អំណោយទានដ៏មហិមារបស់ព្រះ ៖ ដង្វាយធួន ការរស់ឡើងវិញ និងការស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ
យើងរកឃើញបុណ្យអ៊ីស្ទើរនៅក្នុងព្រះយេស៊ូវគ្រីស្ទនូវសេចក្ដីសុខសាន្ដ ការប្រែក្លាយ និងការមានចំណែក—ដែលវាពិត និងពេញដោយអំណរដ៏យូរអង្វែង រីករាយ និងជារៀងរហូតតទៅ ។
ជាច្រើនឆ្នាំកន្លងទៅ ថ្នាក់ដំណឹងល្អពេលព្រឹកព្រលឹមរបស់យើងទន្ទេញខគម្ពីរព្រះគម្ពីរប៊ីប ។ តាមធម្មតា ខ្ញុំចង់ទន្ទេញតែវគ្គបទគម្ពីរខ្លីៗទេ ។ ខនេះរួមមាន យ៉ូហាន ១១:៣៥—ខគម្ពីរដែលខ្លីជាងគេបំផុតនៅក្នុងព្រះគម្ពីរ មានតែពីរពាក្យប៉ុណ្ណោះជាភាសាអង់គ្លេស—« ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង » ។
សម្រាប់ខ្ញុំនៅពេលនេះ ការពិតដែលថាព្រះយេស៊ូវទ្រង់ព្រះកន្សែងដោយក្ដីសោកសៅ និងក្ដីអំណរ ថ្លែងទីបន្ទាល់អំពីភាពពិតដ៏អព្ភូតហេតុ ៖ ព្រះរាជបុត្រានៃព្រះដ៏ទេវភាពបានយាងមកក្នុងជីវិតរមែងស្លាប់មានរូបកាយជាសាច់ឈាម ហើយរៀនស្របតាមសាច់ឈាម ពីរបៀបដើម្បីគង់នៅ និងប្រទានពរដល់យើងជានិច្ច ។
នៅពេលយើងយំដោយសារទុក្ខសោក ឬដោយសារអំណរ ព្រះយេស៊ូវគ្រីស្ទយល់យ៉ាងឥតខ្ចោះ ។ ទ្រង់អាចមានវត្តមាននៅគ្រាទាំងនោះ នៅពេលយើងត្រូវការអំណោយទានដ៏មហិមារបស់ព្រះខ្លាំងបំផុត ៖ គឺដង្វាយធួន ការរស់ឡើងវិញ និងការស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
ម៉ារា និងម៉ាថា យំសោកដោយសារប្អូនប្រុសរបស់ពួកគេ ឡាសារ បានស្លាប់ ។ ដោយមានព្រះទ័យអាណិតអាសូរ ព្រះយេស៊ូវទ្រង់ព្រះកន្សែង ។ ទ្រង់ប្រោសឡាសារឲ្យរស់ឡើងវិញ ។
ព្រះយេស៊ូវទតមើលក្រុងយេរូសាឡិមនៅល្ងាចថ្ងៃបុណ្យរំលង ។ ទ្រង់ព្រះកន្សែង ដោយមិនអាចប្រមូលរាស្ដ្ររបស់ទ្រង់ ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាបដែរ ។ ថ្ងៃនេះ ដង្វាយធួនរបស់ទ្រង់ប្រទានសេចក្ដីសង្ឃឹមដល់យើង នៅពេលយើងទួញសោកដោយសារអ្វីដែលគួរតែកើតឡើង តែមិនបានកើតឡើង ។
ម្ចាស់ចម្ការយំ កាលគាត់សួរអ្នកបម្រើរបស់គាត់ ដែលអាចរួមបញ្ចូលពួកយើងដែលជាបងប្អូនប្រុសស្រីផ្ដល់ការងារបម្រើដែរថា « ចុះតើយើងត្រូវធ្វើអ្វីទៀតដល់ចម្ការរបស់យើងហ្ន៎ ? »
ម៉ារាឈរអស់សង្ឃឹមនៅឯផ្នូរ ។ ព្រះយេស៊ូវសួរដោយទន់ភ្លន់ថា « នាងអើយ ហេតុអ្វីបានជាយំ ? » ទ្រង់ជ្រាបថា « ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បាន តែព្រឹកឡើង គង់នឹងមានសេចក្តីអំណរឡើងដែរ » ។ ការរស់ឡើងវិញផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្សគ្រប់គ្នា ។
នៅក្នុងព្រះគម្ពីរមរមនចែងថា កាលបណ្ដាជនដែលស្មោះត្រង់ក្រោកឡើងពីដីមករកទ្រង់ សេចក្ដីអំណររបស់ព្រះយេស៊ូវបានពោរពេញ ។ ទ្រង់ព្រះកន្សែង ។
« ហើយទ្រង់បានយកកូនក្មេងរបស់ពួកគេម្ដងម្នាក់ៗ ហើយបានប្រទានពរដល់ពួកវា ហើយបានអធិស្ឋានដល់ព្រះវរបិតាសម្រាប់ពួកវា ។
« ហើយកាលទ្រង់បានធ្វើការនេះចប់ហើយ នោះទ្រង់ក៏ព្រះកន្សែងទៀត » ។
នេះគឺជាបុណ្យអ៊ីស្ទើរនៅក្នុងព្រះយេស៊ូវគ្រីស្ទ ៖ ទ្រង់ប្រោសព្រលឹងដែលសង្វាតឲ្យបានស្កប់ស្កល់ ហើយឆ្លើយសំណួរនៃព្រលឹងរបស់យើង ។ ទ្រង់នឹងជូតទឹកភ្នែកពីមុខយើង លើកលែងតែទឹកភ្នែកនៃសេចក្ដីអំណររបស់យើង ។
ពេលទឹកភ្នែកយើងស្រក់ចុះ ពេលខ្លះយើងសុំទោស និងខ្មាសអៀន ។ ប៉ុន្ដែការដឹងថា ព្រះយេស៊ូវគ្រីស្ទយល់ពីការឈឺចាប់ និងអំណរក្នុងជីវិតនេះ អាចផ្ដល់កម្លាំងឲ្យយើងហួសពីកម្លាំងរបស់យើងផ្ទាល់ កាលយើងដកពិសោធន៍ភាពល្វីងជូរចត់ និងភាពផ្អែមល្ហែមនៃជីវិត ។
នៅអាមេរិកខាងត្បូង ឪពុកម្នាក់យំសោក ។ កូនស្រីតូចដែលជាប្រភពនៃក្តីរីករាយក្នុងជីវិតរបស់គាត់ បានទទួលមរណភាព ។ គាត់យំឱបខ្ញុំ ហើយពោលថា « ខ្ញុំព្រមលះបង់អ្វីគ្រប់យ៉ាងដើម្បីបានឃើញនាងម្ដងទៀត » ។ ខ្ញុំក៏យំដែរ ។
នៅឯការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ហ្វេប្លា ម៉ិកស៊ិក នោះទឹកភ្នែកនៃសុភមង្គលបានហូរជោកថ្ពាល់បងស្រីជាទីស្រឡាញ់ម្នាក់នោះ ។ ទឹកមុខរបស់គាត់បង្ហាញពីសេចក្ដីជំនឿ និងពលិកម្មដ៏អស្ចារ្យ ។ គាត់និយាយថា « Todos mis hijos están aquí en el templo hoy—កូនៗរបស់ខ្ញុំទាំងអស់នៅទីនេះក្នុងព្រះវិហារបរិសុទ្ធថ្ងៃនេះ » ។ សមាជិកគ្រួសារច្រើនជំនាន់ដែលជួបជុំគ្នានៅក្នុងដំណាក់នៃព្រះអម្ចាស់ នាំឲ្យមានទឹកភ្នែកនៃសេចក្ដីអំណរ និងការដឹងគុណ ។
នៅក្នុងសង្គ្រាមស៊ីវិលដ៏ព្រៃផ្សៃ ក្រុមគ្រួសារ និងអ្នកជិតខាងបានបង្កជម្លោះដែលមិនអាចនិយាយរកគ្នាបាន ។ ទឹកភ្នែកដ៏ជូរចត់បើកផ្លូវឲ្យមានសេចក្តីសង្ឃឹមបន្ដិចម្ដងៗ ។ ស្ដ្រីម្នាក់នៅក្នុងភូមិតូចមួយនិយាយទាំងសំឡេងញ័រថា « អ្នកជិតខាងអើយ មុនខ្ញុំស្លាប់ទៅ ខ្ញុំចង់ឲ្យបងដឹងរឿងពីទីកន្លែងដែលបងអាចរកឃើញសមាជិកគ្រួសារដែលបាត់ខ្លួន » ។
កូនក្រមុំដ៏ស្រស់សោភាម្នាក់ និងកូនកំលោះដ៏សង្ហាម្នាក់បានផ្សារភ្ជាប់នៅក្នុងដំណាក់នៃព្រះអម្ចាស់ ។ កូនក្រមុំអាយុ ៧០ ឆ្នាំ កូនកំលោះក៏ ៧០ ហើយដែរ ។ កូនក្រមុំដ៏ស្រស់ស្អាតនោះ គាត់បានទន្ទឹងរង់ចាំថ្ងៃនេះដោយភាពស័ក្ដិសម ។ គាត់គ្រវីរ៉ូបកូនក្រមុំរបស់គាត់ចុះឡើងទាំងអឹមអៀន ។ យើងស្រក់ទឹកភ្នែកដោយក្ដីអំណរ ។ ការសន្យាទាំងឡាយរបស់ព្រះត្រូវបានបំពេញ ។ សេចក្ដីសញ្ញារបស់ទ្រង់នាំមកនូវពរជ័យ ។
កាលកំពុងបង្រៀនបងស្រីមេម៉ាយម្នាក់នៅផ្ទះ យុវជន ប៊យដ៍ ខេ ផាកកឺ បានរៀនមេរៀនមួយដោយរលីងរលោងទឹកភ្នែក ។ បន្ទាប់ពីការប្រកែកគ្នាជាមួយស្វាមីរបស់គាត់ បងស្រីរូបនេះបានបោះពាក្យសម្ដីដ៏ឈឺចាប់ចុងក្រោយមួយម៉ាត់ ។ ឧបទ្ទវហេតុដែលមិនបានរំពឹងទុកមួយបានឆក់យកជីវិតរបស់ស្វាមីគាត់នៅថ្ងៃនោះ ។ ស្ដ្រីមេម៉ាយយំខ្សឹកខ្សួល ហើយពោលថា « រយៈពេលហាសិបឆ្នាំហើយ ដែលខ្ញុំរស់នៅក្នុងវិប្បដិសារី ដោយដឹងថា ពាក្យសម្ដីចុងក្រោយដែលគាត់ស្ដាប់ឮចេញពីមាត់ខ្ញុំគឺជាពាក្យឃោរឃៅ ពេញដោយគំនុំ » ។
បុណ្យអ៊ីស្ទើរនៅក្នុងព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យជួសជុល ផ្សះផ្សា កែប្រែទំនាក់ទំនងរបស់យើងឲ្យល្អឡើងវិញ នៅទាំងសងខាងនៃវាំងនន ។ ព្រះយេស៊ូវអាចព្យាបាលទុក្ខសោក ទ្រង់អាចប្រទានការអភ័យទោស ។ ទ្រង់អាចរំដោះយើង និងអ្នកដទៃចេញពីអ្វីដែលយើង ឬពួកគេបាននិយាយ ឬបានធ្វើ ដែលចងយើងជាទាសករ បើគ្មានទ្រង់ទេនោះ ។
បុណ្យអ៊ីស្ទើរនៅក្នុងព្រះយេស៊ូវគ្រីស្ទអនុញ្ញាតឲ្យយើងទទួលអារម្មណ៍នៃការអនុម័តរបស់ព្រះ ។ ពិភពលោកនេះប្រាប់យើងថា យើងខ្ពស់ពេក ទាបពេក ធំពេក តូចពេក—មិនឆ្លាត មិនស្អាត ឬមិនមានភាពខាងវិញ្ញាណគ្រប់គ្រាន់ទេ ។ តាមរយៈការផ្លាស់ប្តូរខាងវិញ្ញាណនៅក្នុងព្រះយេស៊ូវគ្រីស្ទ នោះយើងអាចគេចផុតពីភាពឥតខ្ចោះនិយម ដែលធ្វើឲ្យយើងទន់ខ្សោយ ។
យើងច្រៀងដោយសេចក្ដីអំណរនៃបុណ្យអ៊ីស្ទើរថា « មនុស្សមានសេរីលើក្តីស្លាប់ ។ ព្រះគ្រីស្ទទ្រង់មានជ័យជម្នះ » ។ ការរស់ឡើងវិញរបស់ព្រះគ្រីស្ទរំដោះយើងពីសេចក្ដីស្លាប់ ពីភាពទន់ខ្សោយនៃជរាភាព និងពីភាពមិនល្អឥតខ្ចោះនៃរូបកាយ ។ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទក៏ស្ដារយើងខាងវិញ្ញាណឡើងវិញផងដែរ ។ ទ្រង់បានហូរលោហិតចេញមកពីគ្រប់រន្ធញើស ទ្រង់ព្រះកន្សែងជាឈាម ដើម្បីឲ្យយើងអាចគេចផុតពីអំពើបាប និងការបែកបាក់ ។ ទ្រង់បង្រួបបង្រួមយើង ឲ្យបានពេញលេញ និងបរិសុទ្ធ ជាមួយគ្នាទៅវិញទៅមក និងជាមួយព្រះ ។ នៅក្នុងរឿងល្អៗទាំងអស់ ព្រះយេស៊ូវគ្រីស្ទស្តារឡើងវិញនូវភាពពេញបរិបូរណ៍—មិនត្រឹមតែអ្វីដែលធ្លាប់មានទេ ប៉ុន្ដែថែមទាំងអ្វីដែលអាចមានផងដែរ ។
ព្រះជន្ម និងពន្លឺរបស់ព្រះយេស៊ូវថ្លែងទីបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះបុត្រាបុត្រីទាំងអស់របស់ទ្រង់ ។ ដោយសារព្រះជាព្រះវរបិតារបស់យើង ស្រឡាញ់បុត្រាបុត្រីទាំងអស់របស់ទ្រង់នៅគ្រប់វ័យ និងគ្រប់ដែនដី នោះយើងរកឃើញការអញ្ជើញដែលពេញដោយក្ដីស្រឡាញ់របស់ទ្រង់ឲ្យមកទទួលសេចក្ដីសុខសាន្ដ និងសេចក្ដីអំណរនៅក្នុងទ្រង់ នៅក្នុងទំនៀមទម្លាប់ និងវប្បធម៌ជាច្រើន ។ មិនថាយើងរស់នៅកន្លែងណា នៅពេលណា ឬជានរណានោះទេ យើងមានអត្តសញ្ញាណដ៏ទេវភាពដូចគ្នា ពោលគឺបុត្រាបុត្រីនៃព្រះដ៏បង្កបង្កើតតែមួយ ។ នៅក្នុងស្មារតីស្រដៀងគ្នានេះ អ្នកដើរតាមសាសនាអ៊ីស្លាម ជីហ្វ និងគ្រីស្ទាន មានមរតកសាសនាដូចគ្នានៅក្នុងលោកឪពុកអ័ប្រាហាំ និងចំណងសេចក្ដីសញ្ញា តាមរយៈព្រឹត្តិការណ៍នានានៅស្រុកអេស៊ីព្ទពីបុរាណ ។
លោកឪពុកអ័ប្រាហាំបានមកស្រុកអេស៊ីព្ទ ហើយក៏មានពរ ។
យ៉ូសែបដែលត្រូវបានលក់ជាទាសករនៅអេស៊ីព្ទ បានដឹងថា សុបិនរបស់ស្ដេចផារ៉ោនមានន័យពីភាពសម្បូររយៈពេលប្រាំពីរឆ្នាំ បន្ទាប់មកនឹងមានអំណត់អត់រយៈពេលប្រាំពីរឆ្នាំ ។ យ៉ូសែបបានសង្គ្រោះគ្រួសាររបស់លោក និងប្រជាជនរបស់លោក ។ យ៉ូសែបបានយំ នៅពេលលោកបានឃើញផែនការដ៏ធំរបស់ព្រះ ដែលគ្រប់កាណ៍ទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អ ដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញារបស់ពួកគេ ។
ម៉ូសេដែលបានធំឡើងនៅអេស៊ីព្ទ នៅក្នុងគ្រួសាររបស់ស្ដេចផារ៉ោន បានទទួល ហើយក្រោយមកបានស្ដារកូនសោទាំងឡាយឡើងវិញ សម្រាប់ការប្រមូលបុត្រាបុត្រីរបស់ព្រះ ។
ដោយបំពេញតាមការព្យាករ យ៉ូសែប ម៉ារ៉ា និងព្រះឱរសព្រះគ្រីស្ទ បានរត់ទៅជ្រកកោននៅឯស្រុកអេស៊ីព្ទ ។ នៅទីក្រុងគែរ អ្នកជឿសាសនាមូស្លីមដ៏ស្មោះត្រង់ម្នាក់បានថ្លែងដោយគារវភាព ៖ « គម្ពីរកូរ៉ានបង្រៀនថា យ៉ូសែប ម៉ារ៉ា និងព្រះឱរសយេស៊ូវបានទទួលសុវត្ថិភាព និងទីជម្រកនៅក្នុងប្រទេសរបស់ខ្ញុំ ។ នៅក្នុងប្រទេសរបស់ខ្ញុំ ព្រះយេស៊ូវជាព្រះឱរសបានសោយអាហាររបស់យើង ចេះដើរ និងចេះនិយាយពាក្យដំបូងរបស់ទ្រង់ ។ នៅទីនេះក្នុងប្រទេសរបស់ខ្ញុំ យើងជឿថា ដើមឈើបង្អោនចុះទាបដើម្បីថ្វាយផ្លែដល់ទ្រង់ និងគ្រួសាររបស់ទ្រង់ ។ វត្តមានរបស់ទ្រង់នៅក្នុងប្រទេសរបស់ខ្ញុំប្រទានពរជ័យដល់ប្រជាជន និងដែនដីរបស់យើង » ។
ផែនការនៃសីលធម៌ និងសិទ្ធិជ្រើសរើសខាងសាច់ឈាមរបស់ព្រះ អនុញ្ញាតឲ្យយើងរៀនតាមរយៈបទពិសោធន៍របស់យើងផ្ទាល់ ។ មេរៀនជីវិតដ៏អស្ចារ្យបំផុតរបស់យើងមួយចំនួនកើតចេញពីរឿង ដែលយើងមិនដែលបានជ្រើសរើសសោះ ។ ដោយសេចក្ដីស្រឡាញ់ ព្រះយេស៊ូវគ្រីស្ទបានយាងឡើងទៅស្ថានខ្ពស់ ក៏ដូចជាទ្រង់បានយាងចុះក្រោមគ្រប់ទាំងអស់ ។ ទ្រង់អរព្រះទ័យនឹងសមត្ថភាពដ៏ទេវភាពរបស់យើងសម្រាប់ភាពច្នៃប្រឌិដ្ឋ និងភាពរីករាយ សន្ដានចិត្តល្អដោយមិនសង្ឃឹមចង់បានរង្វាន់ សេចក្ដីជំនឿលើការប្រែចិត្ត និងការអភ័យទោស ។ ហើយទ្រង់ព្រះកន្សែងសោកស្ដាយនឹងទំហំដ៏ធំនៃទុក្ខវេទនា ភាពព្រៃផ្សៃ ភាពមិនយុត្តិធម៌របស់មនុស្សលោកយើង—ដែលជារឿយៗកើតឡើងដោយសារជម្រើសរបស់មនុស្ស—ហើយស្ថានសួគ៌ និងព្រះនៃស្ថានសួគ៌ក៏សោយសោកនឹងអ្វីទាំងនោះដែរ ។
នៅរាល់រដូវផ្ការីកបុណ្យអ៊ីស្ទើរ វាថ្លែងទីបន្ទាល់អំពីលំដាប់លំដោយខាងវិញ្ញាណ និងពិធីបុណ្យទាំងឡាយ ហើយទាំងពីរគឺជាផ្នែកមួយនៃគន្លងដ៏ទេវភាពនៃដង្វាយធួន ការរស់ឡើងវិញ និងការស្ដារឡើងវិញតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ ពិធីបុណ្យដ៏ពិសិដ្ឋ និងជានិមិត្តរូបនេះមិនមែនកើតឡើងដោយចៃដន្យ ឬគាប់ជួនពេលគ្នានោះទេ ។ ថ្ងៃអាទិត្យធាងចាក សប្ដាហ៍ដ៏បរិសុទ្ធ និងបុណ្យអ៊ីស្ទើរអបអរសាទរដល់ដង្វាយធួន និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ ។ ដូចថ្ងៃនេះដែរ រាល់ថ្ងៃទី៦ ខែមេសានីមួយៗ យើងរំឭកខួបដល់ការស្ថាបនា និងការៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ការស្ដារឡើងវិញនេះគឺជាមូលហេតុមួយ ដែលយើងជួបជុំគ្នានៅថ្ងៃអាទិត្យទីមួយនៅរាល់ខែមេសាក្នុងសន្និសីទទូទៅ ។
ការស្ដារឡើងវិញក៏កើតឡើងផងដែរ កាលព្រះយេស៊ូវគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា បានប្រគល់កូនសោបព្វជិតភាព និងសិទ្ធិអំណាចមកវិញនៅឯព្រះវិហារបរិសុទ្ធខឺតឡង់ ដែលបានឧទ្ទិសឆ្លងថ្មីៗនៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ ឆ្នាំ១៨៣៦ ។ នៅកន្លែងនោះ នៅថ្ងៃនោះ សិទ្ធិអំណាច និងពរជ័យរបស់ព្រះបានកើតមានដល់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ដើម្បីប្រមូលបុត្រាបុត្រីរបស់ទ្រង់ រៀបចំបុត្រាបុត្រីរបស់ទ្រង់ឲ្យត្រឡប់ទៅកាន់ទ្រង់វិញ និងបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។ ការស្ដារឡើងវិញនៅថ្ងៃនោះបានបំពេញតាមការព្យាករ ដោយវាកើតឡើងនៅថ្ងៃបុណ្យអ៊ីស្ទើរផង និងបុណ្យរំលងផង ។
ដោយរាប់ទាំងព្រះវិហារបរិសុទ្ធខឺតឡង់ ថ្មីៗនេះ ខ្ញុំបានទៅទស្សនាទីកន្លែងពិសិដ្ឋជាច្រើននៅរដ្ឋអូហៃអូ ដែលព្យាការីយ៉ូសែប និងអ្នកដទៃទៀតបានឃើញព្រះជាព្រះវរបិតារបស់យើង និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ នៅក្នុងការនិមិត្ត ។ ព្យាការី យ៉ូសែប ស៊្មីធ បានឃើញអ្វីទៅដែលហៅថាស្ថានសួគ៌ ។ នៅស្ថានសួគ៌ តាមរយៈព្រះយេស៊ូវគ្រីស្ទ ព្រះវរបិតាសួគ៌ « សង្គ្រោះអស់ទាំងការនៃព្រះហស្តទ្រង់ » នៅក្នុងនគរនៃសិរីល្អ ។ មានការលើកលែងតែចំពោះអស់អ្នកដែល « បដិសេធព្រះរាជបុត្រា បន្ទាប់ពីព្រះវរបិតាបានបើកសម្ដែងឲ្យស្គាល់ទ្រង់ » ហើយប៉ុណ្ណោះ ។
នៅពេលការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់បានចាប់ផ្ដើម ព្រះយេស៊ូវបានប្រកាសពីបេសកកម្មរបស់ទ្រង់ ដើម្បីប្រទានពរដល់ពួកយើងម្នាក់ៗជាមួយនឹងអ្វីទាំងអស់ដែលយើងស្ម័គ្រចិត្តនឹងទទួល—នៅគ្រប់ពេលវេលា គ្រប់ដែនដី គ្រប់កាលៈទេសៈ ។ បន្ទាប់ពីតមអាហារអស់ ៤០ថ្ងៃ ព្រះយេស៊ូវបានចូលទៅសាលាប្រជុំ ហើយអានថា « ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្តីប្រោសលោះដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច » ។
មនុស្សទ័លក្រ មនុស្សដែលមានចិត្តសង្រេង ពួកឈ្លើយ មនុស្សខ្វាក់ មនុស្សដែលត្រូវគេជិះជាន់—នោះគឺជាពួកយើងម្នាក់ៗ ។
គម្ពីរអេសាយបន្ដនូវការសន្យារបស់ព្រះមែស៊ីអំពីសេចក្ដីសង្ឃឹម ការដោះលែង ការធានា ៖ « នឹងចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃសេចក្តីអំណរជំនួសសេចក្តីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្តីសរសើរ ជំនួសទុក្ខធ្ងន់ … » ។
ហេតុដូច្នេះហើយ យើងស្រែកថា « ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ពីព្រោះទ្រង់បានប្រដាប់ខ្លួនខ្ញុំដោយសម្លៀកបំពាក់នៃសេចក្តីសង្គ្រោះ ទ្រង់បានគ្រលុំខ្ញុំដោយអាវជាសេចក្តីសុចរិត » ។
នៅរដូវបុណ្យអ៊ីស្ទើរនីមួយៗ ជានិមិត្តរូបដ៏ពេញលេញ យើងប្រារព្ធអបអរដល់អំណោយទានដ៏មហិមារបស់ព្រះតាមរយៈព្រះយេស៊ូវគ្រីស្ទ ៖ ដង្វាយធួនរបស់ទ្រង់ ការរស់ឡើងវិញពិតមែនរបស់ទ្រង់ ( និងការសន្យានៃការរស់ឡើងវិញរបស់យើងដែរ ) ការស្ដារឡើងវិញនៃសាសនាចក្រថ្ងៃចុងក្រោយរបស់ទ្រង់ដោយមានកូនសោទាំងឡាយ និងសិទ្ធិអំណាចនៃបព្វជិតភាព ដើម្បីផ្ដល់ពរជ័យដល់បុត្រាបុត្រីទាំងអស់របស់ព្រះ ។ យើងអររីករាយនឹងសម្លៀកបំពាក់នៃសេចក្តីសង្គ្រោះ និងអាវនៃសេចក្តីសុចរិត ។ យើងស្រែកថា « ហូសាណាដល់ព្រះ និងកូនចៀម ! »
« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » ។
សូមឲ្យយើងម្នាក់ៗរកឃើញនៅក្នុងព្រះគ្រីស្ទនូវដង្វាយធួន ការរស់ឡើងវិញ និងការស្ដារឡើងវិញ—សេចក្ដីសុខសាន្ដ ការប្រែក្លាយ និងការមានចំណែក—ដែលវាពិត និងពេញដោយអំណរដ៏យូរអង្វែង រីករាយ និងជារៀងរហូតតទៅ ខ្ញុំសូមអធិស្ឋាននៅក្នុងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕