សន្និសីទទូទៅ
« គេ​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដីនេះ​ឯង »
សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ២០២៥


15:5

« គេ​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដីនេះ​ឯង »

សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​បុត្រាបុត្រី​របស់​ទ្រង់ គឺជា​ទីបន្ទាល់​ដ៏​មាន​អានុភាព​ទៅកាន់​ពិភពលោក​ថា នេះ​គឺជា​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​ដ៏​ពិត ។

ជាច្រើន​ឆ្នាំ​កន្លង​ទៅ ស៊ីស្ទើរ អុជដូហ្វ និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅភាគ​ខាងត្បូង​នៃ​ប្រទេស​អាល្លឺម៉ង់ ។ នៅ​ពីមុន​ថ្ងៃ​បុណ្យអ៊ីស្ទើរ ​យើង​បាន​អញ្ជើញ​មិត្តល្អ​ម្នាក់ ដែល​ពុំ​មែនជា​សមាជិក​នៃសាសនាចក្រ ឲ្យ​ចូលរួម​កម្មវិធី​ថ្វាយបង្គំ​នៅថ្ងៃអាទិត្យ​ជាមួយ​ពួក​យើង ។ ពួកយើង​ស្រឡាញ់​មិត្ត​ដ៏​ល្អ​នេះ ដូច្នេះ​វា​គឺជា​រឿងធម្មតា​ដើម្បី​ចែកចាយ​នឹង​គាត់​ថា​តើ​ពួកយើង​មានអារម្មណ៍​អំពី​ព្រះអង្គសង្គ្រោះ និង​សាសនាចក្រ​របស់​ទ្រង់​យ៉ាងណា​ខ្លះ រួចហើយ​ក៏បានអញ្ជើញ​គាត់​ឲ្យ​មកមើល ! គាត់​បាន​ទទួល​យក​ការអញ្ជើញ ហើយបាន​ចូលរួម​ក្នុងការ​ប្រជុំ​ជាមួយ​ពួកយើង​នៅ​សាខា​ជិត​នោះ ។

បើ​បងប្អូន​ធ្លាប់​នាំ​មិត្ត​មក​ព្រះវិហារ​ជា​លើក​ដំបូង នោះ​បងប្អូន​អាចនឹង​ដឹង​ថា​ខ្ញុំ​មានអារម្មណ៍​យ៉ាងណា​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ ។ ខ្ញុំ​ចង់​ឲ្យ​អ្វីៗ​ដំណើរការ​ទៅ​យ៉ាងល្អ​បំផុត ។ មិត្ត​របស់យើង​ជាមនុស្ស​មាន​ចំណេះដឹង និង​ខាងវិញ្ញាណ​ខ្ពស់ ។ ខ្ញុំ​សង្ឃឹម​ថា​ការប្រជុំ​នៅ​សាខា​នេះ​នឹង​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ល្អ ហើយ​ធ្វើ​ជា​តំណាង​ឲ្យ​សាសនាចក្រ​បាន​ល្អ ។

សាខា​នោះ​បាន​ជួបជុំគ្នា​នៅ​បន្ទប់​ជួល​នៅ​ជាន់ទីពីរ​នៅ​ពីលើ​ហាង​ទំនិញ ។ ដើម្បី​ទៅដល់​ទីនោះ ពួក​យើង​ត្រូវ​ដើរ​ឡើង​ជណ្ដើរ​នៅ​ខាងក្រោយ​អគារ ដើរកាត់​កន្លែង​ដាក់​ទំនិញ​ដែល​មាន​ក្លិន​ខ្លាំង ។

នៅពេល​ការប្រជុំ​សាក្រាម៉ង់​ចាប់ផ្ដើម ខ្ញុំ​បាន​គិត​អំពី​បទពិសោធន៍​នេះ​ដែល​មិត្ត​ខ្ញុំ​បាន​ជួប​ជា​លើក​ដំបូង ហើយ​ខ្ញុំ​ឃើញ​ថាខ្លួនឯង​មា​ន​អារម្មណ៍​ខ្មាស​អៀន​បន្ដិច ។ ឧទាហរណ៍ ការច្រៀង​ចម្រៀង​គឺ​ពុំ​ដូចជា​ក្រុមចម្រៀង​រោងឧបោសថ​ទេ ។ មាន​ឮ​កុមារតូចៗ​ឡូឡា​មិន​ឈប់​អំឡុង​ម៉ោង​សាក្រាម៉ង់ ។ អ្នកឡើង​និយាយ​បាន​ខំ​អស់ពី​លទ្ធភាព ប៉ុន្តែ​ពួកគេ​ពុំ​ពូកែ​និយាយ​ជា​សាធារណៈទេ ។ ខ្ញុំ​បាន​អង្គុយ​នៅក្នុង​ការប្រជុំ​ទាំង​មិនស្រណុកចិត្ត​ ដោយ​សង្ឃឹម​ថា​ថ្នាក់សាលា​ថ្ងៃ​អាទិត្យ​នឹង​បាន​ល្អ​ជាង​នោះ ។

វាពុំ​ដូច្នោះទេ ។

ពេញ​មួយ​ព្រឹក ខ្ញុំ​បាន​បារម្ភ​អំពី​ការ​គិត​របស់​មិត្ត​យើង​អំពី​ព្រះវិហារ​នេះ​ដែល​ពួកយើង​បាន​នាំ​គាត់​ឲ្យ​ទៅ​ចូលរួមនោះ ។

បន្ទាប់មក នៅពេល​យើង​បើក​ឡាន​ទៅផ្ទះ ខ្ញុំ​បាន​ងាក​ទៅ​និយាយ​នឹង​មិត្ត​របស់​យើង​ ។ ខ្ញុំ​ចង់​ពន្យល់​ថា​នេះ​គឺជា​សាខា​តូចមួយ​ប៉ុណ្ណោះ ហើយ​វា​ពុំ​តំណាង​ឲ្យ​សាសនាចក្រ​ទាំងមូល​នោះទេ ។ ប៉ុន្តែ​ពីមុន​ខ្ញុំ​និយាយ គាត់បាន​និយាយ​មុន ។

គាត់​បាន​និយាយ​ថា « វា​ល្អ​ណាស់ » ។

ខ្ញុំ​គ្មាន​អ្វី​តបទេ ។

គាត់​បាន​បន្ដ​ថា « ខ្ញុំ​ពិតជា​កោតសរសើរ​ចំពោះ​របៀប​ដែល​សមាជិក​ក្នុ​ង​ព្រះវិហារ​របស់​អ្នក​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅវិញទៅមក ។ ពួកគេ​ហាក់ដូច​មាន​ដើមកំណើត​ខុសៗ​គ្នា ប៉ុន្តែ​ពួកគេ​មាន​សេចក្ដីស្រឡាញ់​ដោយ​ស្មោះ​ចំពោះ​គ្នា ។ នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​ស្រមៃ​ថា​ព្រះគ្រីស្ទ​ចង់​ឲ្យ​មាន​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ » ។

មែនហើយ ខ្ញុំ​បាន​ប្រែចិត្ត​ពី​ការវិនិច្ឆ័យ​របស់ខ្ញុំ​ភ្លាម ។ ខ្ញុំ​ចង់​បាន​រូបភាព​ការប្រជុំ​ដ៏ល្អឥតខ្ចោះ​ដើម្បីទាក់ចិត្ត​មិត្ត​របស់​ខ្ញុំ ។ ប៉ុន្តែ​អ្វី​ដែល​សមាជិក​នៅក្នុង​សាខា​នោះ​បាន​ធ្វើ​យ៉ាងជោគជ័យ​គឺ​ជាស្មារតី​នៃ​ក្ដីស្រឡាញ់​ ចិត្តល្អ ការអត់ធ្មត់ និង​ក្ដីមេត្តាករុណា​ចេញពីដួងចិត្ត​ដ៏​ល្អឥតខ្ចោះ ។

ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ​អាច​បាន​កើន​ឡើង​នៅ​លើ​ផែនដី

បងប្អូន​ប្រុសស្រី មិត្ត​ជាទី​ស្រឡាញ់ ខ្ញុំ​ស្រឡាញ់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ វាគឺជា​សាសនាចក្រ​រស់រវើកពិត​របស់​ព្រះអង្គសង្គ្រោះ ហើយ​វា​បង្រៀន​អំពី​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ ។ អំណាច និង​សិទ្ធិអំណាច​បព្វជិតភាព​របស់​ទ្រង់​គង់​នៅទីនេះ ។ ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​នេះ​ដោយផ្ទាល់ តាមរយៈ​ពួក​អ្នក​បម្រើ​ដែល​ទ្រង់​បាន​ហៅ និង​អនុញ្ញាត និង​តាមរយៈព្យាការី​នៅរស់ គឺ​ប្រធាន រ័សុល អិម ណិលសុន ។ ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នូវ​បេសកកម្ម​ដ៏​ពិសេស​មួយ​ដើម្បី​ប្រមូល​កូនចៅ​របស់​ព្រះ ហើយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា​ការណ៍​ទាំងអស់​នេះ​គឺជា​ការ​ពិត ។

ប៉ុន្តែ​វា​សំខាន់​ដើម្បី​ចងចាំ​ថា នៅពេល​មនុស្ស​ភាគច្រើន​ទទួល​បទពិសោធន៍​ជាមួយ​នឹង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជា​លើក​ដំបូង នោះ​ពួកគេ​ពុំ​បាន​គិត​អំពី​សិទ្ធិអំណាច​បព្វជិតភាព ឬ​ពិធីបរិសុទ្ធ ឬ​ការប្រមូលផ្ដុំ​នៃ​អ៊ីស្រាអែលនោះ​ទេ ។ អ្វី​ដែល​ពួកគេ​កត់សម្គាល់​លើសពី​អ្វីៗ​ទាំងអស់​នោះ គឺ​អារម្មណ៍​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​នៅជាមួយ​នឹង​យើង និង​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅវិញទៅមក ។

ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា « ចូរ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក » ។ « គេ​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដីនេះ​ឯង » ។ ជាញឹកញាប់ ទីបន្ទាល់​ដំបូង​របស់​មនុស្ស​ម្នាក់​អំពី​ព្រះយេស៊ូវគ្រីស្ទ​កើត​មាន​នៅពេល​គាត់ ឬ​នាង​ទទួលអារម្មណ៍​ក្ដីស្រឡាញ់​នៅក្នុង​ចំណោម​​ពួកសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះអង្គសង្គ្រោះ​បាន​ប្រកាស​ថា ទ្រង់​បាន​ស្ដារ​សាសនាចក្រ​របស់​ទ្រង់ « ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ​អាច​បាន​កើន​ឡើង​នៅ​លើ​ផែនដី​… » ។ ដូច្នេះ​ នៅពេល​មាន​អ្នកមកទស្សនា​ការប្រជុំ​ក្នុង​សាសនាចក្រ​យើង នោះ​ព្រះអង្គសង្គ្រោះ​មាន​ព្រះ​ទ័យចង់​ឲ្យ​ពួកគេ​ចាកចេញ​ទៅវិញ​ដោយ​មាន​ជំនឿ​កាន់តែ​រឹងមាំ​ទៅលើ​ទ្រង់ ! ក្ដីស្រឡាញ់​ដែល​មិត្ត​ពួកយើង​ទទួល​បាន​នៅក្នុង​​ពួកយើង នឹង​លើក​ពួកគេ​ឲ្យ​ខិតទៅកាន់តែ​ជិត​នឹង​ព្រះយេស៊ូវគ្រីស្ទ ! នោះ​គឺជា​គោលដៅ​ដ៏​សាមញ្ញ​របស់យើង នៅគ្រប់ពេល​ដែល​យើង​ជួបជុំគ្នា។

នរណា​ដែល​កំពុង​ស្វែងរក​ជំនឿ​កាន់តែខ្លាំង​ទៅលើ​ព្រះគ្រីស្ទ ឬ​មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និតទៅនឹង​ព្រះវរបិតាសួគ៌ គួរតែ​ដឹងថាវាមាន​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ ការអញ្ជើញ​ពួកគេ​ឲ្យ​មក​កាន់ការប្រជុំ​របស់​យើង អាច​ជា​រឿង​សាមញ្ញ​តាម​ធម្មជាតិ ដូចជា​ការអញ្ជើញ​ពួកគេ​មក​ក្នុង​ផ្ទះ​របស់​យើង​ផងដែរ ។

ភាពឥតខ្ចោះ និង​ភាពពិត

ឥឡូវ ខ្ញុំ​បានដឹង​ថា ខ្ញុំ​កំពុង​ពិពណ៌នា​អំពី​ភាពឥតខ្ចោះ ។ ហើយនៅក្នុង​ជីវិត​រមែងស្លាប់នេះ យើង​កម្រ​ជួប​បទពិសោធន៍​នៃ​ភាពឥតខ្ចោះ​ណាស់ ។ ហើយ « រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥត​ខ្ចោះ »  នោះ​នឹង​តែងតែ​មាន​នូវភាព​ខ្វះខាត​នៅចន្លោះ​ភាពឥតខ្ចោះ និង​ភាពពិត ។ ដូច្នេះ តើ​យើង​គួរ​ធ្វើ​អ្វីខ្លះ នៅពេល​ដែល​សាសនាចក្រ ពុំ មាន​អារម្មណ៍​ថា​ដូចជា​ថ្ងៃ​ល្អឥតខ្ចោះ​នោះ ? មិន​ថា​ដោយ​មូលហេតុអ្វី​នោះទេ តើ​នៅពេលណា​ដែល​វួដ​របស់យើងពុំ ទាន់បីបាច់​សេចក្ដីជំនឿ ឬ​សេចក្ដីស្រឡាញ់​ដ៏​ល្អឥតខ្ចោះ​នោះ ? ឬ​តើ​នៅពេលណា​ដែល​យើង​មានអារម្មណ៍​ថា​យើង​ពុំ​ចុះ​ចំណោម​គេ​នោះ ?

រឿង​មួយ​ដែល​យើងពុំគួរ​ធ្វើ​គឺ​បោះបង់​ភាពឥតខ្ចោះ !

ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរមរមន មាន​ដាក់បញ្ចូល​នូវ​ការព្រមាន​ដ៏សំខាន់​នេះថា « ប្រសិន​បើ​មាន​កំហុស​ណាមួយ គឺជា​សេចក្ដី​ភាន់ច្រឡំ​របស់​មនុស្ស​ទេ ហេតុ​ដូច្នេះ​ហើយ សូម​កុំ​ថ្កោលទោស​ដល់​វត្ថុ​ដែល​ជា​របស់​ផង​ព្រះ​ឡើយ » ។

តើ​សៀវភៅ—ឬ​ព្រះវិហារ ឬ​មនុស្ស​ម្នាក់— មាន « ការខុសឆ្គង » និង « កំហុស » អាច​នៅតែ​ធ្វើការ​ឲ្យ​ព្រះ​បានឬទេ ?

ចម្លើយ​របស់​ខ្ញុំ​គឺ​លាន់​រំពង​ថា ​បាន !

ដូច្នេះ​ខណៈដែល​យើង​កាន់តាមបទដ្ឋាន​ដ៏​ខ្ពស់​របស់​ព្រះអម្ចាស់ ចូរ​យើង​អត់ធ្មត់​ចំពោះ​គ្នា​ទៅវិញទៅមក​ផងដែរ ។ ពួកយើង​ម្នាក់ៗគឺជា​កិច្ចការ​មួយ​ដែលកំពុង​រីកចម្រើន ហើយ​យើងទាំងអស់​គ្នា​ពឹងផ្អែក​ទៅលើ​ព្រះអង្គសង្គ្រោះ​ដើម្បី​យើង​មាន​ការ​រីកចម្រើន ។ រឿង​នោះ​គឺជាការពិត​ចំពោះ​យើង​ម្នាក់ៗ ហើយ​វា​ជាការពិត ចំពោះ​នគរ​របស់​ព្រះ​នៅលើផែនដី ។

ព្រះអម្ចាស់​អញ្ជើញ​យើង មិនគ្រាន់តែ​ចូលរួម​នៅក្នុង​នគរ​របស់ទ្រង់​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការស្ថាបនានគរ​ផងដែរ ។ ព្រះទតមើល​ឃើញ​មនុស្ស​ដែល​មាន « ចិត្ត​តែមួយ និង​គំនិត​តែ​មួយ » ។  ដើម្បី​មាន​ដួងចិត្ត តែមួយ នោះ​យើង​ត្រូវតែ​មាន​ដួងចិត្ត បរិសុទ្ធ ហើយ​វា​តម្រូវ​ឲ្យ​មាន ការផ្លាស់ប្ដូរ​ក្នុង​ដួងចិត្ត​ដ៏ធំ ។

ប៉ុន្តែ​នោះ​ពុំមានន័យថា​ត្រូវផ្លាស់ប្ដូរ​ដួងចិត្ត​របស់​ខ្ញុំ​ដើម្បី​ឲ្យ​ត្រូវ​នឹង​បងប្អូននោះទេ ។ ហើយ​ក៏​ពុំ​មានន័យ​ថា​ត្រូវ​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​បងប្អូន​ឲ្យ​ត្រូវ​នឹង​ខ្ញុំនោះដែរ ។ វា​មានន័យ​ថា​យើង​ទាំងអស់​គ្នា​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​យើង​ដើម្បី​ឲ្យ​ត្រូវ​ទៅនឹង​ព្រះអង្គសង្គ្រោះ ។

ប្រសិនបើ​យើង​ពុំ​ទាន់ទៅដល់​កម្រិត​នោះទេ សូមចងចាំ​ថា ដោយ​មានជំនួយ​ពី​ព្រះអម្ចាស់ នោះ​គ្មាន​អ្វី​ដែល​ធ្វើ​ពុំ​បានទេ ។

ការសម និង​ការមាន​ចំណែក

ហើយ​បើសិន​ជាបងប្អូន​មានអារម្មណ៍​ថា​បងប្អូន​មិន​ចុះចំណោម​គេ សូមដឹងថា​បងប្អូន​ពុំ​ឯកោ​ឡើយ ។ តើ​យើង​ទាំងអស់​គ្នា​មិន​ស្ថិត​នៅក្នុង​ស្ថានភាព​ជីវិត ដែល​យើង​មានអារម្មណ៍​ថា​យើង​ដូចជា​មនុស្ស​ចម្លែក​នៅក្នុង​បន្ទប់​ទេ​ឬអី ? ខ្ញុំ​ធ្លាប់​ជួប​ជា​ច្រើន​ដង​មកហើយ ។ នៅ​ពេល​ខ្ញុំ​មានអាយុ ១១​ឆ្នាំ គ្រួសារ​របស់​ខ្ញុំ​ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពីផ្ទះ ហើយ​ផ្លាស់​ទៅ​តំបន់​ដែល​មិនស្គាល់ ។ គ្រប់យ៉ាង​គឺខុសប្លែក​ពី​អ្វី​ដែលខ្ញុំ​ធ្លាប់​រស់នៅ ។ ហើយការនិយាយ​របស់​ខ្ញុំ​ បង្ហាញ​ដល់​ក្មេងៗ​ដទៃទៀត​ថាខ្ញុំ​ខុសប្លែក​ពី​ពួកគេ ។ ជួនកាល នៅពេល​ខ្ញុំត្រូវការ​មិត្តភាព និង​ភាពមានចំណែក​យ៉ាងខ្លាំង នោះខ្ញុំ​បាន​មានអារម្មណ៍​ឯកោ និងពុំ​មាន​ចំណែក ។

នៅលើ​ផែនដី​នេះ ភាពខុសគ្នា​ច្រើន​បំផុត​ដែល​យើង​កត់សម្គាល់ឃើញ—ជា​ភាពខុសគ្នា​ដែល​យើង​មួយចំនួន​ប្រើ​ដើម្បី​ចាត់ថ្នាក់​គ្នា​ទៅវិញទៅមក— គឺ​ជារឿង​ខាង​លោកិយ ៖ រូបរាងខាងក្រៅ សញ្ជាតិ ភាសា សម្លៀកបំពាក់ ទំនៀមទម្លាប់ ជាដើម ។ ប៉ុន្តែ « ព្រះ​ទ្រង់​មិន​ទត​ចំពោះ​សេចក្តី ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ។ ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ » ។

តាមទស្សនៈ​របស់​ទ្រង់ មាន​ការចាត់ថ្នាក់​មួយ​ដែល​ដាក់​មុន​អ្វីៗ​ទាំងអស់​គឺ ៖ កូន​របស់ព្រះ ។ ហើយ​យើង​ទាំងអស់គ្នា​ត្រូវសម​យ៉ាងល្អឥតខ្ចោះ​នៅក្នុង​ផ្នែក​នេះ ។

​វាជារឿង​ធម្មតា​ទេ​ដែល​យើង​ចង់​នៅ​ជិត​នឹង​មនុស្ស​ដែល​មានរូបរាង និយាយ មានទង្វើ និង​គិត​ដូចជា​យើង ។ ​មាន​កន្លែងមួយ​សម្រាប់​រឿងនោះ ។

ប៉ុន្តែ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ យើង​ប្រមូល​ផ្ដុំ​កូនចៅ​ទាំងអស់​របស់​ព្រះ​ ដែល​មាន​ឆន្ទៈ​ដើម្បី​មកជួបជុំ ហើយ​ស្វែងរក​សេចក្ដីពិត ។ វា​ពុំ​មែនជា​រូបរាងខាងក្រៅ​របស់​យើង ទស្សនៈ​ខាង​នយោបាយ​របស់​យើង វប្បធម៌​របស់​យើង ឬ​ជាតិសាសន៍​របស់​យើង​ដែល​នាំ​ឲ្យ​យើង​ប្រមូលផ្ដុំគ្នា​នោះទេ ។ វាពុំមែនជាប្រវត្តិ​របស់​យើង​ដែល​នាំ​ឲ្យយើង​រួបរួមគ្នា​នោះទេ ។ វា​គឺជា​គោលដៅ​រួម​របស់យើង សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​អ្នកជិតខាង ការតាំងចិត្ត​របស់​យើង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ទ្រង់​ទេតើ ដែល​នាំ​ឲ្យ​យើង​រួបរួមគ្នា ។ ពួកយើង​គឺ « រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះគ្រីស្ទ » ។

ភាពរួបរួម​ដែល​យើង​ចង់បាន គឺ​ពុំ​មែន​ឲ្យ​មនុស្ស​គ្រប់រូប​ឈរ​នៅកន្លែង​ដូចគ្នា​នោះទេ ប៉ុន្តែ​ឲ្យ​មនុស្ស​គ្រប់រូប​បែរ​ទៅរក​ទិសដៅ​ដូចគ្នា—ឆ្ពោះ​ទៅរក​ព្រះយេស៊ូវគ្រីស្ទ ។ យើង​រួបរួមគ្នា​តែមួយ ពុំមែន​ដោយសារ​តែ​កន្លែង​ដែល​យើង​ធ្លាប់​នៅនោះទេ ប៉ុន្តែ​ជាកន្លែង​ដែល​យើង​កំពុង​ព្យាយាម​ទៅ ពុំ​មែន​ព្រោះតែ​យើង​ជានរណា​ទេ ប៉ុន្តែ​ជាមនុស្ស​ដែល​យើង​ព្យាយាម​ប្រែក្លាយ ។

នោះហើយ​គឺជា​សាសនាចក្រ​ពិត​របស់​ព្រះគ្រីស្ទ ។

រូបកាយ​តែមួយ

បើ​បងប្អូន​ស្រឡាញ់​ព្រះ បើ​បងប្អូន​ចង់ស្គាល់​ទ្រង់ឲ្យ​កាន់តែ​ល្អ​ប្រសើរ​តាមរយៈ​ការធ្វើតាម​ព្រះរាជ​បុត្រា​របស់​ទ្រង់ នោះ​បងប្អូន​មានចំណែក​នៅទីនេះ​ហើយ ។ ប្រសិនបើ​បងប្អូន​ព្យាយាម​រក្សា​បទបញ្ញត្តិ​របស់​ព្រះអង្គសង្គ្រោះ​ដោយ​ស្មោះ— ទោះ​ជា​បងប្អូន​ពុំ​ល្អឥតខ្ចោះ​នៅឡើយ​ក្ដី—នោះ​បងប្អូន​នឹង​បាន​សម​យ៉ាងឥតខ្ចោះ​ចំពោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ហើយ​ចុះ​បើ​បងប្អូន​ខុសប្លែក​ពីមនុស្ស​ដែល​នៅជុំវិញ​បងប្អូន​វិញ​នោះ ? រឿង​នោះ​ពុំ​ធ្វើឲ្យ​បងប្អូន​ពុំ​សម​នោះឡើយ—វា​ធ្វើ​ឲ្យ​បងប្អូន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​រូបកាយ​របស់​ព្រះគ្រីស្ទ​វិញ ។ អវយវៈ​ទាំងអស់​គឺ​ចាំបាច់​នៅក្នុង​រូបកាយ​នៃ​ព្រះ​គ្រីស្ទ ។ ត្រចៀក​អាច​ស្ដាប់​ឮ​ដែល​ភ្នែក​ពុំ​អាច​ធ្វើ​បាន ។ ជើង​ធ្វើ​នូវអ្វី​ដែល​ដៃ​មិន​អាច​ធ្វើបាន ។

នោះ​ពុំ​មាន​ន័យ​ថា ការងារ​របស់​បងប្អូន​គឺ​ត្រូវ​ផ្លាស់ប្ដូរ​មនុស្ស​គ្រប់រូប​ដើម្បី​ឲ្យ​ក្លាយ​ដូចជា​បងប្អូន​នោះទេ ។ ប៉ុន្តែ​វា​មានន័យ​ថា បងប្អូន​មាន​អ្វីមួយ​សំខាន់​ដើម្បី​ចូលរួមចំណែក—ហើយ​ថា​បងប្អូន​មានអ្វីមួយ​សំខាន់​ដើម្បី​រៀនសូត្រ !

សំឡេង​តែមួយ

នៅគ្រប់​សម័យប្រជុំ​នៃ​សន្និសីទ​ទូទៅ ពួក​យើង​មាន​ពរជ័យ​ដើម្បី​ស្ដាប់​តន្ត្រី​ដ៏​បំផុសគំនិត​មកពី​ក្រុមចម្រៀង​ដ៏​មាន​ទេពកោសល្យ ។ នៅពេល​បងប្អូន​ស្ដាប់ បងប្អូន​អាច​កត់សម្គាល់​ថា អ្នកច្រៀង​ពុំ​ច្រៀង​ចម្រៀង​ទាំងអស់​ដោយ​ខ្ទង់ភ្លេង​ដូចគ្នា​នោះទេ ។ ពេលខ្លះ​វគ្គ​មួយ​មាន​បទ​ភ្លេង ពេលខ្លះ​វគ្គផ្សេង ។ ប៉ុន្តែ​ពួកគេ​ទាំងអស់គ្នា​ចូលរួម​ចំណែក​ឲ្យ​មាន​សំឡេង​ពិរោះ ហើយ​ពួកគេ​រួបរួម​គ្នា​ទាំងស្រុង ។ សមាជិក​ក្រុមចម្រៀង​ម្នាក់ៗ​មាន​គោលដៅ​រួម​ដូចគ្នា ៖ គឺ​ដើម្បី​សរសើរ​តម្កើង​ព្រះ ហើយ​បង្វែរ​ដួងចិត្ត​យើង​ទៅរក​ទ្រង់ ។ ម្នាក់ៗ​ត្រូវតែ​មាន​គំនិត និង​ដួងចិត្ត​ផ្ដោត​ទៅលើ​គោលបំណង​ដ៏ទេវភាព​ដូចគ្នា ។ ហើយ​នៅពេល​ធ្វើដូច្នោះ នោះពួកគេ​ពិតជា​មានសំឡេង​តែមួយបាន ។

ប្រសិនបើ​បងប្អូន​ពុំ​ទាន់​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ទេ ពួកយើង​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ចូលរួម​នឹង​ពួកយើង នៅពេល​ពួកយើង​រីករាយ​នៅក្នុង « ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោស​លោះ » របស់​ព្រះអង្គសង្គ្រោះ ។ ពួក​យើង​ត្រូវការ​បងប្អូន ។ យើង​ស្រឡាញ់​បងប្អូន ។ សាសនាចក្រ​នឹង​បានកាន់តែ​ល្អ​ប្រសើរ​នៅពេល​បងប្អូន​ខិតខំ​បម្រើ​ព្រះអម្ចាស់ និង​កូនចៅ​របស់​ទ្រង់ ។

ប្រសិនបើ​បងប្អូនបាន​បង្ហាញ​រួចហើយ តាមរយៈ​ពិធីបុណ្យជ្រមុជទឹក តាមរយៈ​ការធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ នោះ​បំណងប្រាថ្នា​របស់​បងប្អូន​ដើម្បី « ចូល​រួម​ក្នុង​ក្រោល​នៃ​ព្រះ ហើយ​ដើម្បី​ឲ្យ​បាន​ហៅ​ថា​ជា​រាស្ត្រ​របស់​ទ្រង់ » អរគុណ​បងប្អូន​ដែលបាន​ចូលរួម​នៅក្នុង​កិច្ចការ​ដ៏​សំខាន់ និងទេវភាព​នេះ និង​ដែល​បាន​ជួយ​ធ្វើឲ្យ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ក្លាយជា​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​សព្វ​ព្រះទ័យ​ចង់​បាន ។​

ដូចដែល​ខ្ញុំ​បានរៀន​មកពី​មិត្ត​ខ្ញុំ​នៅ​អាល្លីម៉ង់ ​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​បុត្រាបុត្រី​របស់​ទ្រង់ គឺជា​ទីបន្ទាល់​ដ៏​មាន​អានុភាព​ទៅកាន់​ពិភពលោក​ថា នេះ​គឺជា​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​ដ៏​ពិត ។

សូម​ឲ្យ​ព្រះ​ប្រទានពរ​ដល់​យើង​ឲ្យ​ព្យាយាម​យ៉ាងអត់ធ្មត់ ប៉ុន្តែ​ដោយ​ឧស្សាហ៍ព្យាយាម​ដើម្បី​រស់នៅ​តាម​ភាពដ៏ល្អឥតខ្ចោះ​ដែល​ព្រះអង្គសង្គ្រោះ ព្រះប្រោសលោះ និង​ចៅហ្វាយនាយ​របស់​យើង​បាន​កំណត់​សម្រាប់​យើង— ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​នឹង​ដឹង​ថា​យើង​គឺជា​ពួកសិស្ស​របស់​ទ្រង់ ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. យ៉ូហាន ១៣:៣៤–៣៥,New King James Version ។

  2. គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:២១ ។

  3. សូម​មើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៦:៥–៦ ។

  4. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥០:២៤ ។

  5. ម៉ូសេ ៧:១៨ ។

  6. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៧:២១ ។

  7. សូមមើល អាលម៉ា ៥:១៤ ។

  8. សូមមើល លូកា ១:៣៧ ។

  9. សាំយ៉ូអែល ទី១ ១៦:៧ New English Translation ។

  10. សូមមើល រ័សុល អិម ណិលសុន « ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  11. កាឡាទី ៣:២៨ ។

  12. សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:៣៦ ។

  13. សូមមើល កូរិនថូស ទី១ ១២:១២–២៧ ។ នៅក្នុង​រូបកាយ​នៃ​ព្រះគ្រីស្ទ យើង​ពុំបដិសេធ​នូវភាព​ខុសគ្នា​នោះឡើយ ហើយ​យើង​មិន​គ្រាន់តែទ្រាំ​នោះ​ទេ ។ យើង​មាន​អំណរគុណ​ចំពោះ​ការចូលរួម​ចំណែក​ជាពិសេស​របស់​អវយវៈ​នីមួយៗ​ដើម្បី​ជា​សេចក្ដីល្អ​ដល់​រូបកាយ​ទាំងមូល ។

  14. ​វា​នឹង​មិន​ត្រឹមត្រូវទេ​ដើម្បី​ឲ្យត្រចៀក​មើល​ទៅ​រូបកាយ​ហើយ​និយាយ​ថា « អញ​មិនដូច​ជា​ភ្នែក​ទេ ។ មិនមាន​កន្លែងសម្រាប់​អញ​នៅទីនេះ​ទេ ។ » វា​ក៏​មិន​ត្រឹមត្រូវ​ផងដែរ​ដែល​ភ្នែក​និយាយ​ទៅ​ត្រចៀក​ថា « ឯង​មិន​ដូច​អញ ។ អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ » ( សូមមើល កូរិនថូស ទី១ ១២:១៦, ២១ ) ។

  15. អាលម៉ា ៥:២៦ ។

  16. ម៉ូសាយ ១៨:៨ ។ នៅពេល​យើង​ជ្រមុជទឹក នោះយើង​ធ្វើជា​សាក្សី​ថា នៅក្នុង​រឿងផ្សេងៗ​ទាំងអស់ យើង​ចង់​ធ្វើ​ជា​ចំណែក​មួយ​នៃ​ក្រុមមនុស្ស​ដែល « ទទួល​បន្ទុក​គ្នា​ទៅវិញទៅមក » ហើយ « ទួញយំ​ជាមួយ​អស់​អ្នក​ណា​[ ដែល ]​ទួញយំ » ហើយ « កម្សាន្ដទុក្ខ​ដល់​អស់​អ្នកណា​ដែល​កំពុង​ត្រូវការ​កម្សាន្ដ​ទុក្ខ » ( ខទី ៨–៩ ) ។ ម្យ៉ាងទៀត នៅពេល​យើង​ចូលរួម​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​កំពុង​និយាយ—ដោយរាបសារ ប៉ុន្តែ​ច្បាស់លាស់—ថា យើង​ចង់​ប្រែក្លាយ​ឲ្យ​កាន់តែដូចជា​ព្រះអង្គសង្ក្រោះ​ជា​ទីស្រឡាញ់​របស់យើង ហើយ​យើង​ចង់​ធ្វើ​វា​ជាមួយ​គ្នា ។