ទំនុកចិត្តនៅក្នុងទីវត្តមានរបស់ព្រះ
នៅពេលយើងព្យាយាមមានសេចក្ដីសប្បុរស និងគុណធម៌បំពេញនៅក្នុងជីវិតរបស់យើងដោយឧស្សាហ៍ព្យាយាម នោះទំនុកចិត្តរបស់យើងដើម្បីចូលទៅកាន់ព្រះនឹងកើនឡើង ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំមានអំណរគុណដើម្បីថ្លែងទៅកាន់បងប្អូននាថ្ងៃនេះ នៅក្នុងសន្និសីទទូទៅដ៏សំខាន់នេះ ។ កែវភ្នែករបស់ខ្ញុំកាន់តែចាស់ទៅហើយ ។ សូមអរគុណចំពោះការយល់ចិត្តរបស់បងប្អូន នៅពេលខ្ញុំថ្លែងសារលិខិតរបស់ខ្ញុំ ។
ពួកយើងរស់នៅក្នុងជំនាន់នៃសន្ទុះយ៉ាងខ្លាំងនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ខ្ញុំពេញដោយអំណរ នៅពេលខ្ញុំមើលឃើញការរីកចម្រើននៅជាច្រើនផ្នែកនោះ ។
យុវវ័យរបស់យើង បានបំផុសគំនិតដល់ខ្ញុំជាពិសេស ។ ពួកគេបានផ្ដល់ការបម្រើយ៉ាងច្រើនសន្ធឹក ។ ពួកគេកំពុងស្វែងរកបុព្វការីជនរបស់ពួកគេ ហើយកំពុងធ្វើពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ ។ ក្រុមយុវជន និងយុវនារីរបស់យើងកំពុងដាក់ពាក្យបម្រើជាអ្នកផ្សព្វផ្សាយសាសនាយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ជំនាន់កំពុងពេញវ័យកំពុងតែ ឆ្លើយតប នឹងការហៅឲ្យធ្វើជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទយ៉ាងអង់អាច ។
ថ្មីៗនេះ ខ្ញុំបានជួបនឹងចៅស្រីទួតដែលទើបកើតម្នាក់ ។ នៅពេលខ្ញុំគិតអំពីបញ្ហាដែលនាងនឹងជួបនៅក្នុងជីវិតនាង ខ្ញុំមានអារម្មណ៍ថាចង់ជួយនាងឲ្យស្ថាបនាជំនឿលើព្រះយេស៊ូវគ្រីស្ទខ្លាំងណាស់ ។ ការរស់នៅតាមដំណឹងល្អរបស់ទ្រង់ គឺសំខាន់សម្រាប់សុភមង្គលនាពេលអនាគតរបស់នាង ។
ដូចជាយើងម្នាក់ៗដែរ នាងនឹងជួបនូវឧបសគ្គជាច្រើន ។ យើងទាំងអស់គ្នានឹងជួបនូវជំងឺ ការខកចិត្ត ការល្បួង និងការបាត់បង់ ។ ឧបសគ្គទាំងនេះអាចផ្ដួលទំនុកចិត្តលើខ្លួនឯងរបស់យើង ។ ទោះជាយ៉ាងណា ពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទអាចទទួលបាននូវទំនុកចិត្តមួយប្រភេទផ្សេង ។
នៅពេលយើងចុះ និងរក្សាសេចក្ដីសញ្ញាជាមួយព្រះ នោះយើងអាចមានទំនុកចិត្តដែលបានកើតមកពីព្រះវិញ្ញាណ ។ ព្រះអម្ចាស់បានប្រាប់ដល់ព្យាការី យ៉ូសែប ស្ម៊ីធ ថាទំនុកចិត្តរបស់យើងអាច « នឹងមានចិត្តក្លាហានឡើងនៅចំពោះវត្តមាននៃព្រះ » ។ សូមស្រមៃមើលពីការលួងលោមនៃការមានទំនុកចិត្តនៅក្នុងទីវត្តមានរបស់ព្រះ !
នៅពេលខ្ញុំនិយាយអំពីការមានទំនុកចិត្តនៅចំពោះព្រះ ខ្ញុំកំពុងសំដៅទៅលើការមានទំនុកចិត្តទៅលើការចូលទៅកាន់ព្រះ ក្នុងពេលឥឡូវនេះ ! ខ្ញុំសំដៅទៅលើការអធិស្ឋានដោយមានទំនុកចិត្តថាព្រះវរបិតាសួគ៌ស្ដាប់ឮយើង ថាទ្រង់យល់ពីតម្រូវការរបស់យើងខ្លាំងជាងយើងខ្លួនឯង ។ ។ ខ្ញុំសំដៅទៅលើការមានទំនុកចិត្តថា ទ្រង់ស្រឡាញ់យើងច្រើនជាងយើងអាចយល់ដឹងបាន ថាទ្រង់បានបញ្ជូនពួកទេវតាមកគង់នៅជាមួយយើង និងអ្នកទាំងឡាយដែលយើងស្រឡាញ់ ។ ខ្ញុំសំដៅទៅលើការមានទំនុកចិត្តថា ទ្រង់ពិតជាចង់ជួយយើងម្នាក់ៗឲ្យឈានទៅដល់សក្តានុពលខ្ពស់បំផុតរបស់យើង ។
ឥឡូវ តើយើងទទួលបានទំនុកចិត្តដូច្នោះដោយរបៀបណា ? ព្រះអម្ចាស់ឆ្លើយសំណួរនេះដោយបន្ទូលទាំងនេះថា « សូមឲ្យចិត្តអ្នកពេញទៅដោយសេចក្ដីសប្បុរសដល់មនុស្សទាំងអស់ …ហើយសូមឲ្យគុណធម៌តុបតែងគំនិតអ្នក ដោយឥតឈប់ឈរឡើយ ខណៈនោះ អ្នកនឹងមានចិត្តក្លាហានឡើងនៅចំពោះវត្តមាននៃព្រះ… » ។
នោះហើយគឺជាគន្លឹះ ! នៅក្នុងបន្ទូលរបស់ព្រះអម្ចាស់ផ្ទាល់ សេចក្ដីសប្បុរស និងគុណធម៌បើកច្រកផ្លូវទៅកាន់ការមានទំនុកចិត្តនៅចំពោះព្រះ ! បងប្អូនប្រុសស្រី យើងអាចធ្វើវាបាន ! ទំនុកចិត្តរបស់យើងពិតជាអាចកាន់តែរឹងមាំឡើងនៅក្នុងទីវត្តមានរបស់ព្រះក្នុងពេលឥឡូវនេះ !
ចូរពិចារណាអំពីសេចក្ដីសប្បុរស និងគុណធម៌ ។
ទីមួយ សេចក្ដីសប្បុរស ។ ពីរឆ្នាំកន្លងទៅ ខ្ញុំបានអំពាវនាវដល់ពួកយើង ក្នុងនាមជាអ្នកដើរតាមក្នុងសេចក្ដីសញ្ញានៃព្រះយេស៊ូវគ្រីស្ទ ឲ្យធ្វើជាអ្នកផ្សះផ្សាគេ ។ ខ្ញុំសូមថ្លែងឡើងវិញនូវអ្វីដែលខ្ញុំបាននិយាយនៅពេលនោះ « កំហឹងពុំដែលល្អទេ ។ ការបង្កសត្រូវពុំស្ថាបនានរណាម្នាក់ឲ្យល្អទេ ។ ការទាស់ទែងគ្នាពុំនាំឲ្យមានដំណោះស្រាយដ៏បំផុសគំនិតឡើយ » ។
សេចក្ដីសប្បុរសចំពោះមនុស្សទាំងអស់ដោយពិត គឺជាសញ្ញាសម្គាល់នៃអ្នកផ្សះផ្សាគេ ! វាគឺជាការចាំបាច់ដែលយើងមានសេចក្ដីសប្បុរសនៅក្នុងការសន្ទនារបស់យើង ទាំងជាសាធារណៈ និងជាឯកជន ។ ខ្ញុំសូមអរគុណដល់បងប្អូនទាំងឡាយដែលបានធ្វើតាមការទូន្មានដ៏មានតម្លៃរបស់ខ្ញុំ ។ ប៉ុន្តែយើងនៅតែអាចធ្វើបានល្អជាងនេះ ។
វត្តមាននៃការបង្កជម្លោះក្នុងការសន្ទនាជាសាធារណៈ និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជារឿងដ៏គួរឲ្យព្រួយបារម្ភ ។ ពាក្យសម្ដីស្អប់ខ្ពើម គឺជាអាវុធដ៏គ្រោះថ្នាក់ ។ ការទាស់ទែងរារាំងព្រះវិញ្ញាណបរិសុទ្ធមិនឲ្យធ្វើជាដៃគូរបស់យើងដ៏ខ្ជាប់ខ្ជួនទេ ។
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ យើងគួរតែជាអ្នកដឹកនាំធ្វើជាអ្នកផ្សះផ្សាគេ ។ នៅពេលសេចក្ដីសប្បុរសក្លាយទៅជានិស្ស័យរបស់យើង នោះយើងនឹងឈប់និយាយបន្ទាបអ្នកដទៃ ។ យើងនឹងឈប់វិនិច្ឆ័យអ្នកដទៃ ។ យើងនឹងមានសេចក្ដីសប្បុរសចំពោះអ្នកទាំងឡាយណាដែលមានស្ថានភាពជីវិតផ្សេងៗទាំងអស់ ។ សេចក្ដីសប្បុរសចំពោះមនុស្សគ្រប់រូបគឺសំខាន់ណាស់នៅក្នុងការរីកចម្រើនរបស់យើង ។ សេចក្ដីសប្បុរសគឺជាគ្រឹះនៃចរិតលក្ខណៈដូចជាព្រះ ។
ចូរយើងទូលអង្វរទៅកាន់ព្រះវរបិតាសួគ៌ឲ្យបំពេញនៅក្នុងដួងចិត្តយើងជាមួយសេចក្ដីសប្បុរសកាន់តែច្រើន—ជាពិសេសចំពោះអ្នកទាំងឡាយដែលពិបាកនឹងស្រឡាញ់ ។—ដ្បិតសេចក្ដីសប្បុរសគឺជាអំណោយមួយមកពីព្រះវរបិតាសួគ៌របស់យើងសម្រាប់អ្នកដើរតាមដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។ ព្រះអង្គសង្គ្រោះគឺជាអង្គនៃមេត្រីភាព ។ យើងគឺត្រូវធ្វើជាឧបករណ៍របស់ទ្រង់សម្រាប់ភាពសុខសាន្ដ ។
ឥឡូវ ចូរយើងនិយាយអំពីគុណធម៌ ។ ព្រះអម្ចាស់ប្រាប់យើងឲ្យយកគុណធម៌តុបតែងគំនិតរបស់យើង ដោយឥតឈប់ឈរ ឡើយ ។ សូមស្រមៃមើលអំពីសន្ទុះនៃគំនិតវិជ្ជមានដែលបងប្អូននឹងទទួលបាន នៅពេលដែលបងប្អូនពង្រីកវាដោយគុណធម៌ ។ គុណធម៌ធ្វើឲ្យអ្វីៗកាន់តែល្អប្រសើរ និងកាន់តែអរសប្បាយ ! ផ្ទុយទៅវិញ សូមនឹកស្រមៃអំពីអ្វីដែលនឹងកើតឡើង នៅពេលបងប្អូនបន្ថែមគុណធម៌ចូលទៅក្នុងគំនិតមិនបរិសុទ្ធ គំនិតឃោរឃៅ ឬគំនិតអស់សង្ឃឹម ។ គុណធម៌នឹងបណ្ដេញគំនិត ទាំងនោះ ចេញ ។ គុណធម៌នឹងធ្វើឲ្យបងប្អូនមានសេរីពីភាពតានតឹង គំនិតស្មុគស្មាញ ។
បងប្អូនប្រុសស្រី កាលដែលលោកិយកាន់តែមានសេចក្ដីទុច្ចរិត នោះយើងចាំបាច់ត្រូវចម្រើនបរិសុទ្ធភាព ។ គំនិត ពាក្យសម្ដី និងសកម្មភាពរបស់យើង ចាំបាច់ត្រូវមានគុណធម៌ឥតឈប់ឈរ ហើយបំពេញដោយសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះយេស៊ូវគ្រីស្ទចំពោះមនុស្សទាំងអស់ ។ ឱកាសដ៏ល្អមាននៅចំពោះមុខយើង គឺដើម្បីប្រែក្លាយមនុស្សដែលព្រះត្រូវការឲ្យយើងប្រែក្លាយ ។
ការថ្វាយបង្គំជាទៀងទាត់នៅក្នុងដំណាក់នៃព្រះអម្ចាស់ជួយចម្រើនសមត្ថភាពរបស់យើងទាំងគុណធម៌ និងសេចក្ដីសប្បុរស ។ ដូច្នេះ ពេលវេលានៅក្នុងព្រះវិហារបរិសុទ្ធជួយបង្កើនទំនុកចិត្តរបស់យើងនៅចំពោះព្រះអម្ចាស់ ។ ការបង្កើនពេលវេលានៅក្នុងព្រះវិហារបរិសុទ្ធនឹងជួយយើងរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ យើងពុំដឹងថាថ្ងៃណា ឬម៉ោងណាដែលទ្រង់យាងមកនោះទេ ។ ប៉ុន្តែខ្ញុំដឹងថាព្រះអម្ចាស់បំផុសគំនិតដល់ខ្ញុំឲ្យជម្រុញយើងទាំងអស់គ្នាឲ្យត្រៀមខ្លួនជាស្រេចសម្រាប់ « ថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាច » នោះ ។
នៅពេលយើងព្យាយាមមានសេចក្ដីសប្បុរស និងគុណធម៌បំពេញនៅក្នុងជីវិតរបស់យើងដោយឧស្សាហ៍ព្យាយាម នោះទំនុកចិត្តរបស់យើងដើម្បីចូលទៅកាន់ព្រះនឹងកើនឡើង ។ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យបោះជំហានដើម្បីពង្រីកទំនុកចិត្ត របស់បងប្អូន នៅចំពោះព្រះអម្ចាស់ ។ បន្ទាប់មក នៅពេលយើងចូលទៅកាន់ព្រះវរបិតាសួគ៌យើងដោយមានទំនុកចិត្តខ្លាំងឡើង នោះយើងនឹងមានពេញដោយអំណរកាន់តែខ្លាំង ហើយជំនឿរបស់បងប្អូនទៅលើព្រះយេស៊ូវគ្រីស្ទនឹងកើនឡើង ។ យើងនឹងចាប់ផ្ដើមទទួលបទពិសោធន៍អំណាចខាងវិញ្ញាណដែលហួសពីក្ដីសង្ឃឹមដ៏ធំបំផុតរបស់យើង ។
យើងមានអំណរគុណចំពោះព្រះអម្ចាស់សម្រាប់ការពន្លឿនល្បឿនសាងសង់ព្រះវិហារបរិសុទ្ធក្នុងឆ្នាំថ្មីៗនេះ ។ នៅក្រោមការដឹកនាំរបស់ទ្រង់ នៅថ្ងៃនេះ យើងប្រកាសអំពីផែនការសាងសង់ព្រះវិហារបរិសុទ្ធ ១៥ នៅក្នុងទីតាំងនីមួយៗទាំងនេះ ៖
-
រេណូសា ម៉ិកស៊ិក
-
ឆរីឡូស ពេរ៉ូ
-
រីវើរ៉ា អ៊ុយរូហ្គាយ
-
កាំប៉ូហ្គ្រេន ប្រេស៊ីល
-
ព័រតូ ព័រទុយហ្គាល់
-
អ៊ុយយូ នីហ្សេរីយ៉ា
-
សាន ហូសេ ដូម៉ងតេ ភីលីពីន
-
នូមែរ៍ ញូវ ខាលេដូនី
-
លីវើភូល អូស្ត្រាលី
-
ខ័លវែល អៃដាហូ
-
ហ្វ្លាកស្តាហ្វ អារីហ្សូណា
-
រ៉ាពីដ ស៊ីធី ដាកូតា ខាងត្បូង
-
ហ្គ្រីនវីល ខារ៉ូឡៃណា ខាងត្បូង
-
ន័រហ្វូលក៍ វើជីញ៉ា
-
ស្ពែននីស ហ្វក យូថាហ៍
ខ្ញុំថ្លែងទីបន្ទាល់ថាព្រះយេស៊ូវគ្រីស្ទ ព្រះប្រោសលោះនៃអ៊ីស្រាអែល ដឹកនាំសាសនាចក្ររបស់ទ្រង់ ។ ទ្រង់កំពុងរៀបចំដើម្បីយាងមកម្ដងទៀត ។ សូមឲ្យយើងបានរៀបចំដើម្បីទទួលទ្រង់ដូចគ្នានេះផងដែរ ។ ខ្ញុំសូមអធិស្ឋានសម្រាប់ការណ៍នេះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕