សន្និសីទទូទៅ
ពរជ័យនៃ​ការបង់ថ្លៃ​ជំនួស​
សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ២០២៥


11:19

ពរជ័យនៃ​ការបង់ថ្លៃ​ជំនួស​

ខណៈ​ដែល​ស្ថានភាព​ជាច្រើន​នៅក្នុង​ជីវិត​អាច​នឹង​​ហួស​ពី​អ្វី​ដែល​យើង​គ្រប់គ្រងបាន នោះគ្មាន​គ្នា​យើង​ណាម្នាក់ទៅហួស​ផុត​ពី​ការទទួលបាន​ពរជ័យ​ជានិរន្តរ៍​របស់​ព្រះអម្ចាស់​នោះទេ ។

ការបម្រើ​នៅក្នុង​គណៈប៊ីស្សព​ជា​អធិបតី ខ្ញុំ​មាន​ឯកសិទ្ធិ​ជួប​ជាមួយ​នឹង​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នៅជុំវិញពិភពលោក​នៅ​តាមទីតាំង និងវប្បធម៌​ផ្សេងៗ ។ ខ្ញុំ​ត្រូវបាន​បំផុសគំនិត​ជាបន្ដបន្ទាប់តាមរយៈ​សេចក្ដីជំនឿ​ និងការលះបង់​ដ៏ខ្ជាប់ខ្ជួន​របស់​បងប្អូន​​​ចំពោះ​ព្រះអម្ចាស់​ ព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្តែ​ខ្ញុំ​​រំជួល​ចិត្តពី​ព្រោះតែ​ស្ថានភាព​លំបាក និង​ស្ថាន​ភាព​ផ្សេងៗ​ដែល​បងប្អូន​ជាច្រើន​បាន​ជួប​ប្រទះ​ជាញឹកញាប់—ដែល​បញ្ហាមាន​ដូចជា ជំងឺ ពិការភាព កង្វះធនធាន ឱកាស​រៀបការ​ និង​ការងារ​តិចតួច ការរំលោភបំពាន​ពីអ្នកដទៃ និង​ការដាក់កំហិត ឬ​ការរឹតត្បិត​ផ្សេងៗ ។ ជួនកាល ការលំបាក​ទាំងនេះ​ហាក់ដូចជា​រារាំង​ដល់​ការ​រីកចម្រើន និង​ធ្វើឲ្យ​ការ​ខិតខំ​ដ៏​ស្មោះត្រង់​របស់​បងប្អូន​មាន​ការលំបាក​ក្នុងការ​រស់នៅ​តាមដំណឹងល្អ​ពេញលេញ ធ្វើឲ្យ​វា​កាន់តែ​ពិបាក​ក្នុង​ការ​បម្រើ ការថ្វាយបង្គំ និង​ការបំពេញ​កាតព្វកិច្ច​នានា ។

មិត្ត​ជា​ទីស្រឡាញ់ បើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ដាក់កំហិត ឬ​ស្ថានភាព​ក្នុង​ជីវិតពុំ​ល្អ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ដឹង​រឿង​នេះ​ថា ៖ ព្រះអម្ចាស់​ស្រឡាញ់​បងប្អូន​ដោយ​ផ្ទាល់ ។ ទ្រង់​ស្គាល់​ស្ថានភាព​របស់បងប្អូន ហើយ​ច្រកទ្វារ​ទៅកាន់​ពរជ័យ​របស់​ទ្រង់​នៅតែ​បើក​ចំហ​សម្រាប់​បងប្អូន មិនថា​បងប្អូន​ជួប​នឹង​បញ្ហា​អ្វី​នោះទេ ។

ខ្ញុំ​បាន​ដឹង​សេចក្ដីពិត​នេះ​តាមរយៈបទពិសោធន៍​ផ្ទាល់​ខ្លួន ដែល​ហាក់ដូចជា​មិន​សំខាន់ តែ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចងចាំ​មក​ជាយូរ ។ កាលពី​អាយុ ២២​ឆ្នាំ ពេល​កំពុង​បម្រើ​នៅ​កងទ័ព​អាកាស​របស់​បារាំង​នៅ​ទីក្រុង​ប៉ារីស ខ្ញុំ​រីករាយ​ដែល​បាន​ដឹង​ថា អែលឌើរ នែល អេ ម៉ាកស្វែល ជាសាវក​របស់​ព្រះអម្ចាស់ នឹង​ថ្លែង​នៅក្នុង​សន្និសីទ​មួយ​នៅ ​Champs-Élysées ។ ប៉ុន្តែ​នៅពីមុន​ព្រឹត្តិការណ៍​បន្ដិច ខ្ញុំបាន​ទទួល​បញ្ជា​ឲ្យ​បើកឡាន​នាំ​មន្ត្រី​ជាន់ខ្ពស់​ទៅព្រលាន​យន្ដ​ហោះចំ​ពេល​ដែល​សន្និសីទ​ត្រូវ​ធ្វើឡើង ។

ខ្ញុំ​បាន​ខក​ចិត្ត​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​ដាក់​មន្ត្រី​រូបនោះ​ចុះ​នៅព្រលាន ហើយ​ប្រញាប់​មក​កាន់​សន្និសីទ​វិញ ព្រោះតាំង​ចិត្ត​ថាច​ង់​មកចូលរួម ។ បន្ទាប់ពី​រកកន្លែង​ចតឡាន​ហើយ ខ្ញុំ​បាន​ប្រញាប់​រត់​ទៅ​​​កន្លែង​ប្រជុំនៅ Champs-Elysées ហើយ​បាន​ទៅដល់​មុន​ពេល​ការប្រជុំ​ចប់​តែ​ប្រាំនាទី​ប៉ុណ្ណោះ ។ ពេល​ខ្ញុំ​ចូល​ដល់ ខ្ញុំ​បាន​ស្ដាប់​ឮ​អែលឌើរ ម៉ាកស្វែល មានប្រសាសន៍​ថា « ឥឡូវ ខ្ញុំ​នឹង​ផ្ដល់​ពរជ័យ​ជាសាវក​ដល់​បងប្អូន​ទាំងអស់គ្នា » ។ នៅ​ក្នុង​គ្រានោះ ខ្ញុំ​បាន​ទទួល​បទពិសោធន៍​ខាងវិញ្ញាណ​ដ៏​ស្រស់ស្អាត និង​មិនអាច​បំភ្លេច​បាន ។ ខ្ញុំ​ត្រូវបាន​គ្របដណ្ដប់​ដោយ​ព្រះវិញ្ញាណ ហើយ​ពាក្យ​នៃ​ពរជ័យ​ហាក់ដូចជា​ចាក់​ទំលុះ​គ្រប់​សរសៃ​ក្នុង​ព្រលឹង​ខ្ញុំ វាហាក់ដូចជា​ពាក្យទាំង​នោះ​ថ្លែ​ង​មកកាន់ខ្ញុំផ្ទាល់​អញ្ចឹង ។

អ្វី​ដែល​ខ្ញុំ​ជួប​នៅថ្ងៃ​នោះ គឺជា​ការ​បើក​សម្ដែង​តូច​មួយ ប៉ុន្តែ​មាន​អានុភាព គឺជា​ទិដ្ឋភាព​ដែល​ផ្ដល់​​ការលួងលោម​មក​ពី​ផែនការ​របស់​ព្រះ​ចំពោះកូនចៅ​របស់​ទ្រង់ ៖ នៅពេល​ស្ថានភាព​ហួស​ពី​ការគ្រប់គ្រង​របស់​យើង​រារាំង​យើង​ពី​ការបំពេញ​បំណងប្រាថ្នា​សុចរិត​នៃ​ដួងចិត្ត​របស់យើង នោះ​ព្រះអម្ចាស់​នឹង​បង់ថ្លៃ​ជំនួស​តាមរបៀប​ដែល​អនុញ្ញាត​ឲ្យ​យើង​ទទួល​ពរជ័យ​ដែលបាន​សន្យា​របស់ទ្រង់ ។

សេចក្ដីពិតដ៏​អះអាងនេះ មាន​មូលដ្ឋាន​នៅក្នុង​គោលការណ៍​គ្រឹះ​ចំនួនបី​នៅក្នុង​ដំណឹងល្អ ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  1. ព្រះ​​​ស្រឡាញ់​យើង​ម្នាក់ៗ​យ៉ាងឥតខ្ចោះ ។ « ទ្រង់​អញ្ជើញ​[ យើង ]​ទាំង​អស់​គ្នា​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​ទាន​នូវ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់​ » ។​ ផែនការ​នៃ​ការប្រោសលោះ​របស់​ទ្រង់​គឺ​ប្រាកដ​ថា​មនុស្ស​គ្រប់រូប ដោយ​គ្មានការលើកលែង នឹង​ទទួល​បាន​ឱកាស​យុត្តិធម៌​មួយ​ ដែល​ថ្ងៃ​មួយ​ទទួលបាន​ពរជ័យ​នៃ​សេចក្ដីសង្គ្រោះ​ និងភាព​តម្កើងឡើង ។

  2. ដោយសារតែព្រះ​មានសេចក្ដី​យុត្តិធម៌ និង​ក្ដីមេត្តាករុណា ហើយ​ផែនការ​ទ្រង់​គឺ​ល្អឥតខ្ចោះ នោះ​ទ្រង់​នឹង​មិន​ឲ្យ​យើង​ទទួលខុសត្រូវចំពោះ​អ្វី​ដែល​ហួស​ពី​ការគ្រប់គ្រង​របស់​យើងឡើង ។ អែលឌើរ នែល អេ​ ម៉ាកស្វែល បាន​ពន្យល់​ថា « ព្រះ … ទទួល​យក​ មិនត្រឹម​តែ​បំណង​ប្រាថ្នា និង​កិច្ចការ​របស់​យើង​ប្រកប​ដោយ​សេចក្ដីមេត្តាករុណា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទទួល​យក​នូវ​កម្រិត​នៃ​ការលំបាក​ដែល​មាន​ដាក់​មកលើ​យើងតាម​ស្ថានភាព​ផ្សេងៗ​គ្នា​ផងដែរ » ។

  3. តាមរយៈព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ នោះ​យើង​អាច​ស្វែងរក​កម្លាំង​ដើម្បី​ស៊ូទ្រាំ ហើយ​នៅ​ទីបំផុត​យកឈ្នះ​ទៅលើ​ឧបសគ្គ​ជីវិត​ទាំងអស់  ដូចជា​អាលម៉ា​បាន​បង្រៀន ព្រះអង្គសង្គ្រោះ​បាន​យក​ដាក់មកលើ​ព្រះអង្គទ្រង់​ មិនគ្រាន់តែ​អំពើបាប​របស់​អ្នកប្រែចិត្ត​នោះទេ តែ​ថែមទាំង « ការឈឺចាប់ និង​ជំងឺទាំងឡាយ​នៃ​រាស្ត្រ​ទ្រង់ » និង « ជំងឺ​ឈឺចាប់​របស់ពួកគេ » ផងដែរ ។ ដូច្នេះ ក្រៅពីការប្រោសលោះ​យើង​ពី​កំហុស​ទាំងឡាយ នោះ​ក្ដីមេត្តា និង​ព្រះគុណ​របស់​ព្រះអម្ចាស់ គាំទ្រ​យើង​ឆ្លង​កាត់​​ភាព​អយុត្តិធម៌ ភាពខ្វះខាត និងដែន​កំណត់ ដែលបាន​ដាក់​មកលើ​យើង​ដោយ​បទពិសោធន៍​នៃ​ជីវិត​រមែងស្លាប់ ។

ការទទួល​បាននូវពរជ័យនៃ​ការបង់ថ្លៃ​ជំនួស​​​​ទាំងនេះ កើតមាន​មក​ជាមួយនឹង​លក្ខខណ្ឌ​ជាក់លាក់ ។ ព្រះអម្ចាស់​សុំ​ឲ្យ​យើង​ធ្វើ « អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន » ហើយ​ត្រូវ « ថ្វាយព្រលឹង​​[ របស់​យើង ]​ទាំងមូល ជា​ដង្វាយថ្វាយ​ដល់​ទ្រង់ ​» ។ ការណ៍​នេះ​តម្រូវ​ឲ្យ​មាន​បំណង​ប្រាថ្នា​ដ៏​មុតមាំ​ ដួងចិត្ត​ស្មោះ និង​ពិតត្រង់ ព្រមទាំង​ភាព​ឧស្សាហ៍​ព្យាយាម​ដ៏​ខ្លាំង​របស់​យើង​នៅក្នុង​ការរក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​សម្រប​ឆន្ទៈ​របស់​យើង​ទៅតាម​ទ្រង់ ។

នៅពេល​ការខិតខំ​យ៉ាង​ខ្លាំង​របស់​យើង​ត្រូវធ្លាក់ចុះ​ដោយសារ​តែ​ស្ថានភាព​ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន នោះព្រះអម្ចាស់​នៅតែ​ទទួល​យក​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង ថា​ជាដង្វាយ​ដោយ​ស័ក្ដិសម ។ ប្រធាន ដាល្លិន អេច អូក បាន​បង្រៀន​ថា « យើង​នឹង​ទទួល​បាន​ពរជ័យ​ចំពោះ​បំណងប្រាថ្នា​សុចរិត​នៃ​ដួងចិត្ត​របស់​យើង ទោះជា​ស្ថានភាព​ខាងក្រៅ​ធ្វើ​ឲ្យ​​​យើង​មិន​អាច​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​នោះ​ចេញ​ជា​សកម្មភាព​ក្ដី » ។

ដូចជា​ព្យាការី យ៉ូសែប ស្ម៊ីធ បារម្ភ​អំពី​បងប្រុស​របស់លោក អាលវិន ដែល​បាន​ស្លាប់​ដោយ​ពុំ​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដ៏​សំខាន់ដូច្នោះដែរ លោក​បាន​ទទួល​នូវ​វិវរណៈ​ដ៏​លួងលោម​ចិត្ត​នេះ​ថា « ​មនុស្ស​ទាំង​អស់​ដែល​នឹង​ស្លាប់​ពី​អំណឹះ​ត​ទៅ ដោយ​គ្មាន​ការ​ចេះ​ដឹង​អំពី​[ ដំណឹង​ល្អ ] គឺជា​ពួក​អ្នក​ដែល​ប្រាកដជា​នឹង​ទទួល​ដំណឹង​ល្អ​ដោយ​អស់​ពី​ចិត្ត នោះ​នឹង​ទៅ​ជា​ពួក​អ្នក​គ្រង​[ នគរ​សេឡេស្ទាល​របស់​ព្រះ ]​ទុកជា​មរតក​ដែរ » ។ បន្ទាប់មក ព្រះអម្ចាស់​បាន​បន្ថែម​ថា « ដ្បិត​យើង​ជា​ព្រះ​អម្ចាស់ នឹង​ជំនុំ​ជំរះ​មនុស្ស​លោក​ទាំង​អស់ ស្រប​តាម​កិច្ចការ​របស់​ពួក​គេ គឺ​ស្រប​តាម​សេចក្ដី​ប៉ងប្រាថ្នា​នៃ​ដួង​ចិត្ត​របស់​ពួក​គេ » ។

អ្វី​ដែល​សំខាន់​ចំពោះ​ព្រះអម្ចាស់ គឺ​មិនគ្រាន់តែ​ជា លទ្ធភាព របស់​យើង​ប៉ុណ្ណោះ ប៉ុន្តែ​ជា​អ្វីដែល​យើង មានឆន្ទៈ ដើម្បី​ធ្វើ​នូវ​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើតាម​ទ្រង់​ដែលជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។

មានមិត្តម្នាក់​បាន​លួងលោម​ចិត្ត​ដល់​អ្នកផ្សព្វផ្សាយសាសនា​វ័យក្មេង​មួយរូប​ដែល​មាន​ទុក្ខព្រួយ​​ចំពោះ​ការ​ដោះលែង​មុន​កំណត់​របស់​គាត់ ដោយសារ​តែ​បញ្ហា​សុខភាព ទោះជា​គាត់បាន​អធិស្ឋាន​ដោយ​ស្មោះ និង​មានបំណង​ប្រាថ្នា​ចង់​បម្រើ​ខ្លាំង​ក៏ដោយ ។ គាត់​បាន​ចែកចាយ​ខគម្ពីរមួយ​ដែល​ព្រះអម្ចាស់​បាន​ប្រកាស​ថា នៅពេល​កូនចៅ​របស់​ទ្រង់ « ចេញទៅដោយ​អស់​ពីកម្លាំង​ពួកគេ » និង « ព្យាយាម​ដោយ​មិន​ឈប់ឈរ » ដើម្បី​បំពេញ​តាម​បទបញ្ញត្តិ​របស់​ទ្រង់ « ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​គេ [ ​ដែល​អាច​រួមមាន​ស្ថានភាព​មិន​អនុគ្រោះ​នានា​ក្នុង​ជីវិត​យើង ]​ បង្ខាបង្ខាំង​ពួកគេ​មិនឲ្យ​ធ្វើ​កិច្ចការ​នោះឡើយ មើល​ចុះ គឺជា​ការ​ចាំបាច់​ដល់​យើង​នឹង​មិនតម្រូវ​កិច្ចការ​នោះ​ពីដៃ​នៃ​ពួក​[ ​មនុស្ស​ ]​ទាំងនោះ​ទៀត​ឡើយ ប៉ុន្តែ ត្រូវ​ទទួល​នូវ​ដង្វាយទាំងឡាយ​របស់​ពួកគេ​វិញ

មិត្ត​របស់​ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​ទៅកាន់​យុវជន​នោះថា ព្រះបានដឹង​ថា​គាត់​បាន​ធ្វើ​​ល្អបំផុត​ដើម្បី​ឆ្លើយ​តប​ទៅតាម​ការហៅបម្រើ​របស់​គាត់ហើយ ។ គាត់​អះអាង​នឹងយុវជន​នោះ​ថា ព្រះអម្ចាស់​បាន​ទទួល​យក​ការថ្វាយ​របស់គាត់ ហើយពរជ័យ​ដែល​បាន​សន្យា​ចំពោះ​អ្នក​ផ្សព្វផ្សាយសាសនា​ស្មោះត្រង់​គ្រប់រូប​នឹង​ពុំ​ត្រូវ​បានដក​ចេញនោះទេ ។

ពរជ័យនៃ​ការបង់ថ្លៃ​ជំនួស​​របស់​ព្រះអម្ចាស់ ជាញឹកញាប់​កើតមានមកពី​ការមាន​សណ្ដានចិត្ត​ល្អ និងការបម្រើ​ដល់​អ្នកដទៃ ដែល​ជួយ​យើង​សម្រេច​នូវ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​ដោយ​ខ្លួន​យើង ។ ខ្ញុំ​ចាំពីគ្រា​មួយ​ដែល​រស់នៅ​ឆ្ងាយ​ពី​កូន​ស្រី​ម្នាក់​របស់​យើង​នៅ​ប្រទេស​បារាំង យើង​មាន​អារម្មណ៍​ថា​ចង់ជួយ​នាងណាស់​ក្រោយពី​នាងសម្រាល​កូនដោយ​លំបាក តែមិនអាច​ទៅបាន ។ នៅសប្ដាហ៍​ដដែល​នោះ វួដ​របស់​យើង​នៅ​រដ្ឋ​យូថាហ៍ ស្វែងរក​ជំនួយ​សម្រាប់​ម្ដាយ​ម្នាក់​ដែល​ទើប​តែសម្រាលកូន​ភ្លោះ ។ ភរិយា​ខ្ញុំ វ៉ាឡឺរី បាន​ស្ម័គ្រចិត្ត​ដើម្បី​យក​អាហារ​ទៅ​ឲ្យ​ស្ត្រីនោះ ដោយ​អធិស្ឋាន​ក្នុង​ចិត្ត​នាង​សម្រាប់​ទាំងម្ដាយ​ថ្មីនេះ និង​កូនស្រី​របស់​យើង​ដែល​កំពុង​ត្រូវការ​ជំនួយ ។ មិនយូរប៉ុន្មាន យើង​បាន​ដឹង​ថា​បងប្អូន​ស្រី​នៅក្នុង​វួដ​កូនស្រី​របស់​យើង​នៅ​ប្រទេស​បារាំង​នោះ បាន​រៀបចំ​ផ្ដល់​អាហារ​ដល់​គ្រួសារ​របស់​នាង ។ ចំពោះពួកយើង ​ព្រះបាន​ឆ្លើយ​ការ​អធិស្ឋាន​របស់​ពួកយើង ដោយ​បញ្ជូន​ពួកទេវតា​របស់​ទ្រង់​ដើម្បី​ទៅ​ជួយលួងលោម​ នៅពេល​ដែល​យើង​ពុំ​អាច​ទៅបាន ។

នៅពេល​ជួប​នឹង​ការដាក់កំហិត និង​ឧបសគ្គ​នានា សូម​ឲ្យ​យើង​ទទួល​ស្គាល់​ពរជ័យ ផ្ទាល់ខ្លួន របស់​យើង—អំណោយទាន ធនធាន និង​ពេលវេលា​របស់​យើង—ហើយប្រើ​វា​ដើម្បី​បម្រើ​ដល់​អ្នកទាំងឡាយ​ដែល​កំពុង​ត្រូវការ​ជំនួយ ។ ពេល​ធ្វើ​ដូច្នោះ នោះ​យើង​នឹង​មិន​គ្រាន់តែ​ផ្ដល់ពរ​ដល់​អ្នកដទៃ​ប៉ុណ្ណោះទេ ប៉ុន្តែ​នៅក្នុង​ជីវិត​យើង​ផ្ទាល់​នឹង​ទទួល​បាន​ការព្យាបាល និង​ការតបស្នង​វិញ ។

របៀប​ដ៏​មាន​អានុភាព​បំផុត​មួយ​ដែល​យើងអាច​បរិច្ចាគ​ចំពោះ​ពរជ័យ​នៃការបង់ថ្លៃ​ជំនួស​របស់​ព្រះ គឺ​តាមរយៈ​កិច្ចការ​ផ្សេងៗ​ដែល​យើង​ធ្វើ​សម្រាប់​បុព្វការីជន​របស់​យើង​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ នៅពេល​យើង​ធ្វើ​ពិធីបរិសុទ្ធ​នានាជំនួស​ពួកគាត់ នោះ​យើង​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​ដ៏​មហិមា​របស់​ព្រះអម្ចាស់ ដោយ​ការប្រើ​ទេពកោសល្យ និង​សមត្ថភាព​របស់​យើង​ដើម្បី​ផ្ដល់​ពរជ័យ​ចំពោះ​អ្នកទាំងឡាយ​ដែល​ពុំ​មាន​ឱកាស​ដើម្បី​ទទួល​បានអំឡុង​ជីវិត​រមែងស្លាប់​របស់ពួកគេ ។

ការបម្រើ​ប្រកប​ដោយក្ដីស្រឡាញ់​ដែល​យើង​ផ្ដល់​ឲ្យ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ រំឭក​យើង​ថា​ព្រះគុណ​របស់​ព្រះអង្គសង្គ្រោះ​បានលាត​ហួស​ពី​ជីវិត​នេះ​ទៅទៀត ។ នៅក្នុង​ជីវិត​ខាងមុខ យើង​អាច​ទទួលបាន​ឱកាស​ថ្មី​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​យើង​ពុំ​អាច​ធ្វើ​នៅក្នុង​ជីវិតរមែង​ស្លាប់​នេះ ។ ប្រធាន ឡូរែនសូ ស្នូ បាន​ថ្លែងទៅកាន់​ស្ត្រី​ដែល​ពុំ​ទាន់​រក​បាន​ដៃគូ​អស់កល្បជានិច្ច​​ប្រកប​ដោយ​ក្ដីស្រឡាញ់​ថា ៖ « គ្មាន​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ណា​ម្នាក់​ដែល​ស្លាប់​ទៅ បន្ទាប់​ពី​បាន​រស់នៅ​យ៉ាង​ស្មោះត្រង់​ត្រូវ​បាត់បង់​អ្វី​គ្រប់យ៉ាង ដោយសារ​តែ​ពុំបាន​ធ្វើ​កិច្ចការ​មួយ​ចំនួន ​ព្រោះតែ​​ពួកគេគ្មាន​ឱកាស​​​នោះ​ឡើយ ។ … ពួកគេ​នឹង​មាន​គ្រប់​ពរជ័យ​ ភាពតម្កើង​ឡើង និង​សិរីល្អ​ដែល​បុរសស្ត្រី​គ្រប់រូប​នឹង​មាន ដែល​បានមាន​ឱកាស​នេះ » ។

សារលិខិត​នៃ​ក្ដីសង្ឃឹម និងការលួងលោម​ចិត្ត​នេះ គឺមានសម្រាប់​យើង​ទាំងអស់គ្នា ដែល​ជា​កូនចៅ​របស់ព្រះ ។ ពុំ​មាន​គ្នា​យើង​ណាម្នាក់​អាច​ចៀសផុត​ពីឧបសគ្គ និង​ការដាក់កំហិត​នៅក្នុង​ជីវិតរមែង​ស្លាប់នេះទេ ។ បន្ទាប់នោះ យើង​ទាំងអស់គ្នា​កើត​មក​ជាមួយ​នឹងភាព​អសមត្ថភាព​ដើម្បី​សង្គ្រោះ​ខ្លួន​យើង ។ ប៉ុន្តែ​យើង​មាន​ព្រះអង្គសង្គ្រោះ​ជាទីស្រឡាញ់ ហើយ « យើង​ដឹង​ថា មាន​តែ​ដោយ​ព្រះ​គុណ [ របស់ទ្រង់ ]​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់ពី​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន » ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ខណៈ​ដែល​ស្ថានភាព​ជាច្រើន​នៅក្នុង​ជីវិត​អាច​នឹង​​ហួស​ពី​អ្វី​ដែល​យើង​គ្រប់គ្រងបាន នោះគ្មាន​គ្នា​យើង​ណាម្នាក់ទៅហួស​ផុត​ពី​ការទទួលបាន​ពរជ័យ​ជានិរន្តរ៍​របស់​ព្រះអម្ចាស់​នោះទេ ។ តាមរយៈ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ព្រះអង្គសង្គ្រោះ​នឹង​បង់ថ្លៃ​ជំនួស​អស់ភាពពុំគ្រប់គ្រាន់ និង​អយុត្តិធម៌​ទាំងអស់ ប្រសិនបើ​យើង​ថ្វាយព្រលឹង​របស់យើង​ទាំងស្រុង​ទៅកាន់ទ្រង់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។