សន្និសីទទូទៅ
នៅ​ចំពោះ​មុខ​យើង
សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ២០២៥


14:1

នៅ​ចំពោះ​មុខ​យើង

សាសនា​ចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ មាន​នូវ​កំណើន​ចំនួន​សមាជិក និង​ក្រុម​គ្រួសារ បេសកកម្ម និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា សាលា​ប្រជុំ និង​ព្រះវិហារ​បរិសុទ្ធ ។

បងប្អូន​ប្រុសស្រី ខ្ញុំ​មាន​អំណរគុណ​ដែល​មាន​វត្តមាន​ជាមួយ​បងប្អូន ។ យើង​ស្រឡាញ់​បងប្អូន យើង​មាន​អំណរគុណ​ចំពោះ​បងប្អូន ហើយ​យើង​មាន​ពរ​តាមរយៈ​ការអធិស្ឋាន​របស់​បងប្អូន ។

ប្រធាន រ័សុល អិម ណិលសិន បាន​មាន​ប្រសាសន៍​នៅ​សន្និសីទ​លើក​មុន​របស់​យើង​ថា ៖ « តើ​បងប្អូន​មើលឃើញ​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ចំពោះ​មុខ​យើង​ដែរ​ឬ​ទេ ? ខ្ញុំ​សូម​អធិស្ឋាន​កុំ​ឲ្យ​យើង​ខកខាន​នូវ​ភាព​ដ៏​អស្ចារ្យ​នៃ​គ្រា​នេះ ! ព្រះអម្ចាស់​ពិតជា​កំពុង​ពន្លឿន​កិច្ចការ​ទ្រង់ » ។

ការពន្លឿន​កិច្ចការ​របស់​ទ្រង់ ។ « ពន្លឿន » គឺ​ជា​ពាក្យ​ដែល​សំខាន់ ។ ពន្លឿន​មានន័យ​ថា​ការផ្លាស់ទី​ទៅមុខ​យ៉ាង​ឆាប់រហ័ស ការបន្ថែម​ល្បឿន និង​ថែមទាំង​ការប្រញាប់​ប្រញាល់​ផងដែរ ។ នៅក្នុង​ការរីក​ចម្រើន​របស់​សាសនា​ចក្រ និង​ផែនការ​នៃ​ព្រះ​គ្រីស្ទ ការពន្លឿន​គឺ​កំពុងតែ​ប្រព្រឹត្ត​ឡើង ។ ហើយ​យើង​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​នេះ ។

ក្នុង​ខែមេសា ឆ្នាំ១៨៣៤ នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ព្យាការី យ៉ូសែប ស៊្មីធ បានប្រមូលផ្ដុំ​អស់​អ្នក​ដែល​កាន់​បព្វជិតភាព​នៅក្នុង​អគារ​សាលារៀន​តូច​មួយ មាន​ទំហំ​ប្រហែល ១៤ ហ្វីត ( ៤.៣ ម ) ការ៉េ ។ នៅក្នុង​មជ្ឈមណ្ឌល​សន្និសីទ​នេះ​យើង​អាច​ផ្ទុក​អគារ​សាលា​ទាំងនោះ​បាន​យ៉ាងច្រើន ហើយ​នៅ​សល់​កន្លែង​ទំនេរ​ទៀតផង ។ យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា « បងប្អូន​ឃើញ​បព្វជិតភាព​មាន​ចំនួន​តិច​នៅ​យប់នេះ ប៉ុន្តែ​សាសនាចក្រ​នេះ​នឹង​បំពេញ​នៅ​អាមេរិក​ខាងជើង និង​ខាងត្បូង—វា​នឹង​មាន​នៅ​ទូទាំង​ពិភពលោក » ។

ការព្យាករ​នោះ​គឺ​បាន​បំពេញ « នៅ​ចំពោះ​មុខ​យើង » ។ សាសនា​ចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ មាន​នូវ​កំណើន​ចំនួន​សមាជិក និង​ក្រុម​គ្រួសារ បេសកកម្ម និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា សាលា​ប្រជុំ និង​ព្រះវិហារ​បរិសុទ្ធ ហើយ​និង​ការចុះឈ្មោះ​ចូលរៀន​ថ្នាក់​សិក្ខាសាលា វិទ្យាស្ថាន និង​សាកល​វិទ្យាល័យ​របស់​យើង​នៅ​ទូទាំង​ពិភពលោក ។

យើង​មាន​អំណរ​គុណ​ដែលបាន​នៅលើ​ផែនដី នៅពេល​ដែល​សាសនា​ចក្រ​មាន​កំណើន​តួលេខ និង​មាន​ឥទ្ធិពល​កាន់​តែខ្លាំង ប៉ុន្ដែ​អ្វី​ដែល​សំខាន់​ជាងនេះ​នោះ​គឺ​ឥទ្ធិពល​ដែល​សាសនាចក្រ​បាន​មាន​នៅក្នុង​ដួងចិត្ដ និង​ជីវិត​របស់​សមាជិក​ទាំងឡាយ ។ យើង​ត្រូវបាន​ហៅ​ថា​ជាពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​មាន​ទីបន្ទាល់​អំពី​ទ្រង់ សាសនាចក្រ​របស់​ទ្រង់ របៀប​របស់​ទ្រង់ និង​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់​រួមគ្នា ។ យើង​គឺជា​រាស្ដ្រ​របស់​ទ្រង់ ហើយ​ទ្រង់​គឺ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។

ខ្ញុំ​ស្ញប់ស្ញែង​នូវ​អ្វី​ដែល​ប្រធាន ណិលសុន ហៅថា « ភាព​ដ៏​អស្ចារ្យ​នៃ​គ្រា​នេះ » ហើយ​ខ្ញុំ​សូម​បង្ហាញ​នូវ​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​ព្រះអម្ចាស់​សម្រាប់​កិច្ចការ​របស់​ទ្រង់ ។ ខ្ញុំ​សូម​លើកទឹក​ចិត្ដ​យើង​ទាំងអស់​គ្នា​ឲ្យ​ឈរ​ឲ្យ​ខ្ពស់​ក្នុងនាម​ជា​ពួកសិស្ស​របស់​ទ្រង់ ជា​សាក្សី​ផ្ទាល់ភ្នែក​ចំពោះ​ការបំពេញ​នៃ​ការព្យាករ ទាំងនៅ​សម័យ​បុរាណ និង​សម័យ​ទំនើប ។

មាន​ពួក​អ្នក​ដែល​ចំអក​ឡកឡឺយ​ដែល​ស្រែក​ថា « មើលន៏ នៅ​ទីនេះ ហើយ … មើលន៏ នៅ​ទីនោះ ! » ដូច​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ជំនាន់​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ​អ៊ីចឹង​ដែរ ។ ទោះជា​យ៉ាងនេះ​ក្ដី ពួកគេ​មាន​ផល​ប៉ះពាល់​តិចតួច​ណាស់​នៅក្នុង​កិច្ចការ​ដ៏​ឱឡារិក​នេះ ។ សូម​ចងចាំ​ប្រសាសន៍​របស់ យ៉ូសែប ស្ម៊ីធ ថា ៖ « គ្មាន​ដៃ​ដែល​មិន​ស្អាតស្អំ​ណា​អាច​បញ្ឈប់​កិច្ចការ​នេះ​ពីការ​រីកចម្រើន​ឡើយ ការធ្វើទុក្ខ​បុកម្នេញ​អាច​កញ្ជ្រោល​ឡើង … តែ​សេចក្ដី​ពិត​នៃ​ព្រះ​នឹង​ឆ្ពោះ​ទៅមុខ​ដោយ​ក្លៀវក្លា ថ្លៃថ្នូរ និង​ឯករាជ្យ​រហូត​ទាល់តែ​វា​បាន​ដល់​គ្រប់​ទាំងទ្វីប គ្រប់តំបន់ គ្រប់​ប្រទេស និង​បាន​ឮ​ដល់​គ្រប់​ត្រចៀក​រហូតដល់​គោលបំណង​នៃ​ព្រះ​នឹង​បានសម្រេច ហើយ​ព្រះយេហូវ៉ា​ដ៏​អស្ចារ្យ​នឹង​មាន​បន្ទូល​ថា កិច្ចការ​បាន​ចប់​ហើយ » ។

នៅក្នុង​ការចាត់តាំង​របស់​ខ្ញុំ​នៅ​ឆ្នាំនេះ ខ្ញុំ​ស្ថិត​នៅក្នុង​តួនាទី​មួយ​ដែល​ធ្វើ​ជា​សាក្សី​មុន​គេ​អំពី​ព្រះអម្ចាស់ ពន្លឿន​កិច្ចការ​របស់​ទ្រង់ ។ សាសនាចក្រ​កំពុង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ​នៅក្នុង​ល្បឿន​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ដែល​បាន​ផ្ដល់​ឱកាស​ដល់​សមាជិក​ដើម្បី​ថ្វាយ​បង្គំ​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ។ ទីពីរ កិច្ចការ​ផ្សព្វផ្សាយ​សាសនា​កំពុង​នាំ​មនុស្ស​យ៉ាង​ច្រើន​ចូល​មក​ក្នុង​ក្រោល​នៃ​អ្នក​គង្វាល​ល្អ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​ទីបី ការអប់រំ​របស់​សាសនាចក្រ​ដែល​មាន​តាម​បែប​សណ្ឋាន​ជាច្រើន នៅ​កម្រិត​ខ្ពស់​ថ្មី​មួយ​កំពុង​បង្រៀន​អស់​អ្នក​ដែល « ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ » ។

សព្វថ្ងៃនេះ​សាសនាចក្រ​មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ៣៦៧ ដែល​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការរចនា សាងសង់ ឬ​ដំណើរការ ។ ហើយ​សម្រាប់​គោលបំណង​អ្វី ? ចម្លើយ​គឺ​ជា​ការប្រកាស​ដែល​មាន​នៅលើ​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ ៖ « បរិសុទ្ធភាព​ថ្វាយ​ព្រះអម្ចាស់ » ។ ព្រះវិហារ​បរិសុទ្ធ​បើក​ផ្លូវ​ទៅកាន់​ពរជ័យ​ដ៏​ខ្ពស់​បំផុត ដែល​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌​របស់​យើង​មាន​សម្រាប់​យើង​ម្នាក់ៗ ។ បងប្អូន​ប្រុសស្រី យើង​កំពុង​ពន្លឿន​បរិសុទ្ធ​ភាព​របស់​យើង នៅពេល​យើង​រស់នៅ​ដោយ​ស័ក្ដិសម​សម្រាប់​ព្រះវិហារ​បរិសុទ្ធ នៅពេល​យើង​ថ្វាយបង្គំ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ និង​នៅពេល​យើង​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ​សម្រាប់​ខ្លួនយើង និង​សម្រាប់​បុព្វការីជន​របស់​យើង​ដែល​នៅ​ម្ខាង​ទៀត​នៃ​វាំងនន ។

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍ ៖ « ការ​វាយប្រហារ​របស់​មារ​សត្រូវ​កំពុង​តែ​មានភាព​ខ្លាំង​ឡើងៗ​យ៉ាង​ក្លៀវក្លា និង​មាន​គ្រប់​មធ្យោបាយ ។ តម្រូវការ​របស់​យើង​ដើម្បី​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់ គឺ​ចាំបាច់​នៅ​ក្នុង​ពេល​នេះ ជាង​ពេល​ណាៗ​ទាំងអស់ ។ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​ពិចារណា​ទៅលើ​ការ​ចំណាយ​ពេល​វេលា​របស់​បងប្អូន​ប្រកប​ដោយ​ការ​អធិស្ឋាន » ។ នៅក្នុង​ដំណាក់​របស់​ទ្រង់ យើង​អាច​ទទួល​អារម្មណ៍​នៃ​វត្ដមាន​ដ៏​បរិសុទ្ធ​របស់​ព្រះអម្ចាស់ និង​ភាពសុខសាន្ដ​ដ៏​ធំធេង ។

អែលឌើរ និង​ស៊ីស្ទើរ​រ៉ាស់បាន​ នៅឯព្រះវិហារបរិសុទ្ធ មែនដូស្សា អាហ្សង់ទីន<nb/>។

ឆ្នាំមុន ខ្ញុំ​មាន​អភ័យ​ឯកសិទ្ធិ​ធ្វើ​ជា​អធិបតី​នៅក្នុង​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ មែនដូស្សា អាហ្សង់ទីន ។ នៅក្នុង​សារលិខិត​របស់​ខ្ញុំ ខ្ញុំ​បាន​យោង​ទៅលើ​ការព្យាករ​របស់​អែលឌើរ មែលវិន ចេ បាឡឺដ នៅឆ្នាំ​១៩២៦ ដែល​ថា​កិច្ចការ​នៃ​ព្រះអម្ចាស់​នឹង​រីកចម្រើន​យ៉ាង​សន្សឹមៗ​នៅក្នុង​រយៈពេល​ខ្លី​មួយ​នៅ​អាមេរិក​ខាងត្បូង « ដូចជា​ដើម​អូក ដែល​ដុះ​យ៉ាង​យឺតៗ​ចេញពី​ផ្លែ​អូក​យ៉ាង​ដូច្នោះ​ដែរ ។ កិច្ចការ​របស់​ព្រះ​នឹង​មិន​កើតឡើង​ភ្លាម​ត្រឹម​មួយ​ថ្ងៃ​នោះទេ « ប៉ុន្ដែ​មនុស្ស​រាប់ពាន់​នាក់​នឹង​ចូលរួម​ក្នុង​សាសនាចក្រ ហើយ​ប្រទេស​នានា​ក្នុង​អាមេរិក​ខាងត្បូង​នឹង​ក្លាយជា « អំណាច​នៅក្នុង​សាសនាចក្រ » ។ ខ្ញុំ​បាន​ឃើញ​ការព្យាករ​នោះ​បានបំពេញ​នៅ​ចំពោះ​មុខ​ខ្ញុំ ។

មែនដូស្សា ដែល​ធ្លាប់​ជា​ផ្លែ​អូក​ដ៏​តូច បាន​ក្លាយ​ជា​ដើម​អូក​ដ៏​ធំ​មហិមា ។ ការរីក​ចម្រើន​នោះ​គឺ​បាន​កើតឡើង​ម្ដងហើយ​ម្ដងទៀត​នៅ​ទូទាំង​ទ្វីប​ទាំងឡាយ និង​ស្រុក​ក្បែរ​សមុទ្រ ។

យើង​មើលឃើញ​ព្រះអម្ចាស់​ពន្លឿន​កិច្ចការ​របស់​ទ្រង់​នៅក្នុង​បេសកកម្ម​ទាំងឡាយ ។ នៅ​ឆ្នាំ២០២៤ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ៨០,០០០​នាក់បាន​បម្រើ​នៅក្នុង​បេសកកម្ម​ចំនួន ៤៥០ ។ ក្នុង​ចំណោម​នោះ សាមសិប​ប្រាំមួយ​បេសកកម្ម គឺ​ជា​បេសកកម្ម​ថ្មី ។ ឆ្នាំមុន កិច្ចការ​ផ្សព្វផ្សាយ​សាសនា​បាន​នាំ​សមាជិក​ថ្មីចំនួន ៣០៨,០០០ នាក់​ចូល​មកក្នុង​សាសនាចក្រ ។ សំខាន់​ជាង​តួលេខ គោលបំណង​នៃ​ការប្រមូល​ផ្ដុំ​គឺ​ការនាំ​ព្រលឹង​ទាំងអស់​មករក​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

ខ្ញុំ​គិត​អំពី​សាវក ព្រិកហាំ យ៉ង់ និង ហ៊ីប៊ើរ ស៊ី ឃិមបឹល ដែល​នៅក្នុង​ឆ្នាំ១៨៣៩ បាន​ចេញជា​អ្នកផ្សព្វផ្សាយ​សាសនា​ទៅកាន់​កោះ​នៃ​ចក្រភព​អង់គ្លេស ។ ពួកលោក​បាន​ឈឺ ពួកលោក​បាន​ចាកចេញ​ពី​ក្រុមគ្រួសារ​ដែល​កំពុង​ឈឺ និង​ខ្វះខាត​យ៉ាង​ខ្លាំង​របស់​ពួកលោក ។ ទោះជា​យ៉ាងនេះ​ក្ដី ពួកលោក​ទាំងពីរ​បាន​ឡើង​ជិះ​រទេះ ហើយ​ខណៈ​ដែល​មនុស្ស​ជា​ទីស្រឡាញ់​អាច​មើល​ឃើញ​ពួកលោក ហ៊ីប៊ើរ​បាន​មាន​ប្រសាសន៍​ថា « ចូរ​យើង​ក្រោកឡើង ហើយ​លើក​ទឹកចិត្ដ​ពួកគេ » ។ លោក​ទាំងពីរ​ប្រឹង​ឈរ​ឡើង ហើយ​ស្រែក​ថា « ជយោ ជយោ អ៊ីស្រាអែល » ។

ការជួប​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា​នៅ លីម៉ា ពេរូ

ខ្ញុំ​បាន​ឃើញ​ភាព​ស្វាហាប់​ដូច​គ្នា​នេះ​សម្រាប់​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ លីម៉ា ពេរ៉ូ នៅពេល​ខ្ញុំ​បានជួប​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ចេញពី​មជ្ឈមណ្ឌល​បំពាក់​បំប៉ន​អ្នកផ្សព្វផ្សាយ​សាសនា និង​បេសកកម្ម​នៅ លីម៉ា ។ ឱ ! ជា​ការជួបជុំ​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ ! ខ្ញុំ​បានឃើញ​ការពន្លឿន​នៅ​ចំពោះ​មុខ​ខ្ញុំ ។ ឥឡូវ​នេះ​មាន​បេសកកម្ម​ថ្មី​ចំនួន​ប្រាំពីរ​ទៀត នៅក្នុង​ទីក្រុង លីម៉ា ។

នៅចុង​បញ្ចប់​នៃ​ការប្រជុំ​របស់​យើង ពួក​អ្នកផ្សព្វ​ផ្សាយ​សាសនា​បាន​មាន​នូវ​ការភ្ញាក់ផ្អើល​មួយ​សម្រាប់​ខ្ញុំ ។ ពួកគេ​បាន​ឈរឡើង ហើយ​ស្រែក​ថា « ជយោ អ៊ីស្រាអែល » ។ ខ្ញុំ​នឹង​មិន​ភ្លេច​ពេលវេលា​នោះ​ឡើយ ខ្ញុំ​ប្រាថ្នា​ថា​យើង​ទាំងអស់​គ្នា​បាន​នៅ​ទីនោះ​ដែរ ។ នៅ​ចំពោះ​មុខ​ខ្ញុំ​គឺ​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ទុកចោល​នូវ « អ្វីៗ​នៃ​លោកិយ​នេះ » ដើម្បី​បម្រើ​ព្រះអម្ចាស់ និង​ជួយ​ពន្លឿន​ការយាងមក​របស់​ទ្រង់ ។

យើង​មើល​ឃើញ​ព្រះអម្ចាស់​ពន្លឿន​ឱកាស​ការអប់រំ​សម្រាប់​សមាជិក​របស់​យើង និង​សូម្បី​តែ​សម្រាប់​អ្នក​មិន​មាន​ជំនឿ​ដូច​យើង នៅ​ជុំវិញ​ពិភពលោក​ផងដែរ ។ រឿង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ភាពពិសេស​ក្នុងនាម​ជា​សាសនាចក្រ​នោះ​គឺ​ការសង្កត់​ធ្ងន់​របស់​យើង​លើ​ការអប់រំ ។ ព្រះអម្ចាស់​បានបញ្ជា​នៅ​គ្រា​ដំបូង​នៃ​ការស្ដារ​ឡើងវិញ​ឲ្យ « ស្វែងរក​ការរៀនសូត្រ​គឺ​ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្ដី​ជំនឿ » ។ ការណ៍នោះ​កំពុង​កើតឡើង​នៅ​សព្វថ្ងៃ​នេះ ហើយ​ស័ក្ដិសម​សម្រាប់​ការហ៊ោ​ថា « ជយោ » ។

ថ្មីៗ​នេះ សិស្ស​ជាង ៨០០,០០០ នាក់​នៅ​ទូទាំង​ពិភពលោក បាន​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន ជា​តួលេខ​នៃ​ការចុះឈ្មោះ​ដ៏​ខ្ពស់​បំផុត​មិនធ្លាប់​មាន​នៅក្នុង​ប្រវត្ដិ​សាសនាចក្រ ។ យុវវ័យ​របស់​យើង​ប្រមូលផ្ដុំ​គ្នា​តាមរបៀប​ផ្សេងៗ​គ្នា មាន​តាំងពី​ថ្នាក់​រៀន​ផ្ទាល់ និង​អនឡាញ​នៅពេល​ព្រឹក​ព្រលឹម ពេលថ្ងៃ និង​ពេលល្ងាច និង​ការសិក្សា​នៅ​គេហដ្ឋាន​ផង​ដែរ ។ ពួកគេ​គឺ​ជា​កងទ័ព​ចម្បាំង​ដ៏​មាន​អំណាច និង​សុចរិត ដែល​ទទួល​នូវ​កម្លាំង​ពី​គ្នា​ទៅវិញ​ទៅមក កាល​ពួកគេ​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ធ្វើតាម និង​ថ្លែង​អំពី​ទ្រង់​ថា​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។

ការនិយាយ​ទៅកាន់​សិស្ស​ថ្នាក់​សិក្ខាសាលា​និង​ថ្នាក់​វិទ្យាស្ថាន<nb/>។

នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំមុន ខ្ញុំ​បាន​ថ្លែង​នៅ​ការប្រជុំ​ធម្មនិដ្ឋាន​មួយ​ដែល​មាន​សិស្ស​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន​ជាច្រើន ព្រមទាំង​ឪពុកម្ដាយ​របស់​ពួកគេ​ផងដែរ​នៅឯ​សាកលវិទ្យាល័យ​យូថាហ៍ ។ វត្ដមាន​របស់​ពួកគេ​បាន​បង្ហាញ​ពី​បំណង​ប្រាថ្នា​ដ៏​ខ្លាំង​របស់​ពួកគេ​ដើម្បី​ស្គាល់ និង​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។ សារលិខិត​របស់​ខ្ញុំ​ទៅកាន់​សិស្ស​ទាំងនោះ​គឺ​ច្បាស់លាស់ ៖ សូម​ផ្ដល់​ពេលវេលា​ទៅដល់​ព្រះអម្ចាស់​ឲ្យបាន​សមរម្យ ។ ខ្ញុំ​បានប្រឹក្សា​ពួកគេ​ឲ្យ​ដាក់​ការសិក្សា​របស់​ពួកគេ​ឲ្យ​មាន​តុល្យភាព​ជាមួយ​នឹង​ការរៀនសូត្រ​ដែល​ពិត បរិសុទ្ធ​ជាង ជា​ការសិក្សា​អំពី « ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ » ។

ខ្ញុំ​សុំ​ដូច​គ្នា​ចំពោះ​បងប្អូន​គ្រប់គ្នា​នៅ​ថ្ងៃនេះ ៖ មិន​ថា​មាន​អ្វី​នៅ​ក្នុង​បញ្ជី « ដែល​ត្រូវ​ធ្វើ » របស់​បងប្អូន​ឡើយ សូម​ផ្ដល់​ពេលវេលា​ដូចគ្នា​នឹង​កិច្ចការ​ផ្សេងទៀត​ដល់​ព្រះអម្ចាស់ មិនមែន​ពេលវេលា​ទំនេរ​នោះ​ទេ​នៅក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ការសិក្សា ចូរ​មកតាម​ខ្ញុំជា​គ្រួសារ ការអធិស្ឋាន ការហៅបម្រើ​ក្នុង​សាសនាចក្រ ការងារ​បម្រើ ការទទួលទាន​សាក្រាម៉ង់ ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការជញ្ជឹងគិត​ពី​កិច្ចការ​ទាំងឡាយ​នៃ​ព្រះ ។ ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​មាន​បន្ទូល​ថា « រៀន​នឹង​ខ្ញុំ​ចុះ … នោះ​អ្នករាល់គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង » ។ សូម​ជឿ និង​ធ្វើតាម​ព្រះបន្ទូល​របស់​ទ្រង់ ។ ហើយ​ផ្ដល់​ពេលវេលា​ដូចគ្នា​នឹង​កិច្ចការ​ផ្សេងទៀត​ដល់​ទ្រង់ ។

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​បងប្អូន ។ សូម​ថ្វាយ​ពេលវេលា​របស់​បងប្អូន​ទៅ​ទ្រង់​ឲ្យ​បាន​សមរម្យ ។ កាល​បងប្អូន​ធ្វើ​ដូច្នោះ សូម​កត់សម្គាល់​អំពី​អ្វី​ដែល​នឹង​កើតឡើង​ដល់​សន្ទុះ​វិជ្ជមាន​ខាង​វិញ្ញាណ​របស់​បងប្អូន » ។

យើង​មើលឃើញ​សន្ទុះ​នោះ​កំពុង​ស្ថាបនា​ឡើង​នៅឯ​ថ្នាក់​សិក្ខាសាលា វិទ្យាស្ថាន និង​សាកលវិទ្យាល័យ​របស់​សាសនាចក្រ ។ នៅក្នុង​បរិយាកាស​ទាំងនេះ ព្រះអម្ចាស់​គឺ​ជា​អាទិភាព ។ ដូចនេះ​ទ្រង់​គួរតែ​ជា​អាទិភាព​នៅក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ ។

ផ្នែក​មួយ​ផ្សេងទៀត​ដែល​បង្ហាញ​ពី​ការរីក​ចម្រើន​នៃ​ផ្នែក​អប់រំ​នៅក្នុង​សាសនាចក្រ​នោះ គឺ BYU–Pathway Worldwide ។ នៅ​ទូទាំង​ពិភពលោក ការចុះ​ឈ្មោះ​ចូលរៀន​បាន​កើន​ជិត ៧៥,០០០ ហើយ​បន្ដ​កើនឡើង​ជា​បន្ដបន្ទាប់ ។ ភាគច្រើន​ជា​សមាជិក ហើយ​ច្រើនជាង​មួយ​ភាគ​បី​គឺ​នៅ​ទ្វីប​អាហ្វ្រិក ។ កម្មវិធី Pathway គឺ ផ្ដល់​នូវ​ឱកាស​កាន់តែ​ច្រើន​សម្រាប់​ការទទួល​បាន​ការអប់រំ ។ ការបញ្ចប់​វគ្គសិក្សា​ទាំងឡាយ​មានន័យ​ថា​ការទទួល​បាន​ការងារ ហើយ​ការទទួល​បាន​ការងារ​មានន័យ​ថា​ជីវិត​ល្អប្រសើរ​សម្រាប់​ក្រុមគ្រួសារ និង​ឱកាស​បន្ថែម​ទៀត​ដើម្បី​បម្រើ​ព្រះអម្ចាស់ ។

ការជួបប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​ស្តេក​នៅ​អ៊ុយហ្គាន់ដា<nb/>។

ពេល​ខ្ញុំ​នៅក្នុង​ការប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ស្ដេក​នៅ​អ៊ុយហ្គាន់ដា ខ្ញុំ​បាន​ដឹង​ថា​គណៈប្រធាន​ស្ដេក​ទាំងមូល​បានចុះឈ្មោះ​រៀន BYU–Pathway ។ ពេល​យើង​កាន់តែ​បាន​រៀបចំ​ខ្លួន​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ យើង​កាន់តែ​អាច​រារាំង​ការវាយប្រហារ​ដ៏​បោក​បញ្ឆោត​របស់​មារសត្រូវ ។ សូម​ចងចាំ​ពាក្យ​សម្ដី របស់​ពេត្រុស ៖ « ខ្មាំងសត្រូវ វា​តែងដើរ​ក្រវែល ទាំង​គ្រហឹម​ដូចជា​សិង្ហ ដើម្បី​រក​អ្នកណា​ដែល​វា​នឹង​ត្របាក់​លេប​បាន » ។

ខ្ញុំ​ទទួល​ស្គាល់​ថា​នៅក្នុង​ការណ៍​ដ៏​ល្អៗ​នៃ​ដំណឹងល្អ មាន​នូវ​អ្នក​ដែល​ពុះពារ អ្នក​ដែល​មាន​បញ្ហា​សេចក្ដី​ជំនឿ ការសង្ស័យ និង​សំណួរ​ដែល​ហាក់ដូច​ជា​គ្មាន​ចម្លើយ ។ បងប្អូន​ប្រុសស្រី ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ចម្លើយ ។ សូម​ចាប់ផ្ដើម​ពី​ទ្រង់ ។ សូម​រកមើល​ព្រះហស្ដ​របស់​ទ្រង់​ក្នុង​ជីវិត​របស់​បងប្អូន ។ សូម​ស្ដាប់តាម​ទ្រង់​ចុះ ។ « កុំ​ឲ្យ​ចិត្ដ​អ្នក​រាល់គ្នា​ថប់​បារម្ភ​ឡើយ » ទ្រង់​បាន​មាន​បន្ទូល​នៅ​ម៉ោង​ចុងក្រោយ​របស់​ទ្រង់​ទៅកាន់​ពួកសិស្ស​របស់​ទ្រង់​នៅ​សួនច្បារ​គែតសេម៉ានី ពីមុន​ពេល​ការលី​ឈើឆ្កាង​របស់​ទ្រង់​កាត់​ផ្លូវ​នៃ​ក្រុង​យេរូសាឡិម មុន​ការរងទុក្ខ​របស់​ទ្រង់​នៅ គាល់កូថា ជា​កន្លែង​ដែល​ទ្រង់​បំពេញ​ការពលិកម្ម​ធួន​របស់​ទ្រង់—ជា​អ្វី​ដែល​មាន​តែ​ទ្រង់ ជា​ព្រះ​រាជបុត្រា​ព្រះ​តែ​មួយ អាច​ធ្វើ​បាន ។

សូម​ដឹង​ថា​ទ្រង់​ជា្របដឹង ។ ទ្រង់​បាន​លើក​ដាក់​លើ​អង្គ​ទ្រង់​នូវ​អំពើ​បាប កំហុស ការទុក្ខសោក និង​ពេល​ទាំងឡាយ​នៃ​ការសាកល្បង​ទាំងអស់​របស់​យើង ដើម្បី​យើង​អាច​រស់នៅ​ម្ដងទៀត​ជាមួយ​ព្រះវរបិតា​នៅ​ស្ថានសួគ៌​របស់​យើង​នៅក្នុង​ភាពអស់កល្ប​ជានិច្ច ។ ទ្រង់​មាន​បន្ទូល​ថា « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ។ សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​លើក​បងប្អូន​ឡើង ហើយ​ព្យាបាល​ព្រលឹង​ដែល​មាន​របួស​របស់​បងប្អូន ។ សូម​ទីពឹង​លើ​ទ្រង់ ហើយ​បងប្អូន​នឹង​ពន្លឿន​ការត្រឡប់​ទៅវិញ​របស់​បងប្អូន​ទៅរក « ព្រះពាហុ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ » ។

ខ្ញុំ​សូម​បញ្ជាក់​ឡើងវិញ​ម្ដងទៀត​នូវ​ប្រសាសន៍​របស់​ព្យាការី​នៅរស់​របស់​យើង ៖ « តើ​បងប្អូន​មើលឃើញ​អ្វី​ដែល​កំពុង​កើតឡើង នៅ​ចំពោះ​មុខ​យើង​ដែរ​ឬ​ទេ ? ខ្ញុំ​សូម​អធិស្ឋាន​កុំ​ឲ្យ​យើង​ខកខាន​នូវ​ភាព​ដ៏​អស្ចារ្យ​នៃ​គ្រា​នេះ ! ព្រះអម្ចាស់​ពិតជា​កំពុង​ពន្លឿន​កិច្ចការ​ទ្រង់ » ។ សូម​ឲ្យ​យើង​ជា​ពួកសិស្ស​របស់​ទ្រង់​នៅ​គ្រា​របស់​យើង​នេះ​ស្រែក​ថា « ជយោ អ៊ីស្រាអែល » កាល​យើង​រៀបចំខ្លួន​សម្រាប់​ការយាង​ត្រឡប់​មកវិញ​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕