបកូនក្មេងមួយចំនួន ដែលយើងមិនលើកទឹកចិត្តនោះទេ ។ កាលពី ២៥ ឆ្នាំកន្លងទៅ ចៅប្រុសអាយុអាយុបីឆ្នាំរបស់ខ្ញុំខាំដៃបងស្រីគាត់ ។ កូនប្រសារប្រុសរបស់ខ្ញុំដែលមើលថែទាំកូនៗនៅយប់នោះបានបង្រៀននៅពេលនោះភ្លាមៗនូវមេរៀនទាំងអស់អំពីការអភ័យទោសតាមដែលគាត់អាចគិតឃើញ ដោយបញ្ចប់ថាប្អូនប្រុសរបស់នាងប្រហែលជាពុំបានដឹងថាការខាំដៃនោះមានអារម្មណ៍ជាយ៉ាងណានោះទេ ។ យោបល់ណែនាំដែលមិនបានត្រៀមទុករបស់ឪពុកនោះដំណើរការប្រមាណជាមួយនាទីកន្លះ រហូតដល់ចៅស្រីរបស់ខ្ញុំស្រែកតិចៗតាមបង្អួចបន្ទប់ក្មេងៗ ថា « ឥឡូវគាត់ដឹងហើយ » ។
ដូច្នេះតើយើងគួរមើលតាមគុណធម៌នៃជីវិតរបស់កុមារតូចៗយ៉ាងណា ? តើមានអ្វីខ្លះដែលនាំឲ្យព្រះគ្រីស្ទផ្ទាល់ព្រះកន្សែងនៅក្នុងទិដ្ឋភាពដ៏ទន់ភ្លន់បំផុតនៅក្នុងព្រះគម្ពីរមរមនទាំងមូល ? តើព្រះយេស៊ូវបង្រៀនអ្វីខ្លះ នៅពេលទ្រង់ហៅឲ្យភ្លើងធ្លាក់ពីស្ថានសួគ៌ និងហៅពួកទេវតាការពារឲ្យមកហ៊ុមព័ទ្ធកុមារទាំងនោះ ដោយបង្គាប់ឲ្យមនុស្សពេញវ័យ « មើលន៏ កូនតូចៗ [ របស់ពួកគេ ] » ?
យើងមិនដឹងអ្វីដែលជំរុញនូវរឿងទាំងអស់នោះទេ ប៉ុន្តែខ្ញុំត្រូវតែគិតថាវាមានអ្វីដែលត្រូវធ្វើជាមួយភាពបរិសុទ្ធ និងភាពគ្មានកំហុសរបស់ពួកគេ ការបន្ទាបខ្លួនពីកំណើតរបស់ពួកគេ និងអ្វីដែលវា អាចនាំមកកាន់ជីវិតរបស់ពួកយើងប្រសិនបើយើងរក្សាវា ។
ហេតុអ្វីបានជាថ្ងៃនៃសេចក្ដីអស់សង្ឃឹមរបស់យើង ត្រូវបានពោលដោយបុគ្គលម្នាក់ថាជា « ការឥតប្រយោជន៍ទទេៗ » ?តើ « គំនិតដ៏ឥតប្រយោជន៍ និងជាសេចក្ដីឆ្មើងឆ្មៃនៃកូនចៅមនុស្ស » ជាពាក្យដែលពិពណ៌នាអំពីអគារដ៏ធំ និងស្កឹមស្កៃ ថាជាការស្លាប់ខាងវិញ្ញាណនៅក្នុងការនិមិត្តរបស់លីហៃយ៉ាងដូចម្ដេច ? ហើយចុះពួកសាសន៍សូរាំ ដែលក្រុមនោះបានអធិស្ឋានគិតតែពីខ្លួនឯងវិញនោះ ? មានការអធិស្ឋានមួយ អាលម៉ាបានថ្លែងថា « មើលចុះ ឱព្រះអង្គអើយ ពួកគេ [ អំពាវនាវ ] ដល់ព្រះអង្គ តែចិត្តរបស់គេត្រូវបានលេបទៅក្នុងសេចក្ដីឆ្មើងឆ្មៃរបស់គេ…ទៅលើវត្ថុទាំងឡាយដែលឥតប្រយោជន៍នៃលោកិយ » ។
ផ្ទុយទៅវិញ តើមានអ្វីដែលផ្អែមល្ហែមជាង បរិសុទ្ធជាង ឬបន្ទាបខ្លួនជាងការអធិស្ឋានរបស់កុមារនោះ ? វាប្រៀបដូចជាស្ថានសួគ៌ចឹង ។ ព្រះនិងព្រះគ្រីស្ទគឺមានពិតប្រាកដមែន ប៉ុន្តែសម្រាប់មនុស្សដទៃ នៅពេលក្រោយមក បទពិសោធន៍នោះអាចកា្លយទៅជាស្រពិចស្រពិលជាងមុន ។
ប៉ុន្តែដូចអែលឌើរ រីឆាដ អិល អេវិនស៍បានដកស្រង់ប្រហែល៦០ឆ្នាំមុនថា ៖ « ពួកយើងមួយចំនួនធំប្រកាសថាខ្លួនជាគ្រីស្ទបរិស័ទ តែយើង … ចាត់ទុកទ្រង់មិនសូវសំខាន់សោះ ។ … យើងគោរពទ្រង់ តែយើងមិនធ្វើតាមទ្រង់ ។… យើងដកស្រង់ព្រះបន្ទូលទ្រង់ តែយើងមិនរស់នៅតាមព្រះបន្ទូលនោះសោះ » ។ « យើងកោតសរសើរទ្រង់ តែយើងមិនថ្វាយបង្គំទ្រង់ » ។
តើជិវិតនឹងខុសប្លែកគ្នាប៉ុនណាបើពិភពលោកគោរពព្រះយេស៊ូវលើសពីកម្រិតនៃការស្បថស្បែដែលប្រមាថព្រះនាមទ្រង់ពីមួយពេលទៅមួយពេល ។
ប៉ុន្តែក្មេងៗពិតជាស្រឡាញ់ទ្រង់ ហើយថាសេចក្ដីស្រឡាញ់នោះបន្តទៅក្នុងទំនាក់ទំនងផ្សេងៗទៀតនៅក្នុងជីវិតដ៏ពោរពេញដោយការរៀនសូត្រនិងការដកពិសោធរបស់ពួកគេ ។ តាមច្បាប់ ទោះជានៅក្នុងវ័យដ៏ក្មេងបំផុតរបស់ពួកគេ កុមារងាយស្រឡាញ់ពួកគេងាយអភ័យ ហើយពួកគេសើចយ៉ាងរីករាយ សូម្បីតែដួងចិត្តដែលគ្មានមនោសញ្ចេត រឹងរូសបំផុតក៏អាចទន់ចិត្តដែរ ។
បញ្ជីនេះនៅមានតទៀត ។ ចុះភាពបរិសុទ្ធ ? ចុះទំនុកចិត្ត ? ចុះភាពក្លាហាន ? ចុះឥរិយាបទ ?
សូមមកជាមួយខ្ញុំមើលពីការបន្ទាបខ្លួនចំពោះព្រះដែលបានបង្ហាញឲ្យឃើញតាមរយៈមិត្តវ័យក្មេងដ៏ជាទីស្រឡាញ់ម្នាក់របស់ខ្ញុំ ។
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥— ៩១ ថ្ងៃកន្លងទៅ— អេស្ដុន ដារីន ជូលី បានទទួលបព្វជិតភាពអើរ៉ុន ហើយបានតែងតាំងជាឌីកុនម្នាក់ក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
អេស្តុនចង់ចែកសាក្រាម៉ង់នៃអាហាររបស់ព្រះអម្ចាស់ជាយូរមកហើយតាមដែលគាត់អាចនៅចាំ ។ ប៉ុន្តែព្រមជាមួយនឹងឱកាសដ៏ពិសិដ្ឋនេះក៏មាននូវភាពភ័យខ្លាចថា គាត់នឹងធ្វើមិនបាន គាត់នឹងធ្វើឲ្យជ្រុះ គាត់នឹងត្រូវគេចំអន់ ឬធ្វើឲ្យខ្លួនឯង និងគ្រួសារមានភាពអាម៉ាស់ ។
បងប្អូនឃើញទេ អេស្ដុន មានជំងឺដ៏អាក្រក់យ៉ាងកម្រមួយ ជាជំងឺរលាកសាច់ដុំពីកំណើតអ៊ុលរិច ។ វាបានធ្វើឲ្យជីវិតវ័យក្មេងរបស់គាត់មានការលំបាកខ្លាំងឡើងៗ ដោយបញ្ហាដ៏គួរឲ្យខ្លាច ដែលធ្វើឲ្យសេចក្ដីសង្ឃឹម និងសុបិននាពេលអនាគតរបស់គាត់បែកខ្ចាយ ។ គាត់នឹងត្រូវជិះលើរទេះរុញជារៀងរហូត ។ គ្រួសាររបស់គាត់ពុំនិយាយអំពីអ្វីដែលនឹងកើតឡើងចំពោះគាត់នោះទេ ។
នៅថ្ងៃអាទិត្យបន្ទាប់ពីការតែងតាំងរបស់គាត់ អេស្ដុនបានចែកសាក្រាម៉ង់ជាលើកដំបូង ។ អ្វីដែលជម្រុញទឹកចិត្តគាត់ជាសម្ងាត់នោះគឺ គាត់អាចចែកនិមិត្តរូបដ៏ពិសិដ្ឋនេះទៅកាន់ឪពុករបស់គាត់ដែលជាប៊ីស្សពក្នុងវួដដោយផ្ទាល់ ។ នៅពេលធ្វើកិច្ចការនោះ គាត់បានសុំអង្វរលន់តួ យំហើយអង្វរ សុំថាកុំឲ្យមាននរណាម្នាក់ គ្មាននរណាម្នាក់មកព្យាយាមជួយដល់គាត់សោះឡើយ ។ មានមូលហេតុជាច្រើន ឯនជនសម្រាប់គាត់ដែលគាត់ចាំបាច់ត្រូវធ្វើការណ៍នេះដោយខ្លួនឯង ហើយពុំត្រូវការអ្នកជួយឡើយ ។
បន្ទាប់ពីសង្ឃបានកាច់នំប៉័ង ហើយប្រសិទ្ធពរនំប៉័ងនោះ— ដែលជានិមិត្តរូបតំណាងឲ្យបំបែកព្រះកាយរបស់ព្រះគ្រីស្ទ— អេស្ដុន បានដើរយឺតៗទាំងឈឺចុកចាប់ទៅទទួលថាសនំប៉័ងរបស់គាត់ទាំងរាងកាយទ្រុឌទ្រោម ។ ទោះជាយ៉ាងណា នៅក្នុងសាលាប្រជុំគាត់ត្រូវដើរឡើងកាំជណ្ដើរបីកាំដើម្បីឡើងទៅលើវេទិកា ។ ដូច្នេះ បន្ទាប់ពីទទួលបានថាសនំប៉័ងរបស់គាត់ ហើយ គាត់បានឈោងយ៉ាងខ្ពស់ដើម្បីដាក់ថាសនោះនៅលើបង្កាន់ដៃ ។ បន្ទាប់មកគាត់អង្គុយចុះនៅលើជណ្ដើរមួយកាំ ហើយយកដៃទាំងពីរទាញជើងស្តាំទៅលើកាំទីមួយនោះ ។ បន្ទាប់មកគាត់ទាញជើងឆ្វេងដាក់ទៅលើកាំទីមួយដូចគ្នា ហើយធ្វើដូច្នេះរហូតដល់គាត់អាចឡើងជណ្ដើទាំងបីកាំយ៉ាងលំបាកដោយខ្លួនឯង ។
រួចគាត់ខំបញ្ជាខ្លួនឯងឲ្យតោងឈរឡើងបាន ។ រួចគាត់បានដើរទៅរកថាស ។ គាត់ដើរតែប៉ុន្មានជំហានប៉ុណ្ណោះ ហើយគាត់បានឈរនៅពីមុខប៊ីស្សព ដែលកំពុងស្រក់ទឹកភ្នែកជោគថ្ពាល់ ព្យាយាមទប់ខ្លួនមិនស្ទុះទៅឱបកូនប្រុសដ៏ក្លាហាន និងស្មោះត្រង់ដ៏ឥតខ្ចោះរូបនេះ ។ ហើយអេស្ដុនដែលមានការធូរចិត្ត និងស្នាមញញឹមពព្រាយអាចនិយាយយ៉ាងល្អថា « ទូលបង្គំបានដំកើង[ ព្រះវរបិតាខ្ញុំ ហើយ ]បានបង្ហើយការ ដែល [ ទ្រង់បានប្រគល់ ] មកឲ្យធ្វើ » ។
ជំនឿ ភក្ដីភាព បរិសុទ្ធភាព ទំនុកចិត្ត ការគោរព និងនៅចុងបញ្ចប់ ជាសេចក្ដីស្រឡាញ់ចំពោះព្រះបិតាដែលគាត់ប្រាថ្នាចង់ធ្វើឲ្យទ្រង់សព្វព្រះទ័យ ។ គុណសម្បត្តិទាំងនេះ និងជាច្រើនទៀតធ្វើឲ្យ យើងក៏អាចនិយាយផងដែរថា « … អ្នកណាដែលបន្ទាបខ្លួន ឲ្យបានដូចកូនតូចនេះ អ្នកនោះឯងឈ្មោះថា ធំជាងគេក្នុងនគរស្ថានសួគ៌ហើយ » ។
បងប្អូនស្រី បងប្អូនប្រុស និងមិត្តទាំងឡាយ ក្នុងបញ្ជីរូបភាពដែលខ្ញុំស្គាល់ គឺជារូបភាពរបស់ទារក និងកុមារតូចៗ និងយុវវ័យជារូបភាពដ៏មានតម្លៃដែលពុំអាចកាត់ថ្លៃបាន ដូចអ្វីដែលយើងបានលើកឡើងថ្ងៃនេះ ។ ខ្ញុំថ្លែងទីបន្ទាល់ថា ពួកគេគឺជារូបភាពនៃនគររបស់ព្រះដែលរីកសុសសាយនៅលើផែនដីគ្រប់ទាំងឥទ្ធិឫទ្ធិ និងភាពលំអ ។
នៅក្នុងវិញ្ញាណនៃទីបន្ទាល់ដូចគ្នានោះ ខ្ញុំថ្លែងជាសាក្សីថា យ៉ូសែបស្ម៊ីធនៅក្នុងយុវវ័យរបស់លោក បានឃើញនូវអ្វីដែលលោកបានថ្លែងថាបានឃើញ ហើយបានទទួលនូវអ្នកទាំងឡាយដែលលោកថ្លែងថាបានទទួល ។ ខ្ញុំថ្លែងទីបន្ទាល់ថា រ័សុល អិម ណិលសុន ដែលរាបទាបនិងបរិសុទ្ធ គឺជាព្យាការី និងអ្នកមើលឆុត ដែលបានតែងតាំង និងប្រកបដោយអំណោយទានរបស់ព្រះ ។ ដោយបានអានពេញមួយជីវិត ខ្ញុំធ្វើជាសាក្សីថា ព្រះគម្ពីរមរមនគឺជាគម្ពីរដ៏ជារង្វាន់ល្អបំផុត ដែលខ្ញុំបានអាន ហើយគឺពិតជាសិលាគន្លឹះនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសូមថ្លែងជាសាក្សីថា បព្វជិតភាព និងការអធិស្ឋានស្ដារជីវិតរបស់ខ្ញុំឡើងវិញ—បព្វជិតភាពរបស់ព្រះគ្រីស្ទ និងការអធិស្ឋានរបស់បងប្អូន ។ ខ្ញុំដឹងថារឿងទាំងអស់នេះគឺជាការពិត ហើយថ្លែងជាសាក្សីទៅកាន់បងប្អូនម្នាក់ៗនៅក្នុងព្រះនាមដ៏រុងរឿងនិងរាបទាបជាងគេបំផុតក្នុងចំណោមបុត្រាទាំងអស់នៃព្រះ— ជាអាល់ហ្វា និងអូមេហ្គា ជាព្រះដ៏ជាព្រះ ជាអង្គដែលត្រូវគេឆ្កាង ជាស្មរបន្ទាល់ស្មោះត្រង់ជាព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕