សន្និសីទទូទៅ
គ្រា​តាំង​របស់​ទាំងអស់​ឡើង​វិញ
សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ២០២៥


15:21

គ្រា​តាំង​របស់​ទាំងអស់​ឡើង​វិញ

កិច្ចការ ៣:២១ )

« ដំណឹង​ល្អ » ដ៏​សំខាន់ និង​រុងរឿង​បំផុត គឺជា​សារលិខិត​ដែល​ព្រះ​អម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​បានស្ដារ​ដំណឹងល្អ និង​សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ​នៅក្នុង​ថ្ងៃចុងក្រោយ​នេះ ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ត្រូវបាន​បង្កើត​ឡើង ១៩៥ ឆ្នាំ​កន្លង​មក​ហើយ នា​ថ្ងៃទី​៦ ខែមេសា ឆ្នាំ១៨៣០ ។

ក្រុមជំនុំ​នៃ​ពួក​អ្នកជឿ​តូច​មួយ និង​មិត្តភក្តិ​បាន​ប្រមូលផ្ដុំ​គ្នា​សម្រាប់​ឱកាស​ដ៏​សំខាន់ និង​សប្បាយ​រីករាយ​នេះ ។ ព្រះវិញ្ញាណ​ដែល​ចាក់ស្រោច​មក​ដ៏​មហិមា បានប្រទាន​ពរ​ដល់​មនុស្ស​ទាំងអស់​ដែល​ចូលរួម នៅពេល​ដែល​ពិធីសាក្រាម៉ង់​ត្រូវបាន​ធ្វើឡើង អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវបាន​ប្រគល់​ឲ្យ ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ត្រូវបាន​ធ្វើ​ឡើង និង​សេចក្តីពិត​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ផ្សព្វផ្សាយ ។

នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ថាបនា​ឡើងវិញ​របស់​ទ្រង់ ព្រះអម្ចាស់​បាន​តែងតាំង យ៉ូសែប ស្ម៊ីធ ដែល​មាន​អាយុ ២៤​ឆ្នាំ ​តាមរយៈ​វិវរណៈ ធ្វើ​ជា​អ្នកដឹកនាំ​សាសនាចក្រ​នៅលើ​ផែនដី ៖ « ជា​អ្នក​មើល​ឆុត ជា​អ្នក​បកប្រែ ជា​ព្យាការី ជា​សាវក​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​អែលឌើរ​នៃ​សាសនាចក្រ​តាម​ព្រះហឫទ័យ​នៃ​ព្រះ​ដ៏​ជា​ព្រះវរបិតា និង​ព្រះគុណ​នៃ​ព្រះអម្ចាស់​របស់​អ្នក ដ៏​ជា​ព្រះយេស៊ូវគ្រីស្ទ » ។

ខ្ញុំ​អធិស្ឋាន​ដោយ​ស្មោះ​ទូល​សុំជំនួយ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ នៅ​ពេល​យើង​ពិចារណា​ពី​សារៈសំខាន់ និង​ឥទ្ធិពល​ដែល​កំពុងបន្ត​នៃ​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ នៅក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក ។

ការនិមិត្ត​ដំបូង

ការបង្កើតឡើង​ជា​ផ្លូវការ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ គឺជា​លំដាប់លំដោយ​នៃ​បទពិសោធន៍​ដ៏​អព្ភូតហេតុ ។ បទពិសោធន៍​ដំបូង​នៃ​បទពិសោធន៍​ទាំងនេះ​បានកើតឡើង ១០​ឆ្នាំ​មុន នៅ​ប៉ែក​ខាងជើង​នៃ​រដ្ឋ​ញូវយ៉ក ។

នៅ​និទាឃ​រដូវ​ឆ្នាំ​១៨២០ យុវជន​ម្នាក់​ដែល​មាន​ឈ្មោះ​ថា យ៉ូសែប ស្ម៊ីធ បាន​ទៅ​ក្នុង​ព្រៃ​ក្បែរ​ផ្ទះ​របស់​លោក​ដើម្បី​អធិស្ឋាន ។ លោក​មាន​សំណួរ​ទាក់ទង​នឹង​សេចក្តីសង្រ្គោះ​នៃ​ព្រលឹង​របស់​លោក ហើយ​លោក​ចង់​ដឹង​ថា « [ ព្រះវិហារ ]​ណា​មួយ​ទៅ​ដែល​ត្រូវ ដើម្បី​ឲ្យ​បានដឹង​ថា [ លោក ] គួរ​ចូលរួម​ព្រះវិហារ​ណា​មួយ » ។ យ៉ូសែប​បាន​ទុកចិត្ត​ថា ព្រះ​នឹង​ឆ្លើយតប​ការអធិស្ឋាន​របស់​លោក ហើយ​ដឹកនាំ​លោក ។

សូម​ជ្រាប​ថា យ៉ូសែប​មិន​បាន​អធិស្ឋាន​គ្រាន់តែ​ចង់ដឹង​អ្វី​ដែល​ត្រឹមត្រូវ​នោះ​ទេ ។ ផ្ទុយ​ទៅវិញ លោក​បាន​អធិស្ឋាន​ដើម្បី​ដឹង​ថា​អ្វី​ដែល​ត្រូវ ដូច្នេះ​លោក​អាច​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។ យ៉ូសែប​បាន​ទូលសួរ​ដោយ​សេចក្តីជំនឿ ហើយ​បានប្តេជ្ញាចិត្ត​ដើម្បី​ធ្វើ​តាម​ចម្លើយ​ដែល​លោក​បានទទួល ។

« នៅ​ក្នុង​[ ការឆ្លើយតប ]​ចំពោះ​ការអធិស្ឋាន​ដោយ​[ ស្មោះត្រង់ ]​របស់​លោក ព្រះ​ដ៏​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ បានលេច​មក​ជួប​យ៉ូសែប ហើយ​បាន​ផ្ដើម ‹ តាំង​របស់​ទាំងអស់​ឡើង​វិញ › ( កិច្ចការ ៣:២១ ) ដូច​បាន​ទាយទុក​ក្នុង​ព្រះគម្ពីរ​ប៊ីប ។ នៅ​ក្នុង​ការនិមិត្ត​នេះ លោក​បាន​រៀន​ថា បន្ទាប់ពី​ការស្លាប់​របស់​ពួក​សាវក​ជំនាន់​ដើម នោះ​ព្រះវិហារ​របស់​ព្រះគ្រីស្ទ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​ត្រូវ​បាន​បាត់បង់​ពី​ផែនដី » ។ យ៉ូសែប ស៊្មីធ នឹង​ធ្វើ​ជា​ឧបករណ៍​នៅក្នុង​ការស្ដារឡើងវិញ​នូវ​គោលលទ្ធិ សិទ្ធិអំណាច និង​សេចក្តីសញ្ញា ព្រមទាំង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​សាសនាចក្រ​ពី​បុរាណ​របស់​ព្រះអង្គ សង្រ្គោះ​សា​ជា​ថ្មី​ម្តងទៀត ។

ការនិមិត្ត​ដំបូង<nb/>។

យ៉ូសែប​បានបញ្ជាក់​ថា ៖ « ខ្ញុំ​បាន​ឃើញ​តួ​អង្គ​ពីរ ដែល​មាន​រស្មី និង​សិរី​រុងរឿង​ដែល​ពុំ​អាច​ពិពណ៌នា​បានឡើយ ឈរនៅ​លើ​អាកាស​ពីលើរូបខ្ញុំ ។ តួអង្គ​មួយ​មាន​ព្រះបន្ទូល​មក​ខ្ញុំ ដោយ​ហៅ​ខ្ញុំ​តាម​ឈ្មោះ ហើយ​ចង្អុល​ទៅ​តួអង្គ​មួយ​ទៀត ដោយ​មាន​ព្រះបន្ទូល​ថា—នេះ​ជា​ព្រះរាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ ! »

តាមរយៈ​ការនិមិត្ត​នេះ និង​បទពិសោធន៍​កើតឡើង​ដ៏​ទេវភាព​បន្តបន្ទាប់​មក​ទៀត យ៉ូសែប ស៊្មីធ ចាប់ផ្ដើម​យល់​ថា ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ​បានស្គាល់​លោក​ដោយ​ផ្ទាល់ ខ្វល់ខ្វាយ​អំពី​សេចក្តីសង្រ្គោះ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​លោក ហើយ​មាន​បេសកកម្ម​មួយ​សម្រាប់​លោក​ធ្វើ ។ លោក​ក៏​បានរៀន​មេរៀន​ដ៏​សំខាន់​មួយ​អំពី​គុណលក្ខណៈ ចរិក​លក្ខណៈ និង​ភាពល្អ​ឥតខ្ចោះ​នៃ​ក្រុមព្រះ​ផងដែរ—ហើយ​ថា ព្រះវរបិតា និង​ព្រះរាជបុត្រា​គឺជា​អង្គ​ដាច់​ដោយឡែក និង​ផ្សេង​ពី​គ្នា ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​របស់​ព្រះ​ពិតប្រាកដ​ទាំង​នៅក្នុង​វិញ្ញាណ និង​នៅក្នុង​សាច់ឈាម ។

យ៉ូសែប ស្ម៊ីធ បានប្រកាស​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​តួអង្គ​ដែល​មាន​រូបកាយ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ព្រះវរបិតា ទ្រង់​មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង ដែល​ជាក់ស្ដែង​ដូចជា​រូបកាយ​មនុស្ស ព្រះរាជបុត្រា​ក៏​ដូច្នោះ​ដែរ ប៉ុន្តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង​ឡើយ តែ​មាន​រូប​ជា​វិញ្ញាណ​វិញ » ។

ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ពី​ការយាង​មក​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទៅកាន់ យ៉ូសែប ស្ម៊ីធ ថាជា​ព្រឹត្តិការណ៍​ដែល​ផ្ដួចផ្ដើម​ដ៏​ធំ​« នូវ​ការសាង​ឡើង​វិញ​នៃ​របស់​ទាំង​អស់ ដែល​បាន​ពោល​ដោយ​មាត់​នៃ​ពួក​ព្យាការី​បរិសុទ្ធ ចាប់​តាំង​ពី​ដើម​មក » ។

ព្រះគម្ពីរ​មរមន

លំដាប់លំដោយ​នៃ​បទពិសោធន៍​ដ៏​អព្ភូតហេតុ​ទី​ពីរ ដែល​បាន​ដឹកនាំ​ទៅ​រក​ការបង្កើត​ឡើង​ជា​ផ្លូវការ​នៃ​ការស្ដារឡើងវិញ​នូវ​សាសនាចក្រ​របស់​ព្រះអង្គសង្រ្គោះ គឺជា​ការបកប្រែ និង​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ។

ព្រះគម្ពីរ​មរមន<nb/>៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ<nb/>។

« យ៉ូសែប ស៊្មីធ​ត្រូវ​បាន​ប្រគល់​អំណោយទាន និង​អំណាច​នៃ​ព្រះ​ដើម្បី​បកប្រែ​កំណត់ត្រា​ពី​បុរាណ​គឺ​ព្រះ​គម្ពីរ​មរមន ៖ សក្ខីបទ​មួយ—ទៀត​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ … អត្ថបទ​ដ៏​ពិសិដ្ឋ​នេះ រួម [ មាន ]​នូវ​ដំណើររឿង​នៃ​ការបម្រើ​ដោយផ្ទាល់​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ចំណោម​រាស្ត្រ​នៅ​អឌ្ឍគោល​ខាងលិច​ភ្លាម​បន្ទាប់ពី​ការ​រស់ឡើងវិញ​របស់​ទ្រង់ ។ [ ព្រះគម្ពីរ​មរមន ] បង្រៀន​អំពី​គោលបំណង​ជីវិត ហើយ​ពន្យល់​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដែល​សំខាន់​ចំពោះ​គោលបំណង​នោះ ។ ជា​ដៃគូ​គម្ពីរ​ទៅនឹង​គម្ពីរ​ប៊ីប ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​ថា មនុស្ស​គ្រប់រូប​គឺជា​បុត្រា​បុត្រី​នៃ​ព្រះបិតា​សួគ៌​ជា​ទីស្រឡាញ់ ថា​ទ្រង់​មានផែនការ​ដ៏​ទេវភាព​សម្រាប់​ជីវិត​របស់​យើង ហើយ​ថា​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ មាន​បន្ទូល​នៅ​សព្វថ្ងៃនេះ ក៏​ដូចជា​ពី​ជំនាន់​មុន​ដែរ » ។

ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ​ដែល​បានស្ដារ​ឡើងវិញ​របស់​ព្រះអង្គសង្រ្គោះ « យើង​ខ្ញុំ​ជឿ​ថា ព្រះគម្ពីរ​ប៊ីប​គឺជា​ព្រះបន្ទូល​នៃ​ព្រះ បើសិនជា​បាន​បកប្រែ​ត្រឹម​ត្រូវ យើង​ខ្ញុំ​ក៏​ជឿ​ដែរ​ថា ព្រះគម្ពីរ​មរមន​ជា​ព្រះបន្ទូល​នៃ​ព្រះ » ។ ព្រះគម្ពីរ​មរមន​គឺជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ បញ្ជាក់​ភាពពេញលេញ​នៃ​ព្រះគម្ពីរ​ប៊ីប ហើយ​ស្ដារឡើងវិញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ​ជាច្រើន ដែល​បាន​បាត់បង់​ពី​ព្រះគម្ពីរ​ប៊ីប ។

បព្វជិតភាព​បាន​ស្តារ​ឡើង​វិញ

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​បង្រៀន​ថា សាសនាចក្រ​ដើម​ដែល​បាន​បង្កើតឡើង​ដោយ​ព្រះអង្គសង្រ្គោះ ដោយ​នូវ​សិទ្ធិអំណាច គោលលទ្ធិ និង​សេចក្តីសញ្ញា និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​របស់​ខ្លួន ត្រូវបាន​បាត់បង់​ពី​ផែនដី ។ ដោយ​ជា​ផ្នែក​នៃ​ការស្ដារឡើងវិញ​ដែល​បាន​ព្យាករ​នៃ​អ្វីៗ​ទាំងអស់​នៅក្នុង​ថ្ងៃចុងក្រោយ ពួក​ព្យាការី និង​ពួកសាវក​ពី​បុរាណ បានប្រគល់​សិទ្ធិអំណាច​ដល់ យ៉ូសែប ស្ម៊ីធ ដោយ​ផ្ទាល់ ហើយ​បាន​ប្រគល់​ឲ្យ​នូវ​កូនសោ​បព្វជិតភាព​ដល់​លោក ។ នេះ​គឺជា​លំដាប់លំដោយ​នៃ​បទពិសោធន៍​ដ៏​អព្ភូតហេតុ​ទីបី ដែល​បានដឹកនាំ​ទៅ​រក​ការបង្កើត​ឡើង​ជា​ផ្លូវការ​នៃ​ការស្ដារឡើងវិញ​នូវ​សាសនាចក្រ​របស់​ព្រះអង្គសង្រ្គោះ ។

សិទ្ធិ​អំណាច​បព្វជិតភាព​អនុញ្ញាត​ឲ្យ​ពួកអ្នកបម្រើ​របស់​ព្រះ​ដើម្បី « ធ្វើជា​អ្នកតំណាង​ឲ្យ​[ ទ្រង់ ] និង​ប្រព្រឹត្តនៅ​ក្នុង​ព្រះនាម​ទ្រង់ » ។ « កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​គឺជា​សិទ្ធិ​អំណាច​ដើម្បី​ដឹកនាំ​ការប្រើប្រាស់​បព្វជិតភាព​ជំនួស​ឲ្យ​បុត្រាបុត្រី​របស់ព្រះ » ។

ការស្ដារ​បព្វជិតភាព​ឡើងវិញ<nb/>។

ក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា យ៉ូហាន បាទីស្ទ​ដែល​បាន​រស់ឡើងវិញ​បាន​ស្ដារ​សិទ្ធិអំណាច​ដើម្បី​ធ្វើពិធី​បុណ្យជ្រមុជទឹក​ដោយ​ការ​ពន្លិច​សម្រាប់​ការ​ផ្ដាច់​បាប នៅ​ឆ្នាំ១៨២៩ ។ នៅឆ្នាំ​ដដែល​នោះ ពួកសាវកបី​នាក់​ក្នុង​ចំណោម​ពួកសាវក​ដប់ពីរ​នាក់​កាលពី​ដើម—ពេត្រុស យ៉ាកុប និង​យ៉ូហាន—បាន​ស្ដារភាព​ជា​សាវក និង​សិទ្ធិអំណាច​បព្វជិតភាព និង​កូនសោ​ទាំងឡាយ​ឡើងវិញ ។

ប្រាំមួយ​ឆ្នាំ​ក្រោយ​ពី​ការបង្កើត​សាសនាចក្រ​ជា​ផ្លូវការ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺឡង់ ម៉ូសេ អេលីយ៉ាស និង​អេលីយ៉ា បាន​ប្រគល់​ឲ្យ​នូវ​សិទ្ធិអំណាច​បន្ថែម​ដល់​យ៉ូសែប ដែល​ចាំបាច់​ដើម្បី​សម្រេច​កិច្ចការ​របស់​ព្រះ​នៅក្នុង​សម័យ​ចុងក្រោយ ។

ម៉ូសេ​បាន​ប្រគល់​ឲ្យ​នូវ​កូនសោ​នៃ​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។

អេលីយ៉ាស​បាន​ប្រគល់​ឲ្យ​នូវ​គ្រាកាន់​កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​របស់​អ័ប្រាហាំ ដោយ​រួម​ទាំង​ការស្ដារឡើងវិញ​នៃ​សេចក្តីសញ្ញា​អ័ប្រាហាំ ។

អេលីយ៉ា​បាន​ប្រគល់​ឲ្យ​នូវ​កូនសោ​នៃ​អំណាច​ផ្សារភ្ជាប់ ដែល​ផ្ដល់​នូវ​សិទ្ធិអំណាច​ដែល​អនុញ្ញាត​ឲ្យ​ពិធីបរិសុទ្ធ​ទាំងឡាយ​ដែល​បាន​ធ្វើឡើង​នៅលើ​ផែនដី ត្រូវ​ចង​ដល់​ភាពអស់កល្ប​ជានិច្ច​ដូចជា ការភ្ជាប់​ក្រុមគ្រួសារ​ជាមួយ​គ្នា​នៅក្នុង​ទំនាក់ទំនង​ដ៏​នៅ​អស់កល្បជានិច្ច ដែល​ឆ្លងកាត់​សេចក្តីស្លាប់ ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​រៀបចំ​ឡើង

នៅពេល យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​ព្រះគម្ពីរ​មរមន លោក​បាន​ទទួល​វិវរណៈ​ដែល​បង្ហាញ​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ត្រូវបាន​ស្ថាបនា​ឡើងវិញ ។ ប៉ុន្តែ​ព្រះអម្ចាស់​បានណែនាំ​យ៉ូសែប​មិន​ឲ្យ​បង្កើត​សាសនាចក្រ​របស់​ទ្រង់​ភ្លាមៗ​នោះ​ទេ ។ ផ្ទុយ​ទៅវិញ « ដោយ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ និង​វិវរណៈ » ព្រះអម្ចាស់​បានបើកសម្តែង​ដល់​យ៉ូសែប​នូវ « ថ្ងៃ​ដ៏​ជាក់ … [ លោក ] គប្បី​ចាប់​កសាង​សាសនាចក្រ​របស់​ទ្រង់​[ ម្តងទៀត ]​នៅលើ​ផែនដី » ។

សាសនាចក្រ​ត្រូវ​បាន​បង្កើតឡើង​តាម​លំដាប់លំដោយ​ដ៏​ត្រឹមត្រូវ តែ​បន្ទាប់​ពី​ការស្ដារឡើងវិញ​នៃ​បព្វជិតភាព និង​ការបោះពុម្ព​នៃ​ព្រះគម្ពីរ​មមរន​ប៉ុណ្ណោះ ។ ព្រះគម្ពីរ​មរមន​ដែល​បានបោះ​ពុម្ព​ជា​លើក​ទី​មួយ មាន​សម្រាប់​ប្រើប្រាស់​នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ១៨៣០ ហើយ​សាសនាចក្រ​ត្រូវ​បាន​បង្កើតឡើង​នៅថ្ងៃទី៦ ខែមេសា ។

ព្រះអង្គសង្គ្រោះ ព្រះ​យេស៊ូវគ្រីស្ទ<nb/>។

« សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ … គឺជា​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​នៅក្នុង​គម្ពីរ​សញ្ញាថ្មី​ដែល​បាន​ស្ដារឡើងវិញ ។ សាសនាចក្រ​នេះ​គឺ​ជា​យុថ្កា​នៅ​ក្នុង​ជីវិត​ដ៏​ឥតខ្ចោះ​នៃ​ថ្មជ្រុង​យ៉ាងឯក គឺ​ព្រះយេស៊ូវគ្រីស្ទ និង​នៅក្នុង​ដង្វាយធួន​ដ៏​និរន្ដរ៍ និង​ការ​រស់ឡើងវិញ​ដ៏ពិត​របស់ទ្រង់ ។ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ហៅ​ពួកសាវក​ជា​ថ្មី​ម្ដងទៀត ហើយ​បាន​ប្រគល់​សិទ្ធិអំណាច​បព្វជិតភាព​ដល់​ពួកគេ ។ ទ្រង់​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​មក​រកទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់ ដើម្បី​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និង​ដើម្បី​ទទួល​បាន​អំណរ​ដ៏​ខ្ជាប់ខ្ជួន » ។

សម័យ​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់

ការបង្ហាញ​ព្រះកាយ​នៃ​ព្រះវរបិតា និង​ព្រះរាជបុត្រា​ចំពោះ យ៉ូសែប ស្ម៊ីធ ការបកប្រែ និង​ការលេច​ចេញមក​នៃ​ព្រះគម្ពីរ​មរមន និង​ការស្ដារឡើងវិញ​នៃ​កូនសោ និង​សិទ្ធិអំណាច​បព្វជិតភាព គឺជា​តម្រូវការ​ចាំបាច់​​ដើម្បី​បង្កើត​សាសនាចក្រ​ដែល​បានស្ដារឡើងវិញ​របស់​ព្រះអម្ចាស់​កាល​ពី ១៩៥ ឆ្នាំ​កន្លង​ទៅ មក​ទល់នឹង​សព្វថ្ងៃនេះ ។

នៅក្នុង​គម្ពីរ​សញ្ញាចាស់ ព្យាការី​ដានីយ៉ែល​បាន​បកស្រាយ​សុបិន​អំពី​ថ្ម​ដែល​ដាប់​ផ្ដាច់​ចេញ​ពី​ភ្នំ​ឥត​ដៃ​ណា​ធ្វើ និង​បាន​ពេញ​ផែនដី​ទាំង​មូល ។ មួយ​ឆ្នាំ​បន្ទាប់ពី​ការបង្កើត​សាសនាចក្រ ព្រះអម្ចាស់​បានណែនាំ យ៉ូសែប ស្ម៊ីធ ថា​កូនសោ​នគរ​នៃ​ព្រះ « ត្រូវ​បាន​ផ្ទុក​ផ្ដាក់​ដល់​មនុស្ស​នៅ​លើ​ផែនដី » ហើយ « ដំណឹង​ល្អ​[ នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង ]​ត្រូវ​រមៀល​ចេញ​ទៅ​ដល់​ទី​បំផុត​ផែនដី ដូច​ជា​ថ្ម​ដែល​ដាប់​ផ្ដាច់​ចេញ​ពី​ភ្នំ​ឥត​ដៃ​ណា​ធ្វើ នឹង​រមៀល​ចេញ​ទៅ​រហូត​ដល់​បាន​ពេញ​ផែនដី​ទាំង​មូល » ​ជា​ថ្មី​ម្តង​ទៀត​ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ៖ព្រះអម្ចាស់​បាន​បំពេញ​ការសន្យា​របស់​ទ្រង់ ។ សាសនាចក្រ​ដែល​បានស្ដារឡើងវិញ​របស់​ព្រះអង្គសង្រ្គោះ គឺ​ត្រូវ​បានស្ថាបនា​ឡើង​នៅ​ទូទាំង​ពិភពលោក ហើយ​ជា​ឧបករណ៍​ដែល​ព្រះ​នឹង « បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះគ្រីស្ទ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​របស់​នៅ​ផែនដី​ផង » ។

កិច្ចការ​នៅ​ថ្ងៃចុងក្រោយ​របស់​ព្រះអម្ចាស់ « គឺ​ជា​បុព្វហេតុ​ដែល​ប្រជារាស្ត្រ​របស់​ព្រះ​ចាប់​អារម្មណ៍​នៅក្នុង​គ្រប់​សម័យកាល វា​គឺ​ជា​ប្រធាន​បទ​មួយ​ដែល​ព្យាការី សង្ឃ និង​ស្តេច​បាន​រស់នៅ​ក្នុង​គ្រា​ដ៏​រីករាយ​អស្ចារ្យ ពួកគេ​បាន​ទន្ទឹង​ចាំ​ដោយ​អំណរ​នា​ជំនាន់​ដែល​ពួកយើង​រស់នៅ ហើយ​បាន​រីករាយ​ដោយ​អំណរ និង​សេចក្ដី​សង្ឃឹម​ពី​សួគ៌ា​រហូត​ដល់​ពួកគេ​បាន​ច្រៀង ហើយ​សរសេរ ព្រមទាំង​បាន​ព្យាករ​ពី​ជំនាន់​របស់​យើង​នេះ » ។

នៅ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​ដ៏​មហិមា និង​ចុងក្រោយ​បំផុត « ទាំង​មូល និង​ពេញ​លេញ និង​ល្អ​ឥត​ខ្ចោះ​នៃ​ការ​កាន់កាប់​ត្រួតត្រា និង​កូន​សោ និង​អំណាច និង​សិរី​ល្អ​ទាំង​ឡាយ​បាន​កើត​ឡើង ហើយ​បាន​បើក​សម្ដែង​ប្រាប់ តាំង​ពី​សម័យ​លោក​អ័ដាម រហូត​មក​ដល់​ពេល​នេះ ។ ហើយ​មិន​តែ​ប៉ុណ្ណេះ​សោត ប៉ុន្តែ​ពី​ការណ៍​ទាំង​នោះ​ផង ដែល​ពុំ​ដែល​បាន​បើក​សម្ដែង​ប្រាប់ តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ … នឹង​ត្រូវ​បាន​បើក​សម្ដែង … នៅ​ក្នុង​សម័យ​នេះ គឺជា​ការ​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ » ។

ព្យាការី យ៉ូសែប ស្ម៊ីធ បានពន្យល់​បន្ត​ទៀត​ថា « ពិធីបរិសុទ្ធ និង​ភារកិច្ច​ទាំងអស់ ដែល​តម្រូវ​ដោយ​បព្វជិតភាព នៅក្រោម​ការដឹកនាំ និង​បទបញ្ញត្តិ​នៃ​ព្រះ​ដែល​មាន​មហិទ្ធិឫទ្ធិ​នៅ​ក្នុង​គ្រាកាន់កាប់​ត្រួតត្រា​ណា​មួយ គួរតែ​មាន​នៅក្នុង​សម័យ​កាន់កាប់ត្រួតត្រា​ចុងក្រោយ​បង្អស់ … ដែល​នាំមក​នូវ​ការស្ដារឡើងវិញ ដែល​បាន​និយាយ​ដោយ​មាត់​នៃ​ពួកព្យាការី​បរិសុទ្ធ​ទាំងអស់ » ។

ការសន្យា និង​ទីបន្ទាល់

ខ្ញុំ​បានព្យាយាម​សង្ខេប​ពី​ចំណុច​គ្រឹះ​នៃ « ដំណឹង​ល្អ » ដ៏​សំខាន់ និង​រុងរឿង​បំផុត ដែល​មនុស្ស​គ្រប់​គ្នា​នៅ​កន្លែង​ណា​មួយ​ក្នុង​ពិភពលោក​នេះ​អាច​ទទួល​បាន—នោះគឺ​សារលិខិត​ដែល​ព្រះ​អម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​បានស្ដារ​ដំណឹងល្អ និង​សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ​នៅក្នុង​ថ្ងៃចុងក្រោយ​នេះ ។

ខ្ញុំ​សូម​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​រៀន​អំពី ហើយ​បញ្ជាក់​សារលិខិត​នេះ ។ ខ្ញុំ​សន្យា​ថា បុគ្គល​ទាំងឡាយ​ដែល « សិក្សា​សារលិខិត​អំពី​ការ​ស្ដារឡើងវិញ​ប្រកប​ដោយ​ការ​អធិស្ឋាន ហើយ​ធ្វើ​សកម្មភាព​ដោយក្តីជំនឿ នឹង​ត្រូវ​ប្រទានពរ​[ តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ]​ឲ្យ​ទទួល​បាន​សាក្សី​ផ្ទាល់ខ្លួន​អំពី​ទេវភាព និង​គោលបំណង​របស់​វា​ដើម្បី​រៀបចំ​ពិភពលោក​សម្រាប់​ការយាងមកជាលើក​ទីពីរ​របស់ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង ដូច​ដែល​បាន​សន្យា » ។ នៅពេល​បងប្អូន​អធិស្ឋាន​ដោយ​ស្មោះសរ ដោយ​មាន​ការរំពឹងទុក ទាំង​ទទួល និង​ធ្វើតាម​ចម្លើយ​មកពី​ព្រះ ដូចជា​យុវជន យ៉ូសែប ស្ម៊ីធ បាន​ធ្វើ នោះ​សមត្ថភាព​របស់​បងប្អូន​ដើម្បី​រៀបចំ និង​ឆ្លើយតប​ទៅនឹង​សាក្សី​ដ៏​ទេវភាព​នោះ​នឹង​កើនឡើង ។

ខ្ញុំ​ធ្វើជា​សាក្សី​ថា ព្រះ​ដែល​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​គឺជា​ព្រះបិតា​របស់​យើង ។ ខ្ញុំ​ថ្លែងទីបន្ទាល់ និង​ជា​សាក្សី​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​គត់ និង​ជា​បុត្រ​ដ៏​ស្ងួន​ភ្ងា​របស់​ព្រះវរបិតា​នៅក្នុង​សាច់ឈាម ។ ទ្រង់​គឺជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះប្រោសលោះ​របស់​យើង ។

ហើយ​ខ្ញុំ​ក៏​សូម​ធ្វើ​ជា​សាក្សី​ដ៏​មាន​អំណរ​ផងដែរ​ថា ព្រះវរបិតា និង​ព្រះរាជបុត្រា បាន​បង្ហាញ​ព្រះកាយ​ដល់​យុវជន យ៉ូសែប ស្ម៊ីធ ហើយ​នោះ​គឺ​ជាការ​ចាប់ផ្ដើម​នៃ​ការស្ដារឡើង​វិញ នូវ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅថ្ងៃ​ចុង​ក្រោយ​នេះ ។ ព្រះគម្ពីរ​មរមន​គឺជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មាន​បន្ទូល​របស់​ព្រះ ។ សិទ្ធិអំណាច​បព្វជិតភាព​ដើម្បី​ធ្វើ​ជា​តំណាង​ឲ្យ​ព្រះអង្គសង្រ្គោះ និង​ប្រព្រឹត្ត​នៅក្នុង​ព្រះនាម​ទ្រង់​ម្តងទៀត គឺ​មាន​នៅលើ​ផែនដី​នេះ ។ ហើយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺជា​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​នៅក្នុង​គម្ពីរ​សញ្ញាថ្មី​ដែល​បាន​ស្ដារឡើងវិញ ។ ខ្ញុំ​សូម​ថ្លែង​សាក្សី​ដ៏​ច្បាស់លាស់​របស់​ខ្ញុំ​ថា អ្វីៗ​ទាំងនេះ​គឺ​ពិត នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។