សន្និសីទទូទៅ
ការថ្វាយ​បង្គំ
សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ២០២៥


14:14

ការថ្វាយ​បង្គំ

តើ​ការថ្វាយ​បង្គំ​ព្រះ​មាន​ន័យ​យ៉ាងណា​ចំពោះ​បងប្អូន និង​ខ្ញុំ ?

« កាល​ព្រះយេស៊ូវ​ទ្រង់​ប្រសូត​មក នៅ​ភូមិ​បេថ្លេហិម ស្រុក​យូដា ក្នុង​រាជ្យ​ស្តេច​ហេរ៉ូឌ នោះ​មាន​ពួកហោរ ពី​ទិស​ខាង​កើត មក​ដល់​ក្រុង​យេរូសាឡិម

« សួរ​ថា តើ​ព្រះអង្គ​ដែល​ប្រសូត​មក ធ្វើជា​ស្តេច​សាសន៍​យូដា ទ្រង់​គង់​នៅ​ឯណា ពីព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ទ្រង់ ពី​ទិស​ខាង​កើត​មក ហើយ​យើង​មក ថ្វាយ​បង្គំ​ទ្រង់ » ។

គ្រូ​មន្ដ​អាគម ដូច​ដែល​គេ​ហៅ​ពួកលោក​ម្ដងម្កាល គឺជា​ពួកហោរ​ដែល​ខំ​ស្វែងរក និង​ថ្វាយ​បង្គំ​ព្រះមែស៊ី ។ សម្រាប់​ពួកលោក ការថ្វាយ​បង្គំ​មាន​ន័យ​ថា ការថ្វាយ​ដង្វាយ​ដល់​ទ្រង់​ជា​មាស ជា​កំញាន ជា​ជ័រ​ល្វីងទេស ។

តើ​ការថ្វាយ​បង្គំ​ព្រះ​មាន​ន័យ​យ៉ាងណា​ចំពោះ​បងប្អូន និង​ខ្ញុំ ?

នៅពេល​យើង​គិត​ពី​ការថ្វាយ​បង្គំ នោះ​ជាទូទៅ គំនិត​របស់​យើង​ងាក​ទៅរក​របៀប​ដែល​យើង​បង្ហាញ​ការលះបង់​ខាង​សាសនា ទាំង​ជីវិត​ឯកជន និង​នៅក្នុង​ការបម្រើ​សាសនាចក្រ ។ កាល​ខ្ញុំ​ពិចារណា​ដោយ​យកចិត្ដ​ទុកដាក់​អំពី​ការថ្វាយ​បង្គំ​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ គឺ​ព្រះអង្គ​សង្គ្រោះ​របស់​យើង នោះ​ខ្ញុំ​គិត​ដល់​គោលគំនិត​ចំនួន​បួន ៖ ទីមួយ សកម្មភាព​ដែល​បង្កើត​ជា​ការថ្វាយ​បង្គំ​របស់​យើង ទីពីរ ឥរិយាបថ និង​អារម្មណ៍​ដែល​ជះ​ឥទ្ធិពល​លើ​ការថ្វាយ​បង្គំ​របស់​យើង ទីបី ភាពទាំងស្រុង​នៃ​ការថ្វាយ​បង្គំ​របស់​យើង និង ទីបួន ភាពចាំបាច់​ដើម្បី​ត្រាប់តាម​អង្គ​ដ៏​បរិសុទ្ធ​ដែល​យើង​ថ្វាយ​បង្គំ ។

ទីមួយ សកម្មភាព​ដែល​បង្កើត​ជា​ការថ្វាយ​បង្គំ​របស់​យើង

ទម្រង់​ដ៏​ទូទៅ និង​សំខាន់​បំផុត​មួយ​នៃ​ការថ្វាយ​បង្គំ​គឺ ការជួបជុំ​គ្នា​នៅ​ទីកន្លែង​មួយ​ដែល​បាន​ញែកចេញ ដើម្បី​ធ្វើ​ការថ្វាយ​បង្គំ​ដល់​ព្រះ ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា « ហើយ​ប្រយោជន៍​ឲ្យ​អ្នក​អាច​រក្សា​ខ្លួន​ឲ្យ​បាន​ពេញលេញ កុំ​ឲ្យ​ប្រឡាក់​ពី​លោកិយ នោះ​អ្នក​ត្រូវ​ទៅ​ដំណាក់​នៃ​ការអធិស្ឋាន ហើយ​ថ្វាយ​សាក្រាម៉ង់​របស់​អ្នក​ឡើង​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​យើង​ចុះ » ។ ពិត​ណាស់ ការណ៍​នេះ​គឺជា​ការជំរុញ​ដ៏​ចម្បង​របស់​យើង​ដើម្បី​សាងសង់​រោងជំនុំ ។ ប៉ុន្ដែ​បើ​ចាំបាច់ ទីកន្លែង​ដែល​មិន​បាន​ឧទ្ទិស​មួយ​ក៏​សមរម្យ​ដែរ បើ​យើង​អាច​ប្រសិទ្ធពរ​វា​ឲ្យ​មាន​ភាពពិសិដ្ឋ​ខ្លះៗ​នោះ ។

ការប្រជុំ​សាក្រាម៉ង់<nb/>។

រឿង​សំខាន់​បំផុត​គឺជា​អ្វី​ដែល​យើង​ធ្វើ នៅពេល​យើង​ជួបជុំ​គ្នា​នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់ ។ ពិត​ណាស់ យើង​ស្លៀកពាក់​ស្អាត​បាត​បំផុត​តាម​ដែល​យើង​អាច​ធ្វើបាន​ស្របតាម​ជីវភាព​របស់​យើង—មិន​ឡូយឆាយ​ពេក​ទេ គឺ​សមរម្យ​តាម​របៀប​មួយ​ដើម្បី​បង្ហាញ​ការគោរព និង​គារវភាព​របស់​យើង​ចំពោះ​ព្រះ ។ ដូចគ្នា​ដែរ ទង្វើ​របស់​យើង​បង្ហាញ​ការគោរព និង​គារវភាព ។ យើង​ថ្វាយ​បង្គំ​តាមរយៈ​ការចូលរួម​នៅក្នុង​ការអធិស្ឋាន យើង​ថ្វាយ​បង្គំ​តាមរយៈ​ការច្រៀង​ទំនុក​តម្កើង ( មិន​គ្រាន់តែ​ស្ដាប់​ទេ ប៉ុន្ដែ​ច្រៀង​ទំនុក​តម្កើង​ផងដែរ ) យើង​ថ្វាយ​បង្គំ​តាមរយៈ​ការបង្រៀន និង​ការរៀនសូត្រ​ពី​គ្នា​ទៅវិញ​ទៅមក ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា « ចូរ​នឹកចាំ​ថា​នៅ​ថ្ងៃ​នេះ ជា​ថ្ងៃ​របស់​ព្រះអម្ចាស់ អ្នក​ត្រូវ​ថ្វាយ​ដង្វាយ​ទាំងឡាយ​របស់​អ្នក [ មាន​ន័យ​ថា ‹ ដង្វាយ … ជា​ពេលវេលា ទេពកោសល្យ ឬ​មធ្យោបាយ​នានា ដើម្បី​បម្រើ​ដល់​ព្រះ និង​មនុស្ស​ទូទៅ › ] និង​សាក្រាម៉ង់​ទាំងឡាយ​របស់​អ្នក​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ដោយ​សារភាព​នូវ​អំពើបាប​ទាំងឡាយ​របស់​អ្នក ដល់​បងប្អូន​របស់​អ្នក និង​នៅ​ចំពោះ​ព្រះអម្ចាស់​ចុះ » ។ យើង​មក​ជួបជុំ​គ្នា មិន​មែន​ដើម្បី​ជប់លៀង​អរ​សប្បាយ—ឧទាហរណ៍​ដូចជា​មកស្ដាប់​ក្រុម​តន្ដ្រី​នោះ​ទេ—ប៉ុន្ដែ​ដើម្បី​នឹកចាំ​ដល់​ទ្រង់ និង « ត្រូវ​បាន​បង្គាប់​ឲ្យ​បាន​ល្អ​ទៅ​ទៀត » នៅក្នុង​ដំណឹងល្អ​របស់​ទ្រង់ ។

នៅ​សន្និសីទ​ទូទៅ​ចុងក្រោយ​បំផុត​នេះ អែលឌើរ ផាទ្រីក ខៀរ៉ុន បាន​រំឭក​យើង​ថា « យើង​មិនមែន​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ឈប់​សម្រាក ដើម្បី​គ្រាន់តែ​ចូលរួម​ការប្រជុំ​សាក្រាម៉ង់ ហើយ​ចប់​នោះ​ទេ ។ យើង​មក​រួមគ្នា​ថ្វាយ​បង្គំ ។ មាន​ភាពខុស​ប្លែកគ្នា​មួយ​យ៉ាង​ខ្លាំង​រវាង​រឿង​ទាំងពីរ​នេះ ។ ការ ចូលរួម មាន​ន័យ​ថា ការមាន​វត្តមាន ។ ប៉ុន្តែ​ការ ថ្វាយបង្គំ គឺ​ដើម្បី​សរសើរ និង​គោរព​ចំពោះ​ព្រះ​របស់យើង​ដោយ​ចេតនា​តាមរបៀប​មួយ​ដែល​ផ្លាស់ប្ដូរ​យើង ! »

ការឧទ្ទិស​ថ្ងៃ​ឈប់​សម្រាក​របស់​យើង​ថ្វាយ​ព្រះអម្ចាស់ និង​ព្រះរាជបំណង​របស់​ទ្រង់​គឺជា​ទង្វើ​នៃ​ការថ្វាយ​បង្គំ​ហើយ ។ កាលពី​ពីរបី​ឆ្នាំ​មុន ប្រធាន រ័សុល អិម ណិលសុន បាន​ចោទសួរ​ថា « តើ​យើង​ចាត់ទុក​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ ដ៏​បរិសុទ្ធ យ៉ាង​ដូចម្ដេច ? កាល​ខ្ញុំ​នៅក្មេង ខ្ញុំ​បាន​រៀន​ពី​បញ្ជី​មួយដែល​គេ​ចុះ​អំពី​កិច្ចការ​ដែល​ត្រូវ​ធ្វើ និង​កិច្ចការ​ដែល មិន​ត្រូវ ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ទាល់តែ​ក្រោយ​មក​ទៀត ទើប​ខ្ញុំ​បាន​រៀន​ចេញពី​ព្រះគម្ពីរ​ថា ទង្វើ និង​ឥរិយាបថ​ខ្ញុំ​នៅ​ថ្ងៃ​ឈប់​សម្រាក​គឺជា ទីសម្គាល់ រវាង​ខ្ញុំ និង​ព្រះវរបិតា​សួគ៌ [ សូមមើល និក្ខមនំ ៣១:១៣; អេសេគាល ២០:១២, ២០ ] ។ ដោយ​មាន​ការយល់ដឹង​បែប​នោះ ខ្ញុំ​ពុំ​ត្រូវការ​បញ្ជី​នៃ​កិច្ចការ​ដែល​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ​ទៀត​ឡើយ ។ ពេល​ខ្ញុំ​សម្រេច​ចិត្ត​ថា តើ​សកម្មភាព​ណា​ដែល​សមស្រប​នៅ​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​សួរ​ខ្លួនឯង​ថា ‹ តើ ទីសម្គាល់ ណា​ដែល​ខ្ញុំ​ចង់​បង្ហាញ​ដល់​ព្រះ ? › »

ការថ្វាយ​បង្គំ​នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់ ត្រូវបាន​ចំណាំ​ដោយ​ការផ្ដោត​ជាពិសេស​ទៅលើ​ពលិកម្ម​ដ៏ធួន​មហិមា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​អបអរសាទរ​ដល់​ការមាន​ព្រះជន្មរស់​ឡើងវិញ​របស់​ទ្រង់​យ៉ាង​សមរម្យ និង​ជា​ពិសេស​នៅ​ថ្ងៃ​បុណ្យ​អ៊ីស្ទើរ ប៉ុន្ដែ​ក៏​នៅ រាល់ សប្ដាហ៍​ដែរ កាល​យើង​ទទួល​ទាន​នំប៉័ង និង​ទឹក​នៃ​សាក្រាម៉ង់​នៃ​ដង្វាយធួន​របស់​ទ្រង់ រួមទាំង​ការរស់​ឡើងវិញ​របស់​ទ្រង់​ផងដែរ ។ សម្រាប់​អ្នកដែល​ប្រែចិត្ត ការទទួល​ទាន​សាក្រាម៉ង់​គឺជា​ចំណុច​សំខាន់​នៃ​ការថ្វាយ​បង្គំ​នៅ​ថ្ងៃ​ឈប់​សម្រាក ។

ការថ្វាយ​បង្គំ​រួមគ្នា​ជា « រូបកាយ​នៃ​ព្រះគ្រីស្ទ » មាន​អំណាច និង​អត្ថប្រយោជន៍​ដ៏​ពិសេស កាល​យើង​បង្រៀន បម្រើ និង​គាំទ្រ​ដល់​គ្នា​ទៅវិញ​ទៅមក ។ អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ មាន​ការសិក្សា​ថ្មី​មួយ​រកឃើញ​ថា អស់​អ្នក​ដែល​មើលទៅ​ជីវិត​ខាង​វិញ្ញាណ​របស់​ពួកគេ​ថា​ជា​ជីវិត ឯកជន​ទាំងស្រុង ហាក់​ដូចជា​មិន​សូវ​ផ្ដល់​អាទិភាព​ដល់​ការរីកចម្រើន​ខាង​វិញ្ញាណ​នោះ​ទេ មិន​សូវ​និយាយ​ថា សេចក្ដី​ជំនឿ​របស់​ពួកគេ​គឺ​សំខាន់​ខ្លាំង ឬ​មិន​សូវ​មាន​ពេលវេលា​លះបង់​ទៀងទាត់​សម្រាប់​ព្រះ​នោះ​ទេ ។ ក្នុងនាមជា​សហគមន៍​ពួកបរិសុទ្ធ យើង​ពង្រឹង​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ការថ្វាយ​បង្គំ និង​សេចក្ដី​ជំនឿ ។

ទោះជា​ដូច្នោះ​ក៏ដោយ ក៏​យើង​មិន​អាច​បំភ្លេច​សកម្មភាព​ថ្វាយបង្គំ​ជារៀងរាល់​ថ្ងៃ ដែល​យើង​ធ្វើ​ជា​លក្ខណៈ​បុគ្គល និង​នៅ​ផ្ទះ​នោះ​ដែរ ។ ព្រះអង្គ​សង្គ្រោះ​រំឭក​យើង​ថា « ទោះជា​យ៉ាងណា​ក៏ដោយ បំណន់​ទាំងឡាយ​របស់​អ្នក​ត្រូវ​ថ្វាយ​ឡើង​ដោយ​សេចក្ដី​សុចរិត នៅ​គ្រប់​ថ្ងៃ និង​គ្រប់​ពេលវេលា » ។ បងស្រី​ម្នាក់​បាន​សង្កេត​ឃើញ​ដោយ​វៃឆ្លាត​ថា « ខ្ញុំ​មិន​អាច​គិត​ដល់​របៀប​ថ្វាយ​បង្គំ​ព្រះ​ដែល​ជ្រាលជ្រៅ​ជាងនេះ ជាង​ការស្វាគមន៍​បុត្រ​តូចៗ​របស់​ទ្រង់​មកក្នុង​ជីវិត​របស់​យើង ហើយ​ថែទាំ​ពួកគេ និង​បង្រៀន​ពួកគេ​ពី​ផែនការ​របស់​ទ្រង់​សម្រាប់​ពួកគេ​នោះ​ទេ » ។

អាលម៉ា និង​អាមូលេក បាន​បង្រៀន​ពួកសាសន៍​សូរាំ ដែល​ត្រូវបាន​ហាមឃាត់​មិនឲ្យ​ចូល​សាលាប្រជុំ​របស់​ពួកគេ​ថា ត្រូវ​ថ្វាយបង្គំ​ព្រះ​មិនមែន​តែ​ម្ដង​ក្នុង​មួយ​សប្ដាហ៍​នោះ​ទេ ប៉ុន្ដែ​ជានិច្ចកាល និង « ទោះ​នៅ​ទីណា​ដែល​អ្នក​នៅ​ក្ដី » ។ ពួកគេ​បាន​និយាយ​អំពីការអធិស្ឋាន​គឺជា​ការថ្វាយបង្គំ ៖

« អ្នក​រាល់​គ្នា​ត្រូវ​បញ្ជាក់​បញ្ចេញ​ព្រលឹង​របស់​ខ្លួន នៅ​ក្នុង​បន្ទប់​របស់​អ្នក និង​នៅ​ក្នុង​ទី​សម្ងាត់​របស់​អ្នក និង​នៅ​ក្នុង​ទី​រហោស្ថាន​របស់​អ្នក ។

មែន​ហើយ ហើយ​នៅពេល​អ្នករាល់គ្នា​ពុំ​អំពាវនាវ​ដល់​ព្រះអម្ចាស់ ចូរ​អ្នករាល់គ្នា​មាន​ចិត្ត​ពោរពេញ​ដោយ​ការអធិស្ឋាន​ដល់​ទ្រង់​ជានិច្ច ដើម្បី​សុខុមាលភាព​របស់​អ្នក និង​ដើម្បី​សុខុមាលភាព​ដល់​ជន​ទាំងឡាយ ដែល​នៅ​ជុំវិញ​អ្នក​ផង » ។

ពួកលោក​ក៏​បាន​ថ្លែង​អំពី​ការសិក្សា​ព្រះគម្ពីរ ការថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ការធ្វើ​ទង្វើ​សប្បុរស និង​ការបម្រើ ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការរស់នៅ​ក្នុង​អំណរគុណ​ជា​រៀងរាល់​ថ្ងៃ​ផងដែរ ។ សូម​ពិចារណា​ពី​គំនិត​នោះ ៖ « ការរស់នៅ​ក្នុង​អំណរគុណ​ជា​រៀងរាល់​ថ្ងៃ » ។ វា​និយាយ​ដល់​គោលគំនិត​ទីពីរ​របស់​ខ្ញុំ ៖

ឥរិយាបថ និង​អារម្មណ៍​ដែល​មាន​ជាប់​ជាមួយ​ការថ្វាយ​បង្គំ

តាម​ពិត​ទៅ ការមាន​អារម្មណ៍ និង​ការបង្ហាញ​ការដឹងគុណ​ដល់​ព្រះ​គឺជា​អ្វី​ដែល​បំពេញ​ការថ្វាយ​បង្គំ​ដោយ​អារម្មណ៍​អរសប្បាយ​ក្នុង​ការរំឭក​ជាថ្មី ដែល​ផ្ទុយពី​ការមើល​ទៅ​វា​ថា​គ្រាន់តែ​ជា​កាតព្វកិច្ច​មួយ​ទៀត​ប៉ុណ្ណោះ ។

ការថ្វាយ​បង្គំ​ដ៏ពិត​មាន​ន័យ​ថា ការស្រឡាញ់​ព្រះ និង​ការចុះចូល​ឆន្ទៈ​របស់​យើង​តាម​ទ្រង់—ជា​អំណោយ​ដ៏មាន​តម្លៃ​បំផុត​ដែល​យើង​អាច​ថ្វាយ​បាន ។ នៅពេល​គេ​សួរ​ថា តើ​ព្រះបញ្ញត្តិ​ណាមួយ​ជា​ព្រះបញ្ញត្តិ​ធំ​ក្នុង​បណ្តា​ក្រឹត្យវិន័យ​ទាំងអស់ នោះ​ព្រះយេស៊ូវ​បាន​ឆ្លើយ​ថា « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង » ។ ទ្រង់​ក៏​ហៅ​ព្រះបញ្ញតិ្ត​នេះ​ថា​ជា​បញ្ញត្តិ​ទីមួយ​ផងដែរ ។

នេះ​គឺជា​គំរូ​នៃ​ការថ្វាយ​បង្គំ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ទាល់​ចំពោះ​ព្រះវរបិតា ។ ព្រះជន្ម និង​ពលិកម្ម​ដ៏ធួន​របស់​ទ្រង់​ត្រូវបាន​ឧទ្ទិស​ថ្វាយ​សិរីល្អ​របស់​ព្រះវរបិតា ។ យើង​ចងចាំ​យ៉ាង​មុតមាំ​ដល់​ការអង្វរ​ដ៏​សែនព្រួយ​របស់​ព្រះយេស៊ូវ​នៅ​កណ្ដាល​ការរងទុក្ខ និង​ការឈឺចាប់​ដែល​មិន​អាច​ស្រមៃ​បាន ៖ « ឱ​ព្រះវរបិតា​នៃ​ទូលបង្គំ​អើយ បើសិនជា​បាន នោះ​សូម​ឲ្យ​ពែង​នេះ​កន្លង​ហួសពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ។

ព្រះគ្រីស្ទ​នៅក្នុង​សួនច្បារ​គែតសេម៉ានី<nb/>។

ការថ្វាយ​បង្គំ​គឺជា​ការខិតខំ​ធ្វើតាម​គំរូ​ដ៏ល្អ​ឥតខ្ចោះ​នេះ ។ យើង​នឹង​មិន​ទទួល​បាន​ភាពល្អ​ឥតខ្ចោះ​តាមរយៈ​ការខិតខំ​នេះ​ភ្លាមៗ​នោះ​ទេ ប៉ុន្ដែ​បើ​យើង « ថ្វាយ​ដល់ [ ទ្រង់ ] នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប » ជា​រៀងរាល់​ថ្ងៃ នោះ​ទ្រង់​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​យើង​ដោយ​ព្រះវិញ្ញាណ​របស់​ទ្រង់ និង​បំពេញ​យើង​ដោយ​ព្រះគុណ​របស់​ទ្រង់​ម្ដងទៀត ។

ទីបី ភាពទាំងស្រុង​នៃ​ការថ្វាយ​បង្គំ​របស់​យើង

នៅក្នុង​កណ្ឌ​ទី​មួយ​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ព្រះអម្ចាស់​ប្រកាស​ពី​ការបង្រៀន​នេះ​ដល់​ពិភពលោក ៖

« ពួកគេ​បាន​វង្វេង​ចេញពី​ក្រឹត្យក្រម​របស់​យើង ហើយ​បាន​បំបាក់​សេចក្ដីសញ្ញា​របស់​យើង​ដែល​នៅ​អស់កល្ប​ជានិច្ច

« ពួកគេ​ពុំ​ស្វែងរក​ព្រះអម្ចាស់ ដើម្បី​តាំង​សេចក្ដី​សុចរិត​របស់​ទ្រង់​ឡើយ ប៉ុន្តែ​មនុស្ស​គ្រប់រូប​ដើរតាម​ផ្លូវ​របស់​ខ្លួន​គេ​ផ្ទាល់ ហើយ​តាម​រូបភាព​នៃ​ព្រះ​របស់​ខ្លួន​គេ​ផ្ទាល់ ដែល​មាន​រូបភាព​ដូចជា​រូបរាង​នៃ​លោកិយ » ។

វា​ល្អ​សម្រាប់​យើង​ដើម្បី​ចងចាំ​ពី​គំរូ​របស់​យុវជន​យូដា​បី​រូប​គឺ ហាណានា មីសាអែល និង អ័សារា ដែល​បាន​ជាប់​ជា​ឈ្លើយ​នៅ​ក្រុង​បាប៊ីឡូន មិន​យូរ​ប៉ុន្មាន​ក្រោយពី​លីហៃ និង​គ្រួសារ​របស់​លោក​បាន​ចាកចេញ​ពី​ក្រុង​យេរូសាឡិម ។ ចៅហ្វាយ​នៅ​ស្រុក​បាប៊ីឡូន​ម្នាក់​បាន​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ពួកគេ​ថា សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ។ ក្រោយមក នៅពេល​យុវជន​ទាំងបី​នាក់​នេះ​បដិសេធ​មិន​ព្រម​ថ្វាយបង្គំ​រូប​មាស​ដែល​ស្ដេច​នេប៊ូក្នេសា​បាន​ដាក់​មក គាត់​នោះ​បាន​បង្គាប់​ឲ្យ​បោះ​ពួកគេ​ទៅក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ ហើយ​និយាយ​ទៅ​ពួកគេ​ថា « តើ​មាន​ព្រះ​ឯណា​ដែល​អាច​នឹង​ដោះ​ឯង​រាល់គ្នា ឲ្យ​រួចពី​កណ្តាប់​ដៃ​យើង​បាន ? »

បងប្អូន​នឹង​នឹកចាំ​ពី ចម្លើយ​ដ៏​ម៉ឺងម៉ាត់​របស់​ពួកគេ ៖

« ព្រះ​នៃ​យើង​ខ្ញុំ​ដែល​យើង​ខ្ញុំ​គោរព​ប្រត្តិបត្តិតាម​ទ្រង់​អាចជួយ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន ហើយ​បពិត​ព្រះករុណា​ព្រះអង្គ​នោះ​ក៏​និង​ជួយ​ឲ្យ​យើង​ខ្ញុំ​រួច​ពី​ព្រះ​ហស្ត​ទ្រង់​ដែរ ។

« តែ​បើ​មិន​ជួយ​ទេ នោះ​សូម​ទ្រង់​ព្រះករុណា​ជ្រាប​ថា … យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ ក៏​មិន​ព្រម​ថ្វាយបង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ » ។

សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ ត្រូវបាន​ជួយ​សង្គ្រោះ​នៅក្នុង​គុក​ភ្លើង<nb/>។

គុក​ភ្លើង​ឆេះ​ក្ដៅ​យ៉ាងខ្លាំង រហូត​ដល់​វា​សម្លាប់​អ្នក​ដែល​បោះ​ពួកគេ​ចូល​ទៅក្នុង​ភ្លើង​នោះ ប៉ុន្ដែ​សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ មិន​មាន​គ្រោះថ្នាក់​នោះ​ទេ ។ « នេប៊ូក្នេសា ទ្រង់​មាន​ព្រះបន្ទូល​ថា សូម​ឲ្យ​ព្រះ​នៃ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បាន​ប្រកប​ដោយ​ព្រះពរ ជា​ព្រះ​ដែល … ឲ្យ​មក​ប្រោស​ពួកបម្រើ​ទ្រង់ ដែល​ទុកចិត្ត​ដល់​ទ្រង់ … ព្រមទាំង​ប្រថុយ​ខ្លួន​គេ ដើម្បី​មិន​ឲ្យ​គោរព ឬ​ថ្វាយបង្គំ​ដល់​ព្រះ​ឯណា ក្រៅពី​ព្រះ​របស់​ខ្លួន​ឡើយ » ។ ពួកគេ​បាន​ទុកចិត្ត​លើ​ព្រះយេហូវ៉ា​ថា​នឹង​រំដោះ​ពួកគេ « តែ​បើ​មិន​ជួយ​ទេ » ពោល​គឺ​ថា ទោះជា​ព្រះ​នៅក្នុង​ព្រះប្រាជ្ញាញាណ​របស់​ទ្រង់ មិន​ការពារ​ពួកគេ​ពី​ការស្លាប់​ក្ដី ក៏​ពួកគេ​នៅតែ​បន្ដ​ស្មោះ​នឹង​ទ្រង់​ដែរ ។

អ្វី​ក៏ដោយ​ដែល​មាន​អាទិភាព​ជាង​ការថ្វាយ​បង្គំ​ដល់​ព្រះវរបិតា និង​ព្រះរាជបុត្រា នឹង​ក្លាយជា​រូបព្រះ ។ អ្នក​ដែល​បដិសេធ​ព្រះ​ថា​ជា​ប្រភព​នៃ​សេចក្ដីពិត ឬ​មិន​ទទួល​យក​ការទទួល​ខុសត្រូវ​ណាមួយ​ចំពោះ​ទ្រង់ ជា​លទ្ធផល ពួកគេ​ដាក់ ខ្លួនគេ ថា​ជា​ព្រះ​របស់​ពួកគេ ។ មនុស្ស​ដែល​ដាក់​ភក្ដីភាព​លើ​បក្ស ឬ​បុព្វហេតុ​មួយ លើសពី​ការដឹកនាំ​របស់​ព្រះ ថ្វាយ​បង្គំ​ព្រះ​ក្លែងក្លាយ​ហើយ ។ សូម្បីតែ​អ្នក​ដែល​អះអាង​ថា​ថ្វាយ​បង្គំ​ព្រះ ប៉ុន្ដែ​មិន​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ក៏​កំពុងតែ​ដើរតាម​ផ្លូវ​របស់​ពួកគេ​ផ្ទាល់​ដែរ ៖ « គេ​គោរព​ប្រតិបត្តិ​ដល់​យើង​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ​នោះ​នៅ​ឆ្ងាយ​ពី​យើង​ណាស់ » ។ កម្មវត្ថុ​នៃ​ការថ្វាយ​បង្គំ​របស់​យើង​គឺជា « ព្រះ​ពិត​តែ​១ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល [ ទ្រង់ ] បាន​ចាត់​ឲ្យ​មក » ទាំងស្រុង ។

ជា​ចុងបញ្ចប់ ភាពចាំបាច់​ដើម្បី​ត្រាប់តាម​ព្រះវរបិតា និង​ព្រះរាជបុត្រា

នៅ​ទីបំផុត របៀប​ដែល​យើង​រស់នៅ​អាច​ជា​ទម្រង់​នៃ​ការថ្វាយ​បង្គំ​ដ៏​ល្អ​បំផុត និង​ស្មោះត្រង់​បំផុត ។ ការបង្ហាញ​ភក្ដីភាព​របស់​យើង​មាន​ន័យ​ថា ការត្រាប់តាម​ព្រះវរបិតា និង​ព្រះរាជបុត្រា—ការបណ្ដុះ​គុណលក្ខណៈ និង​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់​នៅក្នុង​ខ្លួន​យើង ។ ដូច​ពាក្យ​ចាស់​លោក​ពោល​ថា បើ​ការត្រាប់​តាម​គឺជា​ទម្រង់​នៃ​ការបញ្ជោរ​ដ៏​ស្មោះសរ​បំផុត នោះ​យើង​អាច​និយាយ​ដោយ​ការគោរព​ដល់​ព្រះ​ថា ការត្រាប់តាម​គឺជា​ទម្រង់​ដ៏​ស្មោះសរ​បំផុត​នៃ​ការគោរព ។ ការណ៍​នេះ​តម្រូវ​ឲ្យ​មាន​ការខិតខំ​យ៉ាង​សកម្ម និង​គាំទ្រ​នៅ​ខាង​ផ្នែក​របស់​យើង ដើម្បី​ស្វែងរក​ភាពបរិសុទ្ធ ។ ប៉ុន្ដែ​ការក្លាយ​ដូចជា​ព្រះគ្រីស្ទ​កាន់តែ​ខ្លាំង ក៏​ជា​លទ្ធផល​តាម​ធម្មជាតិ​នៃ​សកម្មភាព​ថ្វាយ​បង្គំ​របស់​យើង​ផងដែរ ។ ឃ្លា​របស់​អែលឌើរ ខៀរ៉ុន ដែល​បាន​ដកស្រង់​នៅ​មុន​នេះ​អំពី​ការថ្វាយ​បង្គំ « តាម​របៀប​មួយ​ដែល​ផ្លាស់ប្ដូរ​យើង » គឺ​សំខាន់​ណាស់ ។ ការថ្វាយ​បង្គំ​ដ៏​ពិត​គឺជា​ការផ្លាស់ប្ដូរ ។

នេះ​គឺជា​សម្រស់​នៃ​ផ្លូវ​នៃ​សេចក្ដីសញ្ញា—ផ្លូវ​នៃ​ការថ្វាយ​បង្គំ សេចក្ដី​ស្រឡាញ់ និង​ភក្ដីភាព​ចំពោះ​ព្រះ ។ យើង​ចូល​ទៅ​ផ្លូវ​នោះ​ដោយ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ដោយ​ការប្ដេជ្ញា​ថា​នឹង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ យើង​ទទួល​បាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​សារទូត​នៃ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​ប្រោសលោះ និង​សម្អាត​យើង​ចេញពី​អំពើបាប នៅពេល​យើង​ប្រែចិត្ត ។ យើង​ថែមទាំង​អាច​និយាយ​បាន​ថា នៅពេល​យើង​ប្រែចិត្ត យើង​កំពុង​ថ្វាយ​បង្គំ​ទ្រង់​ហើយ ។

ក្រោយមក យើង​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​នៃ​បព្វជិតភាព​បន្ថែម​ទៀត ដែល​ធ្វើ​ឡើង​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ដែល​បន្ដ​បន្សុទ្ធ​យើង​ទៀត ។ ពិធីការ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បង្កើត​ជា​ទម្រង់​ដ៏​ខ្ពង់ខ្ពស់​មួយ​នៃ​ការថ្វាយ​បង្គំ ។

ប្រធាន រ័សុល អិម ណិលសុន បាន​សង្កត់ធ្ងន់​ថា « បុរស និង​ស្ដ្រី​គ្រប់រូប​ដែល​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ដោយ​ភាពស័ក្ដិសម ហើយ​បាន​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ មាន​សិទ្ធិ​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ​ដោយ​ផ្ទាល់ » ។ នេះ​មិន​ត្រឹមតែ​ជា​អំណាច​ដែល​យើង​ទទួល​បាន​ដើម្បី​បម្រើ និង​ផ្ដល់​ពរជ័យ​ប៉ុណ្ណោះ​ទេ ។ វា​ក៏​ជា​អំណាច​ដ៏ទេវភាព ដែល​ដំណើរការ​ក្នុង​ខ្លួន​យើង​ដើម្បី​ដុសខាត់ និង​បន្សុទ្ធ​យើង​ផងដែរ ។ នៅពេល​យើង​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា នោះ « អំណាច ( បន្សុទ្ធ ) នៃ​ព្រះ​ត្រូវបាន​សម្ដែង​ឲ្យ​ឃើញ » នៅក្នុង​ខ្លួន​យើង ។

ចូរ​យើង « ក្រាបចុះ​នៅទាប​ព្រះបាទា​នៃ​ព្រះយេស៊ូវ ហើយ … ថ្វាយ​បង្គំ​ទ្រង់ » ដូច​ដែល​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​បាន​ធ្វើ ។ ដូច​ដែល​បានបញ្ជា​ដោយ​ព្រះយេស៊ូវ​ចូរ​យើង « ដួល​ចុះ ហើយ​ថ្វាយបង្គំ​ព្រះវរបិតា ដោយ​នូវ​[ ព្រះ ]នាម​នៃ​[ ព្រះរាជបុត្រា ] » ។ សូម​ឲ្យ​យើង​ទទួលបាន​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ថ្វាយ​ដួងចិត្ត​យើង​ដល់​ព្រះ មិនមាន​ព្រះ​ឯណា​ផ្សេងទៀត​នៅ​ចំពោះ​ទ្រង់ ហើយ​ក្នុងនាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ចូរ​យើង​ត្រាប់តាម​គុណលក្ខណៈ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា កាល​យើង​ធ្វើ​ដូច្នោះ យើង​នឹង​ទទួល​បាន​អំណរ​នៃ​ការថ្វាយ​បង្គំ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕