សេចក្តីស្រឡាញ់នៃព្រះ
ខ្ញុំធ្វើជាសាក្សីពេញដោយអំណរថា ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទគឺជាសេចក្ដីស្រឡាញ់នៃព្រះ ។ សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងគឺឥតខ្ចោះ ផ្ទាល់ខ្លួន និងជាអចិន្ដ្រៃយ៍ ។
នៅរដូវក្ដៅមួយ ពេលកំពុងធ្វើដំណើរនៅតំបន់ដាច់ស្រយាល គ្រួសារយើងបានចំណាយពេលនៅយប់មួយគេងនៅខាងក្រៅក្រោមមេឃដ៏ស្រឡះ ។ យើងមើលឃើញមីលគីវ៉េដ៏មហស្ចារ្យយ៉ាងច្បាស់នៅពីលើយើង ដែលពោរពេញដោយដួងតារារាប់មិនអស់ និងផ្កាយដុះកន្ទុយម្ដងម្កាល ។ ខណៈយើងស្ញប់ស្ញែងនឹងភាពដ៏សម្បើមនៃការបង្កបង្កើតរបស់ព្រះ យើងមានអារម្មណ៍ភ្ជាប់ទៅនឹងទ្រង់ដោយគារវភាព ។ កូនតូចៗរបស់យើង ដែលធំឡើងនៅទីក្រុងហុងកុង មិនដែលឃើញអ្វីដូច្នេះពីមុនមកឡើយ ។ ពួកគេសួរត្រង់ៗថា តើយើងរស់នៅក្រោមមេឃដូចគ្នានឹងមេឃនៅផ្ទះយើងមែនឬ ។ ខ្ញុំព្យាយាមពន្យល់ពួកគេថា វាគឺជាមេឃតែមួយទេ ប៉ុន្ដែការបំពុលខ្យល់ និងពន្លឺនៅកន្លែងដែលយើងរស់នៅ បាំងយើងមិនឲ្យមើលឃើញដួងតារាទាំងនេះ ទោះជាវានៅទីហ្នឹងក៏ដោយ ។
ព្រះគម្ពីរបង្រៀនយើងថា « សេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសម្គាល់ពីការដែលមើលមិនឃើញ » ។ ខណៈដែលការរំខានឲ្យវង្វេង និងការល្បួងនៃពិភពលោកនេះ បំបាំងចក្ខុវិស័យខាងវិញ្ញាណរបស់យើង តែនៅពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះ និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងទទួលបានការធានាដ៏ច្បាស់អំពីភាពពិត និងការខ្វល់ព្រះទ័យរបស់ទ្រង់ទាំងទ្វេចំពោះយើង ។
នៅក្នុងព្រះគម្ពីរមរមន ព្យាការីលីហៃបានឃើញ « ដើមឈើមួយ ដែលមានផ្លែដ៏គួរធ្វើឲ្យមនុស្សសប្បាយរីករាយ » ហើយ « វាមានរសជាតិផ្អែមបំផុត គឺផ្អែមជាងអ្វីៗដែលឪពុកធ្លាប់បានភ្លក់ពីមុនមក » ។ នៅពេលលោកបានភ្លក់ផ្លែនោះ ព្រលឹងលោកបានពេញដោយសេចក្ដីអំណរជាអតិបរមា ហើយលោកចង់ឲ្យគ្រួសារលោកភ្លក់វាដែរ ។ យើងដឹងថា ដើមឈើនេះតំណាងឲ្យ « សេចក្ដីស្រឡាញ់នៃព្រះ » ហើយដូចជាលីហៃដែរ យើងអាចទទួលបានសាក្សីដែលពេញដោយអំណរអំពីព្រះ នៅពេលយើងយាងអញ្ជើញទ្រង់មកក្នុងជីវិតរបស់យើង ។
ព្រះយេស៊ូវគ្រីស្ទគឺជាការបង្ហាញនៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះយើង ។ តាមរយៈពលិកម្មដ៏ធួនរបស់ទ្រង់ ទ្រង់បានលើកដាក់លើព្រះអង្គទ្រង់នូវអំពើបាបរបស់យើង និងត្រូវវាយដំដោយព្រោះអំពើទុច្ចរិតរបស់យើង ។ ទ្រង់បានទ្រាំទ្រដោយផ្ទាល់នូវសេចក្ដីឈឺចាប់របស់យើង ទទួលផ្ទុកសេចក្ដីទុក្ខព្រួយរបស់យើង ហើយលើកដាក់លើព្រះអង្គទ្រង់នូវការឈឺចាប់ និងជំងឺរបស់យើង ។ ទ្រង់បញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកលួងលោមយើង ហើយផលផ្លែនៃព្រះវិញ្ញាណរួមមាន អំណរអរ មេត្រីភាព និងសេចក្ដីជំនឿ ដែលបំពេញយើងដោយសេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ ។
ខណៈដែលសេចក្តីស្រឡាញ់នៃព្រះមានដល់មនុស្សគ្រប់រូប ក៏នៅតែមានមនុស្សជាច្រើនដើររកសេចក្ដីស្រឡាញ់នោះដោយចិត្តស្មោះ ខណៈអ្នកផ្សេងទៀតចង់ទទួលបានសេចក្ដីស្រឡាញ់របស់ព្រះដែរ ប៉ុន្ដែមិនជឿថា ពួកគេស័ក្ដិសមនឹងទទួលបានវា ។ អ្នកខ្លះទៀតខំទាំងអស់សង្ឃឹមដើម្បីបន្ដទទួលបានអារម្មណ៍នៃសេចក្ដីស្រឡាញ់នោះ ។ ព្រះគម្ពីរ និងព្យាការីរបស់ព្រះអម្ចាស់បង្រៀនយើងថា យើងអាចទទួលបានសេចក្ដីស្រឡាញ់របស់ព្រះយ៉ាងខ្ជាប់ខ្ជួនបាន នៅពេលយើងប្រែចិត្តម្ដងហើយម្ដងទៀត តាមរយៈព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ អភ័យទោសដោយអស់ពីចិត្ត ខិតខំកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ និងបម្រើអ្នកដទៃដោយមិនគិតពីខ្លួនឯង ។ យើងទទួលបានសេចក្តីស្រឡាញ់របស់ព្រះ នៅពេលយើងធ្វើអ្វីដែលទាញយើងឲ្យខិតទៅកាន់តែជិតទ្រង់ ដូចជាការសន្ទនាជាមួយទ្រង់ជារៀងរាល់ថ្ងៃ តាមរយៈការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ និងឈប់ធ្វើអ្វីដែលបំបែកយើងពីទ្រង់ ដូចជាការមានសេចក្តីឆ្មើងឆ្មៃ ការទាស់ទែងគ្នា និងការបះបោរជាដើម ។
ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញយើងឲ្យ « រើកម្ទេចកម្ទីចាស់ៗក្នុងជីវិតយើងចេញ ដោយមានជំនួយពីព្រះអង្គសង្គ្រោះ » ហើយ « បោះចោលភាពល្វីងជូរចត់ » ។ លោកបានលើកទឹកចិត្តយើងឲ្យសង់គ្រឹះខាងវិញ្ញាណរបស់យើង តាមរយៈការផ្ដោតជីវិតរបស់យើងលើ[ព្រះអង្គសង្គ្រោះ] និងលើពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធរបស់ទ្រង់ » ។ លោកបានសន្យាថា « នៅពេលយើងរក្សាសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធ នោះយើងទទួលបានព្រះចេស្ដានៃព្រះអម្ចាស់ជួយពង្រឹងយើងកាន់តែខ្លាំង ។ … យើងដកពិសោធន៍នូវសេចក្តីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌របស់យើងជាបរិបូរ ! »
ខ្ញុំមានមិត្តម្នាក់ដែលទទួលបានពរជ័យឲ្យមានគ្រួសារដ៏ស្រស់ស្អាត និងអាជីពដ៏ល្អ ។ រឿងនេះបានផ្លាស់ប្ដូរ នៅពេលគាត់ធ្លាក់ខ្លួនឈឺមិនអាចធ្វើការបាន ហើយបន្ទាប់មកត្រូវលែងលះគ្នា ។ ជាច្រើនឆ្នាំតាំងពីនោះមកគាត់ជួបការលំបាក ប៉ុន្ដែសេចក្ដីស្រឡាញ់របស់គាត់ចំពោះកូនៗគាត់ និងសេចក្ដីសញ្ញាដែលគាត់បានចុះជាមួយព្រះ បានគាំទ្រដល់គាត់ ។ ថ្ងៃមួយគាត់បានដឹងថា ភរិយាដើមរបស់គាត់បានរៀបការម្ដងទៀត ហើយស្នើឲ្យលុបចោលការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធរបស់ពួកគេ ។ គាត់ពិបាកចិត្ត និងគិតមិនដាច់ស្រេច ។ គាត់ខំស្វែងរកសេចក្ដីសុខសាន្ដ និងការយល់ដឹងនៅក្នុងដំណាក់នៃព្រះអម្ចាស់ ។ បន្ទាប់ពីគាត់ទៅព្រះវិហារបរិសុទ្ធបានមួយថ្ងៃ ខ្ញុំទទួលបានសារដូចតទៅនេះពីគាត់ ៖
« ខ្ញុំមានបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងព្រះវិហារបរិសុទ្ធយប់មិញ ។ ខ្ញុំគិតថា វាច្បាស់ណាស់ដែលខ្ញុំនៅតែមានការអាក់អន់ចិត្តខ្លាំងបែបនេះ ។ … ខ្ញុំដឹងថា ខ្ញុំត្រូវតែផ្លាស់ប្ដូរ ហើយខ្ញុំបានអធិស្ឋានពេញមួយសប្ដាហ៍ដើម្បីធ្វើដូច្នេះបាន ។ … យប់មិញនៅក្នុងព្រះវិហារបរិសុទ្ធ ខ្ញុំមានអារម្មណ៍ថា ព្រះវិញ្ញាណបានដកយកការអាក់អន់ចិត្តនេះចេញពីចិត្តខ្ញុំភ្លាមតែម្ដង ។ … វាពិតជាស្រាលខ្លួនណាស់ ពេលមានសេរីភាពពីវា ។ … បន្ទុកដែលគម្រាមកំហែងខាងរូបកាយ ដែលខ្ញុំរែកនេះបានលើកចេញហើយ » ។
ខណៈដែលគាត់នៅតែមានឧបសគ្គរបស់គាត់ មិត្តខ្ញុំឱបក្រសោបយកបទពិសោធន៍នោះនៅក្នុងដំណាក់នៃព្រះអម្ចាស់ ជាកន្លែងដែលព្រះចេស្ដានៃការដោះលែងនៃសេចក្ដីស្រឡាញ់របស់ព្រះបានជួយគាត់ឲ្យមានអារម្មណ៍កាន់តែខិតជិតព្រះ កាន់តែមានសុទិដ្ឋិនិយមអំពីជីវិត និងមិនសូវអន្ទះសាអំពីអនាគតរបស់គាត់ ។
នៅពេលយើងទទួលបានសេចក្តីស្រឡាញ់នៃព្រះ នោះយើងអាចរែកបន្ទុករបស់យើងបានដោយស្រួល ហើយចុះចូលតាមព្រះទ័យទ្រង់ដោយចិត្តអំណត់ និងពេញដោយអំណរ ។ យើងមានទំនុកចិត្តថា ព្រះនឹងចងចាំសេចក្ដីសញ្ញារបស់ទ្រង់ជាមួយយើង យាងមកជួបយើងក្នុងគ្រាលំបាករបស់យើង និងដោះយើងឲ្យរួចផុតពីសេវកភាព ។ យើងក៏នឹងចង់ចែកចាយអំណរដែលយើងមានជាមួយគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់យើងផងដែរ ។ ដូចជាគ្រួសាររបស់លីហៃដែរ បុគ្គលម្នាក់ៗមានសិទ្ធិជ្រើសរើសថានឹងទទួលទានផ្លែឈើនោះឬអត់ ប៉ុន្ដែឱកាសរបស់យើងគឺដើម្បីស្រឡាញ់ ចែកចាយ និងអញ្ជើញតាមរបៀបមួយ ដែលមនុស្សដែលយើងស្រឡាញ់អាចទទួលបានសេចក្តីស្រឡាញ់នៃព្រះ ។
ដើម្បីជួយអ្នកដទៃឲ្យទទួលបានសេចក្តីស្រឡាញ់របស់ព្រះ យើងត្រូវបណ្ដុះនៅក្នុងខ្លួនយើងនូវគុណលក្ខណៈដូចជាព្រះគ្រីស្ទ មានដូចជាការបន្ទាបខ្លួន សេចក្ដីសប្បុរស សេចក្ដីមេត្តាករុណា និងការអត់ធន់ ហើយជួយអ្នកដទៃឲ្យងាកទៅព្រះអង្គសង្គ្រោះ តាមរយៈការធ្វើតាមបទបញ្ញត្តិធំពីរ គឺស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់យើង ។
កូនប្រុសម្នាក់របស់យើងពិបាកចូលចុះចំណោមគេ និងមានអារម្មណ៍ថាខ្លួនឯងអន់ ពេលគាត់នៅវ័យជំទង់ ។ ភរិយាខ្ញុំ និងខ្ញុំបានអធិស្ឋានដើម្បីដឹងពីរបៀបជួយដល់គាត់ ហើយយើងស្ម័គ្រចិត្តធ្វើអ្វីគ្រប់យ៉ាងដែលព្រះអម្ចាស់ចង់ឲ្យយើងធ្វើ ។ ថ្ងៃមួយ ខ្ញុំមានអារម្មណ៍បំផុសគំនិតឲ្យទៅសួរប្រធានកូរ៉ុមអែលឌើររបស់ខ្ញុំថា តើគាត់មានស្គាល់នរណាម្នាក់ដែលកំពុងពិបាក ដែលខ្ញុំអាចទៅសួរសុខទុក្ខជាមួយកូនប្រុសខ្ញុំបានដែរឬទេ ។ ក្រោយពីគិតមួយសន្ទុះមក គាត់បានសុំយើងឲ្យទៅសួរសុខទុក្ខស្ដ្រីម្នាក់ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយដោយមានការអនុញ្ញាតពីប្រធានសាខា យើងយកសាក្រាម៉ង់ជូនគាត់រាល់សប្ដាហ៍ ។ ខ្ញុំសប្បាយចិត្ត ប៉ុន្ដែក៏បារម្ភដែរថា តើកូនប្រុសខ្ញុំនឹងប្រតិកម្មយ៉ាងណាចំពោះការតាំងចិត្តរាល់សប្ដាហ៍នេះ ។
ពេលយើងទៅសួរសុខទុក្ខលើកដំបូង យើងគ្រាំចិត្តពេលឃើញស្ដ្រីជាទីស្រឡាញ់រូបនេះ ព្រោះគាត់រងការឈឺចាប់ឥតល្ហែ ។ គាត់មានអំណរយ៉ាងខ្លាំងចំពោះសាក្រាម៉ង់ ហើយយើងរីករាយក្នុងការទៅសួរសុខទុក្ខគាត់ និងស្វាមីរបស់គាត់ ។ ក្រោយពីទៅបានពីរបីដង នៅថ្ងៃអាទិត្យមួយ ខ្ញុំត្រូវទៅឆ្ងាយ ហើយមិនអាចអមដំណើរកូនប្រុសខ្ញុំទេ ប៉ុន្ដែខ្ញុំរំឭកគាត់អំពីការចាត់តាំងរបស់យើង ។ ពេលខ្ញុំមកដល់ផ្ទះវិញ ខ្ញុំទន្ទឹងចាំស្ដាប់ថា តើការទៅសួរសុខទុក្ខនោះយ៉ាងណាដែរ ។ កូនប្រុសខ្ញុំឆ្លើយថា គាត់គិតថាមិត្តរួមថ្នាក់របស់គាត់មិនដែលធ្វើរឿងអស្ចារ្យដូច្នេះទេ ។ ហើយគាត់បរិយាយយ៉ាងល្អិតល្អន់ថា គាត់បានយកប្អូនប្រុសរបស់គាត់ទៅជាមួយដើម្បីជួយគាត់ ហើយថាពិធីសាក្រាម៉ង់បានដំណើរការយ៉ាងរលូន ប៉ុន្ដែបងស្រីជាទីស្រឡាញ់រូបនេះមិនសប្បាយចិត្តទេនៅសប្ដាហ៍នោះ ដោយសារគាត់បានអញ្ជើញមិត្តភក្ដិឲ្យមកផ្ទះគាត់មើលរឿង តែម៉ាស៊ីនចាក់វីដេអូគាត់ខូច ។ កូនប្រុសខ្ញុំនិយាយថា គាត់បានស្រាវជ្រាវតាមអនឡាញ រកឃើញបញ្ហា ហើយដោះស្រាយបញ្ហានោះជូនបងស្រីនោះភ្លាមៗ ។ គាត់មានអារម្មណ៍ថាមានប្រយោជន៍ អររីករាយ និងមានទំនុកចិត្តថាអាចធ្វើអ្វីមួយដែលធ្វើឲ្យបងស្រីរូបនេះសប្បាយចិត្ដវិញបាន ។ គាត់ទទួលបានសេចក្ដីស្រឡាញ់របស់ព្រះសម្រាប់គាត់ ។
បើជីវិតនៅតែជួបបញ្ហា ទោះជាបងប្អូនខិតខំអស់ពីសមត្ថភាពហើយក៏ដោយ បើបងប្អូនមានអារម្មណ៍ថា ការអធិស្ឋានរបស់បងប្អូនមិនមានការឆ្លើយតប ឬបើបងប្អូនមិនអាចទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះ សូមដឹងថា ការខិតខំរបស់បងប្អូនទាំងអស់គឺសំខាន់ ហើយប្រាកដជាក់ដូចជាដួងតារារះពីលើយើង ថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់ ព្រះសណ្ដាប់ និងស្រឡាញ់បងប្អូន ។
នៅគ្រាមួយ កាលពួកសិស្សរបស់ទ្រង់នៅលើទូកដែល « ត្រូវរលកបោកជាខ្លាំង [ ដោយព្រោះច្រាសខ្យល់ ] » ព្រះអង្គសង្គ្រោះបានយាងនៅលើទឹកសំដៅទៅរកពួកគេ ហើយធានាដល់ពួកគេដោយមានបន្ទូលថា « ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ » ។ នៅពេលពេត្រុសចង់ដើរទៅរកព្រះអង្គសង្គ្រោះនៅលើទឹក នោះព្រះយេស៊ូវហៅគាត់ ដោយមានបន្ទូលថា « ចូលមកចុះ » ។ ហើយនៅពេលពេត្រុសបាត់ការផ្ចង់អារម្មណ៍របស់គាត់ ហើយចាប់ផ្ដើមលិចចុះ នោះព្រះអង្គសង្គ្រោះទ្រង់លូកព្រះហស្តទៅចាប់គាត់ភ្លាម ហើយលើកគាត់មកទីសុវត្ថិភាព ខណៈមានបន្ទូលថា « ឱមនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យ ? »
ខណៈដែលខ្យល់បក់បញ្ច្រាសយើងនៅក្នុងជីវិតយើង តើយើងស្ម័គ្រចិត្តមានអំណរ និងចិត្តក្លាហានឡើងដែរឬទេ ? តើយើងអាចចងចាំថា ព្រះអង្គសង្គ្រោះមិនបោះបង់យើងចោលទេ ហើយថាទ្រង់គង់ជិតយើង ប្រហែលតាមរបៀបដែលយើងមិនទាន់ដឹងនៅឡើយដោយរបៀបណា ? តើយើងស្ម័គ្រចិត្តទៅរកទ្រង់ដោយសេចក្ដីជំនឿដែរឬទេ ជាពិសេសនៅពេលផ្លូវនៅពីមុខយើងហាក់ដូចជាមិនអាចដើរបាន ? ហើយតើទ្រង់លើកយើងទៅទីសុវត្ថិភាពតាមរបៀបណាខ្លះ នៅពេលយើងជួបឧបសគ្គ ? តើយើងអាចមើលទៅទ្រង់ដោយស្មោះត្រង់នូវគ្រប់ទាំងគំនិត ដោយមិនសង្ស័យ ឬមិនខ្លាចដោយរបៀបណា ?
បើបងប្អូនចង់ទទួលបានសេចក្តីស្រឡាញ់នៃព្រះកាន់តែបរិបូរឡើងនៅក្នុងជីវិតបងប្អូន ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាអ្វីខាងក្រោមនេះ ៖
-
ទីមួយ ផ្អាកជារឿយៗ ដើម្បីចងចាំថា បងប្អូនគឺជាកូនរបស់ព្រះ ហើយគិតអំពីរឿងដែលបងប្អូនមានអំណរគុណ ។
-
ទីពីរ អធិស្ឋានជារៀងរាល់ថ្ងៃ ដោយទូលសូមព្រះវរបិតាសួគ៌ឲ្យជួយបងប្អូនដឹងថា តើអ្នកណានៅជុំវិញបងប្អូនដែលត្រូវការទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ ។
-
ទីបី ទូលសូមដោយចិត្តស្មោះសរ នូវអ្វីដែលបងប្អូនអាចធ្វើបាន ដើម្បីជួយបុគ្គលនោះឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ ។
-
ហើយទីបួន ធ្វើសកម្មភាពភ្លាមៗ តាមការបំផុសគំនិតដែលបងប្អូនទទួលបាន ។
បើយើងអធិស្ឋាន និងទូលសូមជំនួសឲ្យមនុស្សដទៃទៀតឥតឈប់ឈរ នោះព្រះនឹងបង្ហាញយើងនូវមនុស្សដែលយើងអាចជួយបាន ។ ហើយបើយើងធ្វើសកម្មភាពភ្លាមៗ នោះយើងអាចក្លាយជាមធ្យោបាយ ដែលទ្រង់ឆ្លើយតបការអធិស្ឋានរបស់ពួកគេ ។ តាមរយៈការធ្វើដូច្នេះ មិនយូរមិនឆាប់ នោះយើងនឹងទទួលបានចម្លើយចំពោះការអធិស្ឋានរបស់យើង ហើយយើងនឹងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះក្នុងជីវិតរបស់យើងផ្ទាល់ ។
ពីរបីខែមុននេះ ខណៈធ្វើដំណើរនៅក្នុងប្រទេសវៀតណាម ភរិយាខ្ញុំ និងខ្ញុំនៅលើយន្ដហោះមួយ ដែលចាប់ហោះឡើងក្នុងព្យុះដ៏ខ្លាំងមួយ ។ យើងអាចមើលឃើញខ្យល់បក់យ៉ាងខ្លាំង និងពពកខ្មៅងងឹត ភ្លៀងធ្លាក់យ៉ាងដំណំ ព្រមទាំងរន្ទះបាញ់តាមបង្អួចរបស់យើង ។ បន្ទាប់ពីការហោះឡើងដ៏យូរ និងរលាក់មក ទីបំផុតយន្ដហោះរបស់យើងហោះផុតពពកព្យុះ ហើយផុសទៅកាន់ទស្សនីយភាពដ៏រុងរឿងនេះ ។ យើងទទួលបានការរំឭកជាថ្មីម្ដងទៀតអំពីព្រះវរបិតាសួគ៌យើង និងព្រះយេស៊ូវគ្រីស្ទ ហើយទទួលបានសេចក្តីស្រឡាញ់ដ៏ខ្លាំងរបស់ទ្រង់ទាំងទ្វេចំពោះយើង ។
មិត្តជាទីស្រឡាញ់ ក្នុងនាមជាមនុស្សម្នាក់ដែលទទួលបានសេចក្ដីស្រឡាញ់របស់ព្រះ ខ្ញុំធ្វើជាសាក្សីពេញដោយអំណរថា ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទគឺជាសេចក្ដីស្រឡាញ់នៃព្រះ ។ សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងគឺឥតខ្ចោះ ផ្ទាល់ខ្លួន និងជាអចិន្ដ្រៃយ៍ ។ កាលយើងធ្វើតាមទ្រង់ដោយស្មោះត្រង់ សូមឲ្យយើងពេញដោយសេចក្ដីស្រឡាញ់របស់ទ្រង់ និងសូមឲ្យយើងក្លាយជាសើនបញ្ចាំងពន្លឺ ដែលនាំអ្នកដទៃមករកសេចក្ដីស្រឡាញ់របស់ទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕