« ចូរចូលមកជិតយើង »
ព្រះយេស៊ូវស្រឡាញ់យើងម្នាក់ៗ ។ ទ្រង់ប្រទានឲ្យយើងនូវឱកាសដើម្បីចូលទៅកាន់តែជិតទ្រង់ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ជាក្ដីអំណរដែលខ្ញុំអាចចូលរួមជាមួយបងប្អូននៅក្នុងសន្និសីទទូទៅ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនេះ ។ នេះគឺជាសាសនាចក្ររបស់ទ្រង់ ។ យើងជួបជុំគ្នានៅក្នុងអគារនិងក្នុងគេហដ្ឋាននៅទូទាំងពិភពលោកនៅក្នុងព្រះនាមរបស់ទ្រង់ ។
យើងលើកដាក់ព្រះនាមរបស់ទ្រង់មកលើខ្លួនយើង នៅពេលយើងចូលក្នុងនគររបស់ទ្រង់តាមរយៈសេចក្ដីសញ្ញា ។ ទ្រង់គឺជាព្រះរាជបុត្រាដែលបានមានព្រះជន្មរស់ឡើងវិញនិងពោរពេញដោយសិរីរុងរឿង ។ យើងជាមនុស្សខាងសាច់ឈាមដែលរមែងស្លាប់ និងមានអំពើបាប ។ តែដោយសារសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង ព្រះអង្គសង្គ្រោះអញ្ជើញយើងឲ្យចូលមកកាន់តែជិតទ្រង់ ។
នេះជាការអញ្ជើញរបស់ទ្រង់ ៖ « ចូរចូលមកជិតយើង នោះយើងនឹងចូលទៅជិតអ្នក ចូរព្យាយាមស្វែងរកយើង នោះអ្នករាល់គ្នានឹងបានជួបយើង ចូរសូម នោះអ្នករាល់គ្នានឹងបានទទួល ចូរគោះ នោះតែងនឹងបានបើកឲ្យអ្នក » ។
មានពេលខ្លះដែលយើងមានអារម្មណ៍ជិតស្និទ្ធនឹងព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។ តែពេលខ្លះអំឡុងការសាកល្បងនៃជីវិតរមែងស្លាប់របស់យើង យើងមានគម្លាតខ្លះពីទ្រង់ ហើយចង់បានការធានាមួយថា ទ្រង់ស្គាល់អ្វីដែលមាននៅក្នុងដួងចិត្តរបស់យើង ហើយស្រឡាញ់យើងម្នាក់ៗ ។
ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះរួមមានរបៀបដើម្បីទទួលបាននូវអារម្មណ៍នៃការធានានោះ ។ ចូលមកជិតទ្រង់ដោយការចងចាំទ្រង់ ។ ស្វែងរកទ្រង់ដោយឧស្សាហ៍ព្យាយាមតាមរយៈការសិក្សាព្រះគម្ពីរ ។ សុំតាមរយៈការអធិស្ឋានដ៏អស់ពីចិត្តទៅកាន់ព្រះវរបិតាសួគ៌ ដើម្បីទទួលអារម្មណ៍កាន់តែជិតនឹងបុត្រាដ៏ស្ងួនភ្ងារបស់ទ្រង់ ។
មានរបៀបសាមញ្ញមួយដើម្បីគិតអំពីរឿងនោះ ។ វាជាអ្វីដែលបងប្អូននឹងធ្វើប្រសិនបើបងប្អូនបែកពីមិត្តជាទីស្រឡាញ់មួយរយៈពេល ។ បងប្អូននឹងរកវិធីមួយដើម្បីប្រាស្រ័យទាក់ទងជាមួយពួកគេ បងប្អូននឹងរក្សាទុកគ្រប់សារដែលបងប្អូនបានទទួល ហើយបងប្អូននឹងធ្វើគ្រប់យ៉ាងដើម្បីជួយពួកគេ ។
កាលណាវាកើតឡើងកាន់តែច្រើន បន្ដកាន់តែយូរៗទៅ នោះចំណងនៃសេចក្ដីស្រឡាញ់នឹងមានកាន់តែជ្រាលជ្រៅឡើងៗ ហើយបងប្អូននឹងមានអារម្មណ៍ថាបងប្អូនកាន់តែនៅជិត ។ បើពេលវេលាជាយូរបានកន្លងផុតទៅដោយគ្មានការនិយាយឆ្លើយឆ្លង និងគ្មានឪកាសជួយគ្នាទៅវិញទៅមក នោះចំណងនេះនឹងទន់ខ្សោយ ។
ព្រះយេស៊ូវស្រឡាញ់យើងម្នាក់ៗ ។ ទ្រង់ប្រទានឲ្យនូវឱកាសដើម្បីចូលទៅកាន់តែជិតទ្រង់ ។ ដូចជាមួយមិត្តជាទីស្រឡាញ់ដែរ បងប្អូននឹងធ្វើវាតាមរបៀបដូចគ្នា ដោយធ្វើការទំនាក់ទំនងតាមរយៈការអធិស្ឋាន ការស្ដាប់ការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ និងការបម្រើអ្នកដទៃជំនួសព្រះអង្គសង្គ្រោះដោយក្ដីរីករាយ ។ មិនយូរទេ បងប្អូននឹងឃើញថា បងប្អូនកំពុងតែចូលទៅកាន់តែជិតទ្រង់ ។
នៅក្នុងយុវវ័យរបស់ខ្ញុំ ខ្ញុំធ្លាប់មានអំណរក្នុងការខិតកាន់តែជិតព្រះអង្គសង្គ្រោះ—និងការយាងរបស់ទ្រង់មកជិតខ្ញុំ—តាមរយៈទង្វើដ៏សាមញ្ញនៃការគោរពតាមព្រះបញ្ញត្តិទាំងឡាយ ។ កាលខ្ញុំនៅក្មេង ពិធីសាក្រាម៉ង់ធ្វើឡើងនៅអំឡុងការប្រជុំពេលល្ងាច ។ ខ្ញុំនៅតែអាចចាំពីយប់ដ៏ជាក់លាក់មួយ កាលពីជាង ៧៥ឆ្នាំកន្លងទៅ ពេលវាងងឹត និងត្រជាក់នៅខាងក្រៅ ។ ខ្ញុំចាំពីអារម្មណ៍នៃការមានពន្លឺ និងភាពកក់ក្ដៅ កាលខ្ញុំដឹងថា ខ្ញុំបានកាន់តាមព្រះបញ្ញត្តិនេះ ដើម្បីជួបជុំជាមួយពួកបរិសុទ្ធ ទទួលទានសាក្រាម៉ង់ ចុះសេចក្ដីសញ្ញាជាមួយព្រះវរបិតាសួគ៌របស់យើងថា នឹងចងចាំព្រះរាជបុត្រារបស់ទ្រង់ ហើយគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ជានិច្ច ។។
នៅចុងបញ្ចប់នៃការប្រជុំយប់នោះ យើងច្រៀងទំនុកតម្កើង « សូមគង់នឹងខ្ញុំ យប់យន់រាត្រី » ជាមួយពាក្យដ៏គួរឲ្យចងចាំ « ឱ! ព្រះអង្គគង់នឹងខ្ញុំយប់នេះ » ។
ពាក្យទាំងនេះនាំឲ្យមានអារម្មណ៍ដ៏លើសលប់ពីព្រះវិញ្ញាណមកកាន់ខ្ញុំ តាំងតែពីនៅក្មេងម្ល៉េះ ។ ខ្ញុំបានទទួលសេចក្ដីស្រឡាញ់ និងអារម្មណ៍ជិតដិតរបស់ព្រះអង្គសង្គ្រោះនៅល្ងាចនោះតាមរយៈការលួងលោមពីព្រះវិញ្ញាណបរិសុទ្ធ ។
ជាច្រើនឆ្នាំក្រោយមក ខ្ញុំចង់ទទួលបានសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ និងអារម្មណ៍ជិតដិតដែលខ្ញុំធ្លាប់មានជាមួយព្រះអម្ចាស់ អំឡុងការប្រជុំសាក្រាម៉ង់នៅក្នុងយុវវ័យរបស់ខ្ញុំនោះម្ដងទៀត ។ ដូច្នេះ ខ្ញុំបានកាន់តាមព្រះបញ្ញត្តិសាមញ្ញមួយទៀតគឺ ខ្ញុំបានស្រាវជ្រាវបទគម្ពីរ ។
នៅក្នុងគម្ពីរលូកា ខ្ញុំអានអំពីថ្ងៃទីបីបន្ទាប់ពីការឆ្កាង និងការបញ្ចុះព្រះសពរបស់ទ្រង់ នៅពេលអ្នកបម្រើដ៏ស្មោះត្រង់បានមក ដោយសារសេចក្ដីស្រឡាញ់ដល់ព្រះអង្គសង្គ្រោះ ដើម្បីលាបប្រេងព្រះសពទ្រង់ ។ នៅពេលពួកគេមកដល់ ពួកគេឃើញថា ថ្មបានរមៀលចេញពីផ្នូរ ហើយឃើញថា ព្រះសពរបស់ទ្រង់មិននៅទីនោះទេ ។
មានទេវតាពីរអង្គបានគង់នៅក្បែរនោះ ហើយបានសួរថា ហេតុអ្វីក៏ពួកគេភ័យស្លុត ៖
« ហេតុអ្វីបានជាមករកព្រះអង្គ ដែលមានព្រះជន្មរស់ នៅក្នុងទីខ្មោចស្លាប់ដូច្នេះ ?
« ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ មិនគង់នៅទីនេះទេ ៖ ចូរនឹកចាំពីព្រះបន្ទូល ដែលទ្រង់មានព្រះបន្ទូលនឹងអ្នករាល់គ្នា ក្នុងកាលដែលនៅស្រុកកាលីឡេនៅឡើយ
« ថា កូនមនុស្យត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃនៃមនុស្សមានបាបឲ្យគេឆ្កាង ហើយបីថ្ងៃក្រោយមកនឹងរស់ឡើងវិញ » ។
នៅល្ងាចនោះពេលថ្ងៃលិច សិស្សពីរនាក់បានដើរពីក្រុងយេរូសាឡិម តាមផ្លូវទៅភូមិអេម៉ោស ហើយព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញបានបង្ហាញព្រះកាយដល់ពួកគេ ហើយបានយាងជាមួយពួកគេ ។
គម្ពីរលូកាអនុញ្ញាតឲ្យយើងដើរជាមួយពួកគេនៅល្ងាចនោះ ៖
« កាលគេកំពុងតែនិយាយគ្នា ហើយរិះគិតដូច្នេះ នោះព្រះយេស៊ូវក៏ចូលមក យាងជាមួយនឹងគេដែរ ។
« តែភ្នែកគេត្រូវថ្ពឹន មិនឲ្យស្គាល់ទ្រង់ទេ ។
« ទ្រង់មានព្រះបន្ទូលទៅគេថា តើរឿងអ្វីដែលអ្នកនិយាយគ្នា កំពុងដែលដើរទៅ ដោយមានមុខស្រងូតដូច្នេះ ?
« ឯម្នាក់ដែលឈ្មោះក្លេវប៉ាស គាត់ឆ្លើយថា តើអ្នកស្នាក់នៅក្នុងក្រុងយេរូសាឡិមតែម្នាក់ឯងទេឬអី បានជាមិនដឹងការដែលកើតមកនៅគ្រានេះ ? »
ពួកគេបានប្រាប់ទ្រង់ពីភាពសោកសៅ ដោយសារព្រះយេស៊ូវបានសុគត ពេលពួកគេទុកចិត្តថា ទ្រង់នឹងក្លាយជាព្រះប្រោសលោះនៃអ៊ីស្រាអែល ។
ប្រាកដជាមានសេចក្ដីស្រឡាញ់នៅក្នុងព្រះសូរសៀងរបស់ព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញហើយ កាលទ្រង់មានបន្ទូលទៅកាន់សិស្សទាំងពីរ ដែលមានទុក្ខសោកសៅនោះ ។
នៅពេលខ្ញុំបន្ដអាន ពាក្យទាំងនេះបានធ្វើឲ្យដួងចិត្តខ្ញុំកក់ក្ដៅ ដូចកាលខ្ញុំធ្លាប់មាន ពេលខ្ញុំនៅក្មេងអ៊ីចឹង ៖
« នោះក៏ជិតដល់ភូមិដែលគេគិតទៅ ហើយទ្រង់ធ្វើដូចជាចង់យាងបង្ហួស ។
« តែគេឃាត់ទ្រង់ ដោយពាក្យថា សូមនៅជាមួយនឹងយើងខ្ញុំសិន ពីព្រោះល្ងាច ថ្ងៃទាបណាស់ហើយ ។ ដូច្នេះ ទ្រង់ក៏យាងចូលទៅគង់ជាមួយនឹងគេ » ។
ព្រះអង្គសង្គ្រោះបានទទួលយកការអញ្ជើញនាយប់នោះ ឲ្យយាងចូលទៅក្នុងផ្ទះនៃសិស្សរបស់ទ្រង់ ។ ទ្រង់អង្គុយសោយអាហារជាមួយពួកគេ ។ ទ្រង់បានយកនំប៉័ងមកប្រសិទ្ធពរ រួចកាច់ប្រទានទៅឲ្យពួកគេ ។ ភ្នែករបស់ពួកគេបានបើកភ្លឺឡើង ហើយពួកគេបានស្គាល់ទ្រង់ ។ តែទ្រង់បាត់ពីមុខពួកគេទៅភ្លាម ។
លូកាបានកត់ត្រាសម្រាប់យើងពីអារម្មណ៍នៃពួកសិស្សដ៏មានពរទាំងនោះថា ៖ « នោះគេនិយាយគ្នាថា តើយើងមិនមានសេចក្ដីខ្មួលខ្មាញ់ក្នុងចិត្ត ក្នុងពេលដែលទ្រង់កំពុងតែមានបន្ទូលនឹងយើង ហើយសំដែងពីគម្ពីរតាមផ្លូវនោះទេឬអី ? »
ក្រោយមក សិស្សទាំងពីរនាក់បានរួសរាន់ត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីប្រាប់ដល់ពួកសាវកទាំងដប់មួយនាក់អំពីអ្វីដែលបានកើតឡើង ។ កាលពួកគេកំពុងចែកចាយបទពិសោធន៍របស់ពួកគេ នោះព្រះអង្គសង្គ្រោះបានបង្ហាញព្រះកាយម្ដងទៀត ។
ទ្រង់បានឈរនៅកណ្ដាលពួកគេ ហើយ « មានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្តចុះ » ។ រួចទ្រង់បានរំឭកឡើងវិញពីការព្យាករអំពីបេសកកម្មរបស់ទ្រង់ ដើម្បីធួននឹងអំពើបាបនៃបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាទ្រង់ ហើយផ្ដាច់ចំណងនៃសេចក្ដីស្លាប់ ។
« ទ្រង់មានព្រះបន្ទូលទៅគេថា គឺសេចក្តីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទី៣ទ្រង់នឹងរស់ពីស្លាប់ឡើងវិញ
« ហើយត្រូវឲ្យការប្រែចិត្ត និងសេចក្តីប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដោយនូវព្រះនាមទ្រង់ ចាប់តាំងពីក្រុងយេរូសាឡិមទៅ ។
« អ្នករាល់គ្នាជាស្មរបន្ទាល់ពីការទាំងនេះ » ។
គឺដូចជាសិស្សជាទីស្រឡាញ់របស់ទ្រង់ដែរ បុត្រម្នាក់ៗរបស់ព្រះវរបិតាសួគ៌ ដែលបានជ្រើសរើសចូលតាមទ្វារនៃពិធីបុណ្យជ្រមុជទឹក គឺនៅក្រោមសេចក្ដីសញ្ញាដើម្បីធ្វើជាសាក្សីរបស់ព្រះអង្គសង្គ្រោះ និងថែទាំដល់អស់អ្នកដែលទ័លក្រពេញមួយជីវិតរមែងស្លាប់របស់យើង ។ ព្យាការីដ៏អស្ចារ្យនៃព្រះគម្ពីរមរមនគឺ អាលម៉ា បានពន្យល់យ៉ាងសាមញ្ញប្រាប់យើងពីការប្ដេជ្ញាចិត្តនេះជាច្រើនសតវត្សរ៍កន្លងទៅនៅឯទឹកមរមន ៖
« ដោយអ្នករាល់គ្នាមានបំណងចង់ចូលរួមក្នុងក្រោលនៃព្រះ ហើយដើម្បីឲ្យបានហៅថាជារាស្ត្ររបស់ទ្រង់ ហើយយល់ព្រមទទួលបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល
« មែនហើយ ហើយយល់ព្រមទួញយំជាមួយនឹងអ្នកណាដែលទួញយំ មែនហើយ ហើយកម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ ហើយឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែង … រហូតដល់ពេលស្លាប់ ដើម្បីឲ្យអ្នករាល់គ្នាអាចបានប្រោសលោះដោយព្រះ … ដើម្បីឲ្យអ្នករាល់គ្នាអាចមានជីវិតដ៏នៅអស់កល្បជានិច្ច » ។
នៅពេលបងប្អូនស្មោះត្រង់នឹងការសន្យាទាំងនេះ បងប្អូននឹងឃើញថា ព្រះអម្ចាស់រក្សាការសន្យារបស់ទ្រង់ថានឹងរួបរួមជាមួយបងប្អូន ហើយគាំទ្របងប្អូនក្នុងការបម្រើរបស់បងប្អូន ធ្វើឲ្យបន្ទុករបស់បងប្អូនបានស្រាល ។ បងប្អូននឹងស្គាល់ព្រះអង្គសង្គ្រោះ ហើយនៅទីបំផុត បងប្អូននឹងក្លាយដូចជាទ្រង់ ហើយ « ឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » ។ តាមរយៈការជួយអ្នកដទៃសម្រាប់ព្រះអង្គសង្គ្រោះ បងប្អូននឹងឃើញថា បងប្អូនកំពុងតែខិតទៅកាន់តែជិតទ្រង់ ។
បងប្អូនជាច្រើនមានមនុស្សជាទីស្រឡាញ់ ដែលកំពុងវង្វេងចេញពីផ្លូវទៅកាន់ជីវិតដ៏អស់កល្បជានិច្ច ។ បងប្អូនឆ្ងល់ថា តើបងប្អូនអាចធ្វើអ្វីទៀតបាន ដើម្បីនាំពួកគេត្រឡប់មកវិញ ។ បងប្អូនអាចពឹងផ្អែកលើព្រះអម្ចាស់ ដើម្បីបានជិតដិតនឹងពួកគេ នៅពេលបងប្អូនបម្រើទ្រង់ដោយសេចក្ដីជំនឿ ។
បងប្អូនចាំពីការសន្យារបស់ព្រះអម្ចាស់ចំពោះ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ពេលពួកគាត់ឃ្លាតឆ្ងាយពីគ្រួសារទៅធ្វើកិច្ចការទ្រង់ ៖ « ស៊ីឌនី និង យ៉ូសែប ជាមិត្តទាំងឡាយរបស់យើង ព្រមទាំងក្រុមគ្រួសាររបស់អ្នកផងដែរ ពួកគេនៅក្នុងព្រះហស្តរបស់យើងហើយ ហើយយើងនឹងប្រព្រឹត្តដល់ពួកគេតាមតែយើងឃើញថាល្អ ត្បិតនៅក្នុងយើងគឺសុទ្ធតែអំណាចទាំងអស់ ។
នៅពេលបងប្អូនចូលទៅរុំរបួសឲ្យអ្នកដែលទ័លក្រ នោះព្រះចេស្ដារបស់ព្រះអម្ចាស់នឹងគាំទ្រដល់បងប្អូន ។ ព្រះហស្តរបស់ទ្រង់នឹងលាតសន្ធឹងជាមួយនឹងដៃរបស់បងប្អូន ដើម្បីជួយ និងផ្ដល់ពរជ័យដល់បុត្រាបុត្រីនៃព្រះវរបិតាសួគ៌របស់យើង ។
អ្នកបម្រើក្នុងសេចក្ដីសញ្ញាគ្រប់រូបរបស់ព្រះយេស៊ូវគ្រីស្ទ នឹងទទួលបានការដឹកនាំរបស់ទ្រង់ពីព្រះវិញ្ញាណបរិសុទ្ធ កាលពួកគេផ្ដល់ពរជ័យ និងបម្រើដល់អ្នកដទៃសម្រាប់ទ្រង់ ។ រួចហើយពួកគេនឹងទទួលសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ហើយរកឃើញអំណរក្នុងការខិតទៅកាន់តែជិតទ្រង់ ។
ខ្ញុំគឺជាសាក្សីម្នាក់អំពីការរស់ឡើងវិញរបស់ព្រះអម្ចាស់យ៉ាងប្រាកដ ដូចជាខ្ញុំបាននៅទីនោះជាមួយនឹងសិស្សទាំងពីរនាក់ក្នុងផ្ទះតាមផ្លូវទៅភូមិអេម៉ោសដូច្នោះដែរ ។ ខ្ញុំដឹងថា ទ្រង់មានព្រះជន្មរស់ ។
នេះគឺជាសាសនាចក្រដ៏ពិតរបស់ទ្រង់—សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ។ នៅថ្ងៃជំនុំជម្រះ យើងនឹងឈរនៅចំពោះព្រះភ័ក្ត្រព្រះអង្គសង្គ្រោះផ្ទាល់ ។ វានឹងជាពេលពេញដោយអំណរដ៏ធំសម្រាប់អស់អ្នកដែលបានខិតជិតទ្រង់នៅក្នុងជីវិតនេះ នៅក្នុងការបម្រើដល់ទ្រង់ ហើយអាចរំពឹងយ៉ាងអន្ទះសាចង់ស្ដាប់ព្រះបន្ទូលរបស់ទ្រង់ ៖ « ប្រពៃហើយ បាវល្អស្មោះត្រង់អើយ » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ក្នុងនាមជាសាក្សីម្នាក់នៃព្រះអង្គសង្គ្រោះដែលបានរស់ឡើងវិញ និងជាព្រះប្រោសលោះរបស់យើង នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាមែន ៕